ក្បួនខ្នាត និង​ការហៅ
៤. ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


« ៤. ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២១ ) ។

« ៤. ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ក្បួនខ្នាត​ទូទៅ ។

រូបភាព
ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ

៤.

ភាពជា​អ្នកដឹកនាំ និង​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

៤.០

សេចក្តីផ្ដើម

ក្នុងនាម​ជា​អ្នកដឹកនាំ​នៅក្នុង​សាសនាចក្រ អ្នក​ត្រូវបាន​ហៅ​ដោយ​ការបំផុស​គំនិត​តាមរយៈ​ពួក​អ្នកបម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់ ។ អ្នក​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​ក្នុង « [ ការ ] នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ អ្នក​ធ្វើ​កិច្ចការ​នេះ​បាន តាមរយៈ​ការលើក​ទឹកចិត្ត​សមាជិក​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​សម្រាប់​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង​មនុស្ស​ដទៃ​ទៀត ( សូមមើល ជំពូក​ទី ១ ) ។ អ្នក​នឹង​រក​ឃើញ​អំណរ ពេល​អ្នក​បម្រើ​បុត្រា​បុត្រី​របស់​ព្រះ ។

ដោយ​ការធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ជាញឹកញាប់ អ្នក​នឹង​បម្រើ​មនុស្ស​ដទៃ​ម្ដង​ម្នាក់ៗ ។ អ្នក​ក៏នឹង​មាន​ឱកាស​បង្ហាញពី​ភាពជា​អ្នកដឹកនាំ​នៅក្នុង​ការប្រជុំ និង​សកម្មភាព​ផ្សេងៗ​ក្នុង​សាសនាចក្រ​ផងដែរ ។ លើសពី​នេះ​ទៅទៀត អ្នក​អាច​ផ្ដល់​ការបម្រើ​ដ៏សំខាន់​តាមរយៈ​ក្រុមប្រឹក្សា ។ ក្រុមប្រឹក្សា​ទាំងនេះ​អាច​រួមមាន​ការប្រជុំ​គណៈប្រធាន ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​ការប្រជុំ​ផ្សេងទៀត ។ វគ្គ ៤.៣ និង ៤.៤ ផ្ដល់​គោលការណ៍​ណែនាំ​ស្ដីពី​ក្រុមប្រឹក្សា​ដ៏មាន​ប្រសិទ្ធភាព ។ ព័ត៌មាន​លម្អិត​អំពី​ការប្រជុំ​ក្រុមប្រឹក្សា​ជាក់លាក់​មាន​ចែង​នៅក្នុង ជំពូក​ទី ២៩ ។

ការ​បម្រើ​ដ៏​បរិសុទ្ធ​របស់​អ្នក​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ពេលវេលា ប៉ុន្តែ​កុំ​ធ្វេស​ប្រហែស​ចំពោះ​សេចក្ដី​ត្រូវការ​ផ្ទាល់​ខ្លួន​របស់​អ្នក និង​សេចក្ដី​ត្រូវការ​របស់​គ្រួសារ​អ្នក​ឡើយ ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ឲ្យ​រក្សា​បាន​នូវ​តុល្យភាព និង​បំពេញ​តាម​ការទទួល​ខុសត្រូវ​របស់​អ្នក ( សូមមើល ម៉ូសាយ ៤:២៧ ) ។

៤.១

គោលបំណង​នៃ​ភាព​ជា​អ្នក​ដឹកនាំ​នៅក្នុង​សាសនាចក្រ

ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ តាមរយៈ​ការប្រែ​ក្លាយជា « អ្នកដើរ​តាម​ដ៏ពិត​នៃ … ព្រះយេស៊ូវ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន ដំបូង ថ្នាក់​ដឹកនាំ​ខិតខំ​ដើម្បី​ក្លាយ​ជា​ពួក​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះអង្គ​សង្គ្រោះ​ជា​មុន​សិន ដោយ​ធ្វើ​តាម​ការ​បង្រៀន និង​គំរូ​របស់​ទ្រង់ ( សូមមើល លូកា ១៨:២២ ) ។ បន្ទាប់​មក ពួកគាត់​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ខិត​កាន់តែ​ជិត​ទៅ​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន ។ នៅក្នុង​ដំណើរការ​នៃ​ការជួយ​ដល់​មនុស្ស​ដទៃ ពួកគាត់​ខ្លួនឯង​បាន​ប្រែ​ក្លាយជា​សិស្ស​ដ៏កាន់តែ​ប្រសើរ ( សូមមើល ម៉ូសាយ ១៨:២៦; គោលលទ្ធិ និង សេចក្តី​សញ្ញា ៣១:៥ ) ។

ការធ្វើជា​សិស្ស​ស្មោះត្រង់​ម្នាក់ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ក្លាយជា​ពួកសិស្ស​ស្មោះត្រង់​គឺជា​គោលបំណង​នៅ​ពីក្រោយ​រាល់​ការហៅ​ទាំងអស់​ក្នុង​សាសនាចក្រ ។ ការហៅ​នីមួយៗ​រួមមាន​នូវ​ឱកាស​ដើម្បី​បម្រើ ដឹកនាំ ហើយ​ពង្រឹង​ដល់​មនុស្ស​ដទៃ ។

៤.២

គោលការណ៍​នៃ​ភាព​ជា​អ្នក​ដឹកនាំ​នៅក្នុង​សាសនាចក្រ

អំឡុង​ការងារបម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ព្រះអង្គ​សង្រ្គោះ​បាន​បង្ហាញ​គំរូ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះរាជបំណង​ដ៏​សំខាន់​របស់​ទ្រង់​គឺ​ការធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌​ទ្រង់ និង​ការជួយ​មនុស្ស​ដទៃ​ឲ្យ​យល់ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៥:៣០; ម៉ូសាយ ១៥:៧ ) ។ ទ្រង់​ស្រឡាញ់​មនុស្ស​ដែល​ទ្រង់​បាន​ដឹកនាំ ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​តាមរយៈ​ការបម្រើ​ដល់​ពួកគេ ( សូមមើល យ៉ូហាន ១៣:៣–៥ ) ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្កើន​សមត្ថភាព​របស់​មនុស្ស​ដទៃ តាមរយៈ​ការប្រទាន​ការទទួល​ខុសត្រូវ និង​ឱកាស​ឲ្យ​ពួកគេ​រីកចម្រើន ( សូមមើល ម៉ាថាយ ១០:៥–៨; យ៉ូហាន ១៤:១២ ) ។ ទ្រង់​បាន​លើក​ទឹក​ចិត្ត ហើយ​បាន​កែ​តម្រូវ​ដោយ​ភាព​ច្បាស់លាស់ និង​សេចក្ដី​ស្រឡាញ់ ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ឲ្យ​មនុស្ស​គ្រប់រូប​រៀនពី​ភារកិច្ច​របស់​ខ្លួន ហើយ​ឲ្យ​ប្រតិបត្តិ​ក្នុង​តំណែង​ដែល​ខ្លួន​ត្រូវបាន​តាំង​ឡើង ដោយ​សេចក្តី​ឧស្សាហ៍​គ្រប់ជំពូក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៩ ) ។ បន្ទូល​ទាំង​នេះ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​ទទួល​បាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បម្រើ ហើយ​ដឹកនាំ​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​ស្វែងរក​ការណែនាំ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន ហើយ​បំពេញ​តាម​កាតព្វកិច្ច​នៃ​ការហៅ​របស់​អ្នក ។ នៅ​ពេល​អ្នក​សិក្សា​បទគម្ពីរ សូម​រក​មើល​គោលការណ៍​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ និង​បាន​បង្រៀន ។ ការ​អនុវត្ត​គោលការណ៍​នៅ​ក្នុង​ជំពូក​នេះ​ក៏​នឹង​ជួយ​អ្នក ឲ្យ​ដឹកនាំ​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។

៤.២.១

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ព្រះយេស៊ូវ​បាន​រៀបចំ​ព្រះអង្គ​ផ្ទាល់​ខាង​វិញ្ញាណ​សម្រាប់​បេសកកម្ម​នៅលើ​ផែនដី​របស់​ទ្រង់ ( សូមមើល លូកា ៤:១–២ ) ។ ដូច​គ្នា​នេះ​ដែរ អ្នក​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ដោយ​ខិត​ទៅ​ជិត​នឹង​ព្រះវរបិតា​សួគ៌​តាមរយៈ​ការ​អធិស្ឋាន ការ​សិក្សា​បទគម្ពីរ និង​ការ​គោរព​ប្រតិបត្តិ​តាម​បទ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ការធ្វើ​តាម​ព្យាការី​របស់​ទ្រង់​ក៏​ជួយ​អ្នកឲ្យ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៤–៦ ) ។

សូម​ស្វែង​រក​វិវរណៈ​ដើម្បី​យល់​ដឹង​ពី​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ដែល​អ្នក​ដឹកនាំ និង​របៀប​បំពេញ​កិច្ចការ​ដែល​ព្រះ​បាន​ហៅ​ឲ្យ​អ្នក​ធ្វើ ។ តាមរយៈ​ការប្រឹងប្រែង​របស់​អ្នក​ដើម្បី​ខិត​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ អ្នក​អាច​ទទួល​បាន​ការណែនាំ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ និង​ការហៅ​ក្នុង​សាសនាចក្រ​របស់​អ្នក ។

ព្រះអម្ចាស់​ក៏​បាន​សន្យា​ផងដែរ​ថា ទ្រង់​នឹង​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​អ្នក​ដែល​ស្វែងរក​អំណោយទាន​ទាំងនោះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៨ ) ។ នៅពេល​អ្នក​អំពាវនាវ​ទៅរក​ព្រះវរបិតា​សួគ៌​ដោយ​រាបសា ដើម្បី​ទទួល​បាន​អំណោយទាន​ទាំងនេះ នោះ​ទ្រង់​នឹង​បង្កើន​លទ្ធភាព​របស់​អ្នក​ដើម្បី​ដឹកនាំ ហើយ​លើកស្ទួយ​ដល់​មនុស្ស​ដែល​អ្នក​បម្រើ ។

៤.២.២

ផ្ដល់​ការ​ងារ​បម្រើ​ដល់​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ

ព្រះយេស៊ូវ​បាន​ផ្ដល់​ការងារ​បម្រើ​ដោយ​ផ្ទាល់​ដល់​មនុស្ស​ទូទៅ ដោយ​ជួយ​លើក​ស្ទួយ ហើយ​បង្រៀន​មនុស្ស​ដែល​មាន​អារម្មណ៍​ឯកោ អស់​សង្ឃឹម ឬ​វង្វេង ។ តាមរយៈ​ព្រះបន្ទូល និង​ទង្វើ​របស់​ទ្រង់ ទ្រង់​បាន​បង្ហាញ​ដល់​មនុស្ស​ទូទៅ​ថា ទ្រង់​ស្រឡាញ់​ពួកគេ ។ ទ្រង់​បាន​ស្គាល់​ពី​និស្ស័យ​ជា​ព្រះ និង​តម្លៃ​ដ៏​អស់​កល្ប​របស់​បុគ្គល​ម្នាក់ៗ ។

សូម​ស្រឡាញ់​មនុស្ស​ដែល​អ្នក​បម្រើ​ដូចជា​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ។ សូម​អធិស្ឋាន « ដោយ​អស់​ពី​កម្លាំង​ចិត្ត » ដើម្បី​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ( មរ៉ូណៃ ៧:៤៨ ) ។ សូម​បង្កើត​ចំណង​មិត្តភាព​ដ៏​ស្មោះ ។ សូម​ជួយ​ដល់​មនុស្ស​ដែល​មាន​ភាព​ឯកោ ត្រូវការ​ការ​លួង​លោម​ចិត្ត ឬ​មាន​សេចក្ដី​ត្រូវការ​ផ្សេង​ទៀត ។ សេចក្ដី​ស្រឡាញ់​របស់​អ្នក​នឹង​ផ្ដល់​ពរ​ជ័យ​ដល់​ជីវិត​របស់​ពួកគេ ហើយ​ជួយ​មនុស្ស​ទូទៅ​ឲ្យ​មាន​បំណង​មក​រក​ព្រះគ្រីស្ទ ។

សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ពង្រឹង​ការប្រែចិត្ត​ជឿ និង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ជួយ​ពួកគេឲ្យ​រៀបចំខ្លួន​ចុះ​សេចក្ដី​សញ្ញា​នានា នៅ​ពេល​ពួកគេ​ទទួល​ពិធី​បរិសុទ្ធ​បន្ទាប់​ទៀត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា ដែល​ពួកគេ​បាន​ធ្វើ និង​ទទួល​យក​ពរជ័យ​នៃ​ការប្រែចិត្ត ។ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ពួកគេ​អាច​អភិវឌ្ឍ​ទៅមុខ​បាន ដើម្បី​បំពេញ​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ មិន​ថា​ពួកគេ​ជួប​នឹង​ឧបសគ្គ​យ៉ាងណា​នោះ​ទេ ។

៤.២.៣

បង្រៀន​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

ថ្នាក់​ដឹកនាំ​ទាំងអស់​គឺជា​​គ្រូបង្រៀន ។ សូម​ខិតខំ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ( សូមមើល ជំពូក​ទី ១៧; ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ) ។ តាមរយៈ​ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក សូម​បង្រៀន​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ( សូម​មើល នីហ្វៃ​ទី​៣ ១១:៣២–៣៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:១២–១៤ ) ។ ការ​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​បំផុស​គំនិត​មនុស្ស​ឲ្យ​ពង្រឹង​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ ហើយ​រស់​នៅ​តាម​ដំណឹងល្អ ដោយ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​លើសពី​ការនិយាយ​ទៅទៀត វា​រួមមាន​ការស្ដាប់ និង​ការសួរ​សំណួរ​តាម​របៀប​ដែល​ទ្រង់​បាន​ធ្វើ ( សូមមើល ម៉ាថាយ ១៦:១៣–១៧ ) ។

គ្រូបង្រៀន​ដ៏មាន​ប្រសិទ្ធភាព​ក៏ជា​អ្នករៀន​ដ៏​ឧស្សាហ៍​ផងដែរ ។ សូម​ធ្វើឲ្យ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ​ក្លាយជា​អាទិភាព​ចម្បង​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​យល់​ថា ការរៀនសូត្រ​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ សូម​ព្យាយាម​រៀន​ពី​មនុស្ស​ដទៃ រួមទាំង​មនុស្ស​ដែល​អ្នក​បង្រៀន​ផងដែរ ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១២២ ) ។

សូម​បង្រៀន​ចេញ​ពី​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៩ ) ។ សូម​ចងចាំ​ថា « ការ​ផ្សាយ​ព្រះ​បន្ទូល [ មាន ] … ប្រសិទ្ធ​ភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន​ជាង … អ្វី​ផ្សេងៗ​ទៀត » ( អាលម៉ា ៣១:៥ ) ។

សូម​ស្វែង​រក​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ នៅពេល​អ្នក​រៀបចំ​ខ្លួន និង​ពេល​អ្នកបង្រៀន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នាំយក​សេចក្ដីពិត​ទៅ​កាន់​ដួងចិត្ត និង​គំនិត​របស់​មនុស្ស​ដែល​អ្នក​បង្រៀន ( សូមមើល នីហ្វៃ​ទី​២ ៣៣:១ ) ។

សូម​បង្រៀន​សមាជិក​ឲ្យ​មាន​ការលះបង់​ដើម្បី​សិក្សា​ដំណឹងល្អ​ប្រកប​ដោយ​ការអធិស្ឋាន ទាំង​ក្នុង​ការសិក្សា​ផ្ទាល់ខ្លួន និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

ប្រសិនបើ​អ្នក​ត្រូវបាន​ហៅ ឬ​ចាត់តាំង​ឲ្យ​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ ឬ​សកម្មភាព​មួយ​ក្នុង​សាសនាចក្រ នោះ​សូម​ប្រាកដ​ថា ការបង្រៀន​នោះ​ជួយ​ស្អាង​សមាជិក និង​ត្រឹមត្រូវ​តាម​គោលលទ្ធិ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២១–២៣ ) ។

៤.២.៤

ធ្វើជា​អធិបតី​ដោយ​សេចក្ដី​សុចរិត

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា « មកពី​ការចាំបាច់​ទើប​មាន​ពួកប្រធាន ឬ​ពួក​អ្នក​កាន់​តំណែង​ត្រួតត្រា » នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២១ ) ។ អស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព​ធ្វើជា​អធិបតី​នៅក្នុង​ផ្នែក​នៃ​ការទទួល​ខុសត្រូវ​របស់​ពួកគាត់ ដូចជា​កូរ៉ុម ឬ​វួដ​ជាដើម ។

អង្គការ​ផ្សេងទៀត​នៅក្នុង​សាសនាចក្រ ដែល​រួមមាន​សមាគម​សង្គ្រោះ ក្រុម​យុវនារី អង្គការ​បឋម​សិក្សា និង​សាលា​ថ្ងៃអាទិត្យ ក៏​ត្រូវបាន​ដឹកនាំ​ដោយ​អ្នកកាន់​តំណែង​ជា​អធិបតី​ម្នាក់​ផងដែរ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ត្រូវបាន​ហៅ ញែកចេញ និង​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​ដោយ​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិតភាព ឬ​មនុស្ស​ម្នាក់​ដែល​គាត់​បាន​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ ( សូមមើល ៣.៤.៣ ) ។

អ្នកកាន់​តំណែង​ជា​អធិបតី​ម្នាក់ៗ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​បុគ្គល​ម្នាក់ ដែល​កាន់​កូនសោ​បព្វជិតភាព ( សូមមើល ៣.៤.១ ) ។ រចនា​សម្ព័ន្ធ​នេះ​ផ្ដល់​លំដាប់​លំដោយ ឬ​បន្ទាត់​ច្បាស់លាស់​នៃ​កិច្ចការ និង​ការទទួល​ខុសត្រូវ​នៅក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

អ្នកកាន់​តំណែង​ជា​អធិបតី​អាច​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​បុគ្គល​ម្នាក់​ទៀត ធ្វើជា​អធិបតី​លើ​ការចាត់តាំង​បណ្ដោះ​អាសន្ន​មួយ​បាន ។ ឧទាហរណ៍ ប្រសិនបើ​ប្រធាន​សមាគម​សង្គ្រោះ​នឹង​អវត្តមាន​ពី​ក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ​នៅ​ថ្ងៃ​អាទិត្យ នោះ​គាត់​ត្រូវ​ចាត់តាំង​ទីប្រឹក្សា​ទីមួយ​របស់​គាត់​ឲ្យ​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​នោះ ។ ប្រសិនបើ​ទីប្រឹក្សា​ទីមួយ​ក៏នឹង​អវត្តមាន​ដែរ នោះ​ប្រធាន​ត្រូវ​ចាត់តាំង​ទីប្រឹក្សា​ទីពីរ​របស់​គាត់​ឲ្យ​ធ្វើជា​អធិបតី ។

អ្នកដឹកនាំ​ដែល​ធ្វើជា​អធិបតី​នៅក្នុង​អង្គការ​សាសនាចក្រ ការប្រជុំ ឬ​សកម្មភាព​មួយ ធានា​ថា​នឹង​សម្រេច​បាន​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ការធ្វើ​ដូច្នេះ អ្នកដឹកនាំ​រូបនោះ​ធ្វើតាម​គោលការណ៍​នៃ​ដំណឹងល្អ គោលនយោបាយ​សាសនាចក្រ និង​នៅក្រោម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អ្នក​ដែល​ធ្វើជា​អធិបតី ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេល​បម្រើ​ដោយ​ភាពរាបសា ភាពស្លូតបូត និង​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ ( សូមមើល យ៉ូហាន ១៣:១៣–១៥ ) ។ ការហៅ ឬ​ការចាត់តាំង​មួយ​ដើម្បី​ធ្វើជា​អធិបតី​ពុំ​ធ្វើឲ្យ​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ការហៅ ឬ​ការចាត់តាំង​នោះ​សំខាន់ ឬ​មាន​តម្លៃ​ជាង​មនុស្ស​ដទៃ​នោះទេ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១០៩–១០ ) ។

ប្រសិនបើ​អ្នក​ត្រូវបាន​ហៅ ឬ​បាន​ចាត់តាំង​ឲ្យ​ធ្វើជា​អធិបតី សូម​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ថា « អ្នកណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នករាល់គ្នា​វិញ​ដែរ » ( ម៉ាថាយ ២០:២៧; សូមមើល​ផងដែរ ខ​ទី ២៦–២៨ ) ។ សូម​ប្រឹក្សា​ជាមួយ​អ្នកដទៃ ហើយ​ព្យាយាម​មាន​សាមគ្គីភាព​ជាមួយ​គ្នា​ដើម្បី​យល់ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​ការធ្វើ​កិច្ចការ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:២; សូមមើល​ផងដែរ ៤.៤ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

វា​មិនមែន​ជា​រឿង​ប្រកប​ដោយ​ប្រាជ្ញា​នោះឡើយ ដើម្បី​ប្រាថ្នា​ធ្វើជា​អធិបតី​នៅក្នុង​អង្គការ​ណាមួយ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៧ ) ។ ផ្ទុយ​ទៅ​វិញ សូម​បម្រើ​ដោយ​រាបសា និង​ស្មោះត្រង់​នៅ​ក្នុង​តួនាទី​ដែល​អ្នក​ត្រូវ​បាន​ហៅ ។ សូម​ខិតខំ​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ដោយ​ភ្នែក​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៥ ) ។ សូម​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ឱកាស​ឲ្យ​អ្នក​រីកចម្រើន និង​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​ទាំងអស់ ។

រូបភាព
ការប្រជុំ​ក្នុង​វួដ

៤.២.៥

បែងចែក​កិច្ចការ និង​ធានា​ថា​មាន​ការទទួល​ខុសត្រូវ

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ការចាត់តាំង និង​ការទទួល​ខុសត្រូវ​ដ៏​មាន​អត្ថន័យ​ដល់​ពួកសិស្ស​របស់​ទ្រង់ ( សូមមើល លូកា ១០:១ ) ។ ទ្រង់​ក៏​បាន​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​លើ​កិច្ចការ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ​ធ្វើ​ផងដែរ ( សូមមើល លូកា ៩:១០ ) ។

ក្នុង​នាមជា​អ្នកដឹកនាំ​ម្នាក់ អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​រីកចម្រើន​បាន​តាមរយៈ​ការបែងចែក​ការចាត់តាំង​ដល់​ពួកគេ ។ តាមរយៈ​ការធ្វើ​ដូច្នេះ អ្នក​ក៏នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ពរជ័យ​ដែល​កើត​ចេញពី​ការបម្រើ​ផងដែរ ។ សូម​ខិតខំ​ធ្វើឲ្យ​សមាជិក​គ្រប់រូប​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ ។

ការបែងចែក​កិច្ចការ​នឹង​ធ្វើឲ្យ​ការបម្រើ​របស់​អ្នក​កាន់តែ​មាន​ប្រសិទ្ធភាព ។ ប្រសិន​បើ​អ្នក​ព្យាយាម​ធ្វើ​ច្រើន​ពេក នោះ​អ្នក​នឹង « ថយ​កម្លាំង » ( និក្ខមនំ ១៨:១៨ ) ។ សូម​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​អំពី​កិច្ចការ​ដែល​ត្រូវ​បែង​ចែក ដើម្បី​អ្នក​អាច​ផ្ដោត​លើ​អាទិភាព​ដ៏ខ្ពស់​បំផុត​របស់​អ្នក ។

ការ​បែង​ចែក​កិច្ចការ​គឺ​លើស​ពី​ការ​ចាត់​តាំង​មួយ​ទៅ​ទៀត ។ វា​ក៏​រួម​បញ្ចូល​ទាំង​ការបង្រៀន និង​ការទុកចិត្ត​មនុស្ស​ម្នាក់​ទៀត​ឲ្យ​បំពេញ​ការចាត់តាំង​នោះ​ផងដែរ ។ ជាធម្មតា វា​រួម​បញ្ចូល​នូវ​កត្តា​ដូច​តទៅ​នេះ ៖

  • ជួប​ជាមួយ​នឹង​បុគ្គល​នោះ​ដើម្បី​អញ្ជើញ​គាត់ ឬ​នាង​ឲ្យ​បម្រើ​ព្រះអម្ចាស់​នៅក្នុង​ការចាត់តាំង​មួយ ។ ជួយ​បុគ្គល​នោះ​ឲ្យ​យល់ពី​ការចាត់តាំង និង​គោលបំណង​នៃ​ការចាត់តាំង​នោះ រួមទាំង​របៀប​ដែល​ការបម្រើ​របស់​គាត់ ឬ​នាង​នឹង​ផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ ។

  • ប្រឹក្សា​ជាមួយគ្នា​អំពី​ការចាត់តាំង​នោះ នរណា​ទៀត​ដែល​អាច​ពាក់ព័ន្ធ និង​ពេល​ដែល​វា​គួរតែ​បញ្ចប់ ។ ត្រូវ​ធានា​ថា បុគ្គល​នោះ​យល់ ហើយ​ទទួល​យក​ការ​ចាត់​តាំង​នោះ​ដោយ​ស្ម័គ្រ​ចិត្ត ។ បង្ហាញ​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​គាត់ ឬ​នាង ។

  • លើក​ទឹកចិត្ត​បុគ្គល​នោះ​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​អំពី​របៀប​ដើម្បី​បំពេញ​ការចាត់តាំង​នោះ ។ បង្ហាញ​ការទុកចិត្ត​របស់​អ្នក និង​ជួយ​បុគ្គល​នោះ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ ផ្ដល់​ការដឹកនាំ និង​ការគាំទ្រ​តាម​ការចាំបាច់ ។

  • សូម​ឲ្យ​បុគ្គល​នោះ​រាយការណ៍​អំពី​ការចាត់តាំង​ម្ដងម្កាល ។ ទទួល​យក​ការ​ប្រឹង​ប្រែង​ដ៏​ល្អ​បំផុត​របស់​បុគ្គល​នោះ ហើយ​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​អ្វី​ដែល​គាត់ ឬ​នាង​បាន​ធ្វើ ។

៤.២.៦

រៀបចំ​មនុស្ស​ដទៃ​ឲ្យ​ក្លាយ​ជា​ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន

ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​ពួក​សាវក​របស់​ទ្រង់​ឲ្យ​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ដូច​គ្នា​នេះ​ដែរ អ្នក​ជួយ​មនុស្ស​ដទៃ​ឲ្យ​រៀបចំ​ខ្លួន​ក្លាយ​ជា​ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន ។ កិច្ចការ​របស់​ព្រះអម្ចាស់​ផ្ដោត​ទៅលើ​ការជួយ​មនុស្ស​ទូទៅ មិន​មែន​គ្រាន់តែ​ចាត់ចែង​កម្មវិធី​ក្នុង​សាសនាចក្រ​នោះទេ ។ កម្មវិធី​ទាំងនេះ​មិន​មាន​តម្លៃ​នោះទេ បើ​មនុស្ស​មិន​ចូលរួម​ចំណែក និង​យក​មក​អនុវត្ត​ទេ​នោះ ។ កម្មវិធី​ទាំងនេះ​មាន​ឡើង​ដើម្បី​ជួយ​មនុស្ស​ឲ្យ​រីកចម្រើន ។

នៅពេល​ពិចារណា​ពី​មនុស្ស​ដែល​អាច​បម្រើ​នៅក្នុង​ការហៅ ឬ​ការចាត់តាំង​នៅក្នុង​សាសនាចក្រ សូម​ធ្វើការ​អធិស្ឋាន ។ សូម​ចាំ​ថា ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ហៅ​សម​នឹង​កិច្ចការ​នោះ ។ អ្វី​ដែល​សំខាន់​បំផុត​គឺថា ពួកគេ​យល់​ព្រម​បម្រើ ពួកគេ​នឹង​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់​ដោយ​រាបសា ហើយ​ខិតខំ​ធ្វើ​ខ្លួន​ឲ្យ​មាន​ភាព​ស័ក្ដិសម ។ ការ​ហៅ និង​ការ​ចាត់​តាំង​អាច​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន តាមរយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ ខិតខំ​ធ្វើ​ការ ហើយ​ទទួល​អារម្មណ៍​ថា ព្រះ​កំពុង​ស្អាង​ការ​ប្រឹង​ប្រែង​របស់​ពួកគេ ។ សូម​ផ្ដល់​ការណែនាំ និង​ជំនួយ​ដល់​យុវវ័យ សមាជិក​ថ្មី និង​មនុស្ស​ដទៃ​ទៀត​ដែល​អាច​ត្រូវការ​ការគាំទ្រ​បន្ថែម​ទៀត​នៅក្នុង​ការបំពេញ​តាម​ការហៅ​របស់​ពួកគេ ។

ពេលខ្លះ បុគ្គល​ដដែល​ត្រូវបាន​ហៅ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​កាន់​តួនាទី​ជា​ថ្នាក់ដឹកនាំ ។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មាន​បន្ទុក​ច្រើន ហើយ​ដក​យក​ឱកាស​ចេញ​ពី​មនុស្ស​ដទៃ​ទៀត ។ សូម​ខិតខំ​ផ្ដល់​ឱកាស​បម្រើ និង​រីកចម្រើន​ដល់​សមាជិក​គ្រប់​រូប ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការហៅ​នៅក្នុង​សាសនាចក្រ សូមមើល ជំពូក​ទី ៣០ ។

៤.២.៧

ដាក់​ផែនការ​សម្រាប់​ការ​ប្រជុំ មេរៀន និង​សកម្មភាព​ដោយ​មាន​គោលបំណង​ច្បាស់​លាស់

សូម​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះវិញ្ញាណ​នៅ​ក្នុង​ការ​ដាក់​ផែនការ​សម្រាប់​ការ​ប្រជុំ មេរៀន និង​សកម្មភាព​ដោយ​មាន​គោលបំណង​ច្បាស់​លាស់ ។ គោលបំណង​ទាំង​នេះ​គួរ​តែ​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ នាំ​ពួកគេ​ឲ្យខិត​ទៅ​ជិត​ព្រះគ្រីស្ទ ហើយ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​របស់​ព្រះ ( សូមមើល ជំពូក​ទី ១ និង  ) ។ នៅពេល​ដាក់​ផែនការ សូម​ធ្វើ​តាម​គោលការណ៍​នៅក្នុង ជំពូក​ទី ២០ និង ២៩ ។

សូម​ដាក់​ផែនការ​រយៈពេល​វែង​សម្រាប់​អង្គការ​របស់​អ្នក ។ សូម​រក្សា​ប្រតិទិន​ប្រចាំ​ឆ្នាំ ។ សូម​ផ្ដោត​លើ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រីក​ចម្រើន​ខាង​វិញ្ញាណ​របស់​សមាជិក ។

៤.២.៨

ការវាយតម្លៃ​កិច្ចខិតខំ​របស់អ្នក

សូម​ពិនិត្យ​មើល​ការ​ទទួល​ខុស​ត្រូវ និង​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ឲ្យ​បាន​ទៀង​ទាត់ ។ សូម​ពិចារណា​ផង​ដែរ​ពី​ការ​រីកចម្រើន​របស់​មនុស្ស​ដែល​អ្នក​ដឹកនាំ ។ អង្គភាព កូរ៉ុម​បព្វជិតភាព និង​ថ្នាក់ដឹកនាំ​អង្គការ​ផ្សេងទៀត​អាច​ពិនិត្យ​មើល សូចនាករ​សំខាន់ៗ របាយការណ៍​ប្រចាំ​ត្រីមាស និង​របាយការណ៍​ផ្សេងទៀត​នៅក្នុង ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ដើម្បី​ឃើញ​ពី​កន្លែង​ដែល​បាន​រីកចម្រើន និង​កន្លែង​ត្រូវ​ខិតខំ​ឲ្យមាន​ការរីក​ចម្រើន ។

ភាព​ជោគជ័យ​របស់​អ្នក​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ ត្រូវ​បាន​វាស់​វែង​ជា​ចម្បង​ដោយ​ការ​តាំង​ចិត្ត​របស់​អ្នក ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​ក្លាយ​ជា​ពួក​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ជ្រើស​រើស នោះ​ពួកគេ​មួយ​ចំនួន​អាច​ជ្រើស​រើស​ដើរ​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ ពេលខ្លះ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត ប៉ុន្តែ​នៅ​ពេល​អ្នក​ងាក​ទៅ​រក​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​លើកស្ទួយ​អ្នក​ឡើង ហើយ​លួង​លោម​អ្នក ( សូមមើល អាលម៉ា ២៦:២៧ ) ។ អ្នក​អាច​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​រីករាយ​ចំពោះ​ការប្រឹងប្រែង​របស់​អ្នក នៅពេល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​កំពុង​ធ្វើ​កិច្ចការ​តាមរយៈ​អ្នក ។

៤.៣

ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ

ព្រះវរបិតា​សួគ៌​បាន​បង្កើត​ក្រុមប្រឹក្សា​ឡើង​ទុក​ជា​ផ្នែក​ដ៏សំខាន់​មួយ​ដើម្បី​ទទួល​បាន​ការបំផុស​គំនិត ការធ្វើ​ការសម្រេច​ចិត្ត និង​ការសម្រេច​បាន​កិច្ចការ​របស់​ទ្រង់ ។ ក្រុមប្រឹក្សា​បាន​មាន​រួចហើយ មុនពេល​ពិភពលោក​នេះ​ត្រូវបាន​បង្កើត​ឡើង ។ ពួកយើង​ម្នាក់ៗ​បាន​ចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​ទាំងនេះ មុនពេល​យើង​មកកាន់​ផែនដី ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៣២; អ័ប្រាហាំ ៣:២២–២៨ ) ។

ដោយ​ធ្វើតាម​គន្លង​នេះ នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​នៅ​គ្រប់​កម្រិត​ទាំងអស់ ។ ឧទាហរណ៍ ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ( សូមមើល ៥.១.១.១ ) គណៈប្រធាន​តំបន់ ( សូមមើល ៥.២.១ ) គណៈប្រធាន​ស្ដេក និង​គណៈប៊ីស្សព​គឺជា​ក្រុមប្រឹក្សា​ទាំងអស់ ។ បន្ថែម​ទៅលើ​ក្រុមប្រឹក្សា​ស្ដេក និង​វួដ គណៈប្រធាន​នីមួយៗ​នៃ​អង្គការ​សាសនាចក្រ កូរ៉ុម ឬ​ថ្នាក់រៀន​ទាំងឡាយ​ក៏ជា​ក្រុមប្រឹក្សា​ដែរ ។

ព្រះអម្ចាស់​បាន​ណែនាំ​ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​របស់​ទ្រង់​ឲ្យ​ប្រឹក្សា​ជាមួយ​គ្នា​ពេល​ធ្វើ​កិច្ចការ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:២–៣ ) ។ ក្រុមប្រឹក្សា​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ទទួល​បាន​វិវរណៈ នៅពេល​ពួកគេ​ខិតខំ​យល់ពី​តម្រូវការ​របស់​បុត្រា​បុត្រី​របស់​ព្រះ និង​ដាក់​ផែនការ​ពី​របៀប​ជួយ​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។

រូបភាព
បុរស​ពីរ​នាក់​កំពុង​និយាយគ្នា

៤.៤

គោលការណ៍​នៃ​ក្រុមប្រឹក្សា​ដែល​មាន​ប្រសិទ្ធភាព

គោលការណ៍​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​ដែល​មាន​ប្រសិទ្ធភាព​មាន​ចែង​នៅក្នុង​វគ្គ​នេះ ។ គោលការណ៍​ទាំងនេះ​អាច​ជួយ​ដល់​ថ្នាក់ដឹកនាំ​នៅក្នុង​ក្រុមប្រឹក្សា​សាសនាចក្រ ក៏ដូចជា​ឪពុក​ម្ដាយ​នៅក្នុង​ក្រុមប្រឹក្សា​គ្រួសារ​របស់​ពួកគេ​ផងដែរ ។

៤.៤.១

គោលបំណង​របស់​ក្រុមប្រឹក្សា

គោលបំណង​ចម្បង​របស់​ក្រុមប្រឹក្សា​គឺ​ដើម្បី​ជួយ​សមាជិក​ឲ្យ​ធ្វើការ​រួមគ្នា ក្នុង​ការស្វែងរក​ការណែនាំ​ដ៏​ទេវភាព​អំពី​កិច្ចការ​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៨–៩ ) ។ ក្រុមប្រឹក្សា​សង្កត់​ធ្ងន់​ជាពិសេស​ទៅលើ​ការជួយ​សមាជិក​ឲ្យ​ទទួល​បាន​ពិធីបរិសុទ្ធ និង​រក្សា​សេចក្ដីសញ្ញា​ដែល​ទាក់ទង​ទាំងនោះ ។ សមាជិក​ក្រុមប្រឹក្សា​ក៏ព្យាយាម​ទទួល​បាន​ការបំផុស​គំនិត​អំពី​ការដាក់​ផែនការ និង​ការសម្រប​សម្រួល​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ផ្នែក​នៃ​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ផងដែរ ។

ធុរកិច្ច​ផ្នែក​រដ្ឋបាល​មួយ​ចំនួន ដូចជា​ការដាក់​កាលវិភាគ អាច​មិន​តម្រូវ​ឲ្យ​មាន​ការពិភាក្សា​នៅក្នុង​មជ្ឈដ្ឋាន​ក្រុមប្រឹក្សា​នោះទេ ។ កិច្ចការ​នេះ​ភាគច្រើន​អាច​ដោះស្រាយ​បាន​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​គ្នា​មុនពេល និង​ក្រោយពី​ប្រជុំ ។

សមាជិក​ក្រុមប្រឹក្សា​ផ្ដល់​ការយកចិត្ត​ទុកដាក់​ជាពិសេស​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ដែល​មាន​តម្រូវការ​ជាបន្ទាន់ ។ ក្រុមប្រឹក្សា​ជួយ​សម្រប​សម្រួល​ក្នុង​ការផ្ដល់​ជំនួយ ។ សម្រាប់​ព័ត៌មាន​ស្ដីពី​តម្រូវការ​ទាំងនេះ​មួយ​ចំនួន ព្រមទាំង​ធនធាន​ដើម្បី​យល់ដឹង និង​ផ្ដល់​ជំនួយ សូមមើល ជួយ​ដល់​ជីវិត នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

៤.៤.២

ការរៀបចំ​សម្រាប់​ការប្រជុំ​ក្រុមប្រឹក្សា

គណៈប្រធាន និង​ក្រុមប្រឹក្សា​ត្រូវ​ជួបគ្នា​ជាប្រចាំ ។ រាល់​គណៈប្រធាន និង​ក្រុមប្រឹក្សា​នីមួយៗ​មាន​អ្នកដឹកនាំ​ម្នាក់ ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ និង​ញែកចេញ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ខិតខំ​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់​ពេល​ដាក់​ផែនការ​ការប្រជុំ​ក្រុមប្រឹក្សា ។ ពួកគាត់​ក៏​ខ្នះខ្នែង​ឲ្យមាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​នៅក្នុង​ការសម្រេច​ចិត្ត​ពី​អ្វី​ដែល​ត្រូវ​ពិភាក្សា​ផងដែរ ។

ថ្នាក់ដឹកនាំ​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ដឹង​ពី​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​ជាមុន ។ សមាជិក​ក្រុមប្រឹក្សា​រៀបចំ​ចែកចាយ​ការយល់ដឹង​អំពី​បញ្ហា​ទាំងនេះ ។ សម្រាប់​ក្រុមប្រឹក្សា​វួដ និង​ស្ដេក ការរៀបចំ​ភាគច្រើន​កើតឡើង​នៅក្នុង​ការប្រជុំ​គណៈប្រធាន ។

សមាជិក​ក្រុមប្រឹក្សា​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ដើម្បី​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា ។ ពួកគាត់​ព្យាយាម​ដើម្បី​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។

៤.៤.៣

ការពិភាក្សា និង​សេចក្ដី​សម្រេច

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ឲ្យ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ ប្រយោជន៍​កាលណា​ទាំងអស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំងអស់​បាន​ស្អាងឡើង​ទាំងអស់​គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់រូប​អាច​បាន​សិទ្ធិ​ស្មើគ្នា » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២២ ) ។ គោលការណ៍​នេះ​ក៏អនុវត្ត​ចំពោះ​ក្រុមប្រឹក្សា​ក្នុង​សាសនាចក្រ​ផងដែរ ។

អំឡុង​ការប្រជុំ​ក្រុមប្រឹក្សា អ្នកដឹកនាំ ( ឬ​នរណាម្នាក់​ដែល​អ្នកដឹកនាំ​ចាត់តាំង ) ពន្យល់​ពី​បញ្ហា​ដែល​ត្រូវ​ពិចារណា​នោះ ។ បន្ទាប់មក អ្នកដឹកនាំ​នោះ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​នៅក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ដោយ​ការសួរ​សំណួរ និង​ការប្រមូល​គំនិត​យោបល់​នានា ។

អ្នកដឹកនាំ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​និយាយ​ដោយ​បើកចំហ និង​ដោយ​ស្មោះត្រង់ ។ ប្រវត្តិ អាយុ បទពិសោធន៍ និង​ទស្សនៈ​ផ្សេងគ្នា​របស់​សមាជិក​ក្រុមប្រឹក្សា​ធ្វើឲ្យ​ក្រុមប្រឹក្សា​កាន់តែ​រីកចម្រើន ។ សមាជិក​ចែកចាយ​យោបល់ និង​ស្តាប់គ្នា​ទៅវិញទៅមក​ដោយ​ការគោរព ។ នៅពេល​ពួកគេ​ព្យាយាម​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ នោះ​វិញ្ញាណ​នៃ​ការបំផុស​គំនិត និង​សាមគ្គីភាព​អាច​នឹង​មាន​វត្តមាន ។

នៅក្នុង​ក្រុមប្រឹក្សា​មួយ​ដែល​មាន​ស្ដ្រី និង​បុរស នោះ​អ្នកដឹកនាំ​ខិតខំ​ទទួល​បាន​ការយល់ដឹង និង​យោបល់​មកពី​ភាគី​ទាំងពីរ ។ ជារឿយៗ ស្ដ្រី និង​បុរស​មាន​ទស្សនវិស័យ​ខុសគ្នា ដែល​ផ្ដល់​តុល្យភាព​ដ៏ចាំបាច់​មួយ ។ បុរស និង​ស្ដ្រី​ធ្វើការ​សម្រេច​ចិត្ត​បាន​ល្អ​ប្រសើរ និង​មាន​ជោគជ័យ​កាន់តែ​ខ្លាំង​នៅក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់ នៅពេល​ពួកគេ​ឲ្យ​តម្លៃ​លើ​ការរួម​ចំណែក​របស់​គ្នា​ទៅវិញ​ទៅមក និង​ធ្វើការ​ជាមួយ​គ្នា ។

អ្នកដឹកនាំ​ដឹកនាំ​ការពិភាក្សា​នៅក្នុង​ក្រុមប្រឹក្សា ។ ប៉ុន្ដែ​គាត់ ឬ​នាង​គួរតែ​ស្ដាប់​ច្រើន​ជាង​និយាយ ។ នៅពេល​អ្នកដឹកនាំ​ក្រុមប្រឹក្សា​ចែកចាយ​ទស្សនវិស័យ​របស់​គាត់ ឬ​នាង​លឿន​ពេក នោះ​វា​អាច​រារាំង​ការរួម​ចំណែក​ពី​អ្នកដទៃ ។ នៅពេល​ចាំបាច់ អ្នកដឹកនាំ​ក្រុមប្រឹក្សា​ជួយ​នាំ ឬ​ផ្ដោត​ការពិភាក្សា​ទៅកាន់​ទិសដៅ​ត្រឹមត្រូវ​ដោយ​គួរសម ។

បន្ទាប់ពី​ការពិភាក្សា​ហើយ អ្នកដឹកនាំ​អាច​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​បែប​ណាមួយ ឬ​ក៏​ពន្យារ​ពេល​សម្រេច​ចិត្ត​សិន ដើម្បី​យកពេល​ទៅ​ស្វែងរក​ព័ត៌មាន និង​ការណែនាំ​បន្ថែម​ទៀត ។ ការសម្រេច​ចិត្ត​នេះ​គួរតែ​ផ្អែក​ទៅលើ​ការពិភាក្សា និង​បាន​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ ។ នីតិវីធី​នៃ​ក្រុមប្រឹក្សា​ជួយ​នាំ​ឲ្យ​មាន​ការសម្រេច​ចិត្ត​ដ៏បំផុស​គំនិត ដែល​មាន​ហួសពី​សុភវិនិច្ឆ័យ​ដ៏ល្អ​បំផុត​របស់​អ្នកដឹកនាំ​នោះ​ផ្ទាល់​ទៅទៀត ។ អ្នកដឹកនាំ​ក៏អាច​ប្រាប់​បញ្ហា​នោះ​ទៅឲ្យ​ក្រុមប្រឹក្សា​ផ្សេងទៀត​ផងដែរ ។

ពេលខ្លះ សមាជិក​ក្រុមប្រឹក្សា​អាច​មាន​អារម្មណ៍​មិន​យល់ស្រប​អំពី​ការសម្រេច​ចិត្ត​ដ៏សំខាន់​មួយ ។ នៅពេល​រឿង​នេះ​កើតឡើង នោះ​អ្នកដឹកនាំ​អាច​រង់ចាំ​ដើម្បី​ធ្វើ​ការប្រជុំ​ម្ដងទៀត ដើម្បី​ពិចារណា​ពី​បញ្ហា​នេះ​កាន់តែ​ខ្លាំង និង​ស្វែងរក​ការបញ្ជាក់​ខាង​វិញ្ញាណ និង​សាមគ្គីភាព ។ នៅក្នុង​ករណី​ខ្លះ សមាជិក​ក្រុមប្រឹក្សា​ម្នាក់​អាច​ចង់​ជួប​ជាមួយ​នឹង​អ្នកដឹកនាំ​នោះ​មួយ​ទល់​មួយ ដើម្បី​ពិភាក្សា​អំពី​កង្វល់​របស់​គាត់ ឬ​នាង ។

៤.៤.៤

សាមគ្គីភាព

ព្រះអម្ចាស់​បាន​ណែនាំ​ពួកសិស្ស​របស់​ទ្រង់​ឲ្យ « រួមគ្នា​តែមួយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៧ ) ។ សមាជិក​ក្រុមប្រឹក្សា​ខិតខំ​ដើម្បី​មាន​បំណង​ប្រាថ្នា និង​គោលបំណង​តែមួយ​ដូចគ្នា​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ពួកគាត់​ខិតខំ​មាន​សាមគ្គីភាព​នៅក្នុង​ការពិភាក្សា និង​សេចក្ដី​សម្រេច​របស់​ពួកគាត់ ។ ពួកគាត់​ក៏​ខិតខំ​ដើម្បី « មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ » នៅពេល​ពួកគាត់​ធ្វើការ​ជាមួយ​គ្នា​ផងដែរ ( ម៉ូសេ ៧:១៨ ) ។

សមាជិក​ក្រុមប្រឹក្សា​គួរតែ​ចៀសវាង​ការទាស់ទែង​គ្នា ការវិនិច្ឆ័យ​គ្នា​ដោយ​មិន​សុចរិត និង​ការនិយាយ​ដើម​គ្នា ( សូមមើល នីហ្វៃ​ទី​៣ ១១:២៨–៣០ ) ។ នៅពេល​ពួកគាត់​ធ្វើ​សកម្មភាព​ប្រកប​ដោយ​សាមគ្គីភាព នោះ​ព្រះវរបិតា​សួគ៌​នឹង​ប្រទានពរ​ដល់​ការខិតខំ​របស់​ពួកគាត់ ។

៤.៤.៥

សកម្មភាព និង​ការទទួល​ខុសត្រូវ

សមាជិក​ក្រុមប្រឹក្សា​ធ្វើ​កិច្ចការ​របស់​ពួកគាត់​ភាគច្រើន​នៅមុន និង​នៅក្រោយ​ការប្រជុំ​ក្រុមប្រឹក្សា ។ អំឡុង​ការប្រជុំ​ទាំងនេះ ពួកគាត់​ព្យាយាម​ទទួល​បាន​ការបំផុស​គំនិត នៅពេល​បង្កើត​ផែនការ​ដើម្បី​អនុម័ត​តាម​សេចក្ដី​សម្រេច​នានា ។ អ្នកដឹកនាំ​ក្រុមប្រឹក្សា​អញ្ជើញ​សមាជិក​ឲ្យ​បំពេញ​តាម​ការចាត់តាំង​នានា ដែល​ទាក់ទង​នឹង​ផែនការ​ទាំងនេះ ។ ជាធម្មតា សមាជិក​ក្រុមប្រឹក្សា​អញ្ជើញ​អ្នកដទៃ​នៅក្នុង​អង្គការ​របស់​ពួកគាត់​ឲ្យ​មក​ជួយ ។ បុគ្គល​ទាំងឡាយ​មិន​គួរមាន​បន្ទុក​ច្រើន​ពេក​នៅក្នុង​ការចាត់តាំង​នោះឡើយ ។

សមាជិក​ក្រុមប្រឹក្សា​រាយការណ៍​អំពី​ការចាត់តាំង​របស់​ពួកគាត់ ។ ជាធម្មតា ការរីកចម្រើន​តម្រូវ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ជាបន្ដ​បន្ទាប់ និង​ការសួរ​នាំ​ដល់​ការចាត់តាំង ។

៤.៤.៦

ភាពសម្ងាត់

យើង​ត្រូវតែ​មាន​ការគោរព​ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ទាំងអស់ ។ ថ្នាក់ដឹកនាំ​ប្រើ​ឆន្ទានុសិទ្ធិ នៅពេល​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាមួយ​នឹង​ក្រុមប្រឹក្សា ។ ជាទូទៅ ពួកគាត់​ត្រូវ​ទទួល​បាន​ការអនុញ្ញាត​ពី​សមាជិក​ដើម្បី​ចែកចាយ​ព័ត៌មាន​នេះ ។

ក្រុមប្រឹក្សា​គោរព​ដល់​បំណង​ប្រាថ្នា​របស់​អ្នក​ដែល​ធ្វើការ​ស្នើសុំ​ភាពសម្ងាត់ ។ សមាជិក​ក្រុមប្រឹក្សា​មិន​គួរ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​នៅក្រៅ​ក្រុមប្រឹក្សា​ឡើយ លុះត្រាតែ​វា​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ដើម្បី​បំពេញ​ការចាត់តាំង​មកពី​អ្នកដឹកនាំ​ក្រុមប្រឹក្សា ។

បញ្ហា​មួយ​ចំនួន​មាន​ភាពរសើប​ខ្លាំង​ណាស់ ពេល​យក​មក​ពិភាក្សា​នៅមុខ​អង្គ​ប្រជុំ​ក្រុមប្រឹក្សា​ទាំងមូល ។ ថ្នាក់ដឹកនាំ​ពិនិត្យ​មើល​បញ្ហា​ទាំងនេះ​ជាមួយ​នឹង​សមាជិក​ម្នាក់ៗ​នៃ​ក្រុមប្រឹក្សា​តាម​ការគួរ ។ ឬ​ពួកគាត់​អាច​ប្រាប់​បញ្ហា​មួយ​ចំនួន​ទៅឲ្យ​ក្រុមប្រឹក្សា​ផ្សេង​ពីនេះ ។