២០១៦
ទ្រង់​នឹង​លើក​អ្នក​ដាក់​លើ​ស្មា​របស់​ទ្រង់ ហើយ​​លី​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ
ឧសភា 2016


សារលិខិត​ការ​បង្រៀន​សួរសុខទុក្ខ ខែ ឧសភា ឆ្នាំ ២០១៦

ទ្រង់​នឹង​លើក​អ្នក​ដាក់​លើ​ស្មា​របស់​ទ្រង់ ហើយ​​លី​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ

គឺ​ដូច​ជា​អ្នក​គង្វាល​ល្អ​ស្វែង​រក​ចៀម​ដែល​បាត់​របស់​ទ្រង់ ប្រសិន​បើ​អ្នក​នឹង​បើក​ដួង​ចិត្ត​របស់​អ្នក​ទៅ​រក​ព្រះអង្គសង្គ្រោះ​នៃ​ពិភព​លោក​​នេះ នោះ​ទ្រង់​នឹង​រក​អ្នក​ឃើញ ។

ការចងចាំ​​ដ៏​សែន​តក់ស្លុត​មួយ​កាល​ពី​កុមារភាព​របស់​ខ្ញុំ​ចាប់​ផ្តើម​ជា​មួយ​នឹង សំឡេង​សឺរ៉ែន​ដែល​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​ដំណេក ។ មិន​យូរ​ប៉ុន្មាន សំឡេង​ផ្សេង​ទៀត​បាន​បន្លឺ​ឡើង សំឡេង​ក្រឹកៗ ហើយ​បន្ទរ​ជា​មួយ​ស្លាបចក្រ​បន្ទរ​ខ្លាំង​ឡើងៗ​រហូត​ដល់​ធ្វើ​ឲ្យ​ខ្យល់បក់​អង្រួន​គ្រប់​ទិសទី ។ ដោយ​បាន​ទទួល​ការបំពាក់បំប៉ន​យ៉ាង​ល្អ​ពី​ម្តាយ​របស់​យើង យើង​ទាំងអស់​គ្នា​ដែល​ជា​កូន​បាន​ចាប់​​យក​កាបូប​រៀងៗ​ខ្លួន ហើយ​រត់​ឡើង​លើ​ភ្នំ​សំដៅ​ទៅ​រណ្តៅ​ត្រង់សេ​គេច​​ពី​គ្រាប់​បែក ។ ខណៈ​ពេល​យើង​រត់គេច​ទាំង​យប់​ងងឹត​ចេញពី​គោលដៅ​របស់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ពី​លើ​មេឃ ដែល​មាន​​ភ្លើង​ពណ៌ខៀវ និង ពណ៌ស ។ អ្វី​ដែល​ចម្លែក​គឺ​គ្រប់គ្នា​ហៅ​ពន្លឺ​ភ្លើង​នោះ​ជាពន្លឺ​ភ្លើងនៃដើម​គ្រីស្ទម៉ាស ។

ខ្ញុំ​មាន​អាយុ​បួន​ឆ្នាំ ហើយ​ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​​ដល់​ពិភពលោក​អំពីសង្គ្រោម​លោក ។

ដ្រេស​ឌេន

ទីក្រុង ដ្រេសឌេន គឺ​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​ក្រុម​គ្រួសារ​របស់​ខ្ញុំ​រស់នៅ​ទេ ។ អស់​អ្នក​ដែល​រស់នៅ​ទីនោះ​ប្រហែល​ជា​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​បាន​ឃើញ​រាប់ពាន់​ដង ។ គ្រាប់​មីស៊ីល​ធន់ធ្ងន់​រាប់ពាន់​គ្រាប់​បាន​ផ្ទុះ បោស​សំអាត ដ្រេសឌេន បំផ្លិច​បំផ្លាញ​ទីក្រុង​ជាង ៩០ ភាគរយ ហើយ​បាន​បន្សល់​ទុក​តែ​កំទេច​កំទី និង​ផេះផង់​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

មិន​យូរ​ប៉ុន្មាន ទីក្រុង​ដែល​គេ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ថា « ប្រអប់​រតនៈសម្បត្តិ » គ្មាន​លើ​លោក​​ទៀត​ឡើយ ។ អេរិច ខេសនើរ ជា​អ្នក​និពន្ធ​ជន​ជាតិ​អាឡឺម៉ង់ បាន​សរសេរ​អំពី​ការបំផ្លិចបំផ្លាញ​នេះ​ថា « ភាពស្រស់ស្អាត​របស់​នាង​​ត្រូវ​បាន​​ស្ថាបនា​អស់​រយៈ​ពេល​​រាប់ពាន់​ឆ្នាំ តែ​ត្រូវ​បំផ្លាញ​ទាំងស្រុង​តែក្នុង​ពេល​​មួយ​យប់ » ។ ក្នុង​អំឡុង​ពេល​នៃ​កុមារភាព​របស់​ខ្ញុំ ខ្ញុំ​មិន​អាច​ស្រមៃ​ដល់​ថា​ ការបំផ្លិច​បំផ្លាញ​នៃ​សង្រ្គាម​ចំពោះ​ជនជាតិឯង​ដែល​បាន​ចាប់ផ្តើម​នោះ អាច​នឹង​កន្លង​ផុត​ទៅ​នោះ​ទេ ។ ពិភពលោក​ដែល​នៅ​ជុំ​វិញ​យើង​បាន​បង្ហាញ​នូវ​​ភាព​អស់សង្ឃឹម​ទាំងស្រុង និង​គ្មាន​អនាគត ។

កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​មាន​ឱកាស​ត្រឡប់​ទៅ​កាន់​ទីក្រុង ដ្រេសឌេន ម្តង​ទៀត ។ ចិតសិប​ឆ្នាំ​ក្រោយមក បន្ទាប់​ពី​សង្គ្រាម ទីក្រុង​នោះ​បាន​ក្លាយ​ជា « ប្រអប់រតនៈ​សម្បត្តិ » ជា​ថ្មី​ម្តង​ទៀត ។ ការបំផ្លិច​បំផ្លាញ​ត្រូវ​បាន​​សំអាត​ចោល ហើយ​ទីក្រុង​នេះ​ត្រូវ​បាន​ស្តារឡើង​វិញ​ជា​ថ្មី និង​កាន់​តែ​អភិវឌ្ឍន៍ ។

អំឡុង​ពេល​នៃ​ទស្សនៈកិច្ច​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​របស់​ពួក​អ្នក​ជឿ​លោក​ លូធើរ ដ៏​ស្រស់ស្អាត​នៃ​ ហ្វ្រោអ៊ិនខេឆើរ ជា​ព្រះវិហារ​​នៃ​ព្រះម៉ែ​របស់​យើង ។ ព្រះវិហារ​នេះ​ត្រូវបាន​​សាងសង់​ឡើង​ដំបូង​​នា​សត្សវត្សរ៍​ទី ១៧ ដែល​វា​ធ្លាប់​ជា​រតនៈ​សម្បត្តិ​ដ៏​ចែងចំាង​របស់​ទីក្រុង ដ្រេសឌេន ប៉ុន្តែ​សង្គ្រាម​បាន​កំទេចវា​​ឲ្យ​ក្លាយ​ជា​ផេះផង់ ។ កំទេច​ព្រះវិហារ​នោះ​​បាន​នៅ​របៀប​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​រហូត​ដល់​ទី​បំផុតគេ​​បាន​សម្រេច​ថា​ ហ្វ្រោអិនឃើឆេ ត្រូវ​តែ​សាង​សង់​ឡើង​ជាថ្មី ។

កំទេច​ថ្ម​នៃ​ព្រះវិហារ​ដែល​រង​ការបំផ្លិច​បំផ្លាញ​ត្រូវ​បាន​រក្សាទុកនិង​រៀបចំ​ទុក​ជា​គំរូ ហើយ​ដើម្បី​ប្រើប្រាស់​ក្នុង​ការសាងសង់​ជា​ថ្មី ប្រសិន​បើ​អាច​ប្រើ​បាន ។ បច្ចុប្បន្ន​នេះ​អ្នក​អាច​មើលឃើញ ថ្ម​ឆេះ​រោល​ពណ៌​ខ្មៅ​មាន​ស្នាម​អុចៗ​នៅ​លើ​ជញ្ជាំង​ផ្នែក​ខាង​ក្រៅ ។ « ស្លាកស្នាម » ទាំង​នេះ​មិន​ត្រឹម​តែ​ជា​ការ​រំឭក​អំពី​ប្រវត្តិសាស្រ្ត​នៃ​សង្គ្រាម​ចំពោះ​អគារ​នោះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​បូជនីយស្ថានដើម្បី​មាន​ក្តី​សង្ឃឹម— ជា​និមិត្ត​រូប​នៃ​សមត្ថភាព​ដ៏​រុងរឿង​របស់​មនុស្ស​ក្នុង​ការបង្កើត​ជីវិត​ថ្មី​ពី​កំទេច​ផេះ​ផង់​ផងដែរ ។

កាល​ខ្ញុំ​សញ្ជឹង​គិត​អំពី​ប្រវត្តិសាស្រ្ត​របស់​ដ្រេសឌេន និង​ស្ញប់ស្ញែង​ចំពោះ​ភាពប៉ិនប្រសព្វ និង​ការប្តេជ្ញាចិត្តរបស់​​អស់​អ្នក​ដែល​បាន​សាង​ឡើងវិញ​នូវ​អ្វី​ដែល​បាន​បំផ្លិចបំផ្លាញ​ទាំង​ស្រុង នោះ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រាកដ​ណាស់ ខ្ញុំ​គិត​ថា​ប្រសិន​បើ​មនុស្ស​អាច​យក​កំទេច​ផេះផង់ និង​សំណល់​នៃ​ទីក្រុង​បែកបាក់ ហើយ​សង់​ឡើងវិញ​ឲ្យ​លេច​ឡើង​នូវ​ស្ថាបត្យកម្ម​ដ៏​ស្ញប់ស្ងែង​ឆ្ពោះ​ទៅ​ស្ថានសួគ៌ ឱ​តើ​ព្រះវរបិតា​ដ៏​មាន​មហិទ្ធិឫទ្ធិ​របស់​យើង​នឹង​មាន​សមត្ថភាព​យ៉ាង​ណា​ដើម្បី​ស្តារ​កូនចៅ​របស់​ទ្រង់​ដែល​ធ្លាក់​​ចុះ​លំបាក​ ឬ វង្វេង​នោះ ?

មិន​ថា​ជីវិត​របស់​យើង​ហាក់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​យ៉ាង​ណា​នោះ​ទេ ។ មិន​ថា​បាប​របស់​យើង​កខ្វក់ ល្វីង​ជូរចត់ ឯកោ ត្រូវ​បោះបង់​ចោល ឬ​ខូច​ចិត្ត​យ៉ាង​ណា​នោះ​ទេ ។ សូម្បី​តែ​អ្នក​ដែល​គ្មាន​សេចក្តី​សង្ឃឹម អស់​អ្នក​ដែល​រស់នៅ​ក្នុង​ភាព​អស់​សង្ឃឹម អស់អ្នក​ដែល​ក្បត់​សេចក្តី​ទុកចិត្ត អស់​អ្នក​ដែល​ហ៊ុម​ព័ទ្ធដោយ​សេចក្តីទុច្ចរិត ឬ​រត់​គេច​ពី​ព្រះ​ក្តី​ គេ​​អាច​ស្ថាបនា​ជា​ថ្មី​បាន ។ លើក​លែង​តែ​​កូន​អន្តរធាន​ទាំង​នោះ ​នោះ​វា​​គ្មាន​ជីវិត​ដែល​ខ្ទេច​ខ្ទំ​ណា​ដែល​មិន​អាច​ស្តារ​ឡើង​វិញ​នោះ​ទេ ។

សេចក្តី​អំណរ​នៃ​ដំណឹងល្អ​គឺ ៖ ពី​ព្រោះ​ផែនការ​ដ៏​អស់កល្ប​នៃ​សុភមង្គល ដែលត្រូវ​ប្រទាន​​ឲ្យ​ដោយ​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង និង​ការពលិកម្ម​ដ៏​គ្មាន​ទីបំផុត នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​មិន​ត្រឹម​តែ​អាច​ត្រូវ​បាន​ប្រោស​លោះ​អំពីស្ថាន​ភាព​ធ្លាក់ចុះ និងស្តារ​ឡើងវិញនូវ​ភាព​បរិសុទ្ធ​របស់យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​អា​ច​មើល​ឃើញ​ហួស​ពីជីវិត​រមែង​ស្លាប់​នេះ ហើយទទួលមរតក​នៃ​ជីវិត​អស់កល្ប​ជានិច្ច និងទទួល​បាន​នូវ​ភាព​រុងរឿង​ដ៏មហិមា​របស់​ព្រះ ។

រឿង​ប្រៀបប្រដូច​​អំពី​កូន​ចៀម​ដែល​វង្វេង​បាត់

អំឡុង​ពេល​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ពួក​អ្នក​ដឹកនាំ​សាសនា​នៅ​ជំនាន់​នោះ​មិន​អនុញ្ញាត​ឲ្យ​ព្រះយេស៊ូវ ចំណាយ​ពេល​ជា​មួយ​ប្រជាជន​ ដែល​​ពួកគេ​ចាត់​ទុក​ថា ​« មានបាប » នោះ​ទេ ។

ប្រហែល​ជា​ចំពោះ​ពួកគេ​ វា​មើល​ទៅ​ដូចជា ទ្រង់​មាន​​ត្រាប្រណី ឬ​អភ័យ​ទោស​ដល់​ឥរិយាបទ​ដែល​ប្រកប​ដោយ​អំពើ​បាប ។ ប្រហែល​ជា​ពួកគេ​ជឿ​ថា វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​មនុស្ស​មាន​បាប​ឲ្យ​ប្រែចិត្ត​គឺ​ត្រូវ​ផ្តន្ទា​ទោស ចំអក និង​ធ្វើ​ឲ្យ​ពួកគេ​​អាម៉ាស់​មុខ ។

នៅ​ពេល​ព្រះអង្គសង្គ្រោះ​ទ្រង់​ជ្រាប​ពី​គំនិត​របស់​ពួក​ផារិស៊ី ​និង​ពួក​អាចារ្យ នោះ​ទ្រង់​បាន​និទាន​រឿង​មួយ​ប្រាប់​ពួក​គេ ៖

« ក្នុង​ចំណោម​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅសិប​ប្រាំបួន​ឲ្យ​នៅ​ទី​រហោ​ស្ថាន ដើម្បី​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬអី ?

« កាលណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក​ដោយ​អំណរ » ។

ជា​ច្រើន​ទសតវត្សរ៍​មក​ហើយ រឿង​ប្រៀប​ប្រដូច​បុរាណ​នេះ​ត្រូវ​បាន​បកស្រាយ ជា​ការអំពាវនាវ​ឲ្យ​យើង​ធ្វើ​សកម្ម​ភាព​ក្នុង​កា​រ​នាំយក​ចៀម​ដែល​បាត់ ឬ​ឈោង​ទៅរក​អស់​អ្នក​ដែល​វង្វេង ។ ខ្ញុំ​ងឿយ​ឆ្ងល់​ថា ​តើ​មាន​អ្វី​បន្ថែម​ពី​លើ​នោះ​ទៀត ខណៈ​ដែល​រឿង​នោះ​ពិត​ជា​ត្រឹមត្រូវ និង ល្អ​មែន ។

តើ​វាអាច​ទៅ​រួច​ទេ​ដែល​គោល​បំណង​របស់​ព្រះយេស៊ូវ ជា​បឋម និង​សំខាន់​បំផុត គឺ​ដើម្បី​បង្រៀន​អំពី​កិច្ចការ​របស់​អ្នក​គង្វាល​ល្អ ?

តើ​វា​អាច​ទៅ​រួច​ទេ ​ដែល​ទ្រង់​ថ្លែង​ទីបន្ទាល់​ពី​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​ដែល​វង្វេង​ផ្លូវ​របស់​ទ្រង់​នោះ ?

តើ​វា​អាច​ទៅ​រួច​ទេ​ដែល សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​បញ្ជាក់​ថា​ ព្រះ​ពិត​ជា​ទ្រង់​ជ្រាប​ទាំង​អស់​អំពី​អស់​អ្នក​ដែល​វង្វេង​—ហើយ​ថា​ទ្រង់​នឹង​ស្វែងរក​ពួកគេ ថា​ទ្រង់​នឹង​ឈោង​ទៅ​រក​ពួកគេ ហើយ​ទ្រង់​នឹង​ជួយសង្គ្រោះ​ពួកគេ​នោះ ?

ប្រសិនបើ​ដូច្នេះ​មែន តើ​កូនចៀម​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សក្តិសម ចំពោះ​ជំនួយ​ដ៏​ទេវភាព​ទាំងនេះ ?

តើ​កូន​ចៀម​ត្រូវការ​ដឹង​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ដ៏​ស្មុគ្រ​ស្មាញ​នេះ ដើម្បី​គណនា​អំពី​ភូមិសាស្រ្ត​ដូចម្តេច ? តើ​វា​ត្រូវ​មាន​សមត្ថភាព​ចេះ​ប្រើ GPS ( ប្រពន្ធ​ប្រាប់​ទិសដៅ​ភូមិ​សាស្រ្ត ) ដើម្បី​បញ្ជាក់​ប្រាប់​ទីតាំង​មែន​ដែរ​ឬ​ទេ ? តើ​វា​ត្រូវ​ការ​មាន​អ្នក​ជំនាញ​ដើម្បី​បង្កើត app ( កម្មវីធី​ ) ដែល​អាច​ស្នើសុំ​ជំនួយ មែន​ដែរ​ឬ​ទេ ? តើ​ចៀម​ត្រូវការ​សកម្មភាព​គាំទ្រ​ពី​អ្នក​ធានា​ពី​មុន​ពេល​អ្នក​គង្វាល​ល្អ នឹង​មក​ជួយ​សង្គ្រោះ​ពួកគេ​មែន​ដែរ​ឬ​ទេ ?

ទេ ! ពិត​ជា​មិនមែនទេ ! ធម្មតា​ចៀម​មាន​ភាពសក្តិសម​នឹង​ទទួល​ជំនួយ​សង្គ្រោះ​ដ៏​ទេវភាព ពី​ព្រោះ​វា​បាន​ទទួល​ក្តី​​ស្រឡាញ់​ពី​អ្នក​គង្វាលល្អ ។

ចំពោះខ្ញុំ ​រឿង​ប្រៀបធៀប​អំពី​ចៀម​ដែល​បាត់ គឺ​ជា​សារលិខិត​ដែល​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ដែល​មាននៅ​ក្នុង​ព្រះគម្ពីរ​ទាំងអស់ ។

ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​គង្វាល​ល្អ​របស់​យើង ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​យើង ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​អ្នក​រាល់គ្នា ។

ទ្រង់​ជ្រាប​ពេល​ដែល​យើង​វង្វេង ហើយ​ទ្រង់​ជ្រាបថា​អ្នក​នៅ​ទី​ណា ។ ទ្រង់​ជ្រាប​ពី​ការ​រងទុក្ខ​របស់​អ្នក ។ ការ​ទូល​សុំ​ដោយ​ស្ងប់ស្ងាត់​របស់​អ្នក ។ ការភ័យ​ខ្លាច​របស់​អ្នក ។ ទឹក​ភ្នែក​របស់​អ្នក ។

មិន​ថា​អ្នក​វង្វេង​ដោយ​របៀបណា​—ទោះ​ដោយ​ជម្រើស​មិន​ល្អ​របស់​អ្នក ឬ​ដោយ​ស្ថាន​ភាព​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​ក្តី ។

ទោះ​ជា​យ៉ាង​ណា​ក្តី ​អ្នក​នៅតែ​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ។ ហើយ​ទ្រង់​ស្រឡាញ់​អ្នក ។ ​ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ដោយសារ​ទ្រង់​ស្រឡាញ់​អ្នក នោះទ្រង់​នឹង​រក​អ្នក​ឃើញ ។ ទ្រង់​នឹង​លី​អ្នក​ដោយ​អំណរ ។ ពេល​ទ្រង់​នាំ​អ្នក​មក​ផ្ទះ​វិញ ទ្រង់​នឹង​មាន​បន្ទូល​ប្រាប់​មនុស្ស​គ្រប់​គ្នាថា « សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ » ។

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ?

ប៉ុន្តែ​អ្នក​ប្រហែល​គិត​ថា តើ​អ្វី​ជា​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ ? ប្រាកដណាស់​ ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ច្រើន​ទៀត​ជាង​គ្រាន់​តែ​អង្គុយ​រងចាំ​បាន​សង្គ្រោះ ។

ទោះ​បី​ជា​ព្រះទ័យ​របស់​ព្រះវរបិតា​ជា​ទីស្រឡាញ់​របស់​យើង​ចង់​ឲ្យ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​ត្រឡប់​ទៅ​ជួប​ទ្រង់​វិញ​ក្តី ក៏​ទ្រង់​មិន​បង្ខំ​ឲ្យ​នរណា​ម្នាក់​ទៅ​ស្ថានសួគ៌​វិញ​ដែរ ។ ​ ព្រះ​នឹង​មិន​ជួយ​យើង​ ដែល​ប្រឆំាង​នឹង​ឆន្ទៈ​របស់​យើង​នោះ​ទេ ។

ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ?

ការអញ្ជើញ​របស់​ទ្រង់​គឺ​សាមញ្ញ ៖

« បែរ…ទៅ​រក​ទ្រង់ » ។

« ចូរ​មក​ឯ​ខ្ញុំ » ។

« ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក » ។

នេះ​គឺ​ជា​របៀប​ដែល​យើង​បង្ហាញ​ដល់​ទ្រង់​ថា​យើង​ចង់​បាន​សេចក្តី​សង្គ្រោះ ។

វា​តម្រូវ​ឲ្យ​មាន​ជំនឿ​បន្តិច​ទៀត ។ ប៉ុន្តែ ចូរ​កុំ​អស់​សង្ឃឹម​ឡើយ ។ ប្រសិនបើ​អ្នកមិនអាច​បង្កើត​សេចក្តីជំនឿ​ក្នុងពេលនេះ​ទេ សូមចាប់ផ្តើម​ជា​មួយ​ក្តី​សង្ឃឹម ។

ប្រសិន​បើ​អ្នក​មិន​អាច​និយាយ​ថា អ្នក​ដឹង​ថា​មាន​ព្រះ​នៅ​ទី​នេះ អ្នក​អាច​សង្ឃឹម​ថា​មាន​ទ្រង់ ។ អ្នក​អាច​មាន​បំណងប្រាថ្នា​ដើម្បី​ជឿ ។ ចំណុច​នេះ​គ្រប់​គ្រាន់​ដើម្បី​​ចាប់​ផ្ដើម ។

បន្ទាប់​មក ធ្វើ​សកម្មភាព​តាម​សេចក្តី​សង្ឃឹម​នោះ ដើម្បី​ឈោង​ទៅ​រក​ព្រះវរបិតាសួគ៌ ។ ព្រះ​នឹង​លាត​ព្រះពាហុ​នៃ​សេចក្តី​ស្រឡាញ់​មក​រក​អ្នក ហើយ​កិច្ច​ការ​នៃ​ជំនួយ​សង្គ្រោះ និង​​ការផ្លាស់ប្រែ​នឹង​ចាប់ផ្តើម​ឡើង ។

មិន​យូរ​ប៉ុន្មាន​ អ្នក​នឹង​ស្គាល់​ពីឥទ្ធិពល​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ហើយ​បំណង​ប្រាថ្នា​ដើម្បី​ដើរ​ក្នុង​ពន្លឺ និង​ដើរតាម​ផ្លូវ​របស់​ទ្រង់​ នឹង​រីក​ចម្រើន​រាល់​​ជំហាន​នៃ​សេចក្តី​ជំនឿ​ដែល​អ្នក​ឈាន ។

យើង​ហៅ​ជំហាន​នៃ​សេចក្តី​ជំនឿ​ទាំង​នោះ​ថា « ការគោរពប្រ​តិបត្តិ » ។

ដែល​បច្ចុប្បន្ន​ពាក្យ​នេះ​មិន​សូវ​មាន​ប្រជា​ប្រិយភាពនោះ​​ទេ ។ ប៉ុន្តែ​ការគោរព​ប្រតិបត្តិ​គឺ​ជា​ទស្សនៈវិស័យ​ដ៏​មាន​តម្លៃ នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពី​ព្រោះ​យើង​ដឹង​ថា « តាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ​ដោយសារ​ការគោរព​តាម​ក្រឹត្យវិន័យ និង ពិធីការ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។

កាល​ដែល​សេចក្តី​ជំនឿ​យើង​កើនឡើង នោះ​ភាពស្មោះត្រង់​របស់​យើង​ក៏​កាន់​តែ​កើន​ឡើង​ដែរ ។ ដូច​ខ្ញុំ​បាន​ដកស្រង់​ពាក្យ​របស់​អ្នក​និពន្ធ ជន​ជាតិ​អាល្លឺម៉ង់​ពី​ខាង​ដើម ដែល​បង្ហាញ​ពី​ការសោកសង្រេង​នៃ​ការបំផ្លិចបំផ្លាញ​ក្រុង​ដ្រេសឌេន ។ គាត់​ក៏​បាន​សរសេរ​ឃ្លា​ថា « Es gibt nichts Gutes, ausser: Man tut es » ។ ចំពោះ​អស់​អ្នក​ដែល​មិន​និយាយ​ភាសា​សេឡេស្ទាល ឃ្លា​នេះ​បក​ប្រែ​ថា « គ្មាន​អ្វី​ដែល​ល្អ​​នោះទេ បើ​អ្នក​មិន​ធ្វើ​វានោះ​ » ។ ១០

អ្នក និង​ខ្ញុំ​ប្រហែល​ជា​ភាគច្រើន​ប្រើ​វោហាសព្ទ័​​នៃ​ភាសា​ខាង​វិញ្ញាណ ។ យើង​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំងឡាយ​ចាប់​អារម្មណ៍​ពី​ភាពវៃឆ្លាត​របស់​យើង​ចំពោះ​ការបកស្រាយ​ពី​ប្រធានបទខាង​​សាសនា ។ យើង​អាច​សរសើរ​ហួស​ហេតុ​ពេក​អំពី​សាសនា និង « លង់​នៅ​ក្នុង​សុបិន្ត [ របស់​យើង ] » ។ ១១ ប៉ុន្តែ​បើ​សេចក្តី​ជំនឿ​មិន​ផ្លាស់ប្តូរ​ពី​របៀប​ដែល​យើង​រស់នៅ—ប្រសិន​បើ​ជំនឿ​របស់​យើង​មិន​មាន​ឥទ្ធិពល​លើ​ការសម្រចចិត្ត​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ—នោះ​សាសនា និង សេចក្តី​ជំនឿ​​របស់​យើង​នឹង​ក្លាយជា​ឥត​ប្រយោជន៍ ប្រសិន​បើ​វា​មិន​ស្លាប់ទេ វា​ប្រាកដ​ជា​មិន​ល្អ និងស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ ដែល​ចុង​បញ្ចប់​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ ។ ១២

ការគោរព​ប្រតិ្តបត្តិ គឺ​ជា​សសៃ​ឈាម​នៃ​សេចក្តី​ជំនឿ ។ មាន​តែ​តាម​រយៈ​ការគោរពប្រតិបត្តិ​ប៉ុណ្ណោះ​ទើប​យើង​អាច​ប្រមូល​ពន្លឺ​ចូល​ក្នុង​ព្រលឹង​របស់​យើង​បាន ។

ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ យើង​យល់​ខុស​អំពី​ការគោរព​ប្រតិ្តបត្តិ ។ យើង​ប្រហែល​ជា​អាច​មើល​ឃើញថា ​ការ​គោរព​ប្រតិបត្តិ​គឺ​ជា​គោលដៅ ជា​ជាង​ជា​មធ្យោបាយ​ដើម្បី​សម្រេច​គោល​ដៅ ។ ឬ​យើង​ប្រហែល​ជា​ត្រូវ​ប្រើ​រឿង​ប្រៀបប្រដូច​នៃ​ញញួរ​ជាង​ដែក​លត់​ចំពោះ​ការគោរព​ប្រតិបត្តិ​ពត់​ស្រទាប់​ដែក​នៃ​ព្រះបញ្ញតិ្ត នៅ​ក្នុង​កិច្ចខិត​ខំ​កែ​ទម្រង់​អស់​អ្នក​ដែល​យើង​ស្រឡាញ់ តាម​រយៈ​ការ​ដុត​កំដៅ​ជា​ប្រចាំ និង​ដំ​វា​ម្តង​ហើយ​ម្តង​ទៀត រហូត​ដល់​បរិសុទ្ធ​ដូច​ស្ថានសួគ៌ ។

មាន​ពេល​ជាក់លាក់​មួយ​ដែល​យើង​ត្រូវការ​ការប្រែចិត្ត​យ៉ាង​មុត​មាំ ។ ប្រាកដ​ណាស់ ​មនុស្ស​ខ្លះ​អាច​គ្រាន់តែ​ឈាន​ទៅ​រក​លំនាំ​ដូច​នេះ ។

ប៉ុន្តែ​ប្រហែល​ជា​មាន​រឿង​ប្រៀបប្រដូច​ខុស​គ្នា ដែល​អាច​ពន្យល់​ពី​មូលហេតុ​ដែល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ប្រហែល​ជា​ការគោរពប្រតិបត្តិ​មិន​មែន​ជា​ដំណើរការ​នៃ​ការពត់ កាច់ ចាប់​បង្ខំ​ព្រលឹង​របស់​យើង​ឲ្យ​ទៅ​រក​អ្វី​ដែល​មិនមែន​ជា​យើង​នោះ​ទេ ។ ប៉ុន្តែ​នេះ​គឺ​ជា​ដំណើរការ ដែល​យើង​រក​ឃើញ​ពី​អ្វី​ដែល​​យើង​ពិត​ជា​បាន​បង្កើត​ឡើង ។

យើង​ទាំងអស់​គ្នា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ។ ទ្រង់​ជា​​ព្រះវរបិតាសួគ៌​របស់​យើង ។ យើង​គឺ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ យើង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្ភារ​ដ៏​ទេវភាព​ដែល​មាន​តម្លៃ​ជាង​គេ និងត្រូវ​បាន​​ដុស​ខាត់​ជា​ពិសេស ហើយ​យើង​បាន​នាំ​ធាតុ​ផ្សំ​ដ៏​ទេវភាព​ទាំង​នេះ​មក​ជា​មួយ​ខ្លួន​យើង ។

ទោះ​ជា​យ៉ាង​ណា​ក្តី​នៅ​លើ​ផែនដី​នេះ គំនិត​ និងសកម្មភាព​របស់​យើង បាន​ទទួល​ឥទ្ធិពល​​អវិជ្ជមាន​ដែល​ពុករលួយ មិន​បរិសុទ្ធ និង​មិន​ស្អាតស្អំ ។ ធូលីដី និង​ភាព​កខ្វក់​ទាំង​នោះ​ធ្វើ​ឲ្យ​ព្រលឹង​យើង​មាន​ស្នាម​ប្រឡាក់ ធ្វើ​ឲ្យ​មាន​ការពិបាក​ដើម្បី​ស្គាល់ និង​ចង​ចាំ​ពី​កំណើត​ពិត និង​គោលបំណង​របស់​យើង ។

ប៉ុន្តែ​ទាំងនេះ​មិនបាន​​ផ្លាស់ប្តូរ​យើង​ ថា​ជា​នរណា​យ៉ាង​ពិត​ប្រាកដ​ឡើយ ។ មូលដ្ឋានគ្រឹះ​ដ៏​ទេវភាព​ពី​ធម្មជាតិ​របស់​យើង​នៅ​បន្តមាន ។ ហើយ​នៅ​គ្រា​ដែល​យើង​ជ្រើសរើស​បង្វែរ​គំនិត និង​បេះដូង​របស់​យើង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​ឈាន​ជើង​ទៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស នោះអព្ភូតហេតុ​មួយ​ចំនួន​អាច​កើត​ឡើង ។ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​នឹង​បំពេញ​បេះដូង​យើង ពន្លឺ​នៃ​​សេចក្តីពិត​នឹង​បំពេញ​គំនិត​របស់​យើង ពេល​នោះ​យើង​នឹង​ចាប់​ផ្តើម​បោះបង់​បំណងប្រាថ្នា​ចង់​ធ្វើ​បាប ហើយ​យើង​នឹង​មិន​ចង់ដើរ​ក្នុង​ភាព​ងងឹត​ទៀត​ឡើយ ១៣

យើង​ចាប់​ផ្តើម​មើល​ឃើញ​ការគោរព​ប្រតិបត្តិ​ មិន​ដូច​ជា​ការ​ដាក់ទណ្ឌកម្ម​ទៀត​ទេ ប៉ុន្តែ​ជា​ផ្លូវ​ដែល​ដឹកនាំ​ទៅ​រក​សេរីភាព​នៃ​គោល​បំណង​ដ៏​ទេវភាព​ទៅវិញ ។ ភាពពុករលួយ ភាព​មិនបរិសុទ្ធ និងព្រំដែន​នៃ​លោកិយ៍​នេះ​នឹង​ចាប់ផ្តើម​ជ្រុះ​ចេញ​បន្តិច​ម្តងៗ ។ នៅ​ទី​បញ្ចប់ ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​ស្ថានសួគ៌ នឹង​បើក​សម្តែង​ចំពោះ​យើង ហើយ​និស្ស័យ​នៃ​សេចក្តីល្អ​នឹង​​ចែងចាំង​ក្នុងខ្លួន​យើង ។

អ្នក​ទាំងអស់​គ្នា​សក្តិសម​ចំពោះ​​ការ​ជួយ​សង្រ្គោះ

បងប្អូនប្រុសស្រី និង​មិត្តភក្តិ​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ព្រះ​ទត​ឃើញ​យើង​ជា​នរណា​យ៉ាង​ពិត​ប្រាកដ— ហើយ​ទ្រង់​ទត​ឃើញ​ថា​ យើង​សក្តិសម​ចំពោះ​ការសង្គ្រោះ ។

អ្នក​អាច​មាន​អារម្មណ៍​ថា​ ជីវិត​របស់​អ្នក​ត្រូវ​បំផ្លាញ ។ អ្នក​អាច​មាន​បាប ។ អ្នក​អាច​ភ័យខ្លាច មាន​កំហឹង ទុក្ខព្រួយ ឬ​មាន​ទុក្ខទោស​ដោយ​ភាព​សង្ស័យ ។ គឺ​ដូច​ជា​អ្នកគង្វាល​ល្អ​ស្វែង​រក​ចៀម​ដែល​បាត់​របស់​ទ្រង់​ដែរ ប្រសិនបើ​អ្នក​នឹង​បើក​ដួង​ចិត្ត​របស់​អ្នក​ទៅ​រក​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​ នោះទ្រង់​នឹង​រក​អ្នក​ឃើញ ។

ទ្រង់​នឹង​សង្គ្រោះ​អ្នក ។

ទ្រង់​នឹង​លើក​អ្នក​ឡើង ហើយ​លី​អ្នក​នៅ​លើ​ស្មា​ទ្រង់ ។

ទ្រង់​នឹង​នាំ​អ្នក​ទៅ​ផ្ទះវិញ ។

ប្រសិន​បើ​ស្នាដៃ​មនុស្ស​ធម្មតា​អាច​ផ្លាស់ប្តូរ​ធូលី​ផេះផង់ ទៅ​ជា​ដំណាក់​នៃ​ការថ្វាយបង្គំ​ដ៏​ស្រស់ស្អាត នោះ​យើង​អាច​មាន​ការ​ជឿជាក់ និង​ទុកចិត្ត​ថា​ ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​អាច ហើយ​ទ្រង់​នឹង​ស្ថាបនា​យើង​ឡើង ។ ផែនការ​របស់​ទ្រង់​គឺ​ស្ថាបនា​យើង​ទៅ​រក​អ្វី​ដែល​អស្ចារ្យ​ជាង​ខ្លួន​យើង—អស្ចារ្យ​ជាង​អ្វី​ដែល​យើង​អាច​ស្រមៃ​ដល់ ។ ដោយ​ជំហាន​នីមួយៗ​នៃ​សេចក្តីជំនឿ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស នោះ​យើង​អាច​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាពរុងរឿង​អស់​កល្ប​ជានិច្ច និង​ក្តី​រីករាយ​ដ៏​គ្មាន​ទីបញ្ចប់ ដែល​យើង​ត្រូវ​បាន​រៀបចំ​រចនា​​ឲ្យ​ប្រែ​ក្លាយ​ដូច​នោះ ។

នេះ​គឺ​ជា​ទី​បន្ទាល់ ពរជ័យ និង​ការអធិស្ឋាន​ដ៏​រាបសា​របស់ខ្ញុំ​នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​លោក​ចៅហ្វាយ​របស់​យើង ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។