ចូរ​មក​តាម​ខ្ញុំ
ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ


« ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤

រូបភាព
គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ

តើ​ធនធាន​នេះ​គឺ​សម្រាប់​នរណា ?

ធនធាន​នេះ​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ចង់​រៀន​ពី​ព្រះគម្ពីរ​មរមន—ជា​បុគ្គល ជា​គ្រួសារ និង​ក្នុង​ថ្នាក់រៀន​នៅឯ​ព្រះវិហារ ។ ប្រសិន​បើ​បងប្អូន​ពុំ​ធ្លាប់​បាន​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​កាល​ពី​មុនៗ​មក​ទេ ធនធាន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ចាប់​ផ្ដើម​បាន ។ ប្រសិនបើ​បងប្អូន​មាន​ទម្លាប់​ល្អ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​រួច​ហើយ ធនធាន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​មាន​បទពិសោធន៍​កាន់តែ​មាន​អត្ថន័យ​ថែមទៀត ។

បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅ​គេហដ្ឋាន

កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​រៀន​សូត្រ​ដំណឹង​ល្អ គឺ​នៅ​គេហដ្ឋាន ។ គ្រូបង្រៀន​របស់​បងប្អូន​នៅ​ព្រះវិហារ​អាច​គាំទ្រ​ដល់​បងប្អូន​បាន ហើយ​បងប្អូន​អាច​ទទួល​បាន​ការលើក​ទឹក​ចិត្ត​មកពី​សមាជិក​ដទៃទៀត​ក្នុង​វួដ ។ ប៉ុន្តែ​ដើម្បី​រស់​រាន​មាន​ជីវិត​ខាង​វិញ្ញាណ នោះ​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​ត្រូវការ​ការចិញ្ចឹម​បីបាច់​ជា​រៀង​រាល់​ថ្ងៃ​មកពី « ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ( មរ៉ូណៃ ៦:៤; សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Opening​Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦–៨ ) ។

សូម​ប្រើ​ធនធាន​នេះ​ទៅតាម​របៀបណា​មួយ​ដែល​អាចជា​ជំនួយ​ដល់​បងប្អូន ។ គម្រោង​មេរៀន​ទាំងនេះ​គូស​បញ្ជាក់​អំពី​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច​មួយ​ចំនួន​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ហើយ​ផ្ដល់ជា​យោបល់​អំពី​គំនិត និង​សកម្មភាព​នានា​ដើម្បី​ជួយ​ដល់​បងប្អូន​ក្នុង​ការសិក្សា​អំពី​ព្រះគម្ពីរ​ជា​បុគ្គល ជាមួយ​គ្រួសារ​របស់​បងប្អូន ឬ​ជាមួយ​មិត្តភក្តិ​របស់​បងប្អូន ។ នៅពេល​បងប្អូន​សិក្សា សូម​ធ្វើ​តាម​ការណែនាំ​របស់​ព្រះវិញ្ញាណ​ដើម្បី​ស្វែងរក​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច​ដែល​មាន​អត្ថន័យ​ចំពោះ​បងប្អូន ។ សូម​រកមើល​សារ​ទាំងឡាយ​របស់​ព្រះ​សម្រាប់​បងប្អូន ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​បងប្អូន​ទទួល​បាន ។

គ្រូ​បង្រៀន និង​អ្នក​រៀន​នៅឯ​ព្រះវិហារ

ប្រសិន​បើ​បងប្អូន​បង្រៀន​ថ្នាក់អង្គការ​បឋម​សិក្សា យុវវ័យ ឬ​មជ្ឈិមវ័យ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ កូរ៉ុម​បព្វជិតភាព​អើរ៉ុន ឬ​ថ្នាក់​យុវនារី បងប្អូន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​គម្រោង​មេរៀន​ទាំងនេះ​នៅក្នុង​ធនធាន​នេះ​នៅ​ពេល​ដែល​បងប្អូន​រៀបចំ​ខ្លួន​ដើម្បី​បង្រៀន ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ គឺជា​កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​របស់​បងប្អូន ។ គំនិត​រៀន​សូត្រ​ទាំងឡាយ​នៅ​ក្នុង​ធនធាន​នេះ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការរៀន​សូត្រ​នៅ​តាម​គេហដ្ឋាន និង​នៅឯ​ព្រះវិហារ ។ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​ចាប់ផ្ដើម​ដោយ​គិត​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​នៅក្នុង​បទគម្ពីរ​ទាំងឡាយ​របស់​បងប្អូន ។ ការរៀបចំ​ខ្លួន​ដ៏​សំខាន់​បំផុត​របស់​បងប្អូន​នឹង​កើតឡើង​នៅពេល​បងប្អូន​ស្រាវជ្រាវ​បទគម្ពីរ ហើយ​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការស្វែងរក​សេចក្តីពិត​ដ៏​អសក្បលជានិច្ច​ដែល​ជួយ​បងប្អូន​ឲ្យ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​មក​តាម​ខ្ញុំ អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​សេចក្ដីពិត​មួយ​ចំនួន​ទាំងនេះ ហើយ​យល់ពី​បរិបទ​នៃ​បទគម្ពីរ​ទាំងឡាយ ។

សូម​ចាំ​ថា ការរៀន​សូត្រ​ដំណឹងល្អ​បាន​ល្អ​បំផុត គឺជា​ការរៀនសូត្រ​នៅតាម​គេហដ្ឋាន ហើយ​សាសនាចក្រ​ជា​អ្នក​គាំទ្រ ។ ឬអាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា ការទទួលខុសត្រូវចម្បង​របស់​បងប្អូន​គឺ ដើម្បី​គាំទ្រ​ដល់​មនុស្ស​ដែល​បងប្អូន​បង្រៀន​នៅក្នុង​កិច្ច​ខិតខំ​​រៀនសូត្ររបស់ពួកគេ និង​រស់នៅ​តាម​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ។ សូម​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍ គំនិត និង​សំណួរ​របស់​ពួកគេ​អំពី​វគ្គ​បទគម្ពីរ​នានា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច​ដែល​ពួកគេ​បាន​រក​ឃើញ ។ ការណ៍​នេះ​គឺ​សំខាន់​ជាង​ការបង្រៀន​តាម​ឯកសារ​មេរៀន​ជាក់លាក់​មួយ​ចំនួន​ទៅទៀត ។

អង្គការ​បឋមសិក្សា

ការរៀបចំ​ខ្លួន​របស់​បងប្អូន​ដើម្បី​បង្រៀន​អង្គការ​បឋម​សិក្សា ចាប់ផ្ដើម​នៅ​ពេល​ដែល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​ជា​លក្ខណៈ​ផ្ទាល់ខ្លួន និង​ជាមួយ​គ្រួសារ​របស់​បងប្អូន ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ សូម​បើក​ចំហ​ចំពោះ​ចំណាប់​អារម្មណ៍ និង​ការយល់​ដឹង​ខាង​វិញ្ញាណ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​កុមារ​នៅ​ក្នុង​ថ្នាក់អង្គការបឋម​សិក្សា​របស់​បងប្អូន ។ ចូរ​អធិស្ឋាន ហើយ​ព្រះវិញ្ញាណ​អាច​បំផុស​គំនិត​ដល់​បងប្អូន​ឲ្យ​មាន​គំនិត ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន បងប្អូន​អាច​ទទួល​បាន​ការបំផុស​គំនិត​បន្ថែម​តាមរយៈ​ការស្វែងយល់​ពី​គំនិត​សម្រាប់​បង្រៀន​នៅក្នុង​ធនធាន​នេះ ។ គម្រោង​មេរៀន​នីមួយៗ​នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ មាន​ផ្នែក​មួយ​ដែល​មាន​ចំណង​ជើង​ថា « គំនិត​សម្រាប់​បង្រៀន​កុមារ » ។ សូម​ចាត់ទុក​គំនិត​ទាំងនេះ​ថាជា​យោបល់​ដើម្បី​បង្កើត​ឲ្យ​មាន​ការបំផុស​គំនិត​ដល់​បងប្អូន ។ បងប្អូន​ស្គាល់​កុមារ​នៅក្នុង​ថ្នាក់អង្គការ​បឋម​សិក្សា​របស់​បងប្អូន—ហើយ​បងប្អូន​នឹង​ស្គាល់​ពួកគេ​កាន់តែ​ច្បាស់​ថែម​ទៀត នៅពេល​បងប្អូន​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​នៅ​ក្នុង​ថ្នាក់ ។ ព្រះ​ក៏​ស្គាល់​ពួកគេ​ផងដែរ ទ្រង់​នឹង​បំផុស​គំនិត​ដល់​បងប្អូន​តាម​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន និង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។

ប្រហែលជា​កុមារ​នៅក្នុង​ថ្នាក់​របស់​បងប្អូន​បាន​ធ្វើ​សកម្មភាព​ទាំងនេះ​មួយ​ចំនួន​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​រួចទៅ​ហើយ ។ វា​មិនថ្វី​នោះទេ ។ ការធ្វើ​សា​ឡើងវិញ​គឺ​ជា​ការល្អ ។ សូម​ពិចារណា​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួក​គេ​បាន​រៀន​នៅ​ផ្ទះ—ប៉ុន្ដែ បងប្អូន​ក៏​គួរតែ​រៀប​គម្រោង​បង្រៀន ដើម្បី​ឲ្យ​កុមារ​ចូលរួម​ផងដែរ បើទោះ​បី​ជា​ពួក​គេ​មិន​បាន​រៀន​នៅ​ផ្ទះ​ក៏​ដោយ​ក្តី ។ កុមារ​រៀន​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន នៅពេល​សេចក្ដីពិត​ទាំងនេះ​ត្រូវបាន​បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត​តាមរយៈ​សកម្មភាព​ផ្សេងៗ ។ ប្រសិនបើ​បងប្អូន​រកឃើញ​ថា សកម្មភាព​រៀនសូត្រ​មួយ​មាន​ប្រសិទ្ធភាព​សម្រាប់​កុមារ សូម​ពិចារណា​ធ្វើ​វា​សា​ឡើងវិញ ជាពិសេស​នៅពេល​ដែល​បងប្អូន​បង្រៀន​ដល់​កុមារ​តូចៗ ។ បងប្អូន​ក៏​អាច​រំឭក​សកម្មភាព​មួយ​មកពី​មេរៀន​មុន​ផងដែរ ។

នៅក្នុង​ខែ​ដែល​មាន​ប្រាំ​អាទិត្យ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ជំនួស​គម្រោង​កាលវិភាគ​ដែល​បាន​កំណត់​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ នៅ​ថ្ងៃ​អាទិត្យ​ទីប្រាំ​ជាមួយ​នឹង​សកម្មភាព​សិក្សា​មួយ ឬ​ច្រើន​នៅក្នុង « ឧបសម្ព័ន្ធ​ខ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​យុវវ័យ និង​មជ្ឈិមវ័យ

មូលហេតុ​ចម្បង​មួយ​ដែល​យើង​ជួបជុំ​គ្នា​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃអាទិត្យ គឺ​ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​គ្នាទៅវិញ​ទៅមក នៅពេល​យើង​ព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ វិធី​សាមញ្ញ​មួយ​ដើម្បី​ធ្វើ​បែប​នេះ​គឺ​សួរ​សំណួរ​មួយ​ដូច​ជា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​បងប្អូន​អ្វីខ្លះ​នៅ​សប្តាហ៍​នេះ កាល​ដែល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​ជាមួយនឹង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ? » ចម្លើយ​ចំពោះ​សំណួរ​នេះ​អាច​នាំ​ឲ្យ​មាន​ការពិភាក្សា​ដ៏​មាន​អត្ថន័យ ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

បន្ទាប់​មក បងប្អូន​អាច​អញ្ជើញ​ឲ្យ​មាន​ការពិភាក្សា​ដោយ​ផ្អែក​ទៅលើ​យោបល់​ណែនាំ​ការសិក្សា​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ បាន ។ ឧទាហរណ៍ គំនិត​សិក្សា​មួយ​អាច​នឹង​ផ្ដល់​យោបល់​ឲ្យ​ស្រាវជ្រាវ​ក្នុង អាលម៉ា ៣៦ ហើយ​បង្កើត​បញ្ជី​ពាក្យ​ដែល​បង្រៀន​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការប្រែចិត្ត ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ឡើង​ចែកចាយ និង​និយាយ​អំពី​ពាក្យ​ដែល​ពួកគេ​បាន​រក​ឃើញ ។ ឬ​បងប្អូន​អាច​ចំណាយ​ពេលខ្លះៗ​ដើម្បី​បង្កើត​បញ្ជី​រួមគ្នា​ជា​ថ្នាក់​ទាំងមូល​ក៏បាន ។

កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី

នៅ​ពេល​ដែល​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ នោះគោល​បំណង​របស់​ពួកគេ​គឺ​ខុសគ្នា​ពី​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ ក្រៅពី​ជួយ​គ្នា​ទៅវិញ​ទៅមក​ឲ្យ​រៀន​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្រុម​ទាំង​នេះ​ក៏​បាន​ជួបជុំ​គ្នា​ដើម្បី​ប្រឹក្សា​ជាមួយគ្នា​អំពី​ការសម្រេច​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​ផងដែរ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១.២ ) ។ ពួកគេ​ធ្វើ​បែបនេះ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ថ្នាក់ និង​គណៈប្រធាន​កូរ៉ុម ។

ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​ការប្រជុំ​កូរ៉ុម ឬ​ថ្នាក់​រៀន​នីមួយៗ​គួរតែ​ចាប់ផ្ដើម​ដោយ​មាន​សមាជិក​ម្នាក់​មកពី​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់​ធ្វើការ​ដឹកនាំ​ការពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា ឧទាហរណ៍​ដូចជា ការរស់នៅ​តាម​ដំណឹងល្អ ការងារ​បម្រើ​ដល់​អ្នក​ដែល​ខ្វះខាត ការចែកចាយ​ដំណឹង​ល្អ ឬ​ការចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

បន្ទាប់ពី​ការប្រឹក្សា​រួមគ្នា​នេះហើយ នោះ​គ្រូ​បង្រៀន​ម្នាក់​ដឹកនាំ​ថ្នាក់ ឬ​កូរ៉ុម​ក្នុង​ការរៀន​ដំណឹងល្អ​ជាមួយ​គ្នា ។ ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​បង្រៀន​បាន ។ គណៈប្រធាន​ថ្នាក់ ឬ​គណៈប្រធាន​កូរ៉ុម ពិគ្រោះ​យោបល់​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ ដើម្បី​ធ្វើ​ការចាត់តាំង​ទាំងនេះ ។

មនុស្ស​ដែល​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​បង្រៀន គួរ​តែ​រៀបចំ​ខ្លួន​ដោយ​ប្រើ​យោបល់​ណែនាំ​សម្រាប់​ការរៀនសូត្រ​នៅក្នុង​គម្រោង​មេរៀន​ប្រចាំ​សប្តាហ៍​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ នៅក្នុង​គម្រោង​មេរៀន​នីមួយៗ រូប​តំណាង​នេះ បង្ហាញ​ពី​សកម្មភាព​មួយ​ដែល​ទាក់ទង​ជា​ពិសេស​ជាមួយនឹង​យុវវ័យ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោបល់​ណា​ក៏បាន​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​អាច​ប្រើ​ជា​សកម្មភាព​រៀនសូត្រ​សម្រាប់​យុវវ័យ​បាន ។

ចំពោះ​របៀបវារៈ​គំរូ​សម្រាប់​ការប្រជុំ​កូរ៉ុម និង​ថ្នាក់ សូមមើល ឧបសម្ព័ន្ធ ឃ ។