២០២២
គុណធម៌​នៃ​ព្រះ​បន្ទូល
ខែ វិច្ឆិកា ឆ្នាំ ២០២២


គុណធម៌​នៃ​ព្រះ​បន្ទូល

ពិតជាមាន​គុណធម៌​នៅ​ក្នុង​ពាក្យ​សម្ដី​របស់​ព្យាការី​ពី​បុរាណ និង​សម័យ​ទំនើបនេះ ពីព្រោះ​ពាក្យ​សម្ដី​របស់​ពួកលោក​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមន ក្នុង​ខគម្ពីរ​ជាទី​ស្រឡាញ់​មួយ យើង​អាន​អំពី​ការសម្រេច​ចិត្ត​ដ៏​សំខាន់​បំផុតមួយ​របស់​​ព្យាការី​អាលម៉ា ។ មុន​នឹង​រំឭក​ពាក្យពេចន៍​ទាំងនោះ សូម​ពិចារណា​ជាមួយ​ខ្ញុំ​នូវ​ស្ថានភាព​ដ៏​លំបាកៗ ដែល​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​នោះ ។

មនុស្ស​មួយ​ក្រុម ដែល​បាន​ហៅ​ខ្លួន​ថា ពួក​សូរាំ បាន​បំបែក​ខ្លួន​ពី​ពួក​សាសន៍​នីហ្វៃ ហើយ​បាន​ប្រមូល​ផ្ដុំ​នៅ​តាម​ព្រំដែន​នៃ​ដែនដី​ជិតខាង​ពួក​សាសន៍​លេមិន ។ ពួក​សាសន៍​នីហ្វៃ​ទើប​តែ​នឹង​ផ្ដួល​ពួក​សាសន៍​លេមិន​ក្នុង​សង្គ្រាម​ដ៏​កម្រ​មួយ ជា​សង្គ្រាម​ដែលបាន​សម្លាប់​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់ ហើយ​ពួក​សាសន៍​នីហ្វៃ « ភិតភ័យ​ជា​ខ្លាំង ខ្លាចក្រែង​ពួក​សូរាំ​ធ្វើ​ការទាក់ទង​ជាមួយ​នឹង​ពួក​លេមិន ហើយ​ការណ៍​នោះ​គឺជា​ហេតុ​ដែល​នឹង​នាំ​ឲ្យ​មាន​ការខូចខាត​យ៉ាង​ធំ » ។ ក្រៅ​ពី​ការ​បារម្ភអំពី​សង្គ្រាម អាលម៉ា​បាន​ដឹង​ថា ពួក​សូរាំដែល « ធ្លាប់​បាន​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បាន​ផ្សាយ​ដល់​គេ​ពីមុន​ដែរ » បាន​ងាក​ទៅរក​ការថ្វាយ​បង្គំ​រូបសំណាក​វិញ ហើយ « កំពុងតែ​បង្ខូច​ផ្លូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ។ រឿង​ទាំង​នេះ​ធ្វើ​ឲ្យ​អាលម៉ា​មាន​បន្ទុក​ជា​ទម្ងន់ ហើយ​ជា « ហេតុ​ដែល​នាំ​ឲ្យ​អាលម៉ា​មាន​ការសោកសៅ​យ៉ាង​ធំ » ។

ដោយ​ឃើញ​ថា ខ្លួន​លោក​ស្ថិត​នៅ​ក្នុង​សភាព​ដ៏​ស្មុគស្មាញ និង​ពិបាក​ទាំងនេះ នោះ​អាលម៉ា​បាន​សញ្ជឹង​គិត​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ក្នុង​ការសម្រេច​ចិត្ត​របស់​លោក យើង​អាន​នូវ​ពាក្យពេចន៍​ដែល​ត្រូវបាន​រក្សា​ទុក ដើម្បី​បំផុស និង​ណែនាំ​យើង ខណៈ​ដែល​យើង​រក​វិធី​ឆ្លងកាត់ស្ថានភាព​ដ៏​ស្មុគស្មាញ និង​ពិបាក​របស់​យើងផងដែរ ។

« ហើយ​ឥឡូវ​នេះ ដោយ​ការផ្សាយ​ព្រះបន្ទូល​មាន​បណ្ដាការ​ដ៏​ធំ​ក្នុង​ការដឹកនាំ​ប្រជាជន ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល​ត្រឹម​ត្រូវ—មែន​ហើយ វា​មាន​ប្រសិទ្ធភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន​ជាង​ផ្លែ​ដាវ ឬ​អ្វី​ផ្សេងៗ​ទៀត​ដែល​កើត​ឡើង​ដល់​គេ—ហេតុ​ដូច្នេះ​ហើយ អាលម៉ា​បាន​គិត​ថា ជា​ការចាំបាច់ ដែល​គេ​ត្រូវ ពិសោធ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ » ។

ក្នុង​ចំណោម​ដំណោះស្រាយ​​ជា​ច្រើន សេចក្ដី​ជំនឿ​របស់​អាលម៉ា​បាន​ដឹកនាំ​ពួកគេ​ឲ្យ​ពឹងផ្អែក​ទៅលើ​អំណាច​នៃ​ព្រះបន្ទូល ។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​ទេសនកថា​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ចំនួន ដែល​បាន​ប្រកាស​ភ្លាមៗ​ក្រោយពី​ការសម្រេច​ចិត្ត​នោះ មាន​នៅ​គ្រប់​កន្លែង​ក្នុង​ព្រះគម្ពីរ ។ ក្នុង​ជំពូក​ទី ៣២ និង ៣៣ នៃ​គម្ពីរ​អាលម៉ា យើង​អាន​សុន្ទរកថា​ដ៏​ប៉ិនប្រសប់​របស់​លោក​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជំពូក​ទី ៣៤ យើង​ឃើញ​ពី​ការបង្រៀន​ដ៏​សំខាន់​របស់​អាមូលេក​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព​បង្ហាញ​ពី​គុណធម៌​នៃ​ព្រះ​បន្ទូល

តាមពិត​ទៅ ក្នុង​ព្រះគម្ពីរ​ទាំងមូល យើង​អាន​​អំពី​ពរជ័យ​ដ៏​មហស្ចារ្យ​ដែល​បាន​ចាក់ស្រោច​មក​លើ​មនុស្ស​ទាំងឡាយ​ដែល​ដកពិសោធ​គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ជីវិត​ពួកគេ ។១០ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​អំពី​គំរូចំនួន​បី ខណៈ​ដែល​យើង​បង្វែរ​ការផ្ដោត​អារម្មណ៍​របស់​យើង​ទៅលើ​ព្រះគម្ពីរ​មរមន—ជា​ព្រះគម្ពីរ​មួយ​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​ថា​ជា « ការដឹកនាំ​ដើម្បី​បាន​រស់រាន​ជីវិត នៅ​ថ្ងៃ​ចុង​ក្រោយ របស់​យើង » ។១១

ទីមួយ ដើម្បី​រំឭក​ប្រជាជន​លោក​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រំដោះ​ដូនតា​​ពួកគេ នោះអាលម៉ា​បាន​បង្រៀន​ថា « មើល​ចុះ ទ្រង់​បាន​កែប្រែ​ចិត្ត​របស់​គេ មែន​ហើយ ទ្រង់​បាន​ដាស់​ពួកគេ​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដ៏​លង់​លក់ ហើយ​គេ​ក៏​បាន​ភ្ញាក់​ឡើង​ចំពោះ​ព្រះ ។ មើល​ចុះ ពួក​គេ​នៅ​កណ្ដាល​សេចក្ដីងងឹត​សូន្យសុង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រលឹង​របស់​គេ​បាន​ចែង​ចាំង ដោយ​ពន្លឺ​នៃ​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ជានិច្ច​ដែរ » ។១២ ប្រហែល​ជា​បងប្អូន​កំពុង​មាន​អារម្មណ៍​ថា បងប្អូន​នៅ​កណ្ដាល​សេចក្ដីងងឹត​សូន្យ​សុង ។ តើ​ព្រលឹង​របស់​បងប្អូន​ត្រូវការ​ពន្លឺ​ដឹកនាំ​យ៉ាង​ខ្លាំង​ដែរ​ឬ​ទេ ? បើ​ដូច្នោះ​មែន សូម​ដកពិសោធ​នូវ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ​ចុះ ។

ទីពីរ កាលសញ្ជឹង​គិតអំ​ពី​ការប្រែ​ចិត្ត​ជឿ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ពួក​សាសន៍​លេមិន ដែល​លោក​បាន​ឃើញ​ដោយ​ផ្ទាល់​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​រូប នោះអាំម៉ូនថ្លែង​ថា « មើល​ចុះ តើ​បង​ប្អូន​យើង​ប៉ុន្មាន​ពាន់​នាក់ ដែល​ទ្រង់​បាន​ស្រាយ​ឲ្យ​រួច​ពី​ការ​ឈឺ​ចាប់​នៃស្ថាន​នរក ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ឲ្យច្រៀង​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ហើយ នេះ​ក៏​ដោយ​ព្រោះ​ព្រះចេស្ដា​នៃ​ព្រះ​បន្ទូល របស់​ទ្រង់ដែល​នៅ​ក្នុង​យើង »១៣ បងប្អូន​ប្រុសស្រី មាន​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​យើង ដែល​កំពុង​ចង់បាន​យ៉ាង​ខ្លាំង ដើម្បី​នាំ​មនុស្ស​ម្នាក់​ដែល​យើង​ស្រឡាញ់​ឲ្យ​មក​ច្រៀង​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ ។ គ្រប់ការ​កិច្ចខិតខំ​របស់​យើង សូម​កុំ​ឲ្យ​​យើងភ្លេច​ដកពិសោធ​នូវ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​មាន​នៅក្នុង​យើងឡើយ ។

ទីបី ក្នុង​គម្ពីរ​ហេលេមិន យើង​អាន​ថា « មែន​ហើយ យើង​ឃើញ​ថា នរណា​ក៏​ដោយ​ដែល ចង់​បាននោះ​អាច​បាន​ទទួល ព្រះ​បន្ទូល​នៃ​ព្រះ ដែល​រស់ ហើយ​ពូកែដែល​នឹង​ផ្ដាច់​អស់​ទាំង​កលល្បិច និង​អន្ទាក់ និង​ឧបាយ​របស់​អារក្ស​ឲ្យ​ដាច់​ពី​គ្នា ហើយ​ដឹកនាំ​អ្នក​សំណព្វ [ ទាំង​បុរស​ទាំង​ស្ត្រី ] នៃ​ព្រះ​គ្រីស្ទ​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ​ដ៏​តូច ហើយ​ចង្អៀត ឆ្លងកាត់​ជង្ហុក​នៃ​សេចក្ដីវេទនា​ដ៏​អស់​កល្ប​ជានិច្ច​នោះ … ហើយ​ដាក់​ព្រលឹង​របស់​គេ … នៅខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​នៅ​ក្នុង​នគរ​ស្ថានសួគ៌ » ។១៤ តើ​បងប្អូន​កំពុង​ខិតខំ​កាត់​អស់​ទាំង​កលល្បិច និង​អន្ទាក់ និង​ឧបាយ​របស់​អារក្ស ដែល​រាលដាល​​ខ្លាំង​នៅក្នុង​ទស្សនវិជ្ជា​ទាំងឡាយ​ក្នុង​ជំនាន់​របស់​យើង​នេះ​ដែរ​ឬ​ទេ ? តើ​បងប្អូន​ចង់​ជ្រែក​ចេញ​ពី​ពពក​នៃ​ភាពច្របូក​ច្របល់​មក​ពី​ព័ត៌មាន​ដ៏​ច្រើន​លើសលប់ ដើម្បី​ផ្ដោត​ផ្ចង់​តែទៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ឲ្យ​កាន់តែ​ខ្លាំង​ដែរ​ឬ​ទេ ? សូម​ដកពិសោធ​នូវ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ​ចុះ ។

ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​អំណាច​នៃ​ព្រះបន្ទូល ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីពិត​នេះ ដែល​​បង្រៀន​យ៉ាង​ល្អ ដោយ​ព្យាការី​ជាទី​ស្រឡាញ់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ៖ « ចំពោះ​ខ្ញុំ អំណាច​នៃ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ឃើញ​ជាក់ស្ដែង​បំផុត​នៅក្នុង​ការផ្លាស់ប្ដូរ​ដ៏​ធំធេង ដែល​កើតឡើង​នៅក្នុង​ជីវិត​នៃ​ជន​ដែល​បាន​អាន​វា ‹ ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ › ។ អ្នកប្រែ​ចិត្ត​ជឿ​ជា​ច្រើន​បាន​បោះបង់​ចោល​នូវ​អ្វី​ដែល​ពួកគេ​ធ្លាប់​កាន់ ដើម្បី​រស់នៅ​តាម​សិក្ខាបទ​នៃ​គម្ពីរ​នោះ ។ … វា​នឹង​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​បងប្អូន​នៅ​ក្នុង​ការនាំ​ព្រលឹង​ទាំងឡាយ​មក​កាន់​ព្រះយេស៊ូវ ជា​ព្រះគ្រីស្ទ » ។១៥

ប្រភព​នៃ​គុណធម៌

តាម​រូបភាព​ទាំង​នេះ និង​ផ្សេងៗ​ទៀត យើង​មើល​ឃើញ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​ក្នុង​ជីវិត​បុត្រា​បុត្រី​ទ្រង់ ។ យើង​អាច​នឹង​សួរ​ថា តើ​អ្វី​ទៅ​ជា​ប្រភព​នៃ​គុណធម៌ ឬ​អំណាច​នោះ ?

ពេលយើង​ពិចារណា​ពី​សំណួរ​នេះ វា​ជា​ការចាំបាច់​ដើម្បី​ចាំ​ឃ្លា « ព្រះបន្ទូល » ​ដែល​ប្រើ​ក្នុង​ព្រះគម្ពីរ វា​មាន​អត្ថន័យ​យ៉ាង​ហោច​ណាស់​ពីរ​យ៉ាង ។ ថ្មីៗ​នេះ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ព្រះនាម​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា ‹ ព្រះបន្ទូល › »​ហើយ​ថា « ការបង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​កត់ត្រា​ទុក​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ក៏​ជា ‹ ព្រះបន្ទូល › ផងដែរ » ។១៦

ព្យាការី​នីហ្វៃ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​នៃ​អត្ថន័យ​ទាំងពីរ​នេះ ពេល​លោក​សរសេរ​ថា « សូម​ប្រុង​ស្ដាប់​តាម​ពាក្យ​ទាំង​នេះ ហើយ​ជឿ​ដល់​ព្រះគ្រីស្ទ​ចុះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ពាក្យ​ទាំង​នេះ​ទេ ក៏​សូម​ជឿ​ដល់​ព្រះ​គ្រីស្ទ ។ ហើយ​បើ​សិន​ជា​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ក៏ នឹងជឿ​ដល់​ពាក្យ​សម្តី​ទាំង​នេះ​ដែរ ព្រោះ​ពាក្យ​សម្តី​ទាំង​នេះ​គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​ទ្រង់​បាន​ប្រទាន​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ » ។១៨ ហេតុ​ដូច្នេះ​ យើង​រៀន​ថា គឺពិតជាមាន​គុណធម៌​នៅ​ក្នុង​ពាក្យ​សម្ដី​របស់​ព្យាការី​ពី​បុរាណ និង​សម័យ​ទំនើប មែន ពីព្រោះ​ពាក្យ​សម្ដី​របស់​ពួក​លោក​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។១៨ មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ការទទួល​យក​សេចក្ដីពិត​ដ៏​អស់កល្ប​នេះ គឺ​សំខាន់ណាស់​ចំពោះ​ការរស់រាន​ខាង​វិញ្ញាណ​របស់​យើង​នៅ​ថ្ងៃ​ចុងក្រោយ​នេះ១៩ជា​គ្រា​ដែល​មាន « អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់​ខាង​ឯ​ការឮ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​វិញ »២០ដូច​ដែល​បាន​ព្យាករ​មក​នេះ ។

នៅ​ទីបំផុត គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ គឺជាព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ។២១ ពេលដែល​យើង​យល់​រឿង​នេះកាន់តែ​ច្បាស់ នោះ​យើង​អាច​ធ្វើ​ការភ្ជាប់​ទំនាក់ទំនង​យ៉ាង​សំខាន់​ដ៏​អស់កល្ប​មួយ រវាង​តួនាទី​របស់​ពួកព្យាការី និង​ព្រះប្រោសលោះ​ផ្ទាល់ ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​បាន​ខិត​កាន់តែ​ជិត​ទ្រង់ និង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់២២នឹង​បណ្ដាល​ឲ្យ​យើង​ពិសោធ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៅក្នុង​ជីវិត​យើង—ទាំង​គុណធម៌​ដែល​បាន​មក​ពី​ទ្រង់​ដែល​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​ផ្ទាល់​ខ្លួន​២៣និង​គុណធម៌​ដែល​បាន​មក​ពី​ទ្រង់​តាមរយៈ​ពាក្យសម្ដី​នៃ​មនុស្ស « ជម្រើស​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ។២៤ យើង​នឹង​ដឹង​ថា ទោះបី​ជា​វា​អាច​នឹង​មាន​ប្រយោជន៍​ដូចជា​ប្រភព​ផ្សេងៗ​ទៀត​នៅក្នុង​ការសិក្សា​អំពី​ព្រះអង្គ​សង្គ្រោះ និង​ពាក្យសម្ដី​នៃ​ព្យាការី​របស់​ទ្រង់​ក្ដី​ក៏​ប្រភព​ទាំងនេះ​មិនអាចជំនួស​ឲ្យ​ការសិក្សា​​អំពី​ព្រះអង្គ​សង្គ្រោះ និង​ពាក្យសម្ដី​នៃ​ព្យាការី​របស់​ទ្រង់​របស់​យើង​បាន​ទេ ។ យើង​ត្រូវតែ​រៀនសូត្រ​ឲ្យបាន​ស៊ីជម្រៅ និង​ឲ្យបាន​ញឹកញាប់២៥មកពី​ប្រភព​ដើម​ផ្ទាល់ ។២៦

បងប្អូន​ប្រុសស្រី​ខ្ញុំ​សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​បងប្អូន​ម្នាក់ៗ ។ នៅក្នុង​សេចក្ដី​ស្រឡាញ់​នោះ ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ឲ្យ​ដក​ពិសោធ​គុណធម៌​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ ជា​ពិសេស​គឺ​តាមរយៈ​ព្រះគម្ពីរ​មរមន ជា​រៀងរាល់​ថ្ងៃ​ក្នុង​ជីវិត​បងប្អូន ។ ពេល​បងប្អូន​ធ្វើ​ដូច្នេះ នោះ​បងប្អូន​នឹង​ដក​ពិសោធន៍​នូវ​ការ​សន្យា​ដែល​ព្យាករ​មកពី​ប្រធាន រ័សុល អិម ណិលសុន ថា « ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​ រាល់​ថ្ងៃ ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សញ្ជឹង​គិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការ​ដឹកនាំ​សម្រាប់​ជីវិត​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ នោះ​បងប្អូន​អាច​ត្រូវ​បាន​ការ​ពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ » ។២៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ព្រះបន្ទូល​នោះ​ដល់​យើង ព្រោះ​ទ្រង់​ស្រឡាញ់​យើង​ឥតខ្ចោះ ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ម្នាក់ៗ​ត្រឡប់​ទៅ​ផ្ទះ​រស់នៅ​ជាមួយ​ទ្រង់​វិញ​ជា​រៀងរហូត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី « ព្រះបន្ទូល … ត្រឡប់​ជា​សាច់​ឈាម »២៨គឺ​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ និង​អំពី​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​សង្គ្រោះ និង​ប្រោសលោះ​យើង ។ ខ្ញុំ​ដឹង​ថា គុណធម៌​របស់​ទ្រង់​ត្រូវបាន​បញ្ជូន​មក​តាម​ពាក្យ​សម្ដី​របស់​ព្យាការី ទាំង​ពី​អតីតកាល និង​បច្ចុប្បន្នកាល ។

នេះ​ជា​ការអធិស្ឋាន​​ពី​ចិត្ត​ខ្ញុំថា​ យើង​អាច​ទទួល​បាន​ប្រាជ្ញា និង​ភាពរាបសា​ដើម្បី​កាន់​ខ្ជាប់​ជានិច្ច២៩ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ហើយ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​នាំ​ទៅកាន់​ភាពតម្កើង​ឡើង និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។៣០ សូម​ឲ្យ​យើង​បន្ត​ដកពិសោធ​នូវ​ការផ្លាស់ប្ដូរ​ដ៏​ធំ​ដែល​មាន​សម្រាប់​យើង​ម្នាក់ៗ តាមរយៈ​គុណធម៌​នៃ​ព្រះបន្ទូល ។៣១ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល អាលម៉ា ៣០:៥៩ ។

  2. សូមមើល អាលម៉ា ៣១:៣ ។

  3. សូមមើល អាលម៉ា ២៨:២ ។

  4. អាលម៉ា ៣១:៤ ។ សូម​កត់ចំណាំ​ថា អាលម៉ា និង​ប្រជាជន​របស់​លោក​ធ្លាប់​បាន​មាន​បទពិសោធន៍​នឹង « ការទាក់ទង » បែបនេះ​រវាង​ពួក​អាំលីសៃ និង​ពួក​សាសន៍​លេមិន​ពីមុន​មក ដែល​បាន​នាំ​ឲ្យ​មាន​ការទួញសោក និង​មាន​ការខូចខាត​យ៉ាង​ធំ ( សូមមើល អាលម៉ា ២:២១–៣៨,.៣:១–៣ ) ។

  5. អាលម៉ា ៣១:៨ ។

  6. អាលម៉ា ៣១:១ ។

  7. អាលម៉ា ៣១:២ ។

  8. សូមមើល មរមន ៨:៣៤–៣៥ ។

  9. អាលម៉ា ៣១:៥ បាន​បន្ថែម​ការគូសបញ្ជាក់ ។

  10. សូម​មើល ជា​ឧទាហរណ៍, នីហ្វៃ ទី១ ១៥:២៤; អាលម៉ា ៣២:៤១–៤៣; ៣៦:២៦; ៣៧:៨, ៤៤–៤៥ ។

  11. រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ ។

  12. អាលម៉ា ៥:៧ បាន​បន្ថែម​ការគូសបញ្ជាក់ ។

  13. អាលម៉ា ២៦:១៣ បាន​បន្ថែម​ការគូសបញ្ជាក់ ។

  14. ហេលេមិន ៣:២៩–៣០ បាន​បន្ថែម​ការគូសបញ្ជាក់ ។

  15. រ័សុល អិម ណិលសុន « The Book of Mormon: A Miraculous Miracle » (សុន្ទរកថា​ដែល​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​សម្រាប់​អ្នក​ដឹកនាំ​បេសកកម្ម​ថ្មី ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ ) ការដកស្រង់​មួយ​ចំណែក​មក​ពី មរ៉ូណៃ ១០:៤ ។

  16. ដេវីឌ អេ បែដណា « But We Heeded Them Not » Liahonaខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១៦ ។

  17. នីហ្វៃ​ទី​២ ៣៣:១០បាន​បន្ថែម​ការគូសបញ្ជាក់ ។

  18. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨ ។

  19. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១៤–១៨ ។

  20. អេម៉ុស ៨:១១ ។

  21. សូមមើល អាលម៉ា ៣៤:៦ ។

  22. សូមមើល យ៉ូហាន ១៥:១០ ។

  23. សូមមើល ម៉ាកុស ៥:២៥–៣៤ ។

  24. មរ៉ូណៃ ៧:៣១ ។

  25. « មាន​របៀប​មួយ​ដែល​ល្អប្រសើរ​ជាង​ក្នុង​ការរៀបចំ ព្រោះ​សេចក្ដី​ជំនឿ​ដ៏​ធំ​មាន​អាយុ​កាល​ខ្លី ។ យើង​អាច​សម្រេច​ចិត្ត​ដើម្បី​ជំនះ​ក្នុង​ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​ទាំងឡាយ និង​នៅក្នុង​ការបង្រៀន​ទាំងឡាយ​របស់​ពួកព្យាការី ។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ ។ ខ្ញុំ​នឹង​ត្រឡប់​ទៅកាន់​ព្រះគម្ពីរ​មរមន​វិញ ហើយ​រៀនសូត្រ​ឲ្យបាន​ស៊ីជម្រៅ និង​ឲ្យបាន​ញឹកញាប់ » ( ហិនរី ប៊ី អាវរិង « Spiritual Preparedness: Start Early and Be Steady » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៣៩ ) ។

  26. « សម្រាប់​ខ្ញុំ ការអាន​ព្រះគម្ពីរ​មិនមែន​ជា​ការតាម​យក​អាហារូបករណ៍​នោះទេ ។ ប៉ុន្តែ វា​ជា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ និង​ពាក្យ​សម្ដី​នៃ​ព្យាការី​ទ្រង់ ។ …

    « ខ្ញុំ​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្វល់ខ្វាយ​ច្រើន​នឹង​ការអាន​ចំណុះ​នៃ​ការអត្ថាធិប្បាយ​ដ៏​វែង ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រីក​ឲ្យ​បាន​វែង​តាម​អ្វី​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​នោះ​ទេ ។ ប៉ុន្តែ ខ្ញុំ​ចូលចិត្ត​នៅជាប់​នឹង​ប្រភព​នោះ​ជាង ដោយ​ភ្លក់​នូវ​ទឹក​ដែល​មិន​ចេះ​សាបសូន្យ​នៃ​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តីពិត—ព្រះបន្ទូល​នៃ​ព្រះ ដូច​ដែល​ទ្រង់​បាន​ប្រទាន និង​ដូច​ដែល​វា​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​ទាំងឡាយ ដែល​យើង​ទទួល​ស្គាល់​ថា​ជា​ព្រះគម្ពីរ ។ … តាមរយៈ​ការអាន​ព្រះគម្ពីរ យើង​អាច​ទទួល​បាន​ការអះអាង​ពី​ព្រះវិញ្ញាណ​ថា អ្វី​ដែល​យើង​អាន​នោះ​គឺ​មក​ពី​ព្រះ​សម្រាប់​ជា​ការបំភ្លឺ ពរជ័យ និង​សេចក្ដី​អំណរ​ដល់​បុត្រា​បុត្រី​ទ្រង់ » ( ហ្គរដុន ប៊ី ហ៊ិងគ្លី « Feasting upon the Scriptures » Tambuli​ខែ មិថុនា ឆ្នាំ ១៩៨៦ ទំព័រ ២, ៤ ) ។

  27. ប្រធាន រ័សុល អិម ណិលសុន «The Book of Mormon: What Would Your Life Be Like Without It? »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ។

  28. យ៉ូហាន ១:១៤ ។

  29. សូម​មើល នីហ្វៃទី​១ ៨:៣០ ។

  30. « ផ្លូវ​នៃ​សេចក្ដីសញ្ញា​គឺជា​ផ្លូវ តែមួយ​គត់ដែល​នាំ​ទៅរក​ភាពតម្កើង​ឡើង និង​ជីវិត​ដ៏អស់កល្ប​ជានិច្ច » ( រ័សុល អិម ណិលសុន « The Power of Spiritual Momentum » Liahonaខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៨ ) ។

  31. សូមមើល អាលម៉ា ៥:១១–១៣ ។