សកម្មភាព ៖ ការស្វែងយល់អំពីវិទ្យាសាស្ត្រ
គោលបំណង
ធ្វើការពិសោធន៍សាមញ្ញនានាដើម្បីស្វែងយល់ពីការបង្កបង្កើតរបស់ព្រះ ។
យោបល់សម្រាប់សកម្មភាព
ធ្វើការជាក្រុម ឬជាដៃគូ ប្រើការពិសោធន៍ដូចតទៅនេះដើម្បីបង្ហាញអំពីវិធីសាស្ត្រខាងវិទ្យាសាស្ត្រ ៖ ធ្វើការសង្កេតមើលមួយ លើកឡើងពីសម្មតិកម្ម ( ឬជម្រាបទៅភ្ញៀវ ) ចំពោះមូលហេតុដែលរឿងនោះនឹងកើតឡើង ប្រើការពិសោធន៍ដើម្បីសាកល្បងសម្មតិកម្មរបស់បងប្អូន ហើយបន្ទាប់មក សូមទាញយកការសន្និដ្ឋាន ។
តើវានឹងអណ្តែតទេ ?
- ចាក់ទឹកដាក់ធុង ឬចានគោម ។
- សូមទម្លាក់វត្ថុផ្សេងៗចូលទៅក្នុងទឹក ហើយពិភាក្សាពីអ្វីដែលអណ្តែត និងអ្វីដែលលិចចូលទៅក្នុងទឹក ។
- សូមទាញសម្មតិកម្មអំពីអ្វីមួយដែលធ្វើឲ្យវត្ថុមួយអណ្តែតឡើង ។
- សូមធ្វើទូកតូចមួយ ឬក្បូនតូចមកពីក្រដាស ក្រដាសអាលុយមីញ៉ូម ឬសម្ភារផ្សេងទៀត ។ សូមជួយកុមារណាដែលអាចត្រូវការជំនួយដើម្បីកុមារគ្រប់គ្នាអាចចូលរួម ។
- សូមឲ្យកុមារដាក់ដុំថ្ម គ្រាន់សណ្តែក ឬរបស់ដែលមានទម្ងន់ផ្សេងៗទៀតចូលទៅក្នុងទូក ។
- សូមមើលថាតើម៉ូដទូកណាមួយដែលអាចទ្រទ្រង់ទម្ងន់បានច្រើនបំផុត ហើយសូមលើកឡើងពីមូលហេតុ ។
សូមកែតម្រូវសកម្មភាពនានាតាមការចាំបាច់ដើម្បីធានាថា បុគ្គលទាំងអស់អាចចូលរួម ពេញចិត្ត និងរួមចំណែកបាន ។
យោបល់សម្រាប់ការកែតម្រូវ
សូមសាកល្បងការពិសោធន៍ដូចខាងក្រោមជាការបន្ថែមលើ ឬជំនួសសកម្មភាពនៃការអណ្តែត ។
- លំនឹង និងទំនាញ ៖ សូមនិយាយអំពីអ្វីដែលធ្វើឲ្យអគារ ឬគ្រោងអគាររឹងមាំ ។ សូមអញ្ជើញកុមារឲ្យបង្កើតគ្រោងអគារដោយប្រើសម្ភារងាយៗ ដូចជា មីដែលមានសរសៃត្រង់ និងស្ករម៉ាសមែលឡូ ឬឈើចាក់ធ្មេញ ( គែមមូល ) និងដីឥដ្ឋ ។ សូមមើលថាតើនរណាអាចធ្វើគ្រោងអគារបានខ្ពស់ និងរឹងមាំជាងគេបំផុត ។
- ការផ្លាស់ប្តូរគីមី ៖ យកទឹកដោះគោ ទឹកខ្មេះ និងម្សៅសូដា ។ សូមសួរកុមារថាតើពួកគេគិតថា អ្វីនឹងកើតឡើង នៅពេលបងប្អូនដាក់គ្រឿងផ្សំនេះចូលគ្នា ។ បន្ទាប់មក សូមលាយ ទឹកខ្មេះ ១ស្លាបព្រាបាយ ( ១៥ មីលីលីត្រ ) ជាមួយទឹកដោះគោគ្មានជាតិខ្លាញ់ ៧ ស្លាបព្រាបាយ ( ១០៤ មីលីលីត្រ ) ។ ទឹកខ្មះនឹងបណ្តាលឲ្យប្រូតេអ៊ីនទឹកដោះគោឡើងជាដុំ និងបង្កើតជាសារធាតុកកដុំៗ ។ ច្រោះយកសារធាតុកកដុំៗទាំងនោះដាក់ក្នុងក្រណាត់លាងចាន ឬ ក្រដាសជូតដៃពីរបីនាទី ។ បន្ទាប់មក បន្ថែម ម្សៅសូដា ១/៤ មួយស្លាបកាហ្វេ ( ១ ក្រាម ) ( សូដ្យូមប៊ីកាបូណាត ) និងច្របាច់លាយចូលគ្នាដើម្បីបង្កើតជាសាធាតុរអិលអន្ធិលៗ ។ ម្សៅសូដាបន្សាបអាស៊ីតនៅក្នុងទឹកខ្មេះដែលនាំឲ្យប្រូតេអ៊ីនទឹកដោះគោត្រឡប់មកជាលក្ខណៈរាវវិញ ។
ការពិភាក្សា
សូមលើកទឹកចិត្តកុមារឲ្យនិយាយថាតើអ្វីដែលពួកគេកំពុងរៀនអាចជួយពួកគេ និងមនុស្សដទៃឲ្យខិតទៅកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។ ការពិភាក្សាអាចកើតឡើងពីមុន អំឡុងពេល ឬក្រោយពីសកម្មភាព ហើយគួរតែមានរយៈពេលតែពីរឬបីនាទីប៉ុណ្ណោះ ។ បងប្អូនអាចនឹងសួរសំណួរដូចខាងក្រោម ៖
- តើការរៀនអំពីវិទ្យាសាស្រ្តជួយប្អូនៗកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទជាអង្គបង្កបង្កើតយ៉ាងដូចម្តេច ?
- តើដំណើរការនៃការពិសោធន៍បង្រៀនយើងពីការពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្តេច ( សូមមើល អាលម៉ា ៣២:២៧-៣៤ ) ?