« មេរៀនទី ១៧ ឯកសារគ្រូបង្រៀន ៖ ការធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន ( ឆ្នាំ ២០២១ )
« មេរៀនទី ១៧ ឯកសារគ្រូបង្រៀន » ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន
មេរៀនទី ១៧ ឯកសារគ្រូបង្រៀន
ការធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់
ដូចដែលទ្រង់បានធ្វើចំពោះអ្នកដើរតាមទ្រង់នៅស្រុកភីលីស្ទីនដែរ នោះព្រះយេស៊ូវគ្រីស្ទបានរៀបចំសាសនាចក្ររបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ ទ្រង់បានហៅពួកសិស្សដប់ពីរនាក់ និងប្រទានដល់ពួកគេនូវសិទ្ធិអំណាចបព្វជិតភាពដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់ ។ មេរៀននេះនឹងផ្ដល់ឱកាសឲ្យសិស្សផ្ដោតលើពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ហើយកំណត់ពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធ្វើឲ្យពិធីសាក្រាម៉ង់ក្លាយជាបទពិសោធន៍ដែលមានអត្ថន័យ និងផ្ដោតលើព្រះគ្រីស្ទកាន់តែខ្លាំងឡើង ។ សិស្សក៏នឹងប្ដេជ្ញាចិត្តផងដែរអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយមនុស្សដទៃឲ្យមានអារម្មណ៍ថា ពួកគេទទួលបាននូវការរាប់អាននៅក្នុងសាសនាចក្រ និងជាសមាជិកក្នុងវួដ ឬសាខារបស់ពួកគេផ្ទាល់ ។
យោបល់សម្រាប់ការបង្រៀន
ព្រះយេស៊ូវគ្រីស្ទបានតាំងពិធីសាក្រាម៉ង់ឡើង ហើយបង្គាប់ឲ្យប្រជាជនជួបជុំគ្នាជាញឹកញាប់ ហើយមិនបានហាមប្រាមនរណាម្នាក់មិនឲ្យចូលរួមក្នុងការថ្វាយបង្គំរបស់ពួកគេឡើយ ។
សូមបង្ហាញរូបភាពខាងក្រោមនេះ ហើយសូមរំឭកសិស្សថា ជាផ្នែកមួយនៃការងារបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន នោះព្រះយេស៊ូវគ្រីស្ទបានប្រគល់សិទ្ធិអំណាចបព្វជិតភាពដល់ពួកសិស្សដប់ពីរនាក់របស់ទ្រង់ ហើយបានរៀបចំសាសនាចក្ររបស់ទ្រង់ឡើង ( សូមមើល នីហ្វៃទី៣ ១១:១៨–២២; ១២:១; ១៨:៥, ៣៧; ២៦:១៧–២១ ) ។
-
ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថា វាសំខាន់ដែលព្រះអម្ចាស់បានដាក់អាទិភាពខ្ពស់មួយបែបនេះទៅលើការស្ថាបនាសាសនាចក្ររបស់ទ្រង់ ទាំងក្នុងសម័យបុរាណ និងក្នុងសម័យរបស់យើង ? ( អ្នកអាចអញ្ជើញឲ្យសិស្សរំឭកសេចក្ដីថ្លែងការណ៍ដោយ ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុងផ្នែកទី ១ នៅក្នុងឯកសាររៀបចំ ) ។
សូមចង្អុលបង្ហាញថា ខណៈវាមានទិដ្ឋភាពជាច្រើនក្នុងសាសនាចក្រនេះ ដែលយើងអាចរៀនបន្ថែមទៀតបាន នោះមេរៀននេះនឹងផ្ដោតលើតែទិដ្ឋភាពពីរប៉ុណ្ណោះ ។ សូមបង្ហាញសំណួរខាងក្រោម ហើយសូមឲ្យសិស្សជ្រើសរើសសំណួរមួយ ដែលពួកគេចង់ស្វែងយល់បន្ថែមទៀត ៖
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យពិធីសាក្រាម៉ង់ក្លាយជាផ្នែកដ៏កាន់តែមានអត្ថន័យមួយនៃបទពិសោធន៍ក្នុងសាសនាចក្ររបស់ខ្ញុំ ?
-
តើខ្ញុំអាចជួយធ្វើឲ្យមានបទពិសោធន៍ដ៏កាន់តែស្វាគមន៍ និងរាប់អាននៅក្នុងសាសនាចក្រសម្រាប់មនុស្សទាំងអស់ដោយរបៀបណា ?
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
ការពិភាក្សា និងកិច្ចការជាក្រុមតូចៗអាចជួយសិស្សឲ្យរៀនបានកាន់តែស៊ីជម្រៅ ។ ការបង្កើតក្រុមតូចៗអាចអនុញ្ញាតឲ្យមានសិស្សកាន់តែច្រើនឡើងចូលរួម និងអាចបង្កើតបរិយាកាសដ៏មានសុវត្ថិភាពមួយ ដែលពួកគេអាចចែករំលែកគំនិត អារម្មណ៍ និងបទពិសោធន៍នានាជាមួយគ្នា ។ ក្រុមតូចៗក៏អាចជួយសិស្សឲ្យអភិវឌ្ឍជំនាញខាងសង្គម និងផ្នែកទំនាក់ទំនងបានផងដែរ ។ ដើម្បីជួយសិស្សឲ្យមានបទពិសោធន៍ដ៏មានអត្ថន័យមួយនៅក្នុងក្រុមតូចៗ វាអាចមានប្រយោជន៍ដើម្បីផ្ដល់ចំណុចដូចតទៅនេះ ៖ ( ១ ) ធនធានដូចជា ពាក្យសម្ដីដកស្រង់ ច្បាប់ចម្លងសុន្ទរកថាពីសន្និសីទទូទៅ ឬសំណៅចែកផ្សេងទៀត ( ២ ) ការណែនាំច្បាស់លាស់ និងសំណួរដែលនាំឲ្យគិតពិចារណា ព្រមទាំង ( ៣ ) ពេលពិភាក្សាគ្នាច្រើន ។
សូមឲ្យសិស្សបង្កើតក្រុមតូចៗ ( គ្នាបីទៅបួននាក់ក្នុងមួយក្រុម ) ជាមួយអ្នកដែលបានជ្រើសរើសសំណួរដូចគ្នា ។ សូមប្រគល់សំណៅចែកឲ្យក្រុមនីមួយៗ ដែលត្រូវគ្នានឹងសំណួររបស់ពួកគេ ។ ( សំណៅចែកទាំងពីរមាននៅចុងបញ្ចប់នៃមេរៀននេះ ) ។ សូមឲ្យសិស្សប្រើសំណួរ និងធនធាននានានៅលើសំណៅចែកនោះ ដើម្បីបង្កើតឲ្យមានការពិភាក្សាដ៏មានខ្លឹមសារ ។ នៅពេលក្រុមពិភាក្សាគ្នា អ្នកអាចដើរមើលជុំវិញថ្នាក់ ហើយផ្ដល់ការណែនាំ និងការគាំទ្រតាមការចាំបាច់ ។
បន្ទាប់ពីទុកពេលច្រើនឲ្យក្រុមពិភាក្សាពីប្រធានបទរបស់ពួកគេហើយ សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយនឹងសិស្សនៅក្នុងថ្នាក់អំពីគោលការណ៍មួយចំនួន ដែលពួកគេបានរៀនមកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះដល់ប្រជាជន ។ អ្នកអាចឃើញថា វាមានអត្ថប្រយោជន៍ដើម្បីផ្ដោតលើប្រធានបទមួយរយៈពេលពីរបីនាទី រួចហើយពិភាក្សាប្រធានបទបន្ទាប់ទៀត ។
សិស្សអាចរកឃើញគោលការណ៍មួយដែលស្រដៀងគ្នានឹងគោលការណ៍ខាងក្រោម ៖
-
នៅពេលយើងទទួលទានសាក្រាម៉ង់ យើងធ្វើជាសាក្សីដល់ព្រះវរបិតាសួគ៌អំពីឆន្ទៈរបស់យើងថា យើងចងចាំដល់ព្រះយេស៊ូវគ្រីស្ទជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
-
នៅពេលយើងទទួលទានសាក្រាម៉ង់ ហើយខិតខំចងចាំដល់ព្រះយេស៊ូវគ្រីស្ទជានិច្ច នោះយើងនឹងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងយើង ។
-
ព្រះអម្ចាស់ត្រាស់បង្គាប់ឲ្យយើងអញ្ជើញ និងរាប់រកបុត្រាបុត្រីទាំងអស់របស់ព្រះ ហើយជួយពួកគេឲ្យមករកទ្រង់ ។
នៅពេលកំណត់បានគោលការណ៍ទាំងនេះហើយ អ្នកអាចសូមឲ្យសិស្សសរសេរវាដាក់នៅលើក្ដារខៀន ។ សូមពិចារណាសូមសិស្សឲ្យចែកចាយគំនិត ឬសំណួរអ្វីដែលពួកគេមានអំពីគោលការណ៍ណាមួយក្នុងចំណោមគោលការណ៍ទាំងនេះ ។
សូមបង្ហាញសំណួរខាងក្រោម ហើយសូមឲ្យសិស្សជ្រើសរើសសំណួរមួយ ឬទាំងពីរយកមកសញ្ជឹងគិត ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យកត់ត្រាគំនិត និងចំណាប់អារម្មណ៍នានាដែលកើតមានដល់ពួកគេ ។
-
តើខ្ញុំនឹងធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួនខ្ញុំទទួលទានសាក្រាម៉ង់ ហើយធ្វើឲ្យពិធីសាក្រាម៉ង់ក្លាយជាបទពិសោធន៍ដ៏មានអត្ថន័យ និងផ្តោតលើព្រះគ្រីស្ទកាន់តែខ្លាំងឡើង ?
-
តើខ្ញុំនឹងធ្វើអ្វីខ្លះ ដើម្បីជួយមនុស្សដទៃឲ្យមានអារម្មណ៍កក់ក្ដៅ ហើយមានអារម្មណ៍ថាត្រូវបានគេរាប់អាននៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ?
សម្រាប់ពេលក្រោយ
សូមអញ្ជើញសិស្សឲ្យគិតអំពីលក្ខខណ្ឌមួយចំនួនក្នុងពិភពលោកនៅជុំវិញពួកគេ ដែលអាចធ្វើឲ្យពិបាកដើម្បីរស់នៅតាមដំណឹងល្អ ។ សូមលើកទឹកចិត្តសិស្សឲ្យសិក្សាឯកសាររៀបចំសម្រាប់ថ្នាក់រៀនលើកក្រោយ ដោយរកមើលអ្វីដែលពួកគេអាចរៀនមកពីគំរូរបស់មនុស្សនៅក្នុងព្រះគម្ពីរមរមន ដែលបានខិតខំរស់នៅយ៉ាងសុចរិត ទោះបីជាកំពុងរស់នៅក្នុងបរិយាកាសមួយដ៏ទុច្ចរិតក្ដី ។
ពរជ័យនៃពិធីសាក្រាម៉ង់
ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន—មេរៀនទី ១៧
សេចក្ដីណែនាំសម្រាប់អ្នកដឹកនាំការពិភាក្សា
សូមប្រើសេចក្តីណែនាំខាងក្រោមនេះដើម្បីសម្របសម្រួលការពិភាក្សាជាមួយនឹងសមាជិកក្រុមរបស់អ្នក ។ សូមលើកទឹកចិត្តសមាជិកក្រុមរបស់អ្នកទាំងអស់ឲ្យចូលរួម ។ ប៉ុន្ដែ គ្មាននរណាម្នាក់គួរមានសម្ពាធថាត្រូវតែចែករំលែកយោបល់របស់ពួកគេនោះទេ ។
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យពិធីសាក្រាម៉ង់ក្លាយជាផ្នែកដ៏កាន់តែមានអត្ថន័យមួយនៃបទពិសោធន៍ក្នុងសាសនាចក្ររបស់ខ្ញុំ ?
សូមរំឭក នីហ្វៃទី៣ ១៨:៦–១២; ២០:៨–៩ និងការបង្រៀនទាំងឡាយមកពី អែលឌើរ ដេវីឌ អេ បែដណា និង ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។ បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
តើយើងធ្វើជាសាក្សីដល់ព្រះវរបិតាសួគ៌អំពីអ្វីខ្លះ នៅពេលយើងទទួលទានសាក្រាម៉ង់ ?
-
តើពិធីសាក្រាម៉ង់អាចនាំយើងឲ្យខិតទៅជិតព្រះអង្គសង្គ្រោះតាមរបៀបណា ? តើជីវិតរបស់អ្នកនឹងខុសគ្នាយ៉ាងណា នៅពេលអ្នកកាន់តែផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និងនៅពេលអ្នកមានអារម្មណ៍ខិតកាន់តែជិតទៅទ្រង់ ?
-
យោងតាមអែលឌើរ បែដណា និងអែលឌើរ គ្រីស្តូហ្វឺសិន តើពិធីសាក្រាម៉ង់រាល់សប្ដាហ៍គួរតែមានឥទ្ធិពលលើជីវិត និងបុគ្គលិកលក្ខណៈរបស់យើងយ៉ាងដូចម្ដេច ? តើមាននរណាម្នាក់ស្ម័គ្រចិត្តថ្លែងទីបន្ទាល់អំពីពរជ័យទាំងនេះ ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេដែរឬទេ ?
-
តើអ្វីដែលបានជួយអ្នកច្រើនបំផុតក្នុងការធ្វើឲ្យពិធីសាក្រាម៉ង់ក្លាយជាបទពិសោធន៍ដ៏មានអត្ថន័យ និងផ្តោតលើព្រះគ្រីស្ទកាន់តែខ្លាំងឡើង ?
© 2021 by Intellectual Reserve, Inc. All rights reserved.
ពរជ័យនៃពិធីសាក្រាម៉ង់
ស្វាគមន៍មនុស្សទាំងអស់មកកាន់សាសនាចក្រ
ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន ឯកសារគ្រូបង្រៀន—មេរៀនទី ១៧
សេចក្ដីណែនាំសម្រាប់អ្នកដឹកនាំការពិភាក្សា
សូមប្រើសេចក្តីណែនាំខាងក្រោមនេះដើម្បីសម្របសម្រួលការពិភាក្សាជាមួយនឹងសមាជិកក្រុមរបស់អ្នក ។ សូមលើកទឹកចិត្តសមាជិកក្រុមរបស់អ្នកទាំងអស់ឲ្យចូលរួម ។ ប៉ុន្ដែ គ្មាននរណាម្នាក់គួរមានសម្ពាធថាត្រូវតែចែករំលែកយោបល់របស់ពួកគេនោះទេ ។
តើខ្ញុំអាចជួយធ្វើឲ្យមានបទពិសោធន៍ដ៏កាន់តែស្វាគមន៍ និងរាប់អាននៅក្នុងសាសនាចក្រសម្រាប់មនុស្សទាំងអស់ដោយរបៀបណា ?
អ្នកអាចចាប់ផ្ដើមការពិភាក្សារបស់អ្នក ដោយការកំណត់មូលហេតុទូទៅពីរបីស្ដីពីមូលហេតុដែលមនុស្សអាចមានអារម្មណ៍ថាមិនត្រូវបានគេរាប់រកនៅក្នុងវួដ ឬសាខារបស់ពួកគេ ។ សូមចំណាយពេលខ្លះរំឭក នីហ្វៃទី៣ ១៨:២២–២៥ និងសេចក្ដីថ្លែងការណ៍ដោយ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ បន្ទាប់មក សូមពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
តើមានការបង្រៀន និងគោលការណ៍អ្វីខ្លះមកពីខគម្ពីរទាំងនេះ ដែលអ្នកគិតថាសំខាន់ដើម្បីឲ្យសមាជិកទាំងអស់ក្នុងសាសនាចក្រត្រូវយល់ ? ហេតុអ្វីទៅ ?
-
តើសេចក្ដីថ្លែងការណ៍របស់ស៊ីស្ទើរ ម៉ាកខន់ឃី ត្រង់ណាដែលមានអត្ថន័យខ្លាំងបំផុតចំពោះអ្នក ? តើអ្នកគិតថា « ការមើលទៅ [ មនុស្សដទៃ ] តាមរយៈកែវភ្នែកដូចជាព្រះគ្រីស្ទ » មានន័យដូចម្ដេច ? ( ខារ៉ុល អេហ្វ ម៉ាកខន់ឃី « Lifting Others » [ វីដេអូ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
តើមានគំរូអ្វីខ្លះចេញពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលបង្ហាញពីព្រះទ័យរបស់ទ្រង់ដើម្បីអញ្ជើញ និងរាប់រកដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ដោយមិនគិតពីកាលៈទេសៈរបស់ពួកគេនោះ ?
-
តើយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដើម្បីរាប់រក និងអញ្ជើញសមាជិក និងភ្ញៀវទស្សនាទាំងឡាយដែលចូលរួមក្នុងវួដ ឬសាខារបស់យើងដោយរបៀបណា ? តើសមាជិកបានធ្វើអ្វីខ្លះ ដែលបានជួយអ្នកឲ្យមានអារម្មណ៍ថាត្រូវបានគេរាប់រក និងស្វាគមន៍នៅក្នុងសាសនាចក្រ ?
© 2021 by Intellectual Reserve, Inc. All rights reserved.
ស្វាគមន៍មនុស្សទាំងអស់មកកាន់សាសនាចក្រ