២០២០
មាន​តម្លៃ​ជាង​ខ្សែដៃ​ប្រាក់​មួយ
ខែ មេសា ឆ្នាំ ២០២០


មាន​តម្លៃ​ជាង​ខ្សែដៃ​ប្រាក់​មួយ

សៀលវី ហ៊ូមេអូ ហ្គូប៊េក កាណាដា

រូបភាព
bracelet

រចនា​រូបភាព ដោយ អិមមីលី លូអ៊ី

ពេល​ខ្ញុំ​ត្រូវបាន​គេ​សុំ​ឲ្យ​ដឹកនាំ​ការពិភាក្សា​នៅក្នុង​សមាគមន៍​សង្គ្រោះ​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ផ្ដល់​ចំណី​ដល់​កូន​ចៀម​​ទ្រង់​ផង នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ប្រសិន​បើ​ខ្ញុំ​ចង់​ជំរុញ​បងប្អូន​ស្ត្រី ខ្ញុំ​គួរ​តែ​ធ្វើ​អ្វី​មួយ​សម្រាប់​កូនចៀម​មួយ​របស់​ទ្រង់ ។

ខ្ញុំ​បាន​ប្រមូល​ភាពក្លាហាន​របស់​ខ្ញុំ ហើយ​បាន​អញ្ជើញ​បងស្រី​មិន​សូវ​សកម្ម​ម្នាក់​ឲ្យ​មក​សកម្មភាព​សមាគមន៍​សង្គ្រោះ​ជាមួយ​ខ្ញុំ ។ គាត់​បាន​យល់​ព្រម​ចំពោះ​ការអញ្ជើញ​របស់​ខ្ញុំ ហើយ​យើង​បាន​មាន​ពេល​ដ៏​រីករាយ​មួយ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា នេះ​ជា​គំរូ​ល្អ​មួយ ហើយ​ខ្ញុំ​អន្ទះសា​ចង់​ចែកចាយ​បទពិសោធន៍​របស់​ខ្ញុំ ។ ប៉ុន្តែ​ព្រះអម្ចាស់​មាន​អ្វី​ច្រើន​ទៀត​ដើម្បី​បង្រៀន​ខ្ញុំ ។

ព្រឹក​មួយ​ពេល​កំពុង​ស្លៀកពាក់ ខ្ញុំ​បាន​ដឹង​ថា ខ្សែដៃ​ប្រាក់​របស់​ខ្ញុំ​បាន​បាត់ ។ ខ្សែដៃ​នេះ​ជា​អំណោយ​ខួបកំណើត​របស់​ខ្ញុំ​ពេល​ខ្ញុំ​ទៅលេង​ប្រទេស​បារាំង ដូច្នេះ​វា​មាន​អត្ថន័យ​ណាស់​​សម្រាប់​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​រកមើល​វា​នៅ​កន្លែង​ដែល​ទំនង​នឹង​រកឃើញ​បំផុត ប៉ុន្តែ​ខ្ញុំ​រកមិន​ឃើញ​ទេ ។ បន្ទាប់​មក​ខ្ញុំ​បានប្រាប់​ខ្លួនឯង​ថា ប្រសិន​បើ​ខ្ញុំ​គ្រាន់តែ​អធិស្ឋាន នោះ​ខ្ញុំ​នឹង​អាច​រក​ខ្សែដៃ​របស់​ខ្ញុំ​ឃើញ​ឆាប់ ។

បន្ទាប់​ពី​ខ្ញុំ​អធិស្ឋាន ខ្ញុំ​បាន​រកមើល​គ្រប់​ទីកន្លែង ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ចេតនា​ពិត ហើយ​បាន​ខំប្រឹង​ស្វែងរក ។ ខ្ញុំ​បាន​ទូល​អង្វរ​សូម​ព្រះវរបិតាសួគ៌​ជួយ​ខ្ញុំ​ឲ្យ​រក​វា​ឃើញ ប៉ុន្តែ​ខ្ញុំ​រកមិន​ឃើញ​ទេ ។ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ព្រោះ​ខ្សែដៃ​នេះ​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ ។

នា​ល្ងាច​មួយ​កូនប្រុស​ខ្ញុំ​បាន​អធិស្ឋាន​ជាមួយ​ខ្ញុំ​នៅ​ក្បែរ​គ្រែ​ខ្ញុំ ។ បន្ទាប់​ពី​យើង​អធិស្ឋាន​ហើយ គាត់​បាន​រើស​អ្វី​មួយ​ឡើង ហើយ​បាន​ហុច​វា​ឲ្យ​ខ្ញុំ វា​ជា​ខ្សែដៃ​របស់​ខ្ញុំ ។ គាត់​បានរក​វា​ឃើញ​នៅក្រោម​គ្រែ ។ មិនដឹង​យ៉ាង​ណា ខ្ញុំ​ប្រាកដ​ជា​បាន​មើល​រំលង​ពេល​ស្វែងរក​វា ។ ខ្ញុំ​យំ​ដោយ​អំណរដែល​បាន​វា​មក​វិញ ។

ភ្លាម​នោះ ខ្ញុំ​បាន​ទទួល​ចំណាប់​អារម្មណ៍​មួយ ៖ « តើ​អ្នក​អធិស្ឋាន​ដោយ​ស្មោះសរ​ដូច​នេះ​សម្រាប់​បងប្អូន​ស្ត្រី​របស់​អ្នក​នៅ​សាសនាចក្រ​ដែរ​ឬ​ទេ ? តើពួកគេ​មាន​តម្លៃ​ចំពោះ​អ្នក​ដូច​ខ្សែ​ដៃ​របស់​អ្នក​ទេ ? ចុះ​ពួក​បងប្អូន​ស្ត្រី​របស់​អ្នក​នៅក្រៅ​សាសនាចក្រ​វិញ​នោះ ? តើ​អ្នក​អធិស្ឋាន​សម្រាប់​ពួកគេ​ដែរ​ឬ​ទេ ? »

ពេល​ខ្ញុំ​ចែកចាយ​បទពិសោធន៍​ជាមួយ​នឹង​ខ្សែដៃ​របស់​ខ្ញុំ​​នៅក្នុង​សមាគមន៍​សង្គ្រោះ នោះ​យើង​បាន​មាន​ការពិភាក្សា​ដ៏​ល្អ​មួយ ។ ខ្ញុំ​បាន​ប្រាប់​បងប្អូន​ស្ត្រី​ថា ខ្ញុំ​បាន​រៀន​ថា​ពេល​ព្រះអង្គ​សង្គ្រោះ​សុំ​យើង​ឲ្យ​ផ្ដល់​ចំណី​ឲ្យ​ចៀម​របស់​ទ្រង់ នោះ​យើង​ត្រូវតែ​ចាំ​ថា « តម្លៃ​នៃព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១០ ) ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​គិតគូរ​ពី​មនុស្ស​នៅ​ជុំ​វិញ​យើង ហើយ​ឲ្យ​ស្រឡាញ់ ខ្វល់ខ្វាយ និង​អធិស្ឋាន​ដោយ​អស់​ពី​កម្លាំង​យើង​សម្រាប់​ពួកគេ ។ ពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ឃើញ​ថា មនុស្ស​គ្រប់​គ្នា​មាន​តម្លៃ​ជាង​ខ្សែដៃ​ប្រាក់​មួយ​ទៅ​ទៀត ។