« ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ នីហ្វៃទី ១ ១៦–២២ ៖ ‹ យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ នីហ្វៃទី ១ ១៦–២២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ
នីហ្វៃទី ១ ១៦–២២
« យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា »
រឿងនានាដ៏បំផុសគំនិតនៅក្នុង នីហ្វៃទី ១ ១៦–២២ បង្រៀនសេចក្តីពិតដែលអាចផ្តល់ពរដល់កុមារនៅក្នុងថ្នាក់របស់អ្នក ។ សូមអានជំពូកទាំងនេះ ហើយកត់ត្រាការបំផុសគំនិតដែលអ្នកទទួលបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមសរសេរពាក្យដូចខាងក្រោមនៅលើក្ដារខៀន ឬបង្ហាញរូបភាពអំពីអ្វីៗទាំងនោះ លីអាហូណា, ធ្នូ និង សំពៅ ។ សូមឲ្យកុមារបីនាក់រើសយកពាក្យ ឬរូបភាពនោះ ហើយចែកចាយផ្នែកនៃរឿងរបស់នីហ្វៃដែលបង្ហាញអំពីវត្ថុនោះ ។ ប្រសិនបើចាំបាច់ សូមជួយពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
នីហ្វៃទី ១ ១៦:១០, ២៨–២៩; ១៨:៨–១៣, ២០–២២
ព្រះអម្ចាស់អាចដឹកនាំ និងណែនាំខ្ញុំ ។
សូមបង្រៀនកុមារថា ទោះបីនៅពេលពួកគេប្រឈមមុខនឹងឧបសគ្គលំបាកៗក្តី ក៏ព្រះអម្ចាស់អាចដឹកនាំពួកគេបានដែរ ( សូមមើល នីហ្វៃទី ១ ១៦:២៩ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញត្រីវិស័យ ផែនទី ឬអ្វីៗផ្សេងទៀត ដែលជួយយើងឲ្យស្វែងរកផ្លូវ ហើយពន្យល់អំពីរបៀបប្រើឧបករណ៍ទាំងនេះ ។ សូមប្រៀបធៀបឧបករណ៍ទាំងនេះទៅនឹងលីអាហូណា នៅពេលអ្នកសង្ខេបរឿងនៅក្នុង នីហ្វៃទី ១ ១៦:១០, ២៨–២៩ និង ១៨:៩–១៣, ២០–២២ ។ សូមចង្អុលបង្ហាញថា នៅពេលគ្រួសាររបស់លីហៃពុំបានគោរពប្រតិបត្តិ នោះលីអាហូណាពុំដំណើរការឡើយ ( សូមមើលផងដែរ នីហ្វៃទី ១ ១៨:៩–១២, ២០–២២ ) ។ តើអ្វីខ្លះជួយយើងនាសព្វថ្ងៃនេះឲ្យរកឃើញផ្លូវរបស់យើងត្រឡប់ទៅព្រះវរបិតាសួគ៌វិញ ?
-
សូមយកប្រអប់មួយមកដែលមានដាក់តម្រុយមួយចំនួនដែលពិពណ៌នាអំពីទីតាំងមួយនៅក្នុង ឬនៅជុំវិញអគារព្រះវិហារ ។ សូមប្រើប្រអប់ និងតម្រុយនានាដើម្បីតំណាងឲ្យលីអាហូណា ហើយទុកឲ្យកុមារឆ្លាស់វេនគ្នាជ្រើសរើសតម្រុយ និងទាយអំពីទីតាំង ។ បន្ទាប់មក សូមធ្វើដំណើរទៅកាន់ទីតាំងនោះជាមួយគ្នា ។ សូមពន្យល់ថា នៅពេលយើងបង្ហាញសេចក្តីជំនឿ និងធ្វើតាមការណែនាំដែលព្រះអម្ចាស់បានប្រទានឲ្យយើង នោះទ្រង់នឹងជួយយើងឲ្យត្រឡប់ទៅកាន់ទ្រង់វិញ ( សូមមើល អាលម៉ា ៣៧:៣៨–៤២ ) ។ តើព្រះវរបិតាសួគ៌ដឹកនាំយើងនៅក្នុងដំណើររបស់យើងត្រឡប់ទៅកាន់ទ្រង់វិញយ៉ាងដូចម្តេច ?
ខ្ញុំអាចធ្វើជាគំរូល្អដល់គ្រួសាររបស់ខ្ញុំ ។
ទំនាក់ទំនងរបស់នីហ្វៃជាមួយគ្រួសាររបស់លោកអំឡុងគ្រាលំបាក អាចជួយកុមារឲ្យឃើញថា ទោះបីជាពួកគេនៅក្មេងក្តី ក៏ពួកគេអាចធ្វើជាគំរូដល់គ្រួសាររបស់ពួកគេបានដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់កុមារម្នាក់ៗឲ្យគូររូបភាពនៃអ្វីមួយមកពីរឿងដែលនីហ្វៃបាក់ធ្នូ ( សូមមើល នីហ្វៃទី ១ ១៦:១៤–៣២ ) ដូចជា នីហ្វៃ ធ្នូ ឬលីអាហូណា ។ បន្ទាប់មក សូមប្រើរូបភាពនោះប្រាប់រឿងដល់សិស្សក្នុងថ្នាក់ ហើយទុកឲ្យកុមារឆ្លាស់វេនគ្នាធ្វើដូចគ្នានោះផងដែរ ។ តើយើងអាចដូចជានីហ្វៃដូចម្តេច នៅពេលគ្រួសារយើងជួបនឹងគ្រាលំបាកនោះ ?
-
សូមអញ្ជើញកុមារម្នាក់ៗឲ្យកាត់ក្រដាសជារាងរង្វង់ ហើយគូររូបមុខមនុស្សកើតទុក្ខនៅផ្នែកម្ខាង និងមុខមនុស្សរីករាយនៅផ្នែកម្ខាងទៀត ។ នៅពេលអ្នកប្រាប់រឿងអំពីការបាក់ធ្នូរបស់នីហ្វៃ សូមអញ្ជើញពួកគេឲ្យប្រើក្រដាសដែលមានរូបមុខផ្សេងៗគ្នា ដើម្បីបង្ហាញអំពីអារម្មណ៍របស់គ្រួសារនីហ្វៃ នៅអំឡុងផ្នែកផ្សេងៗគ្នានៃរឿងនេះ ។ តើនីហ្វៃបានជួយឲ្យគ្រួសាររបស់លោករីករាយយ៉ាងដូចម្តេច ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យគ្រួសាររបស់យើងរីករាយ ?
ព្រះវរបិតាសួគ៌អាចជួយខ្ញុំឲ្យធ្វើកិច្ចការលំបាកៗបាន ។
ដូចជានីហ្វៃដែរ កុមារដែលអ្នកបង្រៀនកំពុងរៀនធ្វើកិច្ចការនានាដែលហាក់ដូចជាពិបាក ។ បទពិសោធន៍របស់នីហ្វៃអាចជួយពួកគេឲ្យដឹងថា ព្រះវរបិតាសួគ៌នឹងជួយពួកគេ នៅពេលពួកគេទូលសូម ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារនូវរឿងរបស់នីហ្វៃដែលត្រូវបានត្រាស់បង្គាប់ឲ្យសង់សំពៅ ដោយប្រើ នីហ្វៃទី ១ ១៧:៧–១៩ និង ១៨:១–៤ ។ អ្នកក៏អាចប្រើ « ជំពូកទី ៧ ៖ ការសង់សំពៅ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៣៧–៣៩ ) ឬវីដេអូដែលទាក់ទងនឹងរឿងនេះនៅក្នុងបណ្តុំវីដេអូព្រះគម្ពីរមរមន នៅលើគេហទំព័រ ChurchofJesusChrist.org ។ ទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះអាចពង្រឹងដល់គោលការណ៍ដែលថា ព្រះវរបិតាសួគ៌បានជួយនីហ្វៃ ហើយទ្រង់នឹងជួយពួកយើងដែរ ។
-
សូមច្រៀងជាមួយគ្នានូវវគ្គទីពីរនៃបទ « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៤–៦៥ ) ។ តើមានអ្វីបានជួយនីហ្វៃឲ្យមានចិត្តក្លាហាន នៅពេលបងប្រុសរបស់គាត់សើចចំអកដាក់គាត់ក្នុងការព្យាយាមសង់សំពៅនោះ ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
នីហ្វៃទី ១ ១៦:១០, ២៨–២៩; ១៧:១៣–១៥; ១៨:៨–១៣, ២០–២២
នៅពេលខ្ញុំគោរពតាមបទបញ្ញត្តិ នោះព្រះអម្ចាស់ដឹកនាំខ្ញុំ ។
សូមប្រើដំណើររឿងរបស់គ្រួសារលីហៃដែលត្រូវបានដឹកនាំដោយលីអាហូណា ដើម្បីបង្ហាញកុមារអំពីរបៀបដែលព្រះនឹងដឹកនាំពួកគេ នៅពេលពួកគេព្យាយាមធ្វើតាមព្រះទ័យរបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសវគ្គបទគម្ពីរមួយ ឬច្រើនដូចតទៅនេះ ដើម្បីអានជាមួយកុមារ ៖ នីហ្វៃទី ១ ១៦:១០, ២៨–២៩; ១៧:១៣–១៥ និង ១៨:៨–១៣, ២០–២២ ។ សូមឲ្យពួកគេរកមើលអ្វីដែលយើងត្រូវតែធ្វើដើម្បីទទួលបានការដឹកនាំ និងការណែនាំមកពីព្រះ ហើយពិភាក្សានូវអ្វីដែលពួកគេរៀន ។
-
បន្ទាប់ពីរំឭករឿងទាំងនោះនៅក្នុង នីហ្វៃទី ១ ១៦–១៨ សូមសម្ភាសកុមារបីបួននាក់ ហាក់ដូចជាពួកគេបានធ្វើដំណើរជាមួយគ្រួសារលីហៃដែរ ។ អ្នកអាចសួរសំណួរទាំងនេះ ៖ ហេតុអ្វីអ្នកមានអំណរគុណចំពោះលីអាហូណា ? តើអ្នកចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យលីអាហូណាដំណើរការ ? ( សូមមើល នីហ្វៃទី ១ ១៦:២៨–២៩ ) ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ពិភាក្សាអំពីអ្វីៗដែលព្រះអម្ចាស់បានប្រទានឲ្យ ដើម្បីដឹកនាំយើងនៅក្នុងជំនាន់របស់យើង ។
-
សូមឲ្យកុមារពិចារណាអំពីរបៀបដែលពួកគេអាចប្រើរឿងស្តីពីលីអាហូណា ដើម្បីជួយមិត្តភក្តិម្នាក់ដែលចាំបាច់ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ។ សូមផ្តល់យោបល់ថា ក្រៅពី នីហ្វៃទី ១ ១៦:១០, ២៦–៣១ និង ១៨:៩–២២ ពួកគេក៏អាចមើល អាលម៉ា ៣៧:៣៨–៤៤ បានផងដែរ ។ សូមចែកចាយបទពិសោធន៍មួយដែលព្រះវរបិតាសួគ៌បានជួយអ្នកឲ្យឆ្លងកាត់គ្រាលំបាកមួយ ឬអញ្ជើញកុមារឲ្យចែកចាយអំពីបទពិសោធន៍នោះ ។ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានជំនួយរបស់ទ្រង់ ?
ឥរិយាបថ និងជម្រើសរបស់ខ្ញុំអាចជះឥទ្ធិពលល្អដល់គ្រួសាររបស់ខ្ញុំ ។
សេចក្តីជំនឿរបស់នីហ្វៃគឺជាពរជ័យដ៏មហិមាមួយ នៅពេលគ្រួសាររបស់លោកបានប្រឈមមុខនឹងការសាកល្បង ។ តើអ្នកអាចជួយកុមារឲ្យរៀនពីគំរូរបស់លោកដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យគូររូបភាពដែលបង្ហាញពីរឿងដែលនីហ្វៃបាក់ធ្នូ ( សូមមើល នីហ្វៃទី ១ ១៦:១៤–៣៩ ) ។ ប្រសិនបើចាំបាច់ សូមរំឭករឿងនោះជាមួយពួកគេ ។ នៅពេលពួកគេចែកចាយគំនូររបស់ពួកគេ សូមជួយពួកគេឲ្យស្វែងរកវិធីនានា ដែលភាពស្មោះត្រង់របស់នីហ្វៃបានផ្តល់ពរដល់គ្រួសាររបស់លោក ។ សូមអញ្ជើញកុមារឲ្យពិចារណាអំពីឧបសគ្គនានាដែលពួកគេ ឬគ្រួសារពួកគេកំពុងប្រឈមមុខ ។ តើពួកគេអាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាមគំរូរបស់នីហ្វៃ ?
-
សូមអានខគម្ពីរមួយចំនួនមកពី នីហ្វៃទី ១ ១៦:២១–៣២ ជាមួយគ្នា ។ សូមពិភាក្សាអំពីគោលដៅមួយចំនួនដែលគ្រួសាររបស់កុមារអាចមាន ដូចជាការមានរាត្រីជួបជុំក្រុមគ្រួសារ ឬការអធិស្ឋានជាគ្រួសារទៀងទាត់ ។ តើកុមារអាចជួយគ្រួសាររបស់ពួកគេឲ្យសម្រេចបានគោលដៅទាំងនេះយ៉ាងដូចម្ដេច ? សូមអញ្ជើញពួកគេឲ្យដាក់ផែនការធ្វើអ្វីមួយ ដើម្បីជួយគ្រួសាររបស់ពួកគេឲ្យបំពេញតាមគោលដៅរបស់ខ្លួននៅសប្ដាហ៍នេះ ។
ខ្ញុំអាចប្រៀបធៀបបទព្រះគម្ពីរទៅនឹងជីវិតរបស់ខ្ញុំ ។
សូមជួយកុមារឲ្យឃើញថា ដំណើររឿងនៅក្នុងព្រះគម្ពីរគឺលើសពីរឿងធម្មតាទៅទៀត—រឿងទាំងនោះមាននូវគោលការណ៍នានា ដែលអាចផ្តល់ពរដល់ជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន នីហ្វៃទី ១ ១៩:២២–២៤ ឲ្យឮៗ ហើយសួរកុមារថា តើពួកគេគិតថា ការ « ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ » ទៅនឹងខ្លួនយើងមានអត្ថន័យដូចម្ដេច ។ សូមជួយពួកគេឲ្យរកឃើញរបៀបដែលនីហ្វៃប្រៀបធៀបដំណើររឿងបទព្រះគម្ពីរទៅនឹងបទពិសោធន៍របស់លោកស្តីពីការទទួលបានផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី ១ ៤:១–៤, សូមមើលផងដែរ និក្ខមនំ ១៤ ) ។ តើការចងចាំរឿងនេះជួយនីហ្វៃ និងបងៗរបស់លោកយ៉ាងដូចម្ដេច ?
-
សូមរំឭករឿងមួយចំនួនដែលកុមារបានរៀនអំពីលីហៃ និងគ្រួសាររបស់លោកមកពី នីហ្វៃទី ១ ហើយអញ្ជើញពួកគេចែកចាយអ្វីដែលពួកគេបានរៀនមកពីរឿងទាំងនេះ ។ សូមជួយពួកគេឲ្យគិតអំពីស្ថានភាពនានានៅក្នុងជីវិតរបស់ពួកគេ ដែលអាចស្រដៀងនឹងរឿងទាំងនេះ ។ ឧទាហរណ៍ ព្រះអម្ចាស់សុំឲ្យនីហ្វៃសង់សំពៅអាចរំឭកពួកគេអំពីគ្រានានា នៅពេលពួកគេត្រូវធ្វើអ្វីមួយដែលលំបាក ហើយបានស្វែងរកជំនួយរបស់ព្រះអម្ចាស់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យជ្រើសរើសរឿងមួយមកពី នីហ្វៃទី ១ ១៦–២២ ហើយចែកចាយជាមួយគ្រួសាររបស់ពួកគេអំពីរបៀបដែលពួកគេអាច « ប្រៀបធៀប » រឿងនោះទៅនឹងជីវិតរបស់ពួកគេបាន ។
ការកែលម្អការបង្រៀនរបស់យើង
ប្រើរឿង ។ រឿងជួយកុមារឲ្យយល់ពីគោលការណ៍នៃដំណឹងល្អ ដោយសារវាបង្ហាញអំពីរបៀបដែលមនុស្សដទៃរស់នៅតាមគោលការណ៍ទាំងនោះ ។