ការធ្វើអត្តឃាត
ការការពារ​កុំ​ឲ្យ​មាន​ការធ្វើ​អត្តឃាត និង​ការ​ឆ្លើយ​តប​បន្ទាប់​ពី​ការបាត់បង់


ការការពារ​កុំ​ឲ្យ​មាន​ការធ្វើ​អត្តឃាត និង​ការ​ឆ្លើយ​តប​បន្ទាប់​ពី​ការបាត់បង់

អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​តំបន់​ជា​ច្រើន​ក្នុង​ពិភពលោក​គឺ​ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់ ។ គោលបំណង​នៃ​ឯកសារ​នេះ​គឺ​ដើម្បី​ជួយ​ដល់​ឪពុក​ម្ដាយ ក្រុមគ្រួសារ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​សមាជិក​សាសនាចក្រ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ផ្ដល់​ការងារ​បម្រើ​ដល់​អស់​អ្នក​ណា​ដែល​រងឥទ្ធិពល​ដោយ​ការ​ធ្វើ​អត្តឃាត ។

សមាជិក​អាច​ប្រើប្រាស់​ធនធាន​នេះ​ដើម្បី​រៀន​អំពី​គោលលទ្ធិ​របស់​សាសនាចក្រ​ទៅ​លើ​ការ​ធ្វើ​អត្តឃាត សញ្ញា​ព្រមាន​អំពី​ការ​ធ្វើ​អត្តឃាត របៀប​ដើម្បី​ជួយ​នរណា​ម្នាក់​នៅ​ក្នុង​វិបត្តិ និង​របៀប​ដើម្បី​ឆ្លើយ​តប​បន្ទាប់​ពី​ការបាត់បង់​ដោយ​ការ​ធ្វើ​អត្តឃាត ។ ថ្នាក់ដឹកនាំ​អាច​ប្រើប្រាស់​ធនធាន​នេះ​ដើម្បី​នាំ​ទៅ​រក​ការ​ពិភាក្សា​ដ៏​មាន​អត្ថន័យ​ជាមួយ​នឹង​សមាជិក​នៅ​ក្នុង​ក្រុមប្រឹក្សា​ស្ដេក និង​វួដ ព្រមទាំង​នៅ​ក្នុង​ទីតាំង​ដទៃៗទៀត ។ គោលបំណង​នៃ​ការ​ពិភាក្សា​ទាំង​នេះ​នឹង​ជា​ជំនួយ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​ទាំងឡាយ​ក្នុង​ការផ្ដល់​ការងារ​បម្រើ​កាន់តែ​មាន​ប្រសិទ្ធភាព​ដល់​អស់​អ្នក​ដែល​ទទួល​រង​ឥទ្ធិពល​ដោយ​ការ​ធ្វើ​អត្តឃាត ។

បើ​ការ​មាន​ការ​ពិភាក្សា​មួយ​អំពី​ការធ្វើ​អត្តឃាត នឹង​ជួយ​ក្នុង​ការទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត និង​ជួយ​ផ្ដល់​ការងារ​បម្រើ​ដល់​អស់​អ្នក​ដែល​ទទួល​រង​ឥទ្ធិពល​ដោយ​ប្រធាន​បទ​នេះ ដូច្នោះ​ការ​ពិភាក្សា​មួយ គួរ​តែ​ធ្វើ​ឡើង​ដោយ​មាន​មជ្ឈិមវ័យ​ពីរ​រូប ។ ថ្នាក់​ដឹកនាំ​អាច​នឹង​ចង់​អញ្ជើញ​អ្នក​មាន​វិជ្ជាជីវៈ​ម្នាក់​មក​ពី​សហគមន៍​ដែល​យល់ និង​គោរព​ដល់​គោលលទ្ធិ​របស់​សាសនាចក្រ​ស្ដី​អំពី​ការ​ធ្វើ​អត្តឃាត មក​ចូលរួម​នៅក្នុង​ការ​ពិភាក្សា ។ ការពិភាក្សា​ជាមួយ​នឹង​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ គួរ​តែ​ធ្វើ​ឡើង​តែ​បន្ទាប់​ពី​ឪពុក​ម្ដាយ​បាន​ប្រឹក្សា​ជាមួយ​នឹង​កូនៗ​របស់​ពួកគេ​រួច​ហើយ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​ក្រុមប្រឹក្សា​ស្ដេក និង​វួដ បាន​ពិនិត្យ​មើល​ឯកសារ​នេះ​រួច​ហើយ នោះ​ពួកគាត់​គួរ​តែ​ពិភាក្សា​អំពី​របៀប​ដ៏​សមរម្យ​នានា​ដើម្បី​គាំទ្រ​ដល់​ការខិតខំ​របស់​សហគមន៍ ហើយ​ត្រូវ​ជូន​ដំណឹង​ដល់​សមាជិក​អំពី​ធនធាន​ទាំងឡាយ​ដែល​មាន ។

គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

ព្រះអម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​ប្រព្រឹត្ត​ទៅ​នឹង​មនុស្ស​គ្រប់​រូប​ដោយ​ការ​យោគយល់ និង​សេចក្ដីមេត្តាករុណា នៅពេល​ទ្រង់​បាន​បង្រៀន​ថា « ចូរ​ឲ្យ​អ្នក​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៩ ) ។ ការ​ខិតខំ​របស់​យើង​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​អស់​អ្នក​ដែល​ត្រូវ​រងឥទ្ធិពល​ដោយ​ការ​ធ្វើ​អត្តឃាត នឹង​មាន​ប្រសិទ្ធភាព​ជាង​នៅពេល​យើង​កាន់តែ​យល់​ដឹង​អំពី គោលលទ្ធិ និង​ការ​បង្រៀន​បាន​កាន់តែ​ពេញលេញ ដូច​ដែល​មាន​ខាង​ក្រោម​នេះ ៖

  • តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះ​យេស៊ូវ គ្រីស្ទ បាន​ឆ្លងកាត់​ឧបសគ្គ​ក្នុង​ជីវិត​រមែង​ស្លាប់​គ្រប់គ្រាន់ ដូច្នេះ​ទ្រង់​អាច​ដឹង​ថា « ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១១-១៣ ) ។ លោក ជេម អ៊ី ហ្វោស្ដ បាន​បង្រៀន​ថា ៖ « ពី​ព្រោះ​តែ​ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​រឿង​គ្រប់យ៉ាង និង​សព្វ​យ៉ាង តាម​ដែល​យើង​អាច​ដឹង ឬ​ជួប​ប្រទះ នោះ​ទ្រង់​អាច​ជួយ​ដល់​មនុស្ស​ទន់ខ្សោយ​ឲ្យ​បាន​កាន់តែ​រឹងមាំ » (« The Atonement: Our Greatest Hope », Ensign, ខែ​វិច្ឆិកា ឆ្នាំ ២០០១, ទំព័រ ២២ ) ។

  • ជីវិត​រមែង​ស្លាប់ គឺ​ជា​អំណោយទាន​ដ៏​មាន​តម្លៃ​មួយ​មក​ពី​ព្រះ— ជា​អំណោយទាន​មួយ​ដែល​គួរ​តែ​ផ្ដល់​តម្លៃ និង​ការពារ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ​១៨:១០; អិម រ័សុល បាឡឺដ, « Suicide: Some Things We Know, and Some We Do Not, » Ensign, ខែ​តុលា ឆ្នាំ ១៩៨៧ ទំព័រ ៦–៩ ) ។

  • នៅពេល​នរណា​ម្នាក់​ផ្ដាច់​ជីវិត​ខ្លួន​ឯង មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ជំនុំជម្រះ​លើ​គំនិត សកម្មភាព និង​កម្រិត​នៃ​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​នោះ ។ ការ​ធ្វើ​អត្តឃាត ពុំ​ចាំបាច់​ជា​ការ​កំណត់​អំពី​ចរិតលក្ខណៈ​នៃ​ជីវិត​អស់កល្បជានិច្ច​របស់​បុគ្គល​នោះ​ទេ ( សូមមើល សាំយ៉ូអែលទី ១ ១៦:៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៩; ឌែល ជី រិនឡាន់, « Grieving after a Suicide Loss, » វីដេអូ​នៅ suicide.lds.org) ។

ធនធាន​បន្ថែម ៖

  • ប្រធានបទ​ដំណឹង​ល្អ​នៅ​ក្នុង topics.lds.org និង​នៅ ក្នុង​កម្មវិធី បណ្ណាល័យ​ដំណឹង​ល្អ

សញ្ញា​ព្រមាន​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួន

មនុស្ស​ភាគ​ច្រើន​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួន​ពុំ​ចង់​ស្លាប់​នោះទេ ពួកគេ​គ្រាន់​តែ​ចង់​បាន​ការធូរស្បើយ​ពី​ការ​ឈឺចាប់​ផ្នែក​រូបកាយ ផ្នែក​ខួរក្បាល ផ្នែក​សតិអារម្មណ៍ ឬ​ផ្នែក​វិញ្ញាណ ដែល​ពួកគេ​កំពុង​ឆ្លង​កាត់​ប៉ុណ្ណោះ ។ មនុស្ស​ជាច្រើន​ដែល​ស្ថិត​នៅ​ក្នុង​វិបត្តិ បង្ហាញ​អំពី​សញ្ញា​ព្រមាន​ជាច្រើន​ពី​មុន​ពួកគេ​ប៉ុនប៉ង​ធ្វើ​អត្តឃាត ។ បើ​បងប្អូន​រៀន​ស្គាល់​សញ្ញា​ព្រមាន​ទាំងឡាយ នោះ​បងប្អូន​នឹង​ត្រៀម​ខ្លួន​បាន​កាន់​តែ​ល្អ​ប្រសើរ​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ សូម​ស្ដាប់​មើល​ពាក្យ​ថា « ខ្ញុំ​មិន​ខ្វល់​ទេ​ទោះ​ខ្ញុំ​ស្លាប់​ក្ដី » ឬ « មនុស្ស​គ្រប់រូប​នឹង​បាន​ល្អ​ប្រសើរ បើ​គ្មាន​ខ្ញុំ » ។ សញ្ញា​ព្រមាន​រួមមាន​នូវ​ឥរិយាបទ​ដូច​ខាង​ក្រោម ៖

  • រក​មើល​វិធី​មួយ​ដើម្បី​សម្លាប់​ខ្លួន

  • ការនិយាយ​អំពី​អារម្មណ៍​អស់សង្ឃឹម ឬ​គ្មាន​ហេតុផល​ដើម្បី​រស់នៅ​តទៅទៀត

  • ការនិយាយ​អំពី​អារម្មណ៍​ជាប់​ផុង ឬ​នៅ​ក្នុង​ការ​ឈឺ​ចាប់​ដែល​ពុំ​អាច​រែក​បាន

  • ការនិយាយ​អំពី​ការ​ធ្វើ​ជា​បន្ទុក​ទៅ​ដល់​អ្នកដទៃ

  • ការបង្កើន​ការ​ប្រើ​គ្រឿង​ស្រវឹង ឬ​ថ្នាំ​ញៀន

  • ការ​ឲ្យ​សម្ភារ​ផ្ទាល់​ខ្លួន​ដល់​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុផល

  • ការមាន​សកម្មភាព​ថប់​បារម្ភ ឬ​មួរម៉ៅ ឬ​មាន​ឥរិយាបទ​ពុំ​កោត​ក្រែង

  • ការដកខ្លួន ឬ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ

  • ការបង្ហាញ​ពី​ភាព​ឆេវឆាវ ឬ​ការ​និយាយ​អំពី​ការសងសឹក

  • បង្ហាញ​ពី​អារម្មណ៍​រវើរវាយ​យ៉ាង​ខ្លាំង ( សូមមើល National Suicide Prevention Lifeline )

សញ្ញា​ព្រមាន​តែ​មួយ អាច​នឹង​ពុំ​មាន​វិបត្តិ​មួយ​នោះទេ ។ ប៉ុន្តែ​បើ​បុគ្គល​នោះ​មាន​ប្រវត្តិ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត ឬ​បើ​បងប្អូន​កត់សម្គាល់​ឃើញ​ការផ្លាស់ប្ដូរ​មួយ​ភ្លាមៗ​នៅ​លើ​បុគ្គល​នោះ ឬ​ចាប់​ផ្ដើម​មើល​ឃើញ​សញ្ញា​ជាច្រើន សូម​ចាត់​វិធានការណ៍​ភ្លាម ។ ជំនួយ និង​ព័ត៌មាន​បន្ថែម​អំពី​វិបត្តិ​មាន​នៅ suicide.lds.org​ដោយ​ឥតគិត​ថ្លៃ ។ ( សូមមើល « How to Help Someone in Crisis » នៅ​ក្នុង​សៀវភៅ​ណែនាំ​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម ) ។

ទោះ​ជា​យើង​ខិតខំ​យ៉ាង​ខ្លាំង​បំផុត​ក្ដី ក៏​គ្រប់​ការ​ធ្វើ​អត្តឃាត​ពុំ​អាច​ត្រូវ​បាន​ទប់ស្កាត់​ទាំងអស់​នោះ​ទេ ។ ការ​ធ្វើ​អត្តឃាត​មួយ​ចំនួន​កើត​ឡើង​ដោយ​ពុំ​ឃើញ​មាន​សញ្ញា​អ្វី​មួយ​ជាក់លាក់​ទេ ។ បងប្អូន​ពុំ​មែន​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ផ្ដាច់​ជីវិត​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ។

ធនធាន​បន្ថែម ៖

របៀប​ជួយ​ដល់​នរណា​ម្នាក់​កំពុង​មាន​វិបត្តិ

សូម​យក​ចិត្ត​ទុកដាក់​ជានិច្ច​ចំពោះ​សញ្ញា​ព្រមាន​អំពី​ការ​ធ្វើ​អត្តឃាត និង​ការ​គម្រាម​គំហែង​ណា​មួយ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត ទោះ​ជា​បងប្អូន​គិត​ថា​បុគ្គល​ម្នាក់ៗ​នោះ ពុំ​បាន​កំពុង​តែ​គិត​ពី​ការ​ធ្វើ​អត្តឃាត ឬ​គ្រាន់​តែ​ស្វែង​រក​ការចាប់​អារម្មណ៍​ក្ដី ។ សូម​ធ្វើ​តាម​ជំហាន​ទាំង​បី​ក្នុង​ការ​ផ្ដល់​ជំនួយ— សួរ យក​ចិត្ត​ទុក​ដាក់ ប្រាប់ ។

ជំហាន​ទី ១ ៖ សួរ សួរ​បុគ្គល​នោះ​ដោយ​ផ្ទាល់ បើ​គាត់ ឬ​នាង​កំពុង​គិត​ចង់​ធ្វើ​អត្តឃាត ។ បងប្អូន​អាច​សួរ​ថា « តើ​អ្នក​កំពុង​គិត​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​ឬ ? » បើ​សិន​ជា​ពួកគេ​ថា ពួកគេ​កំពុង​គិត​ពី​ការ​ធ្វើ​អត្តឃាត សូម​សួរ​ពួកគេ តើ​ពួកគេ​មាន​គម្រោង​ឬទេ ។ បងប្អូន​អាច​សួរ​ថា « តើ​អ្នក​មាន​គម្រោង​បំផ្លាញ​ខ្លួន​ឯង​ឬ ? » បើ​ពួកគេ​មាន​គម្រោង សូម​ជួយ​ពួកគេ​ទៅ​រក​មន្ទីរ​ពេទ្យ ឬ​គ្លីនីក​ថែទាំ​សុខភាព​ជា​បន្ទាន់ ឬ​ទូរសព្ទ​ទៅ​កាន់​សេវា​សង្គ្រោះ​បន្ទាន់ ឬ​សេវា​ផ្ដល់​ជំនួយ​អ្នក​មាន​វិបត្តិ​នៅ​ក្នុង​តំបន់​របស់​បងប្អូន ។ ( សូម​ចូល​ទៅ​កាន់ suicide.lds.org/crisis សម្រាប់​សេវា​ផ្ដល់​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក ) ។ បើ​ពួកគេ​ពុំ​មាន​គម្រោង​ទេ សូម​ចូល​ទៅ​កាន់​ជំហាន​ទី ២ ។

ជំហាន​ទី ២ ៖ យកចិត្តទុកដាក់ ។ បង្ហាញ​ថា​បងប្អូន​យកចិត្តទុកដាក់​ស្ដាប់​អ្វី​ដែល​ពួកគេ​និយាយ ។ ទុក​ពេល​ឲ្យ​ពួកគេ​ពន្យល់​អំពី​អារម្មណ៍​របស់​ពួកគេ​មាន ។ គោរព​ដល់​អារម្មណ៍​ពួកគេ ដោយ​និយាយ​អ្វី​មួយ​ដូចជា « ខ្ញុំ​សោក​ស្ដាយ​ដែល​អ្នក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដូច្នេះ » ឬ « ខ្ញុំ​ពុំ​បាន​ដឹង​សោះ​ថា​រឿង​ទាំងឡាយ​លំបាក​ខ្លាំង​ចំពោះ​អ្នក » ។ បងប្អូន​អាច​សុំ​ជួយ​ដល់​ពួកគេ​បង្កើត​ជា​ផែនការ​សុវត្ថិភាព​ទប់ស្កាត់​ការ​ធ្វើ​អត្តឃាត ( How to Create a Suicide-Prevention Safety Plan, » Doug Thomas, Ensign, ខែ​កញ្ញា ឆ្នាំ ២០១៦, ៦៣ ) ។ ផែនការ​សុវត្ថិភាព​មួយ អាច​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ពី​ភាព​ខ្លាំង​ផ្ទាល់​ខ្លួន​របស់​ពួកគេ ទំនាក់ទំនង​វិជ្ជមាន និង​ជំនាញ​គ្រប់​គ្រង​សុខភាព ។ វា​ក៏​អាច​មាន​ដូចជា​កុំ​ឲ្យ​មាន​អាវុធ ឬ​ថ្នាំលេប​នៅ​ជិត​ពួកគេ ដែល អាច​ឲ្យ​ពួកគេ​បំផ្លាញ​ខ្លួន​ឯង​បាន ។ បើ​ពួកគេ​សុំ​កុំ​ឲ្យ​បងប្អូន​ប្រាប់​នរណា​ម្នាក់​អំពី​អារម្មណ៍​របស់​ពួកគេ សូម​ពន្យល់​ថា បងប្អូន​នឹង​គោរព​នូវ​ភាព​ឯកជន​របស់​ពួកគេ​តាម​ដែល​អាច​ធ្វើ​ទៅបាន ប៉ុន្តែ​ពួកគេ​ត្រូវការ​ជំនួយ​ច្រើន​ជាង​ដែល​បងប្អូន​អាច​ផ្ដល់​ឲ្យ​ទៅ​ពួកគេ​ទៀត ។កុំ​សន្យា​ថា​មិន​និយាយ​អំពី​គំនិត​ធ្វើ​អត្តឃាត​របស់​ពួកគេ​ជា​សម្ងាត់​ឡើយ ។

ជំហាន​ទី ៣ ៖ ប្រាប់ ។ លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ឲ្យ​ប្រាប់​នរណា​ម្នាក់​ដែល​អាច​ផ្ដល់​ជំនួយ​ច្រើន​បន្ថែម​ទៀត ។ ចែកចាយ​ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​ធនធាន​ជំនួយ​ផ្សេងៗ​នៅក្នុង​តំបន់​របស់​បងប្អូន ។ ធនធាន​ទាំងឡាយ​អាច​រួមមាន មន្ទីរពេទ្យ​សហគមន៍ គ្លីនីក​ថែទាំ​បន្ទាន់ ឬ​សេវា​ផ្ដល់​ជំនួយ​អ្នក​មានវិបត្តិ​ដោយ​ឥតគិត​ថ្លៃ ។. បើពួកគេ​ពុំ​ព្រម​ស្វែងរក​ជំនួយ បងប្អូន​ចាំបាច់​ត្រូវ​ប្រាប់​នរណា​ម្នាក់​ជំនួស​ពួកគេ ។ បងប្អូន​អាច​នឹង​ចង់​និយាយ​អ្វី​មួយ​ដូចជា « ខ្ញុំ​បារម្ភ​អំពី​អ្នក ហើយ​ចង់​ឲ្យ​អ្នក​មាន​សុវត្ថិភាព ។ ខ្ញុំ​នឹង​ប្រាប់​នរណា​ម្នាក់​ដែល អាច​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវការ » ។ សូម​គោរព​ដល់​ឯកជនភាព​របស់​ពួកគេ ដោយ​ប្រាប់​តែ​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​អាច​ជួយ​បាន​ប៉ុណ្ណោះ ដូចជា សមាជិក​គ្រួសារ​សាច់ញាតិ ប៊ីស្សព​របស់​បុគ្គល​នោះ ទីប្រឹក្សា​សាលា វេជ្ជបណ្ឌិត ឬ​វិជ្ជាជីវៈ​ថែទាំ​សុខភាព​ដទៃទៀត ។ បើ​បងប្អូន​មិន​ច្បាស់​ថា​ត្រូវ​និយាយ​ទៅ​កាន់​នរណា សូម​និយាយ​ទៅ​កាន់​ប៊ីស្សព​របស់​បងប្អូន ឬ​ទូរសព្ទ​ទៅកាន់​សេវា​ផ្ដល់​ជំនួយ​ដល់​អ្នក​មាន​វិបត្តិ​ដោយ​ឥតគិត​ថ្លៃ​នៅ​ក្នុង​តំបន់​របស់​បងប្អូន ។ សូម​ចងចាំ​ថា បងប្អូន​ពុំ​ត្រូវ​បាន​រំពឹង​ឲ្យ​ទៅ​ជួយ​ដល់​បុគ្គល​នោះ​ដោយ​ផ្ទាល់​នោះទេ ។

កំណត់ចំណាំ ៖ បើ​បងប្អូន​កំពុង​ដឹកនាំ​ការ​ពិភាក្សា សូម​ពិចារណា​ការសុំ​ឲ្យ​អ្នក​ចូលរួម​អនុវត្ត​ជំហាន​ទាំងនេះ ។ សូម​ផ្ដល់​ជា​ស្ថានភាព​មួយ​ដល់​ពួកគេ ដែល​មាន​នរណា​ម្នាក់​មក​រក​ពួកគេ ហើយ​ប្រាប់​អំពី​គំនិត​ចង់​ធ្វើ​អត្តឃាត រួច​ហើយ​សុំ​ឲ្យ​ពួកគេ​ហាត់​រៀន​ថា​ត្រូវ​ឆ្លើយ​តប​ដោយ​របៀប​ណា ។

ធនធាន​បន្ថែម ៖

របៀប​ដើម្បី​ឆ្លើយ​តប​បន្ទាប់​ពី​ការ​ធ្វើ​អត្តឃាត

ទោះ​ជា​យើង​ខិតខំ​យ៉ាង​ខ្លាំង​បំផុត​ក្ដី ក៏​គ្រប់​ការ​ធ្វើ​អត្តឃាត​ពុំ​អាច​ត្រូវ​បាន​ទប់ស្កាត់​ទាំងអស់​នោះ​ទេ ។ វា​ជា​រឿង​ធម្មតា​ចំពោះ​អ្នក​ដែល​នៅ​ពី​ខាង​ក្រោយ​បន្ទាប់​ពី​មាន​ការ​ធ្វើ​អត្តឃាត​មួយ មាន​នូវ​អារម្មណ៍​ត្រូវ​គេ​បដិសេធ រន្ធត់ កំហុស ខឹង និង​ច្របូក​ច្របល់ ។ ប្រធាន អិម. រ័សុល បាឡឺត បាន​មាន​ប្រសាសន៍​ថា « ទង្វើ​នៃ​ការ​ផ្ដាច់​ជីវិត​របស់​មនុស្ស​ម្នាក់ គឺ​ជា​សោនាដកម្ម​មួយ​យ៉ាង​ពិតប្រាកដ ដោយសារ​ទង្វើ​តែ​មួយ​នោះ នាំ​មក​នូវ​ជន​រងគ្រោះ​ជា​ច្រើន ៖ ទី​មួយ គឺ​អ្នក​ស្លាប់ បន្ទាប់​មក​មាន​មនុស្ស​បួន​ដប់​នាក់​ផ្សេង​ទៀត—ដូចជា​គ្រួសារ និង​មិត្តភក្ដិ— ដែល​បន្សល់​ទុក្ខ​នៅ​ខាង​ក្រោយ ដែល​អ្នក​ខ្លះ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់​ដ៏​ធ្ងន់ធ្ងរ និង​ភាពប្របូក​ច្របល់​អស់​រាប់​ឆ្នាំ » ( «Suicide: Some Things We Know, and Some We Do Not » Ensign ខែ​តុលា ឆ្នាំ ១៩៨៧ ទំព័រ ៧ ) ។ សម្រាប់​បុគ្គល​ទាំងនេះ ការ​ព្យាបាល​កើត​មាន​តាមរយៈ​ព្រះអង្គសង្គ្រោះ ដែល « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ » ដើម្បី​ទ្រង់​អាច​ដឹង « ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦, អាលម៉ា ៧:១២ ) ។ ធនធាន និង​ការប្រឹក្សា​ផ្សេងៗ​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ក៏​អាច​ជា​ជំនួយ​ផងដែរ ។

ក្រុម​ប្រឹក្សា​វួដ និង​ស្ដេក អាច​នឹង​ចង់​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​ដល់​បុគ្គល ឬ​គ្រួសារ បន្ទាប់​ពី​មាន​ការ​ធ្វើ​អត្តឃាត​មួយ​កើត​ឡើង ។ សំណួរ​ដើម្បី​ពិភាក្សា​អាច​រួមមាន​ដូច​ខាង​ក្រោម ៖

  • តើ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​នាំ​មក​នូវ​ការ​ព្យាបាល​ដល់​បុគ្គល ឬ​គ្រួសារ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​តម្រូវការ​អ្វីខ្លះ ដែល​បងប្អូនប្រុស​ស្រី​ផ្ដល់​ការងារ​បម្រើ​បាន​សង្កេតឃើញ​មាន​ចំពោះ​បុគ្គល ឬ​គ្រួសារ​នោះ ? តើ​ពួកគេ​អាច​ផ្ដល់​ការបម្រើ​អ្វីខ្លះ ?

  • តើការ​ផ្ដល់​ជំនួយ​ផ្នែក​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​ជា​បន្ដបន្ទាប់ នឹង​ជួយ​ដល់​សេចក្ដីត្រូវការ​របស់​បុគ្គល ឬ​គ្រួសារ​យ៉ាង​ណា​ខ្លះ ? តើ​នរណា​អាច​ផ្ដល់​ជំនួយ​នេះ ?

  • តើ​បុគ្គល ឬ​គ្រួសារ​មាន​តម្រូវការ​ខាង​សាច់ឈាម ដូចជា​មធ្យោបាយ​ធ្វើ​ដំណើរ ឬ​អាហារ​ដែរ​ឬទេ ?

  • តើ​ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​វួដ អាច​ជួយ​ដល់​កុមារ និង​យុវវ័យ​ដែល​បាត់​បង់​មនុស្ស​ជា​ទីស្រឡាញ់​យ៉ាង​ដូចម្ដេច ?

ដំណើរ​នៃ​ភាព​សោកសៅ​បន្ទាប់ពី​មាន​ការ​ធ្វើ​អត្តឃាត​មួយ អាច​នឹង​មាន​រយៈពេល​យូរអង្វែង ។ បើ​នរណា​ម្នាក់​បន្ដ​មាន​អារម្មណ៍​ឈឺចាប់ ឬ​សោកស្តាយ​ខ្លាំង សូម​ប្រឹក្សា​ជាមួយ​អ្នកដទៃ​ដែល​ខ្វល់​ខ្វាយ​អំពី​បុគ្គល​នេះ ។ សូម​ពិចារណា​ប្រកបដោយ​ការ​អធិស្ឋាន​អំពី​របៀប​ដែល​បងប្អូន​អាច​ផ្ដល់​ជំនួយ​បាន​ល្អ​បំផុត ។ បងប្អូន​អាច​នឹង​ចង់​ជួយ​ដល់​បុគ្គល​នោះ​ទទួល​បាន​ការ​ប្រសិទ្ធពរ​ពី​បព្វជិតភាព ឬ​ទំនាក់ទំនង​ទៅកាន់​ធនធាន​នានា​ក្នុង​តំបន់​របស់​បងប្អូន ។ ក្រុម​ផ្ដល់​ជំនួយ​ដល់​អ្នក​សោកសៅ ក្រុម​វេជ្ជបណ្ឌិត ឬ​អ្នក​ជំនាញ​ខាង​ថែទាំ​សុខភាព​ដទៃទៀត​អាច​នឹង​ជា​ជំនួយ ។

កំណត់ចំណាំ ៖ បើ​បងប្អូន​កំពុង​ដឹកនាំ​ការ​ពិភាក្សា ចូរ​កុំ​ពិភាក្សា​អំពី របៀប​ដែល​បុគ្គល​ម្នាក់​នោះ​ផ្ដាច់​ជីវិត​របស់​ពួកគេ ។ រឿង​នេះ​អាច​នឹង​លើក​ទឹកចិត្ត​ដោយ​អចេតនា​ដល់​នរណា​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម​នោះ​ចម្លង​យក​ឥរិយាបទ​ដែល​បានពិពណ៌នា​នោះ ។ បើ​មាន​នរណា​ម្នាក់​ហៀប​នឹង​ចែកចាយ​ព័ត៌មាន​លម្អិត​ទាំងនេះ​នៅ​ក្នុង​ក្រុម សូម​បង្វែរ​ការ​សន្ទនា​ចេញ​តាម​របៀប​ដែល​ល្អ​មួយ ។

ធនធាន​បន្ថែម ៖

ធនធន​ផ្សេង​ទៀត

ការ​ប្រឹក្សា​មក​ពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

  • « Understanding Suicide, » ឌែល ជី រិនឡាន់, វីដេអូ​នៅ suicide.lds.org

  • « The Merciful Obtain Mercy, » ឌៀថើរ អេស្វ អុជដូហ្វ, EnsignLiahona, ខែ​ឧសភា ឆ្នាំ ២០១២, ៧០–៧៦

  • « Songs Sung and Unsung, » ជែហ្វ្រី អ័រ ហូឡិន, EnsignLiahona, ខែ​ឧសភា ឆ្នាំ ២០១៧, ៤៩–៥១

  • « To Heal the Shattering Consequences of Abuse, » រីឆាដ ជី ស្កត, EnsignLiahona, ខែ​ឧសភា ឆ្នាំ ២០០៨, ៤០–៤៣

  • « First Observe, Then Serve, » លីនដា ខេ ប៊ើតុន, EnsignLiahona, ខែ​វិច្ឆិកា ឆ្នាំ ២០១២, ៧៨–៨០

បទពិសោធន៍​ផ្ទាល់​ខ្លួន​មក​ពី​សមាជិក

ធនធាន​ដទៃ​ទៀត​របស់​សាសនាចក្រ

  • « Ambassadors of Hope: Working Together to Prevent Suicide, » ម៉ារីសា ឌែននីស, Ensign, ខែ​វិច្ឆិកា. ឆ្នាំ ២០១៨

  • MentalHealth.lds.org

  • « LDS Family Services Offices » នៅ LDS.org ( សម្រាប់​ការ​ប្រឹក្សា ឬ​ការ​ពិគ្រោះ​យោបល់ )

  • « Lead Inspired Discussions, » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ ២០១៥ ), ៣៣–៣៤

សូម​មើល suicide.lds.org សម្រាប់​ធនធាន​បន្ថែម