ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
ជំនាញ ៖ សួរ​សំណួរ​តាមដាន​ទៅ​កាន់​សិស្ស


« ជំនាញ ៖ សួរ​សំណួរ​តាមដាន​ទៅកាន់​សិស្ស » ធនធាន​ផ្តល់​ការគាំទ្រ និង​ការបំពាក់បំប៉ន​ដល់​គ្រូបង្រៀន ( ឆ្នាំ​២០២៤ )

អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម

ជំនាញ ៖ សួរ​សំណួរ​តាមដាន​ទៅ​កាន់​សិស្ស ។

យុវវ័យ​នៅក្នុង​ថ្នាក់សិក្ខាសាលា

តើ​អ្វី​ជា​ការយល់ដឹង ឬ​សមត្ថភាព​ដំបូង​របស់​ខ្ញុំ ? ( ការវាយតម្លៃ ) ៖

សូម​សរសេរ​សំណួរ​តាមដាន​សម្រាប់​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដែល​បាន​ផ្ដល់​ដោយ​សិស្ស​នៅក្នុង​ថ្នាក់​របស់​អ្នក ៖

« ប៉ុន្មាន​ថ្ងៃមុន ពេល​ខ្ញុំ​កំពុង​អាន​ព្រះគម្ពីរ ខ្ញុំ​បាន​រកឃើញ​ខគម្ពីរ​មួយ​ដែល​ខ្ញុំ​ពិត​ជា​ត្រូវការ​ស្ដាប់ឮ​ជា​ខ្លាំង » ។

តើ​វា​គឺជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ? ( កំណត់​និយមន័យ ) ៖

ការសួរ​សំណួរ​តាមដាន​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បន្ថែម​ទៀត​អំពី​អ្វី​ដែល​ពួកគេ​កំពុង​គិត និង​កំពុង​ទទួល​អារម្មណ៍ ។ វា​ក៏​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​បន្ត​ផ្តោត​អារម្មណ៍​ទៅ​លើ​សិស្ស ហើយ​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចូលរួម​ក្នុង​កម្រិត​មួយ​ដែល​កាន់​តែ​ជ្រាលជ្រៅ​ផងដែរ ។ លើសពីនោះ វា​ក៏​នាំមក​នូវ​វិវរណៈ​មកពី​ព្រះវិញ្ញាណ ទាំង​សម្រាប់​សិស្ស និង​គ្រូបង្រៀន​ផងដែរ ។ ពេល​អ្នក​ស្តាប់​មតិយោបល់ ឬ​សំណួរ​របស់​សិស្ស​ម្នាក់ វិធី​ម្យ៉ាង​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​សំណួរ​តាម​ដាន​នោះ គឺ​ដោយ​ការសួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ចង់​ដឹង​អ្វី​បន្ថែម​ទៀត ? » ( ទាក់ទង​នឹង​មតិយោបល់ សំណួរ ឬ​សិស្ស​នោះ ) បន្ទាប់​មក សូម​សួរ​សិស្ស​អំពី​អ្វី​ដែល​អ្នក​ចង់​ដឹង ។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចាប់​ផ្ដើម​សួរ​សំណួរ​តាមដាន ៖

  • « តើ​ប្អូន​អាច​ប្រាប់​គ្រូ​បន្ថែម​អំពី … បាន​ទេ ? »

  • « សូម​ជួយ​យើង​យល់​បន្ថែម​អំពី​អ្វី​ដែល​ប្អូន​ចង់​មាន​ន័យ ពេល​និយាយ​ថា… ? »

  • « តើ​ប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​… ? »

  • « តើ​ប្អូន​គិត​ថា ហេតុអី​បាន​ជា… ? »

តើ​នរណា ឬ​តើ​អ្វី​ទៅ​ដែល​ផ្ដល់​នូវ​ការពន្យល់​ដ៏ល្អ​មួយ​អំពី​ការណ៍​នេះ ? ( គំរូ ) ៖

ពេល ហ័ន ចែកចាយ​បទពិសោធន៍​មួយ​អំពី​ការអធិស្ឋាន​ជា​គ្រួសារ​របស់​គាត់ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ចង់​ដឹង​អ្វី​ទៀត​អំពី​បទពិសោធន៍​របស់ ហ័ន ? » ខណៈ​ពេល​ខ្ញុំ​ស្ដាប់ ខ្ញុំ​ចង់​ដឹង​ពី​អ្វី​ដែល​គាត់​បានរៀន​អំពី​ព្រះវរបិតាសួគ៌​តាមរយៈ​បទពិសោធន៍​នោះ ដូច្នេះ​ខ្ញុំ​សួរ​ថា « ហ័ន តើ​ប្អូន​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌​ចេញពី​បទពិសោធន៍​នោះ ? »

តើ​ខ្ញុំ​អាច​ហាត់រៀន​ប្រើ​ជំនាញ​នេះ ឬ​អនុវត្ត​តាម​គោលការណ៍​នេះ​ដោយ​របៀប​ណា ? ( អនុវត្ត ) ៖

កាល​អ្នក​អាន​មតិយោបល់​ខាង​ក្រោម​ពី​សិស្ស ចូរសួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ចង់​ដឹង​អ្វី​បន្ថែម​ទៀត ? » សូម​សរសេរ​សំណួរ​តាមដាន​មួយ ដែល​អ្នក​អាចនឹង​សួរ​សិស្ស​ម្នាក់​នេះ ។

  1. « ប៉ុន្មាន​ថ្ងៃមុន ពេល​ខ្ញុំ​កំពុង​អាន​ព្រះគម្ពីរ ខ្ញុំ​បាន​រកឃើញ​ខគម្ពីរ​មួយ​ដែល​ខ្ញុំ​ពិត​ជា​ត្រូវការ​ស្ដាប់ឮ​ជា​ខ្លាំង » ។

  2. « តើ​ខ្ញុំ​អាច​ដឹង​យ៉ាង​ដូចម្ដេច​ថា នៅ​ពេល​ណា​វា​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ឬ​នៅ​ពេលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​មាន​ព្រះបន្ទូល ? »

  3. « ព្រះគម្ពីរ​នេះ​រំឭក​ខ្ញុំ​ពី​អ្វី​ដែល​ប្រធាន ណិលសុន បានមាន​ប្រសាសន៍​អំពី​ការធ្វើ​ជា​អ្នកផ្សះផ្សា​គេ » ។

ជញ្ជឹងគិត ឬ​ពិភាក្សា ៖

ហេតុអ្វី​បាន​ជា​ការសួរ​សំណួរ​តាមដាន​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បទពិសោធន៍​រៀនសូត្រ ?

សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​ការវាយ​តម្លៃ​ដំបូង ទៅ​នឹង​ការអនុវត្ត​ដែល​អ្នក​ទើប​តែ​បានបញ្ចប់​នេះ ។ តើ​អ្នក​សង្កេត​ឃើញ​មាន​ភាពខុសគ្នា​អ្វីខ្លះ ?

តើ​ខ្ញុំ​នឹង​រួមបញ្ចូល​ចំណុច​នេះ​នៅពេលណា និង​ដោយ​របៀបណា ?

សូម​អនុវត្ត​អ្វី​ដែល​អ្នកបាន​រៀន​នៅ​ថ្ងៃនេះ ដោយ​ចំណាយ​ពេល​សួរ​សំណួរ​តាមដាន នៅ​ពេល​សិស្ស​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​អ្នក​នៅ​សប្ដាហ៍​ក្រោយ ។

សូម​សរសេរ​ផែនការ​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ហាត់​អនុវត្ត​ជំនាញ​នេះ ចាប់​ពី​ពេល​នេះ​តទៅ​ជា​រៀង​រាល់​ថ្ងៃ ។