យើងមានប្រវត្តិរៀងៗខ្លួន
សូមមកស្វែងរកគ្រួសាររបស់បងប្អូន គ្រប់ជំនាន់ទាំងអស់ ហើយនាំពួកគាត់ទៅផ្ទះវិញ ។
មិត្តសំឡាញ់ បងប្អូនប្រុសស្រីអើយ ! យើងមានប្រវត្តិរៀងៗខ្លួន ។ ពេលយើងស្វែងរកប្រវត្តិរបស់យើង នោះយើងមានទំនាក់ទំនង យើងមានកម្មសិទ្ធិ យើងក្លាយជាគ្រួសារជាមួយគ្នា ។
ខ្ញុំឈ្មោះ ហ្គើរីត វ៉លធើរ ហ្គង ។ ហ្គើរីតគឺឈ្មោះជាភាសាហូឡង់, វ៉លធើរ ( ឈ្មោះឪពុកខ្ញុំ ) ជាឈ្មោះអាមេរិកកាំង ហើយហ្គងជាឈ្មោះចិន ។
អ្នកជំនាញប៉ាន់ប្រមាណថា មានមនុស្សប្រហែល ៧០–១១០ ពាន់លាននាក់បានរស់នៅលើផែនដីនេះ ។ ប្រហែលជាមានតែខ្ញុំទេ ដែលមានឈ្មោះ ហ្គើរីត វ៉លធើរ ហ្គង ។
យើងមានប្រវត្តិរៀងៗខ្លួន ។ ខ្ញុំចូលចិត្ត « ភ្លៀងធ្លាក់មកលើមុខខ្ញុំ ហើយមានខ្យល់បក់ផាត់មកប៉ះកាយ » ។១ ខ្ញុំដើរតេះតះជាមួយសត្វភេនឃ្វីននៅទ្វីបអង់តាក់ទិក ។ ខ្ញុំឲ្យដល់ក្មេងកំព្រានៅក្វាតេម៉ាឡា ក្មេងតាមចិញ្ចើមថ្នល់នៅកម្ពុជា ស្ត្រីសាសន៍ម៉ាសាយនៅឧទ្យានជាតិអភិរក្សអាហ្វ្រិកម៉ារ៉ានូវរូបថតដំបូងរបស់ពួកគេ ។
ខ្ញុំរង់ចាំនៅមន្ទីរពេទ្យ ពេលកូនយើងម្នាក់ៗកើតមក—គឺពេលវេជ្ជបណ្ឌិតជួយ ។
ខ្ញុំទុកចិត្តលើព្រះ ។ ខ្ញុំជឿថា « [ មានយើង ] ដើម្បីឲ្យ [ យើង ] អាចមានអំណរ »២ ថាមានពេលសម្រាប់គ្រប់ទាំងអស់នៅក្រោមមេឃ ។៣
តើបងប្អូនស្គាល់ប្រវត្តិរបស់ខ្លួនឯងដែរឬទេ ? តើឈ្មោះរបស់បងប្អូនមានន័យដូចម្តេច ? ចំនួនប្រជាជនលើពិភពលោកបានកើនពី ១.១ ពាន់លាននាក់ក្នុងឆ្នាំ ១៨២០ មកជិត ៧.៨ ពាន់លាននាក់ក្នុងឆ្នាំ ២០២០ ។៤ ឆ្នាំ ១៨២០ ហាក់ដូចជាឆ្នាំមួយដែលមានការផ្លាស់ប្តូរខ្លាំងក្នុងប្រវត្តិសាស្ត្រ ។ មនុស្សជាច្រើនដែលបានកើតក្រោយឆ្នាំ ១៨២០ មានអនុស្សាវរីយ និងកំណត់ត្រារស់រវើក ដើម្បីស្គាល់គ្រួសារជាច្រើនជំនាន់ ។ តើបងប្អូនអាចគិតពីអនុស្សាវរីយជាក់លាក់ ឬផ្អែមល្ហែមមួយជាមួយនឹងលោកតាលោកយាយ ឬសមាជិកផ្សេងទៀតក្នុងគ្រួសារដែរឬទេ ?
ទោះបីមនុស្សដែលបានរស់នៅលើផែនដីនេះមានចំនួនសរុបប៉ុន្មានក៏ដោយ ចំនួននោះអាចកំណត់បាន អាចរាប់បាន រាប់ម្តងមួយៗ ។ យើងម្នាក់ៗសំខាន់ណាស់ទាំងបងប្អូន និងរូបខ្ញុំ ។
សូមពិចារណាចំណុចនេះ ៖ ទោះបីយើងស្គាល់ ឬមិនស្គាល់ពួកគាត់ក្តី យើងម្នាក់ៗបានកើតមកពីឪពុកម្តាយរៀងៗខ្លួន ។ ហើយឪពុកម្តាយម្នាក់ៗបានកើតពីឪពុកម្តាយពួកគាត់រៀងៗខ្លួនដែរ ។៥ ទោះបីតាមត្រកូលកំណើត ឬត្រកូលសុំមកចិញ្ចឹមក្តី យើងទាំងអស់គ្នាគឺជាគ្រួសាររបស់ព្រះដែលបានភ្ជាប់ក្នុងគ្រួសារមនុស្សជាតិ ។
ជីតាទួតទី ៣០ របស់ខ្ញុំដែលបានកើតនៅឆ្នាំ ៨៣៧ គ.ស. គឺគ្រួសារហ្គងដ្រាហ្គនទីមួយ បានចាប់ផ្តើមភូមិគ្រួសាររបស់យើងមួយនៅភាគខាងត្បូងប្រទេសចិន ។ គ្រាដំបូងដែលខ្ញុំបានទៅលេងភូមិគ្រួសារហ្គង ប្រជាជននៅទីនោះនិយាយថា « Wenhan huilaile ( វិនហាន ហួយឡាយលឹ ) »ហ្គែរីតត្រឡប់មកផ្ទះវិញហើយ ) ។
នៅលើមែកធាងគ្រួសារនៅរស់ខាងម្តាយខ្ញុំ មានឈ្មោះគ្រួសាររាប់ពាន់ឈ្មោះ ក៏មានឈ្មោះជាច្រើនទៀតដែលត្រូវស្វែងរកដែរ ។៦ យើងម្នាក់ៗមានគ្រួសារច្រើនទៀតដែលត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នា ។ បើសិនបងប្អូនគិតថាលោកយាយរបស់បងប្អូនបានបញ្ចប់ពង្សាវលីគ្រួសាររបស់បងប្អូនទាំងអស់ហើយ នោះសូមស្វែងរកបងប្អូនជីដូនមួយរបស់បងប្អូន និងបងប្អូនជីដូនមួយរបស់បងប្អូនជីដូនមួយបងប្អូន ។ សូមភ្ជាប់ឈ្មោះគ្រួសារដែលបងប្អូនចងចាំ ជាមួយឈ្មោះដែលអាចស្រាវជ្រាវរកបានដល់ទៅ ១០ ពាន់លានឈ្មោះ ដែលឥឡូវនេះកម្មវិធីស្រាវជ្រាវក្រុមគ្រួសារមានបណ្តុំឈ្មោះនេះលើអ៊ិនធើណែត និងមាន ១.៣ ពាន់លាននាក់នៅក្នុងកម្មវិធីមែកធាងគ្រួសារនេះ ។៧
សូមឲ្យមិត្តភក្តិ ឬគ្រួសារគូររូបដើមឈើរស់មួយដើម ។ ដូចប្រធាន រ័សុល អិម ណិលសុន បង្រៀនថា ដើមឈើរស់គឺមានឫស និង មែក ។៨ មិនថាបងប្អូនគឺជាជំនាន់ទីមួយ ឬទីដប់ ដែលគេស្គាល់នោះទេ សូមភ្ជាប់ជំនាន់នោះជាមួយគ្នា ។ សូមភ្ជាប់ឫស និងមែកនៅក្នុងមែកធាងគ្រួសារនៅរស់របស់បងប្អូន ។៩
សំណួរ « តើអ្នកមកពីណា ? » គឺសួររកត្រកូល ទីកន្លែងកំណើត និងប្រទេសកំណើត ឬស្រុកកំណើត ។ នៅទូទាំងសាកលលោកពួកយើងចំនួន ២៥ ភាគរយ ស្រាវជ្រាវរកស្រុកកំណើតខ្លួននៅប្រទេសចិន, ២៣ ភាគរយនៅប្រទេសឥណ្ឌា ,១៧ ភាគរយនៅផ្នែកនៃអាស៊ីប៉ាស៊ីហ្វិក, ១៨ ភាគរយនៅអើរ៉ុប, ១០ ភាគរយនៅអាហ្វ្រិក ៧ ភាគរយនៅអាមេរិក ។១០
សំណួរ « តើអ្នកមកពីណា ? » ក៏អញ្ជើញយើងឲ្យស្វែងរកអត្តសញ្ញាណដ៏ទេវភាព និងគោលបំណងខាងវិញ្ញាណក្នុងជីវិតយើងផងដែរ ។
យើងមានប្រវត្តិរៀងៗខ្លួន ។
មានគ្រួសារមួយដែលខ្ញុំស្គាល់បានភ្ជាប់គ្រួសារប្រាំជំនាន់ ពេលពួកគេបានទៅលេងផ្ទះចាស់របស់ខ្លួននៅទីក្រុងវីននីផេក ប្រទេសកាណាដា ។ នៅទីនោះលោកតាបានប្រាប់ចៅប្រុសគាត់អំពីថ្ងៃដែលអ្នកផ្សព្វផ្សាយសាសនាពីរនាក់ ( ដែលគាត់ហៅពួកគេថាជាពួកទេវតាពីស្ថានសួគ៌ ) បាននាំដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញមក ដែលផ្លាស់ប្តូរគ្រួសារពួកគាត់ជារៀងរហូត ។
ម្តាយម្នាក់ដែលខ្ញុំស្គាល់បានអញ្ជើញកូនៗរបស់គាត់ និងបងប្អូនជីដូនមួយរបស់ពួកគេមក ដើម្បីសួរបទពិសោធន៍កាលពីកុមារភាពរបស់លោកយាយទួតពួកគេ ។ ឥឡូវនេះដំណើរផ្សងព្រេង និងមេរៀនជីវិតរបស់លោកយាយទួតនោះ គឺជាសៀវភៅគ្រួសារដ៏មានតម្លៃក្រៃលែង ដែលបានរួបរួមជំនាន់ក្រុមគ្រួសារ ។
យុវជនម្នាក់ដែលខ្ញុំស្គាល់កំពុងចងក្រងសៀវភៅ « កំណត់ហេតុលោកពុក » ។ ជាច្រើនឆ្នាំមកហើយ ឡានមួយបានបុកឪពុករបស់គាត់ស្លាប់ ។ ឥឡូវនេះដើម្បីស្គាល់ឪពុករបស់គាត់ យុវជនដ៏អង់អាចម្នាក់នេះកំពុងរក្សាទុកអនុស្សាវរីយ និងប្រវត្តិកាលពីកុមារភាពមកពីគ្រួសារ និងមិត្តភក្តិ ។
ពេលគេសួរថា តើអត្ថន័យជីវិតនៅត្រង់ណា នោះមនុស្សភាគច្រើនយក គ្រួសារ ជាទីមួយ ។១១ នេះរួមទាំងគ្រួសារដែលកំពុងនៅរស់ និងដែលស្លាប់ទៅ ។ ប្រាកដណាស់ ពេលយើងស្លាប់ទៅ យើងមិនចង់បញ្ឈប់វត្តមាននោះទេ ។ យើងបន្តរស់នៅផ្នែកម្ខាងទៀតនៃវាំងនន ។
បុព្វការីជនរបស់យើងសមនឹងត្រូវបានចងចាំ ដូចកាលនៅរស់ដែរ ។១២ យើងចងចាំកេរដំណែលរបស់យើងតាមរយៈប្រវត្តិផ្ទាល់មាត់, កំណត់ត្រាត្រកូល និងប្រវត្តិគ្រួសារ, វត្ថុរំឭក ឬទីកន្លែងនៃការចងចាំ, និងការប្រារព្ធពិធីដែលមានរូបថត អាហារ ឬវត្ថុនានាដែលរំឭកយើងពីបុគ្គលជាទីស្រឡាញ់ ។
សូមគិតពីកន្លែងដែលបងប្អូនរស់នៅ—តើវាមិនអស្ចារ្យទេឬអី ដែលប្រទេស និងសហគមន៍របស់បងប្អូនចងចាំ និងរំឭកដល់បុព្វការីជន គ្រួសារ មនុស្សដទៃទៀតដែលបានបម្រើ និងលះបង់នោះ ? ឧទាហរណ៍ នៅរដូវច្រូតកាត់នៃបុណ្យរំឭកនៅ សោវ ម៉ូលតុន, ដេវ៉ុនស្សែ ប្រទេសអង់គ្លេស ស៊ីស្ទើរហ្គង និងខ្ញុំចូលចិត្តស្វែងរកព្រះវិហារ និងសហគមន៍តូចមួយ ជាកន្លែងដែលគ្រួសាររបស់យើងឈ្មោះ ប៉ឌិន ជាច្រើនជំនាន់បានរស់នៅ ។ យើងគោរពបុព្វការីជនរបស់យើង ដោយការបើកស្ថានសួគ៌តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ១៣ និងដោយការក្លាយជាចំណងភ្ជាប់មួយ១៤ នៅក្នុងចំណងនៃជំនាន់របស់យើង ។១៥
វានឹងមានប្រយោជន៍ នៅក្នុងជំនាន់នៃសង្គមដែល « គិតតែពីខ្លួនឯង » នេះ ពេលជំនាន់នានាភ្ជាប់គ្នាក្នុងរបៀបដ៏មានអត្ថន័យ ។ យើងត្រូវស្គាល់ខ្លួនយើង ដើម្បីយើងអាចរីកចម្រើន—សម្រាប់ទំនាក់ទំនងពិត ការបម្រើដ៏មានអត្ថន័យ ការរស់នៅដ៏មានន័យលើសពីរូបភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ការភ្ជាប់ទំនាក់ទំនងជាមួយបុព្វការីជនអាចផ្លាស់ប្តូរជីវិតយើងក្នុងរបៀបដ៏អស្ចារ្យជាច្រើន ។ ចេញពីការសាកល្បង និងសមិទ្ធផលរបស់ពួកគាត់ នោះយើងទទួលបានសេចក្តីជំនឿ និងភាពរឹងមាំ ។១៦ ចេញពីសេចក្តីស្រឡាញ់ និងការលះបង់របស់ពួកគាត់ នោះយើងរៀនអភ័យទោស និងបន្តបោះជំហានទៅមុខ ។ កូនៗរបស់យើងក្លាយជាមនុស្សមានភាពអត់ធន់ ។ យើងទទួលបានការការពារ និងអំណាច ។ ចំណងជាមួយបុព្វការីជនបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ អំណរគុណ អព្ភូតហេតុ ។ ចំណងបែបនោះអាចនាំជំនួយមកពីផ្នែកម្ខាងទៀតនៃវាំងនន ។
សេចក្តីទុក្ខព្រួយអាចកើតមានក្នុងគ្រួសារ ដូចជាក្តីអំណរដែរ ។ គ្មានបុគ្គលណាល្អឥតខ្ចោះទេ ក្រុមគ្រួសារក៏ដូចគ្នាដែរ ។ ពេលអស់អ្នកដែលស្រឡាញ់ ចិញ្ចឹមបីបាច់ និងការពារយើងពុំបានបំពេញភារកិច្ចទាំងនោះ នោះយើងមានអារម្មណ៍ថា គេបោះបង់យើង យើងខ្មាសអៀន និងឈឺចាប់ ។ គ្រួសារអាចដូចជាស្គរប្រហោងក្នុង ។ ប៉ុន្តែដោយមានជំនួយពីស្ថានសួគ៌ នោះយើងអាចយល់ពីគ្រួសារយើង ហើយផ្សះផ្សារគ្នាបាន ។១៧
ជួនកាលការតាំងចិត្តដ៏រឹងប៉ឹងដើម្បីនៅជាប់នឹងទំនាក់ទំនងគ្រួសារ ជួយយើងឲ្យសម្រេចបានកិច្ចការលំបាកៗ ។ ក្នុងករណីខ្លះ សហគមន៍ក្លាយជាគ្រួសារ ។ យុវនារីដ៏អស្ចារ្យម្នាក់ដែលមានបញ្ហាដោយសារគ្រួសារប្តូរទីលំនៅជារឿយៗ បានជួបគ្រួសារព្រះវិហារមួយដ៏ជាទីស្រឡាញ់ ជាកន្លែងដែលចិញ្ចឹមបីបាច់ និងផ្តល់ភាពសុខសាន្តឲ្យនាង ។ តំណពូជ និងលំនាំគ្រួសារជះឥទ្ធិពលលើយើង ប៉ុន្តែវាមិនកំណត់ពីយើងទេ ។
ព្រះសព្វព្រះទ័យឲ្យគ្រួសារយើងរីករាយ និងនៅជានិរន្តរ៍ ។ ភាពនិរន្តរ៍នឹងយូរអង្វែង បើសិនយើងធ្វើអ្វីមិនសប្បាយចិត្តដាក់គ្នាទៅវិញទៅមក ។ ភាពរីករាយគឺមានខ្លីណាស់ បើសិនទំនាក់ទំនងដ៏មានតម្លៃឈប់មានក្នុងជីវិតនេះ ។ តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋសេចក្តីស្រឡាញ់ ព្រះចេស្តា និងព្រះគុណទ្រង់អាចផ្លាស់ប្តូរយើង១៨ ហើយព្យាបាលទំនាក់ទំនងរបស់យើង ។ ការបម្រើនៅព្រះវិហារបរិសុទ្ធសម្រាប់អស់អ្នកដែលយើងស្រឡាញ់ ធ្វើឲ្យដង្វាយធួនរបស់ព្រះអង្គសង្គ្រោះកើតមានពិតចំពោះពួកគេ និងពួកយើង ។ ដោយបានញែកចេញជាបរិសុទ្ធ នោះយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះជាក្រុមគ្រួសាររួមគ្នាដ៏អស់កល្បជានិច្ច ។១៩
ប្រវត្តិរបស់យើងម្នាក់ៗគឺជាដំណើរមិនចេះចប់មួយ ពេលយើងស្វែងរក បង្កើត ហើយប្រែក្លាយដោយនូវសក្តានុពលដែលហួសពីការស្មាន ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា « ការណ៍នេះអាចមើលទៅថា ជាគោលលទ្ធិមួយដ៏ធំដុំណាស់ ដែលយើងយកមកនិយាយ—គឺអំណាចដែលកត់ ឬចងនៅផែនដី ហើយចងទុកនៅស្ថានសួគ៌ដែរ » ។២០ ទំនាក់ទំនងដែលយើងបង្កើតនៅទីនេះអាចមាននៅទីនោះជាមួយនឹងសិរីល្អដ៏នៅអស់កល្បជានិច្ច ។២១ ប្រាកដណាស់ « យើងរាល់គ្នាមិនអាចបានល្អឥតខ្ចោះ ក្រៅពី [ សមាជិកគ្រួសារយើង ] ឡើយ រីឯពួកគេក៏មិនអាចបានល្អឥតខ្ចោះក្រៅពីយើងដែរ » នោះគឺនៅក្នុង « ការរួបរួមគ្នាទាំងមូល និងពេញលេញ និងល្អឥតខ្ចោះ » ។២២
តើឥឡូវនេះយើងអាចធ្វើអ្វីខ្លះ ?
ទីមួយ សូមស្រមៃថាបងប្អូនមើលខ្លួនឯងទៅវិញទៅមកនៅក្នុងកញ្ចក់ឆ្លុះដ៏អស់កល្បជានិច្ចពីរ ។ នៅកញ្ចក់ម្ខាង សូមស្រមៃថាខ្លួនអ្នកជាកូនស្រី ចៅស្រី ចៅទួតស្រី ហើយនៅក្នុងកញ្ចក់ម្ខាងទៀត សូមញញឹមដាក់ខ្លួនឯងក្នុងនាមជាមីង ម្តាយ ជីដូន ។ ពេលវេលាដើរលឿនណាស់ ! នៅក្នុងគ្រា និងតួនាទីនីមួយៗ សូមកត់សម្គាល់ថា តើនរណានៅជាមួយបងប្អូន ។ សូមប្រមូលរូបថត និងប្រវត្តិរបស់ពួកគាត់ សូមធ្វើឲ្យអនុស្សាវរីយរបស់ពួកគាត់ក្លាយជាការពិត ។ សូមកត់ត្រាឈ្មោះ បទពិសោធន៍ កាលបរិច្ឆេទសំខាន់ៗរបស់ពួកគាត់ ។ ពួកគាត់ជាគ្រួសារបងប្អូន—ជាគ្រួសារដែលបងប្អូនមាន និងចង់បាន ។
ពេលបងប្អូនធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធសម្រាប់សមាជិកគ្រួសារ នោះវិញ្ញាណនៃអេលីយ៉ា« ការបើកសម្តែងរបស់ព្រះវិញ្ញាណបរិសុទ្ធដែលធ្វើទីបន្ទាល់ពីលក្ខណៈដ៏ទេវភាពនៃក្រុមគ្រួសារ » ២៣នឹងចងចិត្តរបស់ឪពុកម្តាយ និងកូនៗរបស់បងប្អូនឲ្យរួមគ្នាក្នុងសេចក្តីស្រឡាញ់ ។២៤
ទីពីរ សូមឲ្យការស្វែងរកពង្សប្រវត្តិធ្វើឡើងដោយចេតនា និងដុះចេញពីចិត្ត ។ សូមទូរសព្ទទៅរកជីដូនបងប្អូន ។ សូមសម្លឹងមើលកែវភ្នែកកូនដែលទើបនឹងកើត ។ សូមឆ្លៀតពេល—ស្វែងរកភាពអស់កល្បជានិច្ច—នៅក្នុងដំណាក់កាលនីមួយៗនៃការធ្វើដំណើររបស់បងប្អូន ។ រៀន និងទទួលស្គាល់កេរដំណែលគ្រួសារបងប្អូនដោយអំណរគុណ និងស្មោះត្រង់ ។ មានចិត្តសាទរ និងវិជ្ជមាន បើចាំបាច់ សូមធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដោយរាបសា ដើម្បីបញ្ឈប់អ្វីដែលអវិជ្ជមាន ។ សូមឲ្យរឿងល្អៗចាប់ផ្តើមជាមួយបងប្អូន ។
ទីបី សូមចូលគេហទំព័រ FamilySearch.org ។ ទាញយកកម្មវិធីនេះដាក់លើទូរសព្ទដៃ ។ កម្មវិធីនេះឥតគិតថ្លៃ ហើយសប្បាយ ។ សូមស្វែងរក សូមភ្ជាប់ សូមធ្វើជាកម្មសិទ្ធិ ។ សូមមើលថា តើអ្នកមានទំនាក់ទំនងនឹងមនុស្សនៅក្នុងបន្ទប់របៀបណា តើវាងាយស្រួល និងរីករាយយ៉ាងណាក្នុងការបន្ថែមឈ្មោះទៅលើមែកធាងគ្រួសារនៅរស់របស់បងប្អូន ដើម្បីស្វែងរក និងផ្តល់ពរដល់បុព្វការីជន និងកូនចៅជំនាន់ក្រោយរបស់បងប្អូន ។
ទីបួន សូមជួយរួបរួមក្រុមគ្រួសារអស់កល្បជានិច្ច ។ សូមចងចាំពីប្រជាសាស្ត្រនៃស្ថានសួគ៌ ។ មានវិញ្ញាណនៅផ្នែកម្ខាងទៀតនៃវាំងននច្រើនជាងនៅផ្នែកខាងនេះ ។ កាលណាមានព្រះវិហារបរិសុទ្ធច្រើនកន្លែងនៅកាន់តែជិតយើង សូមផ្ដល់ឱកាសដល់អស់អ្នកដែលរង់ចាំទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
ការសន្យានៅឯបុណ្យអ៊ីស្ទើរ និងជានិច្ចកាលនោះគឺថា នៅក្នុង និងតាមរយៈព្រះយេស៊ូវគ្រីស្ទ នោះយើងអាចក្លាយជាប្រវត្តិដ៏ល្អបំផុតរបស់យើង ហើយគ្រួសារយើងអាចប្រែជារីករាយ និងនៅជានិរន្តរ៍ ។ នៅក្នុងគ្រប់ជំនាន់របស់យើង ព្រះយេស៊ូវគ្រីស្ទបានប្រោសមនុស្សដែលមានចិត្តសង្រេង ប្រោសលោះដល់ពួកឈ្លើយ ហើយដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួច ។២៥ សេចក្ដីសញ្ញាគឺជាកម្មសិទ្ធិជាមួយព្រះ និងជាមួយគ្នា២៦រួមទាំងការដឹងថា វិញ្ញាណ និងរូបកាយរបស់យើងបានរួមគ្នាក្នុងការរស់ឡើងវិញ ហើយទំនាក់ទំនងដ៏មានតម្លៃបំផុតរបស់យើងអាចបន្តហួសពីសេចក្តីស្លាប់ ជាមួយនឹងអំណរដ៏ពោរពេញ ។២៧
យើងមានប្រវត្តិរៀងៗខ្លួន ។ សូមមកស្វែងរកប្រវត្តិរបស់បងប្អូន ។ សូមមករកសំឡេង ចម្រៀង និងភាពសុខុដុមរបស់បងប្អូននៅក្នុងទ្រង់ ។ នេះគឺជាព្រះរាជបំណងតែមួយគត់ ដែលព្រះបានបង្កើតផ្ទៃមេឃ និងផែនដី ហើយយល់ថាជាល្អហើយ ។២៨
សូមសរសើរដល់ផែនការនៃសុភមង្គលរបស់ព្រះ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការស្តារឡើងវិញជានិរន្តរ៍នៅក្នុងដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់ ។ សូមមកស្វែងរកគ្រួសាររបស់បងប្អូន គ្រប់ជំនាន់ទាំងអស់ ហើយនាំពួកគាត់ទៅផ្ទះវិញ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋ និងបរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕