២០១៦
ជម្រើស
ឧសភា 2016


សារលិខិត​គណៈប្រធាន​ទី​មួយប្រចាំ​ខែ ឧសភា ឆ្នាំ ២០១៦

ជម្រើស

ខ្ញុំ​សង្ឈឹម​ថា​ យើង​នឹង​ជ្រើសរើស​ផ្លូវ​ត្រូវ​ជានិច្ច ទោះ​ជា​វា​លំបាក​​ធ្វើ​ក្តី ចូរ​កុំ​ជ្រើសរើស​ផ្លូវ​ខុស​ដែល​ងាយ​ស្រួល​ឡើយ ។

បងប្អូន​ប្រុស​ស្រី ពីមុន​ខ្ញុំ​ចាប់​ផ្ដើម​សារលិខិត​ជា​ផ្លូវ​ការ​របស់​ខ្ញុំ​នា​ថ្ងៃ​នេះ ខ្ញុំ​ចង់​ប្រកាស​អំពី​ព្រះវិហារបរិសុទ្ធ​ថ្មី​ចំនួន​បួន​ទៀត ​ដែល​នឹង​ត្រូវ​សាងសង់​ក្នុង​ទីតាំងដូច​ខាង​ក្រោម​នា​ពេល​ខាង​មុខ ៖ ទីក្រុងហ្គីតូ ​ប្រទេសអេក្វាឌ័រ , ​ទីក្រុង​​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ, ទីក្រុង​ប៊ែលិម ប្រទេស​ប្រេស៊ីល​, និង​ព្រះវិហារ​ទីពីរ​នៅ​ទីក្រុង​លីម៉ា ប្រទេស​ពេរូ ។

នៅពេល​ខ្ញុំ​ក្លាយ​ជា​សមាជិក​មួយ​រូប​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅ​ឆ្នាំ ១៩៦៣ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១២ ដែល​បាន​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​សាសនាចក្រ​ទាំង​មូល ។ ដោយ​មាន​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ប្រូវ៉ូ​ស៊ីធីសិនធើរ កាល​ពី​ពីរ​សប្ដាហ៍​មុន ឥឡូវ​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៥០ កំពុង​ប្រតិបត្តិការ​​នៅ​ទូទាំង​ពិភពលោក ។ យើង​មាន​អំណរគុណ​ណាស់ ចំពោះ​ពរជ័យ​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​ទាំងនេះ ។

ឥឡូវ​នេះ បងប្អូន​ប្រុសស្រី ខ្ញុំ​ចង់​បង្ហាញ​នូវ​ការ​ដឹងគុណ​របស់​ខ្ញុំ​ចំពោះ​ឱកាស​​នេះ ដើម្បី​ចែកចាយ​នូវ​គំនិត​ខ្លះៗ​ជាមួយ​នឹង​បងប្អូន​នា​ព្រឹកនេះ ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​គិត​អំពី​ការ​ជ្រើសរើស ។ មាន​ពាក្យ​ថ្លែង​ថា ទ្វារ​នៃ​ប្រវត្តិសាស្ត្រ​បើក​ឡើង​ដោយ​សារ​តែ​ត្រចៀក​ទ្វារ​​ដ៏​តូច ហើយ​វា​ក៏​ដូច​គ្នា​នឹង​ជីវិត​របស់​មនុស្ស​ដែរ ។ ការ​ជ្រើសរើស​ដែល​យើង​ធ្វើ​កំណត់​អំពី​ជោគ​វាសនា​របស់​យើង ។

នៅពេល​យើង​ចាក​ចេញ​ពី​ជីវិត​មុន​ជីវិត​លើ​ផែនដី ហើយ​ចូល​មក​កាន់​ជីវិត​រមែង​ស្លាប់ នោះ​យើង​បាន​នាំ​មក​ជា​មួយ​យើង​នូវ​អំណោយ​​នៃ​សិទ្ធិ​ជ្រើសរើស ។ គោលដៅ​របស់​យើង​គឺ​ដើម្បី​ទទួល​បាន​សិរីល្អ​សេឡេស្ទាល ហើយ​ក្នុង​ផ្នែក​ដ៏​ធំ​បំផុត​នៃការ​ជ្រើសរើស​ដែល​យើង​ធ្វើ​នឹង​កំណត់​ថា តើ​យើង​សម្រេច​គោលដៅ​របស់​យើង ឬ​មិន​សម្រេច ។

បងប្អូន​ភាគ​ច្រើន​ស្គាល់​ប្រលោម​លោក​បុរាណ​អាលីស ជា​ស្នាដៃ​​​របស់​ លូវីស ខារ៉ូល Alice’s Adventures in Wonderland ( ដំណើរ​ផ្សងព្រេង​របស់​អាលីស​នៅ​ឋាន​មនោរម្យ ) ។ បងប្អូន​នឹង​ចងចាំ​ថា នាង​ដើរ​មក​ដល់​ផ្លូវ​បំបែក​នៅ​ចំពោះ​មុខ​នាង ដែល​ផ្លូវ​នីមួយៗ​បែក​ឆ្ពោះ​ទៅ​មុខ​តាម​ទិសដៅ​ផ្ទុយ​គ្នា ។ នៅ​ពេល​នាង​សញ្ជឹង​គិត​ថា តើ​​ត្រូវ​ទៅ​ផ្លូវ​មួយ​ណា នោះ​នាង​បាន​ជួប​នឹង​​សត្វ​ឆ្មា ឆេសស្ហើ ដែល​អាលីស សួរ​ថា « តើ​ខ្ញុំ​គួរ​ដើរ​ទៅ​ផ្លូវ​មួយណា ? »

ឆ្មា​នោះ​ឆ្លើយ​ថា « នោះ​វា​អាស្រ័យ​ថា​តើ​អ្នក​ចង់​ទៅ​កន្លែងណា ។ ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ​ផង​នោះ វា​មិន​សំខាន់​ទេ​ដែលថា ​អ្នក​​ត្រូវ​ទៅ​ផ្លូវ​មួយ​ណា​នោះ » ។

យើង​មិន​ខុស​ពី អាលីស ទេ យើង​ស្គាល់​កន្លែង​ដែល​យើង​ចង់​ទៅហើយ​វា គឺ សំខាន់​ថា​យើង​ត្រូវ​ទៅ​ផ្លូវ​មួយ​ណា ដ្បិត​ផ្លូវ​ដែល​យើង​ដើរ​​ក្នុង​ជីវិត​នេះ នឹង​ដឹក​នាំ​ទៅ​រក​គោលដៅ​នៅ​ជីវិត​បន្ទាប់​របស់​យើង ។

សូម​ឲ្យ​យើង​ជ្រើសរើស​ស្ថាបនា​នៅ​ក្នុង​ខ្លួន​យើង​នូវ​សេចក្ដីជំនឿ​ដ៏​មហិមា និង​ប្រកប​ដោយ​អានុភាព ដែល​នឹង​ជា​ការ​ការ​ពារ​ដ៏​មានប្រសិទ្ធភាព​បំផុត​របស់​យើង​ទប់​ទល់​នឹង​គម្រោង​របស់​មារសត្រូវ—ជា​សេចក្ដីជំនឿ​ពិត ជា​ប្រភេទ​នៃ​សេចក្ដីជំនឿ​ដែល​នឹង​គាំទ្រ​យើង​ ហើយ​នឹង​ពង្រឹង​ដល់​បំណង​ប្រាថ្នារបស់​យើង​​ដើម្បី​ជ្រើសរើស​ផ្លូវ​ត្រូវ​ ។ បើ​គ្មាន​ជំនឿ​ដូច្នេះ​ទេ នោះ​យើង​មិន​ទៅ​មុខ​ទេ ។ ដោយ​សារ​សេចក្ដីជំនឿ​នេះ យើង​អាច​សម្រេច​គោលដៅ​របស់​យើង ។

ទោះជា​វាសំខាន់​ដែល​យើង​ត្រូវ​ជ្រើសរើស​ដោយ​ឈ្លាសវៃ​ក្ដី ក៏​មានពេល​ខ្លះ​យើង​នឹង​ធ្វើ​ការ​ជ្រើសរើស​ដ៏​ល្ងិត​ល្ងង់​ដែរ ។ អំណោយ​ទាន​នៃ​ការ​ប្រែចិត្ត ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​​យើង អាច​ឲ្យ​យើង​កែ​ជីវិត​រស់​នៅ​របស់​យើង ដើម្បី​យើង​អាច​ត្រឡប់​ទៅ​កាន់​ផ្លូវ​ដែល​នឹង​ដឹកនាំ​យើង​ទៅ​កាន់​សិរីល្អ​សេឡេស្ទាល​ដែល​យើង​ស្វែងរក​នោះ​បាន ។

សូម​ឲ្យ​យើង​រក្សា​បាន​នូវភាព​ក្លាហាន​ដើម្បី​មិន​ចុះ​ចូល​នឹង​គំនិត​ដែល​មាន​ប្រជា​ប្រិយភាព ។ ខ្ញុំ​សង្ឈឹម​ថា​ យើង​នឹង​ជ្រើសរើស​ផ្លូវ​ត្រូវ​ជានិច្ច ទោះ​ជា​វា​លំបាក​​ធ្វើ​ក្តី ចូរ​កុំ​ជ្រើសរើស​ផ្លូវ​ខុស​ដែល​ងាយ​ស្រួល​ឡើយ ។

នៅពេល​យើង​សញ្ជឹង​គិត​អំពី​ការ​សម្រេចចិត្ត​ដែល​យើង​ធ្វើ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​—​ទោះជា​ត្រូវ​ធ្វើ​ការ​ជ្រើសរើសមួយ​នេះ ឬ​មួយ​នោះ​ក្ដី—​ប្រសិន​បើ​យើង​ជ្រើសរើស​ព្រះគ្រីស្ទ នោះយើង​នឹង​បាន​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ ។

ការ​អធិស្ឋាន​ដោយ​ស្មោះ និង​ដោយ​រាបសារ​របស់ខ្ញុំ​គឺ​ថា​ សូម​ឲ្យ​ការណ៍​នេះ​បាន​ដូច្នោះ នៅក្នុងព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទជា​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់​យើង អាម៉ែន ។

កំណត់​ចំណាំ

  1. សម្រួល​ចេញមកពី ​Lewis Carroll, Alice’s Adventures in Wonderland (ឆ្នាំ ១៨៩៨ ) ទំព័រ ៨៩ ។