២០២២
សេចក្តីណែនាំ​ដើម្បី​កម្លាំង​នៃ​យុវជន​ត្រូវបាន​ធ្វើ​បច្ចប្បន្នភាព
ខែ វិច្ឆិកា ឆ្នាំ ២០២២


ព័ត៌មាន​សាសនាចក្រ

សេចក្តីណែនាំ​ដើម្បី​កម្លាំង​នៃ​យុវជន ត្រូវបាន​ធ្វើ​បច្ចប្បន្នភាព

សាសនាចក្រ​បាន​កែប្រែ​សេចក្តីណែនាំ​របស់ខ្លួន​សម្រាប់​យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​កម្លាំង​នៃ​យុវជន ៖សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស អញ្ជើញ​យុវវ័យ​ឲ្យ​អនុវត្ត​សិទ្ធិ ជ្រើសរើស​របស់​ពួកគេ និង​ស្វែងរក​ការបំផុសគំនិត​ដើម្បី​រស់នៅ​តាម​បទដ្ឋាន​ដំណឹងល្អ ។

« សេចក្តីណែនាំ​ដ៏​ល្អ​បំផុត​ដែល​បងប្អូន​អាច​មាន​សម្រាប់​ធ្វើ​ការជ្រើសរើស​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា កម្លាំង​នៃ​យុវជន » បាន​បង្រៀន​ដោយ​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ នា​សម័យ​ប្រជុំ​សន្និសីទ​ទូទៅ​ព្រឹក​ថ្ងៃ​សៅរ៍ ។ « គោលបំណង ដើម្បី​កម្លាំង​នៃ​យុវជន គឺ​ដើម្បី​ចង្អុល​ប្រាប់​បងប្អូន​ទៅ​កាន់​ទ្រង់ ។ វា​បង្រៀន​បងប្អូន​អំពី​សេចក្ដីពិត​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់—សេចក្ដីពិត​អំពី​បងប្អូន​ជា​នរណា អំពី​ទ្រង់​ជា​នរណា និង​អ្វី​ដែល​បងប្អូន​អាច​សម្រេច​បាន​ដោយ​មាន​កម្លាំង​របស់​ទ្រង់ » ( « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១០–១១ ) ។

យុវវ័យ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​គោលការណ៍​នៅ​ក្នុង​សេចក្តីណែនាំ​នេះ​ដើម្បី​ធ្វើ​ការជ្រើសរើស​ដោយ​សុចរិត​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ពួកគេ ។ ឪពុកម្តាយ ថ្នាក់​ដឹកនាំ និង​យុវវ័យ​អាច​មាន​បំណង​ចង់​សិក្សា និង​ចែកចាយ​សេចក្តីណែនាំ​នេះ​នៅផ្ទះ ក្នុង​ប្រជុំ​ថ្ងៃ​អាទិត្យ និង​ក្នុង​សកម្មភាព​នានា រួមទាំង​ការបោះ​ជំរុំ និង​សន្និសីទ​យុវវ័យ​ផងដែរ ។ ថ្នាក់​ដឹកនាំ​យុវជន និង​យុវនារី​អាច​នឹង​ចង់​បញ្ជាក់​ពី​គោលការណ៍​ដែល​មាន​នៅក្នុង​សេចក្តីណែនាំ​នេះ​ជា​ប្រចាំ ។ គោលការណ៍​ទាំងនោះ​ក៏​អាច​ជា​ការផ្តោត​អារម្មណ៍​នៃ​រាត្រី​បទដ្ឋាន​ប្រចាំ​ឆ្នាំ​សម្រាប់​យុវវ័យ និង​ឪពុកម្ដាយ​របស់​ពួកគេ​បាន​ផងដែរ ។

សេចក្តីណែនាំ​ថ្មី​នេះ​មាន​ជា​ឌីជីថល ៥០ ភាសា​នៅក្នុង​ផ្នែក​យុវវ័យ​នៃ​បណ្ណាល័យ​ដំណឹងល្អ និង​នៅ​លើ​គេហទំព័រ youth.ChurchofJesusChrist.org ។ ច្បាប់​ចម្លង​ដែល​បាន​បោះពុម្ព​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​វួដ និង​សាខា​ទូទាំង​ពិភពលោក​នា​ឆាប់ៗ​នេះ​ហើយ ។