ការ​ធ្វើ​ការងារ​បម្រើ
រឿង​ប្រាំ​យ៉ាង​ដែល​អ្នក​ស្ដាប់​ដ៏​ល្អ​ធ្វើ
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារបម្រើ

រឿង​ប្រាំ​យ៉ាង​ដែល​អ្នក​ស្ដាប់​ដ៏​ល្អ​ធ្វើ

ការស្ដាប់​ដ៏​ពិត​ប្រាកដ​នឹង​ជួយអ្នក​ដឹង​របៀប​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​មនុស្ស​ដទៃ​ទៀត ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ ។

លីអាហូណា ខែ មិថុនា ឆ្នាំ ២០១៨

រូបភាព
Five Things Good Listeners Do
រូបភាព
Five Things Good Listeners Do 2
រូបភាព
two women talking

រូបថត​មក​ពី Getty Images

អែលឌើរ ជែហ្វ្រី​អ័រ ហូឡិន ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ប្រហែល​អ្វី​មួយ​ដែល​កាន់តែ​សំខាន់​ជាង​ការនិយាយ​នោះ គឺ​ការស្តាប់ ។ … ប្រសិន​បើ​យើង​ស្តាប់​ដោយ​សេចក្តីស្រឡាញ់ នោះ​យើង​ពុំ​ត្រូវការ​គិត​អំពី​អ្វី​ដែល​ត្រូវ​និយាយ​ឡើយ ។ វា​នឹង​ប្រទាន​ដល់​យើង — តាមរយៈ​ព្រះវិញ្ញាណ » ។

ការស្ដាប់​គឺ​ជា​ជំនាញ​មួយ​ដែល​យើង​អាច​រៀនសូត្រ ។ ការ​ស្ដាប់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ដទៃ វា​ជួយ​បង្កើត​ទំនាក់​ទំនង​ដ៏​រឹង​មាំ ហើយ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ប្រទាន​ពរ​យើង​ជាមួយ​នឹង​អំណោយ​ទាន​នៃ​ការយល់​ដឹង ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ​ទៀត ។ នេះ​គឺជា​វិធី​ប្រាំ​យ៉ាង​ដែល​យើង​អាច​កែលម្អ​របៀប​ដែល​យើង​ស្ដាប់ ។

១. ទុក​ពេល​ឲ្យ​ពួកគេ

មនុស្ស​ជាច្រើន​ត្រូវការ​ពេលវេលា​ដើម្បី​ប្រមូល​ផ្ដុំ​គំនិត​ពី​មុន​និយាយ ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​គិត​ទាំង​ពី​មុន​និង​ក្រោយ​ពួកគេ​និយាយ​អ្វី​មួយ ( សូម​មើលយ៉ាកុប ១:១៩ ) ។ ដោយ​សារ​តែ​ពួកគេ​បញ្ចប់​ការនិយាយ​ពុំ​មែន​មាន​ន័យ​ថា ពួកគេ​បាន​និយាយ​អ្វីៗ​ដែល​ពួកគេ​ចង់​និយាយ​នោះ​ទេ ។ សូម​កុំ​ខ្លាច​នឹង​ភាព​ស្ងៀម​ស្ងាត់ ( សូមមើលយ៉ូប ២:១១–៣:១ និង អាលម៉ា ១៨:១៤–១៦ ) ។

២. ផ្ដោត​យក​ចិត្ត​ទុក​ដាក់

យើង​គិត​លឿន​ជាង​មនុស្ស​ដទៃ​និយាយ​ទៅ​ទៀត ។ សូម​ទប់ខ្លួន​កុំ​ឲ្យ​ធ្វើ​ការសន្និដ្ឋាន ឬ​គិត​ទុក​ជា​មុន​ទៅ​លើ​អ្វី​ដែល​អ្នក​នឹង​និយាយ នៅ​ពេល​ពួកគេ​និយាយ​ចប់​ឡើយ ( សូម​មើល សុភាសិត ១៨:១៣ ) ។ ផ្ទុយ​ទៅវិញ សូម​ស្ដាប់​ដោយ​មាន​បំណង​ចង់​យល់​ដឹង ។ ចម្លើយ​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង ដោយសារ​វា​ទទួល​បាន​ព័ត៌មាន​តាមរយៈ​ការយល់ដឹង​ដ៏​ស៊ី​ជម្រៅ​ ។

៣. បញ្ជាក់​ឡើង​វិញ

សូម​កុំ​ខ្លាច​ដើម្បី​សួរ​សំណួរ​បញ្ជាក់​អំពី​អ្វី​មួយ​ដែល​អ្នក​មិន​យល់ ( សូមមើលម៉ាកុស ៩:៣២ ) ។ ការ​បញ្ជាក់​ឡើង​វិញ​កាត់​បន្ថយ​ការ​យល់​ខុស ហើយ​វា​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​លើ​អ្វី​ដែល​បាន​លើក​ឡើង ។

៤. សញ្ជឹង​គិត

សូម​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​ស្ដាប់​ឮ និង​របៀប​ដែល​អ្នក​យល់​អំពី​អារម្មណ៍​របស់​មនុស្ស​ដទៃ​ទៀត ។ ការណ៍​នេះ​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា​តើ​មាន​មនុស្ស​យល់​អំពី​ពួកគេ ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បញ្ជាក់​ឡើង​វិញ​ដែរ​ឬទេ ។

៥. ស្វែង​រក​ចំណុច​រួម​

អ្នក​ប្រហែល​ជា​មិន​យល់​ស្រប​នឹង​អ្វីៗ​ដែល​បាន​លើក​ឡើង​ឡើយ ប៉ុន្តែ​យល់​ស្រប​នឹង​អ្វី​ដែល​អ្នក​ធ្វើ​បាន ដោយ​គ្មាន​ការបង្ហាញ​ខុស​អំពី​អារម្មណ៍​របស់​អ្នក ។ ការយល់​ស្រប​អាច​ជួយ​រំសាយ​នូវ​ការព្រួយ​បារម្ភ និងការ​ការពារ​ខ្លួន ( សូម​មើល​ម៉ាថាយ ៥:២៥ ) ។

ប្រធាន​រ័សុល អិម ណិលសុន បាន​បង្រៀន​ថា យើង​គួរ « រៀន​ស្ដាប់ ហើយ​ស្ដាប់​ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក » ។ នៅ​ពេល​អ្នក​ស្ដាប់​ដោយ​មាន​ចេតនា​ចង់​រៀន​អំពី​មនុស្ស​ដទៃទៀត អ្នក​នឹង​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​ប្រសើរ​មួយ​ដើម្បី​យល់​អំពី​សេចក្ដី​ត្រូវការ​របស់​ពួកគេ ហើយ​ស្ដាប់​ការបំផុស​គំនិត​អំពី​របៀប​ដែល​អ្នក​អាច​មើល​ថែ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។

ការ​ស្ដាប់​គឺជា​សេចក្ដី​ស្រឡាញ់

រូបភាព
family laughing

ដំណើរ​រឿង​មួយ​មក​ពី​អែលឌើរ ហូឡិន បាន​ឆ្លុះបញ្ចាំង​អំពី​អនុភាព​នៃ​ការ​ស្ដាប់ ៖

« មិត្ត​របស់ខ្ញុំ ត្រយ រ៉ាស់សល បានបើកឡានរបស់គាត់យឺតៗចេញពីយាន្តដ្ឋានរបស់គាត់ … គាត់​មាន​អារម្មណ៍​ថា​កង់​ក្រោយ​របស់​គាត់​កិន​អ្វី​មួយ ។ … នោះ​គាត់​បាន​ចុះ​ទៅ​ក៏​ឃើញ​កូនប្រុស​អាយុ​ប្រាំបួន​ឆ្នាំ​ដ៏​មាន​តម្លៃ​របស់​គាត់ ឈ្មោះ អូស្ទីន ដេក​ផ្កាប់​មុខ​នៅ​លើ​ផ្លូវ​ដើរ … អូស្ទីន ស្លាប់​ទៅហើយ ។

« ត្រយ ពុំ​ស្រណុក​ចិត្ត មិន​អាច​ដេក​លក់ ឬ​មាន​ភាពសុខសាន្ដ​ឡើយ ។ … ប៉ុន្តែ​នៅ​ក្នុង​ការរងទុក្ខ​ដ៏​ឈឺចាប់​នោះ មាន​កម្លាំង​ប្រោស​លោះ​បាន​កើត​ឡើង … ចន ម៉េននីង ។

« ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា ចន និង​ដៃគូ​វ័យ​ក្មេង​របស់​គាត់​ដាក់​កាលវិភាគ​យ៉ាង​ណា​ដើម្បី​ទៅ​សួរសុខទុក្ខ​ផ្ទះ​គ្រួសារ រ៉ាស់សល ទេ ។ … អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា កាលពី​និទាឃរដូវ​មុន បងប្រុស ម៉េននីង បាន​ឈោង​ទៅ​ជួយ ត្រយ​រ៉ាស់សល ឡើង​ចេញ​ពី​សោកនាដកម្ម​នៅ​ច្រក​ផ្លូវ​នោះ ដូចជា​គាត់​លើក​កូនប្រុស​តូច អូស្ទីន ដោយ​ខ្លួន​គាត់​ដែរ ។ ដូចជា ​… បងប្រុស​ក្នុង​ដំណឹងល្អ ចន បាន​ធ្វើ​ការមើលថែ​ខាង​បព្វជិតភាព ហើយ​ថែរក្សា​ត្រយ រ៉ាស់សល ។ គាត់​បាន​ចាប់​ផ្ដើម​ដោយ​និយាយ​ថា ‹ ត្រយ, អូស្ទីន ចង់​ឲ្យ​អ្នក​ក្រោក​ឡើង — ទៅ​កន្លែង​លេង​បាល់​បោះ — ដូច្នេះ​ខ្ញុំ​នឹង​មក​ទីនេះ​រាល់ព្រឹក​នៅម៉ោង ៥:១៥ នាទី​ព្រឹក។ ចូរ​ត្រៀម​ខ្លួន​ឲ្យ​ស្រេច …› ។

« ក្រោយមក ត្រយ បាន​ប្រាប់​ខ្ញុំ​ថា ‹ ខ្ញុំ​មិន​ចង់​ទៅ​ទេ ព្រោះ​ខ្ញុំ​តែងតែ​នាំ​អូស្ទីន ទៅ​ជាមួយ​រាល់ព្រឹក ។ … ប៉ុន្ដែ​ចន នៅតែ​ទទូច ដូច្នេះ​ខ្ញុំ​បាន​ទៅ ។ ចាប់​ពី​ថ្ងៃ​ដំបូង​នោះ​មក យើង​បាន​និយាយ​គ្នា — ឬ​ខ្ញុំ​និយាយ ហើយ​ចន បាន​ស្ដាប់ ។ … ដំបូង​វា​មាន​ការលំបាក ប៉ុន្តែ​យូរៗ​ទៅ ខ្ញុំ​បាន​ដឹងថា ខ្ញុំ​ទទួល​បាន​កម្លាំង​នៅក្នុង​ទម្រង់​ជា [ ចន ម៉េននីង ] ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ស្ដាប់​ខ្ញុំ រហូត​ដល់​ព្រះអាទិត្យ​បាន​រះឡើង​ក្នុង​ជីវិត​ខ្ញុំ​សារជាថ្មី › » ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « Witnesses unto Me » Liahona ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ១៦ ។

  2. សូមមើល ដេវីឌ អេ បែដណា នៅ​ក្នុង « ការ​ពិភាក្ស​តុមូល » ( ការ​បំពាក់បំប៉ន​ថ្នាក់​ដឹកនាំ​ទូទាំង​ពិភព​លោក ខែ វិច្ឆិកា ឆ្នាំ ២០១០ ) broadcasts.lds.org ។

  3. រ័សុល អិម ណិលសុន « Listen to Learn » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ២៣ ។

  4. ជែហ្វ្រី អ័រ ហូឡិន « Emissaries to the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦៦–៦៧ ។