បណ្ណាល័យ
ការឆ្លើយតប​ដោយ​សេចក្តី​ស្រឡាញ់


« ការឆ្លើយតប​ដោយ​សេចក្តី​ស្រឡាញ់» ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ឪពុក​នៅ​ប្រទេស​អ៊ុយរូហ្គាយ​ឱប​កូន​ប្រុស​របស់​គាត់

ការជួយ​អ្នកដទៃ​ជាមួយនឹង​សំណួរ​របស់​ពួកគេ

ការឆ្លើយតប​ដោយ​សេចក្តី​ស្រឡាញ់

នៅ​ពេល​ដែល​នរណា​ម្នាក់​ដែល​ជិត​ស្និទ្ធ​នឹង​បងប្អូន​ចែកចាយ​សំណួរ ឬ​ការព្រួយបារម្ភ​របស់​ពួកគេ​អំពី​សាសនាចក្រ វា​ជា​រឿង​ធម្មតា​ដែល​មាន​អារម្មណ៍​ភិតភ័យ ឬ​ព្រួយ​បារម្ភ ។ ព្យាយាម​ទុក​អារម្មណ៍​ទាំង​នេះ​មួយ​អន្លើ ហើយ​ឆ្លើយ​តប​ដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​អាសូរ ។ បងប្អូន​ប្រហែល​ជា​មិន​យល់​ពេញលេញ​ពី​បទពិសោធន៍​របស់​អ្នកដទៃ​នោះ​ទេ ប៉ុន្តែ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​​ជានិច្ច ។

ពេល​ខ្លះ​មនុស្ស​ស្ទាក់ស្ទើរ​ក្នុង​ការចែកចាយ​អំពី​ការលំបាក​របស់​ពួកគេ ពីព្រោះ​ពួកគេ​ភ័យ​ខ្លាច​ថា​ពួកគេ​អាច​នឹង​បាត់បង់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​បងប្អូន​ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ចំពោះ​ពួកគេ ។ ប្រសិន​បើ​នរណា​ម្នាក់​ទាក់ទង​ទៅ​បងប្អូន នោះ​ពួក​គេ​កំពុង​ស្វែង​រក​ការគាំទ្រ​ហើយ ។ សូម​ឆ្លើយ​តប​ដោយ​សេចក្តី​ស្រឡាញ់ ទោះ​បី​ជា​បងប្អូន​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ឬ​និយាយ​អ្វី​ក៏​ដោយ ។ ស្វែងរក​វិធី​ដើម្បី​បង្ហាញ​អំពី​សេចក្តី​អាណិត​អាសូរ និង​សេចក្តី​សប្បុរស ទោះបីជា​ពួកគេ​ធ្វើ​ការជ្រើសរើស​ដែល​បងប្អូន​មិន​យល់​ស្រប​ក៏ដោយ ។

នេះ​ជា​គោលការណ៍​មួយ​ចំនួន​ដែល​នឹង​ជួយ​បងប្អូន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស នៅពេល​ពួកគេ​ចែកចាយ​សំណួរ​របស់​ពួកគេ​ជាមួយនឹង​បងប្អូន ៖

  • និយាយ​ដោយ​សេចក្តី​ស្រឡាញ់ ។ សូម​ប្រាស្រ័យ​ទាក់ទង​ដោយ​ភាពរាបទាប សប្បុរស និង​ស្មោះត្រង់ ។ ពូកែ​និយាយ និង​គំនិត​ឆ្លាត​វៃ​គឺ​មិន​មាន​ប្រយោជន៍​ច្រើន​ជាង​ការបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​នោះទេ ។ សូម​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​បងប្អូន​ដោយ​សាមញ្ញ ស្មោះត្រង់ និង​ម្តងហើយ​ម្តងទៀត ។ ពេល​ព្រះវិញ្ញាណ​ដឹកនាំ សូម​ស្វែង​រក​ពេល​វេលា និង​វិធី​ត្រឹមត្រូវ​ដើម្បី​ផ្តល់នូវ « ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា » ។

  • សូម​បម្រើ​ពួកគេ​តាម​របៀប​ដ៏​មាន​អត្ថន័យ ។ សូម​ស្វែងរក​វិធី​ដើម្បី​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ និង​ការតាំងចិត្ត​របស់​បងប្អូន ។ សូម​សួរ​ពួកគេ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​គេ​មាន​តម្លៃ និង​របៀប​ដែល​បងប្អូន​អាច​គាំទ្រ​ដល់​ពួកគេ​បាន ។ បន្ទាប់​មក សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ធ្វើ​សកម្មភាព​លើ​អ្វី​ដែល​បងប្អូន​រៀន ។ ការបម្រើ​របស់​បងប្អូននឹង​ពង្រឹង​ពាក្យ​នៃ​សេចក្តី​ស្រឡាញ់ និង​ធានា​ដល់​បុគ្គល​នោះថា​បងប្អូន​យកចិត្ត​ទុកដាក់ ។

  • សូម​រក្សា​ទំនាក់ទំនង​របស់​បងប្អូន ។ វា​មាន​សារៈសំខាន់​ក្នុង​ការបង្កើត​ទំនាក់ទំនង​នៃ​សេចក្ដី​ស្រឡាញ់ និង​ការទុកចិត្ត​ជាង​ការផ្តល់​ចម្លើយ​ឆាប់​រហ័ស ។ គោលដៅ​ដ៏​ល្អ​មួយ​អាច​ជា​ការបន្ត​កិច្ចសន្ទនា​បន្ត​ទៀត​ប៉ុណ្ណោះ ។ ការរក្សា​ទំនាក់ទំនង​របស់​បងប្អូន​ខណៈពេល​ដែល​រក្សា​សេចក្តីសញ្ញា​របស់​បងប្អូន គឺជា​វិធីដ៏​ល្អ​បំផុត​ដើម្បី​បន្ត​មាន​ឥទ្ធិពល​វិជ្ជមាន ។

  • សូម​ព្យាយាម​មើល​ពួកគេ​តាម​ព្រះនេត្រ​របស់​ព្រះ​ជាម្ចាស់ ។ អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀនថា « យើង​មិន​អាច​បំពេញ​កាតព្វកិច្ច​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ទាំងស្រុង ដើម្បី​ទួញយំ​នឹង​អ្នកណា​ដែល​ទួញយំ កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ​បាន​ឡើយ ទាល់តែ​យើង​មើលឃើញ​ពួកគេ​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ​សិន » ។ មិត្តភក្តិ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​បងប្អូន​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ​ដែល​មាន​សក្តានុពល​ដ៏ទេវភាព ។ ពួកគេ​កំពុង​ជួប​ប្រទះ​នឹង​ការសាកល្បង ដែល​សាវក​ពេត្រុស​បាន​និយាយ​ថា​យើង​គួរ​តែ​រំពឹង​ទុក​ក្នុង​ជីវិត ។ ព្រះយេស៊ូវគ្រីស្ទ​បង្គាប់​ដល់​សិស្ស​របស់​ទ្រង់​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដូច​ដែល​ទ្រង់​ស្រឡាញ់​ពួកគេ ។ សូម​អធិស្ឋាន​សុំ​ទស្សនវិស័យ​ដើម្បី​មើល​ទៅ​ពួកគេ​ដូច​ដែល​ព្រះ​ទត​ទៅ​ពួកគេ ។

  • ស្រឡាញ់​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ ។ នៅ​ពេល​ដែល​នរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​សម្រេច​ចិត្ត​ជឿ​ខុស​ពី​យើង​ធ្វើ ឬ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​យើង​មិន​យល់ យើង​គួរ​តែ​គោរព​នូវ​សិទ្ធជ្រើសរើស​របស់​ពួកគេ ហើយ​បន្ត​ស្រឡាញ់​ពួកគេ ។ យើង​អាច​ធ្វើ​បែប​នេះ​ដោយ​មិន​បោះ​បង់​ចោល​ជំនឿ​ដ៏​ជ្រាល​ជ្រៅ​របស់​យើង​ផ្ទាល់​ឡើយ ។ ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា ៖ « យើង​អាច​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដោយ​ពុំ​ធ្វើ​ឲ្យ​ខូច​ដល់​គោលការណ៍​សាសនា​ផ្ទាល់​ខ្លួន​ឡើយ ។ ហើយ​យើង​អាច​និយាយ​អំពី​គោលការណ៍​ទាំង​នោះ​ដោយ​មិន​មើល​ទៅ​អ្នក​ដទៃ ដោយ​មិន​បន្ទាបបន្ថោក​ពួកគេ​ឡើយ » ។

ព្រះគម្ពីរ​សំខាន់ៗ ៖ សុភាសិត ១៥:១; យ៉ូហាន ១៣:៣៤-៣៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥២:១៦; ១២១:៤១–៤២