ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៣៩:៩—« កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៣៩:៩—‹ កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៣៩:៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ⁠៣៩:៩

« កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ »

រូបភាព
អ៊ីសាបែល​ដើរកាត់​កូរីអានតុន

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី អាលម៉ា ៣៩ អ្នក​បានស្វែង​យល់​អំពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព និង​របៀប​ទប់ទល់​នឹង​ការល្បួង​ដោយ​ការពឹងផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ ។⁠ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៩:៩ ពន្យល់​ពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ព្យាយាម​ប្រែ​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ប្រកប​ដោយ​មនសិការ ។ នៅពេល​សិស្ស​ខិតខំ​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ស្វែងរក​របៀប​ដែល​ពួកគេ​អាច​កែលម្អ​បាន ។⁠ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ដោយ​ការអធិស្ឋាន​ពី​ជំហាន​ជាក់លាក់​ដែល​ពួកគេ​អាច​ធ្វើ​បាន ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចាប់ផ្ដើម​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៩:៩ ។ អ្នក​ក៏​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ព្យាយាម​ទន្ទេញ​ខគម្ពីរ​ទាំងមូល​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​យកទៅ​បង្រៀន​បន្ទាប់ពី​មេរៀន « អាលម៉ា ៣៩ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាលម៉ា ៣៩:៩ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

ឃ្លា​បទគម្ពីរ​គន្លឹះ​ចំណេះចំណាន​ខាង​គោលលទ្ធិ​សម្រាប់ អាលម៉ា ៣៩:៩ គឺ⁠ « កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។ សូម​ប្រើ​វិធីសាស្រ្ត​ខាងក្រោម ឬ​វិធីសាស្រ្ត​ផ្សេងទៀត​ដែល​អ្នក​ជ្រើសរើស ដើម្បី​ជួយ​ឲ្យ​អ្នក​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

រូបភាព
ភ្នែក​ទាំង​គូ​ក្នុង​រង្វង់​មាន​សញា​ឆូតចោល

នៅលើ​ក្ដារខៀន សូម​ពិចារណា​សរសេរ អាលម៉ា ៣៩:៩ និង​គូរ​រូប​ភ្នែក​ទាំង​គូ​ក្នុង​រង្វង់​មាន​សញ្ញាឆូតចោល ។ សូម​ទុកពេល​ឲ្យ​សិស្ស​ពីរបីនាទី​⁠ដើម្បី​សិក្សា​ឃ្លា​បទគម្ពីរ​គន្លឹះ បន្ទាប់​មក​អញ្ជើញ​សិស្ស​ឲ្យ​បានច្រើន​នាក់​ឲ្យ​មក​ក្ដារខៀន ហើយ​សរសេរ​ឃ្លា​ជុំវិញ​រូបគំនូរ​នោះ ។ សូម​សូត្រ​វគ្គបទគម្ពីរ និង​ឃ្លា​គន្លឹះ​ឲ្យ​ឮៗ​ជាមួយគ្នា​ក្នុងថ្នាក់​ពីរបីដង​រហូត​ដល់​សិស្ស​បាន​ទន្ទេញចាំ ។⁠

បន្ទាប់មក សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​មក​ខាងមុខ​ថ្នាក់រៀន​⁠ដើម្បី​សម្តែង​តាម​ស្ថានភាព​ប្រឌិដ្ឋ​ដូច​ខាងក្រោម ។

សូម​ស្រមៃ​ថា​អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បង្រៀន​នរណា​ម្នាក់​អំពី​ច្បាប់​ព្រហ្មចារីភាព​ជា​លើក​ដំបូង ។ សូម​រៀបរាប់​យ៉ាងខ្លី​អំពី​ច្បាប់​ព្រហ្មចារីភាព ហើយ​ប្រើ អាល់ម៉ា ៣៩:៩ ដើម្បី​ពន្យល់​អំពី​របៀប​គោរពតាម​ច្បាប់​នោះ ។

រៀន​អនុវត្ត

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​មើល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅ​ក្នុង កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ បន្ទាប់ពី​ពួកគេ​មើល​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​ពាក្យ​សំខាន់​មួយចេញ​ពី​គោលការណ៍​នីមួយៗ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពិពណ៌នា​ពី​វា​បានល្អ​បំផុត ។⁠ បន្ទាប់មក សិស្ស​អាច​ចែកចាយ​ពាក្យពេចន៍​អ្វី​ដែល​ពួកគេ​បាន​ជ្រើសរើស និង​មូលហេតុ ។

សូម​ប្រើ​ស្ថានភាព​ប្រឌិដ្ឋ​ខាងក្រោម ឬ​ពិចារណា​យក​លំនាំ​តាម​ឲ្យ​ត្រូវ​ទៅតាម​តម្រូវការ​សិស្ស​បានល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​សិស្ស​អនុវត្តតាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។⁠

អ៊ីវ៉ាន រីករាយ​នឹង​ការចំណាយ​ពេល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សង្គម ។⁠ គាត់​មាន​ភាពច្នៃប្រឌិត និង​ប្រើប្រាស់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ចែកចាយ​សារលិខិត​ដែល​វិជ្ជមាន ។ ប៉ុន្តែ​គាត់​ក៏​ឃើញ​មាតិកា​មិន​សមរម្យ​ជាច្រើន ដែល​ពេល​ខ្លះ​មាន​សូម្បីតែ​រូប​អាសគ្រាម​ផងដែរ ។⁠ ដំបូង​ឡើយ ⁠វា​ធ្វើ​ឲ្យ​គាត់​ធុញទ្រាន់ ប៉ុន្តែ​យូរៗ​ទៅ​គាត់​កាន់តែ​ចូលចិត្ត​ការណ៍​ទាំងនោះ ។ ថ្មីៗនេះ គាត់ថែម​ទាំង​ស្វែងរក​មាតិកាបែប​នេះ​ថែមទៀត​ផង ។⁠ គាត់​មិន​បារម្ភ​ពី​អ្វី​ដែល​គាត់​ជ្រើសរើស​ធ្វើ​ឥឡូវនេះ​ទេ ។⁠

សូម​ប្រមូលផ្ដុំ​គំនិត​ពី​របៀប​ដែល​ការយល់ដឹង និង​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​ឲ្យ​អ៊ីវ៉ាន មើលឃើញ​ពី​កង្វល់​នៃ​សកម្មភាព​បច្ចុប្បន្ន​គាត់​បាន ។⁠ សំណួរ និង​ធនធាន​ខាងក្រោម​អាច​នឹង​ជួយបាន ។⁠

សូម​ពិចារណា​សរសេរ​សំណួរ​ទីមួយ​នៃ​ផ្នែក​នីមួយៗ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​ចម្លើយ​របស់​ពួកគេ​ជា​គូ ឬ​ជា​ក្រុមតូចៗ ។⁠ ខណៈពេល​ដែល​សិស្ស​ធ្វើការ​ជាក្រុម សូម​ដើរ​មើល​ជុំវិញ ហើយ​ស្តាប់​អ្វី​ដែល​ពួកគេ​កំពុង​ពិភាក្សា​គ្នា ។⁠ សូម​បន្ថែម​សំណួរ​បន្ថែម​ទៀត និង​ធនធាន​ដែល​បាន​រាយបញ្ជី​ខាងក្រោម​ដែល​ចាំបាច់​ត្រូវការ ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រើ​បន្ថែមទៀត​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។⁠

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច

  • តើ អ៊ីវ៉ាន អាច​នឹង​ពិនិត្យមើល​ស្ថានភាព​របស់គាត់​ដោយ​ទស្សវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

  • តើ​ការខិតខំ​របស់គាត់​ដើម្បី​រក្សាគំនិត​គាត់​ឲ្យ​ស្អាតស្អំ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ពេញ​មួយជីវិត​គាត់​នៅលើ​ផែនដី និង​ជីវិត​ក្រោយ​ទៀត​ដោយ​របៀប​ណា ?

  • តើ​ការខិតខំ​របស់គាត់​នឹង​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?⁠

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ អំពី​ពួក​អ្នក​ដែល​ព្រះ​ចាត់​មក​ដែល​អាច​នឹង​ជួយ​ដល់ អ៊ីវ៉ាន បាន ? តើ អាលម៉ា ⁠៣៩:៩ អាច​ជួយ​បាន​ឬទេ ?⁠

បើ​សិស្ស​ត្រូវការ​ជំនួយ​រកមើល​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព សូម​ពិចារណា​ចែកចាយ​ប្រភព​ដូច​ខាងក្រោម ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ 

  • តើ អ៊ីវ៉ាន អាច​ធ្វើអ្វី​បានខ្លះ⁠​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ដើម្បី « កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់ [ គាត់ ] ទៀត​ឡើយ » ? ( អាលម៉ា ៣៩:៩ ) ។

  • តើ​ការប្រឹងប្រែង​បែរ​មករក​ព្រះគ្រីស្ទ​អាច​នឹង​ជួយ​ដល់​ការខិតខំ​របស់គាត់​បាន​យ៉ាងដូចម្ដេច ?

  • តើ​គោលលទ្ធិ​អ្វី​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដែល​អាច​នឹង​ជួយ អ៊ីវ៉ាន បាន ហើយ​តើ​ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា ⁠គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​នឹង​ជួយ​ឲ្យ​អ៊ីវ៉ាន ⁠ដឹង​ពី​គ្រោះថ្នាក់​នៃ​សកម្មភាព​បច្ចុប្បន្ន​របស់គាត់​បាន​តាម​របៀបណា ?

  • តើ​គាត់​អាច​ធ្វើអ្វី​បានខ្លះ⁠​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ជា​យូរ​អង្វែង ?

នៅពេល​ដែល​ក្រុម​បានបញ្ចប់​ការពិភាក្សា​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ក្នុងថ្នាក់ ។ នៅពេល​សិស្ស​ចែកចាយ សូម​កោតសរសើរ​ដល់​តម្លៃ​នៃ​មតិយោបល់​របស់​ពួកគេ ។ ផងដែរ ⁠សូមពិចារណា​សួរ​សំណួរ​ដែល​ជួយ​ឲ្យ​សិស្ស​មាន​ទំនាក់ទំនង​គ្នា​ក្នុងថ្នាក់ ដូចជា​សួរ​ថា « ហេតុអ្វី​បាន​ជា​ប្អូន​គិត​ថា អ្វី​ដែល​មិត្តរួមថ្នាក់​ប្អូន​ទើបតែ​ចែកចាយ​មាន​សារៈសំខាន់ ? » ឬ​ថា « តើ​ការអនុវត្ត​អ្វី​ដែល​មិត្ត​រួមថ្នាក់​របស់​ប្អូនបាន​ចែកចាយ នឹង​​មាន​អត្ថប្រយោជន៍​ចំពោះ អ៊ីវ៉ាន ដោយ​របៀប​ណា ? »

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ក្នុងអំឡុង​ពេល​មេរៀន​ក្រោយ សូម​បង្ហាញ​សិស្ស​នូវ​រូបភាព​នៃ​ភ្នែក​ទាំង​គូ​នៅក្នុង​រង្វង់​មាន​សញ្ញាឆូតចោល ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ឡើងវិញ​ថា តើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណា​ដែល​ត្រូវ​នឹង​វា ។ សូម​សូត្រ​ឃ្លា​បទគម្ពីរ​គន្លឹះ​ជាមួយគ្នា​ពីរបី​ដង​ដើម្បី​រំឭក​ឡើងវិញ ។