ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ ៖ « ត្រូវ​តែ​កើត​ជា​ថ្មី »


« ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ ៖ ‹ អ្នក​រាល់គ្នា​ត្រូវ​តែ​កើតជាថ្មី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ជាមួយ​នីកូដេម

ថ្ងៃទី ៦–១២ ខែ កុម្ភៈ

យ៉ូហាន ២–៤

« អ្នក​រាល់គ្នា​ត្រូវ​តែ​កើតជាថ្មី »

នៅពេល​បងប្អូន​អាន យ៉ូហាន ២–៤ ព្រះវិញ្ញាណ​នឹង​បង្រៀន​បងប្អូន​នូវ​រឿង​ទាំងឡាយ​អំពី​ការប្រែចិត្តជឿ​របស់​បងប្អូន​ផ្ទាល់ ។ សូម​កត់ចំណាំ​អំពី​ការបំផុស​គំនិត​របស់​ទ្រង់ ។ បងប្អូន​អាច​រកឃើញ​គំនិត​ខាង​វិញ្ញាណ​បន្ថែម​ទៀត​មក​ពី​គំនិត​យោបល់​ការ​សិក្សា​នៅក្នុង​គម្រោង​មេរៀន​នេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

នៅ​ឯ​ពិធីជប់លៀង​ក្នុង​ពិធី​រៀបការ​មួយ​នៅ​ស្រុក​កាណា ព្រះគ្រីស្ទ​បាន​ប្រែ​ទឹក​ក្លាយ​ទៅ​ជា​ស្រា—ជា​ព្រឹត្តិការណ៍​មួយ​ដែល​យ៉ូហាន​ហៅ​ថា « ទីសម្គាល់​មុន​ដំបូង » ( យ៉ូហាន ២:១១ ) ។ នោះ​ជា​ព្រឹត្តិការណ៍​ពិត​ដែល​មាន​ច្រើន​ជាង​ម្តង ។ ខណៈ​ដែល​នេះ​ជា​អព្ភូតហេតុ​ទីមួយ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​សាធារណៈ វា​ក៏​អាច​ជា​និមិត្តរូប​នៃ​ការ​ចាប់​ផ្ដើម​នូវ​អព្ភូតហេតុ​ផ្សេងទៀត—ជា​ដំណើរ​ការ​ដែល​ដួងចិត្ត​របស់​យើង​ត្រូវ​បាន​ផ្លាស់​ប្រែ នៅពេល​យើង​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ អព្ភូតហេតុ​ក្នុង​ជីវិត​នេះ ចាប់ផ្ដើម​ដោយ​ការ​សម្រេច​ចិត្ត​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ផ្លាស់ប្ដូរ ហើយ​រស់នៅ​ក្នុង​ជីវិត​ដ៏​ប្រសើរ​តាមរយៈ​ទ្រង់ ។ អព្ភូតហេតុ​នេះ​អាច​ជា​ការផ្លាស់ប្ដូរ​អស់​មួយ​ជីវិត ដែល​ការ « កើតជាថ្មី » គឺ​ជា​របៀប​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​ពិពណ៌នា​អំពី​វា ( យ៉ូហាន ៣:៧ ) ។ ប៉ុន្តែ​ការ​កើត​ជា​ថ្មី គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​នៃ​ផ្លូវ​នៃ​ភាព​ជា​សិស្ស​ប៉ុណ្ណោះ ។ ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ទៅ​កាន់​ស្ត្រី​សាសន៍​សាម៉ារី នៅ​ឯ​អណ្ដូង​ទឹក​រំឭក​យើង​ថា បើ​យើង​បន្ដ​នៅលើ​ផ្លូវ​នេះ នៅ​ទីបំផុត​ដំណឹង​ល្អ​នឹង​ប្រែក្លាយ​ជា « អណ្ដូង​ទឹក » នៅក្នុង​ខ្លួន​យើង « រន្ធ​ទឹក » នៅ​ក្នុង​យើង​នោះ ដែលផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » ( យ៉ូហាន ៤:១៤ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូហាន ២:១–១១

អព្ភូតហេតុ​របស់​ព្រះយេស៊ូវ​គ្រីស្ទ « សម្ដែង​សិរីល្អ​របស់​ទ្រង់ » ។

កាលដែល​បងប្អូន​អាន​អំពី​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​ទឹក​ទៅជា​ស្រា​នៅក្នុង យ៉ូហាន ២:១–១១ បងប្អូន​អាច​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត ដោយ​ការពិចារណា​ពី​ទស្សនវិស័យ​របស់​មនុស្ស​ផ្សេង​ទៀត ដែល​បាន​នៅ​ទី​នោះ រួម​មាន​ទាំង ម៉ារា ពួកសិស្ស និង​មនុស្ស​ដទៃ​ទៀត ។ ប្រសិន​បើ​បងប្អូន​បាន​ធ្វើ​ជា​សាក្សី​នៃ​ព្រឹត្តការណ៍​ទាំងឡាយ​ដែល​បាន​ពិពណ៌នា​នៅទីនេះ តើ​អ្វី​ទៅ​ជា​ចំណាប់​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ ។ តើ​អព្ភូតហេតុ​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ទ្រង់ ?

យ៉ូហាន ៣:១–២១

ខ្ញុំ​ត្រូវ​កើតជាថ្មីដើម្បី​ចូល​ក្នុង​នគរ​របស់​ព្រះ ។

នៅពេល​នីកូដេម​បាន​មក​រក​ព្រះយេស៊ូវ​ជា​សម្ងាត់ គាត់​ជា​អ្នក​សង្កេត​មើល​យ៉ាង​ប្រុងប្រយ័ត្ន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយមក​គាត់​បាន​ការពារ​ព្រះយេស៊ូវ​ជា​សាធារណៈ ( សូមមើល យ៉ូហាន ៧:៤៥–៥២ ) ហើយ​ចូលរួម​នឹង​ពួក​អ្នក​ជឿ​នៅឯ​ទី​បញ្ចុះ​ព្រះ​សព​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល យ៉ូហាន ១៩:៣៨–៤០) ។ តើ​បងប្អូន​រក​ឃើញ​ការ​បង្រៀន​អ្វី​ខ្លះ​នៅក្នុង យ៉ូហាន ៣:១–២១ ដែល​អាច​បំផុសគំនិត​នីកូដេម​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ ហើយ​ត្រូវ​បាន​កើត​ជាថ្មី​ឡើង​វិញ ?

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ការកើត​ជា​ថ្មី​កើត​មក​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ​តាមរយៈ​ពិធីបរិសុទ្ធ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥ ) ។ តើ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​របស់​បងប្អូន—ការ « កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ » ( យ៉ូហាន ៣:៥ )—ដើរតួ​អ្វី​ខ្លះ​នៅក្នុង​ការកើត​ជា​ថ្មី​របស់​បងប្អូន ? តើ​បងប្អូន​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ដ​ដំណើរ​ការ​នៃ​ការ​ផ្លាស់ប្ដូរ​នេះ ? ( សូមមើល អាលម៉ា ៥:១១–១៤ ) ។

សូមមើល​ផងដែរ ម៉ូសាយ ៥:៧; ២៧:២៥–២៦; ដេវីឌ អេ បែដណា « Ye Must Be Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៩–២២ ។

យ៉ូហាន ៣:១៦–១៧

ព្រះវរបិតាសួគ៌​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « សេចក្តីពិត ដ៏មហិមា​បំផុត​នៃ​គ្រប់​ទាំង​ភាពអស់កល្បជានិច្ច​គឺ​ថា ព្រះ​ស្រឡាញ់ យើង ដោយ​អស់​ពីដួងហឫទ័យ គំនិត ​ពលំ ហើយ​អស់​ពី​កម្លាំងរបស់​ទ្រង់ » ( « Tomorrow the Lord Will Do Wonders among You » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២៧ ) ។ តើ​បងប្អូន​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​តាមរយៈ​អំណោយ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ពិធី​សាក្រាម៉ង់​ផ្ដល់​ជា​ពេល​មួយ​ដើម្បី​នឹកគិត​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ និង​អំណោយទាន​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ។ តើ​ទំនុក​តម្កើង​សាក្រាម៉ង់​ណា​ខ្លះ ជួយ​បងប្អូន​ឲ្យ​ទទួលអារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​នេះ ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់​កាន់តែ​មាន​អត្ថន័យ ?

កាលដែល​បងប្អូន​បន្ត​អាន​អំពី​ការបង្រៀន និង​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ សូម​សួរ​ខ្លួនឯង​ថា​តើ​អ្វីៗ​ដែល​បងប្អូន​អាន​ជួយ​បងប្អូន​ឲ្យ​យល់ និង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូចម្ដេច​ដែរ ?

យ៉ូហាន ៤:២៤

តើ​ព្រះ​ទ្រង់​ជា​វិញ្ញាណ​ឬ ?

មនុស្ស​មួយចំនួន​អាច​នឹង​ភាន់ច្រឡំ​ដោយ​សេចក្ដី​ថ្លែង​របស់​ព្រះយេស៊ូវ​ថា ព្រះ​គឺ​ជា​វិញ្ញាណ ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​អំពី​ខគម្ពីរ​នេះ​ផ្ដល់​នូវ​ការបញ្ជាក់អះអាង​យ៉ាង​សំខាន់​មួយ ៖ « ចំពោះ​អស់​អ្នក​ដែល​បាន​ធ្វើ​ដូច្នោះ នោះ​ព្រះ​បាន​សន្យានឹងប្រទាន​ព្រះវិញ្ញាណ​របស់​ទ្រង់ » ( សូមមើល ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ៤:២៦  ) ។ វិវរណៈ​សម័យ​ទំនើប​ក៏​បង្រៀន​ផងដែរ​ថា ព្រះ​មាន​ព្រះកាយជា​សាច់ និង​ឆ្អឹង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:​២២–២៣; សូមមើល​ផងដែរ លោកុប្បត្តិ ៥:១–៣; ហេព្រើរ ១:១–៣ ) ។

យ៉ូហាន ៤:៥–២៦

ព្រះគ្រីស្ទ​បាន​ប្រទាន​ទឹករស់​របស់​ទ្រង់​ដល់​ខ្ញុំ ។

តើ​ព្រះ​យេស៊ូវ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ទ្រង់​ប្រាប់​ដល់​ស្ត្រី​សាសន៍​សាម៉ារី​ថា​តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ទ្រង់​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ? តើ​ដំណឹងល្អ​ដូច​ជា​ទឹក​រស់​យ៉ាង​ដូចម្ដេច ?

រូបភាព
ទឹកជ្រោះហូរ

ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​គឺ​ជា​ទឹករស់​ដែល​បីបាច់​ដល់​ព្រលឹង​របស់​យើង ។

សារលិខិត​មួយ​របស់​ព្រះអង្គសង្គ្រោះ​ទៅ​ដល់​ស្ត្រី​សាសន៍​សាម៉ារី គឺ​ថា​របៀប​ដែល​យើង​ថ្វាយ​បង្គំ​គឺ​សំខាន់​ជាង​កន្លែង​ដែល​យើង​ថ្វាយ​បង្គំ ( សូមមើល យ៉ូហាន ៤:២១–២៤ ) ។ តើ​បងប្អូន​ធ្វើ​អ្វីខ្លះ​ដើម្បី « ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត » ? ( យ៉ូហាន ៤:២៣ ) ។

សូមមើល​ផងដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ថ្វាយ​បង្គំ, ការ​ថ្វាយ​បង្គំ » នៅ​គេហទំព័រ scriptures.ChurchofJesusChrist.org; ឌីន អិម ដេវីស « The Blessings of Worship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៣–៩៥ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

យ៉ូហាន ២–៤ ។នៅពេល​គ្រួសារ​របស់​បងប្អូន​អាន​ជំពូក​ទាំងនេះ​ក្នុង​សប្ដាហ៍​នេះ សូម​ផ្ដោត​យកចិត្ត​ទុកដាក់​ជា​ពិសេស​ទៅ​លើ​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ប្រើ​អ្វីៗ​ក្នុងជីវិត​ប្រចាំថ្ងៃ—កំណើត ខ្យល់ ទឹក និង​អាហារ—ដើម្បី​បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ។ តើ​វត្ថុ​អ្វី​ខ្លះ​នៅក្នុង​ផ្ទះ​របស់​បងប្អូន ដែល​បងប្អូន​អាច​ប្រើ​ដើម្បី​បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ?

កាលដែល​បងប្អូន​សិក្សា​ជំពូក​ទាំងនេះ សូម​ពិចារណា​ក្នុង​ការមើល​វីដេអូ​ទាំងនេះ​ជាមួយ​គ្នា ដែល​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​ទាំងនេះ ៖ « Jesus Turns Water into Wine » « Jesus Cleanses the Temple » « Jesus Teaches of Being Born Again » និង « Jesus Teaches a Samaritan Woman » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

យ៉ូហាន ២:១៣–១៧ ។តើ​ឥទ្ធិពល​មិន​បរិសុទ្ធ​អ្វី​ខ្លះ ដែល​គ្រួសារ​បងប្អូន​ចាំបាច់​ត្រូវ​ចៀសវាង​​កុំ​ឲ្យ​មាន​ក្នុង​ផ្ទះ​បងប្អូន ដើម្បី​វា​នឹង​ក្លាយ​ជា​កន្លែង​ពិសិដ្ឋ​មួយ—ដូចជាព្រះវិហារ​បរិសុទ្ធ​នោះ ? តើបងប្អូន​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចៀសវាង​ពី​រឿង​ទាំងនោះ ?

យ៉ូហាន ៣:១–៦ ។សូម​និយាយ​ជាមួយ​គ្រួសារ​របស់​បងប្អូន​អំពី​អព្ភូតហេតុ​នៃ​ការ​ពពោះ និង​ការ​ផ្ដល់​កំណើត—ដំណើរ​ការ​នៃ​ការ​បង្កើត​ជីវិត​និង​សតិ​បញ្ញា ។ ព្រះគ្រីស្ទ​បាន​បង្រៀន​ថា យើង​ត្រូវ​តែ​កើត​ជា​ថ្មី​ពី​មុន​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ ។ ហេតុអ្វី​ការ​កើត​ជា​ថ្មី​គឺ​ជា​ការ​ប្រៀបធៀប​ដ៏​ល្អ​មួយ​ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ផ្លាស់ប្ដូរពីមុន​យើង​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ ? តើ​យើង​ដកពិសោធន៍​អំពី​ដំណើរ​ការ​នៃ​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

យ៉ូហាន ៣:១៦–១៧ ។សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ថា​ខគម្ពីរ​ទាំងនេះ​ឡើង​វិញ​ជា​ពាក្យសម្តី​របស់​ពួកគេ​ផ្ទាល់ ដូចជា​ពួកគេ​កំពុង​ពន្យល់​វា​ទៅ​មិត្ត​ម្នាក់ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​តាម​របៀបណា ?

យ៉ូហាន ៤:៥–១៥ ។តើ​ព្រះអង្គសង្គ្រោះ​កំពុង​បង្រៀន​យើង​អ្វីខ្លះ នៅពេល​ទ្រង់​ប្រៀបធៀប​ដំណឹងល្អ​របស់​ទ្រង់​ទៅ​នឹង​ទឹក​រស់ ? ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​រកមើល​ទឹក​ដែល​កំពុង​ហូរ ហើយ​ពិពណ៌នា​អំពី​គុណភាព​នៃទឹក​នោះ ។ ហេតុអ្វី​យើង​ត្រូវ​ការ​ទឹក​ទទួល​ទាន​ប្រចាំ​ថ្ងៃ ? តើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា​« រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » យ៉ាង​ដូចម្ដេច ? ( យ៉ូហាន ៤:១៤ ) ។

សម្រាប់​គំនិត​បន្ថែម​ដើម្បី​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើកទឹកចិត្ត​ឲ្យ​ប្រើ ៖ « ខ្ញុំ​ស្គាល់​ក្ដី​ស្នេហ៍​ព្រះ​សង្គ្រោះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​និមិត្ត​សញ្ញា ។ ជាញឹកញាប់ ព្រះគម្ពីរ​ប្រើ​វត្ថុ ព្រឹត្តិការណ៍ ឬ​សកម្មភាព​ដើម្បី​តំណាង​ឲ្យ​សេចក្ដីពិត​ខាង​វិញ្ញាណ ។ ͔͔និមិត្ត​សញ្ញា​ទាំងនេះ​អាច​ពង្រីក​ការយល់​ដឹង​របស់​បងប្អូន​អំពី​គោលលទ្ធិ​ដែល​ត្រូវបាន​បង្រៀន ។ ឧទាហរណ៍ ព្រះអង្គសង្គ្រោះ​បាន​ប្រៀបប្រដូច​ការប្រែចិត្តជឿ​ទៅ​នឹង​ការ​កើត​ជា​ថ្មី ។

រូបភាព
ព្រះគ្រីស្ទ និង​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ឯ​អណ្ដូង​ទឹក

ទឹក​រស់ ដោយ ស៊ីម៉ូន ឌូវី