ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ១៤–១៦ ៖ បាន​ប្រោសលោះ​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ


« ម៉ូសាយ ១៤–១៦ ៖ បាន​ប្រោសលោះ​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ១៤–១៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ១៤–១៦

បាន​ប្រោសលោះ​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ

រូបភាព
រូបភាព​ព្រះគ្រីស្ទ

ទោះ​ជា​ស្ដេច​ណូអេ​បាន​ត្រៀម​ព្រះកាយ​សម្លាប់​លោក​ក៏​ដោយ អ័ប៊ីណាដៃ​បាន​ដឹង​ថា ព្រះ​នឹង​អនុញ្ញាត​ឲ្យ​លោក​បញ្ចប់​សារ​ដែល​លោក​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​ចែកចាយ ។ ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់​ត្រូវការ​ឮ​សារ​ដែល​ព្រះ​ហៅ​ព្យាការី​ទាំងអស់​ឲ្យ​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះប្រោសលោះ​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការស្គាល់​ព្រះ​យេស៊ូវគ្រីស្ទ​ជា​អង្គ​តែ​មួយ​គត់​ដែល​អាច​ប្រោសលោះ​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់ ។

និយាយ អរ​រីករាយ និង​ផ្សាយ​អំពី​ព្រះគ្រីស្ទ ។សូម​រកមើល​សេចក្តីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​អំពី​ទ្រង់ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​សាក្សី​អំពី​ព្រះអង្គ​សង្គ្រោះ « ចូល​ទៅក្នុង​ចិត្ត » របស់​សិស្ស ( នីហ្វៃ​ទី២ ៣៣:១ ) ។ សាក្សី​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ថា ជា « ប្រភព​មួយ​ដែល​ពួកគេ​អាច​ស្វែងរក [ ដើម្បី ] ផ្ដាច់​បាប​របស់​ពួកគេ » និង​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​កាន់តែ​ស៊ី​ជម្រៅ​ចំពោះ​ទ្រង់ ( នីហ្វៃ​ទី​២ ២៥:២៦ ) ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​តួនាទី និង​ព្រះ​បរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ​មួយ​ណា​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​ពួកគេ និង​មូលហេតុ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តួនាទី និង​ព្រះ​បរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ

តួនាទី និង​ព្រះ​បរមងារ​នីមួយៗ​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​មាន​អត្ថន័យ​ពិសេស​ចំពោះ​យើង​នៅ​ចំណុច​ជាក់លាក់​ក្នុង​ជីវិត​របស់​យើង ។ ឧទាហរណ៍ ៖ យើង​ប្រហែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​នាម​ជា « ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ » ( ម៉ូសាយ ១១:២៣ ) នៅពេល​ដែល​យើង​ត្រូវការ​ជំនួយ គឺ​មាន​តែ​ទ្រង់​ទេ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។

សូម​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​ធ្វើ​បញ្ជី​អំពី​ព្រះ​បរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ​ពី​បទគម្ពីរ​ដែល​បង្រៀន​យើង​អំពី​ទ្រង់ ។

  • ក្នុង​ចំណោម​ព្រះ​បរមងារ​ជាច្រើន​របស់​ព្រះយេស៊ូវ តើ​អ្នក​គិត​ថា ព្រះ​បរមងារ​មួយ​ណា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​បន្ថែម​ទៀត ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសាយ ១៣:៣៣ និង ១៦:១៥ ដើម្បី​រកមើល​ព្រះ​បរមងារ​បន្ថែម​ទៀត​របស់​ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​មាន​តែ​ទ្រង់​អាច​ធ្វើ​បាន ។

ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះប្រោសលោះ​របស់​យើង

សារ​របស់ អ័ប៊ីណាដៃ ទៅ​កាន់​ស្តេច​ណូអេ និង​ពួកសង្ឃ​ផ្តោតលើ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​បង្រៀន​សេចក្តីពិត​ថា យើង​អាច​ត្រូវ​បានសង្គ្រោះ​តាមរយៈ​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​តែ​ប៉ុណ្ណោះ ( សូម​មើល ម៉ូសាយ ១៣:៣៣; ១៦:១៥ ) ។ នៅពេល​អ្នក​សិក្សា​ពាក្យ​របស់ អ័ប៊ីណាដៃ សូម​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះប្រោសលោះ​របស់​យើង ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ក្នុង​ចំណោម​ព្រះ​បរមងារ​ដ៏​សំខាន់​បំផុត​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ព្រះ​ដ៏​ប្រោសលោះ ។… ពាក្យ​ប្រោសលោះ​មាន​ន័យ​ថា ការបង់​សង​លើ​កាតព្វកិច្ច ឬ​បំណុល​មួយ ។ ពាក្យ​ប្រោសលោះ​ក៏​អាច​មាន​ន័យ​ផងដែរ​ថា សង្គ្រោះ ឬ​ធ្វើ​ឲ្យ​មាន​សេរីភាព​ដោយ​ការបង់​តម្លៃ​លោះ ។ ប្រសិនបើ​ជន​ម្នាក់​ធ្វើ​ខុស រួចហើយ​ផ្លាស់ប្ដូរ ឬ​កែប្រែ នោះ​យើង​និយាយ​ថា គាត់​ប្រោសលោះ​ខ្លួន​ឯង ។ អត្ថន័យ​នីមួយៗ​បង្ហាញ​ពី​ទិដ្ឋភាព​ផ្សេង​គ្នា​នៃ​ការប្រោសលោះ​ដ៏​អស្ចារ្យ​ដែល​បាន​សម្រេច​ដោយ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ដែល​រួម​បញ្ចូល​នៅក្នុង​ពាក្យ​នៃ​វចនានុ​ក្រម « ដើម្បី​រំដោះពី​អំពើ​បាប និង​ការដាក់​ទោស​របស់​អំពើ​បាប ដូចជា​ការលះបង់​សម្រាប់​មនុស្ស​មាន​បាប » ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Redemption » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៩ )

  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​មក​ពី​ព្រះ​បរមងារ​របស់​ទ្រង់​ជា ព្រះប្រោសលោះ ?

    អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ ប្រោសលោះ នៅក្នុង ម៉ូសាយ ១៦:១៥ ហើយ​កត់ត្រា​អត្ថន័យ​របស់​វា ។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ការយល់​ដឹង​នេះ​មាន​ប្រយោជន៍​បំផុត​ក្នុង​ជីវិត​របស់​អ្នក ? ហេតុអ្វី ?

សិស្ស​អាច​ធ្វើ​ការសិក្សា​ខាង​ក្រោមរៀងៗ​ខ្លួន ជា​ក្រុម​តូចៗ ឬ​ជា​ថ្នាក់​ទាំង​មូល ។ សូម​ពិចារណា​ពី​តម្រូវការ​សិស្ស​របស់​អ្នក នៅពេល​អ្នក​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​ពួកគេ​ធ្វើ​ការសិក្សា​សំណួរ​ទាំង​បី ឬ​តែ​មួយ ឬ​ពីរ​ក្នុង​ចំណោម​សំណួរ​ទាំង​នេះ ។ ប្រសិនបើ​សិស្ស​កំពុង​សិក្សា​ដោយ​ខ្លួន​ឯង ឬ​ជា​ក្រុម វា​អាច​មាន​ប្រយោជន៍​ក្នុង​ការបង្ហាញ​សំណួរ​សិក្សា និង​មាតិកា​សម្រាប់​សិស្ស ដើម្បី​ឲ្យ​សិស្ស​អាច​បន្ត​តាម​ល្បឿន​របស់​ពួកគេ​ផ្ទាល់ ។ អ្នក​ក៏​អាច​ចាក់​ទំនុកតម្កើង​តិចៗ​ពី​ក្រោយ​ផងដែរ ។ ប្រសិនបើ​អ្នក​សុំ​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ការសុំ​ពួកគេ​ជាមុន​អាច​ជួយ​កាត់​បន្ថយ​ការថប់​បារម្ភ និង​អាច​ជួយ​សិស្ស​ឲ្យ​ខិតខំ​អស់​ពី​សមត្ថភាព​របស់​ពួកគេ ។

សិស្ស​អាច​មាន​សំណួរ​អំពី​ខគម្ពីរ​ដែល​ពួកគេ​បាន​អាន ។ សូម​ពិចារណា​ចំណាយ​ពេល​បន្តិចបន្តួច​ជួប​ជាមួយ​សិស្ស​ម្នាក់ៗ ដើម្បី​ជួយ​ពួកគេ​យល់​អំពី​ព្រះគម្ពីរ​នៅពេល​ពួកគេ​សិក្សា ។

សូម​គិត​អំពី​នរណា​ម្នាក់​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​ទទួល​អារម្មណ៍​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការយល់​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ​របស់​ពួកគេ ។

សូម​សិក្សា​សំណួរ​ខាង​ក្រោម​ដោយ​មាន​ចេតនា​ដើម្បី​ជួយ​អ្នក​បង្រៀន​មនុស្ស​ដែល​អ្នក​គិត​ដល់ ។

សំណួរ​សិក្សា​ទី ១ ៖ តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​ដើម្បី​ប្រោសលោះ​ខ្ញុំ ?

អ័ប៊ីណាដៃ បាន​និយាយ​អំពី អេសាយ ជា​គំរូ​មួយ​នៃ​ព្យាការី​ម្នាក់​ក្នុង​ចំណោម​ព្យាការី​ជាច្រើន​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ លោក​បាន​អាន​ការបង្រៀន​របស់ អេសាយ ដើម្បី​បង្ហាញ​ថា ព្រះអង្គ​ទ្រង់​ផ្ទាល់​នឹង​យាង​មក​ផែនដី​ដើម្បី​ទទួល « ការសង្កត់​សង្កិន និង​ការធ្វើ​ទុក្ខ » ( ម៉ូសាយ ១៣:៣៥ ) ដើម្បី​ប្រោសលោះ​យើង​ពី​ការធ្លាក់ និង​វង្វេង ។

សូម​អាន ម៉ូសាយ ១៤ ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​តម្លៃ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​បង់​ថ្លៃ ដើម្បី​រំដោះ​អ្នក​ពី​អំពើបាប និង​សេចក្តីស្លាប់ ។

អ្នក​ប្រហែល​ចង់​ចែកចាយ​ការ​ពន្យល់​ខាង​ក្រោម​ជាមួយ​សិស្ស ៖

  • « ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ » ( ខទី ៥ ) ៖ ចំពោះ​រាល់​អំពើបាប​ដែល​យើង​ប្រព្រឹត្ត វា​មាន​ផលវិបាក រួមទាំង កំហុស ការឈឺចាប់ ទុក្ខវេទនា និង​ការបែក​ចេញ​ពី​ព្រះ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួលរង​ផលវិបាក​សម្រាប់​អំពើបាប​របស់​យើង ដូច្នេះ​យើង​អាច​ទទួល​បាន​ការអភ័យទោស និង​ភាព​សុខសាន្ត ។

  • « យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ » ( ខទី ៥ ) ៖ តាមរយៈ​ការរងទុក្ខ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​អាច​ប្រោស​យើង​ពី​របួស​នៃ​អំពើបាប​របស់​យើង និង​ផលវិបាក​នៃ​ការធ្លាក់​របស់ អ័ដាម និង​អេវ៉ា រួមទាំង​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។

  • « គង់តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ នឹង​វាយ​ទ្រង់​ឲ្យ​ជាំ » ( ខទី ១០ ) ៖ ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​រីករាយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​ស្ម័គ្រ​ថ្វាយ​អង្គ​ទ្រង់ ជា​ពលិកម្ម​សម្រាប់​អំពើបាប​របស់​អ្នក​ដទៃ ( សូម​មើល នីហ្វៃ​ទី៣ ១១:៧, ១១; យ៉ូហាន ៣:១៦ ) ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ពី​ខ​ទាំង​នេះ ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​បាន​គិត​ដល់ ?

សំណួរ​សិក្សាទី ២ ៖ តើ​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​តាមរយៈ​ការប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

តើ​អ្នក​អាច​ស្រមៃមើល​ថា​តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិនបើ​ព្រះយេស៊ូវគ្រីស្ទ​មិន​បាន​បំពេញ​តួនាទី​របស់​ទ្រង់​ក្នុងនាម​ជា​ព្រះប្រោសលោះ​របស់​យើង​ទេ​នោះ ? សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិតថា តើ​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​ប្រសិនបើ​គ្មាន​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន ម៉ូសាយ ១៥:១៩; ១៦:៤–៧ ដោយ​រកមើល​ការពិពណ៌នា​របស់ អ័ប៊ីណាដៃ អំពី​ជីវិត​ដែល​គ្មាន​ការប្រោសលោះ​របស់​ព្រះគ្រីស្ទ ។

សូម​អាន ម៉ូសាយ ១៥:២០–២៥; ១៦:៨–១០ ដើម្បី​មើល​ពី​ពរជ័យ​ដែល​យើង​អាច​រីករាយ​ដោយសារ​ព្រះប្រោសលោះ​របស់​យើង ។

  • តើ​អ្នក​ចង់​ឲ្យ​មនុស្ស​ដែល​អ្នក​បាន​គិត​ដល់ ចង់​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​មកពី​ខគម្ពីរ​ទាំង​នេះ ?

សូម​ពិចារណា​បង្ហាញ​វីដេអូ « Why we need a Savior » ( ២:១៥ ) នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » នៃ​មេរៀន ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្រមៃ​អំពី​ពរជ័យ​ដែល​មាន​តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។

សំណួរ​សិក្សា​ទី ៣ ៖ ហេតុអ្វី​ជួនកាល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​ហៅ​ថា ជា​ព្រះវរបិតា​នៅក្នុង​ព្រះគម្ពីរ ?

អ័ប៊ីណាដៃ បាន​បង្រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះវរបិតា ។ ឪពុក​គឺ​ជា​អ្នក​ដែល​ផ្តល់​ជីវិត ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ដូចជា​ឪពុក​ចំពោះ​យើង ដោយសារ​ទ្រង់​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ភាពអមតៈ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ វា​មិន​មាន​ន័យ​ថា​ទ្រង់ និង​ព្រះវរបិតាសួគ៌​ជា​មនុស្ស​តែ​មួយ​នោះ​ទេ ។ សូម​អាន ម៉ូសាយ ១៥:១–៩ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ត្រូវបាន​គេ​ហៅ​ថា ជា​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការអាន​ខ​គម្ពីរ​ទាំងនេះ​ជា​ថ្នាក់​ទាំងមូល ។ សូម​ផ្អាក​បន្ទាប់​ពី​អាន​ខគម្ពីរ​ជាក់លាក់​មួយ​ចំនួន ដើម្បី​ចង្អុលបង្ហាញ​ពាក្យ ឬ​ឃ្លា​ដែល​នឹង​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការកត់​សម្គាល់ និង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​សួរ​សំណួរ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

ដូច​ដែល អ័ប៊ីណាដៃ បាន​បង្រៀន ព្រះគ្រីស្ទ​ត្រូវបាន « ចាប់​កំណើត​ដោយ​ព្រះចេស្ដា​នៃ​ព្រះ » ( ម៉ូសាយ ១៥:៣ ) ហេតុ​នេះ​ហើយ​បាន​ជា​មាន​អំណាច​របស់​ព្រះវរបិតា​នៅក្នុង​ទ្រង់ ។ បន្ថែម​ពី​លើ​ទំនាក់ទំនង​តាម​ខ្សែ​ដ៏​ទេវភាព​នោះ ព្រះគ្រីស្ទ​ក៏​ដើរ​តួជា​ព្រះវរបិតា​ផងដែរ ដែល​ក្នុង​តួនាទី​នោះ​ទ្រង់​ជា​អង្គបង្ក​បង្កើត​ស្ថានសួគ៌ និង​ផែនដី ( សូមមើល ម៉ូសាយ ១៥:៤ ) គឺជា​បិតា​នៃ​ការកើត​ឡើង​វិញ​ខាង​វិញ្ញាណ និង​សេចក្ដី​សង្គ្រោះ​របស់​យើង ហើយ​មាន​ភាពស្មោះត្រង់​ក្នុង​ការគោរព—ដូច្នោះ​ហើយ​បាន​អះអាង​ពី​អំណាច​នៃ—ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតា​ទ្រង់​លើស​ពី​ព្រះឆន្ទៈ​ផ្ទាល់​របស់​ទ្រង់ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ១៨៣–១៨៤ )

  • តើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះវរបិតា​ផង និង​ព្រះរាជបុត្រា​ផង​តាម​របៀប​ណា​ខ្លះ ?

  • ហេតុអ្វី​វា​អាច​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ដែល​អ្នក​បាន​គិត​ដល់ ដឹង​រឿង​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សិស្ស​អាច​ត្រូវបាន​ហៅ​ឲ្យ​បង្ហាញ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ឬ​ជា​ក្រុម​តូចៗ ។ សិស្ស​ក៏​អាច​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ចែកចាយ​សារ​នេះ​នៅផ្ទះ ឬ​ជាមួយ​នឹង​មនុស្ស​ដែល​ពួកគេ​បាន​គិត​ដល់​ផងដែរ ។