តន្ត្រី
បុព្វកថា


បុព្វកថា

កុមារាកុមារី ជាទីស្រឡាញ់ ៖

នេះគឺជាសៀវភៅចម្រៀងមួយយ៉ាងពិសេសសម្រាប់អ្នក ។ អ្នកអាច ច្រៀងវាបានគ្រប់ពេល គ្រប់ទីកន្លែង ។ អ្នកអាចច្រៀងចម្រៀងទាំង នេះមួយចំនួន ដើម្បីបង្ហាញអំណរគុណចំពោះព្រះវរបិតាសួគ៌ ហើយមួយចំនួនទៀតទុកជាការច្រៀងកំសាន្ត ។

ពេលអ្នកច្រៀង អ្នកនឹងមានអារម្មណ៍ល្អក្នុងចិត្ត ។ ព្រះវិញ្ញាណ បរិសុទ្ធផ្តល់អារម្មណ៍កក់ក្តៅដល់អ្នក ដើម្បីជួយអ្នកយល់ថា ពាក្យពេចន៍ និងសារលិខិតនៅក្នុងចម្រៀងទាំងឡាយ គឺជាការពិត ។ អ្នកអាចរៀនដំណឹងល្អតាមវិធីនេះ ហើយទីបន្ទាល់របស់អ្នក នឹងរីកចម្រើនឡើងនៅពេលអ្នករៀនសូត្រ ។ អ្នកនឹងកាន់តែងាយចងចាំនូវអ្វី ដែលអ្នកបានរៀនសូត្រ នៅពេលដែលអ្នកច្រៀងវា ។ ទំនុកនៅក្នុងបទចម្រៀងជួយអ្នកចងចាំ និងនាំយកបទចម្រៀងទាំងនោះចូលក្នុងដួងចិត្តរបស់អ្នក ។ រូបភាពទាំងឡាយ នឹងជួយអ្នកមើលឃើញនូវអ្វីដែលបទចម្រៀងបង្រៀន ។ ពេលដែលអ្នកចេះច្រៀងចម្រៀងទាំងឡាយ វាតែងតែនៅជាមួយអ្នកគ្រប់ពេល ( ដូចជាមិត្តល្អម្នាក់ ) ដើម្បីជួយអ្នកជ្រើសរើសអ្វីដែលត្រូវ និងរីករាយ ។

តន្រ្តី គឺជាភាសាមួយដែលមនុស្សគ្រប់រូប អាចយល់បាន ។ កុមារ ទូទាំងពិភពលោកច្រៀងចម្រៀងទាំងនេះដូចគ្នា ។ តន្រ្តីក៏បានផ្សាភ្ជាប់អតីតកាលទៅនឹងអនាគតផងដែរ ។ នៅថ្ងៃណាមួយអ្នក អាចនឹងច្រៀងចម្រៀងទាំងនេះជាមួយកូនអ្នកផ្ទាល់ ។

ចម្រៀងនៅក្នុងសៀវភៅនេះ មានប្រធានបទនៃដំណឹងល្អ ស្ទើរតែទាំងអស់ ។ ចម្រៀងទាំងនោះ ពន្យល់អំពីសេចក្តីជំនឿរបស់យើង អំពីជីវិតនៅស្ថានសួគ៌ ការអធិស្ឋាន ការដឹងគុណ និងគារវភាព ។ អំពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះ អំពីគោលការណ៍ទាំងឡាយ នៃដំណឹងល្អ អំពីសារៈសំខាន់ នៃគេហដ្ឋាន គ្រួសារ និងការទទួលកេរមរតក អំពីភាពស្រស់ស្អាត នៃធម្មជាតិ និងរដូវកាល អំពីសេចក្តីត្រូវការសម្រាប់ភាពរីករាយ និងសកម្មភាពនានា ។ ជំពូកចុងក្រោយ គឺជាតន្រ្តី ដែលអាចលេងពីមុន ឬក្រោយការប្រជុំ--- ឬក្នុងគេហដ្ឋានរបស់អ្នក--- ដើម្បីបង្កើតបរិយាកាសនៃគារវភាព ។

នៅថ្ងៃណាមួយអ្នកនឹងក្លាយជាអ្នកដឹកនាំនៃសាសនាចក្រ និងពិភពលោកទាំងមូល ។ អ្វីដែលអ្នកបានរៀនពីចម្រៀងទាំងនេះ នឹងជួយអ្នកឲ្យមានសេចក្តីស្មោះត្រង់ និងធ្វើការបម្រើដោយសុចរិត។ អារម្មណ៍ល្អនៃបទចម្រៀង នឹងនាំមកឲ្យអ្នកនូវសុភមង្គល និងភាពក្លាហាន ហើយនឹងជួយឲ្យអ្នកចងចាំថា អ្នកគឺជាបុត្ររបស់ព្រះ ។