គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ ៖ « ក្រឹត្យ​វិន័យ​របស់​យើង​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង »


« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ ៖ ‹ ក្រឹត្យ​វិន័យ​របស់​យើង​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១–៤៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

ថ្ងៃទី ១៩–២៥ ខែ មេសា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤

« ក្រឹត្យ​វិន័យ​របស់​យើង​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង »

ព្រះអម្ចាស់​បាន​សន្យា​ថា « ប្រសិន​បើ​អ្នក​សូម នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ ) ។ តើ​បងប្អូន​អាច​សួរ​សំណួរ​អ្វីខ្លះ ដើម្បី​ទទួល​បាន​វិវរណៈ​ដែល​បងប្អូន​ត្រូវការ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ការរីកចម្រើន​ដ៏​ឆាប់​រហ័ស​របស់​សាសនាចក្រ​នៅក្នុង​ឆ្នាំ ១៨៣០ និង ១៨៣១—ជាពិសេស​ការមក​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​បន្ទាន់​របស់​អ្នកប្រែចិត្ត​ជឿ​ថ្មី—គឺជា​រឿង​រំភើប និង​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ ។ ប៉ុន្តែ​វា​ក៏​មាន​នូវ​ឧបសគ្គ​មួយ​ចំនួន​ដែរ ។ តើ​បងប្អូន​បង្រួប​បង្រួម​ក្រុម​អ្នកជឿ​ដែល​កំពុង​រីកឡើង​យ៉ាង​លឿន​ដោយ​របៀប​ណា ជាពិសេស​នៅពេល​ដែល​ពួកគេ​នាំ​យក​ជាមួយ​នឹង​ពួកគេ​នូវ​គោលលទ្ធិ និង​ការអនុវត្ត​មកពី​ជំនឿ​ដើម​របស់​ពួកគេ​មក​ដែរ​នោះ ? ឧទាហរណ៍ នៅពេល​យ៉ូសែប ស៊្មីធ​បាន​មក​ដល់​ក្រុង​ខឺតឡង់​នៅ​ដើម​ខែ កុម្ភៈ ឆ្នាំ ១៨៣១ លោក​បាន​ឃើញ​សមាជិក​ថ្មី​ចែកចាយ​កម្មសិទ្ធិ​រួម​ក្នុង​បំណង​ដ៏​ឆ្លាតវៃ​ដើម្បី​ធ្វើ​ត្រាប់​តាម​ពួកគ្រីស្ទាន​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ( សូមមើល កិច្ចការ ៤:៣២–៣៧ ) ។ ព្រះអម្ចាស់​បាន​ធ្វើការ​កែតម្រូវ និង​បញ្ជាក់​ដ៏​សំខាន់​មួយ​ចំនួន​ស្ដីពី​ប្រធានបទ​នេះ និង​ប្រធានបទ​ផ្សេង​ទៀត ភាគច្រើន​តាមរយៈ​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ដែល​ទ្រង់​បាន​ហៅ « ក្រឹត្យ​វិន័យ​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង » ( ខទី ៥៩ ) ។ នៅក្នុង​វិវរណៈ​នេះ យើង​រៀន​ពី​សេចក្ដីពិត​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការស្ថាបនា​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃ​ចុងក្រោយ រួមទាំង​សេចក្ដីសន្យា​ដ៏​សំខាន់​មួយ​ដែល​បញ្ជាក់​ច្បាស់​ថា វា​តែង​មាន​អ្វី​ជាច្រើន​ទៀត​ដើម្បី​រៀន ៖ « បើ​សិន​ជា​អ្នក​សូម នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ ខតម្រិះ​ថែម​ទៅ​លើ​តម្រិះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ) ។

សូមមើល Saints ១:១១៤–១៩ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តីសញ្ញា ៤១

« អ្នក​ណា​ដែល​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​ធ្វើ​តាម អ្នក​នោះ​ហើយ​ជា​សិស្ស​របស់​យើង » ។

នៅ​ដើម​ឆ្នាំ ១៨៣១ ពួកបរិសុទ្ធ​បាន​ចាប់ផ្ដើម​ប្រជុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ អន្ទះសា​ចង់​ទទួល​បាន​ក្រឹត្យវិន័យ ដែល​ព្រះ​បាន​សន្យា​ថា​នឹង​បើក​សម្ដែង​នៅ​ទីនោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣២ ) ។ ប៉ុន្ដែ​ដំបូង ព្រះអម្ចាស់​បាន​បង្រៀន​ពី​របៀប​ដែល​ពួកសិស្ស​របស់​ទ្រង់​គួរតែ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ក្រឹត្យវិន័យ​របស់ទ្រង់ ។ តើ​បងប្អូន​រកឃើញ​គោលការណ៍​អ្វីខ្លះ​ពី​ក្នុង ខទី ១–៥ ដែល​បាន​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ទទួល​ក្រឹត្យវិន័យ​របស់​ព្រះ ? តើ​គោលការណ៍​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ការណែនាំ​មកពី​ទ្រង់​យ៉ាង​ដូចម្តេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៤២

ក្រឹត្យវិន័យ​របស់​ព្រះ​ត្រួតត្រា​សាសនាចក្រ​របស់​ទ្រង់ ហើយ​អាច​ត្រួតត្រា​ជីវិត​របស់​យើង ។

ពួកបរិសុទ្ធ​បាន​ចាត់ទុក​វិវរណៈ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១–៧២ ថា​ជា​វិវរណៈ​ដ៏​សំខាន់​បំផុត​មួយ ដែល​ព្យាការី​បាន​ទទួល ។ វា​ជា​វិវរណៈ​ដំបូង​គេ​ដែល​ត្រូវ​បាន​បោះពុម្ព ចេញ​ផ្សាយ​ក្នុង​កាសែត​រដ្ឋ​អូហៃអូ​ចំនួន​ពីរ​ច្បាប់ ហើយ​វា​ត្រូវបាន​គេ​ស្គាល់​យ៉ាង​សាមញ្ញ​ថា​ជា « ក្រឹត្យវិន័យ » ។ គោលការណ៍​ជាច្រើន​នៅក្នុង​កណ្ឌ​នេះ​ត្រូវបាន​បង្ហាញ​ដោយ​ព្រះអម្ចាស់​ពីមុន​មក ។ ខណៈ​កណ្ឌ​នេះ​មិន​បាន​បញ្ចូល​រាល់​បទបញ្ញត្តិ​ទាំងអស់ ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​គោរព​តាម វា​មាន​តម្លៃ​ដើម្បី​សញ្ជឹង​គិត​ដល់​មូលហេតុ​ដែល​គោលការណ៍​ទាំងនេះ​មាន​សារសំខាន់​ដើម្បី​ធ្វើតាម​សារជា​ថ្មី​ចំពោះ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​ថ្មីៗ​នេះ ។

វា​អាច​ជួយ​បងប្អូន​ឲ្យ​អាន កណ្ឌ​ទី ៤២ ជា​ផ្នែក​តូចៗ​ដូច​តទៅ ហើយ​រកមើល​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​ផ្នែក​នីមួយៗ ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ សូម​ពិចារណា​ពី​របៀប​ដែល​ក្រឹត្យវិន័យ​នេះ​ដឹកនាំ​សាសនាចក្រ​នេះ អាច​ជួយ​ដឹកនាំ​ជីវិត​ផ្ទាល់ខ្លួន​របស់​បងប្អូន​បាន​ដែរ ។

ខទី ៤–៩, ១១–១៧, ៥៦–៥៨ 

ខទី ១៨–២៩ 

ខទី ៣០–៣១ 

ខទី ៤០–៤២ 

ខទី ៤៣–៥២ 

សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ១៥:៩ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៤២

តើ​ពួកបរិសុទ្ធ « ញែក​ចេញ​ទ្រព្យសម្បត្តិ [ របស់​ពួកគេ ] » ដើម្បី​គាំទ្រ​ដល់​អ្នកក្រីក្រ ?

ផ្នែក​ដ៏​សំខាន់​នៃ​ក្រឹត្យវិន័យ​ដែល​បាន​បើក​សម្ដែង​នៅក្នុង កណ្ឌទី ៤២ គឺជា​អ្វី​ដែល​គេ​ស្គាល់​ថា​ជា ច្បាប់​នៃ​ការញែក​ចេញ​ជា​បរិសុទ្ធ និង​ការបម្រើ ។ ក្រឹត្យវិន័យ​នេះ​បាន​បង្រៀន​ពួកបរិសុទ្ធ​ពី​របៀប​ដែល​ពួកគេ​អាច « មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា » ( កិច្ចការ ២:៤៤, នីហ្វៃ​ទី​៤ ១:៣ ) ដូចជា​អ្នក​ធ្វើ​តាម​ព្រះគ្រីស្ទ​កាល​ពី​បុរាណ​ដែរ ដោយ​គ្មាន « អ្នកក្រីក្រ​ក្នុង​ចំណោម​ពួកគេ​ឡើយ » ( ម៉ូសេ ៧:១៨ ) ។ ពួកបរិសុទ្ធ​បាន​ញែក​ចេញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដោយ​ប្រគល់​វា​ឲ្យ​ទៅ​ព្រះអម្ចាស់​តាមរយៈ​ប៊ីស្សព ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣០–៣១ ) ។ ប៊ីស្សព​ប្រគល់​វា​ដល់​ពួកគេ​វិញ​តាម​អ្វី​ដែល​ពួកគេ​ត្រូវការ ( សូមមើល ខទី ៣២ )—​ជាធម្មតា​អ្វី​ដែល​ពួកគេ​បាន​ថ្វាយ និង​អ្វីៗ​ជាច្រើន​ទៀត ។ សមាជិក​បរិច្ចាគ​ចំណែក​លើស​របស់​ពួកគេ​ដើម្បី​ជួយ​អ្នកក្រីក្រ ( សូមមើល ខទី ៣៣–៣៤ ) ។ ក្រឹត្យិន័យ​នេះ​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​ពួកបរិសុទ្ធ ជាពិសេស​ដល់​អស់​អ្នក​ដែល​បាន​ចាក​ចោល​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​មកកាន់​រដ្ឋ​អូហៃអូ ។ ពួកបរិសុទ្ធ​ជាច្រើន​មាន​ចិត្ត​សប្បុរស​ក្នុង​ការបរិច្ចាគ​របស់​ពួកគេ ។

ទោះបីជា​យើង​ធ្វើ​វា​ខុសគ្នា​នៅ​សព្វថ្ងៃ​នេះ​ក្ដី ក៏​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅតែ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​នេះ​ដែរ ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០–៤២ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ថ្វាយ​នូវ​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​បងប្អូន ដើម្បី​កសាង​នគរ​របស់​ព្រះ និង​ប្រទានពរ​ដល់​អ្នក​ដែល​ត្រូវការ ។

សូមមើល​ផងដែរ លីនដា ខេ ប៊ើរតុន « យើង​ជា​អ្នកដទៃ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១៣–១៥; « The Law » Revelations in Context ទំព៧រ ៩៣–៩៥ នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ។

រូបភាព
ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន

ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ​ហែនរិច ហូហ្វម៉ាន់

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៦១, ៦៥–៦៨, ៤៣:១–១៦

ព្រះ​ប្រទាន​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

សូម​ស្រមៃ​ថា បងប្អូន​កំពុង​សន្ទនា​ជាមួយ​នឹង​សមាជិក​ថ្មី​ម្នាក់​ក្នុង​សាសនាចក្រ ដែល​រំភើប​ចង់​ដឹង​ថា សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​វិវរណៈ ។ តើ​បងប្អូន​អាច​ប្រើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១–១៦ ដើម្បី​ពន្យល់​ដល់​គាត់​អំពី​គំរូ​របស់​ព្រះអម្ចាស់​ក្នុង​ការដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​បងប្អូន​អាច​ប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១, ៦៥–៦៨ ដើម្បី​បង្រៀន​អំពី​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​យ៉ាង​ដូច​ម្ដេច ?

សូមមើល​ផងដែរ « All Things Must Be Done in Order » Revelations in Context ទំព័រ ៥០–៥៣ នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤១:១–៥ ។តើ​អ្វីខ្លះ​ជា​គំរូ​មួយ​ចំនួន​នៃ​ច្បាប់​ស៊ីវិល ហើយ​តើ​ច្បាប់​ទាំងនោះ​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​យើង ? តើ​ក្រឹត្យវិន័យ ឬ​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង​ដោយ​របៀប​ណា ? សមាជិក​គ្រួសារ​អាច​គូរ​រូប​ខ្លួនគេ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៥, ៨៨ ។តើ​អ្វី​នឹង​ជួយ​គ្រួសារ​បងប្អូន​ឲ្យ « ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ? ( សូមមើល​ផងដែរ ម៉ូសាយ ៤:១៤–១៥ ) ។ សូម​គិត​ដល់​ការសរសេរ ឬ​ការនិយាយ​រឿង​វិជ្ជមាន​អំពី​គ្នា ឬ​ច្រៀង​ទំនុក​តម្កើង​មួយ​អំពី​សេចក្ដី​ស្រឡាញ់​នៅក្នុង​គ្រួសារ​ដូចជា​បទ « សេចក្តី​ស្រឡាញ់​នៅក្នុង​ផ្ទះ » ( ទំនុកតម្កើង ល.រ. ១៨២ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ។ប្រហែល​បងប្អូន​អាច​អាន​ខគម្ពីរ​នេះ ខណៈ​រៀប​រូបផ្គុំ​គ្នា ។ សូម​ប្រើ​រូបផ្គុំ​ដើម្បី​បង្រៀន​ពី​របៀប​ដែល​ព្រះ​បើក​សម្ដែង​អាថ៌កំបាំង​របស់​ទ្រង់—« វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ » ។ សមាជិក​គ្រួសារ​អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះ​បាន​បើក​សម្ដែង​សេចក្ដីពិត​ដល់​ពួកគេ​បន្ដិច​ម្ដងៗ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៣:២៥ ។ប្រហែល​មាន​អ្វីមួយ​ដែល​គ្រួសារ​របស់​បងប្អូន​អាច​ប្រើ ដើម្បី​បង្កើត​សំឡេង​ខ្យល់ព្យុះ​ធ្វើ​ជា​របៀប​មួយ​ដើម្បី​ណែនាំ​ការពិភាក្សា​អំពី ខទី ២៥ ។ តើ​សំឡេង​របស់​ព្រះអម្ចាស់​គឺជា « ដោយ​សូរផ្គរ​លាន់ » ដោយ​របៀប​ណា ? សូម​សិក្សា​ខនេះ​ជាមួយ​គ្នា​រកមើល​របៀប ដែល​ព្រះអម្ចាស់​អាច​ហៅ​យើង​ឲ្យ​ប្រែចិត្ត ។ តើ​យើង​អាច​ឆ្លើយតប​នឹង​សំឡេង​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ខ្ញុំ​ចង់​រស់​តាម​ដំណឹងល្អ » សៀវភៅ​ចម្រៀង​កុមារ ល.រ ៧២, សូមមើល « យោបល់​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចិញ្ចឹមបីបាច់​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ ។ របៀប​ដែល​សមាជិក​គ្រួសារ​មានអារម្មណ៍ ហើយ​ប្រព្រឹត្ត​ចំពោះ គ្នា​ទៅវិញ​ទៅ​មក អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្មារតី​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក ។ សូម​ជួយ​សមាជិក​គ្រួសារ​ទាំងអស់​ធ្វើ​ចំណែក​របស់​ពួកគេ​ដើម្បី​បង្កើត​ឲ្យ​មាន​គេហដ្ឋាន​ប្រកប​ដោយ​ក្ដីស្រឡាញ់ និង​ការគោរព​គ្នា ដើម្បី​ឲ្យ​មនុស្ស​គ្រ់ប​រូប​នឹង​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​ចែកចាយ​បទពិសោធន៍ សំណួរ និង​ទីបន្ទាល់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។

រូបភាព
យ៉ូសែប ស្ម៊ីធ កំពុង​ផ្សព្វផ្សាយ

យ៉ូសែប ស៊្មីធ កំពុង​ផ្សព្វផ្សាយ​នៅ​ក្រុង​ណៅវូ ដោយ ស៊ែម ឡឡឺរ៍