២០១៥
ទីបន្ទាល់ និង ការប្រែចិត្តជឿ
កុម្ភៈ 2015


សារលិខិត​គណៈប្រធាន​ទីមួយ ខែ កុម្ភៈ ឆ្នាំ 2015

ទីបន្ទាល់ និង ការ​ប្រែចិត្តជឿ

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

មាន​ភាពខុសប្លែក​ពី​គ្នា​មួយ​រវាង​ការទទួលបាន​ទីបន្ទាល់​នៃ​សេចក្ដី​ពិត និង​ការប្រែចិត្តជឿ​ដ៏​ពិត​ប្រាកដ ។ ឧទាហរណ៍ សាវក​ដ៏​ឆ្នើម ពេត្រុស បាន​ថ្លែង​ទីបន្ទាល់​របស់​លោក​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ​ថា លោក​ដឹង​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

«[ ព្រះយេស៊ូវ ] បាន​មាន​បន្ទូល​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ?

« ហើយ​ស៊ីម៉ូន ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជ​បុត្រា នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

« រួច​ព្រះយេស៊ូវ មាន​បន្ទូល​តប​ឆ្លើយ​វិញ​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ ៖ អ្នក​មាន​ពរ ដ្បិត​មិនមែន​ជា​សាច់ឈាម ដែល​បាន​សម្តែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ » (ម៉ាថាយ 16:15–17) ។

រួច​ក្រោយ​មក នៅ​ក្នុង​សេចក្ដី​ទូន្មាន​របស់​ទ្រង់​ទៅ​ដល់ ពេត្រុស ព្រះអម្ចាស់​បាន​បង្រៀន​លោក​ពី​របៀប​ប្រែក្លាយ​ទៅ​ជា​អ្នក​ប្រែចិត្តជឿ​ដ៏​ពិត​ប្រាកដ ហើយ​ដើម្បី​បន្ត​ការប្រែចិត្តជឿ​នោះ​ពេញ​មួយ​ជីវិត ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដូច្នេះ​ថា ៖ « កាលណា​អ្នក​បាន​ប្រែចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង » (លូកា 22:32) ។

ព្រះយេស៊ូវ បាន​បង្រៀន​ដល់ ពេត្រុស ថា​នៅ​មាន​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ដែល​ត្រូវតែ​មាន​ដែល​លើស​ពី​ការមាន​ទីបន្ទាល់​ដើម្បី​អាច​ពិចារណា គិត ហើយ​ប្រព្រឹត្ត​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ប្រែចិត្តជឿ​ទៅ​ទៀត ។ នោះ​គឺ​ជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​ដែល​យើង​ទាំងអស់​គ្នា​ប្រាថ្នា​ចង់បាន ។ នៅ​ពេល​យើង​ទទួល​បាន​វា​ហើយ នោះ​យើង​ត្រូវ​ធ្វើ​ឲ្យ​ការផ្លាស់ប្ដូរ​នោះ​បន្ត​មាន​ជា​ដរាប​ដល់​ចុងបំផុត​នៃ​ការសាកល្បង​ជីវិត​រមែងស្លាប់​របស់​យើង ( សូម​មើល អាលម៉ា 5:13-14) ។

យើង​ដឹង​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​យើង និង​ពី​ការសង្កេត​មើល​មនុស្ស​ដទៃ​ថា ការមាន​ពេលវេលា​ដ៏​អស្ចារ្យ​នៃ​អំណាច​ខាង​វិញ្ញាណ​តែ​បន្តិចបន្តួច​នោះ​នឹង​មិន​គ្រប់គ្រាន់​ឡើយ ។ ពេត្រុស បាន​បដិសេធ​ថា​លោក​មិន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ឡើយ​សូម្បី​តែ​ក្រោយ​ពី​លោក​បាន​ទទួល​សាក្សី​តាម​រយៈ​ព្រះវិញ្ញាណ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ​ក៏​ដោយ ។ សាក្សី​ទាំង​បី​រូប​នៃ​ព្រះគម្ពីរ​មរមន​បាន​ទទួល​ទីបន្ទាល់​ដោយ​ចំៗ​ដែល​ប្រទាន​ឲ្យ​ដល់​ពួកលោក​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ ប៉ុន្តែ​ក្រោយ​មក​ពួកលោក​បាន​ស្ទាក់ស្ទើរ​ក្នុង​លទ្ធភាព​របស់​ខ្លួន​ដើម្បី​គាំទ្រ យ៉ូសែប ស៊្មីធ ថា​ជា​ព្យាការី​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

យើង​ត្រូវការ​ការផ្លាស់ប្ដូរ​មួយ​ក្នុង​ដួងចិត្ត​របស់​យើង ដូចបាន​ពិពណ៌នា​នៅ​ក្នុង​ព្រះគម្ពីរ​អាលម៉ា​ថា ៖ « ហើយ​គេ​ទាំងអស់​គ្នា​បាន​ប្រកាស​ប្រាប់​ដល់​ប្រជាជន​នូវ​ពាក្យ​ដដែល​ដូច​គ្នា—ថា​ចិត្ត​គេ​បាន​ផ្លាស់ប្ដូរ ថា​គេ​គ្មាន​បំណង​នឹង​ធ្វើ​អំពើ​អាក្រក់​ទៀត​ឡើយ » ។ (អាលម៉ា 19:33 សូម​មើល​ផងដែរ ម៉ូសាយ 5:2) ។

ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា នៅ​ពេល​យើង​ប្រែចិត្តជឿ​ដ៏​ពិត​ប្រាកដ​ចំពោះ​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​ដួងចិត្ត​របស់​យើង​នឹង​បែរ​ចេញ​ពី​ភាពអាត្មានិយម ហើយ​តម្រង់​ឆ្ពោះ​ទៅ​ឯ​ការបម្រើ​ដើម្បី​លើក​មនុស្ស​ដទៃ​ឡើង​ទន្ទឹម​នឹង​ពេល​ដែល​ពួកគេ​ជឿន​ទៅ​មុខ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ដើម្បី​ទទួល​បាន​ការប្រែចិត្តជឿ​បែប​នោះ យើង​អាច​អធិស្ឋាន ហើយ​ខិតខំ​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​អាច​បាន​កើត​សាជាថ្មី​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

យើង​អាច​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន​សុំ​សេចក្ដី​ជំនឿ​ដើម្បី​ប្រែចិត្ត​ពី​អស់​ទាំង​ភាពអាត្មានិយម ហើយ​សុំ​អំណោយទាន​នៃ​ការខ្វាយខ្វល់​ពី​មនុស្ស​ដទៃ​ឲ្យ​ច្រើន​ជាង​ខ្លួន​ឯង ។ យើង​អាច​អធិស្ឋាន​សុំ​អំណាច​ដើម្បី​ទុក​អំនួត និង​សេចក្ដី​ច្រណែន​ចោល​មួយ​អន្លើ ។

ការអធិស្ឋាន​ក៏​នឹង​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ផងដែរ​ដើម្បី​ទទួល​បាន​អំណោយទាន​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ និង​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ( សូម​មើល មរ៉ូណៃ 7:47-48) ។ កត្តា​ទាំង​ពីរ​នេះ​កើត​ឡើង​ស្រប​ជាមួយ​គ្នា ។ នៅ​ពេល​យើង​អាន ពិចារណា ហើយ​អធិស្ឋាន​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ នោះ​យើង​នឹង​កាន់តែ​ស្រឡាញ់​ព្រះបន្ទូល​នោះ ។ ព្រះអម្ចាស់​បាន​ដាក់​ព្រះបន្ទូល​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ។ នៅ​ពេល​យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​នោះ យើង​នឹង​ចាប់ផ្ដើម​ស្រឡាញ់​ព្រះអម្ចាស់​កាន់តែ​ច្រើន​ឡើងៗ ។ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​នោះ​ហើយ ទើប​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ​នឹង​កើត​ឡើង គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​យើង​ត្រូវ​មាន​ដើម្បី​ចម្រើន​អ្នក​ទាំងឡាយ​ណា​ដែល ព្រះ​ដាក់​ពួកគេ​នៅ​ក្នុង​ជីវិត​របស់​យើង ។

ឧទាហរណ៍ យើង​អាច​អធិស្ឋាន​ដើម្បី​ស្គាល់​អ្នក​ទាំងឡាយ​ណា​ដែល​ព្រះអម្ចាស់​អាច​នឹង​បញ្ជូន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​បង្រៀន ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​អាច​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ដឹង​តាម​រយៈ​ព្រះវិញ្ញាណ​នូវ​អ្វី​ដែល​ត្រូវ​បង្រៀន ហើយ​ថ្លែងទីបន្ទាល់ ។ ពួកគេ​អាច​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ថា​ព្រះអម្ចាស់​នឹង​បណ្ដាល​ឲ្យ​ពួកគេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​ពួកគេ​ជួប ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នឹង​មិន​នាំ​មនុស្ស​គ្រប់​រូប​ដែល​ពួកគេ​ជួប​ឲ្យ​ចុះ​ទៅ​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ ហើយ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ ប៉ុន្តែ​ពួកគេ​អាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ ។ តាមរយៈ​ការបម្រើ និង​ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​គ្រា​នោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នឹង​មាន​ការផ្លាស់ប្ដូរ​មួយ​ដ៏​ធំ​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ។

ការផ្លាស់ប្ដូរ​នោះ​នឹង​បន្ត​មាន​ម្ដង​ហើយ​ម្ដង​ទៀត​ដរាប​ណា​ពួកគេ រួមទាំង​ពួកយើង​ផងដែរ បន្ត​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ​ដោយ​គ្មាន​ភាពអាត្មានិយម​ពេញ​មួយ​ជីវិត​ដើម្បី​ចម្រើន​មនុស្ស​ដទៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ឡើង​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការប្រែចិត្តជឿ​នឹង​ពុំ​មែន​ជា​ព្រឹត្តការណ៍​ទោល ឬ​អ្វី​មួយ​ដែល​នឹង​បញ្ចប់​ទៅ​ក្នុង​មួយ​រយៈកាល​នៃ​ជីវិត​នោះ​ទេ ប៉ុន្តែ វា​នឹង​ជា​ដំណើការ​ដែល​ចេះ​តែ​បន្ត​ឥត​ដាច់ ។ ជីវិត​អាច​មាន​ពន្លឺ​ត្រចះត្រចង់​ដរាប​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ គឺ​នៅ​ពេល​ដែល​យើង​នឹង​ឃើញ​ព្រះអង្គ​សង្គ្រោះ ហើយ​ឃើញ​ថា​យើង​បាន​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។ ព្រះអម្ចាស់​បាន​បង្រៀន​ពី​ដំណើរ​ជីវិត​ដូច្នេះ​ថា ៖ « អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ » (គ. និង ស. 50:24) ។

ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា​ការណ៍​នោះ​អាច​មាន​សម្រាប់​យើង​ម្នាក់ៗ ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រើ « រឿង​ប្រដូច​នៃ​ផ្លែ​ត្រសក់​ជ្រក់ » ដើម្បី​បង្រៀន​ថា ការប្រែចិត្តជឿ​គឺ​ជា​ដំណើការ​ជា​បន្តបន្ទាប់​ច្រើន​ជាង​ព្រឹត្តការណ៍​ដែល​កើតឡើង​តែ​ម្ដង ៖ « មួយ​បន្ទាត់​ម្ដង​មួយ​បន្ទាត់​ម្ដង និង​មួយ​សិក្ខាបទ​ម្ដង​មួយ​សិក្ខាបទ​ម្ដង បន្តិចម្ដងៗ ហើយ​ស្ទើរតែ​មិន​អាច​សង្កេត​បាន ដែល​សកម្មភាព គំនិត ពាក្យសម្ដី និង​ទង្វើ​របស់​យើង​សមស្រប​ទៅ​នឹង​ព្រះឆន្ទៈ​របស់​ព្រះ » (“Ye Must Be Born Again,” Liahona, ខែ ឧសភា ឆ្នាំ 2007 ទំព័រ 19 ) ។ សូម​គិត​ពី​ការរំឭក​ពី​រឿង​ប្រដូច​នៃ​ផ្លែ​ត្រសក់​ជ្រក់​ជាមួយ​មនុស្ស​ដែល​អ្នក​បង្រៀន ។ តើ​យើង​ម្នាក់ៗ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជឿន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ដំណើការ​សន្សឹមៗ​នៃ​ការប្រែចិត្តជឿ​ដែល​ទាំង​ប្រធាន អាវរិង និង អែលឌើរ បែដណា បាន​ពិភាក្សា​នោះ ?