២០២២
មូលហេតុ​ដែល​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់
ខែ ធ្នូ ឆ្នាំ ២០២២


« មូលហេតុ​ដែល​យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » លីអាហូណា ខែ ធ្នូ ឆ្នាំ ២០២២

សារលិខិត លីអាហូណា ប្រចាំខែ ធ្នូ ឆ្នាំ ២០២២

មូលហេតុ​ដែល​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

រូបភាព
កាក់ប្រាក់​គរ​លើ​គ្នា

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​ទៅ​កាន់​សាសនាចក្រ ។ ការណ៍​នេះ​ត្រូវ​ហៅ​ថា ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ប្រាក់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​របស់​សាសនាចក្រ​ទូទាំង​ពិភពលោក ។

តើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជា​អ្វី ?

ព្រះបញ្ញត្តិ​មួយ​នៃ​ព្រះបញ្ញត្តិ​នានា​របស់​ព្រះ​គឺ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺថ្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ប្រាក់​ចំណូល​របស់​យើង​ទៅ​កាន់​សាសនាចក្រ​របស់​ទ្រង់ ។​ ពេល​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ យើង​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​ព្រះ សម្រាប់​ពរជ័យ​របស់​យើង ។ យើង​បង្ហាញ​ថា យើង​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ថា​យើង​មាន​ឆន្ទៈ​គោរព​តាម​ទ្រង់​នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំងអស់ ។

រូបភាព
មនុស្ស​នាំ​យក​របស់​របរ​ទៅ​ឲ្យ​លោក​ម៉ិលគីស្សាដែក​ជា​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ម៉ិលគីស្សាដែក—អ្នក​មើល​ថែ​ឃ្លាំង ដោយ ក្លាកខេលី ប្រាយ

ការបង្រៀន​មក​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់

រាស្ត្រ​របស់​ព្រះ​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ចាប់​តាំង​ពី​សម័យកាល​នៃ​ព្រះគម្ពីរ​សញ្ញាចាស់​មក​ម៉្លេះ ។ ឧទាហរណ៍ អ័ប្រាហាំ​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ( សូមមើល លោកុប្បត្តិ ១៤:១៨–២០ ) ។ ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក៏​ត្រូវ​បាន​បង្រៀន​ដោយ​ពួក​ព្យាការី​បុរាណ​ផងដែរ រួមមាន​ទាំង ម៉ូសេ និង ម៉ាឡា​គី ( សូមមើល លេវីវិន័យ ២៧:៣០–៣៤; នេហេមា ១០:៣៥–៣៧; ម៉ាឡាគី ៣:១០ ) ។

ការស្តារ​ឡើង​វិញ​នៃ​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

នៅ​ក្នុង​ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ព្រះអម្ចាស់​អំពី​របៀប​ដែល​សមាជិក​សាសនាចក្រ​គួរ​តែ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ចម្លើយ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១៩ ដែល​បាន​ចែង​ថា សមាជិក​គួរ​តែ​ថ្វាយ​មួយ​ភាគ​ដប់​នូវ​ធនធាន​របស់​ពួកគេ​ទៅ​កាន់​សាសនាចក្រ ( សូមមើល ខទី ៤ ) ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ថា « ធនធាន » មាន​ន័យ​ថា ប្រាក់​ចំណូល ។

រូបភាព
មនុស្ស​ចាប់​ដៃ​គ្នា​អំឡុង​ពេល​ហុច​ស្រោម​សំបុត្រ​ទៅ​ឲ្យ​ម្នាក់​ទៀត

ថតរូប​ដោយ ជែមី ឌែល ចនសុន

របៀប​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់

យើង​អាច​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ការបំពេញ​ទម្រង់​បែប​បទ​បរិច្ចាគ​តាម​អន​ឡាញ​នៅ​គេហទំព័រ donations.ChurchofJesusChrist.org ។ ឬ​យើង​អាច​បំពេញ​ទម្រង់​បែប​បទ​ជា​ក្រដាស ហើយ​ផ្តល់​ប្រាក់​នោះ​ទៅ​សមាជិក​នៃ​គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា ។ ប្រាក់​ទាំងអស់​ត្រូវ​បាន​បញ្ជូល​ទៅ​ទីស្នាក់ការ​កណ្តាល​សាសនាចក្រ ជា​កន្លែង​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ ( គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួក​សាវកដប់​ពីរ​នាក់ និង​គណៈប៊ីស្សព​ជាអធិបតី ) សម្រេច​ចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​របៀប​ប្រើ​ប្រាស់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ។

ពរជ័យ

ព្រះ​អម្ចាស់​បាន​សន្យា​ថា អស់​អ្នក​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នឹង​ត្រូវ​បាន​ផ្តល់​ពរ​ឲ្យ​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក៏​ផ្តល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ នូវ​ឱកាស​ដើម្បី​រៀន​ពី​ទ្រង់ និង​រីកចម្រើននៅក្នុង​ដំណឹង​ល្អ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

របៀប​ដែល​មូលនិធិ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ប្រើប្រាស់

ប្រាក់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​ទូទាំង​ពិភពលោក ។ ការណ៍​នេះ​រួម​មាន​ទាំង​ការ​ស្ថាបនា​ព្រះវិហារ​បរិសុទ្ធ និង​សំណង់​ផ្សេង​ទៀត​នៃ​សាសនាចក្រ បោះពុម្ព​ព្រះគម្ពីរ និង​ឯកសារ​ផ្សេង​ៗ​ទៀត ផ្តល់​មូលនិធិ​ដល់​សាលា​រៀន​ដែល​មាន​សាសនាចក្រ​ជា​ម្ចាស់ និង​ការជួយ​កិច្ចការ​ពង្សប្រវត្តិ និងកិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

ការប្រកាស​ដង្វាយ​មួយភាគ​ក្នុង​ដប់

មួយ​ឆ្នាំ​ម្តង សមាជិក​សាសនា​ចក្រ​ជួប​ជាមួយ​ប៊ីស្សព​របស់​ពួកគេ ( ឬ​ប្រធាន​សាខា ) ដើម្បី​ប្រាប់​គាត់ ប្រសិនបើ​ពួកគេ​គឺ​ជា​អ្នក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ​ដែរ​ឬ​ទេ ។

អ្វី​ដែល​ត្រូវ​ចំណាយ​ដោយ​ប្រើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

រូបភាព
ព្រះវិហារ​បរិសុទ្ធ អូកលែន កាលីហ្វ័រញ៉ា

រូប​ថត​នៃ ព្រះវិហារ​បរិសុទ្ធ អូកលែន កាលីហ្វ័រញ៉ា ដោយ ឡងហ្គីន ឡុនស្ស៊ីណា ជុញ្ញ័រ

រូបភាព
ច្បាប់​ចម្លង​ព្រះគម្ពីរ​មរមន​ជា​ច្រើន​ភាសា
រូបភាព
សាលាប្រជុំ