ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ១២–១៣ ៖ ការសរសេរ​ទុក​ព្រះបញ្ញត្តិ​នៅក្នុង​បេះដូង​របស់​អ្នក


« ម៉ូសាយ ១២–១៣ ៖ ការសរសេរ​ទុក​ព្រះបញ្ញត្តិ​នៅក្នុង​បេះដូង​របស់​អ្នក » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ១២–១៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ១២–១៣

ការសរសេរ​ទុក​ព្រះបញ្ញត្តិ​នៅក្នុង​បេះដូង​របស់​អ្នក

រូបភាព
យុវជន​នៅក្នុង​ថ្នាក់​ឈរ​ជា​រង្វង់

ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់​ត្រូវ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ពួកគេ​បាន​រស់​នៅក្នុង​អំពើបាប ហើយ​បាន​បង្រៀន​ប្រជាជន​របស់​ពួកគេ​ឲ្យ​ធ្វើ​ដូចគ្នា ។ អ័ប៊ីណាដៃ បាន​បង្រៀន​ពួកគេ​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការ​សង្គ្រោះ​ពួកគេ និង​សារៈសំខាន់​នៃ​ការមាន​បទបញ្ញត្តិ​របស់​ព្រះសរសេរ​ទុក​នៅក្នុង​បេះដូង​របស់​ពួកគេ ។ នៅក្នុង​មេរៀន​នេះ​ទាំងមូល អ្នក​នឹង​រៀន​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ នៅពេល​អ្នក​សរសេរ​ព្រះបញ្ញត្តិ​ទុក​នៅក្នុង​បេះដូង​របស់​អ្នក ។

ការគោរព​ប្រតិបត្តិ និង​សេចក្តីស្រឡាញ់ ។ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ ពេល​ការគោរព​ប្រតិបត្តិ​ត្រូវបាន​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​វា​កាន់តែ​មាន​លក្ខណៈ​ធម្មជាតិ និង​ពោរពេញ​ដោយ​អត្ថន័យ ។ សូម​ជួយ​សិស្ស​មើល​ឃើញ​ទំនាក់ទំនង​ដ៏​សំខាន់​រវាងការរស់នៅ​តាម​ដំណឹងល្អ និង​ការស្រឡាញ់​ព្រះអង្គ​សង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ សិស្ស​អាច​សុំ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ឲ្យ​ចែកចាយ​បទពិសោធន៍ នៅពេល​បទបញ្ញត្តិ​មួយ​ពោរពេញ​ដោយ​អត្ថន័យ​ផ្ទាល់​ខ្លួន​ចំពោះ​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

តើ​អ្នក​នឹង​ចាត់​ចំណាត់​ថ្នាក់​ការគោរព​ប្រតិបត្តិ​របស់​អ្នក​យ៉ាង​ណា ?

អ្នក​អាច​សរសេរ​សេចក្តីថ្លែងការណ៍​ពីរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​បន្ទាប់​មក​ឲ្យ​សិស្ស​វាយតម្លៃ​ដោយ​ស្ងៀមស្ងាត់​ថា តើ​សេចក្ដីថ្លែងការណ៍​នោះ​ពិពណ៌នា​អំពី​ពួកគេ​បាន​ល្អ​ប៉ុន​ណា​នៅលើ​រង្វាស់​ពី ១–១០ ( ១០ មាន​ន័យ​ថា វា​ពណ៌នា​អំពី​ពួកគេ​បាន​យ៉ាង​ល្អ ) ។

  • ខ្ញុំ​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​បទបញ្ញត្តិ​របស់​ព្រះ

  • ខ្ញុំ​គោរព​តាម​បញ្ញត្តិ​របស់​ព្រះ

  • តើ​អ្វី​អាច​ជា​ការព្រួយ​បារម្ភ ប្រសិនបើ​នរណា​ម្នាក់​យល់​ពី​សារៈសំខាន់​នៃ​បទបញ្ញត្តិ​របស់​ព្រះ ប៉ុន្តែ​មិន​គោរព​តាម ?

  • តើ​អ្វី​អាច​ជា​ការព្រួយ​បារម្ភ ប្រសិនបើ​នរណា​ម្នាក់​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ប៉ុន្តែ​មិន​យល់​ពី​សារៈសំខាន់​នៃ​ព្រះបញ្ជត្តិ​ទាំង​នោះ ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​អារម្មណ៍ និងការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

ការគោរព​ប្រតិបត្តិ​ចេញ​ពី​ចិត្ត

បន្ទាប់ពី​ជាប់​គុក​ដោយសារ​ការធ្វើ​ទីបន្ទាល់​អំពី​អំពើ​ទុច្ចរិត​របស់​ស្ដេច​ណូអេ ( សូម​មើល ម៉ូសាយ ១២:៩–១៧ ) អ័ប៊ីណាដៃ​ត្រូវបាន​នាំ​មក​នៅ​ចំពោះ​មុខ ណូអេ និង​ពួកសង្ឃ ។ អ័ប៊ីណាដៃ បាន​ស្តី​បន្ទោស​ពួកគេ​ចំពោះ​ការធ្វើ​ពុត​ជា​យល់ និង​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ នៅពេល​ដែល​ពួកគេ​មិន​បាន​តាំង​ចិត្ត​រៀន​ឲ្យ​យល់ ។ ពួកសង្ឃ​របស់ ណូអេ បាន​អះអាង​ថា នឹង​បង្រៀន​ក្រឹត្យវិន័យ​របស់​ម៉ូសេ ប៉ុន្តែ​ពួកគេ​មិន​បាន​កាន់​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ឬ​គោរព​តាម​ក្រឹត្យវិន័យ​ដប់​ប្រការ​ឡើយ ។ អ័ប៊ីណាដៃ បាន​បង្រៀន​ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់​អំពី​សារៈសំខាន់​នៃ​ការរក្សា​បទបញ្ញត្តិ ( សូមមើល ម៉ូសាយ ១២:២៥–៣៧ ) ។

អ្នក​អាច​ជ្រើសរើស​ប្រើ​ផ្នែក​ផ្សេងៗ ឬ​វីដេអូ​ទាំងអស់​នៃ​វីដេអូ « Abinadi Testifies before King Noah and His Priests » ( ៤:៣៥ ) មាន​នៅ ChurchofJesusChrist.orgពេញ​មេរៀន ។

មុន​ពេល​សិស្ស​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម អ្នក​អាច​នឹង​សុំ​ពួកគេ​ឲ្យ​ធ្វើ​បញ្ជី​ពី​ក្រឹត្យវិន័យ​ដប់​ប្រការ​ឲ្យ​បាន​ច្រើន​អស់​ពី​លទ្ធភាព​ចេញ​ពី​ការចងចាំ ។ នៅពេល​សិស្ស​និយាយ​បទបញ្ញត្តិ សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ។ បន្ទាប់មក ពួកគេ​អាច​ប្រើ​ការស្វែងរក​បទគម្ពីរ​ខាង​ក្រោម​ដើម្បី​បំពេញ​បញ្ជី​នោះ ។

សូម​អាន ម៉ូសាយ ១២:៣៤–៣៦; ១៣:១៥–២៤ ហើយ​រកមើល​បញ្ញត្តិ​នីមួយៗ​នៃ​ក្រឹត្យវិន័យ​ដប់​ប្រការ ។ សូម​ពិចារណា​ដាក់​លេខ​រៀង​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​អាន ម៉ូសាយ ១៣:១១ ហើយ​រកមើល​មូលហេតុ​មួយ​ដែល​អ័ប៊ីណាដៃ បាន​បង្រៀន​ក្រឹត្យវិន័យ​ដប់​ប្រការ​ដល់ ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់ ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វី​ខ្លះ​ពី​ខគម្ពីរ​នេះ ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​នេះ​គឺ​ថា បទបញ្ញត្តិ​របស់​ព្រះ​ត្រូវ​សរសេរ​នៅក្នុង​បេះដូង​របស់​យើង ។

  • តើ​អ្នក​គិត​ថា​ការមាន​ព្រះបញ្ញត្តិ​សរសេរ​នៅក្នុង​បេះដូង​របស់​យើង​មាន​ន័យ​ដូចម្តេច ?

  • តើ​មនុស្ស​អាច​គោរព​តាម​បទបញ្ញត្តិ​ដោយ​មិន​បាន​សរសេរ​នៅក្នុង​បេះដូង​របស់​ពួកគេ​បាន​ដែរ​ឬ​ទេ ? ហេតុអ្វី​អាច ឬ​ហេតុអ្វី​មិន​អាច ?

  • តើ​អ្នក​គិត​ថា ការមាន​បទបញ្ញត្តិ​សរសេរ​ក្នុង​បេះដូង​របស់​យើង ជួយ​យើង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ប្រធាន បូននី អិល អូស្កាសុន អតីត​ប្រធាន​យុវនារី​ទូទៅ បាន​បង្រៀន​សេចក្ដីពិត​សំខាន់ៗ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការមាន​បញ្ញត្តិ​សរសេរ​នៅក្នុង​បេះដូង​របស់​យើង ៖

យើង​ចាំបាច់​ត្រូវ​ដកយក​ដំណឹងល្អ​ចេញពី​គំនិត​របស់​យើង​មក​ដាក់​នៅក្នុង​ដួងចិត្ត​របស់​យើង ! វា​ស្រួល​ទេ បើ​គ្រាន់​តែ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​គ្មាន​អារម្មណ៍​នោះ ដោយសារ​វា​ត្រូវ​បាន​រំពឹង​ទុក​ដូច្នោះ ឬ​ដោយសារ​វា​ជា​វប្បធម៌​ដែល​យើង​ធំ​ឡើង​ជា​មួយ ឬ​ដោយសារ​តែ​វា​ជា​ទម្លាប់​មួយ ។…

យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ដួងចិត្ត និង​ធម្មជាតិ​របស់​យើង​បាន​ផ្លាស់ប្ដូរ ដើម្បី​យើង​ឈប់​មាន​បំណង​ធ្វើ​តាម​ផ្លូវ​របស់​លោកិយ ប៉ុន្ដែ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ទ័យ​វិញ ។ ( បូននី អិល អូស្ការសុន « Do I Believe ? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៨ )

  • តើ​អ្នក​គិត​ថា​មនុស្ស​អាច​ទទួល​យក​ដំណឹងល្អ​ចេញពី​គំនិត​របស់​ពួកគេ​មក​ដាក់​នៅក្នុង​ដួងចិត្ត​ដោយ​របៀប​ណា ?

សូម​ពិចារណា​ធ្វើ​ជា​គំរូ​ពី​សកម្មភាព​ខាង​ក្រោម​ដោយ​ជ្រើសរើស​បទបញ្ញត្តិ​មួយ​ក្នុង​ចំណោម​ក្រឹត្យវិន័យ​ដប់​ប្រការ ហើយ​ធ្វើការ​តាមរយៈ​សំណួរ​រួម​គ្នា​ជា​ថ្នាក់ ។ ឧទាហរណ៍ ៖ បទបញ្ញត្តិ « អ្នក​មិន​ត្រូវ​លួច​ឲ្យ​សោះ » ពេល​បាន​សរសេរ​នៅក្នុង​បេះដូង​មនុស្ស នោះ​វា​អាច​នាំ​មនុស្ស​ឲ្យ​ឧស្សាហ៍​ព្យាយាម ហើយ​មិន​បោកប្រាស់ ។ ស្រដៀង​គ្នា​នេះ​ដែរ « អ្នក​មិន​ត្រូវ​សម្លាប់​មនុស្ស​ឲ្យ​សោះ » អាច​នាំ​មនុស្ស​ឲ្យ​គោរព​អ្នកដទៃ ហើយ​ព្យាយាម​មិន​តបត​ដោយ​កំហឹង ។ បន្ទាប់មក អ្នក​អាច​ឲ្យ​សិស្ស​បំពេញ​សកម្មភាព​រៀងៗ​ខ្លួន ជាគូ ឬ​ជា​ក្រុម​តូចៗ ។

ម្យ៉ាង​ទៀត​អាច​ដាក់​បទបញ្ញត្តិ​ផ្សេងៗ​ដល់​សិស្ស ហើយ​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ជាមួយ​ដៃគូ ដាក់​វេន​ត​គ្នា​នៅពេល​ពួកគេ​បញ្ចប់ ។ ឬ​សិស្ស​អាច​សម្តែង​ពី​របៀប​ដែល​នរណា​ម្នាក់​នឹង​ប្រព្រឹត្ត ប្រសិនបើ​បទបញ្ញត្តិ​ត្រូវ​បាន​សរសេរនៅក្នុង​បេះដូង​របស់​គាត់ ។

សូម​ជ្រើសរើស​បទបញ្ញត្តិ​ពីរ ឬ​បី​នៃ​ក្រឹត្យវិន័យ​ដប់​ប្រការ ។ សម្រាប់​បុគ្គល​ម្នាក់ៗ សូម​គូរ​រូប​បេះដូង ហើយ​សរសេរ​បទបញ្ញត្តិ ពី​លើ​រូប​បេះដូង​នោះ ។ បន្ទាប់មក សូម​សរសេរ​ចម្លើយទៅ​នឹង​សំណួរ​ខាង​ក្រោម​នៅក្នុង​បេះដូង​នីមួយៗ ៖

  • តើ​មនុស្ស​អាច​ធ្វើ ឬ​មិន​ធ្វើ​អ្វី ប្រសិនបើ​បទបញ្ញត្តិ​នេះ​ត្រូវបាន​សរសេរ​ក្នុង​បេះដូង​របស់​ពួកគេ ?

  • តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ឲ្យ​បទបញ្ញត្តិ​នេះ​ត្រូវបាន​សរសេរ​កាន់តែ​ពេញលេញ​នៅក្នុង​បេះដូង​របស់​ពួកគេ ?

ការចងចាំ​ព្រះយេស៊ូវគ្រីស្ទ

ក្រៅពី​គ្មាន​ក្រឹត្យវិន័យ​ដប់​ប្រការ​សរសេរ​នៅក្នុង​បេះដូង​របស់​ពួកគេ ណូអេ និង​ពួកសង្ឃ​របស់​ទ្រង់​មិន​បាន​យល់​ពី​គោលបំណង​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទេ ។

សូម​អាន ម៉ូសាយ ១៣:២៨–៣២ ដោយ​រកមើល​គោលបំណង​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។

  • តើ​អ័ប៊ីណាដៃ​ចង់​ឲ្យ​ពួកសង្ឃ​របស់ ណូអេ យល់​យ៉ាង​ណា​អំពី​ក្រឹត្យវិន័យ​របស់​ម៉ូសេ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​អំពី​តម្រូវការ​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ៖

បុរស និង​ស្ត្រី … អាច​នាំ​មក​នូវ​រឿង​ដ៏​អស្ចារ្យ ។ ប៉ុន្តែ​បន្ទាប់​ពី​ការគោរព​ប្រតិបត្តិ និង​អំពើ​ល្អ​របស់​យើង​ទាំងអស់ នោះ យើង​មិន​អាច​ត្រូវបាន​សង្រ្គោះ​ពី​សេចក្តីស្លាប់ ឬ​ឥទ្ធិពល​នៃ​អំពើបាប​របស់​យើង​ម្នាក់ៗ​ដោយ​គ្មាន​ព្រះគុណ​ដែល​បាន​មក​ពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ព្រះគម្ពីរ​មរមន​បញ្ជាក់​អំពី​រឿង​នេះ​យ៉ាង​ច្បាស់ ។ វា​បង្រៀន​ថា « សេចក្ដី​សង្គ្រោះ​ពុំមែន​បាន​មក​ដោយសារ​ក្រឹត្យវិន័យ​តែ​ប៉ុណ្ណោះ​ទេ » ( ម៉ូសាយ ១៣:២៨ ) ។ ម្យ៉ាង​វិញ​ទៀត សេចក្ដី​សង្គ្រោះ​មិនមែន​កើត​ឡើយ​យ៉ាង​សាមញ្ញ​ដោយ​ការរក្សា​បទបញ្ញត្តិ​នោះ​ទេ ។ « តាម​ក្រឹត្យវិន័យ នោះ​គ្មាន​សាច់​ឈាម​ណា​បាន​រាប់​ជា​សុចរិត​ឡើយ » ( នីហ្វៃ​ទី​២ ២:៥ ) … មនុស្ស​មិន​អាច​រក​បាន​សេចក្តីសង្រ្គោះ​ដោយ​ខ្លួន​ឯង​បាន​ទេ ។ ( ដាល្លិន អេក អូក « Another Testament of Jesus Christ » Ensign ខែ មីនា ឆ្នាំ ១៩៩៤ ទំព័រ ៦៧ )

  • តើ​បទបញ្ញត្តិ​អាច​ជួយ​យើង​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា​ការចងចាំ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ឲ្យ​បទបញ្ញត្តិ​ត្រូវ​បាន​សរសេរ​នៅក្នុង​បេះដូង​យើង​ដោយ​របៀប​ណា ?

សូម​គិត​អំពី​បទបញ្ញត្តិ​មួយ​ដែល​អ្នក​ពិបាក​គោរព ឬ​ថា អ្នក​ទទួល​អារម្មណ៍​ថា មិន​ត្រូវបាន​សរសេរ​នៅក្នុង​បេះដូង​របស់​អ្នក​ទេ ។ ពេល​អ្នក​សញ្ជឹង​គិត​លើ​បទបញ្ញត្តិ​នេះ អ្នក​អាច​មើល ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ​ឆ្នាំ ២០២២ ) ។ សូម​ស្វែងរក​ការបំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា ៖

សូម​ពិចារណា​ចាក់​ភ្លេង នៅពេល​សិស្ស​សញ្ជឹងគិត ហើយ​ឆ្លើយ​សំណួរ​ខាង​ក្រោម ។ អ្នក​អាច​ផ្ដល់​ឲ្យ​សិស្ស​នូវ​រូប​កាត់​រាង​បេះដូង​ដែល​ពួកគេ​អាច​ឆ្លើយ​សំណួរ​លើ​នោះ​បាន ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​វា​នៅ​កន្លែង​ណា​មួយ ដើម្បី​រំឭក​ពួកគេ​អំពី​គោលដៅ​របស់​ខ្លួន ។ ម៉្យាងទៀត ពួកគេ​អាច​គូរ​រូប​បេះដូង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ សូម​សរសេរ​នៅលើ​វា ថត​រូប​បេះដូង​ដោយ​ប្រើ​ទូរសព្ទ​របស់​ពួកគេ និង​ប្រើ​រូបភាព​នោះ​ជា​ផ្ទាំង​រូបភាព​ទូរសព្ទ​របស់​ពួកគេ​រយៈពេល​មួយ​សប្តាហ៍ ។

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ ហើយ​មាន​បទបញ្ញត្តិ​នេះ​សរសេរ​កាន់តែ​ពេញលេញ​នៅក្នុង​បេះដូង​របស់​អ្នក ?