« យើងជាព្រះដ៏ជាព្រះ » ៖ និមិត្តសញ្ញានៃព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរសញ្ញាចាស់
ដោយឡែក នៅក្នុងកំណត់ត្រាបុរាណនេះ ព្រះយេស៊ូវគ្រីស្ទត្រូវបានគេស្វែងរក ឬគេពុំអាចរកទ្រង់ឃើញឡើយ ។
ពេលម៉ូសេបាំងមុខរបស់លោក នោះព្រះបន្ទូលប្រកបដោយសេចក្តីមេត្តាកុរណារបស់ព្រះអម្ចាស់បានចេញមកពីគុមបន្លាភ្លើងដោយសំឡេងខ្ទរនៃភាពអស់កល្បថា ៖ « យើងបានឃើញសេចក្តីវេទនារបស់រាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ … ពីព្រោះយើងស្គាល់សេចក្តីទុក្ខព្រួយរបស់គេ
ដូច្នេះយើងបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួច ។ …
ម៉ូសេក៏ទូលទៅព្រះថា មើលកាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី ? នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច ?
ព្រះទ្រង់មានព្រះបន្ទូលទៅម៉ូសេថា « យើងជាព្រះដ៏ជាព្រះ ៖ រួចទ្រង់មានព្រះបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា » ( និក្ខមនំ ៣:៧–៨, ១៣–១៤ ) ។
ពួកសាសន៍អ៊ីស្រាអែលជំនាន់ដើមស្គាល់ទ្រង់ថា ព្រះយេហូវ៉ា ជីវិតមុនឆាកជីវិតនេះរបស់ព្រះយេស៊ូវគ្រីស្ទបានរកឃើញព្រះអង្គទ្រង់ថា ជាធនធនាដែលប្រជារាស្ត្ររបស់ទ្រង់គួរតែស្វែងរកការប្រោសលោះ ។ ជាច្រើនពាន់ឆ្នាំក្រោយមក ព្រះយេស៊ូវគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានបញ្ជាក់អំពីការសន្យារបស់ទ្រង់ឡើងវិញអំពីការរំដោះដល់ពួកអ៊ីស្រាអែលសម័យទំនើបជាមួយព្រះបន្ទូលទាំងនេះ ៖ « ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក ហើយអ្នកនឹងថ្លែងទីបន្ទាល់អំពីយើងគឺព្រះយេស៊ូវគ្រីស្ទថា យើងជា ព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ថា យើងគង់នៅតាំងពីដើម ហើយ យើងនៅឥឡូវនេះ ហើយថា យើងត្រូវយាងមកទៀត » ( គ. និង ស. ៦៨:៦ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។
ព្រះគម្ពីរជាព្រះបន្ទូលនៃជីវិតត្រូវបានរៀបចំឡើង ដើម្បីចង្អុលបង្ហាញដល់បុត្រាបុត្រីរបស់ព្រះនៅគ្រប់ជំនាន់អំពី ព្រះយេស៊ូវគ្រីស្ទសម្រាប់ការរំដោះពីអំពើបាប និងសេចក្តីស្លាប់ និងពីបញ្ហានានាខាងលោកិយទាំងអស់របស់យើង ។ ព្រះគម្ពីរសញ្ញាចាស់ក៏គ្មានករណីលើកលែង ដូចជាភាគនៃព្រះគម្ពីរនីមួយៗដែរ ព្រះគម្ពីរសញ្ញាចាស់មានគោលបំណងបង្វែរដួងចិត្ត និងគំនិតរបស់យើងទៅរកព្រះអង្គដែលរំដោះយើងគឺព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែដោយឡែក នៅក្នុងកំណត់ត្រាបុរាណនេះ ទ្រង់ត្រូវបានគេស្វែងរក ឬគេពុំអាចរកទ្រង់ឃើញឡើយ ។
នៅពេលស្វែងរកព្រះគ្រីស្ទនៅក្នុងគម្ពីរណាមួយទាំងនេះ វាជួយរំឭកយើងយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលយើងកំពុងស្វែងរក ។ ព្រះយេស៊ូវគ្រីស្ទ គឺជា ប្រភពនៃជីវិត ! បញ្ហានៃសេចក្តីស្លាប់ខាងវិញ្ញាណ និងខាងសាច់ឈាមដែលជាលទ្ធផលនៃការធ្លាក់ នោះព្រះគ្រីស្ទ គឺជា ដំណោះស្រាយដ៏អស់កល្បរបស់ពួកសាសន៍អ៊ីស្រាអែល ។ លីហៃបានប្រកាសថា « ទ្រង់ថ្វាយរូបអង្គទ្រង់ … ដើម្បី តបស្នង ការចុងបំផុតនៃក្រឹត្យវិន័យ » ( នីហ្វៃទី ២ ២:៧ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។ វាគឺជាចម្លើយនោះ—ព្រះអង្គប្រោសលោះនៃអ៊ីស្រាអែល « យើងគឺជាព្រះ » ដ៏មហិមា—ដែលយើងស្វែងរកនៅពេលស្រាវជ្រាវក្នុងព្រះគម្ពីរ ។ ប៉ុន្តែ នៅក្នុងកំណាព្យ ហើយជារឿយៗនៅក្នុងភាសាហួសសម័យនៃព្រះគម្ពីរសញ្ញាចាស់ បញ្ហាអស់កល្ប—ហើយព្រះយេស៊ូវគ្រីស្ទគឺជាដំណោះស្រាយនោះ—ពុំត្រូវបានរកឃើញដោយងាយៗនោះទេ ។ ទោះជាយ៉ាងនោះក្តី ព្រះយេស៊ូវគ្រីស្ទកំពុងរង់ចាំនៅក្នុងការសិក្សាព្រះគម្ពីរឲ្យស៊ីជម្រៅ ក្នុងនិទានកថាបុរាណ ។
ដូចអ្នកចាំក្នុងចិត្តអំពីឈ្មោះព្រះអម្ចាស់ដែលបានចែកចាយជាមួយម៉ូសេនៅលើភ្នំស៊ីណាយ—« យើងជាព្រះ »—សូមពិចារណាអំពីអ្វីៗជាច្រើនដែលព្រះយេស៊ូវគ្រីស្ទ តំណាងឲ្យ ដល់អ្នកដែលដាក់ទីទុកចិត្តលើទ្រង់ ។ គំរូដូចតទៅនេះគឺជានិមិត្តសញ្ញានៃការបង្រៀនមកពីព្រះគម្ពីរសញ្ញាចាស់ ដែលបានរៀបចំឡើងដើម្បីបង្វែរដួងចិត្ត និងគំនិតរបស់យើងចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទសម្រាប់ការប្រោសលោះ ។
យើងជាព្រះ … កូនចៀមដែលបានសម្លាប់សម្រាប់អ្នក
ការបូជាយញ្ញសត្វ និងអាវធ្វើពីស្បែក
ពីមុនអ័ដាម និងអេវ៉ាត្រូវបានបណ្ដេញចេញពីសួនអេដែន នោះព្រះអម្ចាស់បានឲ្យសម្លៀកបំពាក់ដល់ពួកគេដែលធ្វើពីស្បែកសត្វ ដើម្បីផ្តល់ការបិទបាំងកាយឲ្យពួកគេ ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពាក្យ ដង្វាយធួន នៅក្នុងទម្រង់ជាច្រើនរបស់វាបង្ហាញឡើងចំនួន ៨១ ដង ។ មាន ៧៣ ដងកើតឡើងដដែលៗនៃពាក្យនោះ ដែលន័យដើមជាភាសាហេព្រើរគឺ kaphar ដែលមានន័យថា « បិទបាំង » ។
បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីសួនច្បារមក អ័ដាម និងអេវ៉ាត្រូវបានបញ្ជាឲ្យថ្វាយកូនច្បងនៃហ្វូងសត្វរបស់ពួកគេសម្រាប់ជាយញ្ញបូជាថ្វាយដល់ព្រះអម្ចាស់ ។ ក្រោយមកទេវតាមួយអង្គបានបង្គាប់ពួកគេថា ការប្រតិបត្តិនេះគឺជា « និមិត្តរូបអំពីការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » ( ម៉ូសាយ ៥:៧ ) ។
ការធ្វើយញ្ញបូជាសត្វបានបន្តនៅក្រោមក្រឹត្យវិន័យរបស់ម៉ូសេ ពិធីដែលបិទបាំងនៃអស់អ្នកដែលចូលរួមនៅក្នុងពិធីបរិសុទ្ធបព្វជិតភាព ។
នៅពេលយើងចុះសេចក្តីសញ្ញាជាមួយព្រះអម្ចាស់ ហើយទទួលពិធីបរិសុទ្ធដ៏បរិសុទ្ធរបស់ទ្រង់ នោះដង្វាយធួនរបស់ទ្រង់បិទបាំងយើង ដូច្នេះយើងពុំត្រូវប៉ះផ្ទាល់នឹងឥទ្ធិពលទាំងស្រុងនៃការធ្លាក់របស់អ័ដាមឡើយ ។ ព្រះយេស៊ូវគ្រីស្ទពិតជាកូនចៀមនៃព្រះ ដែលបានបូជាសម្រាប់យើង ដូច្នេះយើងពុំចាំបាច់ចុះចូលនឹងឥទ្ធិពលនៃអំពើបាប និងសេចក្តីស្លាប់ឡើយ ។
លោកុប្បត្តិ ៣:២១; ៣៧:៣; និក្ខមនំ ៤០:១៤–១៥; អេសេគាល ១៦:១–១២; ម៉ាថាយ ២២:១១–១២; កាឡាទី ៣:២៦–២៩; នីហ្វៃទី ១ ១១:២១, ៣២–៣៣; អាលម៉ា ៣៤:១៤–១៦; ម៉ូសេ ៥:៥–៨; ៧:៤៧
យើងជា … នំបុ័ងជីវិត
នំម៉ាន៉ា
អំឡុងពេលម៉ូសេ និងកូនចៅនៃសាសន៍អ៊ីស្រាអែលបានធ្វើដំណើរពីស្រុកអេស៊ីព្ទទៅកាន់ដែនដីសន្យា ពួកគេបានពឹងផ្អែកលើព្រះគុណនៃព្រះអម្ចាស់ដើម្បីទទួលបានអាហារប្រចាំថ្ងៃ ។ ព្រះអម្ចាស់បានប្រទានពួកគេនូវ « នំបុ័ងពីលើមេឃមក » ដែលមនុស្សហៅថា « នំម៉ាន៉ា » ( ដែលបកស្រាយថា « តើនេះជាអ្វី ? » ) ។ អ្នកដែលបានប្រមូលអាហាប្រចាំថ្ងៃ និងបន្តស្មោះត្រង់ចំពោះព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់មានជីវិតបន្តរហូតដល់ដំណើរពួកគេចប់នៅក្នុងទីរហោស្ថាន ។
ព្រះយេស៊ូវគ្រីស្ទគឺជានំបុ័ងជីវិត ទ្រង់បានយាងចុះពីស្ថានសួគ៌មកកាន់ផែនដី ដើម្បីនាំឲ្យយើងមានជីវិតរៀងរាល់ថ្ងៃនៃដំណើរក្នុងជីវិតរមែងស្លាប់របស់យើងនេះ ។ នៅពេលយើងប្រមូលព្រះបន្ទូលរបស់ទ្រង់រៀងរាល់ថ្ងៃ យើងនឹងដកពិសោធន៍នូវភាពផ្អែមល្អែម និងភាពក្លៀវក្លាដែលមានតាមរយៈទ្រង់ពេញមួយដំណើរនៃជីវិតរមែងស្លាប់របស់យើង ។
និក្ខមនំ ១៦:៤, ១២–២១, ៣១; ចោទិយកថា ៨:២–៣; យ៉ូហាន ៦:២៦–៣៥, ៤៨–៥៨, ៦៦–៦៨; នីហ្វៃទី ៣ ២០:៨
យើងជា … ប្រភពនៃទឹករស់
ទឹកចេញមកពីថ្មនៅភ្នំហោរែប
នៅពេលកូនចៅសាសន៍អ៊ីស្រាអែលស្រេកទឹកនៅក្នុងទីរហោស្ថាន នោះម៉ូសេបានអធិស្ឋានទៅកាន់ព្រះអម្ចាស់ ។ ម៉ូសេត្រូវបានបង្គាប់ឲ្យវាយដុំថ្មមួយនៅភ្នំហោរែប ( ភ្នំស៊ីណាយ ) ជាមួយឈើដែលព្រះអម្ចាស់បានប្រទានឲ្យលោក ។ នៅពេលលោកធ្វើដូច្នេះ ទឹកបានធ្លាយចេញមកពីថ្ម ដើម្បីផ្គត់ផ្គង់ដល់ជីវិតនៃពួកសាសន៍អ៊ីស្រាអែលរាប់លាននាក់ដែលកំពុងធ្វើដំណើរនោះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាថ្មដានៃសាសន៍អ៊ីស្រាអែល នៅពេលទ្រង់ត្រូវបានគេវាយនៅត្រង់ភ្នំកាល់វ៉ារី នោះព្រះលោហិតបានហូរចេញមកពីព្រះកាយរបស់ទ្រង់ ។ ព្រះលោហិតរបស់ព្រះគ្រីស្ទបានផ្តល់ជីវិតដល់ពួកយើង ! យើងអាចទទួលបានជីវិតដែលរកឃើញនៅក្នុងព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ នៅពេលយើងធ្វើតាមព្យាការីដែលត្រូវបានប្រគល់កូនសោ ដើម្បីនាំយកទឹករស់ចេញមកពីទ្រង់ ។
និក្ខមនំ ១៧:១–៦; ជនគណនា ២០:៨, ១១; យ៉ូហាន ៤:១០–១៥; កូរិនថូសទី ១ ១០:១–៤; គ. និង ស. ២៨:២
យើងជា … អង្គព្យាបាលរបស់អ្នក
សត្វពស់ដែលត្រូវបានលើកឡើងនៅលើបង្គោលឈើ
ភាពលំបាកនៃការធ្វើដំណើររបស់ពួកគេ បានបណ្តាលឲ្យពួកកូនចៅនៃសាសន៍អ៊ីស្រាអែលត្អូញត្អែល រអ៊ូរទាំទាស់នឹងព្យាការី និងព្រះអម្ចាស់ ។ ជាលទ្ធផល ព្រះអម្ចាស់បានធ្វើឲ្យសត្វពស់មានពិសចឹកពួកគេ ដែលនាំឲ្យមានមនុស្សស្លាប់ជាច្រើននាក់ ។ ម៉ូសេបានអធិស្ឋានទៅកាន់ព្រះអម្ចាស់សូមឲ្យដកសត្វពស់នោះចេញ ផ្ទុយទៅវិញ ព្រះអម្ចាស់បានប្រទាននូវវិធីមួយសម្រាប់មនុស្សដើម្បីគេចផុតពីសេចក្តីស្លាប់ នៅពេលពួកគេត្រូវបានពស់ចឹក ។ សកម្មភាពដែលតម្រូវឲ្យពួកគេបានទទួលការព្យាបាលនោះគឺ មើលទៅសត្វពស់លង្ហិនដែលចងជាប់ទៅនឹងបង្គោលមួយ ។
ព្រះយេស៊ូវគ្រីស្ទត្រូវបានគេបោះដែកគោលភ្ជាប់ទៅលើបង្គោល — ឈើឆ្កាង — ដើម្បីយើងអាចមើលទៅកាន់ទ្រង់នៅក្នុងការរងទុក្ខរបស់យើង ហើយយកឈ្នះលើបញ្ហាទាំងអស់នោះ ។ ព្រះយេស៊ូវគ្រីស្ទពុំដកការសាកល្បងយើងចេញជានិច្ចនោះទេ ប៉ុន្តែក្នុងនាមជាអង្គព្យាបាលរបស់យើង នោះទ្រង់អាចយកភាពពិសពុលចេញពីពួកគេតាមរយៈពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។
ជនគណនា ២១:៤–៩; យ៉ូហាន ៣:១៤–១៦; ពេត្រុសទី ១ ២:២៤; អាលម៉ា ៣៣:១៨–២២; ហេលេមិន ៨:១៤–១៥; នីហ្វៃទី ៣ ២៧:១៣–១៥