ក្បួនខ្នាត និង​ការហៅ
៥. ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់


« ៥. ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២១ ) ។

« ៥. ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

រូបភាព
គណៈ​ប្រធាន​ទីមួយ

៥.

ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់

៥.០

សេចក្តីផ្ដើម

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ថ្ម​ជ្រុង​យ៉ាង​ឯក » នៃ​សាសនាចក្រ​របស់​ទ្រង់ ( អេភេសូរ ២:២០ ) ។ ទ្រង់​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់ ។ ទ្រង់​ហៅ​ពួកសាវក និង​ពួកព្យាការី​ឲ្យ​ជួយ​ទ្រង់​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ទ្រង់​ប្រគល់​ឲ្យ​អ្នកបម្រើ​ដ៏ជម្រើស​ទាំងនេះ​នូវ​រាល់​កូនសោ ដែល​មាន​នៅពេល​បច្ចុប្បន្ន​សម្រាប់​នគរ​ព្រះ​នៅលើ​ផែនដី​នេះ ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ២៧:១២–១៣; សូមមើល​ផងដែរ ៣.៤.១ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

តាមរយៈ​ព្យាការី និង​ពួកសាវក ព្រះអម្ចាស់​ហៅ​បុរស​ទាំងឡាយ​ឲ្យ​កាន់​តំណែង​ពួកចិតសិប​នាក់ ដើម្បី​ជួយ​ដល់​កិច្ចការ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក​នេះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៣៨ ) ។ លើសពី​នេះ គណៈប៊ីស្សព​ជា​អធិបតី អ្នកកាន់​តំណែង​ទូទៅ ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​បុរស និង​ស្ដ្រី​ដទៃ​ទៀត​ក៏មាន​ការទទួល​ខុសត្រូវ​ដ៏សំខាន់ ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​នេះ​ផងដែរ ។

ជំពូក​នេះ​ពិពណ៌នា​អំពី​តួនាទី​របស់​ថ្នាក់ដឹកនាំ​ទូទៅ និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់​នៅក្នុង​សាសនាចក្រ ។

៥.១

ថ្នាក់ដឹកនាំ​សាសនាចក្រ​ទូទៅ

ថ្នាក់ដឹកនាំ​ទូទៅ​របស់​សាសនាចក្រ​រួមមាន​ពួកអ្នកមាន​សិទ្ធិ​អំណាច​ទូទៅ និង​អ្នកកាន់​តំណែង​ទូទៅ​ទាំងអស់ ។ ពាក្យ ទូទៅ បង្ហាញ​ថា សិទ្ធិ​អំណាច និង​ការទទួល​ខុសត្រូវ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការហៅ​ទាំងឡាយ គឺ​មិន​មាន​កម្រិត​តាម​ព្រំដែន​ភូមិសាស្ដ្រ​ទេ ។ អស់​អ្នក​ដែល​មាន​ការហៅ​ទាំងនេះ​ដឹកនាំ បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។

វគ្គ​នេះ​សង្ខេប​ពី​តួនាទី​របស់​ពួកអ្នកមាន​សិទ្ធិ​អំណាច​ទូទៅ អ្នកកាន់​តំណែង​ទូទៅ ព្រមទាំង​ក្រុមប្រឹក្សា និង​គណៈកម្មាការ​ទាំងឡាយ​ដែល​ពួកគាត់​បម្រើ ។

៥.១.១

ពួកអ្នកមាន​សិទ្ធិ​អំណាច​ទូទៅ

៥.១.១.១

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ប្រធាន​សាសនាចក្រ ។ តាំងពី​ជំនាន់​បុរាណ​មក ព្រះអម្ចាស់​បាន​ដឹកនាំ​ប្រជាជន​របស់​ទ្រង់​តាមរយៈ​ព្យាការី ( សូមមើល អេម៉ុស ៣:៧; អេភេសូរ ៤:១១–១៣ ) ។ ប្រធាន​សាសនាចក្រ​គឺជា​ព្យាការី អ្នកមើល​ឆុត និង អ្នកទទួល​វិវរណៈ ។ លោក​ក៏ជា​សាវក​រៀមច្បង​ផងដែរ ។ នៅក្រោម​ការដឹកនាំ​ពី​ព្រះអម្ចាស់ នោះ​លោក​ធ្វើជា​អធិបតី​លើ​សាសនាចក្រ ហើយ​គឺជា​បុគ្គល​តែម្នាក់​គត់​នៅលើ​ផែនដី​ដែល​មាន​សិទ្ធិ​អំណាច​ឲ្យ​ដើម្បី​អនុវត្ត​រាល់​កូនសោ​បព្វជិតភាព​ទាំងអស់ ( សូមមើល ម៉ាថាយ ១៦:១៦–១៩; សូមមើល​ផងដែរ ៣.៤.១.១ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ លោក​មាន​សិទ្ធិ​អំណាច​ដើម្បី​ទទួល​វិវរណៈ និង​ប្រកាស​ពី​ព្រះទ័យ​របស់​ព្រះ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៣:២–៣; ១០៧:៩១–៩២; ១២៨:១១ ) ។

គណៈប្រធាន​ទីមួយ ។ តាមរយៈ​ប្រធាន​សាសនាចក្រ ព្រះអម្ចាស់​ហៅ​ទីប្រឹក្សា​ឲ្យ​ជួយ​នៅក្នុង​កិច្ចការ​នេះ ។ ប្រធាន និង​ទីប្រឹក្សា​របស់​លោក​គឺជា « ពួក​សង្ឃ​ជាន់ខ្ពស់​ត្រួតត្រា​បី​នាក់ … [ ដែល ] ធ្វើជា​កូរ៉ុម​នៃ​គណៈប្រធាន​នៃ​សាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២២ ) ។ កូរ៉ុម​នេះ​ត្រូវបាន​ហៅ​ថាជា​គណៈប្រធាន​ទីមួយ ។ សមាជិក​នៃ​គណៈប្រធាន​ទីមួយ​គឺជា​ពួកសាវក ហើយ​គឺជា « ពួក​សាក្សី​ពិសេស » អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៣ ) ។ គណៈប្រធាន​ទីមួយ​ធ្វើជា​អធិបតី និង​ដឹកនាំ​កិច្ចការ​ទូទៅ​ទាំងអស់​នៅក្នុង​សាសនាចក្រ ។

ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​បំពេញ​តួនាទី​នេះ​នៅក្នុង​សាសនាចក្រ​ពី​បុរាណ ។ ពួកលោក​បាន​នៅ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ឱកាស​ដ៏ពិសិដ្ឋ​ជាច្រើន ហើយ​បាន​ទទួល​កូនសោ​ទាំងឡាយ​នៃ​នគរ ។ ( សូមមើល ម៉ាថាយ ១៦:១៨–១៩; ១៧:១–៥; ម៉ាកុស ១៤:៣២–៤២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១២–១៣; ៨១:១–២ ) ។

នៅពេល​ប្រធាន​សាសនាចក្រ​ទទួល​មរណភាព គណៈប្រធាន​ទីមួយ​ត្រូវបាន​រំលាយ ។ ទីប្រឹក្សា​ត្រឡប់​ទៅកាន់​តំណែង​របស់​ពួកលោក​វិញ​ក្នុងនាម​ជា​រៀមច្បង​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ នៅក្រោម​ការដឹកនាំ​របស់​សាវក​រៀមច្បង នោះ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដឹកនាំ​សាសនាចក្រ ។ ក្នុងនាមជា​កូរ៉ុម នោះ​ពួកលោក​ពិចារណា​ពី​ពេលវេលា​ដែល​ត្រូវ​រៀបចំ​គណៈប្រធាន​ទីមួយ​ឡើង​វិញ ។ ក្រោយពី​ការសម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ សាវក​រៀមច្បង​ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាសនាចក្រ​ថ្មី ហើយ​ហៅ​ទីប្រឹក្សា​របស់​លោក ។

កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ កាលពី​បុរាណ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ជួយ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល លូកា ៦:១២–១៣; អេភេសូរ ៤:១១–១៣; នីហ្វៃ​ទី​១ ១៣:៤០ ) ។ នៅ​ជំនាន់​របស់​យើង ព្រះអម្ចាស់​ហៅ​បុរស​ទាំងឡាយ​តាមរយៈ​ប្រធាន​សាសនាចក្រ ឲ្យ​តែងតាំង​ជា​ពួកសាវក និង​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨:២៦–២៨ ) ។ កូរ៉ុម​នេះ​ធ្វើ​កិច្ចការ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ទីមួយ​ដើម្បី​ស្ថាបនា និង​គ្រប់គ្រង​សាសនាចក្រ​នៅ​គ្រប់​អស់​ទាំង​ប្រជាជាតិ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៣ ) ។ សមាជិក​នៃ​ពួកដប់ពីរ​នាក់​ប្រកាស​ដំណឹងល្អ​នៅ​ទូទាំង​ពិភពលោក ( សូម​មើល ម៉ាថាយ ២៨:១៩–២០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៣៥ ) ។

សាវក​ម្នាក់ៗ​កាន់​កូនសោ​ទាំងអស់​នៃ​នគរ ហើយ​អនុវត្ត​សិទ្ធិ​លើ​កូនសោ​ទាំងនោះ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:៣០–៣២ ) ។ ពួកសាវក​ដប់ពីរ​នាក់​គឺជា « ពួក​សាក្សី​ពិសេស » អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៣; សូមមើល​ផងដែរ ២៧:១២ ) ។ ពួកលោក​ធ្វើជា​សាក្សី​ដល់​ពិភពលោក​ទាំងមូល​អំពី​ទេវភាព​របស់​ទ្រង់ និង​ភាពពិត​នៃ​ការរស់​ឡើងវិញ​របស់​ទ្រង់ ( សូម​មើល កិច្ចការ ១:៨, ២២; ៤:៣៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:២២–២៤ ) ។

ពួកសាវក​បម្រើ​នៅក្នុង​សាសនាចក្រ​ពេញម៉ោង​អស់​មួយ​ជីវិត​របស់​ពួកលោក ( សូមមើល ម៉ាថាយ ៤:១៨–២២ ) ។

ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សមាជិក​ទាំងអស់​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​គឺជា​ព្យាការី អ្នកមើល​ឆុត និង​ជា​អ្នកទទួល​វិវរណៈ ។ ពួកលោក​បង្កើត​ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជាមួយ​គ្នា ។ នៅក្រោម​ការដឹកនាំ​របស់​ព្រះអម្ចាស់ និង​តាមរយៈ​សំឡេង​ជា​ឯកច្ឆន្ទ នោះ​ក្រុមប្រឹក្សា​នេះ​មាន​សិទ្ធិ​អំណាច​ដើម្បី​ប្រកាស និង​បកស្រាយ​គោលលទ្ធិ និង​បង្កើត​គោលនយោបាយ​សម្រាប់​សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៨; ១០៧:២៧–៣១ ) ។

រូបភាព
គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់

៥.១.១.២

ពួក​ចិតសិប​នាក់

តំណែង​ពួក​ចិតសិប​នាក់​នៅក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក​មាន​សេចក្ដីយោង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ផង និង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ផង ( សូមមើល និក្ខមនំ ២៤:១, ៩–១០; ជនគណនា ១១:១៦–១៧, ២៤–២៥; លូកា ១០:១, ១៧ ) ។ សព្វថ្ងៃ​នេះ យើង​មាន​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ( សូមមើល ៥.២.២ ) ។ ពួកលោក​ធ្វើ​កិច្ចការ​នៅក្រោម​កូនសោ និង​ការដឹកនាំ​របស់​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ពួកលោក​ជួយ​ដល់​ពួកដប់ពីរ​នាក់​នៅក្នុង​ការស្ថាបនា និង​ការគ្រប់គ្រង​សាសនាចក្រ​នៅ​គ្រប់​អស់​ទាំង​ប្រជាជាតិ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៤–៣៥, ៣៨ ) ។

គណៈប្រធាន​នៃ​ពួកចិតសិប​នាក់ ។ សមាជិក​ប្រាំពីរ​រូប​នៃ​ពួកចិតសិប​នាក់​ត្រូវបាន​ហៅ​ជា​ប្រធាន ដើម្បី​ធ្វើជា​អធិបតី​លើ​សមាជិក​ទាំងអស់​នៃ​ពួកចិតសិប​នាក់ ។ ប្រធាន​ម្នាក់​ក្នុង​ចំណោម​ប្រធាន​ទាំង​ប្រាំពីរ​នាក់​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អធិបតី​លើ​ប្រធាន​ប្រាំមួយ​នាក់​ទៀត ។ ពួកលោក​រួមគ្នា​បង្កើត​បានជា​គណៈប្រធាន​នៃ​ពួកចិតសិប​នាក់ ។ ( សូមមើល កិច្ចការ ៦:២–៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៩៣–៩៤; ១២៤:១៣៨ ) ។

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។ ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ត្រូវបាន​ហៅ​ដោយ​គណៈប្រធាន​ទីមួយ ដើម្បី​ធ្វើជា​សាក្សី​ពិសេស​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​បង្រៀន​ដំណឹងល្អ​នៅក្នុង​ពិភពលោក​ទាំងមូល ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៥; ១២៤:១៣៩ ) ។

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​បម្រើ​នៅក្នុង​សាសនាចក្រ​ពេញម៉ោង ។ ជាទូទៅ ពួកលោក​ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​ដែល​ពួកលោក​ឈាន​ចូល​វ័យ ៧០ ឆ្នាំ ហើយ​ទទួល​បាន​ងារ​កិត្តិយស ។ ទោះបីជា​ពួកលោក​រក្សា​តំណែង​ជា​ពួកចិត​សិប​នាក់​ក្ដី ក៏​ពួកលោក​លែង​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​ទៀត​ដែរ ។

កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ។ សមាជិក​នៃ​ពួកចិតសិប​នាក់ រួមទាំង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ផងដែរ ត្រូវបាន​រៀបចំ​ទៅជា​កូរ៉ុម ។ គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់​ធ្វើជា​អធិបតី​លើ​កូរ៉ុម​ទាំងនេះ ។ ចំនួន​នៃ​សមាជិក​នៃ​ពួកចិតសិប​នាក់ និង​កូរ៉ុម​នៃ​ពួកចិតសិប​នាក់​អាច​កើនឡើង​តាម​ការរីក​ចម្រើន​របស់​សាសនាចក្រ ។ ( សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៩៥–៩៦; ១២៤:១៣៨–៣៩ ) ។

៥.១.១.៣

គណៈប៊ីស្សព​ជា​អធិបតី

គណៈប៊ីស្សព​ជា​អធិបតី​មាន​នូវ​ប៊ីស្សព​ជា​អធិបតី និង​ទីប្រឹក្សា​របស់​លោក​ពីរ​រូប ។ សមាជិក​ម្នាក់ៗ​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី​គឺជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​កាន់​តំណែង​ប៊ីស្សព ។ ពួកលោក​ត្រូវបាន​ហៅ​ដោយ​គណៈប្រធាន​ទីមួយ ហើយ​ធ្វើការ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ទីមួយ ។

គណៈប៊ីស្សព​ជា​អធិបតី​គ្រប់គ្រង​កិច្ចការ​អាណាចក្រ ដូចជា​ខាង​សុខុមាលភាព ហិរញ្ញវត្ថុ អគារ​សាសនាចក្រ និង​កិច្ចខិតខំ​សប្បុរសធម៌​សម្រាប់​សាសនាចក្រ​ទាំងមូល ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៦៨ ) ។ ពួកលោក​ក៏​បង្រៀន​ដំណឹងល្អ និង​ស្ថាបនា​នគរ​នៃ​ព្រះ​នៅ​ទូទាំង​ពិភពលោក​ផងដែរ ។

៥.១.២

ពួក​អ្នកកាន់​តំណែង​ទូទៅ

គណៈប្រធាន​ទីមួយ​ហៅ​ស្ដ្រី និង​បុរស​ទាំងឡាយ​ឲ្យ​ធ្វើជា​គណៈប្រធាន​ទូទៅ នៅក្នុង​អង្គការ​សាសនាចក្រ​ដូច​តទៅ​នេះ ៖

  • សមាគម​សង្គ្រោះ

  • ក្រុម​យុវជន

  • ក្រុម​យុវនារី

  • អង្គការ​បឋមសិក្សា

  • សាលា​ថ្ងៃ​អាទិត្យ

អ្នកកាន់​តំណែង​ទូទៅ​ទាំងនេះ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ដែល​បាន​ចាត់តាំង ។ ជា​ទូទៅ ពួកលោក​បម្រើ​រយៈពេល​ប្រាំ​ឆ្នាំ ។

អ្នកកាន់​តំណែង​ទូទៅ​អាច​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  • បម្រើ​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សា និង​គណៈកម្មការ​សាសនាចក្រ​ទូទៅ​តាម​ការចាត់តាំង ( សូមមើល ៥.១.៣ ) ។

  • បំពេញ​តាម​ការចាត់តាំង​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក ។

  • ផ្ដល់​ការណែនាំ​សម្រាប់​កម្មវិធី​សិក្សា កម្មវិធី​ទូទៅ និង​ធនធាន​សម្រាប់​អង្គការ​របស់​ពួកគាត់ ។

  • ផ្ដល់​ការណែនាំ​ដល់​ក្រុមប្រឹក្សា​អង្គការ​ទូទៅ​របស់​ពួកគាត់ ( សូមមើល​កថាខណ្ឌ​បន្ទាប់ ) ។

  • ណែនាំ និង​គាំទ្រ​ដល់​អ្នកប្រឹក្សា​យោបល់​អង្គការ​ប្រចាំ​តំបន់ ដែល​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់ ( សូមមើល ៥.២.៥.១ ) ។

អង្គការ​ទូទៅ​នីមួយៗ​នៃ​សាសនាចក្រ​អាច​មាន​ក្រុមប្រឹក្សា​មួយ​ដើម្បី​ជួយ​ដល់​គណៈប្រធាន ។ សមាជិក​នៃ​ក្រុមប្រឹក្សា​ទាំងនេះ​ត្រូវបាន​ហៅ​ដោយ​ពួកអ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ។ នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា សមាជិក​ក្រុមប្រឹក្សា​ទាំងនេះ​អាច​ជួយ​តម្រង់​ទិស​ដល់​គណៈប្រធាន​អង្គការ​ស្ដេក​ថ្មីៗ​បាន ( សូមមើល ៦.២.១.៦ ) ។ នៅក្រៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា អ្នកប្រឹក្សា​យោបល់​អង្គការ​ប្រចាំ​តំបន់​អាច​ជួយ​ផ្ដល់​ការតម្រង់​ទិស​នេះ​បាន ( សូមមើល ៥.២.៥.១ ) ។

៥.១.៣

ក្រុមប្រឹក្សា និង​គណៈកម្មការ​សាសនាចក្រ​ទូទៅ

ក្រុមប្រឹក្សា និង​គណៈកម្មការ​សាសនាចក្រ​ទូទៅ​ណែនាំ​ពី​ភាពជា​អ្នកដឹកនាំ និង​ផ្ដល់​ការដឹកនាំ​សម្រាប់​ផ្នែក​ពិសេស​ផ្សេងៗ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ឧទាហរណ៍​នៃ​ក្រុមប្រឹក្សា និង​គណៈកម្មការ​ទាំងនេះ​រួមមាន​ដូច​ខាងក្រោម ៖

  • ក្រុមប្រឹក្សា​ប្រតិបត្តិ​បព្វជិតភាព និង​ក្រុមគ្រួសារ

  • ក្រុមប្រឹក្សា​ប្រតិបត្តិ​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន

  • ក្រុមប្រឹក្សា​ប្រតិបត្តិ​អ្នកផ្សព្វផ្សាយ​សាសនា

  • ក្រុមប្រឹក្សា​ប្រតិបត្តិ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

សមាជិក​នៃ​ក្រុមប្រឹក្សា និង​គណៈកម្មការ​ទាំងនេះ​ត្រូវបាន​ចាត់តាំង​ដោយ​គណៈប្រធាន​ទីមួយ ។ ពួកគាត់​អាច​រួម​មាន ៖

  • សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

  • ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។

  • សមាជិក​នៃ​គណៈប៊ីស្សព​ជា​អធិបតី ។

  • សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ ក្រុម​យុវនារី ឬ​អង្គការ​បឋម​សិក្សា​ទូទៅ ។

៥.២

ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់

សាសនាចក្រ​ត្រូវបាន​រៀបចំ​ទៅជា​តំបន់​ភូមិសាស្ដ្រ​ដែល​គ្រប​ដណ្ដប់​ពិភពលោក​ទាំងមូល ។ វគ្គ​នេះ​សង្ខេប​ពី​ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​នៅក្នុង​តំបន់​ទាំងនេះ ។

៥.២.១

គណៈប្រធាន​តំបន់

នៅក្នុង​តំបន់​នីមួយៗ ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​ត្រូវបាន​ចាត់តាំង​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឲ្យ​បម្រើ​ជា​ប្រធាន​តំបន់ ។ ទីប្រឹក្សា​ពីរ​រូប ដែល​ជា​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ត្រូវបាន​ចាត់តាំង​ឲ្យ​ជួយ​ដល់​ប្រធាន ។

គណៈប្រធាន​តំបន់​ធ្វើជា​អធិបតី និង​ប្រឹក្សា​ដល់​ប្រធាន​ស្ដេក និង​ប្រធាន​បេសកកម្ម​នៅក្នុង​តំបន់​នោះ ។ ពួកលោក​ក៏​គាំទ្រ​ដល់​ប្រធាន​ព្រះវិហារ​បរិសុទ្ធ និង​ភរិយា​របស់​លោក​ផងដែរ ។ ដោយ​ធ្វើការ​ប្រឹក្សា​ជាមួយ​នឹង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​គណៈប្រធាន​នៃ​ពួកចិតសិប​នាក់​ដែល​ពួកលោក​ត្រូវ​រាយការណ៍​ទៅ នោះ​ពួកលោក​សម្រេច​ពី​របៀប​ដើម្បី​អនុវត្ត​គោលនយោបាយ​ទូទៅ​របស់​សាសនាចក្រ និង​ការដឹកនាំ​ទូទៅ​ដើម្បី​បំពេញ​តាម​តម្រូវការ​នៅក្នុង​តំបន់​របស់​ពួកលោក ។

សមាជិក​នៃ​គណៈប្រធាន​តំបន់​ធ្វើ​ដំណើរ​នៅក្នុង​តំបន់​ដែល​បាន​ចាត់តាំង​ដើម្បី​ផ្ដល់​ការងារ​បម្រើ បង្រៀន និង​លើក​ទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​សាសនាចក្រ​នៅក្នុង​មូលដ្ឋាន ។ ពួកលោក​ត្រូវបាន​ចាត់តាំង​ដោយ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដើម្បី​ធ្វើជា​អធិបតី​លើ​សន្និសីទ​ស្ដេក និង​ការប្រជុំ​ផ្សេងៗ​ទៀត ។

៥.២.២

ពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ត្រូវបាន​ហៅ​ដោយ​គណៈប្រធាន​ទីមួយ ដើម្បី​ធ្វើជា​សាក្សី​ពិសេស​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​បង្រៀន​ដំណឹងល្អ​នៅក្នុង​តំបន់​ដែល​បាន​ចាត់តាំង​របស់​ពួកលោក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៥; ១២៤:១៣៩ ) ។ ដោយ​ធ្វើការ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់ នោះ​ពួកលោក​ជួយ​ពួក​ដប់ពីរ​នាក់​ក្នុង​ការស្ថាបនា និង​ការគ្រប់គ្រង​សាសនាចក្រ​នៅក្នុង​តំបន់​របស់​ពួកលោក ។

ពួកចិត​សិបនាក់​ប្រចាំ​តំបន់​មិន​ត្រូវបាន​ហៅ​ឲ្យ​ធ្វើការ​បម្រើ​ពេញម៉ោង​នោះទេ ។ ជា​ទូទៅ ពួកលោក​បម្រើ​រយៈពេល​ប្រាំ​ឆ្នាំ ។ ជាធម្មតា ពួកលោក​ត្រូវបាន​ចាត់តាំង​ឲ្យ​បម្រើ​នៅក្នុង​តំបន់​ភូមិសាស្ដ្រ​ដែល​ពួកលោក​រស់នៅ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៣៨, ៩៨ ) ។ ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ត្រូវបាន​គាំទ្រ​នៅក្នុង​សន្និសីទ​ទូទៅ ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ម្នាក់ៗ​គឺជា​សមាជិក​នៃ​កូរ៉ុម​មួយ​នៃ​ពួកចិតសិប​នាក់ ។ កូរ៉ុម​ទាំងនេះ​ត្រូវបាន​រៀបចំ​តាម​ភូមិសាស្ដ្រ ។ ក្នុងនាមជា​សមាជិក​នៃ​កូរ៉ុម​ទាំងនេះ នោះ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​គឺ​នៅក្រោម​អធិបតី​នៃ​គណៈប្រធាន​នៃ​ពួកចិតសិប​នាក់ ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ធ្វើការ និង​ប្រឹក្សា​រួមគ្នា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ដើម្បី​ជួយ​ពួកគាត់​ឲ្យ​បំពេញ​តាម​ការទទួល​ខុសត្រូវ​របស់​ពួកគាត់ ។ ពួកចិតសិប​នាក់​ប្រចាំ​តំបន់​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ ៖

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​តំបន់ ( សូមមើល ៥.២.៣ ) ។

  • ធ្វើជា​អធិបតី​នៅក្នុង​ក្រុមប្រឹក្សា​សម្រប​សម្រួល ( សូមមើល ៥.២.៤ ) ។

  • ធ្វើជា​អធិបតី​លើ​សន្និសីទ​ស្ដេក និង​ធ្វើការ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សេ្ដក ។

  • បង្កើត ឬ​រៀបចំ​ស្ដេក​ឡើងវិញ ញែកចេញ​គណៈប្រធាន​ស្ដេក​ថ្មី និង​ប្រគល់​កូនសោ​ដល់​ប្រធាន​ស្ដេក ។

  • សម្រប​សម្រួល​ការទទួល​ខុសត្រូវ​នៅ​ទូទាំង​តំបន់ រួមមាន​សកម្មភាព​នានា ( សូមមើល ២០.៣.៣ ) JustServe.org ( នៅ​កន្លែង​ណា​ដែល​មាន ) ការស្រាកស្រាន្ដ​ពី​គ្រោះ​ធម្មជាតិ ឬ​ការចាត់តាំង​ផ្សេងទៀត ។

  • ដើរ​មើល​បេសកកម្ម និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​បេសកកម្ម ព្រមទាំង​អ្នកផ្សព្វផ្សាយ​សាសនា​ផងដែរ ។

  • បម្រើ​ជា​ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​តំបន់ ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ធ្វើជា​អធិបតី​នៅ​គ្រប់​ការប្រជុំ​សាសនាចក្រ​ទាំងអស់ ដែល​ពួកលោក​ចូលរួម​នៅក្នុង​តំបន់​របស់​ពួកលោក លើកលែង​តែ​មាន​វត្តមាន​ពី​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់ ។ ប៉ុន្ដែ​ពួកលោក​មិន​ធ្វើជា​អធិបតី​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ប្រធាន​បេសកកម្ម ឬ​ប្រធាន​ស្ដេក​នោះទេ ។ ប្រធាន​ទាំងនេះ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់ ។

៥.២.៣

ក្រុមប្រឹក្សា​ប្រចាំ​តំបន់

នៅក្នុង​តំបន់​នីមួយៗ ក្រុមប្រឹក្សា​តំបន់​ជួប​ប្រជុំ​គ្នា​តាម​ការចាំបាច់ ( ជា​ធម្មតា​ប្រចាំ​ត្រីមាស ) ដើម្បី​សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​តំបន់​របស់​ពួកលោក ។ គណៈប្រធាន​តំបន់​ធ្វើជា​អធិបតី​លើ​ក្រុមប្រឹក្សា​តំបន់ ។ ក្រុមប្រឹក្សា​នេះ​រួមមាន​គណៈប្រធាន​តំបន់ និង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បម្រើ​នៅក្នុង​តំបន់​នោះ ។ អ្នកផ្សេងទៀត​អាច​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​នេះ​មួយ​ផ្នែក ឬ​ការប្រជុំ​ទាំងមូល នៅពេល​ចាំបាច់ និង​នៅពេល​ដែល​ត្រូវបាន​អញ្ជើញ​ដោយ​គណៈប្រធាន​តំបន់ ។

គោលបំណង​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​តំបន់​រួមមាន ៖

  • ពិនិត្យ​មើល និង​ប្រឹក្សា​អំពី​របៀប​ដើម្បី​អនុវត្ត​ការដឹកនាំ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ឲ្យ​បាន​ល្អ​បំផុត ឲ្យ​ស្របទៅតាម​តម្រូវការ និង​កាលៈទេសៈ​របស់​តំបន់ ។

  • ប្រឹក្សា​អំពី​ការរីក​ចម្រើន​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​តំបន់ ។

  • វាយតម្លៃ​ពី​ការរីកចម្រើន​នៃ​គំនិត​ផ្ដួចផ្ដើម​ជាក់លាក់​ណាមួយ​នៅក្នុង​តំបន់ ។

  • ចូលរួម​នៅក្នុង​បញ្ហា​ផ្សេងទៀត​នៃ​តំបន់ ។

រូបភាព
គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ

៥.២.៤

ក្រុមប្រឹក្សា​សម្រប​សម្រួល

គណៈប្រធាន​តំបន់​បង្កើត​ក្រុមប្រឹក្សា​សម្រប​សម្រួល ។ ក្រុមប្រឹក្សា​នីមួយៗ​មាន​នូវ​ស្ដេក និង​បេសកកម្ម​ជាក់លាក់​នៅក្នុង​តំបន់​មួយ ។ គណៈប្រធាន​តំបន់​ចាត់តាំង​ឲ្យ​ពួកចិត​សិប​នាក់​ប្រចាំ​តំបន់​មួយ​រូប​ធ្វើការ​ដឹកនាំ​ក្រុមប្រឹក្សា​នីមួយៗ ។

ប្រធាន​ស្ដេក និង​ប្រធាន​បេសកកម្ម​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល​នេះ ។ ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅក្នុង​ព្រំដែន​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​នៃ​ក្រុមប្រឹក្សា​សម្រប​សម្រួល​នេះ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ​នៅពេល​ដែល​សមរម្យ ។

អ្នកផ្សេងទៀត​អាច​ចូលរួម​ក្នុង​ការប្រជុំ​នេះ​មួយ​ផ្នែក ឬ​ការប្រជុំ​ទាំងមូល នៅពេល​ចាំបាច់ និង​នៅពេល​ដែល​ត្រូវបាន​អញ្ជើញ​ដោយ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ។ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ពិចារណា​ពី​រយៈចម្ងាយ កាលៈទេសៈ​គ្រួសារ និង​ការធ្វើ​ដំណើរ ពេល​ធ្វើការ​អញ្ជើញ​ទាំងនេះ ។

គោលបំណង​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល​គឺ ដើម្បី​ជួយ​ប្រធាន​ស្ដេក ប្រធាន​បេសកកម្ម និង​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​សាមគ្គី​គ្នា​នៅក្នុង​ការអនុវត្ត​កូនសោ​បព្វជិតភាព ។ ពួកលោក​ប្រឹក្សា និង​សម្រប​សម្រួល​កិច្ចខិតខំ​រួមគ្នា ដើម្បី​ជួយ​សមាជិក​ទាំងឡាយ​នៅក្នុង​ការទទួល​ខុសត្រូវ​របស់​ពួកគេ​សម្រាប់​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ណាត់​ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល​ភ្លាមៗ បន្ទាប់ពី​ការប្រជុំ​ក្រុមប្រឹក្សា​តំបន់​ប្រចាំ​ត្រីមាស​ម្ដងៗ ។ ការប្រជុំ​បន្ថែម​ទៀត​អាច​ធ្វើឡើង​នៅពេល​ចាំបាច់ ។

ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដឹកនាំ​ការប្រជុំ និង​សម្រប​សម្រួល​ការពិភាក្សា ។ ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​ចូលរួម ប្រឹក្សា​ជាមួយគ្នា​ក្នុងនាម​ជា​អ្នកចូលរួម​ដែល​មាន​សិទ្ធិ​ស្មើគ្នា ។

នៅក្នុង​ការប្រជុំ​ទាំងនេះ អ្នកចូលរួម ៖

  • ស្វែងរក​វិវរណៈ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​ការបង្រៀន និង​ការដឹកនាំ​របស់​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​គណៈប្រធាន​តំបន់​ឲ្យបាន​ល្អ​បំផុត ។

  • សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

  • ប្រឹក្សា​ជាមួយគ្នា​អំពី​សុខុមាលភាព​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​សមាជិក និង​របៀប​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​អ្នកដើរ​តាម​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ណែនាំ និង​ស្អាងគ្នា​ទៅវិញ​ទៅមក ។

  • សម្រប​សម្រួល​បញ្ហា​ដែល​មាន​ក្នុង​ពហុស្ដេក ។ បញ្ហា​ទាំងនេះ​អាច​រួមមាន​សកម្មភាព​នានា ( សូមមើល ២០.៣.៣ ) កិច្ចខិតខំ​ដើម្បី​កសាង​ភាពខ្លួន​ទីពឹង​ខ្លួន និង​ផ្ដល់​ការបម្រើ​ក្នុង​សហគមន៍ ( សូមមើល ២២.១០.១ ) កិច្ចខិតខំ​ដើម្បី​ឆ្លើយតប​នឹង​ភាពអាសន្ន ( សូមមើល ២២.៩.១.៣ ) ព្រមទាំង​ហិរញ្ញវត្ថុ និង​សវនកម្ម​ផងដែរ ( សូមមើល ៣៤.៧ ) ។

៥.២.៥

ការហៅ​ប្រចាំ​តំបន់

គណៈប្រធាន​តំបន់​អាច​ហៅ​សមាជិក​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​ក្នុង​តំបន់ ដើម្បី​ជួយ​ដល់​គណៈប្រធាន​តំបន់​នៅក្នុង​ការទទួល​ខុសត្រូវ​របស់​ពួកលោក​បាន ។ អស់​អ្នក​ដែល​បម្រើ​នៅក្នុង​តំណែង​ទាំងនេះ​ត្រូវបាន​ហៅ និង​ញែកចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​តំបន់ ឬ​ពួកចិត​សិប​នាក់​ដែល​បាន​ចាត់តាំង ។ ពួកគាត់​មិន​ត្រូវបាន​គាំទ្រ​នោះ​ទេ ។

ឧទាហរណ៍​នៃ​ការហៅ​ក្នុង​តំបន់​នេះ​អាច​រួមមាន លេខា​ប្រតិបត្តិ​ប្រចាំ​តំបន់ សវនករ​ប្រ​ចាំ​តំបន់ នាយក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​តំបន់ អ្នកប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​តំបន់ និង​អ្នកប្រឹក្សា​យោបល់​អង្គការ​ប្រចាំ​តំបន់ ។

៥.២.៥.១

អ្នកប្រឹក្សា​យោបល់​អង្គការ​ប្រចាំ​តំបន់

នៅក្រៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា គណៈប្រធាន​តំបន់​អាច​ហៅ​ស្ដ្រី​ឲ្យ​បម្រើ​ជា​អ្នកប្រឹក្សា​យោបល់​អង្គការ​ប្រចាំ​តំបន់ ។ អ្នកប្រឹក្សា​យោបល់​ទាំងនេះ​អាច​ជួយ​តម្រង់​ទិស និង​ណែនាំ​ដល់​គណៈប្រធាន​សមាគម​សង្គ្រោះ គណៈប្រធាន​ក្រុម​យុវនារី និង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ប្រចាំ​ស្ដេក​ថ្មី​បាន នៅក្រោម​ការដឹកនាំ​ពី​ថ្នាក់ដឹកនាំ​នៃ​គណៈប្រធាន​ស្ដេក​ទាំងនេះ ( សូមមើល ៦.២.១.៦ ) ។ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង​មួយ​រូប​ចូលរួម​នៅក្នុង​ការតម្រង់​ទិស​នេះ ។

អ្នកប្រឹក្សា​យោបល់​ប្រចាំ​តំបន់​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់​របស់​ពួកគាត់ ។ ពួកគាត់​ក៏អាច​ទទួល​បាន​ការណែនាំ​ជា​ទៀងទាត់​មកពី​គណៈប្រធាន​អង្គការ​ទូទៅ​ផងដែរ ។ ជា​ទូទៅ ពួកគាត់​បម្រើ​ពី​បី​ទៅ​ប្រាំ​ឆ្នាំ ។