ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ


« បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ ២០២២ )

« បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ

រូបភាព
ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់​នៅ​អាហារ​យប់​ថ្ងៃ​ចុងក្រោយ

យើង​ទុក​សេចក្ដី​សុខសាន្ដ​នឹង​អ្នក ដោយ វ៉លធើរ រ៉េន

បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ

មាន​អ្វីៗ​ជា​ច្រើន​ដើម្បី​បង្រៀន​នៅក្នុង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ—គោលការណ៍ បទបញ្ញត្តិ ការព្យាករណ៍ និង​រឿង​នានា​មក​ពី​ព្រះគម្ពីរ ។ ប៉ុន្តែ​អ្វីៗ​ទាំង​នេះ​គឺ​ជា​មែក​ទាំងឡាយ​នៃដើម​តែ​មួយ ដ្បិតវាមាន​គោលបំណង​តែ​មួយ ៖ ដើម្បី​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់ ( សូមមើល យ៉ារ៉ុម ១:១១; មរ៉ូណៃ ១០:៣២ ) ។ ដូច្នេះ​មិន​ថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ សូម​ចាំ​ថា​អ្នក​កំពុង​តែ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់យ៉ាង​ពិតប្រាកដ​ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​រៀន​ទទួល​ស្គាល់​សេចក្តីពិត​អំពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្តា​នៃ​ការប្រោស​លោះ​របស់​ទ្រង់​នៅក្នុង​គោលការណ៍​នៃ​ដំណឹងល្អ បទបញ្ញត្តិ និង​ការបង្រៀន​ប្រកប​ដោយ​ការព្យាករ​នីមួយៗ ( សូមមើល យ៉ាកុប ៧:១០–១១ ) ។

តើ​អ្នក​កំពុង​បង្រៀន​អំពី​ការបូជា​មែន​ទេ ? សូម​ពិចារណា​ស្រាវជ្រាវ​ជាមួយ​សិស្ស អំពី​របៀប​នៃ​ការបូជា​ដែល​យើង​ធ្វើ ចង្អុល​បង្ហាញ​ព្រលឹង​យើង​ទៅ​រក « ការបូជា​មួយ​ដ៏​មហិមា និង​ចុងក្រោយ​បង្អស់ » របស់​ព្រះអង្គសង្គ្រោះ ( អាលម៉ា ៣៤:១០ ) ។ តើ​អ្នក​កំពុង​បង្រៀន​អំពី​សាមគ្គីភាព​មែន​ទេ ? សូម​ពិចារណា​ពិភាក្សា​អំពី​សាមគ្គីភាព​ដែល​ព្រះយេស៊ូវគ្រីស្ទ​សម្រេច​បាន​ជាមួយ​ព្រះវរបិតា​របស់​ទ្រង់ និង​ការអញ្ជើញ​របស់​ទ្រង់​ចំពោះ​យើង​ឲ្យ​រួម​គ្នា​តែ​មួយ​ជាមួយ​ទ្រង់​ទាំង​ទ្វេ​ ( សូមមើល យ៉ូហាន ១៧ ) ។ សូម​មើលឲ្យ​ឃើញ​ថា គ្រប់​ប្រធាន​បទ​ដំណឹង​ល្អ​ទាំងអស់​គឺ​ជា​ឱកាស​ដើម្បី​បង្រៀន និង​រៀន​សូត្រ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

គ្រប់​បទបញ្ញត្តិ​ទាំងអស់​ក៏​ផ្តល់​នូវ​ឱកាស​នេះ​ផងដែរ ។ សូម​កុំ​គ្រាន់តែផ្តោតលើ​ក្រឹត្យ​វិន័យ​នៃ​ដំណឹងល្អ​ប៉ុណ្ណោះ—សូម​រៀន​អំពី​អង្គ​តាក់តែ​ច្បាប់​ផងដែរ ។ ប្រសិនបើ​អ្នក​ពិភាក្សា​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ហើយ​ផ្តោត​ការពិភាក្សា​ត្រង់​ចំណុច​គួរធ្វើ និង​មិន​គួរ​ធ្វើ​ដើម្បី​រស់នៅ​ឲ្យ​មាន​សុខភាព​ល្អ នោះ​អ្នក​បាត់បង់​ឱកាស​ក្នុង​ការពិចារណា​ថា តើ​ព្រះយេស៊ូវគ្រីស្ទ​ខ្វល់​ព្រះទ័យ​នឹង​ពួកយើង​ខ្លាំង​ប៉ុនណា—ទាំង​សុខុមាលភាព​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​យើង—ដើម្បី​ប្រទាន​ក្រឹត្យវិន័យ​នេះ​ដល់​ពួកយើង ។ សូម​ផ្តោត​លើ​ព្រះឆន្ទៈ និង​ការសព្វ​ព្រះទ័យ​ដ៏​ខ្លាំង​ដែល​ព្រះអង្គសង្គ្រោះ​មាន ដើម្បី​ប្រទាន​ពរ​ដល់​យើងជាមួយ​នឹង​ព្រះចេស្តា​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​រស់នៅ​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រង់ ។ គ្រប់​បទបញ្ញត្តិ​ទាំងអស់​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង បើក​សម្តែង​អ្វី​មួយ​អំពី​ព្រះទ័យ និង​ព្រះឆន្ទៈ និង​ព្រះរាជ​បំណង​របស់​ទ្រង់—សូម​រក​ឃើញ​អំណរ​ក្នុង​ការស្វែងរក​នេះ​ជាមួយ​គ្នា !

សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

យើង​អាច​ផ្តោតលើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​សំខាន់​នៃ​ការបង្រៀន និង​ការរៀន​សូត្រ​របស់​យើង ដោយ​ទទួល​ស្គាល់ និង​សង្កត់​ធ្ងន់​ថា ទ្រង់​គឺជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​គ្រប់​គោលការណ៍​នៃ​ដំណឹងល្អ​ទាំងអស់ ។ ក្នុង​នាម​ជា​ពួកសិស្ស​យើង​ពុំ​គ្រាន់តែ​ធ្វើ​តាម​គោលការណ៍​ប៉ុណ្ណោះ​ទេ—យើង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ នៅពេល​យើង​ផ្តោត​យក​ចិត្ត​ទុកដាក់​លើ​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះអង្គសង្គ្រោះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ហើយ​បំផុស​គំនិត​ពួកយើង​ឲ្យ​ធ្វើ​តាម​ទ្រង់ ។

សូម​ស្រមៃ​មួយ​សន្ទុះ​ថា អ្នក​កំពុង​បង្រៀន​គោលការណ៍​នៃ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ការពិភាក្សា​មួយ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​នៃ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អាច​នាំ​មក​នូវ​អារម្មណ៍​នៃ​គារវភាព​ដ៏​ផ្អែមល្ហែម​ចំពោះ​ទ្រង់ ។ តើ​អស់​អ្នក​ដែល​អ្នក​បង្រៀន​អាច​រៀន និង​ទទួល​អារម្មណ៍​អ្វី​ខ្លះ​មក​ពី​គំរូ​របស់​ទ្រង់ ?

រូបភាព
ព្រះអង្គសង្គ្រោះ​ព្យាបាល​បុរស​ម្នាក់​ដែល​កំពុង​ដេក​នៅ​លើ​ដី

ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ជាគំរូ​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ។ ទ្រង់​បាន​ព្យាបាល​ពួកគេ​ទាំងអស់​គ្នា ដោយ ម៉ៃឃល ម៉ម

បង្រៀន​អំពី ងារ តួនាទី និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ​មាន​ងារ​ច្រើន​នៅក្នុង​ព្រះគម្ពីរ ។ ងារ​នីមួយៗ​ឆ្លុះ​បញ្ចាំង​ពី​តួនាទី​មួយ​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះ ហើយ​បង្រៀន​យើង​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​ទេវភាព​របស់​ទ្រង់ ។ អ្នក​អាច​ពិចារណា​ស្រាវជ្រាវ​ជាមួយ​សិស្ស​នូវ​ងារ​ដូចជា កូន​ចៀម​នៃ​ព្រះ ព្រះគាំទ្រ មេ​សម្រេច​សេចក្តីជំនឿ​របស់​យើង និង​ពន្លឺ​នៃ​លោកីយ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​អ្នក​ជួយ​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះកាន់តែ​ច្បាស់ នោះ​សូម​សិក្សា​ឲ្យ​កាន់តែ​ច្រើន​អំពី​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល និង​បាន​ធ្វើ​ដែល​បង្ហាញថា​ទ្រង់​ជា​នរណា និង​តួនាទី​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ដើរ​តួ​នៅក្នុង​ជីវិត​របស់​ពួកយើង ។ នៅពេល​អ្នក​រៀន​ជាមួយ​គ្នា​អំពី​អត្តចរិត និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ពង្រីក​ការយល់​ដឹង និង​សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់​កាន់តែ​ស៊ីជម្រៅ ។

ស្វែងរក​និមិត្ត​រូប​នានា​ដែល​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

ព្រះអម្ចាស់​បាន​ប្រកាស​ថា « គ្រប់​អ្វី​ទាំងអស់​ត្រូវបាន​បង្កើត ហើយ​ធ្វើ​ឡើង​មក ដើម្បី​ធ្វើ​បន្ទាល់​អំពី​យើង » ( ម៉ូសេ ៦:៦៣ សូមមើល​ផងដែរ នីហ្វៃ​ទី ២ ១១:៤ ) ។ ដោយ​មាន​សេចក្តីពិត​នោះ​នៅក្នុង​ចិត្ត នោះ​យើង​អាច​រៀនមើល​ឃើញ​និមិត្ត​រូប​ជា​ច្រើន​ នៅក្នុង​ព្រះគម្ពីរ​ដែល​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ។ និមិត្ត​រូប​ទាំង​នេះ​រួម​មាន​ដូច​ជា នំបុ័ង ទឹក និង​ពន្លឺ​ជាដើម ។ ពេល​យើង​យល់​ពី​របៀប​ដែល​វត្ថុ​ទាំង​នេះ​ទាក់ទង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ នោះ​វត្ថុ​ទាំង​នេះ​អាច​បង្រៀន​យើង​អំពី​ព្រះចេស្តា និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​បាន ។ អ្នក​ក៏​អាច​រកឃើញ​រឿង​ប្រៀបធៀប​នានា​ទៅ​នឹង​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង​ជីវិត​របស់​ពួកព្យាការី និង​ពួក​បុរស​ស្ដ្រី​ដ៏​ស្មោះត្រង់​ផ្សេង​ទៀតនៅ​ក្នុង​ព្រះគម្ពីរ​ផង​ដែរ ។ ការរក​មើល​និមិត្ត​រូប​នានា​បើក​សម្តែង​សេចក្តីពិត​អំពី​ព្រះអង្គសង្គ្រោះ នៅកន្លែង​ខ្លះ​ដែល​អ្នក​អាច​មើល​រំលង ។