ថ្នាក់​សិក្ខាសាលា
មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ ៖ បាន​សរសេរឡើង​សម្រាប់​ជំនាន់​របស់យើង


« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ ៖ បាន​សរសេរឡើង​សម្រាប់ជំនាន់​របស់យើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧

បាន​សរសេរឡើង​សម្រាប់​ជំនាន់​របស់យើង

រូបភាព
មរ៉ូណៃ​សរសេរនៅ​លើ​ផ្ទាំង​ទាំងឡាយ

សូម​ស្រមៃ​ថាបាន​រស់នៅ​រាប់រយ​ឆ្នាំមុន ប៉ុន្តែ​ដឹង​ថា​​សម័យ​របស់​យើង​រស់នៅ​មាន​លក្ខណៈ​បែប​ណា ។ មរ៉ូណៃ​បាន​មាន​បទពិសោធន៍​នេះ ដោយ​ព្រះអម្ចាស់​បានបង្ហាញ​ដល់​លោក​នូវ​សម័យកាល​របស់​យើង ។ មរ៉ូណៃ​បាន​ពិពណ៌នា​ពី​អំពើបាប និង​អាកប្បកិរិយា​ដែលនឹង​មាន​ជាទូទៅ​នៅថ្ងៃ​ចុងក្រោយ ។ លោក​បាន​អញ្ជើញ​យើងឲ្យ « បែរ​មករក​ព្រះអម្ចាស់​ចុះ » ( មរមន ៩:៦ ) ហើយ​បាន​ផ្តល់​ដំបូន្មាន​ផ្សេងទៀត ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះ​អាច​ជួយ​អ្នក​ឲ្យយល់​ថា ព្រះគម្ពីរ​មរមន​បាន​និពន្ធ​ឡើង​ដើម្បីជួយ​ដល់​យើង​នៅ​សម័យ​ចុង​ក្រោយនេះ​ឲ្យ​បែរ​មករក​ព្រះអម្ចាស់​វិញ ។

មរ៉ូណៃ​បានសរសេរ​មកកាន់​យើង

សូម​ស្រមៃ​ថា អ្នកបាន​រស់នៅជា​យូរលង់ណាស់​មកហើយ ហើយត្រូវបាន​សុំ​ឲ្យ​សរសេរ​សារលិខិត​មួយ ដើម្បី​ដាក់ចូលទៅ​ក្នុង​កន្សោម​ពេលវេលា ដែលនឹងត្រូវ​យក​មកបើក​នៅសម័យកាល​របស់យើងនេះ ។

  • តើ​អ្នក​នឹង​ផ្តល់​ការព្រមាន ដំបូន្មាន ឬ​ការលើក​ទឹកចិត្ត​អ្វីខ្លះ​ដើម្បី​ជួយ​នរណា​ម្នាក់​ក្នុង​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​សព្វថ្ងៃ​នេះ ?

មុនពេលដែល​មរមនស្លាប់ លោកបាន​ប្រគល់ផ្ទាំង​មាស​ឲ្យ​កូន​ប្រុស​លោក​គឺ មរ៉ូណៃ ( សូមមើល មរមន ៨:១ ) ។ មរ៉ូណៃ​បាន​ពិពណ៌នា​អំពី​របៀប​មួយ ដែលព្រះអម្ចាស់​បានជួយ​លោក​ឲ្យដឹង​អំពីអ្វី ដើម្បីសរសេរ​ទៅកាន់​ប្រជាជន​នៅជំនាន់​របស់យើងនេះ ។ សូមអាន មរមន ៨:៣៤–៣៥; ៩:៣០ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរដល់​មរ៉ូណៃ ក្នុង​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​លោក ។

  • តើព្រះអម្ចាស់​បានបង្ហាញ​អ្វីខ្លះដល់​មរ៉ូណៃ ?

  • តើយើងអាច​រៀនសូត្រ​សេចក្ដីពិត​អ្វីខ្លះ​ចេញ​ពីរឿងនេះ ?

សេចក្តីពិតមួយ​ដែលយើង​រៀន គឺថា​ព្រះយេស៊ូវគ្រីស្ទ​បានបំផុសគំនិត​ដល់ព្យាការី ដែលសរសេរ​ព្រះគម្ពីរ​មរមន​ឲ្យ​សរសេរ​ដោយ​គិត​អំពី​ជំនាន់​របស់​យើង ។

  • តើ​ការដឹង​ថា​ពួកព្យាការី​នៃ​ព្រះគម្ពីរ​មរមន​បានឃើញ​សម័យ​របស់​យើង​ធ្វើឲ្យមាន​ឥទ្ធិពល​ដល់​របៀប​ដែល​យើង​អាន​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?

សូមអាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) អំពី​ពួកព្យាការី​ដែល​សរសេរ​ព្រះគម្ពីរ​មរមន ៖

ប្រសិនបើ​ពួកលោក​បាន​មើលឃើញ​ជំនាន់​របស់យើង ហើយ​ជ្រើសរើស​អ្វីៗទាំងនោះ ដែលមាន​សារៈសំខាន់​បំផុតសម្រាប់​ពួកយើង តើនោះ​មិនមែន​ជារបៀប ដែល​ពួកយើង​គួរសិក្សា​ព្រះគម្ពីរ​មរមន​ទេឬអី ? យើង​គួរ​សួរ​ខ្លួនយើង​ជានិច្ច​ថា « ហេតុអ្វី​បានជា​ព្រះអម្ចាស់​បំផុសគំនិត​ដល់មរមន ( ឬ​មរ៉ូណៃ ឬ​អាលម៉ា ) ឲ្យ​បញ្ចូល​ការណ៍នោះ​ទៅក្នុង​បញ្ជី​របស់​លោក ? តើ​មាន​មេរៀន​អ្វីខ្លះ​ដែលខ្ញុំ​អាច​រៀន​មកពី​ការសិក្សា​ព្រះគម្ពីរ​មរមន ដើម្បីជួយ​ខ្ញុំឲ្យ​រស់នៅ​ក្នុង​យុគសម័យ​កាលនេះ ? » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ )

ការសួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​អ្វី​ដែល​ប្រធាន ប៊ែនសឹន ផ្ដល់​យោបល់​គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រសិទ្ធភាព ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​អត្ថន័យ និង​ភាព​ទាក់ទង​គ្នា​បន្ថែមទៀត​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។ អ្នក​ប្រហែលជា​ចង់​សរសេរ​កត់ចំណាំ​ទៅ​លើ​សំណួរ​ទាំងនេះ ដើម្បីយោង​នៅពេល​ដែលអ្នកសិក្សា ។

  • តើអ្នកគិតថា​ការសួរសំណួរ​ទាំងនេះអាច​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​ដោយរបៀបណា ?

សូមអាន មរមន ៨:២៧–៣៣មរមន ៨:៣៦–៤១ ដោយរក​មើល​អំពី​របៀប​ដែល មរ៉ូណៃ បានពិពណ៌នា​អំពី​ស្ថានភាព​ខាងវិញ្ញាណ​របស់មនុស្ស​នៅក្នុង​ជំនាន់​របស់យើង ។

  • តើអ្នក​មើល​ឃើញ​លក្ខខណ្ឌ​មួយណា ដែលបាន​ពិពណ៌នា​ដោយ​មរ៉ូណៃ​នៅក្នុង​សង្គមយើង ?

  • តើឥរិយាបទ និង​អាកប្បកិរិយា​ទាំងនេះ​ជះ​ឥទ្ធិពល​ដល់​ជំនឿរបស់​យើងលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ដំណោះស្រាយ​ខាងវិញ្ញាណ​នៅជំនាន់​របស់យើង

សូមអាន មរមន ៩:៦, ២៧–៣១ ដោយ​រកមើល​អំពី​ចំណុច​អ្វីខ្លះ​ដែលព្រះអម្ចាស់​បានបំផុសគំនិត​ដល់ មរ៉ូណៃ​ឲ្យសរសេរ ដើម្បី​ជួយដល់​យើងឲ្យ​យក​ឈ្នះលើ​លក្ខខណ្ឌ​ដែល​អវិជ្ជមាន​ខាងវិញ្ញាណ ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ពីរ​ក្នុងចំណោម​សំណួរ​ខាងក្រោមនេះ ៖

    • តើ មរ៉ូណៃ បាន​បង្រៀន​អ្វីខ្លះ ដែលអាច​ជួយដល់​យើង​ឲ្យយកឈ្នះ​លើ​អំពើបាប និង​ឥរិយាបទ​ដែលមាន​ក្នុងជំនាន់​របស់​យើង​បាន ?

    • តើមាន​ការបង្រៀន​មួយណាក្នុង​ចំណោម​ការបង្រៀន​ទាំងអស់នេះ ដែលអាច​ជួយ​បានច្រើនបំផុត​ទៅដល់​យុវវ័យ​នៅ​ជំនាន់នេះ​ឲ្យពឹង​ផ្អែកលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

    • តើ​ការបង្រៀន​មួយណា​ដែល​អ្នក​គិតថា អាច​ជួយដល់​អ្នកបាន​ច្រើនជាងគេ​នៅពេលនេះ ? ហេតុអ្វី ?

ការបង្រៀន​អំពី​ព្រះគម្ពីរ​មរមន

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ ដើម្បីជួយ​ដល់​យើង​ឲ្យជឿ ហើយបែរ​មករក​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃ​ទី ១ ៦:៤; មរមន ៧:៥; មរ៉ូណៃ ១០:៣០, ៣២ ) ។

  1. សូម​បំពេញ​ចំណុច​ដូចតទៅ​នេះ ៖

    ស្វែងរក​វគ្គបទ​គម្ពីរ​នៃ​ព្រះគម្ពីរ​មរមនមួយ ឬច្រើន​ដែល​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិពណ៌នា​អំពីរបៀប​ដែល​វគ្គបទគម្ពីរ​នេះអាចជួយ​ដល់អ្នក​ឲ្យជឿលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បែរ​មករក​ទ្រង់ ( សូមមើល មរមន ៩:៦ ) ។

    នៅពេល​អ្នកបន្ត​សិក្សា​ព្រះគម្ពីរ​មរមន សូមកុំ​ភ្លេច​សួរសំណួរ ដូចជា​ប្រធាន ប៊ែនសឹន បាន​លើកទឹកចិត្ត​ផងដែរ ។ សូមយក​ចិត្តទុកដាក់​បន្ថែមទៀត​ទៅលើ​របៀប​សួរសំណួរ​ទាំងនោះ​ជះ​ឥទ្ធិពល​លើសមត្ថភាព​របស់អ្នក​ក្នុង​ការស្តាប់ឮ​ព្រះ​សូរសៀង​របស់ព្រះអម្ចាស់ នៅពេល ដែលអ្នក​សិក្សា​ព្រះគម្ពីរ ។