២០១៥
លក្ខណៈ​របស់ ព្រះយេស៊ូវគ្រីស្ទ ៖ ពុំ​មាន​អំពើបាប
កុម្ភៈ 2015


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ ខែ កុម្ភៈ ឆ្នាំ 2015

លក្ខណៈ​របស់ ព្រះយេស៊ូវគ្រីស្ទ ៖ ពុំ​មាន​អំពើបាប

សូម​សិក្សា​ឯកសារ​នេះ​ដោយ​ការ​អធិស្ឋាន ហើយ​ព្យាយាម​យល់​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់​ដឹង​ពី​ខ្សែ​ជីវិត និង បេសកកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​មើល​ថែ តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​បាន​ដោយ​របៀប​ណា ? ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ reliefsociety.lds.org

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​របស់​យើង​ដែល​ជា​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អង្គ​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ដង្វាយធួន​សម្រាប់​មនុស្ស​លោក​បាន ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា « ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​កូនចៀម​ដែល​គ្មាន​ទោស ព្រម​ដាក់​ព្រះកាយ​ទ្រង់​នៅ​លើ​អាសនា​យញ្ញបូជា ហើយ​បង់​ថ្លៃ​ជំនួស​អំពើបាប​របស់​យើង » ។1 ការយល់ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​គ្មាន​អំពើបាប អាច​ជួយ​យើង​ឲ្យ​បង្កើន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ប្រែចិត្ត ហើយ​ក្លាយ​ជា​ជន​បរិសុទ្ធ ។

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ព្រះយេស៊ូវ…នៅ​ក្រោម​អំណាច​សាច់ឈាម និង ព្រះវិញ្ញាណ តែ​ទ្រង់​ពុំ​ចុះចាញ់​ការល្បួង​ឡើយ ( សូម​មើល ម៉ូសាយ 15:5) « យើង​អាច​បែរ​ទៅ​រក​ទ្រង់​… ព្រោះ​ទ្រង់​យល់​ការណ៍​ទាំង​នោះ ។ ទ្រង់​យល់​ពី​ឧបសគ្គ ហើយ​ទ្រង់​ក៏​យល់​ពី​របៀប​យក​ឈ្នះ​លើ​ឧបសគ្គ​នោះ​ដែរ ។ …

«…ព្រះចេស្តា​នៃ​ដង្វាយធួន​ទ្រង់​អាច​លុប​បំបាត់​ចោល​អំណាច​នៃ​អំពើបាប​ដែល​មាន​មក​លើ​យើង ។ នៅ​ពេល​យើង​ប្រែចិត្ត នោះ​ព្រះគុណ​ដ៏​ធួន​របស់​ទ្រង់​បង្គ្រប់ ហើយ​លាង​សម្អាត​យើង ( សូម​មើល នីហ្វៃទី 3 27:16–20) ។ នៅ​ពេល​យើង​ពុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការល្បួង គឺ​ដូចជា​យើង​ពុំ​ព្រម​ទៅ​ស្លាប់​ដូច្នេះ​ដែរ ។

នៅ​ពេល​យើង​ខិតខំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ដើម្បី​ដើរ​តាម​មាគ៌ា​របស់​ព្រះគ្រីស្ទ លំដាប់​នោះ​វិញ្ញាណ​របស់​យើង​បង្ហាញ​ឧត្តមភាព​របស់​ខ្លួន ហើយ​ចម្បាំង​ដ៏​ឥត​ស្រាកស្រាន្ត និង​ការល្បួង​ទាំងឡាយ​នឹង​លែង​ជា​បញ្ហា​ទៀត » ។ 2

ខគម្ពីរ​បន្ថែម

ម៉ាថាយ 5:48 យ៉ូហាន 8:7 ហេព្រើរ 4:15 នីហ្វៃទី 2 2:5–6

ដកស្រង់​ចេញ​ពី​ព្រះ​គម្ពីរ

ព្រះអង្គ​សង្គ្រោះ​បាន​បង់ថ្លៃ​អំពើបាប​របស់​យើង​តាម​រយៈ​ភាពជាបុត្រា​នៃ​ព្រះ ជីវិត​ដ៏​គ្មាន​អំពើបាប ការរងឈឺចាប់ និង​ការបង្ហូរ​ព្រះលោហិត​ទ្រង់​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ការសុគត​នៅ​លើ​ឈើឆ្កាង និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​ពី​ផ្នូរ ។ តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​ស្អាតស្អំ​សាជាថ្មី​នៅ​ពេល​យើង​ប្រែចិត្ត​ពី​អំពើបាប ។

ស្ដេច បេនយ៉ាមីន បាន​បង្រៀន​ប្រជារាស្រ្ត​ទ្រង់​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​សួរ​ថា​តើ​ពួកគេ​ជឿ​បន្ទូល​ទ្រង់​ដែរ​ឬ​ទេ ។ « ពួកគេ​ទាំងអស់​គ្នា​បាន​ស្រែក​ឡើង​ព្រម​គ្នា​ថា ៖ …ព្រះវិញ្ញាណ…បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួកយើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ ។ …

« ហើយ​យើង​ខ្ញុំ​យល់ព្រម​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​របស់​ពួកយើង ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​របស់​ទ្រង់ ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ចំពោះ​អ្វីៗ​ទាំងអស់ » (ម៉ូសាយ 5:1–2, 5) ។

យើង​ក៏​អាច​មាន « ការផ្លាស់ប្ដូរ​ដ៏​ធំ » ដូចជា​ប្រជារាស្ត្រ​របស់​ស្ដេច បេនយ៉ាមីន ដែល « ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » (ម៉ូសាយ 5:2) ។

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « អ្នក​អាច​ធ្វើ​វា​ឥឡូវ​នេះ​បាន ! » Liahona, ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 56 ។

  2. ឌី ថត គ្រីស្តូហ្វឺសិន «That They May Be One in Us» Liahona, ខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 71 ។

សូម​ពិចារណា​ចំណុច​នេះ

តើ​ការមាន​ភាពបរិសុទ្ធ​ខុស​ពី​ការមាន​ភាពល្អគ្រប់លក្ខណ៍​ដូចម្ដេច​ដែរ ?