២០១៨
ទីកន្លែង​របស់​យើង
January 2018


ទីកន្លែង​របស់​យើង

ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​របស់​ខ្ញុំ

រូបភាព
young man kneeling with ping-pong paddle

រចនា​រូបភាព​ដោយ ដេវីឌ ម៉ាឡាន

ការប្រកួត​កីឡា​វាយ​ពីងពុង​ជាមួយ​មិត្ត​របស់​ខ្ញុំ អើហ្វ្រី បាន​រំខាន​ដោយ​មាន​គេ​គោះ​ទ្វារ​ផ្ទះ​គាត់​បី​ដង ។ ខ្ញុំ​បាន​ស្តាប់​ឮ​សំឡេង​មនុស្ស​ពុំ​ស្គាល់​ដែល​មាន​តុង​ចម្លែក​និយាយ​ភាសា ហ៊ីលីអូ​ដែល​ជា​ភាសា​ជាតិ​របស់​យើង ។

អើហ្វ្រី​បាន​ប្រញាប់​រត់​ទៅ​មាត់​ទ្វារ ដោយ​បង្ហាញ​កាយវិការ​ថា​រំពឹង​នឹង​ជួប​ពួកគេ ។ គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា « សូម​មក​ទី​នេះ ! ខ្ញុំ​ចង់​ឲ្យ​ឯង​ជួប​មិត្ត​របស់​ខ្ញុំ ! »

ពួកគេ​ពាក់​អាវ-ស និង​មាន​ក្រវ៉ាត់​ក ព្រមទាំង​មក​បង្រៀន​ប្អូន​ប្រុស​របស់ អើហ្វ្រី​ដើម្បី​រៀបចំ​គាត់​សម្រាប់​បុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​បាន​និយាយ​ជាមួយ​ពួកគេ​ជា​ភាសា​អង់គ្លេស ហើយ​ពួកគេ​បាន​បង្ហាញ​ការកោតសរសើរ​អំពី​ភាសា​អង់គ្លេស​ខ្ញុំ ហើយ​សូម​ប្រសិនបើ​ខ្ញុំ​អាច​ជួយ​បកប្រែ​អំឡុងពេល​ពួកគេ​ពិភាក្សា​ជាមួយ​ប្អូន​ប្រុស​របស់​អើហ្វ្រី ។

ខ្ញុំ​បាន​គិត​ថា តួនាទី​របស់​ខ្ញុំ​គ្រាន់តែ​ធ្វើ​ជា​អ្នក​បកប្រែ​អកម្ម​ប៉ុណ្ណោះ ។ ប៉ុន្តែ​ខ្ញុំ​បាន​ប្រែ​ជា​អ្នក​ចូលរួម​យ៉ាង​សកម្ម​ពេល​ពាក្យពេចន៍​របស់​ពួកគេ​បាន​ចាក់​ឫស​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​មួយ​ដែល​ពុំ​អាច​ពន្យល់​បាន ជា​អារម្មណ៍​សប្បាយ​រីករាយ​ដែល​នៅ​តែ​មាន​នៅ​ឡើយ ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពី​មុន​ឡើយ ។

បន្ទាប់​ពី​បទពិសោធន៍​នោះ​មក ខ្ញុំ​បាន​សូម​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ដំណឹងល្អដល់​គ្រួសារ​របស់​ខ្ញុំ ។ ប៉ុន្តែ​ពេល​ពួកគេ​មក​ផ្ទះ​ខ្ញុំ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ថា ពួក​មរមន​ពុំ​ត្រូវ​មាន​កន្លែង​នៅក្នុង​គ្រួសារ​យើង​ឡើយ ។

ខ្ញុំ​ចង់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដូច្នេះ​ខ្ញុំ​បាន​អនុវត្ត​សេចក្តីជំនឿ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​តម​អាហារ និង​អធិស្ឋាន ។ ខ្ញុំ​ព្យាយាម​ធ្វើ​ជា​គំរូ​ដល់​ពួកគាត់ ។

ពីរ​ឆ្នាំ​ក្រោយ​មក តាមរយៈ​សេចក្តីជំនឿ​ដ៏​សាមញ្ញ​របស់​ខ្ញុំ​ផ្ទាល់ ​និង​សេចក្តីស្រឡាញ់​ដែល​ជ្រោមជ្រែង​មក​ពី​ព្រះវរបិតាសួគ៌ នៅ​ទីបំផុត​ដួងចិត្ត​របស់​ឪពុក​ខ្ញុំ​ត្រូវបាន​បន្ទន់ ហើយ​គាត់​បាន​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​យល់ព្រម​ទទួល​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ ខ្ញុំ​រីករាយ​ក្នុងការ​និយាយ​ថា ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ គឺ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​របស់​ខ្ញុំ ។

អ័រណែល អិម ណេហ្គ្រូស អុកស៊ីឌិនថល ប្រទេស​ហ្វីលីពីន

ចេញ​ពី​ថ្នាក់​បឋម​សិក្សា​ទៅ​ថ្នាក់​យុវនារី

ខ្ញុំ​ឃើញ​ថា វា​មាន​ការលំបាក​ជានិច្ច​ក្នុងការ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី ។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មាន​ការបារម្ភ​ក្នុងការ​ចេញ​ពី​ថ្នាក់​បឋម​សិក្សា ហើយ​ចាប់ផ្តើម​ក្នុង​ថ្នាក់​យុវនារី ។ ពេល​ដំបូង​កម្មវិធី​សិក្សា​ចម្លែក​ចំពោះ​ខ្ញុំ​ណាស់ ។ ថ្នាក់​យុវនារី​ពិត​ជា​មាន​បរិយាកាស​ផ្សេង​ពី​ថ្នាក់​បឋម​សិក្សា​ទាំងស្រុង — គ្មាន​ម៉ោង​ច្រៀង គ្មាន​ពេល​វេលា​ចែកចាយ​ឡើយ ។ យើង​ក៏​មាន​កម្មវិធី​ម៉្ញូតឆល​នៅ​អំឡុង​សប្ដាហ៍​ផងដែរ ។

ខ្ញុំ​គ្រាន់តែ​សម្រប​ខ្លួន​ឲ្យ​ត្រូវ​នឹង​ថ្នាក់​នោះ ហើយ​មាន​អារម្មណ៍​សុខ​ស្រួល ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អនុវត្ត​តាម​កម្មវិធី​សិក្សា​ថ្មី​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ច្រើន ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​សម្រប​ខ្លួន​ទៅ​នឹង​ទម្លាប់​ថ្មី និង​បង្កើត​ទំនាក់ទំនង​ជាមួយ​យុវនារី​ផ្សេង​ទៀត ។

ជាច្រើន​សប្តាហ៍​បាន​កន្លង​ទៅ ខ្ញុំ​បាន​ចាប់ផ្តើម​ដឹង​ពី​មូលហេតុ​ដែល​ខ្ញុំ​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​យុវនារី ។ ខ្ញុំ​បាន​រៀន​ដំណឹងល្អ​កាន់តែ​ច្រើន ខ្ញុំ​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុងការ​ធ្វើ​សេចក្តីល្អ​បន្តិចបន្តួច​រៀងរាល់​សប្តាហ៍ ហើយ​ខ្ញុំ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ដំណាក់​របស់​ទ្រង់ ។

ឥឡូវ​នេះ​ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់​ចំពោះ​ថ្នាក់​យុវនារី ។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​បាន​សម្រប​ខ្លួន​ទៅ​នឹង​ការផ្លាស់ប្តូរ​នេះ ហើយ​ថា​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​នោះ ។

បែតថានី ដបុលយូ ហ្លូរីដា ស.រ.អា.

ព្រះវិញ្ញាណ​ស្អាតស្អំ ៖ មាន​សារៈសំខាន់​ជាង​ការប្រកួតប្រជែង​ទៅ​ទៀត

រូបភាព
good books

នៅក្នុង​ថ្នាក់​ទី​ប្រាំបី ខ្ញុំ​នៅក្នុង​ក្លឹប​អាន​សៀវភៅ​មួយ ។ រៀងរាល់​ខែ យើង​បាន​ជួប​គ្នា​ពិភាក្សា​អំពី​សៀវភៅ ហើយ​នៅ​ចុង​ឆ្នាំ​យើង​មាន​ការប្រកួតប្រជែង​គ្នា​ដើម្បី​ដឹង​ថា តើ​ក្រុម​ណា​ដឹង​បាន​ច្រើន​បំផុត​អំពី​សៀវភៅ​នីមួយៗ ។ ច្បាប់​មួយ​ដែល​យើង​តែងតែ​ធ្វើ​តាម​នោះ​គឺ​អាន​តែ​សៀវភៅ​ស្អាតស្អំ​ប៉ុណ្ណោះ ។

នា​ខែ​មួយ ពេល​ខ្ញុំ​បាន​ចាប់ផ្តើម​អាន​សៀវភៅ​បន្ទាប់​មួយ​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា សៀវភៅ​នោះ​មិន​ស្អាតសំ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​អាន​វា ប្រសិនបើ​ខ្ញុំ​ចង់​ឲ្យ​ក្រុម​របស់​ខ្ញុំ​ឈ្នះ​ការប្រកួត​នោះ ។ ខ្ញុំ​ពុំ​អាច​ធ្វើ​ឲ្យ​ពួកគេ​ខក​ចិត្ត​ឡើយ ។ ពេល​អាន​បាន​ពីរបី​ជំពូក​មក សៀវភៅ​នោះ​កាន់តែ​មិន​ស្អាតស្អំ​ឡើង ។ ទីបំផុត ខ្ញុំ​បាន​ឈប់​អាន​វា ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​អាច​អាន​វា​បាន​ឡើយ — ភាព​ស្អាតស្អំ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​ការឈ្នះ​ការប្រកួត​នោះ​ទៅ​ទៀត ។

ប៉ុន្តែ​ខ្ញុំ​បារម្ភ​អំពី​ការប្រាប់​រឿង​នោះ​ដល់​ក្រុម​របស់​ខ្ញុំ ។។ នៅ​យប់​មួយ​ពីមុន​ការប្រជុំ​ក្លឹប​របស់​យើង ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ខ្ញុំ​មាន​ភាព​ក្លាហាន​ដើម្បី​ប្រឈម​មុខ​នឹង​ពួកគេ ។

នៅ​ថ្ងៃ​បន្ទាប់​ខ្ញុំ​ពិត​ជា​មាន​ការបារម្ភ​ណាស់ ។ ខ្ញុំ​បាន​អង្គុយ​ជាមួយ​ក្រុម​របស់​ខ្ញុំ ។ នៅពេល​ការប្រជុំ​ចាប់ផ្តើម ខ្ញុំ​ហៀប​នឹង​ពន្យល់​ប្រាប់​ពួកគេ ខ្ញុំ​ពុំ​អាច​អាន​សៀវភៅ​នោះ​ឡើយ ។ ប៉ុន្តែ​ពីមុន​ខ្ញុំ​និយាយ​នោះ ស្រាប់​តែ​អ្នក​ដឹកនាំ​ក្រុម​បាន​ក្រោក​ឈរ​ឡើង ហើយ​ធ្វើការសូមទោស ។ គាត់​បាន​ពន្យល់​ថា គាត់​ពុំ​បាន​អាន​សៀវភៅ​នោះ​ពីមុន​ដាក់​វា​ក្នុង​បញ្ជី​សៀវភៅ​របស់​យើង​ឡើយ ហើយ​ពុំ​បាន​ដឹង​ថា មាន​អ្វី​នៅ​ក្នុង​នោះ​ដែរ​ទេ ។ គាត់​បាន​និយាយ​ថា គាត់​នឹង​ដក​សៀវភៅ​នោះ​ចេញ​ពី​បញ្ជី ។ ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌ ។

ខ្ញុំ​ដឹង​ថា ពេល​យើង​ធ្វើ​តាម​បទដ្ឋាន​របស់​យើង ព្រះអម្ចាស់​មើល​ថែ​យើង ។ ទ្រង់​ពុំ​ដោះស្រាយ​ចំពោះ​ស្ថានភាព​ទាំង​នោះ​ជានិច្ច​ដូច​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ផ្តល់​ភាពក្លាហាន​ដល់​យើង​ជានិច្ច​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ។

អាសលេ អេ រដ្ឋ​យូថាហ៍ ស.រ.អា