២០១៨
តាំងចិត្ត​ដើម្បី​ប្រែចិត្ត
January 2018


យុវវ័យ

តាំងចិត្ត​ដើម្បី​ប្រែចិត្ត

រូបភាព
young woman

ប្រធាន ម៉នសុន ពន្យល់​ថា « ការទទួល​ខុស​ត្រូវ​របស់​យើង​គឺ ត្រូវ​ក្រោក​ចេញ​ពី​អសមត្ថភាព​ទៅ​កាន់​សមត្ថភាព ក្រោក​ចេញ​ពី​ភាពបរាជ័យ​ទៅ​កាន់​សមិទ្ធិផល​វិញ ។ ភារកិច្ច​របស់​យើង​គឺ​ត្រូវ​ក្លាយ​ជា​មនុស្ស​ដ៏​ល្អ​បំផុត​ចំពោះ​ខ្លួន​ឯង » ។ មនុស្ស​ជា​ច្រើន​បាន​ញែក​ខែ​មករា​ទុក ដើម្បី​ដាក់​គោលដៅ និង​ការតាំងចិត្ត​ដើម្បី​កែប្រែ​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ៖ ញញឹម​ច្រើន​ជាង​មុន បរិភោគ​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ឬ​រៀន​បំណិន​ថ្មី​ណា​មួយ ។ ទោះបីជា​គោលដៅ​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ផ្លាស់ប្តូរ​កាន់តែ​ប្រសើរ​ឡើង​ក្តី របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ផ្លាស់ប្តូរ​នោះ​គឺ​តាមរយៈ​ការប្រែចិត្ត ។

ទោះបី​ការប្រែចិត្ត​អាច​លំបាក​ក្តី តែ​វា​គឺ​ជា​អំណោយ​ទាន​មួយ ! ពេល​យើង​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង នោះ​យើង​អាច​រីកចម្រើន​ឡើង ។ ប្រធាន ម៉នសុន មាន​ប្រសាសន៍​ថា « ព្រះអង្គ​សង្គ្រោះ​របស់​យើង​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាផ្នែក​ដ៏​ចាំបាច់​នៃ​ផែនការ [ នៃ​សេចក្តី​សង្គ្រោះ ] ។ បើ​គ្មាន​ពលិកម្ម​ធួន​របស់​ទ្រង់​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាត់បង់ » ។ តាមរយៈ​ការប្រែចិត្ត អ្នក​អាច​ត្រូវ​បាន​លាង​ជម្រះ​ឲ្យ​ស្អាត​ពី​អំពើ​បាប​របស់​អ្នក ហើយ​រីកចម្រើន​ប្រែ​កាន់តែ​ដូច​ទ្រង់ ។

សូម​គិត​អំពី​អ្វី​មួយ​ដែល​រារាំង​អ្នក​ពីការ​ប្រែ​ក្លាយ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។ តើ​វា​ជា​ពាក្យ​សម្តី​របស់​អ្នក​ឬ ? តើ​អ្នក​ប្រព្រឹត្ត​ចំពោះ​មិត្តភក្តិ និង​គ្រួសារ​អ្នក​យ៉ាង​ដូចម្តេច ? បន្ទាប់​ពី​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ហើយ សូម​អធិស្ឋាន​ទូល​ទៅ​ព្រះវរបិតាសួគ៌ ហើយ​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ផ្លាស់ប្តូរ ។ សូម​ចងចាំ​ថា តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ភាព​ទន់ខ្សោយ​របស់​អ្នក​បាន ។ ដូច​ប្រធាន ម៉នសុន បាន​បង្រៀន​ថា « អំណោយទាន​នៃ​ការប្រែចិត្ត ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​យើង អាច​ធ្វើ​ឲ្យ​យើង​កែប្រែ​ជីវិត​រស់នៅ​របស់​យើង » ។