ក្បួនខ្នាត និង​ការហៅ
៦. ថ្នាក់ដឹកនាំ​ស្តេក


« ៦. ថ្នាក់ដឹកនាំ​ស្ដេក » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៦. ថ្នាក់ដឹកនាំ​ស្ដេក » ក្បួនខ្នាត​ទូទៅ ។

រូបភាព
អ្នកដឹកនាំ​កំពុង​និយាយ​ទៅកាន់​គ្រួសារ​មួយ

៦.

ថ្នាក់ដឹកនាំ​ស្តេក

៦.១

គោលបំណង​របស់​ស្ដេក

អេសាយ​បាន​រៀបរាប់​ពី​ក្រុង​ស៊ីយ៉ូន​នៅ​ថ្ងៃ​ចុងក្រោយ​ប្រៀបដូច​ជា​ត្រសាល ឬ​រោង​ឧបោសថ​មួយ​ដែល​បាន​ការពារ​ដោយ​ចំរឹង ( សូមមើល អេសាយ ៣៣:២០; ៥៤:២ ) ។ សព្វថ្ងៃ​នេះ សាសនាចក្រ​ត្រូវ​បាន​រៀបចំឡើង​ជា​ស្ដេក ។ ស្ដេក​នីមួយៗ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វួដ​ជា​ច្រើន ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​ស្តេក​ម្នាក់ ។

ព្រះអម្ចាស់​ស្ថាបនា​ស្ដេក​សម្រាប់ « ការប្រមូល » រាស្ត្រ​របស់​ទ្រង់ និង « ជាទី​ការពារ និង​ជាទី​ជ្រកកោន … » ពី​ពិភពលោក​នេះ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៦ ) ។ សមាជិក និង​ថ្នាក់​ដឹកនាំ​នៅក្នុង​ស្ដេក​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ ) ។

៦.២

គណៈប្រធាន​ស្តេក

ប្រធានស្តេក​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដើម្បី​ដឹកនាំ​កិច្ចការ​សាសនាចក្រនៅក្នុង​ស្តេក ( សូមមើល ៣.៤.១ ) ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​បង្កើត​បាន​ជា​គណៈប្រធាន​ស្ដេក ។ ពួកគាត់​មើល​ថែ​ដល់​សមាជិក​ស្ដេក​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ជួយ​ពួកគេ​ឲ្យ​ក្លាយទៅ​ជា​អ្នកដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន​ស្តេក​មាន​ការទទួលខុសត្រូវ​សំខាន់ៗ​ចំនួន​បួន ៖

  1. គាត់​គឺជា​សង្ឃជាន់ខ្ពស់​ជា​អធិបតី​នៅ​ក្នុង​ស្ដេក ។

  2. គាត់​ដឹកនាំ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​ស្ដេក ។

  3. គាត់​គឺជា​ចៅក្រម​ទូទៅ​មួយ​រូប ។

  4. គាត់​មើលការ​ខុស​ត្រូវ​លើ​កំណត់ត្រា ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​នានា ។

ដោយសារ​ប្រធាន​ស្តេក​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព នោះ​មាន​ការទទួល​ខុស​ត្រូវ​មួយ​ចំនួន​ដែល​មាន​តែ​គាត់​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន ។ ប្រសិន​បើ​គាត់​មិន​អាច​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះបាន នោះ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​អាច​ធ្វើ​ជំនួស​គាត់​បាន លើកលែង​តែ​ក្នុង​ករណី​ដូច​បាន​កត់ចំណាំ​នៅ​ក្នុង​ក្បួនខ្នាត​នេះ​ប៉ុណ្ណោះ ។ ប្រធានស្តេក ឬ​ទីប្រឹក្សា​របស់​គាត់​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់ ប្រសិន​បើ​គាត់​មាន​សំណួរ​អំពី​ទីប្រឹក្សា​ដែល​ដើរតួ​ជា​ប្រធាន​ស្ដេក​ស្ដីទី ។

ប្រធាន​ស្តេក​បែង​ចែង​ការ​ចាត់តាំង​ជាច្រើន​ទៅ​មនុស្ស​ដទៃទៀត ។ បុគ្គលទាំង​នេះ​រួមមាន ទីប្រឹក្សា​របស់​គាត់ ទីប្រឹក្សា​ជាន់ខ្ពស់ ថ្នាក់ដឹកនាំ​អង្គការ​ស្ដេក លេខាប្រតិបត្តិ​ស្ដេក ព្រមទាំង​ស្មៀនស្ដេក និង​ជំនួយការ​ស្មៀន​ស្ដេក ។

៦.២.១

សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី

ប្រធានស្តេក​គឺជា​ថ្នាក់ដឹកនាំ​ចម្បង​ខាង​វិញ្ញាណ​របស់​ស្ដេក ។ គាត់​ធ្វើជា​គំរូ​សម្រាប់​ស្ដេក តាមរយៈ​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ដោយ « ដួងចិត្ត​បរិសុទ្ធ​ជ្រះ​ថ្លា » ( ម៉ូសាយ ១៨:១២ ) ។ គាត់បង្រៀន និង​លើកស្ទួយ ។

ប្រធាន​ស្ដេក​គឺជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គាត់​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​គាត់ ។ គាត់​ស្មោះត្រង់​ចំពោះ​ភរិយា និង​គ្រួសារ​គាត់ ។ គាត់​ធ្វើជា​គំរូនៃ​សេចក្ដី​សុចរិត​សម្រាប់​គ្រួសារ​របស់​គាត់ ស្តេក និង​សហគមន៍ ។ ទីប្រឹក្សា​របស់​គាត់​គឺជា​បុរសដែលមាន​បុគ្គលិក​លក្ខណៈ​ស្រដៀង​គ្នា​នេះ ។

ប្រធាន​ស្ដេក​ផ្ដល់​ការណែនាំ​ដល់​ប៊ីស្សព និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៅក្នុង​ស្ដេក ។

៦.២.១.១

បព្វជិតភាព​ម៉ិលគីស្សាដែក

គណៈប្រធាន​ស្ដេក​ធ្វើ​ជា​អធិបតី​លើ​សមាជិក​ទាំងអស់ ដែល​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​នៅក្នុង​ស្ដេក ។

កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្ដេក ។ ប្រធាន​ស្ដេក​គឺជា​ប្រធាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្ដេក ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​គឺជា​គណៈប្រធាន​នៃ​កូរ៉ុម​នោះ ។ កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្ដេក​រួមមាន​សង្ឃ​ជាន់ខ្ពស់​បន្ថែម​ទៀត​ដូច​តទៅ​នេះ ៖

  • ប៊ីស្សព និង​ទីប្រឹក្សា​របស់​ពួកគាត់

  • ទី​ប្រឹក្សា​ជាន់​ខ្ពស់

  • លោក​អយ្យកោ​ដែល​កំពុង​បំពេញ​ការហៅ

សមាជិក​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ចូលរួម​ការប្រជុំ​កូរ៉ុម​អែលឌើរ​នៅ​ក្នុង​វួដ​របស់​ពួកគាត់ ប្រសិន​បើ​ពួកគាត់មិន​បាន​ចាត់តាំង​ទៅ​កន្លែង​ផ្សេង​ទៀត​ទេ​នោះ ។ សូមមើល ២៩.៣.៥ សម្រាប់​ព័ត៌មាន​អំពី​ការប្រជុំ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្ដេក ។

កូរ៉ុម​អែលឌើរ ។ គណៈប្រធាន​ស្ដេក​មាន​ការទទួល​ខុសត្រូវ​ចំពោះ​កូរ៉ុម​អែលឌើរ ( សូមមើល ៨.៣.៣.១ ) ។

ពិធី​តែងតាំង​បព្វជិតភាព​ម៉ិលគីស្សាដែក ។ ប្រធាន​ស្ដេក​មើល​ខុសត្រូវ​លើ​ការប្រគល់​បព្វជិតភាព​ម៉ិលគីស្សាដែក ។ គាត់ក៏​មើល​ខុស​ត្រូវ​លើ​ពិធី​តែងតាំង​តំណែង​អែលឌើរ និង​សង្ឃ​ជាន់ខ្ពស់​ផងដែរ ( សូមមើល ១៨.១០.៤ ) ។

៦.២.១.២

គណៈប៊ីស្សព

ប្រធាន​ស្ដេក​ជួប​នឹង​គណៈប៊ីស្សព​ថ្មី​ដើម្បី​ណែនាំ​ពួកគាត់​ភ្លាមៗ បន្ទាប់​ពី​ពួកគាត់​ត្រូវបាន​ហៅ ។ គាត់​បន្ត​ណែនាំ ហើយ​លើកទឹក​ចិត្ត​ប៊ីស្សព​នៅក្នុង​ការប្រជុំ​ជាទៀងទាត់ និង​នៅក្នុង​មជ្ឈដ្ឋាន​ផ្សេងទៀត ។

សមាជិក​នៃ​គណៈប្រធាន​ស្តេក​ណែនាំ​ដល់​គណៈប៊ីស្សព​អំពី​ការទទួល​ខុស​ត្រូវ​របស់​ពួកគាត់ ចំពោះ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន និង​ក្រុម​យុវនារី ។

៦.២.១.៣

លោក​អយ្យកោ​ស្តេក

ប្រធាន​ស្តេក​គ្រប់​គ្រង​កិច្ចការ​របស់​លោកអយ្យកោ​ស្ដេក ។ គាត់​អភិវឌ្ឍ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​លោកអយ្យកោ ។ សម្រាប់​ព័ត៌មាន​អំពី​ការហៅ និង​ការគ្រប់គ្រង​លើ​លោក​អយ្យកោ​ស្តេក សូមមើល ៦.៦ ។

៦.២.១.៤

ក្រុមប្រឹក្សា គណៈកម្មការ និង​ការប្រជុំ​នានា

ប្រធាន​ស្តេក​ដឹកនាំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង​ក្រុមប្រឹក្សា​ស្ដេក ។ គាត់​ក៏​ដឹកនាំគណៈកម្មការ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​ស្ដេក​ផង​ដែរ ( សូមមើល ២៩.៣.៩ ) ។ គាត់​ចាត់​ទីប្រឹក្សា​របស់​គាត់​ឲ្យ​មើលការ​ខុស​ត្រូវលើ​គណៈកម្មការ​ដូចតទៅ​នេះ ៖

  • គណៈកម្មការ​ថ្នាក់ដឹកនាំ​យុវវ័យ​ស្ដេក ( សូមមើល ២៩.៣.១០ )

  • គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅលីវ​ស្តេក

  • គណៈកម្មការ​មជ្ឈិមវ័យ​នៅ​លីវ​ស្ដេក ( បើ​បាន​រៀបចំ )

ប្រធាន​ស្ដេក​ម្នាក់ៗ​គឺជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្រប​សម្រួល ( សូមមើល ២៩.៤ ) ។

គណៈប្រធាន​ស្ដេក​ដាក់​ផែនការ​ការប្រជុំ​ស្ដេក​ដែល​មាន​នៅក្នុង ២៩.៣ ។ ប្រធាន​ស្ដេក​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​ស្ដេក លើកលែង​តែ​មាន​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ចូលរួម ។ ទីប្រឹក្សា​របស់​គាត់​អាច​ដឹកនាំ​ការ​ប្រជុំ​ទាំង​នេះ​បាន ។ ពួកគាត់​ក៏​ធ្វើ​ជា​អធិបតី​ផង​ដែរ ប្រសិន​បើ​ប្រធាន​ស្ដេក​អវត្តមាន ។

៦.២.១.៥

ការហៅ និង​ការដោះលែង

ការទទួល​ខុសត្រូវ​របស់​ប្រធាន​ស្ដេក​សម្រាប់​ការហៅ និង​ការដោះលែង​មាន​ចែង​នៅក្នុង ជំពូក​ទី ៣០ ។ គាត់​អាច​ចាត់​ឲ្យ​ទីប្រឹក្សា​របស់​គាត់ និង​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្តល់​ការហៅ​បម្រើ និង​ការដោះលែង​បាន ដូច​មាន​ចែង​នៅក្នុង ៣០.៨ ។ ប្រធាន​ស្ដេក​ផ្ដល់​ការហៅ​បម្រើ​ដូចតទៅ​នេះ​ដោយ​ផ្ទាល់ ។ សម្រាប់​ការហៅ​បម្រើ​ខ្លះ គាត់​ត្រូវ​ទទួល​បាន​ការអនុម័ត​ជាមុន​សិន ។

  • ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ស្ដេក ។ នៅពេល​ហៅ​ប្រធាន​ស្ដេក​ថ្មី​មួយ​រូប អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ជា​អធិបតី​ធ្វើ​ការហៅ និង​ពិធី​ញែក​ចេញ​ដល់​ទីប្រឹក្សា​របស់​គាត់ ដែល​បាន​ផ្ដល់​អនុសាសន៍​ដោយ​ប្រធាន​ស្ដេក​ថ្មី ។ នៅពេល​ត្រូវ​ដោះលែង ឬ​ហៅ​ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​ស្ដេក​ដែល​មាន​រួចហើយ​នោះ ប្រធាន​ស្ដេក​ដាក់​ជូន​អនុសាសន៍​តាម ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ( ធ.ថ.ស. ) ។ គាត់អាច​សម្ភាស ហៅ និង​ញែកចេញ​ទីប្រឹក្សា​ម្នាក់—ឬ​ដោះលែង​ទីប្រឹក្សា​ម្នាក់—បន្ទាប់ពី​ទទួល​បាន​ការអនុម័ត​មកពី​គណៈប្រធាន​ទីមួយ ។

  • លោកអយ្យកោ​ស្ដេក ។ ប្រធាន​ស្តេក​អាច​សម្ភាស ហៅ និង​តែងតាំង​លោកអយ្យកោ​មួយ​រូប បន្ទាប់ពី​បាន​ទទួល​ការអនុម័ត​មកពី​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​មើល ៦.៦.១ ។

  • ប៊ីស្សព ។ ប្រធាន​ស្តេក​ផ្ដល់​អនុសាសន៍​អំពី​បងប្អូន​ប្រុស​ដែល​ត្រូវ​ហៅជា​ប៊ីស្សព ។ គាត់​ក៏​ផ្ដល់​អនុសាសន៍​ពី​ការដោះលែង​របស់​ប៊ីស្សព​ផងដែរ ។ គាត់​ដាក់​ស្នើ​អនុសាសន៍​តាមរយៈ ធ.ថ.ស. ។ គាត់​អាច​ហៅ តែងតាំង និង​ញែកចេញ​ប៊ីស្សព—ឬ​ដោះលែង​ប៊ីស្សព—បន្ទាប់ពី​ទទួល​បាន​ការអនុម័ត​មកពី​គណៈប្រធាន​ទីមួយ ។ គាត់​ក៏​ប្រគល់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដែល​ទាក់ទង​នឹង​ការហៅ​បម្រើ​នេះ​ផងដែរ ។ សូម​មើល ៣០.៧ ។

  • ប្រធាន​កូរ៉ុម​អែលឌើរ ។ ប្រធាន​ស្ដេក​ហៅ និង​ញែកចេញ​ប្រធាន​កូរ៉ុម​អែលឌើរ ។ ដំបូង គាត់​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​សិន ។ គាត់​ក៏​ប្រគល់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដែល​ទាក់ទង​នឹង​ការហៅ​បម្រើ​នេះ​ផងដែរ ។ សូមមើល ៨.៣.៣.១ ។

  • ប្រធាន​សមាគម​សង្គ្រោះ​ស្ដេក ។ ប្រធាន​ស្ដេក​ហៅ ហើយ​ញែកចេញ​ប្រធាន​សមាគម​សង្គ្រោះ​ស្ដេក ។

ប្រធាន​ស្ដេក​ដែល​មិន​អាច​ប្រើ ធ.ថ.ស. បាន គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់​ដើម្បី​ផ្ដល់​អនុសាសន៍ ពេល​ត្រូវការ ។

៦.២.១.៦

អង្គការ និង​កម្មវិធី​ស្ដេក

ប្រធាន​ស្ដេក​មាន​ការទទួល​ខុសត្រូវ​លើ​សមាគម​សង្គ្រោះ​ស្ដេក ។ គាត់​ចាត់​ទីប្រឹក្សា​របស់​គាត់​ឲ្យ​ទទួល​ខុសត្រូវ​លើ​អង្គការ​យុវជន យុវនារី បឋម​សិក្សា និង​សាលា​ថ្ងៃ​អាទិត្យ​ស្ដេក ។

សមាជិក​នៃ​គណៈប្រធាន​ស្ដេក​ប្រជុំ​ជាទៀង​ទាត់​ជាមួយ​នឹង​គណៈប្រធាន​អង្គការ​ដែល​ពួកគាត់​ត្រូវបាន​ចាត់​ទៅ ។ នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នេះ ពួកគាត់ ៖

  • ត្រូវ​ប្រាកដ​ថា គណៈប្រធាន​ទាំងនោះ​យល់ពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ ។

  • ប្រឹក្សា​ជាមួយ​គ្នា​អំពី​សេចក្ដី​ត្រូវការ​របស់​ថ្នាក់ដឹកនាំ​នៅក្នុង​អង្គការ​ទាំងនោះ ។

នៅពេល​ហៅ​គណៈប្រធាន​អង្គការ​ស្ដេក​ថ្មី​មួយ នោះ​គណៈប្រធាន​ស្ដេក​ផ្ដល់​ការទូន្មាន និង​ចក្ខុវិស័យ​ដើម្បី​តម្រង់​ទិស​ពួកគាត់​នៅក្នុង​ការបម្រើ​របស់​ពួកគាត់ ។

នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា គណៈប្រធាន​អង្គការ​ថ្មី​ក៏​អាច​ទទួល​បាន​ការតម្រង់ទិស​មកពី​ក្រុមប្រឹក្សា​អង្គការ​ទូទៅ​បាន​ផងដែរ ( សូមមើល ៥.១.២ ) ។ នៅក្នុង​តំបន់​ផ្សេងទៀត គណៈប្រធាន​ថ្មី​ក៏អាច​ទទួល​បាន​ការតម្រង់​ទិស​មកពី​អ្នកប្រឹក្សា​យោបល់​ដល់​អង្គការ​ប្រចាំ​តំបន់​ផងដែរ ( សូមមើល ៥.២.៥.១ ) ។ ការតម្រង់​ទិស​នេះ​ធ្វើឡើង​នៅក្រោម​ការណែនាំ​របស់​គណៈប្រធាន​ស្តេក ។ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់​តាំង​មួយ​រូប​ត្រូវ​ចូលរួម ។

ប្រធាន​ស្ដេក​ក៏ចាត់​ទីប្រឹក្សា​របស់​គាត់​ឲ្យ​មើល​ខុស​ត្រូវ​លើ​កម្មវិធី​ស្ដេក​ផង​ដែរ ប្រសិន​បើ​ចាំបាច់ ។ កម្មវិធី​ទាំង​នេះ​រួម​មាន ៖

  • ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។

  • កម្មវិធី​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ និង​មជ្ឈិមវ័យ​នៅ​លីវ ។

  • សកម្មភាព​ស្ដេក ។

  • តន្ត្រី ។

  • អគារ​សាលាប្រជុំ ។

សមាជិក​នៃ​គណៈប្រធាន​ស្ដេក​ប្រជុំ​ជាទៀង​ទាត់​ជាមួយ​នឹង​គណៈកម្មការ ទីប្រឹក្សា​ជាន់ខ្ពស់ និង​អ្នក​ជំនាញ​នៅ​ក្នុង​កម្មវិធី​ដែល​ពួកគាត់​ត្រូវ​បាន​ចាត់ ។

រូបភាព
ការប្រជុំ​ថ្នាក់ដឹកនាំ​ក្រុម​យុវនារី

៦.២.១.៧

ការប្រាស្រ័យ​ទាក់ទង ( កិច្ចការ​សាធារណៈ )

គណៈប្រធាន​ស្ដេក​ដឹកនាំ​ការប្រាស្រ័យ​ទាក់ទង​នៅក្នុង​ស្ដេក ។ សមាជិក​នៃ​គណៈប្រធាន​ស្ដេក​មាន​ការទទួល​ខុសត្រូវ​ចម្បង​លើ​គោលជំហរ​ល្អ​របស់​សាសនាចក្រ​នៅក្នុង​សហគមន៍ ។ ពួកគាត់​ខិតខំ​ស្ថាបនា​ទំនាក់ទំនង​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ​ស៊ីវិល និង​សហគមន៍ ។

ប្រធាន​ស្ដេក​គឺជា​អ្នកនាំ​ពាក្យ​ចម្បង​របស់​សាសនាចក្រ​ទៅកាន់​សារព័ត៌មាន​អំពី​បញ្ហា​ដែល​ទាក់ទង​នឹង​ស្ដេក ។ គាត់​អាច​បែង​ចែក​តួនាទី​នេះ ប្រសិន​បើ​ចាំបាច់ ។

ប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់​អាច​រៀបចំ និង​មើល​ខុសត្រូវ​លើ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ស្ដេក ។ ក្រុម​ប្រឹក្សា​នេះ​ជួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឲ្យ​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ស៊ីវិល និង​សហគមន៍ ។ វា​ក៏​ជួយ​ថ្នាក់ដឹកនាំទាំងនេះ​ឲ្យ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​សមាជិក​សាសនាចក្រ និង​សាធារណជន​ផងដែរ ។

ក្រុមប្រឹក្សា​ទំនាក់ទំនង​អាច​រួម​មាន នាយក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​ស្ដេក​ម្នាក់ ជំនួយការ​នាយក និង​អ្នកជំនាញ ប្រសិនបើ​ត្រូវការ ។ ពួកគាត់​ត្រូវបាន​ហៅ ហើយ​ញែកចេញ​ដោយ​ប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ។

ក៏​មាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​នៅ​កម្រិត​ក្រុមប្រឹក្សា​សម្រប​សម្រួល​ផងដែរ ( សូមមើល ២៩.៤ ) ។ វា​ដំណើរការ​នៅក្រោម​ការ​ដឹកនាំ​របស់​ពួក​ចិតសិបនាក់​ប្រចាំ​តំបន់ និង​ដឹកនាំ​ដោយ​នាយក​ផ្នែក​ទំនាក់ទំនង ។ ក្រុមប្រឹក្សា​ទំនាក់ទំនង​នេះ​ជួយ​សម្រប​សម្រួល​ទំនាក់ទំនង ព្រឹត្តិការណ៍ និង​បញ្ហា​នានា​ដែល​មាន​នៅក្នុង​ស្ដេក ។ នាយក​ក្រុមប្រឹក្សា​នេះគាំទ្រ និង​បំពាក់​បំប៉ន​ដល់​ក្រុម​ប្រឹក្សា​ទំនាក់ទំនង​ស្ដេក ។

ក្រុមប្រឹក្សា​ទំនាក់ទំនង​មាន​រចនា​សម្ព័ន្ធ​ខុសគ្នា​នៅក្នុង​តំបន់​យូថាហ៍ ។ ពួកចិតសិបនាក់​ប្រចាំតំបន់​នៅក្នុង​តំបន់​យូថាហ៍ អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់​ប្រធាន​ស្ដេក​អំពី​រចនាសម្ព័ន្ធនេះ​បាន ។

សម្រាប់​ព័ត៌មាន​អំពី​ការហៅ​ផ្នែក​ប្រាស្រ័យ​ទាក់ទង សូមមើល​គេហទំព័រ GCN.ChurchofJesusChrist.org  ។

៦.២.២

ការដឹកនាំ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

ប្រធាន​ស្ដេក​ធ្វើជា​អធិបតី​លើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​ស្ដេក ( សូមមើល ជំពូក​ទី ១ ) ។ គាត់​ណែនាំ ហើយ​លើក​ទឹក​ចិត្ត​ថ្នាក់​ដឹកនាំ និង​សមាជិក​នៃ​ស្ដេក និង​វួដ​នៅ​ក្នុង​កិច្ចការ​នេះ ។ ទីប្រឹក្សា​របស់​គាត់ និង​ថ្នាក់​ដឹកនាំ​ដទៃទៀត​ជួយ​ដល់​គាត់ ។

គាត់​ជួយ​សមាជិក​ឲ្យ​រស់​នៅ​តាម​ដំណឹងល្អ ហើយ​បង្កើន​កម្លាំង​ខាង​វិញ្ញាណ​របស់​ពួកគេ ។ គាត់​បង្រៀន​ពួកគេ​ឲ្យ​អធិស្ឋាន និង​សិក្សា​បទគម្ពីរ ។ គាត់​ក៏​បង្រៀន​ពួកគេ​អំពី​សេចក្ដីសញ្ញា​ដែល​ពួកគេ​នឹង​ធ្វើផង​ដែរ នៅពេល​ពួកគេ​ទទួល​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។ គាត់​លើក​ទឹកចិត្ត​ពួកគេឲ្យ​គោរព​សេចក្ដីសញ្ញា​របស់​ពួកគេ ។

ប្រធាន​ស្ដេក​ពង្រឹង​ក្រុម​គ្រួសារ ។ គាត់​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន ហើយ​រៀន​ដំណឹងល្អ​រួម​គ្នា រួមទាំង​នៅ​ក្នុង​រាត្រីជួបជុំក្រុមគ្រួសារ​ផងដែរ ។ គាត់​បង្រៀន​តាម​ពាក្យសម្ដី និង​គំរូ​ថា ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​អាច​ត្រូវ​បាន​បំពេញ​ដោយ​មិន​បង្អាក់​ដល់​ការទទួល​ខុសត្រូវ​របស់​គ្រួសារ​ឡើយ ។ គាត់​ក៏​ត្រូវ​ប្រាកដ​ផងដែរ​ថា សកម្មភាព​ទាំងឡាយ​ក្នុង​សាសនាចក្រ​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ឪពុក​ម្តាយ ក្នុង​ការ​ចិញ្ចឹម​កូនៗ​របស់​ពួកគេ​នៅក្នុង​សេចក្ដី​សុចរិត ។

បន្ថែម​ទៅលើ​ការជួយ​សមាជិក​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ នោះ​ប្រធាន​ស្ដេក​មើល​ខុសត្រូវ​លើ​ទិដ្ឋភាព​ផ្សេងទៀត​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។ ឧទាហរណ៍ គាត់ ៖

  • ជួយ​បងប្អូន​ប្រុស​ឲ្យ​រៀបចំ​ខ្លួន​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូម​មើល ១៨.១០.១ ) ។

  • ដឹកនាំ​ការខិតខំ​ប្រឹងប្រែង​មើលថែ​សមាជិក​ដែល​ខ្វះខាត​នៅក្នុង​ស្ដេក ( សូមមើល ២២.៩.១ ) ។

  • មើល​ខុសត្រូវ​លើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ស្ដេក ហើយ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ចែកចាយ​ដំណឹងល្អ ( សូមមើល ២៣.៤ ) ។

  • មើល​ខុសត្រូវ​លើ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​សមាជិក​ថ្មី​នៅក្នុង​ស្ដេក ( សូមមើល ២៣.៤ ) ។

  • សម្ភាស​បេក្ខជន​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ( សូមមើល ២៤.៤.២ ) ។

  • មើល​ខុសត្រូវ​លើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​ស្ដេក ( សូមមើល ២៥.៣.១ ) ។

  • ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៧.១ ) ។

  • ជាមួយ​នឹង​គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក គាត់​ណែនាំ ហើយ​គាំទ្រ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​នៅ​ក្នុង​ការទទួល​ខុសត្រូវ​របស់​ពួកគាត់​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ( សូមមើល ២៣.៥.២ ) និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ( សូមមើល ២៥.២.២ ) ។

៦.២.៣

ចៅក្រម​ទូទៅ

ប្រធាន​ស្ដេក​គឺជា​ចៅក្រម​ទូទៅ​នៅក្នុង​ស្ដេក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៧១–៧៤ ) ។ នៅ​ក្នុង​តួនាទី​នេះ គាត់​មាន​ការទទួល​ខុសត្រូវ​ដូច​តទៅ​នេះ ៖

  • ដឹកនាំ​ការសម្ភាស​អំពី​ភាព​ស័ក្តិសម ដូចមាន​ចែង​នៅ​ក្នុង ៣១.២ ។ គាត់​ក៏អាច​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ទីប្រឹក្សា​របស់​គាត់​ដឹកនាំ​ការសម្ភាស​មួយ​ចំនួន​ផងដែរ ( សូមមើល ៣១.២.២ ) ។

  • ជួប​ជាមួយ​នឹង​សមាជិក​ស្ដេក​ទាំងឡាយ​ដែល​ស្វែងរក​ការណែនាំ​ខាង​វិញ្ញាណ ដែល​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ជា​ទម្ងន់ ឬ​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ។ សម្រាប់​គោលការណ៍​ណែនាំ សូមមើល ៣១.១ ។

  • ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព នៅពេល​សមាជិក​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ( សូមមើល ជំពូក​ទី ៣២ ) ។

៦.២.៤

កំណត់ត្រា ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​នានា

ប្រធាន​ស្តេក​មើល​ខុសត្រូវ​លើ​កំណត់ត្រា ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​នានា​នៅក្នុង​ស្តេក ។ គាត់​អាច​ចាត់​ភារកិច្ច​ដែល​ទាក់​ទង​នឹង​កំណត់ត្រា និង​ហិរញ្ញវត្ថុ​ជាច្រើន​ទៅ​ឲ្យ​ទីប្រឹក្សា និង​ស្មៀន​របស់​គាត់ ។ គាត់​ចាត់​ឲ្យ​ទីប្រឹក្សា​ជាន់ខ្ពស់​មួយរូប​ធ្វើ​ជា​អ្នកតំណាង​អគារ​ស្ដេក និង​ដើម្បី​ជួយ​មើល​ខុសត្រូវ​លើ​ទ្រព្យសម្បត្តិ​ទាំងឡាយ ។

សូមមើល​ជំពូក​ខាងក្រោម​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម ៖

៦.៣

ភាពខុស​គ្នា​រវាង​សិទ្ធិអំណាច​នៃ​ប្រធានមណ្ឌល និង​ប្រធាន​ស្ដេក

នៅ​ក្នុង​មណ្ឌល អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មួយ​រូប​ត្រូវបាន​ហៅ​ជា​ប្រធាន​មណ្ឌល ។ គាត់​កាន់​កូនសោទាំងឡាយនៃ​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ជា​អធិបតី ( សូមមើល ៣.៤.១.១ ) ។ ភាគច្រើន​គាត់​បម្រើ​ដូចជា​ប្រធាន​ស្ដេក​ដែរ ប៉ុន្តែមាន​ភាព​ខុស​គ្នា​ដូច​តទៅ​នេះ ៖

  • គាត់​ត្រូវបាន​ហៅ ហើយ​ញែកចេញ​ដោយ​ប្រធាន​បេសកកម្ម បន្ទាប់ពី​បាន​អនុម័ត​ដោយ​គណៈប្រធាន​តំបន់ ( សូមមើល ៣០.៨.៤ ) ។ ប្រធាន​ស្ដេក​ត្រូវបាន​ហៅ ហើយ​ញែកចេញ​ដោយ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ពួក​ចិត​សិបនាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង​មួយ​រូប ( សូមមើល ៣០.៨.៣ ) ។

  • គាត់​អាច​ជា​អែលឌើរ ឬ​សង្ឃ​ជាន់ខ្ពស់ ។ ប្រធានស្ដេកត្រូវ​តែ​ជា​សង្ឃជាន់ខ្ពស់ ។

  • គាត់​មិន​មែន​ជា​ប្រធាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ទេ ។ កូរ៉ុម​នេះត្រូវ​បាន​រៀបចំឡើង​តែ​នៅ​ក្នុង​ស្ដេក​ប៉ុណ្ណោះ ។

  • ប្រធាន​មណ្ឌល​ធ្វើ​ជា​អធិបតី​លើ​អ្នកកាន់​បព្វជិតភាព​ទាំងអស់​នៅក្នុង​មណ្ឌល ។ ទោះជា​យ៉ាង​ណាក៏​ដោយ ប្រធាន​បេសកកម្ម​គឺជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី ។

  • ដោយ​មាន​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម នោះ​ប្រធាន​មណ្ឌល​អាច​សម្ភាស​បងប្អូនប្រុស​ម្នាក់ ដើម្បី​តែងតាំង​ជា​អែលឌើរ​បាន ។ ការអនុម័ត​នេះ​ត្រូវតែ​ផ្ដល់​ជូន​ទៅតាម​ស្ថានភាព​នីមួយៗ ។ ប្រធាន​មណ្ឌល ឬ​នរណាម្នាក់​នៅក្រោម​ការដឹកនាំ​របស់​គាត់​ក៏អាច ( ១ ) ណែនាំ​បងប្អូន​ប្រុស​ម្នាក់​សម្រាប់​ការគាំទ្រ និង ( ២ ) ធ្វើ​ការតែងតាំង​បាន​ផងដែរ ( សូមមើល ១៨.១០.១.៣, ១៨.១០.៣ និង ១៨.១០.៤ ) ។ ទោះជា​យ៉ាងណា ប្រធាន​មណ្ឌល​មិន​អាច​តែងតាំង​លោកអយ្យកោ សង្ឃ​ជាន់ខ្ពស់ ឬ​ប៊ីស្សព​បាន​ឡើយ ។

  • ដោយ​មាន​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម នោះ​ប្រធាន​មណ្ឌល​អាច​ញែកចេញ​ប្រធាន​សាខា​បាន ( សូមមើល ១៨.១១ ) ។ ការអនុម័ត​នេះ​ត្រូវតែ​ផ្ដល់​ជូន​ទៅតាម​ស្ថានភាព​នីមួយៗ ។

  • គាត់​មិន​ដោះលែង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោងទេ ។ ទោះជាយ៉ាង​ណាក្ដី គាត់​អាច​ចូលរួម​ជាមួយ​នឹង​សមាជិក​នៃ​គណៈប្រធាន​បេសកកម្មនៅ​ក្នុង​ការ​សម្ភាស​ដោះលែង ។ ប្រសិនបើ​ការធ្វើ​ដំណើរ ឬ​ពេលវេលា​ធ្វើ​ឲ្យ​មាន​ការលំបាក​ចំពោះ​សមាជិក​នៃ​គណៈប្រធាន​បេសកកម្ម​ដើម្បីដោះលែង​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាក់លាក់​ម្នាក់ នោះ​ប្រធាន​បេសកកម្ម​អាច​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ប្រធាន​មណ្ឌល​ឲ្យធ្វើ​កិច្ចការ​នោះ​បាន ( សូមមើល ២៤.៨.២ ) ។

  • គាត់​មិន​ធ្វើ​ការសម្ភាស​ប័ណ្ណចូល​ព្រះវិហារ​បរិសុទ្ធ ឬ​ចុះហត្ថលេខា​លើ​ប័ណ្ណចូល​ព្រះវិហារ​បរិសុទ្ធ​ទេ ( សូមមើល ២៦.៣.១ ) ។

  • គាត់មិនកោះហៅ​ការ​ប្រជុំក្រុម​ប្រឹក្សា​សមាជិកភាព​ទេ លើកលែង​តែ​បាន​ទទួល​សិទ្ធិមកពី​ប្រធាន​បេសកកម្ម ( សូមមើល ៣២.៩.៥ ) ។

  • ជាទូទៅ គាត់​មិន​ទាក់ទងទៅ​គណៈប្រធាន​តំបន់​ដោយ​ផ្ទាល់​ទេ ។ ផ្ទុយទៅវិញ គាត់​ធ្វើ​តាមរយៈ​គណៈប្រធាន​បេសកកម្ម ។

នៅក្នុង​កាលៈទេសៈពិសេស ប្រធាន​មណ្ឌល​អាច​ទទួល​សិទ្ធិ​ដើម្បី​ផ្ដល់​អនុសាសន៍ ញែកចេញ និង​ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា ។ គាត់​ក៏​អាច​ទទួល​សិទ្ធិ​ដើម្បី​ធ្វើ​ការ​សម្ភាស​ប័ណ្ណចូលព្រះវិហារ​បរិសុទ្ធ ហើយ​ចុះ​ហត្ថលេខា​លើ​ប័ណ្ណនោះ​ផង​ដែរ ។ ប្រសិន​បើ​គណៈប្រធាន​តំបន់ទទួល​អារម្មណ៍​ថា ប្រធាន​មណ្ឌល​គួរតែ​មាន​សិទ្ធិអំណាច​បន្ថែម​ពីនេះ នោះ​ពួកលោក​ផ្ដល់​អនុសាសន៍​ឈ្មោះ​គាត់​ទៅ​គណៈប្រធាន​ទីមួយ ។ ប្រសិន​បើ​ការអនុម័ត​ត្រូវ​បាន​ផ្ដល់​ឲ្យ វា​គឺ​សម្រាប់​បុគ្គលនោះ មិនមែន​តួនាទី​នេះ​ទេ ។ នៅពេល​ប្រធាន​មណ្ឌល​ថ្មី​ត្រូវ​បាន​ហៅ នោះ​សិទ្ធិអំណាច​បន្ថែម​នេះ​ពុំ​បាន​ផ្ដល់​ទៅ​ឲ្យ​គាត់​ទេ ។

៦.៤

លេខា​ប្រតិបត្តិ​ស្ដេក ជំនួយការ​លេខា​ប្រតិបត្តិ​ស្ដេក ស្មៀន​ស្ដេក និង​ជំនួយការ​ស្មៀន​ស្ដេក

៦.៤.១

លេខា​ប្រតិបត្តិ​ស្ដេក និង​ជំនួយការ​លេខា​ប្រតិបត្តិ​ស្ដេក

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់ ហៅ និង​ធ្វើ​ពិធី​ញែក​ចេញ​ដល់​លេខា​ប្រតិបត្តិ​ស្តេក ។ គាត់​គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មាន​ភាពស័ក្តិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

លេខាប្រតិបត្តិ​ស្ដេក​មាន​ការទទួលខុសត្រូវ​ដូចតទៅ​នេះ ៖

  • ជួប​នឹង​គណៈប្រធាន​ស្ដេក ហើយ​រៀបចំ​របៀបវារៈ ដូចដែល​បាន​ចាត់ ។

  • បម្រើ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សាស្ដេក ហើយ​ចូលរួម​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់ ។ ដូច​ដែល​បាន​ដឹកនាំដោយ​គណៈប្រធាន​ស្ដេក តាមដាន​ការ​ចាត់តាំង​ដែល​ធ្វើ​នៅ​ក្នុង​ការប្រជុំ​ទាំង​នេះ ។

  • សម្រប​សម្រួល​កិច្ចការ​ស្ដេក​រវាង​គណៈប្រធាន​ស្ដេក ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​ស្ដេក ។

  • ធ្វើ​ការ​ណាត់ជួប​សម្រាប់​គណៈប្រធាន​ស្ដេក ។

  • ផ្ដល់​យោបល់​ដល់​គណៈប្រធាន​ស្ដេក​អំពី​សមាជិក​ដែល​កំពុង​បម្រើ​ក្នុង​កងទ័ព ឬ​ចូល​បម្រើ​កងទ័ព​រួច​ហើយ ។ ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ស្ដេក ជួយ​សម្រប​សម្រួល​ការតម្រង់​ទិស​អំពី​សាសនាចក្រ​សម្រាប់​សមាជិក​ស្ដេក​ដែល​ចូល​ទៅក្នុង​ជួរ​កងទ័ព ( សូមមើល ៣៨.៩.៣ ) ។

  • ណែនាំ​ដល់​លេខា​ប្រតិបត្តិ​វួដ​ថ្មី បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ហៅ​បម្រើ​ភ្លាម ។ ផ្ដល់ការណែនាំ​ជា​បន្ត​បន្ទាប់ ប្រសិន​បើ​ចាំបាច់ ។

ជំនួយការ​លេខា​ប្រតិបត្តិ​ស្ដេក​មួយ​រូប ឬ​ច្រើន​រូប​អាច​ត្រូវបាន​ហៅ​តាម​សេចក្តី​ត្រូវការ ។ ពួកគាត់​ត្រូវបាន​ហៅ និង​ញែកចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ។ បងប្អូន​ប្រុស​ទាំងនេះ​គួរតែ​មាន​ភាពស័ក្ដិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

៦.៤.២

ស្មៀនស្ដេក និង​ជំនួយការ​ស្មៀន​ស្ដេក

ស្មៀន​ស្ដេក​ត្រូវ​បានហៅ ហើយ​ញែកចេញ​ដោយ​ប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់ ។ ជំនួយការ​ស្មៀនស្ដេក​ក៏​អាច​ត្រូវ​បានហៅ​ផង​ដែរ ។ ប្រធានស្ដេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់ ហៅ ហើយញែក​ពួកគេ​ចេញ ។ ការទទួលខុសត្រូវ​របស់​ស្មៀន​ស្ដេក និង​ជំនួយការ​ស្មៀន​ស្ដេក​មាន​រៀបរាប់នៅ​ក្នុង ៣៣.៣.២ និង ៣៣.៣.៣ ។

៦.៥

ក្រុមប្រឹក្សា​ជាន់​ខ្ពស់

គណៈប្រធាន​ស្តេក​ហៅ​សង្ឃ​ជាន់ខ្ពស់​ចំនួន ១២ រូប​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ស្តេក ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០២:១; ១២៤:១៣១ ) ។ ប្រសិន​បើ​អែលឌើរ​ម្នាក់​ត្រូវ​បានហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់ នោះ​គាត់​ត្រូវ​បាន​តែងតាំង​ជា​សង្ឃ​ជាន់ខ្ពស់ ពីមុន​គាត់​ត្រូវ​បាន​ញែកចេញ ។

ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ស្ដេក ទីប្រឹក្សា​ជាន់ខ្ពស់​ជួយ​ដល់​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​ស្ដេក ។ ការទទួលខុសត្រូវ​របស់​ពួកគាត់​មាន​រៀបរាប់​នៅ​ក្នុង​វគ្គ​ដូច​តទៅ​នេះ ។

ក្រុមប្រឹក្សា​ជាន់ខ្ពស់​ពុំ​ជួបគ្នា​ជា​ក្រុម​ទេ លើកលែង​តែ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្ដេក​នៅ​ទីនោះ​ធ្វើ​ជា​អធិបតី ។

៦.៥.១

តំណាង​ឲ្យ​គណៈ​ប្រធាន​ស្តេក

គណៈប្រធាន​ស្ដេក​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​សម្រាប់​វួដ​នីមួយៗ​នៅ​ក្នុង​ស្ដេក ។

គណៈប្រធាន​ស្ដេក​ក៏​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​មួយ​រូប​សម្រាប់​កូរ៉ុម​អែលឌើរ​នីមួយៗ​នៅ​ក្នុង​ស្ដេកផង​ដែរ ។ នៅក្នុង​តួនាទី​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​ធ្វើការ​ណែនាំ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដែល​បាន​ហៅ​ថ្មីៗ ។ តួនាទី​នេះ​រួម​បញ្ចូល​ទាំង​ការផ្ដល់​ការណែនាំ​ចេញពី ជំពូកទី ១–៤ និង  នៃ​ក្បួនខ្នាត​នេះ​ផងដែរ ។

ទីប្រឹក្សា​ជាន់ខ្ពស់ដែល​ត្រូវ​បាន​ចាត់​ទៅ​កាន់​កូរ៉ុម​អែលឌើរ ជួប​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉ុម​ដើម្បី​ធ្វើ​កិច្ចការ​ដូច​តទៅនេះ ៖

  • ដឹង​ពីសេចក្ដី​ត្រូវការ​របស់​ពួកគេ ។

  • ផ្ដល់​ការ​គាំទ្រ ។

  • បង្រៀន​ពួកគាត់​ពី​ការទទួល​ខុសត្រូវ​របស់​ពួកគាត់ រួម​មាន​កិច្ចការ​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ( សូមមើល ២៣.៥.២ ) និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។

  • ជូន​ព័ត៌មាន​មក​ពី​គណៈប្រធាន​ស្ដេក ។

  • ពិភាក្សា​ពី​របៀប​ដើម្បី​ជួយ​សមាជិក​កូរ៉ុម​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​បន្ទាប់​របស់​ពួកគេ ។ ព័ត៌មាន​នេះ​មាន​សម្រាប់​ថ្នាក់ដឹកនាំ​កូរ៉ុម​អែលឌើរ​នៅលើ ធ.ថ.ស. ។

ប្រសិន​បើ​ចាំបាច់ ឬ​បាន​អញ្ជើញ ពួកគាត់​ចូល​រួម​ការ​ប្រជុំ​កូរ៉ុម​អែលឌើរ និង​ការ​ប្រជុំ​គណៈប្រធាន​កូរ៉ុម ។ ម្ដងម្កាល គណៈប្រធាន​កូរ៉ុម​អាច​អញ្ជើញ​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ចូលរួម​នឹង​ពួកគេ នៅពេល​ពួកគេ​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​ក្នុង​វួដ ។

នៅពេល​ដែល​បាន​អញ្ជើញ ឬ​ចាត់តាំង នោះ​ទីប្រឹក្សា​ជាន់ខ្ពស់​ចូលរួម​ការប្រជុំ​គណៈប៊ីស្សព និង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។

គណៈប្រធានស្ដេក​អាច​ចាត់​ទីប្រឹក្សា​ជាន់ខ្ពស់ ឲ្យ​ណែនាំ​ដល់បុគ្គល​ដូច​តទៅ​នេះ​នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​របស់​ពួកគេ​ចំពោះ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ព្រមទាំង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖

  • គណៈប្រធាន​កូរ៉ុម​អែលឌើរ

  • អ្នកដឹកនាំ​បេសកកម្ម​វួដ

  • អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬ​ច្រើន​នាក់​អាច​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ដឹកនាំ​កិច្ចការ​ទាំង​នេះ​នៅ​ក្នុង​ស្ដេក ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ទីប្រឹក្សា​ជាន់ខ្ពស់​គ្រប់​រូប​មាន​ការ​ទទួលខុសត្រូវ​ទាំង​នេះ​សម្រាប់​វួដ និង​កូរ៉ុម​អែលឌើរ ដែលពួកគាត់​ទទួល​បាន​ការចាត់តាំង ។

ទីប្រឹក្សា​ជាន់ខ្ពស់​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​ស្ដេក ហើយ​គាំទ្រ​ការសម្រេច​ចិត្ត​ដើម្បី​តែងតាំង​បងប្អូន​ប្រុស​ទៅ​ក្នុង​តំណែង​អែលឌើរ និង​សង្ឃ​ជាន់ខ្ពស់ ។ ប្រធាន​ស្ដេក​អាច​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ទីប្រឹក្សា​ជាន់ខ្ពស់​ដើម្បី​តំណាង​ឲ្យ​គាត់ នៅពេល​បុរស​ទាំងឡាយ​ត្រូវ​បាន​តែង​តាំង​ទៅ​ក្នុង​តំណែង​ទាំង​នេះ ។ ទីប្រឹក្សា​ជាន់ខ្ពស់​ទាំង​នេះ​ត្រូវ​ប្រាកដ​ថា ពិធីបរិសុទ្ធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ក៏​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​ស្ដេក ហើយ​គាំទ្រ​ការសម្រេចចិត្ត​របស់​ពួកគាត់​ដើម្បី​ចេញ​ការហៅ​បម្រើ​ដល់​សមាជិក​ផងដែរ ។ គណៈប្រធាន​ស្ដេក​អាច​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ចេញ​ការហៅ​បម្រើ​មួយ​ចំនួន ណែនាំ​សមាជិក​មួយ​ចំនួន​ទៅ​កាន់​សមាជិក​ទូទៅ​ដើម្បី​គាំទ្រ ហើយ​ញែក​សមាជិក​មួយ​ចំនួន​ចេញ ។ ( សូម​មើល ៣០.៨ ) ។

គណៈប្រធាន​ស្តេក​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ធ្វើការ​ជាមួយ​អង្គការ​ក្រុម​យុវនារី និង​អង្គការ​បឋម​សិក្សា​ស្តេក ។ នៅពេល​សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្ដេក​ជួប​នឹង​គណៈប្រធាន​ទាំងនេះ ទីប្រឹក្សា​ជាន់ខ្ពស់​រូបនោះ​ក៏​ចូលរួម​ដែរ ។ ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់​ក៏​ចូល​រួម​ការប្រជុំ​ថ្នាក់​ដឹកនាំ​ស្ដេក​សម្រាប់​អង្គការ​ទាំង​នេះ​ផងដែរ ។

គណៈប្រធាន​ស្ដេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ជួយ​ដល់​កម្មវិធី​ដែល​មាន​នៅក្នុង ៦.២.១.៦ បាន ។

គណៈ​ប្រធាន​ស្តេក​អាច​ចាត់​ឲ្យ​ទី​ប្រឹក្សា​ជាន់​ខ្ពស់ ធ្វើ​ជា​តំណាង​របស់​ពួក​គាត់ ដើម្បី​និយាយ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​កម្មវិធី​ដទៃៗ​ទៀត ។ គណៈប្រធាន​ស្តេក​កំណត់​អំពី​ភាពញឹកញាប់​នៃ​ការចាត់តាំង​ឲ្យ​ឡើង​និយាយ​ទាំងនេះ ។ វា​មិន​ចាំបាច់​សម្រាប់​ទីប្រឹក្សា​ជាន់ខ្ពស់ ដើម្បី​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ជារៀង​រាល់​ខែ​នោះ​ទេ ។ គណៈប្រធាន​ស្ដេក​ក៏​អាច​ចាត់តាំង​សមាជិក​នៃ​គណៈប្រធាន​អង្គការ​ស្ដេក​ឲ្យ​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​ទាំងនេះ​ផងដែរ ( សូមមើល ៦.៧.១ និង ៦.៧.២ ) ។

រូបភាព
បុរស​កំពុង​ជជែក​គ្នា

៦.៥.២

បម្រើ​នៅ​ក្នុង​ក្រុម​ប្រឹក្សា និង​គណៈ​កម្មការ​ស្តេក

ទីប្រឹក្សា​ជាន់​ខ្ពស់​គ្រប់​រូប​បម្រើ​នៅ​ក្នុង​ទីប្រឹក្សា​ជាន់ខ្ពស់​ស្តេក ។

នៅ​ក្នុង​ស្ថានភាព​ដែល​មានកំណត់ ទីប្រឹក្សា​ជាន់ខ្ពស់​ចូលរួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សមាជិកភាព​ស្ដេក ( សូមមើល ៣២.៩.២ ) ។

គណៈប្រធាន​ស្ដេក​ចាត់​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​បម្រើ​នៅក្នុង​គណៈកម្មការ​ផ្សេងទៀត ។ ឧទាហរណ៍ ទីប្រឹក្សា​ជាន់ខ្ពស់ដែល​ត្រូវ​បាន​ចាត់ឲ្យ​ធ្វើ​ការ​ជាមួយ​នឹង​កូរ៉ុមអែលឌើរ បម្រើ​នៅ​ក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​ស្ដេក ( សូមមើល ២៩.៣.៩ ) ។

ទីប្រឹក្សា​ជាន់ខ្ពស់ដែលមាន​ការ​ចាត់តាំង​ទាក់ទង​នឹង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ក្រុម​យុវនារី និង​អង្គការ​បឋមសិក្សា​បម្រើ​នៅ​ក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំ​យុវវ័យ​ស្ដេក ( សូមមើល ២៩.៣.១០ ) ។ ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បម្រើ​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ស្តេក​ក៏​អាច​បម្រើ​នៅ​ក្នុង​គណៈកម្មការ​នេះ​ផងដែរ ។

៦.៥.៣

បម្រើ​ជា​ថ្នាក់ដឹកនាំ​អង្គការ​ស្ដេក

គណៈប្រធាន​ស្តេក​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​យុវជន​ស្តេក ( សូមមើល ៦.៧.២ ) ។ ពួកគាត់​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ទៀត​ឲ្យ​ធ្វើជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ស្ដេក ( សូមមើល ៦.៧.១ ) ។

៦.៦

លោក​អយ្យកោ​ស្តេក

លោកអយ្យកោ​គឺជា​តំណែង​មួយ​នៅក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក ។ លោកអយ្យកោ​ត្រូវ​បានហៅ ហើយ​តែង​តាំង​ដើម្បី​ផ្ដល់​ពរ​របស់​លោក​អយ្យកោ​ដល់​សមាជិក​សាសនាចក្រ​ដែល​មាន​ភាព​ស័ក្ដិសម ។ វគ្គ​នេះ​ចែង​អំពី​ការទទួល​ខុស​ត្រូវ​របស់​ប្រធាន​ស្តេក​ចំពោះ​លោក​អយ្យកោ​ស្តេក ។ សម្រាប់​ព័ត៌មាន​អំពី​ពរ​របស់​លោក​អយ្យកោ សូម​មើល​ធនធាន​ដូច​ខាង​ក្រោម ៖

  • វគ្គ ១៨.១៧ និង ៣៨.២.១០ នៅក្នុង​ក្បួនខ្នាត​នេះ

  • ព័ត៌មាន និង​យោបល់​សម្រាប់​លោកអយ្យកោ

  • ការប្រជុំ​បំពាក់បំប៉ន​ភាពជា​អ្នកដឹកនាំ​ទូទាំង​ពិភពលោក ៖ លោកអយ្យកោ

សូមមើល ព័ត៌មាន និង​យោបល់​សម្រាប់​លោក​អយ្យកោ សម្រាប់​ព័ត៌មាន​អំពី ៖

  • លោកអយ្យកោ​ដែល​មាន​ស្ថានភាព​ថា​មិន​ដំណើរការ ។

  • លោកអយ្យកោ​ដែល​ផ្លាស់ទៅ​ស្ដេក​មួយ​ទៀត ។

៦.៦.១

ការហៅ ការគាំទ្រ និង​ការតែងតាំង​លោក​អយ្យកោ​ស្តេក

លោកអយ្យកោ​ត្រូវតែ​ជា​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មួយ​រូប ដែល​មាន​ភាពស័ក្ដិសម ។ គាត់​គួរ​មាន​ភាពចាស់ទុំ​នៅក្នុង​ការយល់ដឹង​របស់​គាត់​អំពីដំណឹងល្អ និង​ចេះស្ដាប់​តាម​ព្រះវិញ្ញាណ ។ គាត់​គួរ​ទទួលបាន​ពរ​របស់​លោកអយ្យកោ​របស់​គាត់​ផ្ទាល់​រួច​ហើយ ។ ជាធម្មតា គាត់​គួរ​មាន​អាយុ ៥៥ ឆ្នាំ​ឡើង​ទៅ ។ គាត់​ត្រូវតែ​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ នៅពេល​គាត់​ត្រូវបាន​ហៅ ។

កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​ដឹកនាំ​ការ​ហៅ​លោក​អយ្យកោ​ស្តេក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៣៩ ) ។ ប្រធានស្តេក​អាច​ផ្ដល់​អនុសាសន៍​ថា​ត្រូវ​ហៅ​នរណា​ឲ្យ​បម្រើ ។ គាត់​ដាក់​ស្នើ​អនុសាសន៍​តាមរយៈ ធ.ថ.ស. ។ នៅពេលចេញ​អនុសាសន៍ ប្រធាន​ស្ដេក​គួរ​តែ​តម​អាហារ ហើយ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​គាត់ ។ ទីប្រឹក្សា​របស់​គាត់​គួរ​តែ​យល់ស្រប​នឹង​ការ​ចេញ​អនុសាសន៍​នោះ ។

ប្រសិនបើ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​អនុម័ត​អនុសាសន៍​នោះ ប្រធាន​ស្ដេក​អាច​ទទួល​សិទ្ធិ​ដើម្បី​សម្ភាស ហើយ​ហៅ​លោកអយ្យកោ​នោះ​បាន ។ បន្ទាប់មក គាត់​ណែនាំ​ឈ្មោះ​របស់​លោកអយ្យកោ​សុំ​ការលើកដៃ​គាំទ្រ​នៅក្នុង​សម័យ​ប្រជុំ​ទូទៅ​នៃ​សន្និសីទ​ស្ដេក​លើក​ក្រោយ ។

ប្រធាន​ស្ដេក​តែង​តាំង​លោក​អយ្យកោ ។ គាត់​មិន​បែង​ចែក​ការ​ទទួលខុសត្រូវ​នេះ​ដល់​ទីប្រឹក្សា​ទេ ។ មិន​គួរ​មាន​នរណា​ម្នាក់​ឈរជាមួយ​គាត់អំឡុង​ការ​តែង​តាំង​នេះ​ឡើយ ។ ដំបូង លោកអយ្យកោ​ថ្មី​ត្រូវបាន​តែងតាំង​ទៅ​កាន់​តំណែង​នោះ រួចហើយ​ញែកចេញ​ឲ្យ​បម្រើ​នៅ​ក្នុង​ស្ដេក​ជាក់លាក់​មួយ ។ លោកអយ្យកោ​ដែល​បាន​តែងតាំង​កាល​ពីមុន ដែល​ត្រឡប់​មក​ធ្វើការ​វិញ មិន​ត្រូវ​តែងតាំង​ជាថ្មី​ឡើយ ។ ទោះ​ជា​យ៉ាង​ណា គាត់​ត្រូវ​បាន​ញែកចេញ​ម្ដងទៀត ។

ការតែងតាំង​នេះ​ត្រូវតែ​បាន​កត់ត្រា​នៅក្នុង ធ.ថ.ស. ពីមុន​លោកអយ្យកោ​អាច​ចូល​ទៅ​ប្រើ​ឧបករណ៍​អនឡាញ​សម្រាប់​លោកអយ្យកោ​បាន ។

លោកអយ្យកោ​ម្នាក់​ដែល​នៅ​បំពេញ​ការងារ គឺជា​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់ និង​ចូលរួម​នៅក្នុង​ការប្រជុំ​កូរ៉ុម ( សូមមើល ២៩.៣.៥ ) ។

រូបភាព
យុវនារី​ម្នាក់​កំពុង​ទទួល​ពរជ័យ

៦.៦.២

ការហៅ​លោក​អយ្យកោ​ស្តេក​ទី​ពីរ

ជា​ធម្មតា កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​មិន​អនុម័ត​ឲ្យ​ហៅ​លោក​អយ្យកោ​ទីពីរ​សម្រាប់​ស្តេក​ទេ លើក​លែង​តែ​លោក​អយ្យកោ​ម្នាក់​មិន​អាច​ផ្តល់​ពរ​របស់​លោក​អយ្យកោ​តាម​ចំនួន​ដែល​បាន​ស្នើ​សុំ ។ ហើយ​ជាធម្មតា កូរ៉ុម​នៃ​ពួក​ដប់ពីរនាក់​ក៏​មិន​អនុម័ត​ឲ្យ​មាន​លោកអយ្យកោ​បន្ថែម​ដែរ ដោយសារ​ស្ដេក​មួយ ៖

  • មាន​ភូមិសាស្ត្រ​ធំ ។

  • មាន​សមាជិក​ដែល​មិនចេះ​និយាយ​ភាសាដែល​សមាជិក​ភាគ​ច្រើន​និយាយ ។

បើ​ស្តេក​មាន​សមាជិក​ដែល​និយាយ​ភាសា​ផ្សេងៗ​ច្រើន នោះ​ប៊ីស្សព និង​គណៈប្រធាន​ស្តេក​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅរក​លោក​អយ្យកោ​នៅ​ស្តេក​ជិត​ខាង ដែល​អាច​ផ្តល់​ពរ​របស់​លោក​អយ្យកោ​ជា​ភាសា​កំណើត​របស់​សមាជិក​នោះ​បាន ។

៦.៦.៣

ការណែនាំ​ដល់​លោក​អយ្យកោ​ស្តេក​ដែល​ត្រូវ​បាន​ហៅ​ថ្មី

ប្រធាន​ស្ដេក​ណែនាំ​លោក​អយ្យកោ​ដែល​បាន​ហៅ​ថ្មី ពីមុន​គាត់​ចាប់ផ្ដើម​ផ្ដល់​ពរជ័យ ។ ប្រធាន​ស្ដេក​បង្រៀន​លោក​អយ្យកោ​អំពី​លក្ខណៈ​ពិសិដ្ឋ​នៃ​តំណែង​របស់​លោក ។ គាត់​រំឭកឡើង​វិញដោយ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​លោក​អយ្យកោនូវ​សេចក្ដីណែនាំ​នៅ​ក្នុង ៖

  • ព័ត៌មាន និង​យោបល់​សម្រាប់​លោកអយ្យកោ

  • ការប្រជុំ​បំពាក់បំប៉ន​ភាពជា​អ្នកដឹកនាំ​ទូទាំង​ពិភពលោក ៖ លោកអយ្យកោ

៦.៦.៤

ការគ្រប់គ្រង​លើ​កិច្ចការ​របស់​លោក​អយ្យកោ​ស្តេក

ប្រធាន​ស្ដេក​គ្រប់​គ្រង​លើ​កិច្ចការ​របស់​លោកអយ្យកោ ដូច​ដែល​បាន​ចែង​នៅ​ក្នុង ព័ត៌មាន និង​យោបល់សម្រាប់​លោកអយ្យកោ ។ គាត់​មិន​បែង​ចែក​ការទទួលខុសត្រូវ​នេះ​ដល់​ទីប្រឹក្សា​របស់​គាត់ទេ ។ លោក​អយ្យកោ​ទទួល​បាន​អត្ថប្រយោជន៍​មក​ពី​ទំនាក់​ទំនង​ជិតស្និទ្ធ ជាមួយ​នឹង​ប្រធាន​ស្តេក​របស់​គាត់ ។

ប្រធាន​ស្តេក​ជួប​ជាមួយ​នឹង​អយ្យកោ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។ ពួកគាត់​ពិភាក្សា​គ្នា​អំពី​អារម្មណ៍​របស់​លោក​អយ្យកោ​ចំពោះ​កិច្ចការ​នោះ សុខភាព និង​សុខុមាលភាព​របស់​គ្រួសារ​គាត់ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​គាត់​ត្រូវ​ការប្រឹក្សា ។

យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ប្រធាន​ស្ដេក​ពិនិត្យ​មើល​ពរជ័យ​ដែល​លោកអយ្យកោ​បាន​ធ្វើ ។ ប្រសិនបើ​ចាំបាច់ គាត់​អាច​ផ្ដល់​ជា​យោបល់​ទូទៅ​អំពី​មាតិកា​នៃ​ពរ​របស់​លោក​អយ្យកោ ។

ប្រធាន​ស្តេក​ត្រូវ​ប្រាកដ​ថា ច្បាប់​ចម្លង​នៃ​ពរ​ដែល​បាន​កត់ត្រា​ជា​លាយ​លក្ខណ៍​អក្សរ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អ្នក​ទទួល​ពរ​ឲ្យ​បាន​ឆាប់ ។ គាត់​ក៏​ធានា​ផងដែរ​ថា ពរជ័យ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ ។ ពរជ័យ​ទាំងឡាយ​គួរតែ​បាន​បញ្ជូន​តាម ប្រព័ន្ធ​ពរ​របស់​លោក​អយ្យកោ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ នៅ​កន្លែង​គ្មាន​ប្រព័ន្ធ​នេះ ពរជ័យ​ទាំងឡាយ​គួរ​តែ​ផ្ញើ​តាម​ប្រៃសណីយ៍​ទៅកាន់​អាសយដ្ឋាន​ដូច​តទៅ​នេះ យ៉ាង​ហោច​ណាស់​ប្រាំមួយ​ខែ​ម្ដង ៖

Church History Library

Attn: Patriarchal Blessings

15 East North Temple Street

Salt Lake City, UT 84150-1600

៦.៦.៥

ភាពសម្ងាត់​នៃ​ពរ​របស់​លោក​អយ្យកោ

ប្រធាន​ស្ដេក​ត្រូវ​ប្រាកដ​ថា បន្ទាប់ពី​លោកអយ្យកោ​បាន​ផ្ដល់​សំណៅ​ចម្លង​នៃ​ពរ​របស់​លោកអយ្យកោ​ទៅ​ឲ្យ​អ្នក​ទទួល និង​បាន​បញ្ជូន​វា​ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​សាសនាចក្រ​ហើយ នោះ​រាល់​ឯកសារ និង​សំណៅ​ចម្លង​អេឡិចត្រូនិច​ទាំងអស់​ត្រូវ​បំផ្លាញ​ចោល ឬ​លុបចោល ។ លោកអយ្យកោ​ត្រូវ​ប្រាកដ​ថា ពរជ័យ​ដែល​លុប​ចេញ​ពី​កុំព្យូទ័រ​គាត់​មិន​អាច​ស្រង់​មកវិញ​បាន​ទេ ។

៦.៦.៦

លោក​អយ្យកោ​ដែល​ត្រូវ​ហៅ​ឲ្យ​កាន់​តំណែង​សាសនាចក្រ​ផ្សេង​ទៀត

លោកអយ្យកោ​មិន​អាច​ត្រូវបាន​ហៅ​ឲ្យកាន់​តំណែង​មួយ​ក្នុង​ការគ្រប់គ្រង​សាសនាចក្រ​បាន​ទេ ( ដូចជា ប៊ីស្សព ទីប្រឹក្សា​ជាន់ខ្ពស់ ឬ​ប្រធាន​ស្ដេក ) លើកលែង​តែ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​អនុម័ត​ការហៅ​នោះ​ជាមុន​សិន ។ ប្រសិន​បើ​មាន​ការ​អនុម័ត នោះ​លោកអយ្យកោ​ត្រូវ​ស្ថិត​នៅក្នុង​ស្ថានភាព​មិន​បំពេញ​ការងារ ។

លោកអយ្យកោ​អាច​ត្រូវ​បាន​ហៅឲ្យ​បម្រើ​នៅ​ក្នុង​ការ​ហៅ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​អនុម័ត​មក​ពីកូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​បាន ។ គាត់​ក៏អាច​បម្រើ​ជា​អ្នក​ផ្សារ​ភ្ជាប់ ឬ​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ដែរ ។

៦.៦.៧

អ្នកសរសេរ​ពរ​របស់​លោកអយ្យកោ

ប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​របស់គាត់​អាចហៅ ហើយ​ញែកចេញ​សមាជិក​ក្នុង​ស្ដេក​ដែល​ស័ក្ដិសម ហើយ​មាន​ជំនាញ​ដើម្បី​សរសេរ​ពរ​របស់​លោកអយ្យកោ លើកលែង​តែ​លោកអយ្យកោ​អាច ឬ​ចង់​ធ្វើ​វា​ដោយ​ខ្លួន​ឯង ។ ប្រសិន​បើ​ចាំបាច់ អ្នកសរសេរ​អាច​មាន​ច្រើន​នាក់ ។

អ្នក​សរសេរ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ថា រាល់ពរជ័យ​គឺមាន​ភាពពិសិដ្ឋ និង​សម្ងាត់ ។ គ្មានសំណៅ​ចម្លង​ណាមួយ​នៃ​ពរជ័យ​ត្រូវ​បាន​រក្សា​ទុក​ដោយ​អ្នកសរសេរ ឬ​លោកអយ្យកោ​ឡើយ ។ ( សូម​មើល ៦.៦.៥ ) ។

៦.៧

អង្គការ​ទាំងឡាយ​ក្នុង​ស្ដេក

អង្គការ​សមាគម​សង្គ្រោះ ក្រុម​យុវនារី អង្គការ​បឋមសិក្សា សាលា​ថ្ងៃអាទិត្យ និង​ក្រុម​យុវជន​ត្រូវ​មាន​ប្រធាន​ម្នាក់​ដើម្បី​ដឹកនាំ ។ ប្រធាន​ទាំង​នេះបម្រើ​នៅ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ស្ដេក ។ នៅ​ក្នុង​ស្ដេកធំ ប្រធាន​អង្គការ​មួយ​អាច​ផ្ដល់​អនុសាសន៍ពី​ទីប្រឹក្សា​ម្នាក់ ឬ​ពីរ​នាក់ ព្រមទាំង​លេខា ដើម្បី​បម្រើ​ជាមួយ​នឹង​គាត់ ។ គណៈប្រធាន​ស្ដេក​ពិចារណា​ពី​អនុសាសន៍​ទាំងនេះ ។

ការទទួល​ខុសត្រូវ​ចម្បង​នៃ​ថ្នាក់ដឹកនាំ​ទាំងនេះ​គឺ​ត្រូវ​ជួយ​ដល់​គណៈប្រធាន​ស្ដេក បង្រៀន និង​គាំទ្រ​ដល់​គណៈប្រធាន​អង្គការ ។ ពួកគាត់​មិន​បំពេញ​ការចាត់​តាំង​ដែល​គួរតែ​បំពេញ​នៅ​កម្រិត​វួដ ឬ​គ្រួសារ​ឡើយ ។ ពួកគាត់​ក៏​មិន​បង្កើត​ការទទួល​ខុសត្រូវ​បន្ថែម​ទៀត​សម្រាប់​គណៈប្រធាន​អង្គការ​ទាំងឡាយ​ក្នុង​វួដ​ដែរ ។

៦.៧.១

គណៈប្រធាន​សមាគមសង្គ្រោះ ក្រុម​យុវនារី អង្គការ​បឋមសិក្សា និង​សាលាថ្ងៃ​អាទិត្យ​ស្ដេក

ប្រធាន​ស្ដេក​ហៅ ហើយ​ញែកចេញ​បងប្អូន​ស្រីម្នាក់​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ស្ដេក ។ គាត់ ឬ​ទីប្រឹក្សា​របស់​គាត់​ដែល​បាន​ចាត់ ធ្វើ​ការហៅ ហើយ​ញែក​បងប្អូន​ស្រី​ធ្វើឲ្យ​ជា​ប្រធាន​ក្រុម​យុវនារី និង​ប្រធាន​អង្គការ​បឋមសិក្សា​ស្ដេក ។ ប្រសិន​បើ​ទីប្រឹក្សា និង​លេខា​ត្រូវបាន​ហៅ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់ ធ្វើ​ការហៅ ហើយ​ញែក​ពួកគេ​ចេញ ។

គណៈប្រធាន​ស្ដេក​ហៅ និង​ញែកចេញ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ស្ដេក ។

សមាជិក​នៃ​គណៈប្រធាន​ទាំង​នេះមាន​ការទទួល​ខុស​ត្រូវ​ដូចខាងក្រោម ៖

  • បម្រើ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ស្ដេក ( តែ​ប្រធាន​ប៉ុណ្ណោះ ) ។ ចូលរួម​នៅក្នុង​កិច្ចខិតខំ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ ហើយ​ពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​ស្ដេក ។

  • ផ្តល់​ការណែនាំ​ដល់​គណៈប្រធាន​អង្គការ​ទាំងឡាយ​ក្នុង​វួដ​ដែល​ទើប​បាន​ហៅ​ថ្មី ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការផ្ដល់​ការណែនាំ​ចេញពី ជំពូក​ទី ១–៤ នៅក្នុង​ក្បួនខ្នាត​នេះ និង​ជំពូក​សម្រាប់​អង្គការ​របស់​ពួកគាត់​ផងដែរ ។

  • ផ្ដល់​ការគាំទ្រ និង​ការបង្រៀន​ជា​បន្ត​បន្ទាប់ ។ ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​គណៈប្រធាន​អង្គការ​ទាំងឡាយ​ក្នុង​វួដ​ជាទៀងទាត់ ដើម្បី​ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​ពួកគេ ពិភាក្សា​ពី​សេចក្ដី​ត្រូវការ​របស់​សមាជិក​ដែល​ពួកគេ​បម្រើ និង​ពាំនាំ​នូវ​ព័ត៌មាន​ទំនាក់ទំនង​មកពី​គណៈប្រធាន​ស្ដេក ។ រៀបចំជាមួយ​ថ្នាក់ដឹកនាំវួដ​ដើម្បី​ចូលរួម​ការប្រជុំ និង​ថ្នាក់​របស់​ពួកគេ​ម្ដងម្កាល ។

  • ធ្វើ​ការណែនាំ​ដល់​គណៈប្រធាន​អង្គការ​ទាំងឡាយ​ក្នុង​វួដ​អំឡុង​ការប្រជុំ​ថ្នាក់ដឹកនាំ​ស្ដេក ( សូមមើល ២៩.៣.៤ ) ។ ជាទូទៅ ការប្រជុំទាំងនេះ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្ដង ។ គណៈប្រធាន​ស្ដេក​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​មាន​ការ​ប្រជុំ​ទីពីរ ប្រសិន​បើ​វា​មិន​បង្កើត​ជា​បន្ទុក​ដល់​អ្នក​ចូល​រួម​ទេ​នោះ ។ ប៊ីស្សព​អាច​ស្នើសុំ​ការបង្រៀន​បន្ថែម​សម្រាប់​គណៈប្រធាន​អង្គការ​ទាំងឡាយ​ក្នុង​វួដ ។

  • ប្រឹក្សា​ជាមួយ​គ្នា​ជាទៀង​ទាត់​នៅ​ក្នុង​ការ​ប្រជុំ​គណៈប្រធាន​របស់​ពួកគេ ( ប្រសិន​បើ​ទីប្រឹក្សា​ត្រូវ​បាន​ហៅ ) ។ ប្រាស្រ័យ​ទាក់ទង​ជា​ទៀងទាត់​ជាមួយ​នឹង​សមាជិក​នៃ​គណៈប្រធាន​ស្ដេក​ដែល​ទទួល​ខុសត្រូវ​លើ​ការបម្រើ​របស់​ពួកគេ ។

  • ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល ពេល​ត្រូវបាន​អញ្ជើញ​ដោយ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ( សូមមើល ២៩.៤ ) ។

  • និយាយ​នៅក្នុង​ការប្រជុំ​ពិធី​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេងទៀត នៅពេល​មាន​ការអញ្ជើញ​ពី​គណៈប្រធាន​ស្ដេក ។

  • នៅ​ក្នុង​ស្ដេក​ធំ បញ្ជូន​អនុសាសន៍​ទៅកាន់​គណៈប្រធាន​ស្ដេក​សម្រាប់​ទីប្រឹក្សា និង​សមាជិក​ផ្សេង​ទៀត​ដើម្បី​ឲ្យ​ហៅ​បម្រើ​នៅ​ក្នុង​អង្គការរបស់​ពួកគាត់ ប្រសិន​បើ​ចាំបាច់ ។ សម្រាប់​គោលការណ៍​ណែនាំ​ទូទៅ សូមមើល ៣០.១.១ និង ៣០.១.៥ ។

គណៈប្រធាន​សមាគម​សង្គ្រោះ ក្រុម​យុវនារី និង​អង្គការ​បឋមសិក្សា​ស្ដេក​អាច​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ជុំ​គ្នា​ម្ដង​ម្កាល​សម្រាប់​អង្គការ​របស់​ពួកគាត់ ។ សកម្មភាព​ទាំងនេះ​អាច​រួម​មាន​គ្រប់​ស្ត្រី យុវនារី និង​ក្មេងស្រី​ទាំងអស់​ដែល​មាន​អាយុ ៨ ឆ្នាំ​ឡើង​ទៅ​នៅក្នុង​ស្ដេក ។ សកម្មភាព​បែប​នេះ​ក៏​អាច​ធ្វើ​ឡើង​ជា​លក្ខណៈ​ពហុស្ដេក​ផង​ដែរ ។ គណៈប្រធាន​ទាំងនេះ​ប្រឹក្សា​ជាមួយ​គ្នា​ដើម្បី​ផ្ដល់​អនុសាសន៍​ពី​សកម្មភាព​ជុំគ្នា​ទៅ​កាន់​គណៈប្រធាន​ស្ដេក ( សូមមើល ២០.៣.១ ) ។ សកម្មភាព​បែប​នេះ​នឹង​ធ្វើ​ឡើង​នៅក្នុង​សកម្មភាព​មួយ​របស់​សមាគម​សង្គ្រោះ​ស្ដេក ( សូម​មើល ៦.៧.១.១ ) ។

រូបភាព
ស្ដ្រី​កំពុង​ធ្វើការ​ជាមួយ​កុមារ

៦.៧.១.១

ការទទួល​ខុសត្រូវ​បន្ថែម​របស់​គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក

គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក​មាន​ការទទួល​ខុសត្រូវ​បន្ថែម​ដូច​តទៅ​នេះ ៖

  • បម្រើ​នៅ​ក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​ស្ដេក ( សូមមើល ២៩.៣.៩ ) ។ ប្រសិន​បើ​លេខា​ត្រូវ​បាន​ហៅ គាត់​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ផងដែរ ។

  • បង្រៀន​ប្រធាន​សមាគម​សង្គ្រោះ​វួដ​ពី​គោលការណ៍​នៃ​ការធ្វើ​ការងារ​បម្រើ និង​ការ​មើល​ថែដល់អ្នក​ខ្វះខាត ។ ជួយ​ពួកគេ​ឲ្យ​យល់​ពី​តួនាទី​របស់​ពួកគេ​ក្នុង​ការជួយ​ដល់​ប៊ីស្សព​ជាមួយ​នឹង​បញ្ហា​ខាង​សាច់ឈាម និង​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

  • បង្រៀន​គណៈប្រធាន​សមាគម​សង្គ្រោះ​វួដ​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគាត់​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ( សូមមើល ២៣.៥.២ ) និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ( សូមមើល ២៥.២.២ ) ។

  • ពង្រឹង​បងប្អូន​ស្រី​ជា​មជ្ឈិមវ័យ​នៅលីវ​នៅក្នុង​ស្ដេក ។ ប្រសិនបើ​ស្តេក​មាន​គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅលីវ នោះ​សមាជិក​មួយរូប​នៃ​គណៈប្រធាន​នេះ​បម្រើ​នៅក្នុង​គណៈកម្មការ​នោះ ។ ដូចគ្នា​ដែរ ប្រសិនបើ​ស្តេក​មាន​គណៈកម្មការ​មជ្ឈិមវ័យ​នៅលីវ ។ ( សូម​មើល ១៤.១.១.២ ) ។

  • សម្រប​សម្រួល​កិច្ចការ​របស់​សមាគម​សង្គ្រោះ​នៅ​ក្នុង​គ្រា​អាសន្ន ។

គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដេក​អាច​ដាក់​ផែនការ ហើយ​ធ្វើ​ការប្រជុំ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​បងប្អូន​ស្ដ្រី​សមាគម​សង្គ្រោះ​ទាំងអស់​នៅក្នុង​ស្ដេក ។ ការប្រជុំ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ស្ដេក ។ វា​អាច​រួម​មាន​ការ​បម្រើ ថ្នាក់រៀន គម្រោងការ សន្និសីទ ឬ​សិក្ខាសាលា ។ វា​ពុំ​គួរ​ធ្វើ​ឡើង​ជាន់​នឹង​សម័យ​ប្រជុំទូទៅ​របស់​ស្ត្រី​ក្នុង​សន្និសីទទូទៅ​ឡើយ ។ គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​អាច​បង្កើត​ជា​គណៈកម្មការ ដើម្បី​ជួយ​តាម​ដែល​ត្រូវការ ។

៦.៧.១.២

ការទទួលខុសត្រូវ​បន្ថែម​របស់​គណៈប្រធាន​ក្រុម​យុវនារី​ស្ដេក

គណៈប្រធាន​ក្រុម​យុវនារី​ស្ដេក​មាន​ការទទួល​ខុសត្រូវ​បន្ថែម​ដូច​តទៅ​នេះ ៖

  • បម្រើ​នៅ​ក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំ​យុវវ័យស្ដេក ( សូមមើល ២៩.៣.១០ ) ។ ប្រសិន​បើ​លេខា​ត្រូវ​បាន​ហៅ គាត់​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ផងដែរ ។

  • នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធានស្ដេក ដាក់ផែនការ ហើយ​សម្រប​សម្រួលសកម្មភាព​ក្រុម​យុវនារី​ស្ដេក និង​ការ​បោះជំរំ ។

៦.៧.១.៣

ការទទួលខុសត្រូវ​បន្ថែម​របស់​គណៈប្រធាន​អង្គការ​បឋមសិក្សា​ស្ដេក

គណៈប្រធាន​អង្គការ​បឋមសិក្សា​ស្ដេក​អាច​ដាក់​ផែនការ​សកម្មភាព​ស្ដេក​ម្ដង​ម្កាល​សម្រាប់​កុមារ​អាយុ ៨ ដល់ ១១ ឆ្នាំ ។ សកម្មភាព​ទាំង​នេះអាច​សម្រាប់​កុមារី កុមារា ឬ​ទាំង​ពីរ ។ ពួកគាត់​ធ្វើ​តាម​គោលការណ៍​ណែនាំ​នៅក្នុង ១២.២.១.៣ ។

៦.៧.១.៤

ការទទួលខុសត្រូវ​បន្ថែម​របស់​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ

គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​មាន​ការទទួល​ខុសត្រូវ​បន្ថែម​ដូច​តទៅ​នេះ ៖

  • បម្រើ​ជា​អ្នក​ជំនាញ​នៅ​ក្នុង​ការ​ខិតខំ​របស់​ស្ដេក​ដើម្បីកែលម្អ​ការ​រៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ ។

  • សម្រប​សម្រួល​មជ្ឈមណ្ឌល​ធនធាននៅ​ក្នុង​ស្ដេក ប្រសិន​បើ​មាន ( សូមមើល ១៣.៧.២ ) ។

  • បម្រើ​នៅ​ក្នុង​គណៈកម្មការ​យុវវ័យ​ស្ដេក ប្រសិន​បើ​ត្រូវ​បាន​អញ្ជើញ ( សូមមើល ២៩.៣.១០ ) ។

៦.៧.២

គណៈប្រធាន​ក្រុម​យុវជន​ស្តេក

គណៈប្រធាន​ស្ដេក​ហៅ និង​ញែកចេញ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​យុវជន​ស្ដេក ។ សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់​ទៅ​ក្រុម​យុវនារី និង​អង្គការ​បឋម​សិក្សា អាច​ត្រូវបាន​ហៅ និង​ញែកចេញ​ដើម្បី​បម្រើ​ជា​ទីប្រឹក្សា​របស់​គាត់​បាន ។

នៅក្នុង​ស្ដេក​ធំ​មួយ អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ម្នាក់ ឬ​ពីរ​នាក់​មកពី​ស្ដេក​នោះ​អាច​ត្រូវបាន​ហៅ​ជា​ទីប្រឹក្សា ។ អ្នកកាន់​បព្វជិតភាព​ម្នាក់​ក៏​អាច​ត្រូវបាន​ហៅ​ជា​លេខា​ផងដែរ ( សូមមើល ៦.៧.៣ ) ។ ប្រធាន​ក្រុម​យុវជនស្ដេក​ផ្ដល់​អនុសាសន៍​ពី​បុគ្គល​ដែល​ត្រូវ​ហៅ ។ សម្រាប់​គោលការណ៍​ណែនាំ​ទូទៅ សូមមើល ៣០.១.១ និង ៣០.១.៥ ។ ទីប្រឹក្សា និង​លេខាទាំង​នេះ​ត្រូវបានហៅ និង​ញែកចេញ​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់​តាំង​មួយរូប ។

គណៈប្រធាន​ក្រុម​យុវជន​ស្ដេក​មាន​ការទទួល​ខុស​ត្រូវ​ដូច​ខាងក្រោម ៖

  • បម្រើ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ស្ដេក ( តែ​ប្រធាន​ប៉ុណ្ណោះ លើក​លែង​តែ​ទីប្រឹក្សា​គាត់​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ ) ។ ចូលរួម​នៅក្នុង​កិច្ចខិតខំ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ ហើយ​ពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​ស្ដេក ។

  • បម្រើ​ជា​ធនធាន​សម្រាប់​គណៈប៊ីស្សព​នៅក្នុង​ការទទួល​ខុស​ត្រូវ​របស់​ពួកគាត់​សម្រាប់​បងប្អូន​ប្រុស​ជា​បព្វជិតភាព​អើរ៉ុន ។ ការណ៍​នេះ​អាច​រួម​ទាំង​ការជួយ​ពួកគាត់​ឲ្យ​យល់​ពី​ភារកិច្ច​របស់​ពួកគេ​ចំពោះ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ដូច​ដែល​បាន​ណែនាំ​ដោយ​ប្រធាន​ស្ដេក ។

  • ប្រឹក្សា​ជាមួយ​គ្នា​ជា​ទៀងទាត់នៅ​ក្នុង​ការប្រជុំ​គណៈប្រធាន​របស់​ពួកគេ ។ ប្រាស្រ័យទាក់ទងគ្នា​ជា​ទៀងទាត់ជាមួយ​សមាជិក​នៃគណៈប្រធាន​ស្ដេក ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​បម្រើ​របស់​ពួកគេ ។

  • បម្រើ​នៅ​ក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំ​យុវវ័យស្ដេក ( សូមមើល ២៩.៣.១០ ) ។ ប្រសិន​បើ​លេខា​ត្រូវ​បានហៅ គាត់​ក៏​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ ។

  • ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ស្ដេក ដាក់​ផែនការ ហើយ​សម្រប​សម្រួល​សកម្មភាព​បព្វជិតភាព​អើរ៉ុន និង​ការ​បោះជំរំ ។

  • និយាយ​នៅក្នុង​ការប្រជុំ​ពិធី​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេងទៀត នៅពេល​មាន​ការអញ្ជើញ​ពី​គណៈប្រធាន​ស្ដេក ។

  • ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល ពេល​ត្រូវបាន​អញ្ជើញ​ដោយ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ( សូមមើល ២៩.៤ ) ។

គណៈប្រធាន​ក្រុម​យុវជនស្ដេក​មិន​ធ្វើ​ការ​ប្រជុំ​ថ្នាក់ដឹកនាំ​ស្ដេក​ទេ ។ សេចក្ដីណែនាំ​សម្រាប់​អ្នក​ដែល​មានការទទួល​ខុសត្រូវ​លើ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ការ​ប្រជុំ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ស្ដេក ( សូមមើល ២៩.៣.៣ ) ។

៦.៧.៣

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
លេខា​អង្គការ​ទាំងឡាយ​ក្នុង​ស្តេក

ជាទូទៅ លេខា​អង្គការ​ទាំងឡាយ​ក្នុង​ស្ដេក​ត្រូវបាន​ហៅ​តែ​នៅក្នុង​ស្ដេក​ធំៗ​ប៉ុណ្ណោះ ។ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់ ហៅ ហើយ​ញែក​ពួកគាត់​ចេញ ។ នៅក្រោម​ការដឹកនាំ​ពី​ប្រធាន​អង្គការ​ទាំងឡាយ​ក្នុង​ស្ដេក ពួកគាត់​អាច​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • រៀបចំ​របៀបវារៈសម្រាប់​ការប្រជុំ​គណៈប្រធាន ។

  • កត់ចំណាំ​នៅក្នុង​ការប្រជុំគណៈប្រធាន និង​តាមដាន​ការចាត់តាំង​នានា ។

  • រក្សា​កំណត់ត្រា​ផ្សេងៗ ហើយ​រៀបចំ​របាយការណ៍​តាម​ការស្នើសុំ​ពី​គណៈប្រធាន ។

  • ជួយ​គណៈប្រធាន​ឲ្យ​រៀបចំគម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​អង្គការ​របស់​ពួកគេ ។ ចាត់ចែង​ការ​ចំណាយ ។

  • ផ្ដល់​ការបំពាក់​បំប៉ន​ដល់​លេខា​អង្គការ​ទាំងឡាយ​ក្នុង​វួដ តាម​ការចាត់តាំង ។ ការណ៍​នេះ​អាច​រួម​មាន ការណែនាំ​អំពី​ការកត់ត្រា និង​របាយការណ៍​វត្តមាន​ផងដែរ ។

៦.៨

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
អ្នក​ជំនាញ​នៅក្នុង​ស្តេក

គណៈប្រធាន​ស្ដេក​អាចហៅ ហើយ​ញែកចេញ​អ្នក​ជំនាញ ប្រសិន​បើ​ចាំបាច់​សម្រាប់​គោលបំណង​នានា​ដូចជា ៖

  • តន្ត្រី ( សូម​មើល ១៩.៥.៣ )

  • សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន ( សូម​មើល ២២.៩.៤ )