ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩—« អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩—‹ អ្នក​រាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​២ ៣២:៨–៩

« អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច »

រូបភាព
ពួកយុវជន​កំពុង​អធិស្ឋាន

នៅក្នុង​មេរៀន​មុន « នីហ្វៃ​ទី​២ ៣២:៨–៩ » អ្នក​បាន​រៀន​ថា ប្រសិនបើ​យើង​អធិស្ឋាន​ជានិច្ច នោះ​ព្រះវរបិតាសួគ៌​នឹង​ញែក​កិច្ចការ​របស់​យើង សម្រាប់​ជា​សុខុមាលភាព​ដល់​ព្រលឹង​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ នីហ្វៃ​ទី​២ ៣២:៨–៩ ពន្យល់​ពី​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង ។

ការលើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន ។សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ហាញ​ការដឹង​គុណ​អស់​ពី​ចិត្ត និង​ដើម្បី​ស្វែងរក​ជំនួយ​ក្នុង​ពេលមាន​តម្រូវការ ( សូមមើល នីហ្វៃ​ទី ៣ ១៨:១៩ ) ។ សិស្ស​នឹង​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់ នៅពេល​ពួកគេ​យល់ និង​អនុវត្ត​គោលការណ៍​នៃ​ការអធិស្ឋាន ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គ្រា​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ឬ​ជីវិត​របស់​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ នៅពេល​ការអធិស្ឋាន​ដោយ​ស្មោះសរ​បាន​ជួយ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « នីហ្វៃ​ទី​២ ៣២:៨–៩ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ នីហ្វៃ​ទី​២ ៣២:៨–៩ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

សូម​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី​២ ៣២:៨–៩ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​ពិចារណា​ទន្ទេញ វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើបាន ប៉ុន្តែ​មិន​តម្រូវ​នោះ​ទេ ។ កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​ពួកគេ​ក្នុង​ការទន្ទេញ​ចាំ ។

សូម​រំឭក​សេចក្ដី​យោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ « នីហ្វៃ​ទី​២ ៣២:៨–៩ » និង​ឃ្លា​បទគម្ពីរ​គន្លឹះ « អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។ សូម​បង្កើត​រឿង​ខ្លី​មួយ ដើម្បី​ភ្ជាប់​លេខ​នីមួយៗ​នៅក្នុង​បទគម្ពីរ​យោង​ទៅ​ឃ្លា​គន្លឹះ—ឧទាហរណ៍ « អែដឌី បាន​អធិស្ឋាន ៣២ ម៉ោង​ក្នុង​មួយ​ថ្ងៃ » ។ វា​មិន​អី​ទេ ប្រសិនបើ​អ្វី​ដែល​អ្នក​បង្កើត​មិន​សម​ហេតុ​ផល​នោះ ។ ចំណុច​សំខាន់​គឺ​ការជួយ​អ្នក​ឲ្យ​ភ្ជាប់​សេចក្តីយោង​ទៅ​ឃ្លា​បទគម្ពីរ​គន្លឹះ ។

សូម​ជួយ​សិស្ស​ពន្យល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង នីហ្វៃ​ទី​២ ៣២:៨–៩ ។ សូម​ប្រាកដ​ថា ត្រូវ​ផ្តល់​ឱកាស​ដល់​សិស្ស​ម្នាក់ៗ ដើម្បី​អនុវត្ត​ការពន្យល់​អំពី​គោលលទ្ធិ ។ ប្រសិនបើ​សិស្ស​ធ្វើ​ការជា​គូ សិស្ស​គ្រប់​រូប​នឹង​អាច​អនុវត្ត​បាន​ដោយ​មិន​ចាំបាច់​មាន​សកម្មភាព​ដែល​ចំណាយ​ពេល​ក្នុង​ថ្នាក់​ច្រើន​ពេក​ទេ ។ អ្នក​អាច​ប្រើ​ស្ថានភាព និង​ការណែនាំ​ខាង​ក្រោម ឬ​ប្រើ​ស្ថានភាព​ដែល​អ្នក​បាន​កែ​សម្រួល ឬ​បង្កើត ។

សូម​ស្រមៃ​ថា អ្នក​កំពុង​និយាយ​ជាមួយ​មិត្ត​ម្នាក់​ដែល​មាន​អារម្មណ៍​មិន​ស័ក្ដិសម​ដើម្បី​អធិស្ឋាន ។ សូម​ប្រើ​ឃ្លា​មកពី នីហ្វៃ​ទី​២ ៣២:៨–៩ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវ​ការអធិស្ឋាន​ជានិច្ច ។ សូម​បញ្ចូល​នៅក្នុង​ការពន្យល់​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​គិត​ថា វា​ជា​អត្ថន័យ​នៃ​ការអធិស្ឋាន​ជានិច្ច ។

រៀន​អនុវត្ត

សូម​បង្ហាញ ឬ​ឲ្យ​សិស្ស​រំឭក​គោលការណ៍​ទាំង​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​គោលការណ៍​មួយ ហើយ​សរសេរ​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ចងចាំ​អំពី​វា​ក្នុង​រយៈពេល​មួយ​នាទី ។ ដើម្បី​មើល​ថា​តើ​ពួកគេ​អាច​បន្ថែម​អ្វី​ថែម​ទៀត នោះ​ពួកគេ​អាច​ប្រៀបធៀប​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​ម្នាក់​ទៀត ដែល​បាន​រំឭក​គោលការណ៍​ដូច​គ្នា ឬ​ពួកគេ​អាច​ប្រៀបធៀប​វា​ជាមួយ កថាខណ្ឌ​ទី ៥–១២ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

នៅពេល​បញ្ចប់​ការរំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ សូម​ឲ្យ​សិស្ស​សរសេរ​នៅលើ​ក្ដារខៀន​នូវ​កង្វល់ ឬ​សំណួរ​ដែល​មនុស្ស​អាច​មាន​អំពី​ការអធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ម្នាក់ៗ​ជ្រើសរើស​កង្វល់ ឬ​សំណួរ​មួយ ហើយ​អនុវត្ត​ដោយ​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដើម្បី​រៀបចំ​ការឆ្លើយ​តប​ចំពោះ​កង្វល់​នោះ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​បញ្ចូល​សំណួរ​ដែល​មាន​នៅពេល​ក្រោយ​ក្នុង​មេរៀន ដើម្បី​ជួយ​ណែនាំ​សិស្ស​ក្នុង​ការសិក្សា​របស់​ពួកគេ ។

ម្យ៉ាង​វិញ​ទៀត អ្នក​អាច​ប្រើ​វិធី​មួយ​ក្នុង​ចំណោម​វិធី​ខាង​ក្រោម​ដើម្បី​ជួយ​សិស្ស​អនុវត្ត ។

  1. សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​បញ្ហា​ប្រឈម​មួយ​ដែល​មាន​នៅលើ​ក្ដារខៀន ហើយ​បង្កើត​ជា​ស្ថានភាព​អំពី​យុវវ័យ​ម្នាក់ ដែល​មាន​បញ្ហា​ប្រឈម​នេះ ។ សិស្ស​អាច​ដាក់​ឈ្មោះ​បុគ្គល​នេះ ប្រាប់​ហេតុផល​ដែល​ពួកគេ​មិន​អធិស្ឋាន និង​បន្ថែម​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។

  2. សូម​ចែកចាយ​ស្ថានភាព​ខាង​ក្រោម ហើយ​ឲ្យ​សិស្ស​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដើម្បី​ឆ្លើយ​តប ៖ មិត្ត​ម្នាក់​ផ្ញើសារ​មក​អ្នក​ថា « កាល​ខ្ញុំ​កំពុង​ស្តាប់​សុន្ទរកថា​ក្នុង​ព្រះវិហារ ខ្ញុំ​បាន​ដឹង​ថា ផ្ទុយ​ពី​ការជួយ​ខ្ញុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ នោះ​ការអធិស្ឋាន​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​វិញ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ​ទៀត​ទេ ។ ខ្ញុំ​ចាប់ផ្ដើម​បារម្ភ​អំពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ខ្ញុំ ។ ខ្ញុំ​ចង់​បាន​ទំនាក់ទំនង​នោះ​មក​វិញ​ម្តង​ទៀត ។ ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​និយាយ​គ្នា​នៅថ្ងៃ​ស្អែក ហើយ​ប្រហែល​ជា​អ្នក​អាច​ជួយ​ខ្ញុំ​រក​ឃើញ​អ្វី​ដែល​ត្រូវ​ធ្វើ » ។

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព​អ្វី​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​ឆ្លើយ​តប ?

សូម​ប្រើ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព ដើម្បី​ជួយ​អ្នក​រៀបចំ​ការឆ្លើយ​តប ។ អ្នក​អាច​ផ្ញើសារ​ទៅ​ឪពុកម្តាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដោយ​សូម​​ជំនួយ​សម្រាប់​ចម្លើយ​ដែល​អាច​មាន ។ អ្នក​ក៏​អាច​ស្វែងរក​បទគម្ពីរ ឬ​ឯកសារ​នៅលើ ChurchofJesusChrist.org ។, សម្រាប់​កង្វល់​មួយ​ចំនួន នោះ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) អាច​ជួយ​បាន ៖

វា​មិន​សំខាន់​ថា តើ​អ្នក ឬ​ខ្ញុំ​មាន​អារម្មណ៍​ចង់​អធិស្ឋាន​ឬ​អត់​នោះ​ទេ នៅ​គ្រា​អធិស្ឋាន​កើត​ឡើង នោះ​សូម​អធិស្ឋាន ។ ប្រសិនបើ​យើង​មិន​មាន​អារម្មណ៍​ដូច​នោះ​ទេ យើង​គួរតែ​អធិស្ឋាន​រហូត​ដល់​យើង​មាន​អារម្មណ៍​បែប​នោះ ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៤៥ )

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច​

  • តើ​អ្នក​ដឹង​អ្វី​ខ្លះអំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទាក់ទង​នឹង​សំណួរ ឬ​កង្វល់​នេះ ?

  • តើ​សេចក្តី​ពិត​ដ៏​អស់​កល្ប​អ្វី​ដែល​ចេញ​ពី នីហ្វៃ​ទី​២ ៣២:៨–៩ អាច​ជួយ​នរណា​ម្នាក់​សម្រាប់​សំណួរ ឬ​កង្វល់​នេះ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​អ្នក​នឹង​ផ្តល់​យោបល់​អ្វី​ខ្លះ​ដល់​បុគ្គល​នេះ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?

  • តើ​អ្នក​នឹង​អញ្ជើញ​បុគ្គល​នេះ​ឲ្យ​ចងចាំ​អ្វី​ខ្លះ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​ការប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​បាន​ជួយ​ពួកគេ​ឆ្លើយ​តប ។ សូម​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រើ​គោលការណ៍​ទាំង​នេះ​នៅពេល​អនាគត នៅ​ពេល​មាន​សំណួរ ឬ​កង្វល់​កើត​ឡើង​ចំពោះ​ពួកគេ ឬ​អ្នក​ដទៃ​ផ្សេង​ទៀត ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ក្នុង​អំឡុង​ពេល​មេរៀន​បន្ទាប់ សូម​ចំណាយ​ពេល​មិន​លើស​ពី​ប្រាំ​នាទី​ដើម្បី​រំឭក​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ « នីហ្វៃ​ទី​២ ៣២:៨–៩ ៖ ‹ អ្នក​រាល់​គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច › » ។ វិធី​មួយ​ដើម្បី​រំឭក​គឺ​បង្ហាញ​រូបភាព​នៃ​នរណា​ម្នាក់​កំពុង​អធិស្ឋាន ហើយ​សូម​ឲ្យ​សិស្ស​រក​នឹកសេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ នៅពេល​ពួកគេ​មើល​រូបភាព ។