ថ្នាក់​សិក្ខាសាលា
អាលម៉ា ៩ ៖ ចងចាំពី​ពរជ័យ​របស់​ព្រះ​អម្ចាស់


« អាលម៉ា ៩ ៖ ចងចាំ​ព​ពរជ័យ​របស់​ព្រះអម្ចាស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៩

ចងចាំពី​ពរជ័យ​របស់​ព្រះ​អម្ចាស់

រូបភាព
អាលម៉ា និង អាមូលេក

តើ​ព្រះ​អម្ចាស់បាន​ប្រទាន​ពរ​ដល់​អ្នក​ដោយ​របៀប​ណា ? តើ​ទ្រង់​រំពឹង​ថា អ្នក​នឹង​ធ្វើ​អ្វី​បន្ទាប់ពី​បានទទួល​ពរជ័យ​ទាំងនោះ ? នៅពេល អាលម៉ា និង អាមូលេក បានអំពាវនាវ​ដល់​ប្រជាជន​អាំម៉ូណៃហា​ឲ្យ​ប្រែចិត្ត ប្រជាជន​បានបដិសេធ​ការបង្រៀន​របស់​ពួកលោក ។ អាលម៉ា​បានបង្រៀន​ថា ព្រះ​អម្ចាស់​រំពឹងថា ពួកគេ​នឹង​សុចរិតជាង​ពួក​សាសន៍​លេមិន ដែលមិន​បានបង្រៀន​សេចក្ដី​ពិត ។ លោក​បាន​ជំរុញចិត្ត​ប្រជាជន​ឲ្យ​ចងចាំ​នូវ​ពរជ័យ​របស់​ព្រះ​អម្ចាស់ ។ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់ និង​ចងចាំ​ពី​ពរជ័យ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​អ្នក ។

ពរជ័យ​របស់​ព្រះ​អម្ចាស់​ប្រទាន​ដល់​អ្នក

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ចំណាយពេល​ពីរបី​នាទី​ដើម្បី​សរសេរ​ពី​ពរជ័យ ដែល​អ្នក​បានទទួល​ពី​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ( សូម​ពិចារណា​បញ្ចូល​ពរជ័យ​ដែល​បាន​មក​ដោយសារ​តែ​អ្នកជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ) ។

  • តើ​ការចងចាំ​ពរជ័យ និង​អំណោយទាន​ទាំងនេះ​មាន​ឥទ្ធិពល​លើ​អ្នក​យ៉ាងដូចម្ដេច ?

  • តើអ្នកគិត​អំពី​ពរជ័យ​ទាំងនេះ​ញឹកញាប់ប៉ុនណា ?  តើ​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ផ្តោត​លើ​ពរជ័យ​ទាំងនោះ​បន្ថែមទៀត​ដែរ​ឬ​ទេ ?

នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ អ្នក​នឹង​មាន​ឱកាស​បន្ថែមទៅ​ក្នុង​បញ្ជី​របស់អ្នក ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះ​វរបិតាសួគ៌ ដើម្បី​ស្គាល់​ពី​ពរជ័យ​របស់ទ្រង់​ដែល​ប្រទាន​ដល់​​អ្នក និង​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ចងចាំ​ពរជ័យ​ទាំងនោះ​ពេញមួយ​ជីវិត​របស់អ្នក ។

អាលម៉ា និង អាមូលេក ផ្សព្វផ្សាយ​ដល់​ប្រជាជន​អាំម៉ូណៃហា

ពេល អាលម៉ា និង អាមូលេក បានផ្សព្វផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​ដល់​ប្រជាជន​អាំម៉ូណៃហា ប្រជាជន​មានចិត្តរឹងរូស ។

សូម​អាន​ពាក្យ​ដែល​អាលម៉ាបាន​និយាយ​ទៅកាន់​ពួកគេ​នៅ​ក្នុង អាលម៉ា ៩:៨–១១, ២០–២២ ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែលបង្ហាញ​ពី​ពរជ័យ​ដែល​ព្រះ​អម្ចាស់បាន​ប្រទាន​ដល់​មនុស្ស​ទាំងនេះ ដែល​ពួកគេ​បានបំភ្លេចចោល ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

  • តើ​បុគ្គលិក​លក្ខណៈ​អ្វីខ្លះ​របស់​ព្រះ​អម្ចាស់​ដែល​បានធ្វើ​ឲ្យ​អាលម៉ា​គូសបញ្ជាក់​នៅ​ក្នុង ខទី ១១ ? ( សូម​ពិចារណា​គូស​ចំណាំ​បុគ្គលិក​លក្ខណៈ​ទាំងនេះ​នៅ​ក្នុង​ព្រះ​គម្ពីររបស់​អ្នក ) ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹងថា ពាក្យ សេចក្តី​អត់ធ្មត់ សំដៅទៅ​លើ​ការអត់ធ្មត់ និង​ការទប់​ព្រះទ័យ​របស់​ព្រះ​អម្ចាស់ នៅពេល​ដែល​បណ្ដាល​ឲ្យ​មាន​កំហឹង ។

សូម​ចំណាយពេល​មួយភ្លែត​ដើម្បី​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះ​អម្ចាស់​បានបង្ហាញ​ការអត់ធ្មត់​ដល់​អ្នក ។ អ្នកប្រហែលជា​ចង់​បន្ថែម​ឧទាហរណ៍​ទាំងនេះ​ទៅ​ក្នុង​បញ្ជី​ពរជ័យ​របស់អ្នក ។

ក្រោយមក អាលម៉ា​បានថ្លែង​ទីបន្ទាល់​អំពី​បុគ្គលិក​លក្ខណៈ​បន្ថែម​របស់​ព្រះ​អម្ចាស់ ដែល​អាច​ជួយ​យើង​យល់​អំពី​សារលិខិត​របស់អាលម៉ា ។ សូម​អាន អាលម៉ា ៩:២៦ ហើយ​ពិចារណា​គូស​ចំណាំ​បុគ្គលិក​លក្ខណៈ​ទាំងនេះ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការដឹងថា នៅ​ក្នុង​បទគម្ពីរ​ពាក្យ សេចក្ដី​យុត្តិធម៌ មានន័យថា « ត្រឹមត្រូវ » ឬ « យុត្តិធម៌ » ។ 

នៅពេល អាលម៉ា​បានបន្ត​ការអធិប្បាយ លោក​បានសង្កត់ធ្ងន់​ថា ព្រះ​យេស៊ូវគ្រីស្ទ​ពោរពេញ​ដោយ​ព្រះគុណ សេចក្តី​យុត្តិធម៌ សេចក្តីពិត សេចក្តី​មេត្តា​កុរណា និង​សេចក្តី​អត់ធ្មត់ ។ សូម​សញ្ជឹងគិត​ពី​មូលហេតុ​ដែល អាលម៉ា​ចង់​ឲ្យ​ប្រជាជន​អាំម៉ូណៃហា យល់​ពី​បុគ្គលិក​លក្ខណៈ​ទាំងនេះ​របស់​ព្រះ​អង្គសង្គ្រោះ ។ 

ការប្រៀបធៀប និង​ការផ្ទុយគ្នា​នៃ​មនុស្ស​ពីរនាក់

ជាញឹកញាប់ ព្រះ​គម្ពីរ​ប្រៀបធៀប ឬ​ផ្ទុយ​គំនិត ព្រឹត្តិការណ៍ និង​មនុស្ស​តាម​របៀប​ដែលបង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ ។ ការស្វែងរក​ការប្រៀបធៀប ឬ​ភាពផ្ទុយគ្នា​ទាំងនេះ​អាច​ជា​ជំនាញ​សិក្សា​ព្រះ​គម្ពីរ​ដ៏​មាន​ប្រយោជន៍ ។ អាលម៉ា​បានប្រៀបធៀប​មនុស្ស​ពីរ​ក្រុម​ដែលស្ថិត​ក្នុង​ស្ថានភាព​ផ្សេងគ្នា—ពួក​សាសន៍​លេមិន និង​ប្រជាជន​អាំម៉ូណៃហា ។ សូម​បំពេញ​តារាង​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ សូម​រកមើល​ពី​របៀប​ដែល អាលម៉ា​បានសង្កត់ធ្ងន់​លើ​បុគ្គលិកលក្ខណៈរបស់​ព្រះ​អង្គសង្គ្រោះ ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​បំពេញ​តារាង​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ហើយ​គិត​អំពី​អ្វី​ផ្សេងទៀត​ដែល​អ្នក​អាច​រៀន​អំពី​ព្រះ​ដោយ​ធ្វើ​ការប្រៀបធៀប​ទាំងនេះ ។

    អ្វី​ដែល​អ្នករៀន​អំពី​ប្រជាជន

    របៀប​ដែល​ព្រះ​អម្ចាស់​បង្ហាញ​ពី​ព្រះគុណ សេចក្តី​យុត្តិធម៌ សេចក្តីពិត សេចក្តីអត់ធន់ សេចក្តីមេត្តាករុណា ឬ​សេចក្តី​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងនេះ

    សាសន៍​លេមិន ( អាលម៉ា ៩:១៤–១៧ )

    ប្រជាជន​អាំម៉ូណៃហា ( អាលម៉ា ៩:២០–២៥ )

  • តើ​ការបញ្ជូន អាលម៉ា និង អាមូលេក​ទៅ​ព្រមាន និង​ថ្លែង​ទីបន្ទាល់​ដល់​ប្រជាជន​អាំម៉ូណៃហា បង្ហាញ​ពី​សេចក្តី​មេត្តាករុណា​របស់​ព្រះ​អម្ចាស់​ដោយ​របៀប​ណា ?

  • ហេតុអ្វី​អ្នក​គិត​ថា ការបង្រៀន​របស់​អាលម៉ា​អំពី​ព្រះ​នៅ​ក្នុង អាលម៉ា ៩ សំខាន់​សម្រាប់​យើង​ក្នុង​ការចងចាំ​ក្នុង​ជំនាន់​របស់​យើង ?

តើ​ព្រះ​អម្ចាស់​បាន​ប្រទាន​អ្វីខ្លះ​ដល់​អ្នក ?

អាលម៉ា​បានងឿងឆ្ងល់​ចំពោះ​របៀប​ដែល​ប្រជាជន​អាំម៉ូណៃហា ភ្លេច​ពរជ័យ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ជា​ប្រជាជន​ទាំងមូល​យ៉ាងឆាប់រហ័ស​បែប​នេះ ( សូម​មើល អាលម៉ា ៩:៨–១១ ) ។ ដើម្បី​ជួយ​ពួកគេ​ប្រែចិត្ត ហើយ​ត្រឡប់​ទៅ​ព្រះ​អម្ចាស់​វិញ អាលម៉ា​បានរំឭក​ពួកគេ​អំពី​ពរជ័យ​ជាច្រើន​ដែល​ពួកគេ​បានទទួល ( សូម​មើល ខទី ២០–២៤ ) ។

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​យើង​អាច​នឹង​ភ្លេច​នូវ​អ្វីដែល​ព្រះ​អម្ចាស់​បានធ្វើ​សម្រាប់​យើង ?

នៅពេល​អ្នកអាន​សំណួរ​ខាងក្រោម សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​អាច​នឹង​បានទទួល​ពរជ័យ​មួយចំនួន​ដូច ដែល​ប្រជាជន​អាំម៉ូណៃហា​បានទទួល​ដែរ ។ សូម​ពិចារណា​បន្ថែម​ពរជ័យ​ទាំងនេះ​ទៅ​ក្នុង​បញ្ជី​របស់អ្នក ។

  • តើ​អ្វី​ដែល​ព្រះ​អម្ចាស់ « បាន​ធ្វើ​ឲ្យ [ អ្នក ] ដឹង​នូវ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ការ​ប៉ង​ប្រាថ្នា​ទាំង​ឡាយ​របស់ [ អ្នក ] និង​សេចក្ដី​ជំនឿ និង​ការ​អធិស្ឋាន​របស់ [ អ្នក ] ? » ( អាលម៉ា ៩:២០ ) ។

  • តើ​អ្នក​បានទទួល​ពរជ័យ​ដោយ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដែល​បាន​មាន​ចែងនៅ​ក្នុង អាលម៉ា ៩:២១ ដោយ​របៀប​ណា?

  • តើ​ព្រះ​បានរំដោះ​អ្នក​ពី​ការសាកល្បង​យ៉ាងដូចម្ដេច ? ( សូម​មើល អាលម៉ា ៩:២២ ) ។

  1. សូម​បំពេញ​សកម្មភាព​ខាងក្រោម ហើយ​សង្ខេប​ពីអ្វី​ដែល​អ្នកបាន​ធ្វើ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

    សូម​ចំណាយពេល​បន្តិច​ដើម្បី​ធ្វើ​អ្វី​មួយ​ដែល​ជួយ​អ្នក​ឲ្យ​ចងចាំ​ពី​ពរជ័យ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​អ្នក ។ ខាងក្រោមនេះ​គឺ​ជា​គំនិត​មួយចំនួន ៖

    • សូម​ថត​រូប​បញ្ជី​ដែល​អ្នក​បានបង្កើត​នៅក្នុង​ថ្នាក់ ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​វា​ញឹកញាប់ ដូចជា​ផ្ទាំង​រូបភាព​នៅ​លើ​ទូរសព្ទ​របស់អ្នក ។

    • សូម​សរសេរ​អារម្មណ៍​របស់អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ហើយ​ធ្វើ​ផែនការ​កត់ត្រា​ពរជ័យ​របស់​អ្នក​ឲ្យ​បានទៀងទាត់ ។

    • សូម​កំណត់​ការរំឭក​នៅ​ក្នុង​ប្រតិទិន​របស់អ្នក ដើម្បី​គិតពិចារណា​ជាប្រចាំ​អំពី​អ្វីដែល​ព្រះ​អម្ចាស់​បានធ្វើ​សម្រាប់​អ្នក ។