« ៣៨. គោលនយោបាយ និងគោលការណ៍ណែនាំរបស់សាសនាចក្រ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ៣៨. គោលនយោបាយ និងគោលការណ៍ណែនាំរបស់សាសនាចក្រ » ក្បួនខ្នាតទូទៅ ។
៣៨.
គោលនយោបាយ និងគោលការណ៍ណែនាំរបស់សាសនាចក្រ
៣៨.១
ការចូលរួមរបស់សាសនាចក្រ
ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ។ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះ » ហើយទ្រង់អញ្ជើញមនុស្សទាំងអស់ « ឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ » ( នីហ្វៃទី២ ២៦:៣៣ ) ។
ជារឿយៗ ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រត្រូវបានគេសួរថា តើនរណាអាចចូលរួមក្នុងការប្រជុំរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបាន នរណាអាចក្លាយជាសមាជិកសាសនាចក្របាន ហើយនរណាអាចចូលក្នុងព្រះវិហារបរិសុទ្ធបាន ។
៣៨.១.១
វត្តមាននៅឯការប្រជុំសាសនាចក្រ
ព្រះអង្គសង្គ្រោះបានបង្រៀនថា ពួកសិស្សរបស់ទ្រង់គប្បីស្រឡាញ់អ្នកជិតខាងរបស់ពួកគេ ( សូមមើល ម៉ាថាយ ២២:៣៩ ) ។ ប៉ុលបានអញ្ជើញពួកអ្នកផ្លាស់ប្រែចិត្តជឿថ្មីថា « អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែមួយនឹងពួកបរិសុទ្ធ » ( អេភេសូរ ២:១៩ ) ។ ព្រះអង្គសង្គ្រោះក៏បានបង្រៀនផងដែរថា សមាជិកសាសនាចក្រមិនត្រូវ « បណ្ដេញជនណាមួយចេញពី … ការប្រជុំទូទៅដែលត្រូវធ្វើនៅចំពោះពិភពលោកឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៣ ) ។
មនុស្សទាំងអស់គ្នាត្រូវបានស្វាគមន៍ឲ្យចូលរួមការប្រជុំសាក្រាម៉ង់ ការប្រជុំថ្ងៃអាទិត្យផ្សេងៗទៀត ក៏ដូចជាព្រឹត្តិការណ៍ខាងសង្គមនានារបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ ។ អ្នកកាន់តំណែងជាអធិបតីមានការទទួលខុសត្រូវក្នុងការធ្វើឲ្យប្រាកដថា មនុស្សទាំងអស់ដែលចូលរួមមានការគោរពដល់ការកំណត់ដ៏ពិសិដ្ឋនោះ ។
អស់អ្នកដែលចូលរួមគួរតែចៀសវាងការរំខានដែលផ្ទុយពីការថ្វាយបង្គំ ឬគោលបំណងផ្សេងៗទៀតនៃការប្រជុំនោះ ។ មានតម្រូវការតាមអាយុ និងឥរិយាបថនៃការប្រជុំ និងព្រឹត្តិការណ៍របស់សាសនាចក្រផ្សេងៗទៀត គួរតែត្រូវបានគោរពតាម ។ ការណ៍នោះតម្រូវឲ្យមានការចៀសវាងពីការបង្ហាញនូវឥរិយាបថស្និទ្ធស្នាលផ្អែមល្ហែមហួសប្រមាណ និងពីការស្លៀកពាក់ ឬការតុបតែងខ្លួនដែលបណ្ដាលឲ្យមានការរំខាន ។ វាក៏ហាមឃាត់មិនឲ្យមានការថ្លែងដែលទាក់ទងនឹងនយោបាយ ឬការនិយាយណែនាំអំពីទំនាក់ទំនងផ្លូវភេទ ឬអំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនផ្សេងទៀត នៅក្នុងរបៀបមួយដែលរារាំងដល់ការប្រជុំដែលផ្ដោតលើព្រះអង្គសង្គ្រោះផងដែរ ។
ប្រសិនបើមានឥរិយាបថមិនសមរម្យ នោះប៊ីស្សព ឬប្រធានស្ដេកផ្ដល់នូវការប្រឹក្សាជាលក្ខណៈឯកជនដោយផ្ទាល់ក្នុងស្មារតីនៃសេចក្ដីស្រឡាញ់ ។ គាត់លើកទឹកចិត្តពួកអ្នកដែលមានឥរិយាបថមិនសមរម្យក្នុងឱកាសនោះ ឲ្យផ្ដោតលើការជួយរក្សានូវភាពពិសិដ្ឋសម្រាប់មនុស្សគ្រប់រូបដែលចូលរួម ដោយការសង្កត់ធ្ងន់ជាពិសេស លើការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។
សាលាប្រជុំរបស់សាសនាចក្រនៅតែជាទ្រព្យសម្បត្តិឯកជន យោងទៅតាមគោលនយោបាយរបស់សាសនាចក្រ ។ បុគ្គលទាំងឡាយណាដែលមិនព្រមធ្វើតាមគោលការណ៍ណែនាំទាំងនេះ នឹងត្រូវបានស្នើសុំដោយការគោរព មិនឲ្យចូលរួមនៅក្នុងការប្រជុំ ឬព្រឹត្តិការណ៍របស់សាសនាចក្រទេ ។
៣៨.១.២
ការក្លាយជាសមាជិកសាសនាចក្រ
សមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានដល់មនុស្សទាំងអស់ដែល « មកដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប » « យល់ព្រមលើកដាក់មកលើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » និងមានបំណងចង់ចុះ និងរក្សាសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹកដ៏ពិសិដ្ឋទាំងឡាយ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ) ។
សម្រាប់ពិធីបុណ្យជ្រមុជទឹករបស់កុមារតូចៗ ដែលមានអាយុ ៨ ឆ្នាំឡើងទៅ សូមមើល ៣៨.២.៨.២ ។
៣៨.១.៣
ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធគឺជាទីថ្វាយបង្គំដ៏បរិសុទ្ធ ជាទីដែលទទួលបានពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយ និងធ្វើសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ ចំពោះសមាជិកទាំងឡាយនៃសាសនាចក្រ ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះ ។ ដោយសារតែភាពពិសិដ្ឋនេះ និងសេចក្ដីសញ្ញាដែលបានធ្វើ នោះមានតែសមាជិកសាសនាចក្រដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាពប៉ុណ្ណោះ ទើបអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធបាន ។ សមាជិកទាំងឡាយអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធមួយ នៅពេលពួកគេកាន់តាមព្រះបញ្ញត្តិទាំងឡាយដែលតម្រូវឲ្យធ្វើ ដោយភាពស្មោះត្រង់ ហើយរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល ជំពូកទី ២៦ )
៣៨.១.៤
ការចូលរួម និងពរជ័យរបស់សមាជិកដែលមិនបានរៀបអាពាហ៍ពិពាហ៍
សមាជិកទាំងអស់គួរតែព្យាយាមធ្វើតាមគំរូនៃការរស់នៅក្នុងគ្រួសារដ៏អស់កល្បជានិច្ច ទោះជាពួកគេមិនដែលធ្លាប់រៀបការ ឬគ្មានក្រុមគ្រួសារនៅក្នុងសាសនាចក្រក្តី ។ ការណ៍នេះមានន័យថា ការរៀបចំខ្លួនដើម្បីបានផ្សារភ្ជាប់ជាស្វាមី ឬភរិយាដ៏ស័ក្ដិសមម្នាក់ ហើយក្លាយជាឪពុក ឬម្ដាយដែលពេញដោយក្ដីស្រឡាញ់ ។ សម្រាប់មនុស្សមួយចំនួន ពរជ័យទាំងនេះនឹងមិនត្រូវបានបំពេញឡើយ រហូតដល់ជីវិតក្រោយ ប៉ុន្តែគោលដៅដ៏ខ្ពស់បំផុតគឺដូចគ្នាសម្រាប់មនុស្សទាំងអស់ ។
សមាជិកស្មោះត្រង់ដែលស្ថានភាពរបស់ពួកគេមិនអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យទាំងឡាយនៃអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច និងភាពជាឪពុកម្តាយនៅក្នុងជីវិតនេះ នឹងទទួលគ្រប់ពរជ័យដែលបានសន្យានៅក្នុងភាពដ៏នៅអស់កល្បជានិច្ច ដរាបណាពួកគេរក្សាសេចក្តីសញ្ញាទាំងឡាយ ដែលពួកគេបានចុះជាមួយនឹងព្រះ ( សូមមើល ម៉ូសាយ ២:៤១ ) ។
៣៨.១.៥
ឪពុកម្តាយឥតបានរៀបការក្រោមអាយុ ១៨
យុវជនអាយុក្រោម ១៨ ឆ្នាំដែលមិនបានរៀបការ ដែលនឹងក្លាយជាឪពុក អាចចូលរួមនៅក្នុងកូរ៉ុមបព្វជិតភាពអើរ៉ុនរបស់គាត់ ឬនៅក្នុងអែលឌើរកូរ៉ុម ។ ការសម្រេចចិត្តនេះគឺទុកឲ្យយុវជន ឪពុកម្តាយរបស់គាត់ និងប៊ីស្សពធ្វើការសម្រេចចិត្តប្រកបដោយការអធិស្ឋានផ្ទាល់ខ្លួនពួកគេទៅចុះ ។
យុវនារីអាយុក្រោម ១៨ ឆ្នាំដែលមិនបានរៀបការ ដែលនឹងក្លាយជាម្តាយ អាចចូលរួមនៅក្នុងក្រុមយុវនារីរបស់នាង ឬសមាគមសង្រ្គោះ ។ ការសម្រេចនេះគឺទុកឲ្យយុវនារី ឪពុកម្តាយរបស់នាង និងប៊ីស្សពធ្វើការសម្រេចចិត្តប្រកបដោយការអធិស្ឋានផ្ទាល់ខ្លួនពួកគេទៅចុះ ។
ដើម្បីធ្វើការសម្រេចចិត្តនេះ យុវវ័យ ឪពុកម្តាយ និងថ្នាក់ដឹកនាំត្រូវពិចារណាដូចខាងក្រោម ៖
-
ប្រសិនបើយុវវ័យចូលរៀនក្នុងថ្នាក់ និងចូលរួមសកម្មភាពផ្សេងៗរបស់យុវវ័យ ពួកគេមិនគួរយកកូនមកជាមួយពួកគេទេ ។
-
យុវវ័យដែលអាយុច្រើនជាងដែលជ្រើសរើសចិញ្ចឹមកូនអាចទទួលអត្ថប្រយោជន៍ មកពីការស្វាគមន៍ចូលទៅក្នុងកូរ៉ុមអែលឌើរជាពួកអែលឌើរបម្រុង ឬក្នុងសមាគមសង្រ្គោះ ។
៣៨.២
គោលនយោបាយសម្រាប់ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ
វគ្គនេះផ្ដល់នូវគោលនយោបាយសម្រាប់ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ ។ គោលនយោបាយទាំងនេះមួយចំនួនពាក់ព័ន្ធនឹងកាលៈទេសៈពិសេស ។ ព័ត៌មានទូទៅអំពីពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយមានចែងនៅក្នុង ជំពូកទី ១៨ ។ ព័ត៌មានអំពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធមានចែងនៅក្នុង ជំពូកទី ២៧ និង ២៨ ។
៣៨.២.១
ការបកប្រែពិធីបរិសុទ្ធ និងការប្រសិទ្ធពរទៅជាភាសាផ្សេង
វាសំខាន់ដែលបុគ្គលម្នាក់ដែលទទួលបានពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយយល់ពីអត្ថន័យនៃពិធីបរិសុទ្ធ ឬការប្រសិទ្ធពរនោះ ។ ប្រសិនបើចាំបាច់ អ្នកដឹកនាំជាអធិបតីអាចសុំឲ្យនរណាម្នាក់បកប្រែផ្ទាល់មាត់នូវពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមួយ ជាភាសាដែលអ្នកទទួលនោះអាចយល់បាន ។ ការណ៍នេះរួមមានការបកប្រែភាសា-គផងដែរ ។
ប្រសិនបើបុគ្គលដែលទទួលពិធីបរិសុទ្ធ ឬពរជ័យគឺជាមនុស្សថ្លង់ ឬពិបាកស្តាប់នោះគាត់ ឬនាងអាចប្រើកម្មវិធីបកប្រែសម្លេងទៅជាអត្ថបទ ។ មនុស្សថ្លង់ ឬពិបាកស្តាប់ក៏អាចប្រើការបកប្រែជាភាសាគ ឬកម្មវិធីបកប្រែសម្លេងទៅជាអត្ថបទ ដើម្បីយល់ពីពរជ័យដែលបានផ្តល់ឲ្យសមាជិកក្រុមគ្រួសាររបស់ពួកគេផងដែរ ។
សម្រាប់ព័ត៌មានស្ដីពីការបកប្រែជាលាយលក្ខណ៍អក្សរនៃពររបស់លោកអយ្យកោ សូមមើល ៣៨.២.១០.៥ ។ សម្រាប់ព័ត៌មានអំពីការបកប្រែភាសា‑គនៃពររបស់លោកអយ្យកោ សូមមើល ៣៨.២.១០.៦ ។
៣៨.២.២
រូបថត ការថតជាសំឡេង ឬវីដេអូ និងការសរសេរជាលាយលក្ខណ៍អក្សរនៃពិធីបរិសុទ្ធ និងការប្រសិទ្ធពរ
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរគឺជាកិច្ចការដ៏ពិសិដ្ឋ ។ ដោយសារហេតុផលនេះហើយ ពុំគួរឲ្យមាននរណាថតជារូបថត ឬក៏ថតវីដេអូនៃពិធីបរិសុទ្ធ ការប្រសិទ្ធពរ ឬកម្មវិធីបុណ្យជ្រមុជទឹកឡើយ ។
គ្រួសារមួយអាចថតសំឡេង និងសរសេរពរជ័យរបស់ឪពុកទុកបាន ។ ពរជ័យទាំងនេះមានចែងនៅក្នុង ១៨.១៤.១ ។
ពររបស់លោកអយ្យកោត្រូវបានថត និងសរសេរទុក ។ ដើម្បីសម្របសម្រួលដល់ការណ៍នេះ លោកអយ្យកោ ឬអ្នកកត់ត្រារបស់លោកថតសំឡេងនៃពរជ័យនោះទុក ។
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរដទៃទៀត មិនគួរថតសំឡេង ឬកត់ត្រាឡើយ ។
សម្រាប់ព័ត៌មានអំពីការផ្សាយពិធីបរិសុទ្ធតាមអ៊ីនធឺណិត សូមមើល ៣៨.២.៣ ។
៣៨.២.៣
ការចាក់ផ្សាយពិធីបរិសុទ្ធតាមអ៊ីនធឺណិត
នៅពេលអាចធ្វើបាន អ្នកដែលចង់មើលពិធីបរិសុទ្ធមួយគួរតែព្យាយាមចូលរួមដោយផ្ទាល់ ។ នៅពេលសមាជិក និងមិត្តភក្ដិជួបជុំគ្នាសម្រាប់់ពិធីបរិសុទ្ធមួយ នោះពួកគេមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណ និងចំណងមិត្តភាពជាមួយគ្នាទៅវិញទៅមក ។
ទោះជាយ៉ាងណា នៅពេលសមាជិកគ្រួសារជិតដិតម្នាក់មិនអាចចូលរួមបានដោយផ្ទាល់ នោះប៊ីស្សព ឬប្រធានស្ដេកអាចអនុញ្ញាតឲ្យមានការចាក់ផ្សាយពិធីបរិសុទ្ធតាមអ៊ីនធឺណិតដល់គាត់ ឬនាង ។ ការចាក់ផ្សាយត្រូវបានអនុញ្ញាត ឧទាហរណ៍នៅពេលដែលសមាជិកគ្រួសារជិតដិតនោះ ៖
-
រស់នៅតំបន់ដាច់ស្រយាល ឬលទ្ធភាពក្នុងការធ្វើដំណើរមានកំណត់ ។
-
មានបញ្ហាខាងរាងកាយ ផ្លូវចិត្ត ឬខាងសតិអារម្មណ៍ ។
-
ងាយឆ្លងមេរោគ ឬនៅក្នុងមន្ទីរសម្រាកថែទាំ ឬមន្ទីរពេទ្យ ។
-
ត្រូវការការបកប្រែភាសា-គ ។
-
កំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ( តម្រូវឲ្យមានការអនុម័តពីប្រធានបេសកកម្ម ) ។
ប៊ីស្សពអាចផ្ដល់សិទ្ធិអនុញ្ញាតឲ្យមានការចាក់ផ្សាយនៃការប្រសិទ្ធពរទារក ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងការតែងតាំងបព្វជិតភាពអើរ៉ុន ។ ប្រធានស្តេកអាចផ្ដល់សិទ្ធិអនុញ្ញាតឲ្យមានការចាក់ផ្សាយនៃការតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក និងពិធីញែកចេញដល់អ្នកផ្សព្វផ្សាយសាសនា ។
ពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់មិនត្រូវចាក់ផ្សាយនោះទេ ។ ប្រសិនបើមានការផ្សាយបន្ដផ្ទាល់ពីការប្រជុំសាក្រាម៉ង់ នោះការផ្សាយនោះគួរតែផ្អាកសិន អំឡុងពេលការបម្រើសាក្រាម៉ង់ ។ ប៊ីស្សពអាចផ្ដល់សិទ្ធិអំណាចឲ្យសង្ឃ ឬអ្នកកាន់បព្វជិតភាពចាត់ចែងសាក្រាម៉ង់ដោយផ្ទាល់ ទៅដល់សមាជិកដែលមិនអាចចូលរួមការប្រជុំនេះបាន ( សូមមើល ១៨.៩.១ ) ។
ការចាក់ផ្សាយពិធីបរិសុទ្ធតាមអ៊ីនធឺណិតមិនគួរបង្អាក់ព្រះវិញ្ញាណនោះទេ ។ ជាទូទៅមានតែឧបករណ៍មួយប៉ុណ្ណោះដែលគួរប្រើ ។ វាធ្វើប្រតិបត្តិការដោយអ្នកជំនាញបច្ចេកវិទ្យាប្រចាំវួដ ឬស្ដេក ។ ទាំងឧបករណ៍ និងបុគ្គលដែលប្រើវា មិនគួរធ្វេសប្រហែសនោះទេ ។
ការចាក់ផ្សាយនៃពិធីបរិសុទ្ធគួរតែលុបចោលនៅអំឡុងពេលមួយថ្ងៃបន្ទាប់ពីពិធីបរិសុទ្ធនោះចប់ ។
៣៨.២.៤
ពិធីបរិសុទ្ធសម្រាប់អ្នកដែលមានពិការភាពខាងបញ្ញា
នៅពេលពិចារណាថាតើគួរធ្វើពិធីបរិសុទ្ធសម្រាប់បុគ្គលម្នាក់ ដែលមានពិការភាពខាងបញ្ញាដែរឬអត់ នោះបុគ្គលនេះ ឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់ ឬនាង ( បើមាន ) និងថ្នាក់ដឹកនាំធ្វើការប្រឹក្សារួមគ្នា ។ ពួកគាត់ពិចារណាប្រកបដោយការអធិស្ឋានអំពីបំណងប្រាថ្នា និងកម្រិតនៃការយល់ដឹងរបស់បុគ្គលនោះ ។ ពិធីបរិសុទ្ធមិនគួរត្រូវបានដកហូតទេ បើបុគ្គលនោះមានភាពស័ក្តិសម ចង់ទទួលពិធីបរិសុទ្ធទាំងឡាយ ហើយបង្ហាញថាមានការទទួលខុសត្រូវ និងដឹងខុសត្រូវគ្រប់គ្រាន់នោះ ។
ប៊ីស្សពអាចពិគ្រោះជាមួយប្រធានស្តេក ប្រសិនបើគាត់មានសំណួរអំពីបុគ្គលណាម្នាក់ ។ ប្រធានស្តេកអាចទាក់ទងទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយបាន ប្រសិនបើចាំបាច់ ។
បុគ្គលដែលមានពិការភាពដែលធ្វើឲ្យពួកគេពុំអាចធ្វើការទទួលខុសត្រូវបានគឺត្រូវបាន « សង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៃស្ថានសួគ៌ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:១០ ) ។ ដោយសារហេតុផលនេះ ពិធីបរិសុទ្ធទាំងឡាយពុំចាំបាច់ ឬត្រូវធ្វើឲ្យពួកគេឡើយ ។ ការលើកលែងតែមួយគត់គឺការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយសម្រាប់អ្នកដែលពុំបានកើតក្នុងសេចក្តីសញ្ញា ។
សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើពិធីបរិសុទ្ធទាំងនេះសម្រាប់ជនពិការផ្នែកបញ្ញា សូមមើលដូចខាងក្រោមនេះ ៖
៣៨.២.៥
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរដែលបានធ្វើឡើងដោយ និងសម្រាប់អ្នកដែលមានពិការភាពខាងរូបកាយ
ជនដែលមានពិការភាពផ្នែករាងកាយដូចជា បាត់បង់អវៈយវៈ ខ្វិន ឬថ្លង់ អាចធ្វើ និងទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយបាន ។ ថ្នាក់ដឹកនាំធ្វើការរៀបចំ ដើម្បីឲ្យបុគ្គលទាំងនេះអាចចូលរួមដល់កម្រិតមួយដែលអាចធ្វើទៅបាន ។ ប្រសិនបើថ្នាក់ដឹកនាំមានសំណួរ ដែលពួកគាត់មិនអាចឆ្លើយបាន នោះប្រធានស្តេកទាក់ទងទៅកាន់ការិយាល័យគណៈប្រធានទីមួយ ។
បុគ្គលដែលថ្លង់ ឬពិបាកស្តាប់ឮអាចទាក់ទងតាមរយៈភាសា-គ នៅពេលធ្វើ ឬក៏ទទួលពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ។ ថ្នាក់ដឹកនាំបព្វជិតភាពមួយរូប ដែលមើលខុសត្រូវលើពិធីបរិសុទ្ធមួយ ត្រូវប្រាកដថា អ្នកទទួលយល់ដឹងពីពិធីបរិសុទ្ធនោះតាមរយៈអ្នកបកប្រែផ្ទាល់មាត់ ឬដោយមធ្យោបាយដទៃទៀត ( សូមមើល ៣៨.២.១ ) ។
៣៨.២.៦
ការផ្ដល់សុពលភាព ឬការអនុម័តពិធីបរិសុទ្ធ
ព័ត៌មានខាងក្រោមនេះផ្ដល់មូលហេតុនានា ដែលពិធីបរិសុទ្ធមួយមិនមានសុពលភាព ។ វាក៏ពិពណ៌នាអំពីរបៀបដើម្បីធ្វើឲ្យមានសុពលភាព ឬអនុម័តលើពិធីបរិសុទ្ធផងដែរ ។
នៅក្នុងករណីខ្លះ ត្រូវតែធ្វើពិធីបរិសុទ្ធមួយសាឡើងវិញ ។ នៅពេលការណ៍នេះកើតឡើងជាមួយបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ឬការតែងតាំងបព្វជិតភាព នោះស្មៀនកត់ត្រាកាលបរិច្ឆេទថ្មីនៅលើកំណត់ត្រាសមាជិកភាព ទោះបីជាពិធីបរិសុទ្ធនេះមានកាលបរិច្ឆេទមិនត្រូវតាមលំដាប់លំដោយនៃពិធីបរិសុទ្ធផ្សេងទៀតក្តី ។
សមាជិកមិនអាចធ្វើម្តងទៀតនូវពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ដោយគ្មានការយល់ព្រមពីគណៈប្រធានទីមួយឡើយ ( សូមមើល ៣៨.២.៦.២ ) ។
៣៨.២.៦.១
កំណត់ត្រាសមាជិកភាព មិនបានបង្កើតឡើង ឬបាត់ឆ្នាំ ឬឆ្នាំមិនត្រឹមត្រូវ
សម្រាប់គោលបំណងនៃការថែរក្សាកំណត់ត្រា ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ឬការតែងតាំងបព្វជិតភាព គឺត្រូវបានចាត់ទុកថាមិនមានសុពលភាពទេ ប្រសិនបើបាត់ឆ្នាំដែលបានធ្វើពិធីបរិសុទ្ធនេះ ឬមានឆ្នាំមិនត្រឹមត្រូវនៅលើកំណត់ត្រាសមាជិកភាពនោះ ។ បន្ថែមពីលើនោះ ពិធីបុណ្យជ្រមុជទឹកមួយពុំមានសុពលភាពឡើយ ប្រសិនបើកំណត់ត្រាសមាជិកភាពពុំត្រូវបានបង្កើតឡើងនោះទេ ។ ពិធីបរិសុទ្ធនេះអាចធ្វើឲ្យមានសុពលភាពបានដោយមានវិញ្ញាបនបត្រដើម ដែលបានចេញនៅពេលបានធ្វើពិធីបរិសុទ្ធនោះ ។ ដោយមានវិញ្ញាបនបត្រនេះ នោះប៊ីស្សពអាចផ្ដល់សិទ្ធិអនុញ្ញាតឲ្យស្មៀនធ្វើបច្ចុប្បន្នភាពនៅលើកំណត់ត្រាសមាជិកភាពបាន ។
ប្រសិនបើមិនអាចរកឃើញវិញ្ញាបនបត្រទេ នោះពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ឬការតែងតាំងបព្វជិតភាពអាចធ្វើឲ្យមានសុពលភាពបាន ប្រសិនបើមានមនុស្សពីរនាក់បានថ្លែងទីបន្ទាល់ធ្វើសាក្សីអំពីពិធីនោះ ។ សាក្សីទាំងពីររូបនេះគួរតែ ៖
-
មានអាយុ ៨ ឆ្នាំឡើងទៅ នៅពេលធ្វើពិធីបរិសុទ្ធនេះ ។
-
បានឃើញ ឬស្តាប់ឮពិធីបរិសុទ្ធនោះ ។
-
ជាសមាជិកសាសនាចក្រដែលមានកំណត់ត្រា នៅពេលពួកគេផ្តល់សាក្សីរបស់ពួកគេ ។
-
ផ្តល់សាក្សីរបស់ពួកគេជាលាយលក្ខណ៍អក្សរ ដែលថ្លែងទាំងអំពី ( ១ ) កាលបរិច្ឆេទពេញលេញដែលពិធីបរិសុទ្ធត្រូវបានធ្វើឡើង ឬ ( ២ ) ឆ្នាំដែលពិធីបរិសុទ្ធត្រូវបានធ្វើឡើង និងបុគ្គលដែលធ្វើពិធីបរិសុទ្ធនោះ ។
-
ចុះហត្ថលេខាលើសាក្សីរបស់ពួកគេនៅចំពោះវត្តមាននៃសមាជិកមួយរូបនៃគណៈប៊ីស្សព ឬគណៈប្រធានស្ដេក ។
ដោយមានសាក្សីនេះ នោះប៊ីស្សពអាចផ្ដល់សិទ្ធិអនុញ្ញាតឲ្យស្មៀនបង្កើត ឬធ្វើបច្ចុប្បន្នភាពនៅលើកំណត់ត្រាសមាជិកភាពបាន ។ សាក្សីជាលាយលក្ខណ៍អក្សរអាចបោះចោលបានបន្ទាប់ពីនោះទៅ ។
ប្រសិនបើរកមិនឃើញវិញ្ញាបនបត្រ ឬសាក្សីទេ នោះពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ឬការតែងតាំងបព្វជិតភាពត្រូវតែធ្វើឡើងវិញម្តងទៀត ឬអនុម័តដោយគណៈប្រធានទីមួយ ។
ប្រសិនបើសមាជិកបានទទួលពិធីបរិសុទ្ធផ្សេងទៀត នៅបន្ទាប់ពីពិធីបរិសុទ្ធដែលគ្មានសុពលភាពនេះ នោះពិធីបរិសុទ្ធទាំងឡាយត្រូវតែទទួលបានសច្ចាប័នមកពីគណៈប្រធានទីមួយ ។ ប្រធានស្ដេកប្រើកម្មវិធី ធ.ថ.ស. ដើម្បីដាក់សំណើ ។
សម្រាប់ព័ត៌មានអំពីសុពលភាពនៃពិធីបរិសុទ្ធមួយដែលសមាជិកម្នាក់បានទទួលនៅក្នុងព្រះវិហារបរិសុទ្ធ សូមមើល ៣៨.២.៦.២ ។
៣៨.២.៦.២
ព័ត៌មានអំពីពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធរបស់អ្នកនៅរស់ មិនត្រឹមត្រូវ ឬបាត់ពីកំណត់ត្រាសមាជិកភាពរបស់គាត់ ឬនាង
ប្រសិនបើព័ត៌មានអំពីពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធរបស់អ្នកនៅរស់មិនត្រឹមត្រូវ ឬបាត់ពីកំណត់ត្រាសមាជិកភាពរបស់គាត់ ឬនាង នោះថ្នាក់ដឹកនាំក្នុងមូលដ្ឋានគួរតែកត់ត្រាកាលបរិច្ឆេទ និង ទីតាំងនៃពិធីបរិសុទ្ធដំបូងនោះដោយប្រើកម្មវិធី ធ.ថ.ស. ប្រសិនបើមាន ។ បន្ទាប់មកនាយកដ្ឋានព្រះវិហារបរិសុទ្ធផ្ទៀងផ្ទាត់អំពីពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ រួចភ្ជាប់វាទៅនឹងកំណត់ត្រាសមាជិកភាព ។
ប្រសិនបើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធមិនអាចផ្ទៀងផ្ទាត់បានទេ នោះនាយកដ្ឋានព្រះវិហារបរិសុទ្ធនឹងទាក់ទងទៅកាន់ការិយាល័យគណៈប្រធានទីមួយ ហើយផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ។
សមាជិកមិនអាចធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ឡើងវិញបានទេ បើគ្មានការយល់ព្រមមកពីគណៈប្រធានទីមួយ ។
៣៨.២.៦.៣
ពិធីបរិសុទ្ធបានទទួលដោយមិនតាមលំដាប់លំដោយ
ពិធីបរិសុទ្ធមួយគ្មានសុពលភាពទេ ប្រសិនបើបុគ្គលម្នាក់បានទទួលវា មិនតាមលំដាប់លំដោយនោះ ។ ឧទាហរណ៍ អំណោយទានពិសិដ្ឋរបស់បុរសម្នាក់គ្មានសុពលភាពទេ ប្រសិនបើគាត់បានទទួលវា មុនពេលគាត់ទទួលបានបព្វជិតភាពម៉ិលគីស្សាដែកនោះ ។ ទោះជាយ៉ាងណាក៏ដោយ គណៈប្រធានទីមួយអាចផ្តល់សច្ចាប័នចំពោះពិធីបរិសុទ្ធដូច្នោះបាន ។ ប្រធានស្ដេកប្រើកម្មវិធី ធ.ថ.ស. ដើម្បីដាក់សំណើ ។
៣៨.២.៦.៤
ពិធីបរិសុទ្ធបានធ្វើឡើងមុនពេលគ្រប់អាយុ
ពិធីបរិសុទ្ធមួយគ្មានសុពលភាពទេ ប្រសិនបើវាត្រូវបានធ្វើឡើង មុនពេលគ្រប់អាយុ ។ ឧទាហរណ៍ ពិធីបុណ្យប្រមុជទឹកមួយគ្មានសុពលភាពទេ ប្រសិនបើពិធីបរិសុទ្ធនេះបានធ្វើឡើង មុនពេលបុគ្គលម្នាក់នេះមានអាយុ ៨ ឆ្នាំ ។
ប្រសិនបើពុំបានទទួលពិធីបរិសុទ្ធដទៃទៀតទេ បន្ទាប់ពីពិធីបរិសុទ្ធដែលគ្មានសុពលភាពនោះ នោះពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ឬការតែងតាំងបព្វជិតភាព គួរតែធ្វើឡើងវិញម្តងទៀត ឬអនុម័ត ដោយគណៈប្រធានទីមួយ ។ សមាជិកមិនអាចធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់អ្នកនៅរស់ឡើងវិញបានទេ បើគ្មានការយល់ព្រមមកពីគណៈប្រធានទីមួយ ( សូមមើល ៣៨.២.៦.២ ) ។
ប្រសិនបើបានទទួលពិធីបរិសុទ្ធផ្សេងទៀត នោះពិធីបរិសុទ្ធទាំងនោះ និងពិធីបរិសុទ្ធដែលគ្មានសុពលភាពផ្សេងទៀត ត្រូវតែទទួលបានសច្ចាប័នមកពីគណៈប្រធានទីមួយ ។ ប្រធានស្ដេកប្រើកម្មវិធី ធ.ថ.ស. ដើម្បីដាក់សំណើ ។
៣៨.២.៦.៥
ពិធីបរិសុទ្ធបានធ្វើឡើងដោយគ្មានសិទ្ធិអំណាចត្រឹមត្រូវ
ពិធីបរិសុទ្ធមួយគ្មានសុពលភាពទេ ប្រសិនបើវាត្រូវបានធ្វើឡើងដោយនរណាម្នាក់ដែលមិនមានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវនោះ ។ ឧទាហរណ៍ ពិធីបញ្ជាក់មួយគ្មានសុពលភាពទេ ប្រសិនបើវាបានធ្វើឡើងដោយនរណាម្នាក់ដែលមិនកាន់បព្វជិតភាពម៉ិលគីស្សាដែកនោះ ។ ស្រដៀងគ្នានេះដែរ ពិធីបរិសុទ្ធមួយគ្មានសុពលភាពទេ ប្រសិនបើបុគ្គលដែលធ្វើពិធីនោះបានទទួលបព្វជិតភាពម៉ិលគីស្សាដែកខុសលំដាប់លំដោយ ឬដោយគ្មានការអនុម័តត្រឹមត្រូវនោះ ( សូមមើល ៣៨.២.៦.៣ សូមមើលផងដែរ ៣២.១៧ ) ។
ប្រសិនបើមិនបានទទួលពិធីបរិសុទ្ធផ្សេងទៀត បន្ទាប់ពីពិធីបរិសុទ្ធដែលគ្មានសុពលភាពនេះ នោះពិធីបរិសុទ្ធនេះគួរតែធ្វើឡើងវិញម្តងទៀត ដោយនរណាម្នាក់ដែលមានសិទ្ធិអំណាចត្រឹមត្រូវ ។ ប្រសិនបើបានទទួលពិធីបរិសុទ្ធផ្សេងទៀត នោះពិធីបរិសុទ្ធទាំងនោះ និងពិធីបរិសុទ្ធដែលគ្មានសុពលភាពផ្សេងទៀត ត្រូវតែទទួលបានសច្ចាប័នមកពីគណៈប្រធានទីមួយ ។ ដើម្បីស្នើសុំសច្ចាប័ននេះ ប្រធានស្តេកផ្ញើលិខិតមួយច្បាប់ទៅកាន់គណៈប្រធានទីមួយ ។ នៅក្នុងករណីមួយចំនួន គណៈប្រធានទីមួយអាចណែនាំឲ្យធ្វើពិធីបរិសុទ្ធទាំងនោះឡើងវិញម្ដងទៀត ។
៣៨.២.៧
ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ
សម្រាប់ព័ត៌មានទូទៅអំពីការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ សូមមើល ១៨.៦ ។
៣៨.២.៧.១
ទារកដែលមានជំងឺជាទម្ងន់
ប្រសិនបើទារកដែលទើបនឹងកើតមក មានជំងឺជាទម្ងន់ នោះអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចធ្វើពិធីដាក់ឈ្មោះ និងប្រសិទ្ធពរនៅក្នុងមន្ទីរពេទ្យ ឬនៅឯគេហដ្ឋានបាន ។ គាត់មិនចាំបាច់មានការផ្ដល់សិទ្ធិអំណាចមកពីប៊ីស្សពនោះទេ ។ ក្រោយពីការប្រសិទ្ធពររួចហើយ គាត់ជូនដំណឹងទៅប៊ីស្សពភ្លាមៗ ដើម្បីឲ្យស្មៀនអាចបង្កើតកំណត់ត្រាសមាជិកភាពមួយសម្រាប់ទារកនេះ ។
៣៨.២.៧.២
កុមារដែលឪពុកម្តាយមិនបានរៀបការ ( រួមទាំងបានលែងលះគ្នា )
កុមារម្នាក់អាចទទួលការប្រសិទ្ធពរនៅពេលដែលប៊ីស្សពបានទទួលការអនុញ្ញាតពីឳពុកម្តាយ ឬអាណាព្យាបាលផ្ទាល់មាត់ ។ ការអនុញ្ញាតនេះមិនទាមទារពីឪពុកម្តាយ ឬអាណាព្យាបាល ដែលគ្មានមូលដ្ឋានស្របច្បាប់ជំទាស់នឹងការប្រសិទ្ធពរនេះទេ ។
៣៨.២.៧.៣
កុមារដែលឪពុកម្ដាយពុំមែនជាសមាជិកនៃសាសនាចក្រ
ពេលខ្លះឪពុកម្ដាយ ឬអាណាព្យាបាលរបស់កូនម្នាក់ស្នើថា កូននេះគួរតែទទួលបានការប្រសិទ្ធពរ ទោះបីជាពួកគាត់ពុំមែនជាសមាជិកនៃសាសនាចក្រក្ដី ។ នៅពេលរឿងនេះកើតឡើង នោះប៊ីស្សពត្រូវទទួលការអនុញ្ញាតដោយផ្ទាល់មាត់មកពីឪពុកម្ដាយ ឬអាណាព្យាបាល ។ ការអនុញ្ញាតនេះមិនទាមទារពីឪពុកម្តាយ ឬអាណាព្យាបាល ដែលគ្មានមូលដ្ឋានស្របច្បាប់ជំទាស់នឹងការប្រសិទ្ធពរនេះទេ ។
ប៊ីស្សពពន្យល់ថា ៖
-
កំណត់ត្រាសមាជិកភាពមួយនឹងត្រូវបានបង្កើតសម្រាប់កូននេះ ។
-
សមាជិកវួដនឹងទាក់ទងទៅពួកគេម្ដងម្កាល ។
-
គាត់ ឬថ្នាក់ដឹកនាំវួដដទៃទៀតនឹងស្នើឲ្យកុមារនេះរៀបចំខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹក នៅពេលគាត់ ឬនាងឈានដល់អាយុ ៨ ឆ្នាំ ។
៣៨.២.៨
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
សម្រាប់ព័ត៌មានទូទៅអំពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើល ១៨.៧ និង ១៨.៨ ។
៣៨.២.៨.១
បុគ្គលដែលមានពិការភាពខាងបញ្ញា
បុគ្គលដែលមានពិការភាពខាងបញ្ញា អាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាន ប្រសិនបើគេចាត់ទុកថាគាត់ ឬនាងអាចទទួលខុសត្រូវបានដោយសមហេតុសមផល ។ គាត់ ឬនាងគួរតែអាចយល់ និងរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកបាន ។
ប៊ីស្សពកាន់កូនសោសម្រាប់ពិធីបុណ្យជ្រមុជទឹករបស់បុគ្គលនេះ ប្រសិនបើគាត់ ឬនាងគឺជា ៖
-
សមាជិកមានកំណត់ត្រាអាយុ ៨ ឆ្នាំឡើងទៅ ។
-
អាយុ ៨ ឆ្នាំ និងមានយ៉ាងហោចណាស់ឪពុក ឬម្ដាយ ឬអាណាព្យាបាលម្នាក់ជាសមាជិក ( សូមមើល ១៨.៧.១.១ ) ។
បុគ្គលរូបនេះ ឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់ ( បើមាន ) និងប៊ីស្សពពិភាក្សាជាមួយគ្នាដើម្បីកំណត់ថា តើបុគ្គលរូបនេះគួរទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ឬអត់ ។
ប្រសិនបើបុគ្គលនេះគឺជាអ្នកប្រែចិត្តជឿដែលមានសក្ដានុពល នោះប្រធានបេសកកម្មកាន់កូនសោសម្រាប់ពិធីបុណ្យជ្រមុជទឹករបស់គាត់ ( សូមមើល ១៨.៧.១.២ ) ។ នៅក្នុងករណីនេះ អ្នកផ្សព្វផ្សាយសាសនាជូនដំណឹងទៅប្រធានបេសកកម្ម ។ គាត់ប្រឹក្សាជាមួយនឹងបុគ្គលនេះ និងឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់ ( បើមាន ) ដើម្បីកំណត់ថា តើគាត់គួរទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ឬអត់ ។ ប្រសិនបើប៊ីស្សពស្គាល់បុគ្គលនេះច្បាស់ នោះប្រធានបេសកកម្មក៏អាចសូមឲ្យគាត់ជួយផ្ដល់យោបល់ផងដែរ ។
បុគ្គលដែលពុំរាប់ថាដឹងខុស និងត្រូវបាន ពុំចាំបាច់ទទួលបុណ្យជ្រមុជទឹកឡើយ ទោះជាមានអាយុប៉ុន្មានក៏ដោយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៤៦–៥០ និង ៣៨.២.៤ នៅក្នុងក្បួនខ្នាតនេះ ) ។
សម្រាប់ព័ត៌មានអំពីកំណត់ត្រាសមាជិកភាពនៃបុគ្គលដែលពុំរាប់ថាដឹងខុស និងត្រូវ សូមមើល ៣៣.៦.១០ ។
៣៨.២.៨.២
អនីតិជន
អនីតិជនដូចដែលបានកំណត់ដោយច្បាប់ក្នុងមូលដ្ឋាន អាចត្រូវបានទទួលពិធីបុណ្យជ្រមុជទឹកបាន តែនៅពេលដែលលក្ខខណ្ឌទាំងពីរនៅខាងក្រោមនេះត្រូវបានបំពេញប៉ុណ្ណោះ ៖
-
ឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ផ្តល់ការអនុញ្ញាត ។ ការអនុញ្ញាតនេះមិនទាមទារពីឪពុកម្តាយ ឬអាណាព្យាបាល ដែលគ្មានមូលដ្ឋានស្របច្បាប់ជំទាស់នឹងពិធីបុណ្យជ្រមុជទឹកនេះទេ ។ ចំពោះករណីលើកលែងណាមួយនោះតម្រូវឲ្យមានការអនុញ្ញាតមកពីគណៈប្រធានទីមួយ ។
បុគ្គលដែលដឹកនាំការសម្ភាសពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សុំការអនុញ្ញាតនេះជាលាយលក្ខណ៍អក្សរ ប្រសិនបើគាត់មានអារម្មណ៍ថា វានឹងជួយមិនឲ្យមានការភាន់ច្រឡំ ។ នៅក្នុងទីកន្លែងមួយចំនួន វាតម្រូវឲ្យមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ។ ថ្នាក់ដឹកនាំបេសកកម្ម និងថ្នាក់ដឹកនាំប្រចាំតំបន់អាចផ្ដល់ការណែនាំបាន ។
ឪពុកម្តាយ ឬអាណាព្យាបាលគួរតែយល់ពីគោលលទ្ធិដែលកូនៗរបស់ពួកគាត់នឹងរៀន ។ ពួកគាត់ក៏គួរតែស្ម័គ្រចិត្តគាំទ្រដល់កូន ពេលចុះសេចក្ដីសញ្ញា និងរក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកផងដែរ ។
-
បុគ្គលដែលដឹកនាំការសម្ភាសត្រូវដឹងថា កុមារនេះយល់ពីសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកដែរឬទេ ។ គាត់គួរតែមានទំនុកចិត្តថា កុមារនេះនឹងខិតខំកាន់តាមសេចក្ដីសញ្ញានេះ តាមរយៈការគោរពតាមព្រះបញ្ញត្តិទាំងឡាយ រួមទាំងការចូលរួមការប្រជុំសាសនាចក្រផងដែរ ។
ប្រសិនបើកុមារម្នាក់ដាក់នាមត្រកូលតាមឪពុកចុងរបស់គាត់ ឬនាង នោះកុមារនេះអាចទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់តាមឈ្មោះនោះបាន ។ រឿងនេះជាការពិត ទោះបីជាគាត់ ឬនាងមិនត្រូវបានសុំមកចិញ្ចឹមជាផ្លូវការក្ដី ។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះស្របច្បាប់របស់កុមារនោះ ដូចដែលបានកំណត់ដោយច្បាប់ ឬប្រពៃណីក្នុងមូលដ្ឋានគួរតែត្រូវបានកត់ត្រាទុកនៅលើកំណត់តា្រសមាជិកភាព និងវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
៣៨.២.៨.៣
បុគ្គលដែលបានរៀបអាពាហ៍ពិពាហ៍ហើយ
បុគ្គលដែលបានរៀបអាពាហ៍ពិពាហ៍ហើយ ត្រូវតែមានការយល់ព្រមរបស់ស្វាមី ឬភរិយារបស់គាត់ មុនពេលត្រូវបានទទួលពិធីបុណ្យជ្រមុជទឹក ។
៣៨.២.៨.៤
បុគ្គលដែលរួមរស់ជាមួយគ្នា
ដៃគូដែលរស់នៅជាមួយគ្នា ប៉ុន្ដែមិនបានរៀបការត្រូវតែតាំងចិត្តរស់នៅតាមច្បាប់ព្រហ្មចារីភាព មុនពេលដៃគូម្ខាងអាចជ្រមុជទឹកបាន ។ ការណ៍នេះរួមមានការអនុវត្តសេចក្ដីជំនឿដើម្បីមានការប្រែចិត្ត ដូចបានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ។ វាក៏រួមមានការលែងរស់នៅជាមួយគ្នា ឬនៅក្នុងករណីដែលមានបុរសម្នាក់ និងស្ដ្រីម្នាក់ រៀបការជាមួយគ្នា ។
៣៨.២.៨.៥
បុគ្គលដែលត្រូវបានដកហូតសមាជិកភាពសាសនាចក្រ ឬដែលលាលែងសមាជិកភាព
បុគ្គលដែលត្រូវបានដកហូតសមាជិកភាពក្នុងសាសនាចក្រ ឬដែលបានលាលែងសមាជិកភាព អាចត្រូវបានអនុញ្ញាតឲ្យចូលមកវិញតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ពួកគេមិនត្រូវបានចាត់ទុកថាជាអ្នកប្រែចិត្តជឿថ្មីនោះទេ ។ អ្នកផ្សព្វផ្សាយសាសនាមិនធ្វើការសម្ភាសពួកគេដើម្បីទទួលបុណ្យជ្រមុជទឹកនោះទេ ។ សម្រាប់សេចក្ដីណែនាំ សូមមើល ៣២.១៦ ។
៣៨.២.៨.៦
ស្ថានភាពដែលតម្រូវឲ្យមានការផ្ដល់សិទ្ធិអនុញ្ញាតមកពីប្រធានបេសកកម្ម ឬគណៈប្រធានទីមួយ
វាតម្រូវឲ្យមានការផ្ដល់សិទ្ធិអនុញ្ញាតមកពីប្រធានបេសកកម្ម មុនពេលបុគ្គលម្នាក់អាចទទួលបុណ្យជ្រមុជទឹកបាន ប្រសិនបើគាត់ ឬនាងធ្លាប់ ៖
-
បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរមួយ ( សូមមើល ៣៨.២.៨.៧ ) ។
-
ចូលរួមក្នុងការរម្លូតកូន ( សូមមើល ៣៨.៦.១ ) ។
នៅក្នុងករណីទាំងនេះ ប្រធានបេសកកម្មធ្វើការសម្ភាសបុគ្គលនេះ ។ ប្រសិនបើចាំបាច់ ប្រធានបេសកកម្មអាចអនុញ្ញាតឲ្យទីប្រឹក្សាមួយរូបរបស់គាត់ដឹកនាំកិច្ចសម្ភាសនេះបាន ។ គាត់ផ្ដល់សិទ្ធិអំណាចនេះដាច់ដោយឡែកពីគ្នាសម្រាប់ការសម្ភាសនីមួយៗ ។ ទីប្រឹក្សាដែលដឹកនាំការសម្ភាសរាយការណ៍ទៅកាន់ប្រធានបេសកកម្ម បន្ទាប់មកប្រធានបេសកកម្មអាចអនុញ្ញាត ឬបដិសេធមិនឲ្យមានពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
វាតម្រូវឲ្យមានការអនុម័តមកពីគណៈប្រធានទីមួយ មុនពេលបុគ្គលម្នាក់អាចទទួលបុណ្យជ្រមុជទឹក និងបញ្ជាក់បាន ប្រសិនបើគាត់ ឬនាង ៖
-
បានប្រព្រឹត្តអំពើឃាតកម្ម ( សូមមើល ៣៨.២.៨.៧ ) ។
-
ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋដែលពាក់ព័ន្ធនឹងការប្រព្រឹត្តខុសខាងផ្លូវភេទ ( សូមមើល៣៨.២.៨.៧ ) ។
-
បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាកល្បងខាងផ្លូវច្បាប់ ឬការលើកលែងទោសចំពោះបទឧក្រិដ្ឋ ឬបទល្មើសធ្ងន់ធ្ងរណាមួយ ( ជាធម្មតាត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ឬយូរជាងនេះ ) ឬឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងការប្រព្រឹត្តខុសខាងផ្លូវភេទ ( សូមមើល ៣៨.២.៨.៧ ) ។
-
មានជាប់ទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព ( សូមមើល ៣៨.២.៨.៨ ) ។
សម្រាប់ការណែនាំអំពីពិធីបុណ្យជម្រុជទឹក និងពិធីបញ្ជាក់របស់បុគ្គលដែលស្គាល់ថាជាបុគ្គលប្តូរភេទ សូមមើល ៣៨.២.៨.៩ ។
ប្រសិនបើបុគ្គលម្នាក់មានបំណងចង់ទទួលពិធីបុណ្យជ្រមុជទឹកជាលើកដំបូង នោះប្រធានបេសកកម្មត្រូវសម្ភាសគាត់ ឬនាង ។ ប្រសិនបើគាត់ឃើញថាបុគ្គលនោះមានភាពស័ក្ដិសម ហើយប្រសិនបើគាត់ចេញអនុសាសន៍ឲ្យទទួលបុណ្យជ្រមុជទឹក នោះគាត់ផ្ញើសំណើមួយដើម្បីសុំការអនុម័តទៅកាន់គណៈប្រធានទីមួយ ដោយប្រើ ធ.ថ.ស ។
ប្រសិនបើបុគ្គលនេះគឺជាអតីតសមាជិកម្នាក់ ដែលចង់ត្រឡប់ចូលមកវិញ នោះទាំងប៊ីស្សព និងប្រធានស្តេកដឹកនាំការសម្ភាសគាត់ឬនាង ។ គាត់ធ្វើតាមសេចក្ដីណែនាំនៅក្នុង ៣២.១៦ ។ ប្រសិនបើពួកគាត់ឃើញថា បុគ្គលនោះមានភាពស័ក្ដិសម ហើយចេញអនុសាសន៍ឲ្យទទួលបុណ្យជ្រមុជទឹក នោះប្រធានស្ដេកដាក់បញ្ជូនសំណើមួយទៅកាន់គណៈប្រធានទីមួយ ដោយប្រើធ.ថ.ស ។
រាល់សំណើទៅកាន់គណៈប្រធានទីមួយ គួរតែមានដាក់បញ្ចូលនូវរាល់ព័ត៌មានលម្អិតដែលមានពាក់ព័ន្ធទាំងអស់ ដូចបានកំណត់នៅក្នុងការសម្ភាស ។
សូមមើល ៦.២.៣ អំពីការទទួលខុសត្រូវរបស់ប្រធានស្ដេក ( ឬបេសកកម្ម ) នៅពេលដាក់បញ្ជូនពាក្យស្នើសុំទៅកាន់គណៈប្រធានទីមួយ ។
៣៨.២.៨.៧
បុគ្គលដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ
បុគ្គលដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ មិនអាចទទួលបុណ្យជ្រមុជទឹកទេ រហូតដល់ពួកគេបានផុតកាលកំណត់នៃការដាក់ទោសទាំងឡាយរបស់ពួកគេជាមុនសិន ។ ការណ៍នេះក៏អនុវត្តចំពោះអ្នកប្រែចិត្តជឿថ្មី និងចំពោះអ្នកដែលចង់ត្រឡប់ចូលមកវិញម្ដងទៀតដែរ ។
បុគ្គលដែលមានជាប់ទោសបទឧក្រិដ្ឋ ឬបទល្មើសដែលជាប់ទាក់ទងនឹងរឿងអសីលធម៌ខាងផ្លូវភេទ មិនអាចទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បានទេ រហូតដល់ពួកគេរួចផុតពីការសាកល្បង ឬទោសរបស់ពួកគេជាមុនសិន ។ មានតែគណៈប្រធានទីមួយប៉ុណ្ណោះដែលអាចផ្តល់ការលើកលែងបាន ( សូមមើល ៣៨.២.៨.៦ ) ។ បុគ្គលទាំងនេះត្រូវបានលើកទឹកចិត្តឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ។ ពួកគេត្រូវខិតខំធ្វើអ្វីៗគ្រប់យ៉ាងតាមដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានជំនួយពីព្រះអង្គសង្គ្រោះ ដើម្បីមានភាពស័ក្តិសមទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងមិនបង្រៀនមនុស្សដែលនៅក្នុងពន្ធនាគារ ឬមន្ទីរឃុំឃាំងឡើយ ។
បុគ្គលដែលមានជាប់ទោសបទឧក្រិដ្ឋ ឬបទល្មើសដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តខុសខាងផ្លូវភេទ មិនអាចទទួលបុណ្យជ្រមុជទឹកបានទេ លុះត្រាតែគណៈប្រធានទីមួយផ្ដល់ការអនុម័ត ( សូមមើល ៣៨.២.៨.៦ ) ។ ការណ៍នេះក៏អនុវត្តដូចគ្នាចំពោះបុគ្គលម្នាក់ ដែលបានសារភាពថាបានប្រព្រឹត្តអំពើឃាតកម្មដែរ ទោះបីជាការសារភាពនោះគឺជាលក្ខណៈឯកជនទៅកាន់ថ្នាក់ដឹកនាំបព្វជិតភាពក្ដី ។ ដូចដែលបានប្រើប្រាស់នៅទីនេះ ឃាតកម្ម មិនរាប់បញ្ចូលនូវការរម្លូតកូន ឬសកម្មភាពកំពុងបំពេញភារកិច្ចរបស់ប៉ូលីស ឬក៏កងទ័ពនោះទេ ។
ប្រសិនបើបុគ្គល មានបំណងចង់ទទួលបុណ្យជ្រមុជទឹកជាលើកដំបូង នោះប្រធានបេសកកម្មធ្វើតាមការណែនាំនៅក្នុង ៣៨.២.៨.៦ ។ ប្រសិនបើបុគ្គលនេះគឺជាអតីតសមាជិកម្នាក់ ដែលចង់ត្រឡប់ចូលមកវិញ នោះប៊ីស្សព ឬប្រធានស្តេកធ្វើតាមការណែនាំនៅក្នុងវគ្គដូចគ្នានោះ ( សូមមើល ៣២.១៦ ) ។
៣៨.២.៨.៨
មជ្ឈិមវ័យដែលជាប់ពាក់ពន្ធ័ក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាព
មជ្ឈិមវ័យដែលត្រូវបានលើកទឹកចិត្ត បង្រៀន ឬជាប់ពាក់ព័ន្ធនៅក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាព ត្រូវតែទទួលបានការអនុម័តមកពីគណៈប្រធានទីមួយ មុនពេលគាត់ ឬនាងអាចទទួលពិធីបុណ្យជ្រមុជទឹកបាន ។
ប្រសិនបើបុគ្គល កំពុងស្វែងរកការទទួលបុណ្យជ្រមុជទឹកជាលើកដំបូង នោះប្រធានបេសកកម្មធ្វើតាមការណែនាំនៅក្នុង ៣៨.២.៨.៦ ។ ប្រសិនបើបុគ្គលនេះគឺជាអតីតសមាជិកម្នាក់ ដែលចង់ត្រឡប់ចូលមកវិញ នោះប៊ីស្សព និងប្រធានស្តេកធ្វើតាមសេចក្តីណែនាំនៅក្នុង៣៨.២.៨.៦ ( សូមមើលផងដែរ ៣២.១៦ ) ។
សំណើនេះគួរតែពិពណ៌នាអំពីការជាប់ពាក់ព័ន្ធក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាពពីអតីតកាលរបស់បុគ្គលនោះ ។ វាក៏គួរតែពិពណ៌នាអំពីការប្រែចិត្ត និងស្ថានភាពគ្រួសារបច្ចុប្បន្នរបស់គាត់ ឬនាងផងដែរ ។
៣៨.២.៨.៩
បុគ្គលទាំងឡាយដែលត្រូវបានកំណត់ថាបុគ្គលប្តូរភេទ
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ត្រូវបានទទួលស្របតាមភេទជីវសាស្ត្រពីកំណើតរបស់បុគ្គលនោះ ។ បុគ្គលដែលមានភាពសក្តិសមដែលពុំទៅធ្វើការវះកាត់ពីគ្រូពេទ្យ ឬការផ្លាស់ប្តូរសង្គមទៅជាភេទផ្ទុយពីភេទជីវសាស្ត្រពីកំណើតទេ នោះអាចទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាន ។ ( សម្រាប់និយមន័យនៃការផ្លាស់ប្ដូរខាងសង្គម សូមមើល ៣៨.៦.២៣ ) ។
ប្រសិនបើមានករណីលើកលែងណាមួយ ចំពោះគោលនយោបាយនេះ នោះតម្រូវឲ្យមានការអនុម័តមកពីគណៈប្រធានទីមួយ ។ ដើម្បីស្នើសុំការអនុម័ត ប្រធានបេសកកម្ម ឬប្រធានស្តេក ចំពោះកុមារអាយុ ៨ ឆ្នាំ ចូរសម្ភាសបុគ្គលនេះ ។ ប្រសិនបើគាត់រកឃើញថាបុគ្គលនោះមានភាពសក្តិសម ហើយប្រសិនបើគាត់ផ្តល់អនុសាសន៍ឲ្យធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះគាត់អាចបញ្ជូនសំណើរសុំអនុម័តទៅកាន់គណៈប្រធានទីមួយដោយប្រើ ធ.ថ.ស ។
ប្រសិនបើគណៈប្រធានទីមួយអនុម័តឲ្យទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ តែបុគ្គលនោះនឹងមិនអាចទទួលបានបព្វជិតភាព ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ឬការហៅមួយចំនួនរបស់សាសនាចក្រទេខណៈពេលកំពុងផ្លាស់ប្តូរភេទ ។ ទោះជាយ៉ាងណា បុគ្គលម្នាក់ៗអាចចូលរួមក្នុងសាសនាចក្របានតាមរបៀបផ្សេងៗទៀត ។
បុគ្គលដែលបានបោះជំហានទៅកាន់ការផ្លាស់ប្តូរភេទ ក្រោយមកប្តូរទៅភេទជីវសាស្ត្រពីកំណើតរបស់ពួកគេវិញ ហើយមានភាពសក្ដិសម ហើយបានប្តេជ្ញារក្សាបទបញ្ញត្តិរបស់ព្រះ នោះអាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បាន ។
ប្រធានបេសកកម្ម ឬប្រធានស្តេកចំពោះកុមារអាយុប្រាំបីឆ្នាំ ត្រូវដោះស្រាយស្ថានភាពនីមួយៗដោយប្រុងប្រយ័ត្ន និងដោយសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ។ ពួកគេស្វែងរកដំបូន្មានពីគណៈប្រធានតំបន់ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៦.២៣ ។
៣៨.២.៩
ការតែងតាំងបព្វជិតភាព
សម្រាប់ព័ត៌មានទូទៅអំពីការតែងតាំងបព្វជិតភាព សូមមើល ១៨.១០ ។
៣៨.២.៩.១
សមាជិកថ្មី
នៅពេលបងប្អូនប្រុសម្នាក់បានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះគាត់មានសិទ្ធិដើម្បីបានតែងតាំងក្នុងតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន ប្រសិនបើគាត់មានអាយុយ៉ាងតិច ១២ ឆ្នាំនៅត្រឹមចុងឆ្នាំនោះ ។ ប៊ីស្សពសម្ភាសគាត់ភ្លាមៗ បន្ទាប់ពីពិធីបញ្ជាក់របស់គាត់ ជាធម្មតាក្នុងពេលមួយសប្ដាហ៍ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពបង្ហាញបងប្អូនប្រុសនោះនៅក្នុងការប្រជុំសាក្រាម៉ង់ ដើម្បីឲ្យសមាជិកវួដអាចគាំទ្រដល់ការតែងតាំងរបស់គាត់ដែលបានស្នើនេះ ( សូមមើល ១៨.១០.៣ ) ។ បន្ទាប់មក គាត់អាចត្រូវបានតែងតាំងឲ្យមានតំណែងសមរម្យ ៖
-
ឌីកុន ប្រសិនបើគាត់នឹងឈានចូលអាយុ ១២ ឬ ១៣ ឆ្នាំនៅត្រឹមចុងឆ្នាំ
-
គ្រូ ប្រសិនបើគាត់នឹងឈានចូលអាយុ ១៤ ឬ ១៥ ឆ្នាំនៅត្រឹមចុងឆ្នាំ
-
សង្ឃ ប្រសិនបើគាត់នឹងមានអាយុ ១៦ ឆ្នាំឡើងនៅត្រឹមចុងឆ្នាំ; ប្រសិនបើគាត់មានអាយុ ១៩ ឆ្នាំឡើង នោះគាត់ក៏អាចត្រូវបានពិចារណាជាអនាគតអែលឌើរផងដែរ ( សូមមើល ៣៨.២.៩.៣ ) ។
សមាជិកថ្មីមានសិទ្ធិទទួលបព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ នៅពេលគាត់ ៖
-
មានអាយុ ១៨ ឆ្នាំឡើងទៅ ។
-
បានបម្រើជាសង្ឃ ( ពុំតម្រូវឲ្យមានពេលវេលាជាក់លាក់នោះទេ ) ។
-
មានការយល់ដឹងល្មមគ្រប់គ្រាន់អំពីដំណឹងល្អ ។
-
បង្ហាញពីភាពស័ក្ដិសម ។
បងប្អូនប្រុសដែលទើបបានជ្រមុជទឹកហើយថ្មីៗ មិនត្រូវបានតែងតាំងនៅថ្ងៃដែលពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក ឬពិធីបញ្ជាក់នោះទេ ។ ពួកគេត្រូវទទួលការសម្ភាសពីប៊ីស្សព និងបានគាំទ្រដោយសមាជិកវួដជាមុនសិន ។
ពិធីបុណ្យជ្រមុជទឹកនៃសមាជិកក្រុមគ្រួសារមិនគួរពន្យារពេល ដើម្បីឲ្យឪពុកអាចទទួលបព្វជិតភាព ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យដោយខ្លួនគាត់នោះទេ ។
៣៨.២.៩.២
យុវជន ដែលឪពុកម្តាយមិនបានរៀបការ ( រួមទាំងបានលែងលះគ្នា )
យុវជនម្នាក់ត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាពអើរ៉ុន នៅពេលដែលប៊ីស្សពទទួលបានការអនុញ្ញាតពីឪពុកម្ដាយ ឬអាណាព្យាបាល ។ ការអនុញ្ញាតនេះមិនទាមទារពីឪពុកម្តាយ ឬអាណាព្យាបាល ដែលគ្មានមូលដ្ឋានស្របច្បាប់ជំទាស់នឹងការតែងតាំងនោះទេ ។
ប្រសិនបើយុវជននេះមានឈ្មោះត្រកូលតាមឪពុកចុងរបស់គាត់ នោះគាត់អាចត្រូវបានតែងតាំងតាមឈ្មោះនោះបាន ។ រឿងនេះជាការពិត ទោះបីជាគាត់មិនត្រូវបានសុំមកចិញ្ចឹមជាផ្លូវការក្ដី ។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះស្របច្បាប់របស់យុវជននោះ ដូចដែលបានកំណត់ដោយច្បាប់ក្នុងមូលដ្ឋាន ឬទំនៀមទម្លាប់គួរតែត្រូវបានកត់ត្រានៅលើវិញ្ញាបនបត្រនៃការតែងតាំងនោះ ។
៣៨.២.៩.៣
អ្នកត្រៀមទទួលតំណែងអែលឌើរ
អ្នកត្រៀមទទួលតំណែងអែលឌើរ គឺជាសមាជិកភេទបុ្រសក្នុងសាសនាចក្រអាយុពី ១៩ ឆ្នាំឡើងទៅ ដែលមិនទាន់កាន់បព្វជិតភាពមិលគីស្សាដែក ។ បងប្អូនប្រុសដែលបានរៀបការរួច ហើយមានអាយុតិចជាង ១៩ ឆ្នាំ ហើយមិនទាន់កាន់បព្វជិតភាពម៉ិលគីស្សាដែក ក៏ជាអ្នកត្រៀមទទួលតំណែងអែលឌើរផងដែរ ។
នៅក្រោមការដឹកនាំរបស់ប៊ីស្សព គណៈប្រធានកូរ៉ុមអែលឌើរធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកត្រៀមទទួលតំណែងជាអែលឌើរ ដើម្បីជួយពួកគេឲ្យរៀបចំខ្លួនទទួលបព្វជិតភាពម៉ិលគីស្សាដែក ។ ប្រសិនបើអ្នកត្រៀមទទួលតំណែងអែលឌើរ មិនមែនជាសង្ឃទេ នោះគាត់គួរតែត្រូវបានតែងតាំងជាសង្ឃភ្លាមៗ នៅពេលដែលគាត់មានភាពស័ក្តិសម ។ គាត់មិនចាំបាច់ត្រូវតែងតាំងជាឌីកុន ឬគ្រូ ជាមុនសិននោះទេ ។ គាត់អាចត្រូវបានតែងតាំងជាអែលឌើរ នៅពេលគាត់បានបង្កើនការយល់ដឹងអំពីដំណឹងល្អបានល្មមគ្រប់គ្រាន់ និងបានបង្ហាញពីភាពស័ក្តិសមរបស់គាត់ ។ ប៊ីស្សព និងប្រធានស្តេកសម្ភាសគាត់ដើម្បីធ្វើការសម្រេចចិត្តនេះ ( សូមមើល ៣១.២.៦ ) ។
សម្រាប់ព័ត៌មានបន្ថែមអំពីការជួយអ្នកត្រៀមខ្លួនទទួលតំណែងអែលឌើរ ឲ្យរៀបចំខ្លួនទទួលបព្វជិតភាពម៉ិលគីស្សាដែក សូមមើល ៨.៤ ។
៣៨.២.៩.៤
បងប្អូនប្រុសដែលបានផ្លាស់ប្ដូរវួដនៅអំឡុងមួយឆ្នាំចុងក្រោយ
ពេលខ្លះ បងប្អូនប្រុសម្នាក់ដែលបានរស់នៅក្នុងវួដមួយតិចជាងមួយឆ្នាំដែលត្រូវការ ឬមានបំណងចង់តែងតាំងទៅក្នុងតំណែងបព្វជិតភាពម៉ិលគីស្សាដែក ។ នៅក្នុងស្ថានភាពនោះ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងមួយរូប ធ្វើការទាក់ទងទៅប៊ីស្សពមុន ដើម្បីសួរថាតើមានបញ្ហាភាពស័ក្ដិសមណាដែលត្រូវពិចារណាដែរឬទេ ។ ប្រសិនបើទីប្រឹក្សាដឹងថា មានព័ត៌មានសម្ងាត់ នោះគាត់បញ្ចប់ការសន្ទនានេះ ។ គាត់ជម្រាបដល់ប៊ីស្សពរបស់គាត់ឲ្យទាក់ទងទៅប៊ីស្សពមុន ពីមុនពេលដឹកនាំការសម្ភាស ។
៣៨.២.៩.៥
បងប្អូនប្រុសនៅក្នុងវួដយុវមជ្ឈិមវ័យនៅលីវ និងវួដមជ្ឈិមវ័យនៅលីវ
បុរសដែលមានភាពស័ក្តិសម ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅនៅក្នុងវួដយុវមជ្ឈិមវ័យនៅលីវ និងវួដមជ្ឈិមវ័យនៅលីវ គួរតែត្រូវបានតែងតាំងជាអែលឌើរ ។ អស់អ្នកដែលមិនបានតែងតាំងជាអែលឌើរ គឺជាផ្នែកមួយនៃកូរ៉ុមអែលឌើរ ក្នុងនាមជាអ្នកត្រៀមទទួលតំណែងអែលឌើរ ។
៣៨.២.៩.៦
យុទ្ធជនកងទ័ពនៅក្នុងតំបន់សង្រ្គាម ឬតំបន់ដាច់ស្រយាល
យុទ្ធជនកងទ័ព ជាធម្មតាត្រូវបានសម្ភាស និងតែងតាំងនៅក្នុងវួដ ដែលមានកំណត់ហេតុសមាជិកភាពរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ ការងារនេះមិនអាចធ្វើទៅបានទេ ប្រសិនបើយុទ្ធជនរូបនេះស្ថិតនៅឯនាយសមុទ្ររយៈពេលវែង ឬកំពុងតែបម្រើនៅក្នុងតំបន់សង្រ្គាម ឬតំបន់ដាច់ស្រយាល ។ នៅក្នុងករណីដូច្នេះ យុទ្ធជនរូបនេះជួបជាមួយនឹងអ្នកដឹកនាំក្រុមសមាជិកបម្រើកងទ័ពរបស់គាត់ ។ ប្រសិនបើអ្នកដឹកនាំក្រុមនោះមានអារម្មណ៍ថា យុទ្ធជនរូបនេះ រៀបចំខ្លួនជាស្រេចដើម្បីត្រូវបានតែងតាំង នោះគាត់ចេញអនុសាសន៍ជាលាយលក្ខណ៍អក្សរផ្ញើទៅកាន់អ្នកដឹកនាំជាអធិបតីនៃអង្គភាពសាសនាចក្រ ដែលមើលការខុសត្រូវលើក្រុមសមាជិកបម្រើកងទ័ពនោះ ។ (ប្រសិនបើពុំមានអង្គភាពសាសនាចក្រមួយបែបនោះទេ នោះគាត់ចេញអនុសាសន៍ទៅកាន់គណៈប្រធានទីមួយ ) ។ អ្នកដឹកនាំនោះទាក់ទងទៅប៊ីស្សពនៅវួដដើមរបស់យុទ្ធជនរូបនេះ ដើម្បីកំណត់បញ្ជាក់ពីភាពស័ក្តិសមរបស់បុរសនេះ ។
ចំពោះការតែងតាំងតំណែងបព្វជិតភាពអើរ៉ុន អ្នកដឹកនាំជាអធិបតីអាចអនុញ្ញាតឲ្យអ្នកដឹកនាំក្រុម ឬបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ ធ្វើការសម្ភាសដល់បុគ្គលនោះ ហើយមើលការខុសត្រូវលើការតែងតាំងនោះបាន ។ ចំពោះការតែងតាំងតំណែងជាអែលឌើរ ប្រធានស្តេក ប្រធានបេសកកម្ម ឬគណៈប្រធានតំបន់អាចអនុញ្ញាតឲ្យបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយសម្ភាសបុគ្គលនោះ និងមើលការខុសត្រូវលើការតែងតាំងនោះបាន ។ រាល់ការតែងតាំងទាំងអស់គួរតែត្រូវបានតែងតាំង ឬចុះសច្ចាប័ន ដូចបានពន្យល់នៅក្នុង ១៨.១០.៣ ។
៣៨.២.៩.៧
បងប្អូនប្រុសដែលមានជំងឺសរសៃប្រសាទ
សមាជិកបុរសដែលមានពិការភាពខាងបញ្ញា នោះឪពុកម្តាយរបស់គាត់ ( បើមាន ) និងប៊ីស្សពប្រឹក្សាជាមួយគ្នាថាតើគាត់គួរតែទទួលបព្វជិតភាពឬអត់ ។ ពួកគាត់ប្រឹក្សាគ្នាអំពីបំណងប្រាថ្នារបស់គាត់ ហើយថាតើគាត់មានការយល់ដឹងគ្រឹះពីបព្វជិតភាព និងទំនួលខុសត្រូវរបស់គាត់ដែរឬអត់ ។
ពួកអ្នកកាន់បព្វជិតភាពដែលមានពិការភាពដូច្នេះ គួរតែត្រូវបានទទួលជំនួយ ដើម្បីពួកគេអាចបំពេញករណីកិច្ចបព្វជិតភាពបានពេញលេញទៅតាមលទ្ធភាព ។
៣៨.២.៩.៨
បងប្អូនប្រុសដែលបានអនុញ្ញាតឲ្យចូលមកវិញ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
នៅពេលបុរសម្នាក់ដែលមិនបានទទួលអំណោយទានពិសិដ្ឋពីមុនមក បានចូលមកក្នុងសាសនាចក្រជាថ្មីម្ដងទៀត តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះគាត់អាចត្រូវបានតែងតាំងភ្លាមៗបន្ទាប់ពីនោះ ។ គាត់ត្រូវបានតែងតាំងទៅក្នុងតំណែងបព្វជិតភាព ដែលគាត់បានកាន់ពីមុន នៅពេលដែលបានដកហូត ឬលាលែងសមាជិកភាពរបស់គាត់ ។
ប្រសិនបើបុរសនេះធ្លាប់ទទួលបានអំណោយទានពិសិដ្ឋពីមុនមក នោះគាត់មិនត្រូវបានតែងតាំងទៅក្នុងតំណែងបព្វជិតភាពនោះទេ ។ ផ្ទុយទៅវិញ តំណែងពីមុនរបស់គាត់ត្រូវបានស្ដារឡើងវិញ តាមរយៈពិធីបរិសុទ្ធនៃការស្តារឡើងវិញនូវពរជ័យទាំងឡាយ ។
សម្រាប់ព័ត៌មាន និងសេចក្ដីណែនាំបន្ថែម សូមមើល ៣២.១៧ ។
៣៨.២.៩.៩
បុគ្គលដែលស្គាល់ថាជាបុគ្គលប្តូរភេទ
ការតែងតាំងបព្វជិតភាព ត្រូវបានទទួលស្របតាមភេទជីវសាស្ត្រពីកំណើតរបស់បុគ្គលនោះ ។ សមាជិកសាសនាចក្របុរសដែលមានភាពស័ក្ដិសម ដែលមិនបានព្យាយាមធ្វើការផ្លាស់ប្ដូរភេទជីវសាស្ត្រពីកំណើតរបស់គាត់ដោយ ការវះកាត់ ខាងវេជ្ជសាស្ត្រ ឬការផ្លាស់ប្ដូរខាងសង្គមទេ នោះអាចទទួល និងអនុវត្តបព្វជិតភាពបាន ។ ( សម្រាប់និយមន័យនៃការផ្លាស់ប្ដូរខាងសង្គម សូមមើល ៣៨.៦.២៣ ) ។
សមាជិកបុរសដែលបានបោះជំហានទៅកាន់ការផ្លាស់ប្តូរភេទ ក្រោយមកប្តូរទៅភេទជីវសាស្ត្រពីកំណើតរបស់ពួកគេវិញ ហើយមានភាពសក្ដិសម ហើយបានប្តេជ្ញារក្សាបទបញ្ញត្តិរបស់ព្រះ នោះអាចទទួល និងអនុវត្តបព្វជិតភាពបាន ។
ប៊ីស្សពប្រឹក្សាជាមួយប្រធានស្ដេក ដើម្បីដោះស្រាយស្ថានភាពរបស់បុគ្គលម្នាក់ៗដោយប្រុងប្រយ័ត្ន និងដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ ប្រធានស្តេក និងប្រធានបេសកកម្មស្វែងរកដំបូន្មានមកពីគណៈប្រធានតំបន់ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៦.២៣ ។
៣៨.២.១០
ពរជ័យអយ្យកោ
សម្រាប់ព័ត៌មានទូទៅអំពីពរជ័យអយ្យកោ សូមមើល ៖
-
វគ្គ ១៨.១៧ នៅក្នុងក្បួនខ្នាតនេះ ។
-
ព័ត៌មាន និងយោបល់សម្រាប់លោកអយ្យកោ ។
-
ការប្រជុំបំពាក់បំប៉នភាពជាអ្នកដឹកនាំទូទាំងពិភពេលាក ៖ លោកអយ្យកោ ។
៣៨.២.១០.១
សមាជិកដែលមានពិការភាពផ្នែកបញ្ញា
សមាជិកម្នាក់ដែលមានពិការភាពផ្នែកបញ្ញា នោះឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់ ឬរបស់នាង ( បើមាន ) និងប៊ីស្សពប្រឹក្សាជាមួយគ្នាថាតើគាត់ ឬនាងគួរតែទទួលពរជ័យអយ្យកោឬអត់ ។ ពួកគាត់ពិចារណាពីបំណងប្រាថ្នារបស់សមាជិករូបនេះ ហើយថាតើគាត់ ឬនាងមានសមត្ថភាពមូលដ្ឋានដើម្បីយល់ពីពរជ័យនេះដែរឬទេ ។ ប្រសិនបើគាត់ ឬនាងមានសមត្ថភាព នោះសមាជិកម្នាក់នៃគណៈប៊ីស្សពអាចចេញប័ណ្ណពរជ័យអយ្យកោឲ្យបាន ។ សេចក្ដីណែនាំមាននៅក្នុង ១៨.១៧ ។
៣៨.២.១០.២
ពួកអ្នកផ្សព្វផ្សាយសាសនា
ពរជ័យអយ្យកោអាចជាប្រភពនៃកម្លាំងខាងវិញ្ញាណសម្រាប់អ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ ប្រសិនបើអាចធ្វើបាន សមាជិកម្នាក់គួរតែទទួលបានពរជ័យអយ្យកោ មុនពេលចាប់ផ្តើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ នៅពេលណាមិនអាចធ្វើទៅបានទេ គាត់ ឬនាងអាចទទួលបានពរជ័យអយ្យកោនៅក្នុងបេសកកម្មរបស់គាត់ ឬនាងបាន ។ ប្រធានបេសកកម្មធ្វើការសម្ភាសអ្នកផ្សព្វផ្សាយសាសនារូបនេះ ហើយរៀបចំចេញប័ណ្ណពរជ័យអយ្យកោឲ្យ ។ សេចក្ដីណែនាំមាននៅក្នុង ១៨.១៧ ។
អ្នកផ្សព្វផ្សាយសាសនាម្នាក់នៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ( អិម.ធី.ស៊ី. ) អាចទទួលបានពរជ័យអយ្យកោបាន តែក្នុងលក្ខខណ្ឌដែលបានអនុវត្តដូចខាងក្រោមប៉ុណ្ណោះ ៖
-
អ្នកផ្សព្វផ្សាយសាសនាមកពីតំបន់មួយ ដែលគ្មានលោកអយ្យកោអាចផ្ដល់ពរជាភាសាកំណើតរបស់អ្នកផ្សព្វផ្សាយសាសនានោះបាន ។
-
អ្នកផ្សព្វផ្សាយសាសនាដែលនឹងបម្រើនៅក្នុងបេសកកម្មមួយ ដែលគ្មានលោកអយ្យកោអាចផ្ដល់ពរជាភាសាកំណើតរបស់អ្នកផ្សព្វផ្សាយសាសនានោះបាន ។
-
លោកអយ្យកោនៅក្បែរ អិម.ធី.ស៊ី. អាចផ្ដល់ពរជាភាសាកំណើតរបស់អ្នកផ្សព្វផ្សាយសាសនានោះបាន ។
៣៨.២.១០.៣
សមាជិកដែលចូលបម្រើកងទ័ព
ពរជ័យអយ្យកោអាចជាប្រភពនៃកម្លាំងខាងវិញ្ញាណ សម្រាប់សមាជិកម្នាក់ដែលកំពុងបម្រើនៅក្នុងកងទ័ព ។ ប្រសិនបើអាចធ្វើបាន សមាជិកដែលមានភាពស័ក្ដិសមម្នាក់គួរតែទទួលបានពរជ័យអយ្យកោ មុនពេលចុះឈ្មោះចូលបំពេញភារកិច្ចកងទ័ព ។
ប្រសិនបើការណ៍នេះមិនអាចធ្វើទៅបានទេ សមាជិករូបនេះអាចទទួលបានពរជ័យអយ្យកោនៅឯមូលដ្ឋានកងទ័ពអចិន្រ្ដៃយ៍របស់គាត់ ឬនាងបាន ។ សមាជិកមួយរូបនៃគណៈប៊ីស្សពនៅទីនោះធ្វើការសម្ភាសសមាជិករូបនេះ ហើយរៀបចំចេញប័ណ្ណពរជ័យអយ្យកោឲ្យ ។ សេចក្ដីណែនាំមាននៅក្នុង ១៨.១៧ ។
សម្រាប់ព័ត៌មានបន្ថែមទៀត ប្រធានស្ដេកអាចទាក់ទងទៅការិយាល័យនៃកូរ៉ុមពួកដប់ពីរនាក់បានតាមរយៈអ៊ីម៉ែល Q12Patriarchs@ChurchofJesusChrist.org ។
៣៨.២.១០.៤
សមាជិកដែលរស់នៅក្រៅស្ដេករបស់លោកអយ្យកោ
ជាធម្មតា សមាជិកម្នាក់ទទួលបានពរជ័យអយ្យកោមកពីលោកអយ្យកោនៅក្នុងស្តេករបស់គាត់ ឬនាង ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកម្នាក់អាចទទួលបានពរជ័យមកពីលោកអយ្យកោមកពីស្ដេកផ្សេងទៀតបាន ប្រសិនបើគាត់ ឬនាង ៖
-
គឺជាកូនចៅរបស់លោកអយ្យកោដោយផ្ទាល់ ( កូន ចៅ ឬចៅទួត ) តាមរយៈកំណើត ឬការសុំមកចិញ្ចឹម ។
-
រស់នៅក្នុងស្តេកមួយ ដែលមិនមានលោកអយ្យកោអាចផ្ដល់ពរឲ្យបានទេ ។
-
រស់នៅក្នុងមណ្ឌល ។
-
និយាយភាសាខុសពីភាសារបស់លោកអយ្យកោស្តេក ហើយលោកអយ្យកោនៅក្នុងស្តេកជិតខាងនោះចេះនិយាយភាសារបស់សមាជិករូបនេះ ។
នៅក្នុងករណីទាំងនេះនីមួយៗ សមាជិកមួយរូបនៃគណៈប៊ីស្សព ឬប្រធានសាខាធ្វើការសម្ភាសសមាជិករូបនេះ ដូចមានរៀបរាប់នៅក្នុង ១៨.១៧ ។ សមាជិកម្នាក់នៃគណៈប្រធានស្ដេករបស់លោកអយ្យកោ និងសមាជិកម្នាក់នៃគណៈប្រធានស្ដេក ឬគណៈប្រធានបេសកកម្មរបស់អ្នកទទួល ត្រូវតែផ្ដល់ការអនុម័តលើប័ណ្ណនេះតាមរយៈ ប្រព័ន្ធពររបស់លោកអយ្យកោ ។
៣៨.២.១០.៥
ការបកប្រែពររបស់លោកអយ្យកោ
ការបំផុសគំនិត និងអត្ថន័យនៃពររបស់លោកអយ្យកោគឺពិបាកនឹងពន្យល់នៅក្នុងការបកប្រែណាស់ ។ ដោយសារហេតុផលនេះហើយ ទើបសមាជិកគួរតែទទួលពររបស់ពួកគេជាភាសា ដែលពួកគេយល់បានច្បាស់បំផុត ។ សាសនាចក្រមិនផ្តល់ការបកប្រែជាលាយលក្ខណ៍អក្សរចំពោះពរជ័យអយ្យកោទេ ។
ហើយសមាជិកទាំងឡាយក៏មិនត្រូវបានលើកទឹកចិត្តឲ្យបកប្រែពរជ័យអយ្យកោដែរ ។ ប៉ុន្ដែពេលខ្លះ សមាជិកត្រូវការឲ្យពរជ័យនោះបកប្រែជាភាសាដែលគាត់យល់ ។ សមាជិករូបនេះអាចរកសមាជិកដែលទុកចិត្តបាន និងមានភាពស័ក្ដិសមម្នាក់ក្នុងសាសនាចក្រ ដែលអាចផ្ដល់ការបកប្រែបាន ។ សមាជិករូបនេះគួរតែជ្រើសរើសអ្នកបកប្រែដែលមានជំនាញ ដែលយល់ពីលក្ខណៈខាងវិញ្ញាណ និងរក្សាការសម្ងាត់នៃពរនោះបាន ។ ច្បាប់ចម្លងនៃពរដែលបានបកប្រែ មិនត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលនៃសាសនាចក្រឡើយ ។
ប្រធានស្តេកអាចស្នើសុំច្បាប់ចម្លងនៃពរជ័យអយ្យកោជាអក្សរសម្រាប់មនុស្សពិការភ្នែកបាន ។ គាត់ទាក់ទងទៅការិយាល័យនៃកូរ៉ុមពួកដប់ពីរនាក់បានតាមអ៊ីម៉ែល Q12Patriarchs@ChurchofJesusChrist.org ។
៣៨.២.១០.៦
ការបកប្រែពររបស់លោកអយ្យកោជាភាសា‑គ
ប្រសិនបើសមាជិកម្នាក់ថ្លង់ ឬពិបាកស្ដាប់បាន នោះពររបស់លោកអយ្យកោរបស់គាត់ ឬនាងអាចត្រូវបានបកប្រែទៅជាភាសា‑គបាន ។ សមាជិករូបនេះរកអ្នកបកប្រែម្នាក់ ។ វាគឺជាការណ៍ល្អបំផុត ប្រសិនបើបុគ្គលនេះគឺជាសមាជិកដែលទុកចិត្តបាន និងមានភាពស័ក្ដិសមម្នាក់ក្នុងសាសនាចក្រ ដែលយល់ពីសារៈសំខាន់នៃគោលលទ្ធិនៃពររបស់លោកអយ្យកោ ។ ទោះជាយ៉ាងណា នៅពេលរកមិនបានសមាជិកសាសនាចក្រទេនោះ បុគ្គលដែលមានសមត្ថភាពម្នាក់ទៀតក៏អាចផ្ដល់ការបកប្រែបានដែរ ។
៣៨.២.១០.៧
ពរជ័យអយ្យកោទីពីរ
នៅក្នុងកាលៈទេសៈដ៏កម្រខ្លាំងមួយ សមាជិកដែលមានភាពស័ក្ដិសមម្នាក់អាចស្នើសុំពរជ័យអយ្យកោទីពីរបាន ។ ប៉ុន្ដែ នេះជារឿងដែលមិនត្រូវបានលើកទឹកចិត្តនោះទេ ហើយសំណើនេះអាចមិនត្រូវបានអនុម័តឲ្យឡើយ ។ ប្រសិនបើសមាជិកម្នាក់មានមូលហេតុដ៏សំខាន់សម្រាប់សំណើបែបនោះ គាត់ ឬនាងនឹងត្រូវពិភាក្សាវាជាមួយនឹងប៊ីស្សព ។ ប្រសិនបើប៊ីស្សពមានអារម្មណ៍ថា ពរជ័យទីពីរគឺចាំបាច់ នោះគាត់រៀបចំចេញប័ណ្ណពរជ័យអយ្យកោមួយ ។ សេចក្ដីណែនាំមាននៅក្នុង ១៨.១៧ ។
រួចហើយប្រធានស្តេកធ្វើការសម្ភាសសមាជិករូបនេះ ហើយអានពរជ័យដើមជាមួយនឹងគាត់ ឬនាង ។ ប្រសិនបើគាត់មានអារម្មណ៍ថា ពរជ័យទីពីរគឺចាំបាច់ នោះគាត់ស្វែងរកការអនុម័តមកពីការិយាល័យនៃកូរ៉ុមនៃពួកដប់ពីរនាក់ តាមរយៈអ៊ីម៉ែល Q12Patriarchs@ChurchofJesusChrist.org ។
ប្រធានស្តេកជូនដំណឹងទៅអ្នកទទួល និងលោកអយ្យកោអំពីសេចក្ដីសម្រេចរបស់ការិយាល័យនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប្រសិនបើសំណើនេះត្រូវបានអនុម័ត នោះប្រធានស្ដេកផ្ដល់ការអនុម័តលើប័ណ្ណនេះនៅក្នុងប្រព័ន្ធពររបស់លោកអយ្យកោ ។ ប្រធានស្ដេកប្រាប់ទៅអ្នកទទួលថា ពរជ័យទីពីរនេះនឹងជំនួសឲ្យពរជ័យដើម ។ បន្ទាប់មក លោកអយ្យកោអាចផ្ដល់ពរជ័យអយ្យកោទីពីរបាន ។
៣៨.៣
អាពាហ៍ពិពាហ៍ស៊ីវិល
ថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តឲ្យសមាជិកមានភាពស័ក្តិសមសម្រាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ហើយបានរៀបការ និងផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ប្រសិនបើបានអនុញ្ញាតដោយច្បាប់ស៊ីវិល នោះថ្នាក់ដឹកនាំសាសនាចក្រអាចធ្វើអាពាហ៍ពិពាហ៍ស៊ីវិលនៅក្នុងកាលៈទេសៈដូចខាងក្រោមនេះ ៖
-
គូស្វាមីភរិយាមានគម្រោងនឹងរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្ដែ អាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធមិនត្រូវបានគេទទួលស្គាល់តាមផ្លូវច្បាប់នោះទេ ។
-
គូស្វាមីភរិយានឹងរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្ដែអាពាហ៍ពិពាហ៍ស៊ីវិលនឹងជួយឪពុកម្ដាយ ឬសមាជិកគ្រួសារជិតដិតឲ្យមានអារម្មណ៍ថាត្រូវបានគេរាប់អាន ។
-
ការចូលទៅព្រះវិហារបរិសុទ្ធត្រូវបានបិទក្នុងរយៈពេលមួយវែង ។
-
គូស្វាមីភរិយាមិនមានគម្រោងនឹងរៀបការនៅក្នុងព្រះវិហារបរិសុទ្ធនោះទេ ។
អាពាហ៍ពិពាហ៍ស៊ីវិលមានសុពលភាពបាន លុះត្រាតែគូស្វាមីភរិយានោះនៅរស់ ។ អាពាហ៍ពិពាហ៍ស៊ីវិលនេះមិនអាចបន្តហួសពីជីវិតរមែងស្លាប់នេះបានទេ ។
អាពាហ៍ពិពាហ៍ស៊ីវិលគួរតែធ្វើឡើងស្របទៅតាមច្បាប់នៅក្នុងទីកន្លែងដែលរៀបអាពាហ៍ពិពាហ៍ ។
អាពាហ៍ពិពាហ៍ស៊ីវិល និងពិធីសាសនាដែលជាប់ទាក់ទង មិនគួរធ្វើឡើងនៅថ្ងៃឈប់សម្រាកឡើយ ។ ហើយវាក៏មិនគួរធ្វើឡើងនៅម៉ោងដែលមិនសមរម្យផងដែរ ។
ប៊ីស្សពពិគ្រោះជាមួយនឹងប្រធានស្តេករបស់គាត់ ប្រសិនបើគាត់មានសំណួរអំពីអាពាហ៍ពិពាហ៍ស៊ីវិល ដែលមិនបានឆ្លើយតបនៅក្នុងវគ្គនេះ ។ ប្រធានស្តេកអាចសួរសំណួរទាំងឡាយទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។
៣៨.៣.១
បុគ្គលដែលអាចប្រារព្ធធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល
នៅពេលបានអនុញ្ញាតដោយច្បាប់ក្នុងមូលដ្ឋាន អ្នកកាន់តំណែងក្នុងសាសនាចក្រដែលកំពុងបម្រើនាពេលបច្ចុប្បន្នដូចតទៅនេះ អាចធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលស្របតាមការហៅរបស់ពួកគាត់បាន ៖
-
ប្រធានបេសកកម្ម
-
ប្រធានស្តេក
-
ប្រធានមណ្ឌល
-
ប៊ីស្សព
-
ប្រធានសាខា
អ្នកកាន់តំណែងទាំងនេះអាចធ្វើបានតែអាពាហ៍ពិពាហ៍ស៊ីវិលសម្រាប់បុរសម្នាក់ និងស្ដ្រីម្នាក់ប៉ុណ្ណោះ ។ លក្ខខណ្ឌខាងក្រោមនេះទាំងអស់ត្រូវតែអនុវត្តផងដែរ ៖
-
កូនក្រមុំ ឬកូនកំលោះគឺជាសមាជិកនៃសាសនាចក្រ ឬមានកាលបរិច្ឆេទបុណ្យជ្រមុជទឹក ។
-
កំណត់ត្រាសមាជិកភាពរបស់កូនក្រមុំ ឬរបស់កូនកំលោះកំពុងនៅក្នុង ឬនឹងមកក្នុងអង្គភាពសាសនាចក្ររបស់អ្នកកាន់តំណែងជាអធិបតីនោះ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ។
-
អ្នកកាន់តំណែងក្នុងសាសនាចក្រមានសិទ្ធិអំណាចតាមផ្លូវច្បាប់ ដើម្បីធ្វើអាពាហ៍ពិពាហ៍ស៊ីវិលស្របតាមយុត្តាធិការ ដែលអាពាហ៍ពិពាហ៍នោះនឹងប្រារព្ធឡើង ។
បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយដែលកំពុងជាប់ភារកិច្ចកងទ័ពដ៏សកម្ម អាចធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលដោយពុំមានការអនុម័តជាមុនបាន ។
បព្វជិតដែលបានចាត់ឲ្យទៅអង្គភាពបម្រុង ឬអង្គភាពការពារជាតិ ត្រូវតែទទួលបានការអនុម័តជាមុនមកពីផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រ ដើម្បីធ្វើពិធីរៀបអាពាហ៍ពិពាហ៍ស៊ីវិលបាន ។ សូមមើលព័ត៌មានទំនាក់ទំនងនៅក្នុង ៣៨.៩.១០ ។
បព្វជិតដែលមិនមែនជាកងទ័ព ដែលបម្រើនៅក្នុងអង្គការដូចតទៅនេះ ត្រូវតែទទួលបានការអនុម័តជាមុនមកពីផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រ ដើម្បីធ្វើពិធីរៀបអាពាហ៍ពិពាហ៍ស៊ីវិលបាន ៖
-
មន្ទីរពេទ្យ
-
អង្គការផ្ដល់កន្លែងសំណាក់
-
មជ្ឈមណ្ឌលជួយដល់ជីវិត
-
ពន្ធនាគារ
-
ក្រុមល្បាតព្រំដែន
-
នាយកដ្ឋានប៉ូលីស ឬអគ្គិភ័យ
បព្វជិតដែលចូលនិវត្តន៍ពុំអនុញ្ញាតឲ្យធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលក្នុងសមត្ថភាពរបស់ពួកគាត់ក្នុងនាមជាបព្វជិតបានទេ ។
អ្នកដែលធ្វើពិធីអាពាហ៍ពិពាហ៍នៅក្រោមការហៅបម្រើរបស់ពួកគាត់ក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រ ឬបព្វជិត គួរតែប្រើគោលការណ៍ណែនាំក្នុងវគ្គនេះ ។ ពួកគាត់ក៏ធ្វើតាមតម្រូវការផ្លូវច្បាប់ទាំងអស់ផងដែរ ។
បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយពុំត្រូវបានចាត់ទុកថាជាអធិបតីនៃអ្នកកាន់តំណែងក្នុងសាសនាចក្រទេ លុះត្រាតែពួកគេកំពុងបម្រើជាប្រធានស្តេក ប៊ីស្សព ឬប្រធានសាខា ។ ពេលបព្វជិតម្នាក់ដែលពុំមែនជាអ្នកកាន់តំណែងជាអធីបតីក្នុងសាសនាចក្រ ធ្វើពិធីរៀបអាពាហ៍ពិពាហ៍ស៊ីវិល នោះគាត់ធ្វើវាក្នុងនាមជាភ្នាក់ងាររដ្ឋាភិបាល ឬអង្គការស៊ីវិលដែលគាត់បម្រើប៉ុណ្ណោះ ។ ហេតុដូច្នោះហើយ ពាក្យសម្រាប់ប្រើក្នុងពិធីអាពាហ៍ពិពាហ៍ស៊ីវិលនោះគឺត្រូវបានផ្លាស់ប្តូរបន្តិចសម្រាប់បព្វជិតទាំងនេះ ដូចបានបង្ហាញនៅក្នុង ៣៨.៣.៦ ។
បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយអាចធ្វើបានតែអាពាហ៍ពិពាហ៍ស៊ីវិលសម្រាប់បុរសម្នាក់ និងស្ដ្រីម្នាក់ប៉ុណ្ណោះ ។
អ្នកកាន់តំណែងក្នុងសាសនាចក្រ និងបព្វជិតដែលធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិលឲ្យសមាជិកសាសនាចក្រ គួរតែផ្តល់ព័ត៌មានអំពីអាពាហ៍ពិពាហ៍ចាំបាច់ដល់ស្មៀនវួដ ឬស្មៀនសាខា ។ ស្មៀននឹងធ្វើបច្ចុប្បន្នភាពលើកំណត់ត្រាសមាជិកភាព ។
អ្នកកាន់តំណែងសាសនាចក្រ ឬបព្វជិតដែលធ្វើពិធីរៀបអាពាហ៍ពិពាហ៍ស៊ីវិល នៅក្នុងតំណាងជាសាសនាចក្រមិនទទួលកម្រៃទេ ។
៣៨.៣.២
អាពាហ៍ពិពាហ៍ស៊ីវិលសម្រាប់សមាជិកមកពីអង្គភាពដទៃទៀត
អ្នកកាន់តំណែងសាសនាចក្រមិនអាចធ្វើពិធីអាពាហ៍ពិពាហ៍ឲ្យសមាជិកសាសនាចក្របានទេ នៅពេលទាំងកូនក្រមុំ និងកូនកំលោះមិនមានកំណត់ត្រាសមាជិកភាពនៅក្នុងអង្គភាពសាសនាចក្ររបស់អ្នកដែលអ្នកកាន់តំណែងជាអធិបតីទេនោះ ( សូមមើល ៣៨.៣.១ ) ។ មានករណីលើកលែងមួយសម្រាប់បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអ្នកកាន់តំណែងសាសនាចក្រដែលជាអាជ្ញាធររបស់រដ្ឋាភិបាល ។
៣៨.៣.៣
អាពាហ៍ពិពាហ៍ស៊ីវិលសម្រាប់អ្នកដែលមិនមែនជាសមាជិកសាសនាចក្រ
អ្នកកាន់តំណែងសាសនាចក្រមិនអាចធ្វើពិធីអាពាហ៍ពិពាហ៍បានទេ នៅពេលទាំងកូនក្រមុំ និងកូនកំលោះមិនមែនជាសមាជិកក្នុងសាសនាចក្រនោះ លុះត្រាតែពួកគេម្នាក់ ឬទាំងពីរនាក់មានកាលបរិច្ឆេទធ្វើបុណ្យជ្រមុជទឹក ។ មានករណីលើកលែងមួយសម្រាប់បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអ្នកកាន់តំណែងសាសនាចក្រដែលជាអាជ្ញាធររបស់រដ្ឋាភិបាល ។
៣៨.៣.៤
អាពាហ៍ពិពាហ៍ស៊ីវិលដែលធ្វើនៅក្នុងអគារសាសនាចក្រ
ពិធីជប់លៀងអាពាហ៍ពិពាហ៍អាចធ្វើឡើងនៅក្នុងអគារសាសនាចក្រ ប្រសិនបើគ្មានការប៉ះពាល់ដល់កាលវិភាគនៃកិច្ចការជាទៀងទាត់របស់សាសនាចក្រទេនោះ ។ ពិធីជប់លៀងអាពាហ៍ពិពាហ៍មិនគួរធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬនៅពេលល្ងាចថ្ងៃចន្ទឡើយ ។ ពិធីជប់លៀងអាពាហ៍ពិពាហ៍ដែលធ្វើឡើងនៅក្នុងអគារសាសនាចក្រ គួរតែសាមញ្ញ និងមានភាពថ្លៃថ្នូរ ។ តន្ដ្រីគួរតែជាតន្ដ្រីពិសិដ្ឋ មានគារវភាព និងមានភាពរីករាយ ។
អាពាហ៍ពិពាហ៍អាចធ្វើឡើងនៅក្នុងរោងជំនុំ សាលវប្បធម៌ ឬបន្ទប់ដែលសមរម្យផ្សេងទៀតបាន ។ ពិធីទទួលភ្ញៀវមិនអាចធ្វើឡើងនៅក្នុងរោងជំនុំបានទេ លើកលែងតែវាជាកន្លែងដែលប្រើប្រាស់សម្រាប់គោលបំណងច្រើនយ៉ាង ។ អាពាហ៍ពិពាហ៍គួរតែធ្វើតាមគោលការណ៍ណែនាំស្ដីពីការប្រើប្រាស់សាលាប្រជុំឲ្យបានត្រឹមត្រូវ ( សូមមើល ៣៥.៥.៣ ) ។
សាសនាចក្រពុំអនុញ្ញាតឲ្យអគារសាលាប្រជុំ ឬទ្រព្យសម្បត្តិផ្សេងទៀតយកមកប្រើប្រាស់សម្រាប់គោលបំណងនានា ដែលទាក់ទងនឹងជាមួយនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា ពហុអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍មិនស្របច្បាប់ ឬអាពាហ៍ពិពាហ៍បែបផ្សេងទៀត ដែលមិនត្រូវគ្នានឹងគោលលទ្ធិ ឬគោលនយោបាយរបស់សាសនាចក្រនោះទេ ។
នៅក្នុងកាលៈទេសៈដ៏កម្រ ប៊ីស្សពអាចអនុញ្ញាតឲ្យប្រើអគារសាសនាចក្រសម្រាប់អាពាហ៍ពិពាហ៍ ដែលធ្វើឡើងដោយនរណាម្នាក់ដែលមិនមែនជាអ្នកកាន់តំណែងសាសនាចក្រ ឬសម្រាប់អ្នកដែលមិនមែនជាសមាជិកសាសនាចក្របាន ។ ដំបូង គាត់ត្រូវប្រឹក្សាជាមួយនឹងប្រធានស្តេកជាមុនសិន ។ គាត់ប្រឹក្សាជាមួយនឹងបុគ្គលដែលនឹងធ្វើពិធីអាពាហ៍ពិពាហ៍នេះ ដើម្បីធានាថា គាត់ ឬនាងយល់ពីគោលការណ៍ណែនាំនៅក្នុងវគ្គនេះ ។ សមាជិកមួយរូបនៃក្រុមប្រឹក្សាស្ដេក ឬវួដនឹងចូលរួម ដើម្បីធានាថាមានការប្រើប្រាស់ និងការថែទាំអគារបានត្រឹមត្រូវ ។
ប៊ីស្សពអាចអនុញ្ញាតឲ្យមានការចាក់ផ្សាយបន្ដផ្ទាល់នៃអាពាហ៍ពិពាហ៍មួយ ដែលធ្វើឡើងនៅក្នុងអគារសាសនាចក្របាន ( សូមមើល ២៩.៧ ) ។
៣៨.៣.៥
អាពាហ៍ពិពាហ៍ស៊ីវិលដែលត្រូវតែធ្វើឡើងដោយមន្ត្រីសាធារណៈ ឬនៅតាមកន្លែងសាធារណៈ
នៅក្នុងតំបន់មួយចំនួន ច្បាប់តម្រូវឲ្យពិធីរៀបអាពាហ៍ពិពាហ៍ធ្វើឡើងដោយមន្ត្រីសាធារណៈ ។ ខ្លះទៀត តម្រូវឲ្យពិធីធ្វើឡើងនៅក្នុងអគារសាធារណៈ ឬកន្លែងសាធារណៈដទៃទៀត ។ នៅក្នុងករណីទាំងនេះ អ្នកកាន់តំណែងបព្វជិតភាពដែលមានការអនុញ្ញាតមួយរូបអាចដឹកនាំពិធីខាងសាសនាយ៉ាងខ្លីមួយ បន្ទាប់ពីអាពាហ៍ពិពាហ៍ស៊ីវិល ។ នៅក្នុងពិធីនេះ គាត់ផ្ដល់ពាក្យទូន្មានទៅដល់គូស្វាមីភរិយា ។
៣៨.៣.៦
ពិធីអាពាហ៍ពិពាហ៍ស៊ីវិល
អាពាហ៍ពិពាហ៍គឺជារឿងពិសិដ្ឋ ហើយគួរតែទទួលបានការគោរព និងសេចក្ដីថ្លៃថ្នូរជានិច្ច ។ អាពាហ៍ពិពាហ៍សម្រាប់សមាជិកសាសនាចក្រដែលធ្វើឡើងនៅក្រៅព្រះវិហារបរិសុទ្ធ គួរតែឆ្លុះបញ្ចាំងពីស្មារតីនៃការប្ដេជ្ញាចិត្ត និងអំណរ ។
លើកលែងតែបានកត់ចំណាំផ្សេងពីនេះ ព័ត៌មាននៅក្នុងវគ្គនេះអនុវត្តចំពោះបព្វជិតកងទ័ពនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក៏ដូចជាអ្នកកាន់តំណែងសាសនាចក្រទាំងអស់ ។
មុនពេលធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល អ្នកកាន់តំណែងសាសនាចក្រអាចផ្តល់ដំបូន្មានដល់គូស្វាមីភរិយាអំពីលក្ខណៈពិសិដ្ឋនៃសម្បថអាពាហ៍ពិពាហ៍ ។ គាត់អាចផ្តល់បន្ថែមដំបូន្មានដទៃទៀត តាមដែលព្រះវិញ្ញាណដឹកនាំ ។
ដើម្បីធ្វើពិធីអាពាហ៍ពិពាហ៍ស៊ីវិល អ្នកកាន់តំណែងសាសនាចក្រនិយាយទៅកាន់គូស្វាមីភរិយា ហើយប្រាប់ថា « សូមចាប់ដៃស្តាំគ្នាទៅវិញទៅមក » ។ បន្ទាប់មកគាត់ហៅ « [ ឈ្មោះពេញរបស់កូនកំលោះ ] និង [ ឈ្មោះពេញរបស់កូនក្រមុំ ] អ្នកទាំងពីរបានចាប់ដៃស្តាំគ្នាទៅវិញទៅមក ជាទីសម្គាល់នៃសម្បថទាំងឡាយថា ឥឡូវនេះអ្នកទាំងពីរចូលទៅក្នុងវត្តមានរបស់ព្រះ និងសាក្សីទាំងនេះ » ។ ( គូស្វាមីភរិយាអាចជ្រើសរើស ឬកំណត់យកសាក្សីទាំងនេះជាមុនបាន ) ។
បន្ទាប់មក អ្នកកាន់តំណែងនិយាយទៅកាន់កូនកំលោះ ហើយសួរ « [ ឈ្មោះពេញរបស់កូនកំលោះ ] តើអ្នកយល់ព្រមទទួលយក [ ឈ្មោះពេញរបស់កូនក្រមុំ ] ធ្វើជាភរិយារៀបការពេញច្បាប់របស់អ្នក ហើយសុខចិត្តជ្រើសរើសយកគាត់ធ្វើជាដៃគូ ដោយសន្យាយ៉ាងម៉ឺងម៉ាត់ថា ធ្វើជាស្វាមីរៀបការពេញច្បាប់ ហើយអ្នកនឹងនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ ថាអ្នកនឹងធ្វើតាមរាល់ច្បាប់ ការទទួលខុសត្រូវ និងកាតព្វកិច្ចដែលជាប់ទាក់ទងនឹងស្ថានភាពបរិសុទ្ធនៃអាពាហ៍ពិពាហ៍ ហើយថាអ្នកនឹងស្រឡាញ់ គោរព និងរក្សានាងដរាបណាអ្នកទាំងពីរនៅមានជីវិតដែរឬទេ ? »
កូនកំលោះឆ្លើយ « បាទ » ឬ « ខ្ញុំយល់ព្រម » ។
បន្ទាប់មក អ្នកកាន់តំណែងសាសនាចក្រនិយាយទៅកាន់កូនក្រមុំ ហើយសួរ « [ ឈ្មោះពេញរបស់កូនក្រមុំ ] តើអ្នកយល់ព្រមទទួលយក [ ឈ្មោះពេញកូនកំលោះ ] ធ្វើជាស្វាមីរៀបការពេញច្បាប់របស់អ្នក ហើយសុខចិត្តជ្រើសរើសយកគាត់ធ្វើជាដៃគូ ដោយសន្យាយ៉ាងម៉ឺងម៉ាត់ថា ធ្វើជាភរិយារៀបការពេញច្បាប់ ហើយអ្នកនឹងនៅជាប់នឹងគាត់ ហើយគ្មាននរណាទៀតឡើយ ថាអ្នកនឹងធ្វើតាមរាល់ច្បាប់ ការទទួលខុសត្រូវ និងកាតព្វកិច្ចដែលទាក់ទងនឹងស្ថានភាពបរិសុទ្ធនៃអាពាហ៍ពិពាហ៍ ហើយថាអ្នកនឹងស្រឡាញ់ គោរព និងរក្សាគាត់ ដរាបណាអ្នកទាំងពីរនៅមានជីវិតដែរឬទេ ? »
កូនក្រមុំឆ្លើយ « ចាស » ឬ « ខ្ញុំយល់ព្រម » ។
បន្ទាប់មកអ្នកកាន់តំណែងសាសនាចក្រថ្លែងទៅកាន់ស្វាមីភរិយា ហើយនិយាយថា « ដោយគុណធម៌នៃសិទ្ធិអំណាចស្របច្បាប់ ដែលខ្ញុំមានក្នុងនាមជាអែលឌើរនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំប្រកាសថាអ្នក [ ឈ្មោះកូនកំលោះ ] និង [ ឈ្មោះកូនក្រមុំ ] ជាស្វាមីភរិយា ដែលបានរៀបការស្របច្បាប់ និងត្រឹមត្រូវតាមច្បាប់ សម្រាប់វេលាកាលនៃជីវិតរបស់អ្នក » ។
( ពាក្យកែសម្រួលសម្រាប់បព្វជិតដែលមិនកំពុងបម្រើជាអ្នកកាន់តំណែងក្នុងសាសនាចក្រជាអធិបតី ៖ « ដោយគុណធម៌នៃសិទ្ធិអំណាចស្របច្បាប់ ដែលខ្ញុំមានក្នុងនាមជាបព្វជិតនៅក្នុង [ សាខាកងទ័ព ឬអង្គការស៊ីវិល ] ខ្ញុំប្រកាសថាអ្នក [ ឈ្មោះកូនកំលោះ ] និង [ ឈ្មោះកូនក្រមុំ ] ជាស្វាមីភរិយា ដែលបានរៀបការស្របច្បាប់ និងត្រឹមត្រូវតាមច្បាប់ សម្រាប់វេលាកាលនៃជីវិតរបស់អ្នក » ) ។
« សូមព្រះប្រទានពរឲ្យការចាប់ដៃគ្នារបស់អ្នកទាំងពីរ ពោរពេញទៅដោយអំណរនៅក្នុងកូនចៅជំនាន់ក្រោយរបស់អ្នក ហើយមានជីវិតសុភមង្គលយូរអង្វែងជាមួយគ្នា និងសូមឲ្យទ្រង់ប្រទានពរដល់អ្នកទាំងពីររក្សាបាននូវរាល់សម្បថពិសិដ្ឋដែលអ្នកបានធ្វើ ។ ខ្ញុំសូមឲ្យពរជ័យទាំងនេះកើតមានដល់អ្នកទាំងពីរ នៅក្នុងព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។
ការអញ្ជើញឲ្យថើបគ្នាក្នុងនាមជាស្វាមីភរិយាគឺជាជម្រើស ដោយផ្អែកទៅលើទំនៀមទម្លាប់វប្បធម៌ ។
៣៨.៤
គោលនយោបាយនៃការផ្សារភ្ជាប់
សមាជិកសាសនាចក្រចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះ នៅពេលពួកគេទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធទាំងឡាយ ។ ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធចងភ្ជាប់ក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច នៅពេលសមាជិកគ្រួសារព្យាយាមគោរពតាមសេចក្ដីសញ្ញាទាំងឡាយ ដែលពួកគេបានធ្វើ នៅពេលពួកគេទទួលពិធីបរិសុទ្ធ ។ ពិធីបរិសុទ្ធនៃការផ្សារភ្ជាប់រួមមាន ៖
-
ពិធីផ្សារភ្ជាប់រវាងស្វាមី និងភរិយា ។
-
ពិធីផ្សារភ្ជាប់កូនៗជាមួយនឹងឪពុកម្តាយ ។
៣៨.៤.១
ការផ្សារភ្ជាប់រវាងប្តី និងប្រពន្ធ
តារាងខាងក្រោមនេះពន្យល់ពីកន្លែងដែលត្រូវស្វែងរកគោលនយោបាយសម្រាប់ពិធីផ្សារភ្ជាប់រវាងស្វាមី និងភរិយា ។
|
តម្រូវការ |
វគ្គ |
|---|---|
តម្រូវការ ខ្ញុំបានរៀបការស៊ីវិល ហើយចង់ផ្សារភ្ជាប់នឹងស្វាមី ឬភរិយារបស់ខ្ញុំ ។ | វគ្គ |
តម្រូវការ ខ្ញុំបានលែងលះពីស្វាមី ឬភរិយាដើម ហើយចង់ផ្សារភ្ជាប់នឹងស្វាមី ឬភរិយាបច្ចុប្បន្នរបស់ខ្ញុំ ។ | វគ្គ |
តម្រូវការ ស្វាមី ឬភរិយារបស់ខ្ញុំដែលខ្ញុំបានផ្សារភ្ជាប់ជាមួយបានស្លាប់ ។ តើខ្ញុំអាចផ្សារភ្ជាប់ទៅនឹងអ្នកណានាពេលនេះ ? | វគ្គ |
តម្រូវការ តើខ្ញុំអាចផ្សារភ្ជាប់ជាមួយបុគ្គលដែលបានស្លាប់ដែលខ្ញុំបានរួមរស់ជាមួយដោយមិនបានរៀបការស្របច្បាប់បានឬទេ ? | វគ្គ |
តម្រូវការ ខ្ញុំត្រូវស្នើសុំឲ្យលុបចោលការផ្សារភ្ជាប់ ឬជម្រះការផ្សារភ្ជាប់ ។ | វគ្គ |
តម្រូវការ ខ្ញុំត្រូវការឲ្យដកការដាក់កំហិតលើពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ | វគ្គ |
តម្រូវការ ស្វាមី ឬភរិយារបស់ខ្ញុំ និងខ្ញុំបានរៀបការសម្រាប់តែកាលវេលាប៉ុណ្ណោះនៅក្នុងព្រះវិហារ ។ តើយើងអាចផ្សារភ្ជាប់ទៅនឹងស្វាមី ឬភរិយាម្នាក់ទៀតបានទេ ? | វគ្គ |
តម្រូវការ តើសមាជិកគ្រួសាររបស់ខ្ញុំដែលបានស្លាប់ទៅ អាចផ្សារភ្ជាប់ទៅនឹងអ្នកណា ? | វគ្គ |
តម្រូវការ តើការលែងលះប៉ះពាល់ដល់ការផ្សារភ្ជាប់របស់ខ្ញុំយ៉ាងដូចម្ដេច ? | វគ្គ |
តម្រូវការ តើការលុបចោលការផ្សារភ្ជាប់មានផលប៉ះពាល់អ្វីខ្លះ ? | វគ្គ |
តម្រូវការ តើការលាលែង ឬការដកហូតសមាជិកភាពសាសនាចក្រប៉ះពាល់ដល់ការផ្សារភ្ជាប់របស់ខ្ញុំយ៉ាងដូចម្ដេច ? | វគ្គ |
សមាជិកគួរតែប្រឹក្សាជាមួយនឹងប៊ីស្សពរបស់ពួកគេ ប្រសិនបើពួកគេមានសំណួរអំពីគោលនយោបាយនៃការផ្សារភ្ជាប់ ដែលមិនបានឆ្លើយនៅក្នុងវគ្គនេះ ។ ប៊ីស្សពទាក់ទងទៅប្រធានស្តេក ប្រសិនបើគាត់មានសំណួរ ។ ប្រធានស្តេកអាចនឹងទាក់ទងទៅការិយាល័យគណៈប្រធានទីមួយបាន ប្រសិនបើគាត់មានសំណួរ ។
សមាជិកទាំងឡាយដែលមានកង្វល់អំពីលក្ខណៈដ៏អស់កល្បជានិច្ចនៃពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ និងទំនាក់ទំនងក្រុមគ្រួសារ ក៏ដូចជាទំនាក់ទំនងគូស្វាមីភរិយារបស់ពួកគេ ត្រូវបានលើកទឹកចិត្តឲ្យទុកចិត្តលើព្រះអម្ចាស់ ហើយស្វែងរកការលួងលោមពីទ្រង់ ។ ព្រះវរបិតាសួគ៌នឹងប្រាកដថាមនុស្សម្នាក់ៗទទួលបានគ្រប់ពរជ័យដែលជាបំណងប្រាថ្នា និងជាជម្រើសរបស់ពួកគេ ។
៣៨.៤.១.១
ការផ្សារភ្ជាប់របស់សមាជិកដែលនៅរស់ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ស៊ីវិល
បុរសម្នាក់ និងស្ដ្រីម្នាក់ដែលបានរៀបការស៊ីវិល អាចផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធបាន ដរាបណាស្ថានភាពអនុញ្ញាតឲ្យ ប្រសិនបើលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញ ៖
-
ពួកគេទាំងពីរនាក់គឺជាសមាជិកសាសនាចក្រយ៉ាងហោចណាស់រយៈពេលមួយឆ្នាំ ( សូមមើល ២៧.៣.១ និង ២៧.២.១ ) ។
-
ពួកគេបានរៀបចំខ្លួន និងមានភាពស័ក្ដិសម ។
នៅពេលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដល់គូស្វាមីភរិយាសម្រាប់ពិធីផ្សារភ្ជាប់ នោះថ្នាក់ដឹកនាំបព្វជិតភាពត្រូវប្រាកដថា ការរៀបអាពាហ៍ពិពាហ៍នោះមានសុពលភាពតាមច្បាប់ ។ សូមមើល ២៦.៣ និង ២៧.៣ ។
៣៨.៤.១.២
ការផ្សារភ្ជាប់របស់សមាជិកនៅរស់បន្ទាប់ពីការលែងលះ
ស្ត្រី ។ ស្ត្រីដែលនៅរស់អាចត្រូវបានផ្សារភ្ជាប់ជាមួយតែស្វាមីម្នាក់ប៉ុណ្ណោះក្នុងពេលមួយ ។ ប្រសិនបើនាង និងស្វាមីម្នាក់បានផ្សារភ្ជាប់នឹងគ្នា ហើយក្រោយមកបានលែងលះគ្នាវិញ នោះនាងត្រូវតែទទួលបាននូវការលុបចោលការផ្សារភ្ជាប់នោះសិន មុនពេលនាងអាចផ្សារភ្ជាប់ទៅនឹងបុរសម្នាក់ទៀតនៅក្នុងជីវិតរបស់នាង ( សូមមើល ៣៨.៤.១.៥ ) ។
ស្ត្រីនៅរស់ដែលពុំបានរៀបការ ឬផ្សារភ្ជាប់ជាមួយនឹងបុរសម្នាក់ទៀតនៅពេលបច្ចុប្បន្ននេះ អាចផ្សារភ្ជាប់ទៅនឹងស្វាមីដែលស្លាប់ ទោះបីពួកគេបានលះលែងគ្នានៅក្នុងជីវិតនេះក្តី ។ ដំបូង នាងត្រូវតែទទួលបានការយល់ព្រមដែលមានការចុះហត្ថលេខា មកពីស្ដ្រីមេម៉ាយរបស់អតីតស្វាមីរបស់នាងសិន ( ប្រសិនបើមាន ) ។
សូមមើល ជំពូកទី ២៨ សម្រាប់ព័ត៌មានអំពីការធ្វើពិធីបរិសុទ្ធសម្រាប់ស្វាមី ឬភរិយាដែលបានទទួលមរណភាពហើយ ។
បុរស ។ ប្រសិនបើបុរសម្នាក់ និងស្ដ្រីម្នាក់បានផ្សារភ្ជាប់នឹងគ្នា ហើយក្រោយមកបានលែងលះគ្នា នោះបុរសនោះត្រូវតែទទួលបានការជម្រះការផ្សារភ្ជាប់ មុនពេលគាត់អាចផ្សារភ្ជាប់នឹងស្ដ្រីម្នាក់ទៀតបាន ( សូមមើល ៣៨.៤.១.៥ ) ។ ការបញ្ជាក់ពីពិធីផ្សារភ្ជាប់គឺចាំបាច់ណាស់ សូម្បីតែ ( ១ ) ការផ្សារភ្ជាប់ពីមុនត្រូវបានលុបចោល ឬ ( ២ ) ភរិយាដែលបានលែងលះនោះបានទទួលមរណភាពទៅហើយក្តី ។
ការជម្រះការផ្សារភ្ជាប់គឺចាំបាច់ត្រូវធ្វើ តែក្នុងករណីបុរសម្នាក់បានលែងលះពីស្ត្រីដែលទើបតែបានផ្សារភ្ជាប់នឹងគាត់ប៉ុណ្ណោះ ។ ឧទាហរណ៍ ប្រសិនបើបុរសម្នាក់បានទទួលការជម្រះការផ្សារភ្ជាប់ បានផ្សារភ្ជាប់ទៅនឹងភរិយាទីពីររបស់គាត់បន្ទាប់ពីការលះលែង រួចហើយភរិយាទីពីររបស់គាត់ស្លាប់ នោះគាត់ពុំចាំបាច់ត្រូវជម្រះការផ្សារភ្ជាប់ ដើម្បីបានផ្សារភ្ជាប់ម្តងទៀតទេ ។
បុរសនៅរស់ម្នាក់អាចផ្សារភ្ជាប់ទៅនឹងភរិយាដែលស្លាប់ ទោះបីពួកគេបានលះលែងគ្នានៅក្នុងជីវិតនេះក្តី ។ ដំបូង គាត់ត្រូវតែទទួលបានការយល់ព្រមដែលមានការចុះហត្ថលេខា មកពីប្ដីពោះម៉ាយរបស់អតីតភរិយារបស់គាត់សិន ( ប្រសិនបើមាន ) ។ ប្រសិនបើគាត់បានរៀបការ គាត់ត្រូវទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីភរិយាបច្ចុប្បន្ន ប្រសិនបើនាងនៅរស់ ។
សូមមើល ជំពូកទី ២៨ សម្រាប់ព័ត៌មានអំពីការធ្វើពិធីបរិសុទ្ធសម្រាប់ស្វាមី ឬភរិយាដែលបានទទួលមរណភាពហើយ ។
៣៨.៤.១.៣
ការផ្សារភ្ជាប់របស់សមាជិកនៅរស់ បន្ទាប់ពីមរណភាពរបស់ស្វាមី ឬភរិយា
ស្ត្រី ។ ប្រសិនបើស្វាមី និងភរិយាបានផ្សារភ្ជាប់នឹងគ្នា រួចហើយស្វាមីស្លាប់ នោះស្ដ្រីរូបនេះមិនអាចផ្សារភ្ជាប់នឹងបុរសដទៃទៀតបានទេ លុះត្រាតែនាងទទួលបានការលុបចោលការផ្សារភ្ជាប់ទីមួយសិន ( សូមមើល ៣៨.៤.១.៥ ) ។
ស្ត្រីនៅរស់ដែលពុំបានរៀបការ ឬផ្សារភ្ជាប់ជាមួយនឹងបុរសម្នាក់ទៀតទេនៅពេលបច្ចុប្បន្ននេះ អាចផ្សារភ្ជាប់ទៅនឹងស្វាមីដែលស្លាប់បាន ( សូមមើល ៣៨.៤.១.៨ ) ។ ប្រសិនបើអាពាហ៍ពិពាហ៍នោះបញ្ចប់ដោយការលែងលះគ្នា សូមមើល ៣៨.៤.១.២ ។
ស្ត្រីនៅរស់ដែលរៀបការនៅពេលបច្ចុប្បន្ននេះពុំអាចផ្សារភ្ជាប់ទៅនឹងស្វាមីដែលស្លាប់ ដោយគ្មានការអនុម័តពីគណៈប្រធានទីមួយទេ ។
សូមមើល ជំពូកទី ២៨ សម្រាប់ព័ត៌មានអំពីការធ្វើពិធីបរិសុទ្ធសម្រាប់ស្វាមី ឬភរិយាដែលបានទទួលមរណភាពហើយ ។
បុរស ។ ប្រសិនបើស្វាមី និងភរិយាបានផ្សារភ្ជាប់នឹងគ្នា រួចហើយភរិយាបានស្លាប់ នោះបុរសរូបនេះអាចផ្សារភ្ជាប់នឹងស្ត្រីម្នាក់ទៀតបាន ប្រសិនបើស្ត្រីនោះមិនទាន់បានផ្សារភ្ជាប់នឹងបុរសផ្សេងនៅឡើយ ។ នៅក្នុងស្ថានភាពនេះ បុរសមិនចាំបាច់ត្រូវការជម្រះការផ្សារភ្ជាប់មកពីគណៈប្រធានទីមួយទេ លើកលែងតែគាត់បានលែងលះពីភរិយាមុនរបស់គាត់ មុនពេលនាងទទួលមរណភាព ( សូមមើល ៣៨.៤.១.២ ) ។
បុរសនៅរស់ម្នាក់អាចត្រូវបានផ្សារភ្ជាប់ទៅនឹងភរិយាដែលស្លាប់ ប្រសិនបើស្ត្រីនោះពុំទាន់បានផ្សារភ្ជាប់ទៅនឹងស្វាមីផ្សេងមួយទៀតនៅក្នុងជីវិតទេនោះ ។ ប្រសិនបើនាងត្រូវបានផ្សារភ្ជាប់ជាមួយស្វាមីម្នាក់ទៀត ខណៈដែលកំពុងរស់នៅ នោះលុះត្រាតែបុរសទាំងអស់ដែលនាងបានរៀបការជាមួយបានស្លាប់ជាមុនសិន ទើបបុរសផ្សេងទៀតអាចត្រូវបានផ្សារភ្ជាប់ទៅនឹងនាងបាន ( សូមមើល៣៨.៤.១.៨ ) ។ ប្រសិនបើអាពាហ៍ពិពាហ៍នោះបញ្ចប់ដោយការលែងលះគ្នា សូមមើល ៣៨.៤.១.២
មុននឹងផ្សារភ្ជាប់ទៅនឹងភរិយាដែលបានស្លាប់ បុរសដែលបានរៀបការហើយ ត្រូវតែទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីភរិយាបច្ចុប្បន្នរបស់គាត់ ប្រសិនបើនាងនៅរស់ ។
សូមមើល ជំពូកទី ២៨ សម្រាប់ព័ត៌មានអំពីការធ្វើពិធីបរិសុទ្ធសម្រាប់ស្វាមី ឬភរិយាដែលបានទទួលមរណភាពហើយ ។
៣៨.៤.១.៤
ការផ្សារភ្ជាប់សមាជិកដែលនៅរស់ទៅនឹងបុគ្គលដែលបានស្លាប់ជាមនុស្សដែលនាង ឬគាត់បានរួមរស់ជាមួយ ។
ស្ត្រី ។ ជាករណីលើកលែងមួយសម្រាប់ ស្ត្រីដែលនៅរស់ ដែលបច្ចុប្បន្ននេះពុំបានរៀបការ ឬផ្សារភ្ជាប់ជាមួយនឹងបុរសម្នាក់ទៀតអាចផ្សារភ្ជាប់ទៅនឹងបុរសដែលស្លាប់ ដែលនាងបានរួមរស់ជាមួយបាន ។ ករណីលើកលែងនេះអាចត្រូវបានពិចារណា លុះត្រាតែទំនាក់ទំនងរបស់ពួកគេមានលក្ខណៈរលូន និងរយៈពេលវែង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើតាមកិច្ចការទាំងអស់ដូចខាងក្រោម ៖
-
ចូរមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងជាអចិន្ត្រៃយ៍ ។
-
បំពេញទំនួលខុសត្រូវនៃអាពាហ៍ពិពាហ៍ទាំងអស់ចំពោះគ្នាទៅវិញទៅមក ។
-
បំពេញទំនួលខុសត្រូវនៃភាពជាឪពុកម្ដាយចំពោះកូនចៅដែលពួកគេមាន ។
ប្រសិនបើសមាជិកនៃប្រធានស្តេកមានអារម្មណ៍ថាករណីលើកលែងបែបនេះសមហេតុផល គាត់អាចដាក់ពាក្យស្នើសុំទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។
បុរស ។ ជាករណីលើកលែងមួយ ចំពោះបុរសនៅរស់អាចត្រូវបានផ្សារភ្ជាប់ទៅនឹងស្រ្តីដែលបានស្លាប់ ដែលគាត់បានរួមរស់ជាមួយ ប្រសិនបើនាងពុំបានផ្សារភ្ជាប់ជាមួយនឹងបុរសម្នាក់ទៀត អំឡុងពេលដែលនាងនៅមានជីវិត ។ ករណីលើកលែងនេះអាចត្រូវបានពិចារណា លុះត្រាតែទំនាក់ទំនងរបស់ពួកគេមានលក្ខណៈរលូន និងរយៈពេលវែង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើតាមកិច្ចការទាំងអស់ដូចខាងក្រោម ៖
-
ចូរមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងជាអចិន្ត្រៃយ៍ ។
-
បំពេញទំនួលខុសត្រូវនៃអាពាហ៍ពិពាហ៍ទាំងអស់ចំពោះគ្នាទៅវិញទៅមក ។
-
បំពេញទំនួលខុសត្រូវនៃភាពជាឪពុកម្ដាយចំពោះកូនចៅដែលពួកគេបង្កើតមក ។
មុននឹងផ្សារភ្ជាប់ទៅនឹងភរិយាដែលបានស្លាប់ បុរសដែលបានរៀបការហើយ ត្រូវតែទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីភរិយាបច្ចុប្បន្នរបស់គាត់ ប្រសិនបើនាងនៅរស់ ។
ប្រសិនបើសមាជិកនៃប្រធានស្តេកមានអារម្មណ៍ថាករណីលើកលែងបែបនេះសមហេតុផល គាត់អាចដាក់ពាក្យស្នើសុំទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។
៣៨.៤.១.៥
ការស្នើសុំឲ្យមានការលុបចោលពិធីផ្សារភ្ជាប់ ឬការជម្រះពិធីផ្សារភ្ជាប់
សូមមើល ៣៨.៤.១.២ សម្រាប់ព័ត៌មានអំពីការផ្សារភ្ជាប់សមាជិកនៅរស់ បន្ទាប់ពីការលែងលះគ្នា ។ សូមមើល ៣៨.៤.១.៣ សម្រាប់ព័ត៌មានអំពីការផ្សារភ្ជាប់សមាជិកនៅរស់ បន្ទាប់ពីមរណភាពរបស់ស្វាមី ឬភរិយា ។
សមាជិកទាំងពីរភេទអាចសូមឲ្យមានការលុបចោលការផ្សារភ្ជាប់បាន ទោះបីជាពួកគេពុំរៀបចំខ្លួនដើម្បីផ្សារភ្ជាប់នឹងស្វាមី ឬភរិយាម្នាក់ទៀតក៏ដោយ ។ សមាជិកសាសនាចក្រភេទប្រុសត្រូវតែទទួលបានការជម្រះការផ្សារភ្ជាប់ ដើម្បីអាចផ្សារភ្ជាប់នឹងស្ដ្រីម្នាក់ទៀត បន្ទាប់ពីការលែងលះ ។
ដំណើរការនៃការសូមឲ្យមានការលុបចោលការផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់ត្រូវបានបង្ហាញដូចខាងក្រោម ។
-
សមាជិកនិយាយអំពីសំណើនេះជាមួយនឹងប៊ីស្សពរបស់គាត់ ឬនាង ។
-
ប៊ីស្សពត្រូវប្រាកដថា ៖
-
ការលែងលះគ្នាឈានដល់សេចក្ដីសម្រេចចុងក្រោយ ។
-
សមាជិកនោះបច្ចុប្បន្នកំពុងធ្វើតាមតម្រូវការទាំងអស់នៃច្បាប់ ដើម្បីផ្គត់ផ្គង់ដល់កូន និងស្វាមី ឬភរិយាដែលជាប់ពាក់ព័ន្ធនឹងការលែងលះ ។
-
-
ប្រសិនបើប៊ីស្សពចេញអនុសាសន៍ឲ្យមានការលុបចោលការផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់ នោះគាត់ ៖
-
បំពេញពាក្យស្នើសុំមួយផ្ញើទៅកាន់គណៈប្រធានទីមួយសម្រាប់សមាជិករូបនេះដោយប្រើ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) ។ ថ្នាក់ដឹកនាំដែលពុំអាចចូលប្រើ ធ.ថ.ស. អាចប្រើទម្រង់បែបបទស្នើសុំជាក្រដាសផ្ញើទៅកាន់គណៈប្រធានទីមួយបាន ។ ទម្រង់បែបបទនេះមាននៅឯការិយាល័យកំណត់ត្រាសម្ងាត់នៅទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ។
-
បញ្ជូនពាក្យស្នើសុំនេះទៅកាន់ប្រធានស្ដេក ។
-
-
ប្រធានស្តេកជួបជាមួយនឹងសមាជិករូបនេះ ។ ប្រធានស្ដេកបញ្ជាក់ថា ៖
-
ការលែងលះគ្នាឈានដល់សេចក្ដីសម្រេចចុងក្រោយ ។
-
សមាជិកនោះបច្ចុប្បន្នកំពុងធ្វើតាមតម្រូវការទាំងអស់នៃច្បាប់ ដើម្បីផ្គត់ផ្គង់ដល់កូន និងស្វាមី ឬភរិយាដែលជាប់ពាក់ព័ន្ធនឹងការលែងលះ ។
-
-
ប្រសិនបើប្រធានស្តេកផ្តល់អនុសាសន៍ថា ការលុបចោលការផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់ត្រូវអនុញ្ញាតឲ្យ នោះគាត់បញ្ជូនពាក្យស្នើសុំនេះទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ដោយប្រើ ធ.ថ.ស. ។ សូមមើល៦.២.៣ អំពីការទទួលខុសត្រូវរបស់ប្រធានស្ដេក នៅពេលដាក់បញ្ជូនពាក្យស្នើសុំទៅកាន់គណៈប្រធានទីមួយ ។
-
ប្រសិនបើសំណើនេះត្រូវបានអនុម័ត នោះគណៈប្រធានទីមួយនឹងផ្ដល់លិខិតមួយច្បាប់ ដោយមានចែងថា ការលុបចោលការផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់នេះត្រូវបានអនុញ្ញាតឲ្យ ។
-
បន្ទាប់ពីទទួលលិខិតនេះហើយ សមាជិករូបនេះអាចដាក់កាលវិភាគណាត់ជួបដើម្បីធ្វើពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធបាន ។ សមាជិករូបនេះបង្ហាញលិខិតនេះនៅឯព្រះវិហារបរិសុទ្ធ ។
សូមមើល ៣៨.៤.១.៩ ។
៣៨.៤.១.៦
ការដកចេញនូវការដាក់កំហិតលើពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
បុគ្គលម្នាក់ដែលប្រព្រឹត្តអំពើកំផិត ខណៈដែលបានរៀបការនឹងស្វាមី ឬភរិយាដែលគាត់បានផ្សារភ្ជាប់ មិនអាចផ្សារភ្ជាប់ទៅនឹងដៃគូដែលប្រព្រឹត្តអំពើកំផិតជាមួយគាត់បានទេ បើគ្មានការអនុម័តពីគណៈប្រធានទីមួយនោះ ។
គូស្វាមីភរិយាអាចស្វែងរកការអនុម័តបាន បន្ទាប់ពីពួកគេបានរៀបការអស់រយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំ ។ ដំណើរការនៃការស្នើសុំឲ្យដកចេញការដាក់កំហិតលើការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធត្រូវបានបង្ហាញដូចខាងក្រោម ។
-
គូស្វាមីភរិយានេះជួបជាមួយនឹងប៊ីស្សព និងប្រធានស្តេករបស់ពួកគេ ។
-
ប្រសិនបើថ្នាក់ដឹកនាំទាំងនេះមានអារម្មណ៍ថា ការដាក់កំហិតនេះគួរតែដកចេញ នោះពួកគាត់ផ្ញើលិខិតទៅកាន់គណៈប្រធានទីមួយដោយភ្ជាប់អនុសាសន៍របស់ពួកគាត់ទៅជាមួយ ។ លិខិតរបស់ពួកគាត់គួរតែពិពណ៌នាអំពីភាពស័ក្ដិសមសម្រាប់ព្រះវិហារបរិសុទ្ធរបស់អ្នកដាក់ពាក្យស្នើសុំ និងភាពនឹងនរនៃអាពាហ៍ពិពាហ៍របស់ពួកគេក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំ ។ សូមមើល ៦.២.៣ អំពីការទទួលខុសត្រូវរបស់ប្រធានស្ដេក នៅពេលដាក់បញ្ជូនពាក្យស្នើសុំទៅកាន់គណៈប្រធានទីមួយ ។
-
គូស្វាមីភរិយានេះក៏សរសេរសំបុត្រស្នើសុំមួយច្បាប់ទៅកាន់គណៈប្រធានទីមួយផងដែរ ។
-
ប្រធានស្តេកបញ្ជូនសំបុត្រទាំងអស់នោះទៅកាន់គណៈប្រធានទីមួយ ។ គាត់អាចបញ្ជូនសំណើនេះជាមួយនឹងពាក្យស្នើសុំឲ្យមានការលុបចោលការផ្សារភ្ជាប់ ឬការជម្រះការផ្សារភ្ជាប់បាន ( សូមមើល ៣៨.៤.១.៥ ) ។
-
ប្រសិនបើសំណើនេះត្រូវបានអនុម័ត នោះគណៈប្រធានទីមួយនឹងផ្ដល់លិខិតមួយច្បាប់ ដោយមានចែងថា ការដាក់កំហិតលើការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធត្រូវបានដកចេញ ។
-
បន្ទាប់ពីទទួលលិខិតនេះហើយ គូស្វាមីភរិយារូបនេះអាចដាក់កាលវិភាគណាត់ជួបដើម្បីផ្សារភ្ជាប់បាន ។ ពួកគេបង្ហាញលិខិតនេះនៅឯព្រះវិហារបរិសុទ្ធ ។
៣៨.៤.១.៧
ការផ្សារភ្ជាប់បន្ទាប់ពីអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធសម្រាប់វេលាកាលនេះ
គូស្វាមីភរិយាដែលបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ សម្រាប់តែវេលាកាលនេះ ជាធម្មតា មិនត្រូវបានផ្សារភ្ជាប់នៅពេលក្រោយនោះទេ ។ ដើម្បីឲ្យការផ្សារភ្ជាប់ដូច្នេះកើតឡើងបាន ជាដំបូងស្ត្រីម្នាក់នោះត្រូវតែទទួលបានការអនុម័ត អំពីការលុបចោលនៃការផ្សារភ្ជាប់ពីមុនរបស់នាង មកពីគណៈប្រធានទីមួយជាមុនសិន ។ ប្រសិនបើទាំងប៊ីស្សព និងប្រធានស្តេកទទួលអារម្មណ៍ថា ការលុបចោលនោះអាចសមហេតុផល នោះពួកគាត់អាចបញ្ជូនបែបបទស្នើសុំទៅកាន់គណៈប្រធានទីមួយដោយប្រើ ធ.ថ.ស. ។ សូមមើល ៦.២.៣ អំពីការទទួលខុសត្រូវរបស់ប្រធានស្ដេក នៅពេលដាក់បញ្ជូនពាក្យស្នើសុំទៅកាន់គណៈប្រធានទីមួយ ។
អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់វេលាកាលនេះលែងធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធហើយ ( សូមមើល ២៧.៣.៣
៣៨.៤.១.៨
ការផ្សារភ្ជាប់ទៅនឹងបុគ្គលដែលបានស្លាប់
ស្ត្រីដែលទទួលមរណភាព ។ ស្ត្រីដែលបានទទួលមរណភាពអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុរសទាំងអស់ ដែលនាងរៀបការពេញច្បាប់ កាលពីអំឡុងពេលនាងនៅមានជីវិត ។ តារាងខាងក្រោមនេះបង្ហាញនៅពេលដែលការផ្សារភ្ជាប់ទាំងនេះត្រូវបានធ្វើឡើង ។
|
នាងមិនបានផ្សារភ្ចាប់ជាមួយស្វាមីក្នុងជីវិតនេះទេ |
នាងអាចផ្សារភ្ជាប់ទៅនឹងស្វាមីដែលនៅរស់ ឬស្លាប់ទាំងអស់ដែលនាងបានរៀបការជាមួយនៅក្នុងជីវិតនេះ ។ ប្រសិនបើបុរសនោះនៅរស់ ភរិយារបស់គាត់ ( ប្រសិនបើគាត់បានរៀបការ ) ត្រូវតែផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ ( សូមមើល ៣៨.៤.១.៣ ) ។ បើបុរសនោះស្លាប់ ពោះម៉ាយ ( បើមាន ) ត្រូវតែផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ ។ |
|---|---|
|
នាងត្រូវបានផ្សារភ្ជាប់ទៅនឹងស្វាមីក្នុងជិវិតនេះ ។ |
ស្វាមីទាំងអស់របស់នាងត្រូវតែបានស្លាប់មុនពេលនាងត្រូវបានផ្សារភ្ជាប់ទៅនឹងបុរសផ្សេងទៀតដែលនាងបានរៀបការជាមួយ ។ នេះរួមមានទាំងអតីតស្វាមី ចាប់តាំងពីអ្នកដែលនាងត្រូវបានលែងលះមក ។ បុរសពោះម៉ាយម្នាក់ៗ ( បើមាន ) ត្រូវតែផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ ។ |
បុរសដែលបានទទួលមរណភាព ។ បុរសដែលបានទទួលមរណភាព អាចផ្សារភ្ជាប់នឹងស្ត្រីទាំងអស់ដែលគាត់បានរៀបការស្របច្បាប់កាលពីគាត់នៅរស់ ប្រសិនបើ ( ១ ) ភរិយាទាំងអស់បានស្លាប់អស់ហើយ ឬ ( ២ ) ភរិយាទាំងអស់នៅរស់ ប៉ុន្ដែមិនបានផ្សារភ្ជាប់ទៅនឹងបុរសផ្សេងទៀតទេ ( សូមមើល ៣៨.៤.១.៣ ) ។
មុនពេលបុរសដែលស្លាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងស្រ្តីដែលស្លាប់ ដែលគាត់បានរៀបការកាលនៅរស់ ស្រ្តីមេម៉ាយ ( បើមាន ) ត្រូវតែផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ ។
គូស្វាមីភរិយាដែលលែងលះគ្នា ហើយទទួលមរណភាព ។ គូស្វាមីភរិយាដែលលែងលះគ្នា ហើយទទួលមរណភាព អាចត្រូវបានផ្សារភ្ជាប់ដោយការជំនួសបាន ដើម្បីកូនៗរបស់ពួកគេអាចបានផ្សារភ្ជាប់ទៅនឹងពួកគេបាន ។ សូមមើល ២៨.៣.៥ ប្រសិនបើស្វាមី ឬភរិយាត្រូវបានដកភាពជាសមាជិក ឬបានលាលែងពីសមាជិកភាពក្នុងសាសនាចក្រ ។
វាតម្រូវឲ្យមានការអនុម័តរបស់គណៈប្រធានទីមួយ មុនពេលផ្សារភ្ជាប់គូស្វាមីភរិយាដែលបានទទួលមរណភាព ដែលបានទទួលនូវការលុបចោលការផ្សារភ្ជាប់របស់ពួកគេកាលនៅមានជីវិត ។
៣៨.៤.១.៩
ឥទ្ធិពលនៃការលែងលះ
ប្រសិនបើគូស្វាមីភរិយាបានផ្សារភ្ជាប់នឹងគ្នា ហើយក្រោយមកបានលែងលះគ្នា នោះពរជ័យនៃការផ្សារភ្ជាប់នោះនៅបន្ដមានសុពលភាពសម្រាប់បុគ្គលម្នាក់ៗ ដែលមានភាពស័ក្ដិសម ( សូមមើល ៣៨.៤.១.៥ និង ៣៨.៤.១.១០ ) ។ សមាជិកម្នាក់ដែលនៅបន្ដស្មោះត្រង់នឹងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ នឹងទទួលបានរាល់ពរជ័យផ្ទាល់ខ្លួនទាំងអស់ដែលបានសន្យានៅក្នុងព្រះវិហារបរិសុទ្ធ ទោះបីស្វាមី ឬភរិយារបស់សមាជិកនេះបានបំពានសេចក្តីសញ្ញា ឬដកខ្លួនចេញពីអាពាហ៍ពិពាហ៍ក្តី ។ ព្រះសន្យានឹងបុត្រាបុត្រីដ៏ស្មោះត្រង់របស់ទ្រង់ថា នឹងប្រទានសេចក្ដីសុខសាន្ដ នឹងភាពរឹងមាំនៅក្នុងជីវិតនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរមលោក ។
សូមមើល ៣៨.៤.២.១.សម្រាប់ព័ត៌មានអំពីកូនៗដែលកើតក្រោយពីការលែងលះគ្នា ។
៣៨.៤.១.១០
ឥទ្ធិពលនៃការលុបចោលការផ្សារភ្ជាប់
ខណៈដែលការផ្សារភ្ជាប់នៅតែបន្ត នោះសមាជិកដែលស្មោះត្រង់ចំពោះសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ នឹងទទួលបានពរជ័យផ្ទាល់ខ្លួនដែលបានសន្យានៅក្នុងព្រះវិហារបរិសុទ្ធ ។ នេះគឺជាការពិត ទោះបីស្វាមី ឬភរិយារបស់បុគ្គលនោះបានបំពានសេចក្តីសញ្ញា ឬដកខ្លួនចេញពីអាពាហ៍ពិពាហ៍ក្តី ។ លើសពីនេះ ព្រះនឹងមិនតម្រូវឲ្យនរណាម្នាក់បន្ដនៅក្នុងទំនាក់ទំនងដែលបានផ្សារភ្ជាប់រហូតអស់កល្បជានិច្ច ទាំងប្រឆាំងនឹងបំណងរបស់ពួកគេនោះឡើយ ។ ព្រះវរបិតាសួគ៌នឹងប្រាកដថាមនុស្សម្នាក់ៗទទួលបានគ្រប់ពរជ័យដែលជាបំណងប្រាថ្នា និងជាជម្រើសរបស់ពួកគេ ។
នៅពេលការលុបចោលពិធីផ្សារភ្ជាប់ត្រូវបានអនុម័តដោយគណៈប្រធានទីមួយ នោះពរជ័យដែលទាក់ទងនឹងពិធីផ្សារភ្ជាប់នឹងឈប់មានប្រសិទ្ធភាពទៀតហើយ ។
កូនៗទាំងអស់ដែលកើតពីស្ដ្រីម្នាក់ បន្ទាប់ពីការលុបចោលពិធីផ្សារភ្ជាប់របស់នាងទៅនឹងអតីតស្វាមី គឺពុំមែនជាកូនដែលកើតនៅក្នុងសេចក្ដីសញ្ញាទៀតទេ លុះត្រាតែម្តាយបានផ្សារភ្ជាប់នឹងបុរសម្នាក់ទៀត មុនពេលកូនកើតមក ។
ថ្នាក់ដឹកនាំបព្វជិតភាពគួរតែប្រឹក្សាជាមួយសមាជិកដែលព្យាយាមលុបចោលការផ្សារភ្ជាប់ ដើម្បីជួយពួកគេឲ្យយល់ពីគោលការណ៍ទាំងនេះ ។ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានគោរពដល់សិទ្ធិជ្រើសរើសរបស់សមាជិកនៅក្នុងការសម្រេចចិត្តទាំងនេះ ។
៣៨.៤.១.១១
ឥទ្ធិពលនៃការលាលែង ឬការដកហូតសមាជិកភាពសាសនាចក្រ
បន្ទាប់ពីគូស្វាមីភរិយាបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធហើយ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកគេលាលែងសមាជិកភាពសាសនាចក្រ ឬត្រូវបានគេដកហូតសមាជិកភាពរបស់គាត់ ឬនាង នោះពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធរបស់គាត់ ឬនាងក៏ត្រូវបានដកហូតដែរ ។ ទោះជាយ៉ាងណាក៏ដោយ ពរជ័យផ្ទាល់ខ្លួននៃពិធីបរិសុទ្ធនៃការផ្សារភ្ជាប់សម្រាប់ស្វាមី ឬភរិយា និងកូនៗរបស់បុគ្គលនេះ នៅតែមានសុពលភាពដដែល ប្រសិនបើពួកគេនៅបន្ដស្មោះត្រង់ ។
កូនៗទាំងអស់ដែលបានកើតពីគូស្វាមីភរិយា បន្ទាប់ពីពួកគេម្នាក់ ឬពួកគេទាំងពីរនាក់បានលាលែងសមាជិកភាពរបស់ពួកគេ ឬត្រូវបានគេដកហូតសមាជិកភាពសាសនាចក្ររបស់ពួកគេ គឺមិនកើតនៅក្នុងសេចក្តីសញ្ញានោះទេ ។ សូមមើល ៣៨.៤.២.៨ ។
៣៨.៤.២
ការផ្សារភ្ជាប់កូនៗជាមួយនឹងឪពុកម្តាយ
ឪពុកម្តាយត្រូវតែផ្សារភ្ជាប់ជាមួយគ្នាមុននឹងកូនត្រូវបានផ្សារភ្ជាប់ទៅនឹងពួកគេ ( សូមមើល៣៨.៤.១ ) ។
សមាជិកគួរតែប្រឹក្សាជាមួយនឹងប៊ីស្សពរបស់ពួកគេ ប្រសិនបើពួកគេមានសំណួរអំពីគោលនយោបាយនៃការផ្សារភ្ជាប់ ដែលមិនបានឆ្លើយនៅក្នុងវគ្គនេះ ។ ប៊ីស្សពទាក់ទងទៅប្រធានស្តេក ប្រសិនបើគាត់មានសំណួរ ។ ប្រធានស្តេកទាក់ទងទៅការិយាល័យនៃគណៈប្រធានទីមួយប្រសិនបើគាត់មានសំណួរ ។
សមាជិកទាំងឡាយដែលមានកង្វល់អំពីលក្ខណៈដ៏អស់កល្បជានិច្ចនៃពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ និងទំនាក់ទំនងក្រុមគ្រួសាររបស់ពួកគេត្រូវបានលើកទឹកចិត្តឲ្យទុកចិត្តលើព្រះអម្ចាស់ ហើយស្វែងរកការលួងលោមពីទ្រង់ ។ ព្រះវរបិតាសួគ៌នឹងធានាថាមនុស្សម្នាក់ៗទទួលបានគ្រប់ពរជ័យដែលជាបំណងប្រាថ្នា និងជម្រើសរបស់ពួកគេ ។
៣៨.៤.២.១
កូនៗដែលកើតនៅក្នុងសេចក្តីសញ្ញា
កូនដែលកើតមក បន្ទាប់ពីម្តាយរបស់ពួកគេត្រូវបានផ្សារភ្ជាប់នឹងស្វាមីនៅក្នុងព្រះវិហារបរិសុទ្ធ គឺបានកើតនៅក្នុងសេចក្តីសញ្ញានៃការផ្សារភ្ជាប់នោះ ។ ពួកគេមិនចាំបាច់ទទួលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយនោះទេ ។
ពេលខ្លះ ស្ដ្រីម្នាក់ដែលបានផ្សារភ្ជាប់ទៅនឹងបុរសម្នាក់ មានកូនជាមួយនឹងបុរសម្នាក់ទៀតនៅពេលក្រោយមក ។ នៅពេលការណ៍នេះកើតឡើង នោះកូនៗទាំងនេះកើតនៅក្នុងសេចក្តីសញ្ញានៃពិធីផ្សារភ្ជាប់ថ្មីៗបំផុតរបស់ស្ត្រីនោះ លើកលែងតែពួកគេកើត ( ១ ) ក្រោយពីពិធីផ្សារភ្ជាប់ត្រូវបានលុបចោល ឬ ( ២ ) បន្ទាប់ពីវាត្រូវបានដកហូត ដោយសារតែការលាលែង ឬការដកហូតសមាជិកភាពសាសនាចក្រ ។
៣៨.៤.២.២
កូនៗដែលមិនកើតនៅក្នុងសេចក្តីសញ្ញា
កូនៗដែលមិនកើតនៅក្នុងសេចក្តីសញ្ញា អាចមានចំណែកនៅក្នុងគ្រួសារដ៏អស់កល្បជានិច្ចបាន តាមរយៈការផ្សារភ្ជាប់ទៅនឹង ៖
-
ឪពុកម្តាយបង្កើតរបស់ពួកគេ ។
-
ឪពុកម្ដាយចិញ្ចឹមរបស់ពួកគេ ។
-
ឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹម និងឪពុកម្តាយចុង ( សូមមើល៣៨.៤.២.៥ ) ។
កូនៗទាំងនេះទទួលបានពរជ័យទាំងឡាយដូចគ្នា ដូចជាពួកគេបានកើតនៅក្នុងសេចក្តីសញ្ញាដែរ ។
ពិធីផ្សារភ្ជាប់កូនៗនៅរស់ជាមួយនឹងឪពុកម្តាយនៅរស់ ។ កូនដែលរស់នៅត្រូវបានផ្សារភ្ជាប់ទៅឪពុកម្តាយតែពីរនាក់ប៉ុណ្ណោះ គឺ—ប្តី និងប្រពន្ធ ។ ប្រសិនបើឪពុកម្តាយទាំងពីរកំពុងរស់នៅ នោះពួកគេត្រូវតែរៀបការ ហើយផ្សារភ្ជាប់នឹងគ្នាសិន ។
សូមមើល ២៧.៤.១សម្រាប់ព័ត៌មានអំពីការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់កូនៗដែលត្រូវផ្សារភ្ជាប់នឹងឪពុកម្ដាយរបស់ពួកគេ ។
សមាជិកដែលមានអាយុ ២១ ឆ្នាំឡើងទៅត្រូវតែទទួលអំណោយទានពិសិដ្ឋ ដើម្បីអាចផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយរបស់ពួកគេ ( សូមមើល ២៦.៤.៤ ) ។
ពិធីផ្សារភ្ជាប់កូនៗដែលនៅរស់ជាមួយនឹងឪពុកម្តាយដែលស្លាប់ កូនដែលនៅរស់ត្រូវបានផ្សារភ្ជាប់ទៅនឹងតែឪពុកម្ដាយមួយគូរតែប៉ុណ្ណោះ ។ ឪពុកម្ដាយត្រូវតែបានផ្សារភ្ជាប់នឹងគ្នាសិន មុនពេលកូនៗអាចផ្សារភ្ជាប់ទៅនឹងពួកគាត់បាន ។
សមាជិកមជ្ឈិមវ័យម្នាក់នៅពេលដែលឪពុកម្ដាយរបស់គាត់ស្លាប់ ជាទូទៅត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយទាំងនោះ ។ ដូចដែលបានប្រើនៅទីនេះ ពាក្យឪពុកម្ដាយ មានន័យថា ឪពុកម្ដាយបង្កើត ឪពុកម្ដាយចិញ្ចឹម ឬឪពុកម្ដាយបង្កើត និងឪពុកម្ដាយចុង ។
តារាងខាងក្រោមនេះ បង្ហាញពី ជម្រើសនៃការផ្សារភ្ជាប់ ដែលមានសម្រាប់មនុស្សម្នាក់ ដែលឪពុកម្ដាយរបស់គាត់បានស្លាប់ នៅពេលពួកគាត់ នៅជាអនីតិជន ឬអ្នកដែលមិនអាចទទួលខុសត្រូវ ដោយសារតែពិការភាព ។
|
កាលៈទេសៈ |
ជម្រើស |
|---|---|
|
កុមារអនិតិជន |
|
|
បុគ្គលដែលពុំអាចទទួលខុសត្រូវដោយសារពិការភាព |
|
សូមមើល ២៧.៤.១សម្រាប់ព័ត៌មានអំពីការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់កូនៗដែលត្រូវផ្សារភ្ជាប់នឹងឪពុកម្ដាយរបស់ពួកគេ ។
សមាជិកដែលមានអាយុ ២១ ឆ្នាំឡើងទៅត្រូវតែទទួលអំណោយទានពិសិដ្ឋ ដើម្បីអាចផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយរបស់ពួកគេ ( សូមមើល ២៦.៤.៤ ) ។
ការផ្សារភ្ជាប់កូនដែលស្លាប់ទៅនឹងឪពុកម្តាយ ( នៅរស់ ឬស្លាប់ ) ។ ជាធម្មតា មរណជនត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ កូនដែលបានស្លាប់ក៏អាចត្រូវបានផ្សារភ្ជាប់ផងដែរទៅនឹង ៖
-
ម្តាយបង្កើត និងឪពុកចុង ។
-
ឪពុកបង្កើត និងម្តាយចុង ។
-
ឪពុកម្ដាយចិញ្ចឹម ឬតាយាយចិញ្ចឹមដែលបានចិញ្ចឹមបីបាច់កុមារនោះ ( សូមមើល ៣៨.៤.២.៤ ) ។
-
ស្វាមីភរិយាដែលមានបំណងសុំកូននោះមកចិញ្ចឹម ប៉ុន្តែពុំអាចបំពេញការសុំយកចិញ្ចឹមបាន ពីមុនកុមារនោះស្លាប់ ( សូមមើល ៣៨.៤.២.៤ ) ។
ការផ្សារភ្ជាប់ទាំងនេះអាចធ្វើបាន ទោះបីជាកុមារដែលស្លាប់នោះបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមរបស់គាត់ក្តី ។ ការផ្សារភ្ជាប់ទៅនឹងបុគ្គលដែលពុំមែនជាឪពុកម្តាយបង្កើត ឬបុគ្គលដែលពុំមែនជាឪពុកម្តាយចិញ្ចឹម នៅក្នុងស្ថានភាពនានាក្រៅពីអ្វីដែលបានពិពណ៌នាដូចខាងលើនេះ តម្រូវឲ្យមានការអនុម័តពីគណៈប្រធានទីមួយ ។
៣៨.៤.២.៣
កូនសុំ ឬកូនចិញ្ចឹមដែលនៅរស់
កូនដែលនៅរស់ដែលបានកើតនៅក្នុងសេចក្តីសញ្ញា ឬដែលបានផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយរួចហើយ មិនអាចផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយណាផ្សេងទៀតបានទេ បើគ្មានការអនុម័តពីគណៈប្រធានទីមួយនោះ ។
កូនៗដែលនៅរស់ដែលបានសុំមកចិញ្ចឹមស្របច្បាប់ ហើយមិនបានកើតនៅក្នុងសេចក្តីសញ្ញា ទាំងមិនបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើត អាចផ្សារភ្ជាប់ទៅនឹងឪពុកម្តាយចិញ្ចឹមរបស់ពួកគេ បន្ទាប់ពីការសុំមកចិញ្ចឹមធ្វើឡើងចប់សព្វគ្រប់ ។ លិខិតសម្រេចមួយច្បាប់អំពីការសុំកូនចិញ្ចឹមស្របច្បាប់ គួរតែបង្ហាញនៅឯព្រះវិហារបរិសុទ្ធ ។ លិខិតសាលក្រមពីតុលាការជាអាណាព្យាបាលពេញច្បាប់ មិនមានការបញ្ជាក់គ្រប់គ្រាន់ សម្រាប់ពិធីផ្សារភ្ជាប់ទេ ។ វាមិនមែនជាកាតព្វកិច្ច ដើម្បីស្គាល់ឪពុកម្តាយបង្កើតរបស់កូនៗទាំងនេះទេ ។
ការអនុម័តរបស់គណៈប្រធានទីមួយចាំបាច់ត្រូវមាន សម្រាប់សមាជិកនៅរស់ ដើម្បីបានផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយចិញ្ចឹម ។ តម្រូវការនេះអនុវត្ត សូម្បីតែមិនស្គាល់មុខឪពុកម្តាយបង្កើតរបស់កូនចិញ្ចឹមនោះក្តី ។ សំណើបែបនេះត្រូវបានធ្វើឡើងដោយ ប្រធានស្ដេកដោយប្រើ ធ.ថ.ស ( សូមមើល៦.២.៣ ) ។
៣៨.៤.២.៤
កូនសុំ ឬកូនចិញ្ចឹមដែលទទួលមរណភាព
ជាធម្មតា កូនសុំដែលបានទទួលមរណភាពត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយចិញ្ចឹមរបស់គាត់ ឬនាង ។
កូនចិញ្ចឹមដែលបានទទួលមរណភាព ជាធម្មតាត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបង្កើតរបស់គាត់ ឬនាង ។
៣៨.៤.២.៥
ការផ្សារភ្ជាប់កូនៗនៅរស់ទៅនឹងឪពុក ឬម្តាយបង្កើត និងឪពុក ឬម្តាយចុង
កូនៗដែលជាអនីតិជន និងកូនៗដែលមិនអាចទទួលខុសត្រូវ ។ កូនៗដែលនៅរស់ដែលជាអនីតិជន និងកូនៗដែលមិនអាចទទួលខុសត្រូវបានដោយសារពិការភាពខាងបញ្ញា អាចផ្សារភ្ជាប់ទៅនឹងឪពុក ឬម្តាយបង្កើត ជាមួយនឹងឪពុក ឬម្តាយចុងបាន បើលក្ខខណ្ឌដូចខាងក្រោមនេះទាំងអស់ត្រូវបានបំពេញតែប៉ុណ្ណោះ ៖
-
កូននោះមិនបានកើតមកក្នុងសេចក្ដីសញ្ញា ឬមិនបានផ្សារភ្ជាប់ពីមុនមកទេ ។
-
កូននោះមិនត្រូវបានសុំមកចិញ្ចឹមដោយឪពុក ឬម្ដាយផ្សេងទៀត ។
-
ឪពុក ឬម្តាយបង្កើតបានចុះហត្ថលេខាលើលិខិតយល់ព្រមដើម្បីឲ្យពិធីផ្សារភ្ជាប់ធ្វើឡើងបាន ។ លិខិតសាលក្រមពីតុលាការជាអាណាព្យាបាលពេញច្បាប់ មិនមានការបញ្ជាក់គ្រប់គ្រាន់ សម្រាប់ពិធីផ្សារភ្ជាប់ទេ ។ លិខិតយល់ព្រមគួរតែប្រើពាក្យស្រដៀងគ្នាទៅនឹងពាក្យដូចខាងក្រោម ៖
« ខ្ញុំ [ នាមឪពុកម្ដាយបង្កើត ], ផ្តល់ការអនុញ្ញាតឲ្យ [ ឈ្មោះកូន ឬកូនៗ ] ត្រូវផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ទៅនឹង [ នាមរបស់ឪពុកម្ដាយ ] ។ ខ្ញុំយល់ថា ការផ្សារភ្ជាប់នេះគឺជាពិធីសាសនាមួយ ហើយគ្មានការជាប់ពាក់ព័ន្ធនឹងផ្នែកច្បាប់ទេ » ។
លិខិតនេះត្រូវបង្ហាញនៅឯព្រះវិហារបរិសុទ្ធ មុនពេលធ្វើពិធីផ្សារភ្ជាប់ ។
ប្រសិនបើឪពុក ឬម្តាយបង្កើតម្នាក់ទទួលមរណភាព ឬសិទ្ធិក្នុងនាមជាឪពុក ឬម្តាយរបស់គាត់ត្រូវបានបញ្ចប់ទាំងស្រុងតាមនីតិវិធីច្បាប់ នោះការយល់ព្រមមិនតម្រូវឲ្យមានទេ ។ ដូចគ្នានោះដែរ គេពុំត្រូវការការចារយល់ព្រមអ្វីទេ ប្រសិនបើកូនត្រូវបានចាត់ទុកថាជាមនុស្សពេញវ័យនៅក្នុងទីកន្លែងដែលគាត់រស់នៅ ។
ប្រសិនបើរកឪពុក ឬម្តាយបង្កើតម្នាក់ពុំឃើញទេ បន្ទាប់ពីខិតខំគ្រប់វិធីដើម្បីស្វែងរកពួកគាត់ហើយក្តី នោះការយល់ព្រមមិនតម្រូវឲ្យមានទេ ។ នៅក្នុងករណីនេះ ប៊ីស្សព និងប្រធានស្តេកត្រូវបញ្ជាក់នៅក្នុងដំណើរការបញ្ជាក់បង្ហាញថា កិច្ចខិតខំគ្រប់វិធីដើម្បីស្វែងរកឪពុកម្តាយដែលបាត់នោះគឺរកមិនឃើញឡើយ ។ ប្រសិនបើឪពុក ឬម្ដាយបង្កើតនោះមកបង្ហាញខ្លួននៅពេលក្រោយ នោះការផ្សារភ្ជាប់នេះនឹងត្រូវពិនិត្យមើលឡើងវិញ ។
កូនៗមជ្ឈិមវ័យ ។ សមាជិកមជ្ឈិមវ័យដែលនៅរស់ម្នាក់ អាចផ្សារភ្ជាប់ទៅនឹងឪពុក ឬម្ដាយបង្កើត ជាមួយនឹងឪពុក ឬម្ដាយចុងបាន ប្រសិនបើសមាជិកនេះមិនបានកើតនៅក្នុងសេចក្ដីសញ្ញា ឬមិនបានផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយពីមុនមកទេ ។
សមាជិកដែលមានអាយុ ២១ ឆ្នាំឡើងទៅត្រូវតែទទួលអំណោយទានពិសិដ្ឋ មុនពេលផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយបង្កើត និងឪពុកម្ដាយចុង ។
សមាជិកដែលបានរៀបការរួចហើយ ដែលមានអាយុក្រោម ២១ ឆ្នាំ មិនចាំបាច់ទទួលអំណោយទានពិសិដ្ឋដើម្បីផ្សារភ្ជាប់ទៅនឹងឪពុក ឬម្ដាយបង្កើត ជាមួយនឹងឪពុក ឬម្ដាយចុងនោះទេ ។ ទោះជាយ៉ាងណា ពួកគេត្រូវតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពដើម្បីអាចបានផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយ ( សូមមើល ២៦.៤.៤ ) ។
សូមមើល ២៧.៤.១សម្រាប់ព័ត៌មានអំពីការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់កូនៗដែលត្រូវផ្សារភ្ជាប់នឹងឪពុកម្ដាយរបស់ពួកគេ ។
៣៨.៤.២.៦
កូនដែលបានចាប់កំណើតដោយការបាញ់បញ្ចូលមេជីវិតឈ្មោលចូលទៅក្នុងស្បួនស្រ្តី ម្នាក់តាមមធ្យោបាយសប្បនិម្មិត ឬការបង្កកំណើតក្រៅស្បូន
កូនៗដែលបានចាប់កំណើតដោយការចាក់ទឹកកាមចូលក្នុងស្បូន ឬការបង្កកំណើតក្រៅផ្ទៃ បានកើតនៅក្នុងសេចក្តីសញ្ញា ប្រសិនបើឪពុកម្តាយរបស់ពួកគេបានផ្សារភ្ជាប់រួចហើយ ។ ប្រសិនបើកូនបានកើតមកមុនពេលឪពុកម្តាយរបស់ពួកគេផ្សារភ្ជាប់ នោះពួកគេអាចផ្សារភ្ជាប់នឹងឪពុកម្តាយរបស់ពួកគេ បន្ទាប់ពីឪពុកម្តាយរបស់ពួកគេបានផ្សារភ្ជាប់ជាមួយគ្នា ។
៣៨.៤.២.៧
កូនដែលកើតមកដោយម្តាយដែលពពោះជំនួស
ប្រសិនបើកូនបានកើតមកដោយម្តាយដែលពពោះជំនួសម្តាយផ្សេង នោះប្រធានស្តេកនាំយកបញ្ហានេះទៅកាន់ការិយាល័យគណៈប្រធានទីមួយ ( សូមមើល ៣៨.៦.២២ ) ។
៣៨.៤.២.៨
ស្ថានភាពរបស់កូនៗ នៅពេលដែលពិធីផ្សារភ្ជាប់ ត្រូវបានលុបចោល ឬដកហូតវិញ
កូនៗស្មោះត្រង់ដែលបានកើតក្នងសេចក្តីសញ្ញា ឬបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ ដែលរក្សាទុកនូវពរជ័យនៃភាពជាឪពុកម្តាយដ៏អស់កល្ប ។ នេះជាការពិតទោះបីជា ៖
-
ការផ្សារភ្ជាប់របស់ឪពុកម្ដាយពួកគេក្រោយមកត្រូវបានលុបចោលក៏ដោយ ។
-
សមាជិកភាពក្នុងសាសនាចក្ររបស់ឪពុក ឬម្ដាយក្រោយមកត្រូវបានលាលែង ឬដកហូតក៏ដោយ ។
កូនៗដែលបានកើតបន្ទាប់ពីការផ្សារភ្ជាប់របស់ឪពុកម្តាយ ត្រូវបានលុបចោល ឬដកហូតវិញនោះមិនកើតនៅក្នុងសេចក្តីសញ្ញាទេ ។ កូនៗទាំងនេះអាចផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ពួកគេ បន្ទាប់ពីពរជ័យទាំងឡាយក្នុងព្រះវិហារបរិសុទ្ធរបស់ឪពុកម្តាយត្រូវបានស្តារឡើងវិញ ( បើអនុវត្ត ) ហើយរាល់ឧបសគ្គនានាដទៃទៀតត្រូវបានដកចេញ ។
៣៨.៥
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ
៣៨.៥.១
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ
នៅអំឡុងពេលទទួលអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ សមាជិកនៃសាសនាចក្រស្លៀកសម្លៀកបំពាក់ពណ៌ស ។ ស្រ្តីស្លៀកពាក់សម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ រ៉ូបដៃវែង ឬដៃត្រការ ( ឬសំពត់ និងអាវដៃវែង ឬអាវដៃត្រការ ) ស្រោមជើង និងស្បែកជើង ឬស្បែកជើងស៊ក ។
បុរសស្លៀកពាក់សម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ អាវដៃវែង ក្រវ៉ាត់ក ខោ ស្រោមជើង និងស្បែកជើងប៊ូរ ឬស្បែកជើងស៊ក ។
នៅអំឡុងពេលទទួលអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ សមាជិកស្លៀកពាក់សម្លៀកបំពាក់ពិធីបន្ថែមទៀត នៅពីលើសម្លៀកបំពាក់ពណ៌សរបស់ពួកគេ ។
៣៨.៥.២
ការទទួលបានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ
ថ្នាក់ដឹកនាំវួដ និងស្តេកលើកទឹកចិត្តសមាជិកដែលបានទទួល អំណោយទានពិសិដ្ឋឲ្យមានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធរបស់ពួកគេផ្ទាល់ខ្លួន ។ សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ អាចរកទិញបាននៅតាមហាងចែកចាយរបស់សាសនាចក្រ ឬនៅលើគេហទំព័រ store.ChurchofJesusChrist.org ។ ស្មៀនស្តេក និងវួដអាចជួយសមាជិកបញ្ជាទិញសម្លៀកបំពាក់នោះ ។
ប៊ីស្សពអាចប្រើមូលនិធិដង្វាយតមអាហារ ដើម្បីជួយសមាជិកដែលត្រូវការទិញសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ ( សូមមើលជំពូកទី ២២ ) ។
ព្រះវិហារបរិសុទ្ធមួយចំនួនក៏មានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធសម្រាប់ជួលផងដែរ ។ ប្រសិនបើព្រះវិហារបរិសុទ្ធមិនមានសម្លៀកបំពាក់សម្រាប់ជួលទេ នោះសមាជិកចាំបាច់ត្រូវយកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធទៅជាមួយពួកគេ ។ សូមមើល នៅលើគេហទំព័រ temples.ChurchofJesusChrist.org ដើម្បីដឹងថាតើព្រះវិហារបរិសុទ្ធណាមួយមានជួលសម្លៀកបំពាក់ ។
ព្រះវិហារបរិសុទ្ធរក្សាការផ្គត់ផ្គង់សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធមានកម្រិត ដើម្បីអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងអាចប្រើប្រាស់បាន ។ ពុំមានគិតថ្លៃជួលនោះទេ ខណៈដែលពួកគេស្ថិតនៅក្នុងមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា និងនៅពេលពួកគេមានការអនុញ្ញាតឲ្យចូលរួមនៅក្នុងពិធីបរិសុទ្ធនានានៃព្រះវិហារបរិសុទ្ធ អំឡុងពេលកំពុងបម្រើនៅក្នុងតំបន់បេសកកម្ម ។ ប្រសិនបើចាំបាច់ សម្លៀកបំពាក់នេះអាចប្រើប្រាស់ដោយពួកអ្នកផ្សព្វផ្សាយសាសនាដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ។
សម្លៀកបំពាក់ពិសិដ្ឋនេះមានជាសាច់ក្រណាត់ និងម៉ូដផ្សេងៗគ្នា រួមទាំង ម៉ូដសម្រាប់ស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូនផងដែរ នៅលើគេហទំព័រ ( store.ChurchofJesusChrist.org) ។
សមាជិកដែលត្រូវការសម្លៀកបំពាក់ពិសិដ្ឋដែលពុំមានទំហំ អាចទាក់ទងទៅកាន់អ្នកប្រឹក្សាខាងសម្លៀកបំពាក់ដើម្បីធ្វើការបញ្ជាទិញជាពិសេស ។ ព័ត៌មានទំនាក់ទំនងមាននៅលើគេហទំព័រ store.ChurchofJesusChrist.org/contactus ។
សម្រាប់ព័ត៌មានអំពីការលសម្លៀកបំពាក់ មុននឹងបញ្ជាទិញសម្លៀកបំពាក់ទាំងនោះសូមមើល store.ChurchofJesusChrist.org ។
៣៨.៥.៣
សម្លៀកបំពាក់ពិសិដ្ឋ និងសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ សម្រាប់សមាជិកដែលមានពិការភាព ឬប្រតិកម្ម
សម្លៀកបំពាក់ពិសិដ្ឋអាចបញ្ជាទិញជាពិសេសសម្រាប់សមាជិកដែលឈឺដេកលើគ្រែ ដែលពិការធ្ងន់ធ្ងរ ឬមានប្រតិកម្មទៅនឹងសាច់ក្រណាត់ ឬសម្លៀកបំពាក់ពិសិដ្ឋមួយចំនួន ( សូមមើល « Garments and Sacred Clothing » នៅលើគេហទំព័រ store.ChurchofJesusChrist.org ) ។
រ៉ូបព្រះវិហារបរិសុទ្ធខ្លីៗមានសម្រាប់សមាជិកដែលអង្គុយលើកៅអីរុញ ឬសមាជិកដែលមានតម្រូវការពិសេសផ្សេងទៀត ( សូមមើល នៅគេហទំព័រ store.ChurchofJesusChrist.org ) ។
៣៨.៥.៤
ការដេរសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ
សមាជិកមិនគួរដេរសម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធ ឬសម្លៀកបំពាក់ពិសិដ្ឋឡើយ ។
៣៨.៥.៥
ការពាក់សម្លៀកបំពាក់ពិសិដ្ឋ
គណៈប្រធានទីមួយ បានផ្តល់នូវការណែនាំដូចខាងក្រោមស្តីពីការពាក់សម្លៀកបំពាក់ពិសិដ្ឋ ៖
« សម្លៀកបំពាក់បរិសុទ្ធនៃបព្វជិតភាពដ៏បរិសុទ្ធរំឭកយើងអំពី វាំងនននៅក្នុងព្រះវិហារបរិសុទ្ធ ហើយវាំងនននោះជានិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកពាក់សម្លៀកបំពាក់ពិសិដ្ឋរបស់អ្នក នោះអ្នកស្លៀកពាក់និមិត្តសញ្ញាដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ ការស្លៀកពាក់វាគឺជាការបង្ហាញខាងក្រៅនៃការតាំងចិត្តខាងក្នុងខ្លួនរបស់អ្នកក្នុងការដើរតាមទ្រង់ ។ សម្លៀកបំពាក់ពិសិដ្ឋក៏ជាការរំឭកអំពីសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់អ្នកផងដែរ ។ អ្នកគួរតែស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋទាំងយប់ទាំងថ្ងៃពេញមួយជីវិតរបស់អ្នក ។ នៅពេលដែលត្រូវតែដោះសម្លៀកបំពាក់បរិសុទ្ធចេញសម្រាប់ធ្វើសកម្មភាពទាំងឡាយណា ដែលមិនអាចស្លៀកសម្លៀកបំពាក់ពិសិដ្ឋបានដោយសមរម្យ នោះសូមព្យាយាមស្លៀកពាក់វាឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ នៅពេលអ្នកគោរពតាមសេចក្ដីសញ្ញារបស់អ្នក រួមទាំងអភ័យឯកសិទ្ធិដ៏ពិសិដ្ឋដើម្បីស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចដែលបានណែនាំនៅក្នុងពិធីបរិសុទ្ធលាងជម្រះ នោះអ្នកនឹងមានសិទ្ធិទទួលបានសេចក្ដីមេត្តាករុណា ការការពារ កម្លាំង និងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះកាន់តែមហិមា » ។
សម្លៀកពាក់ពិសិដ្ឋគួរត្រូវបានស្លៀកពីក្រោមសម្លៀកបំពាក់ក្រៅ ។ វាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ថាតើខោអាវទ្រនាប់ផ្សេងទៀតត្រូវពាក់ពីលើ ឬពីក្រោមសម្លៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធ ។
សមាជិកមិនគួរកែឆ្នៃម៉ូត ឬផ្លាស់ប្តូរម៉ូតសម្លៀកបំពាក់ពិសិដ្ឋដើម្បីកែតម្រូវតាមម៉ូតសម្លៀកបំពាក់ផ្សេងៗនោះទេ ។
សមាជិកមិនគួរបង្ហាញសម្លៀកបំពាក់ពិសិដ្ឋនេះដោយមិនត្រឹមត្រូវដល់អ្នកដែលមិនយល់ពីសារៈសំខាន់របស់វាឡើយ ។
សូមមើល ២៦.៣.៣ ។
៣៨.៥.៦
ការថែទាំសម្លៀកបំពាក់ពិសិដ្ឋ
សម្លៀកបំពាក់បរិសុទ្ធគឺជានិមិត្តរូបដ៏ពិសិដ្ឋមួយអំពី ព្រះយេស៊ូវគ្រីស្ទ ។ របៀបដែលយើងថែទាំដល់សម្លៀកបំពាក់ពិសិដ្ឋរបស់យើងគួរតែឆ្លុះបញ្ចាំងពីនិមិត្តសញ្ញាដ៏ពិសិដ្ឋនោះ ។
សមាជិកអាចនឹងដេរសម្លៀកបំពាក់ដែលរហែកបានដរាបណាវាមិនផ្លាស់ប្តូរទម្រង់ដើម ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសញ្ញាមួយដាច់ខូច ឬបាត់ទាំងស្រុងនោះសមាជិកគួរតែប្រើសម្លៀកបំពាក់ពិសិដ្ឋថ្មីជំនួសវិញ ។
៣៨.៥.៧
ការស្លៀកសម្លៀកបំពាក់បរិសុទ្ធនៅក្នុងកងទ័ព ក្រុមអគ្គិភ័យ ក្រុមអនុវត្តច្បាប់ ឬភ្នាក់ងារស្រដៀងគ្នា
សេចក្ដីណែនាំនៅក្នុងវគ្គនេះ អនុវត្តចំពោះសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ដែលមានតម្រូវការឯកសណ្ឋានជាក់លាក់ ពេលកំពុងបម្រើ ៖
-
នៅក្នុងកងទ័ព ។
-
ជាក្រុមពន្លត់អគ្គិភ័យ ។
-
ជាមន្ត្រីអនុវត្តច្បាប់ ។
-
ជាភ្នាក់ងារសន្ដិសុខរដ្ឋាភិបាល ។
នៅពេលណាអាចធ្វើទៅបាន សមាជិកទាំងនេះគួរតែពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចគ្នានឹងសមាជិកដទៃទៀតដែរ ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកគួរតែចៀសវាងកុំដាក់សម្លៀកបំពាក់ពិសិដ្ឋបង្ហាញឲ្យអ្នកទាំងឡាយណា ដែលមិនយល់អំពីសារៈសំខាន់របស់វាឃើញនោះឡើយ ។ សមាជិកគួរតែស្វែងរកការដឹកនាំពីព្រះវិញ្ញាណ ហើយប្រើសេចក្តីវាងវៃ ការប្រុងប្រយ័ត្ន និងប្រាជ្ញា ។ នៅក្នុងករណីខ្លះ វាអាចជាការល្អបំផុត ដើម្បីដោះសម្លៀកបំពាក់ពិសិដ្ឋជាបណ្តោះអាសន្នសិន ហើយពាក់វាវិញ នៅពេលដែលឱកាសល្អហុចឲ្យ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្រាន់តែមានភាពមិនស្រួលនៅក្នុងការស្លៀកសម្លៀកបំពាក់ពិសិដ្ឋ នោះមិនគួររកលេសដើម្បីដោះវាចេញនោះឡើយ ។
ពេលខ្លះ ច្បាប់កងទ័ពរារាំងសមាជិកមិនឲ្យពាក់សម្លៀកបំពាក់ពិសិដ្ឋ ។ ក្នុងករណីទាំងនេះ ស្ថានភាពខាងសាសនារបស់សមាជិកមិនរងផលប៉ះពាល់អ្វីឡើយ ។ ព្រះអម្ចាស់ផ្ដោតទៅលើដួងចិត្ត និងគំនិតដែលស្ម័គ្រតាម ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៣៤ ) ។ ដរាបណាសមាជិកនៅតែស័ក្តិសម នោះពួកគាត់នឹងនៅតែទទួលបានពរជ័យ ដែលទាក់ទងនឹងការស្លៀកសម្លៀកបំពាក់ពិសិដ្ឋនោះ ។ ប្រសិនបើសមាជិកមិនអាចស្លៀកសម្លៀកបំពាក់ពិសិដ្ឋបាន នោះពួកគេគួរតែពាក់វាម្តងទៀតភ្លាម ដរាបណាកាលៈទេសៈអនុញ្ញាត ។
សមាជិកនៅក្នុងអង្គភាពទាំងនេះគួរតែពិគ្រោះជាមួយនឹងកម្មវិធីនីមួយៗរបស់ពួកគេស្តីពីតម្រូវការជាក់លាក់ ដែលសម្លៀកបំពាក់ខាងក្នុងត្រូវតែបំពេញតាម ដូចជាពណ៌ ឬម៉ូដក-អាវ ។ សមាជិកទាំងនេះអាចផ្ញើសម្លៀកបំពាក់ដែលត្រូវបានអនុម័តដោយអង្គភាពដែលអនុលោមតាមគោលការណ៍ណែនាំសម្រាប់សម្លៀកបំពាក់ ទៅកាន់ហាងសម្លៀកបំពាក់ប៊ីហៃ ដើម្បីត្រូវបានដាក់សញ្ញាសម្គាល់ថាជាសម្លៀកបំពាក់ពិសិដ្ឋដែលមានការអនុញ្ញាត ។ សេចក្ដីណែនាំ និងការបង្រៀនបន្ថែមត្រូវបានផ្តល់ជូននៅក្នុងការណែនាំអំពីសម្លៀកបំពាក់ពិសិដ្ឋសម្រាប់កងទ័ព, មន្ត្រីអនុវត្តច្បាប់ និងអ្នកពន្លត់អគ្គិភ័យ ។
៣៨.៥.៨
ស្ថានភាពវេជ្ជសាស្ត្រដែលអាចនឹងរារាំងសមាជិកមិនឲ្យពាក់សម្លៀកបំពាក់ពិសិដ្ឋ
នៅពេលណាអាចធ្វើទៅបាន សមាជិកដែលស្ថិតនៅក្រោមស្ថានភាពព្យាបាលផ្នែកវេជ្ជសាស្ត្រគួរតែពាក់សម្លៀកបំពាក់ពិសិដ្ឋ ដូចគ្នានឹងសមាជិកដទៃទៀតដែរ ។
សម្លៀកបំពាក់ពិសិដ្ឋដែលបញ្ជាទិញជាពិសេស អាចត្រូវបានទិញសម្រាប់សមាជិក ដែលស្ថិតនៅក្រោមស្ថានភាពព្យាបាលផ្នែកវេជ្ជសាស្ត្រ ឬប្រើឧបករណ៍វេជ្ជសាស្ត្រ ។ សមាជិកដែលត្រូវការបញ្ជាទិញសម្លៀកបំពាក់ពិសិដ្ឋជាពិសេស អាចទាក់ទងទៅកាន់អ្នកប្រឹក្សាខាងសម្លៀកបំពាក់ ដើម្បីធ្វើការបញ្ជាទិញ ។ ព័ត៌មានទំនាក់ទំនងមាននៅលើគេហទំព័រ store.ChurchofJesusChrist.org/contactus ។
ស្ថានភាពខាងវេជ្ជសាស្រ្ត ឬឧបករណ៍វេជ្ជសាស្រ្តមួយចំនួនអាចធ្វើឲ្យសមាជិកពិបាកស្លៀកពាក់តែមួយ ឬទាំងពីរផ្នែកនៃសម្លៀកបំពាក់ពិសិដ្ឋ ។ សមាជិកគួរតែស្វែងរកការណែនាំពីព្រះវិញ្ញាណនៅក្នុងស្ថានភាពដូច្នេះ ។ នៅក្នុងករណីខ្លះ វាអាចជាការល្អបំផុត ដើម្បីដោះសម្លៀកបំពាក់ពិសិដ្ឋជាបណ្តោះអាសន្នសិន ហើយពាក់វាវិញនៅពេលដែលកាលៈទេសៈអនុញ្ញាត ។
នៅពេលដែលសមាជិកមិនអាចពាក់សម្លៀកបំពាក់ពិសិដ្ឋបាន ដោយសារតែស្ថានភាពខាងវេជ្ជសាស្ត្រ ឬឧបករណ៍ពេទ្យ នោះស្ថានភាពខាងសាសនារបស់សមាជិកនោះមិនរងផលប៉ះពាល់អ្វីទេ ។ ព្រះអម្ចាស់ផ្ដោតទៅលើដួងចិត្ត និងគំនិតដែលស្ម័គ្រតាម ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៣៤ ) ។ ដរាបណាសមាជិករូបនេះនៅតែបន្តមានភាពស័ក្តិសម នោះគាត់នឹងទទួលបានពរជ័យ ដែលទាក់ទងនឹងការស្លៀកសម្លៀកបំពាក់ពិសិដ្ឋនោះ ។
៣៨.៥.៩
ការបោះចោលសម្លៀកបំពាក់ពិសិដ្ឋ និងសម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធ
ដើម្បីបោះចោលសម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដែលចាស់ នោះសមាជិកគួរតែកាត់ និងបំផ្លាញសញ្ញាទាំងឡាយចោលសិន ។ បន្ទាប់មកសមាជិកកាត់បំណែកក្រណាត់ដែលនៅសល់ ដើម្បីកុំឲ្យគេស្គាល់ថាជាសម្លៀកបំពាក់ពិសិដ្ឋ ។ ក្រណាត់ដែលនៅសេសសល់អាចបោះចោលបាន ។
ដើម្បីបោះចោលសម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធដែលចាស់ សមាជិកគួរតែបំផ្លាញសម្លៀកបំពាក់ដោយកាត់វាចោល ដើម្បីកុំឲ្យគេស្គាល់ពីការប្រើប្រាស់ប្រភពដើម ។ បន្ទាប់មកអាចបោះចោលសម្លៀកបំពាក់នោះបាន ។
សមាជិកអាចឲ្យសម្លៀកបំពាក់ពិសិដ្ឋ និងសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ដែលនៅល្អទៅឲ្យសមាជិកដទៃទៀត ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ។ សមាជិកមិនគួរឲ្យសម្លៀកបំពាក់ពិសិដ្ឋ ឬសម្លៀកបំពាក់ពិធីការក្នុងព្រះវិហារទៅឲ្យហាងលក់សម្ភារជជុះ ឃ្លាំងស្តុកឥវ៉ាន់របស់ប៊ីស្សព ព្រះវិហារបរិសុទ្ធ ឬខាងសប្បុរសធម៌នោះឡើយ ។
៣៨.៥.១០
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធសម្រាប់ការបញ្ចុះសព
ប្រសិនបើអាចធ្វើទៅបាន នៅពេលសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយទទួលមរណភាព នោះពួកគេគួរតែត្រូវបានបញ្ចុះ ឬធ្វើឈាបនកិច្ចដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ។ ប្រសិនបើទំនៀមទម្លាប់វប្បធម៌ ឬការបញ្ចុះដូចនេះ មានភាពមិនសមរម្យ ឬមានការពិបាក នោះសម្លៀកបំពាក់នេះអាចបត់ដាក់នៅជិតនឹងសាកសព ។
មានតែសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋកាលនៅរស់រួចហើយប៉ុណ្ណោះ ដែលអាចត្រូវបានបញ្ចុះ ឬធ្វើឈាបនកិច្ចដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ។ បើបុគ្គលដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ឈប់ពាក់សម្លៀកបំពាក់ពិសិដ្ឋ មុនពេលគាត់ស្លាប់ អាចបញ្ចុះ ឬធ្វើឈាបនកិច្ចដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធបាន បើគ្រួសារស្នើសុំឲ្យធ្វើដូច្នោះ ។
បុគ្គលម្នាក់ដែលពរជ័យរបស់គាត់មិនទាន់បានស្ដារឡើងវិញ បន្ទាប់ពីការដកហូត ឬការលាលែងសមាជិកភាពសាសនាចក្រប្រហែលជាមិនអាចបញ្ចុះ ឬធ្វើឈាបនកិច្ចដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធបានឡើយ ។
បុគ្គលដែលបានទទួលអំណោយទានពិសិដ្ឋកាលនៅរស់ ហើយបានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង អាចត្រូវបានបញ្ចុះ ឬធ្វើឈាបនកិច្ចដោយសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធបាន ។
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធដែលត្រូវបានប្រើសម្រាប់ការបញ្ចុះសព ឬឈាបនកិច្ច មិនចាំបាច់ថាថ្មីនោះទេ ប៉ុន្តែវាគួរតែស្អាតបាត ។ អាចប្រើប្រាស់សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់សមាជិកនោះបាន ។
សមាជិកដែលត្រូវបញ្ចុះ ឬធ្វើឈាបនកិច្ចដោយសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ អាចត្រូវបានស្លៀកពាក់ឲ្យដោយសមាជិកគ្រួសារ ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ដែលមានភេទដូចគ្នា ឬដោយស្វាមី ឬភរិយា ។ ប្រសិនបើសមាជិកគ្រួសារមិនមាននរណាអាចធ្វើបាន ឬមិនចង់ស្លៀកពាក់ឲ្យសាកសពនៃបុរសដែលបានទទួលអំណោយទានពិសិដ្ឋហើយទេ នោះប៊ីស្សពសូមឲ្យប្រធានកូរ៉ុមអែលឌើរ ដើម្បីអញ្ជើញឲ្យបុរសដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ឲ្យទៅស្លៀកពាក់ឲ្យសាកសពនោះ ឬមើលខុសត្រូវលើការស្លៀកពាក់ឲ្យត្រឹមត្រូវ ។ ប្រសិនបើសមាជិកគ្រួសារមិនមាននរណាអាចធ្វើបាន ឬមិនចង់ស្លៀកពាក់ឲ្យសាកសពនៃស្ត្រីដែលបានទទួលអំណោយទានពិសិដ្ឋហើយទេ នោះប៊ីស្សពអាចសូមឲ្យប្រធានសមាគមសង្គ្រោះ ដើម្បីអញ្ជើញឲ្យស្ត្រីដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ឲ្យទៅស្លៀកពាក់ឲ្យសាកសពនោះ ឬមើលខុសត្រូវលើការស្លៀកពាក់ឲ្យត្រឹមត្រូវ ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា ការចាត់នេះត្រូវបានប្រគល់ទៅឲ្យមនុស្សដែលនឹងមិនបដិសេធវា ។
សពរបស់បុរសត្រូវស្លៀកពាក់សម្លៀកបំពាក់ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ អាវដៃវែង ក្រវ៉ាត់ក ឬណឺ-ក ខោ ស្រោមជើង និងស្បែកជើងប៊ូ ឬស្បែកជើងស៊ក ។ សពរបស់ស្ត្រីត្រូវស្លៀកពាក់សម្លៀកបំពាក់បរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពណ៌សដូចតទៅនេះ ៖ រ៉ូបដៃវែង ឬដៃត្រការ ( ឬសំពត់ និងអាវដៃវែង ឬអាវដៃត្រការ ) ស្រោមជើង និងស្បែកជើង ឬស្បែកជើងស៊ក ។
សម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធត្រូវបានបំពាក់លើសព ដូចបានណែនាំក្នុងពិធីអំណោយទានពិសិដ្ឋ ។ រ៉ូបត្រូវបានបំពាក់នៅលើស្មាខាងស្តាំ ហើយចងខ្សែរ៉ូបនៅចង្កេះខាងឆ្វេង ។ ប្រដាប់ប៉ឹងត្រូវចងនៅជុំវិញចង្កេះ ឆៀងត្រូវពាក់នៅជុំវិញចង្កេះ ហើយចងជារៀងបូរនៅលើត្រគៀកខាងឆ្វេង ។ ជាទូទៅមួកបុរសត្រូវដាក់នៅក្បែរសព រហូតដល់ពេលត្រូវបិទក្តារមឈូស ឬ ហឹប ។ បន្ទាប់មកមួកត្រូវពាក់ជាមួយនឹងបូរនៅលើត្រចៀកខាងឆ្វេង ។ ស្បៃរបស់ស្ត្រីអាចគ្របនៅលើខ្នើយកើយពីក្រោយក្បាលសព ។ របាំងស្បៃលើមុខសពស្ត្រីពីមុនបញ្ចុះ ឬធ្វើឈាបនកិច្ចគឺជាជម្រើស តាមការកំណត់របស់គ្រួសារ ។
នៅក្នុងតំបន់ខ្លះ មានតែអ្នកចាត់ចែងបុណ្យសពដែលមានអាជ្ញាប័ណ្ណ ឬនិយោជិតរបស់អ្នកចាត់ចែងម្នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យរៀបចំចាត់ចែងសាកសពបុគ្គលដែលស្លាប់បាន ។ នៅក្នុងករណីទាំងនេះ សមាជិកគ្រួសារដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ឬអ្នកដែលបានទទួលអំណោយទានពិសិដ្ឋមួយរូប ដែលត្រូវបានអញ្ជើញដោយប៊ីស្សព ឬដោយប្រធានសមាគមសង្គ្រោះគួរតែប្រាកដថា សម្លៀកបំពាក់គឺស្លៀកដោយត្រឹមត្រូវឲ្យដល់សាកសព ។
នៅក្នុងប្រទេសមួយចំនួនតម្រូវឲ្យបុគ្គលដែលស្លាប់ ត្រូវបានស្លៀកពាក់ដោយសម្លៀកបំពាក់ដែលអាចរលាយដោយឯកឯង នៅពេលពួកគេត្រូវបានបញ្ចុះ ។ សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធដែលអាចរលាយដោយឯកឯងមាននៅលើគេហទំព័រ store.ChurchofJesusChrist.org ។
នៅក្នុងតំបន់ទាំងឡាយណាដែលសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ មិនអាចរកបានដោយងាយស្រួលឲ្យទាន់ពេលបញ្ចុះសព ប្រធានស្តេកគួរតែមាននៅក្នុងដៃ យ៉ាងហោចណាស់នូវសម្លៀកបំពាក់ទំហំមធ្យមចំនួនពីរកំប្លេដែលមួយកំប្លេរសម្រាប់បុរស និងមួយកំប្លេទៀតសម្រាប់ស្ត្រី ។
ប្រសិនបើគ្មានសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធទេ សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋ ដែលបានទទួលមរណភាពនោះ ត្រូវបានស្លៀកសម្លៀកបំពាក់ពិសិដ្ឋ និងសម្លៀកបំពាក់សមរម្យដទៃទៀតឲ្យដើម្បីបញ្ចុះ ។
៣៨.៦
គោលនយោបាយអំពីបញ្ហាសីលធម៌
គោលនយោបាយពីរបីនៅក្នុងវគ្គនេះគឺស្តីពីបញ្ហាដែលសាសនាចក្រ « មិនលើកទឹកចិត្ត » ។ ជាទូទៅ សមាជិកសាសនាចក្រមិនជួបនឹងការដាក់កំហិតសមាជិកភាព ដោយសារតែការសម្រចចិត្តរបស់ពួកគេអំពីបញ្ហាទាំងនេះនោះឡើយ ។ ទោះជាយ៉ាងណាក្តី នៅទីបំផុតមនុស្សទាំងអស់ទទួលខុសត្រូវនៅចំពោះព្រះសម្រាប់ការសម្រេចចិត្តរបស់ពួកគេ ។
៣៨.៦.១
ការរម្លូតកូន
ព្រះអម្ចាស់បានបង្គាប់ថា « អ្នកមិនត្រូវ … សម្លាប់ឲ្យសោះ ឬប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៦ ) ។ សាសនាចក្រជំទាស់នឹងជម្រើសនៃការរម្លូតកូនសម្រាប់ភាពងាយស្រួលរបស់បុគ្គល ឬសង្គម ។ សមាជិកមិនត្រូវចុះចូល ប្រព្រឹត្ត រៀបចំ បង់ថ្លៃ យល់ព្រម ឬលើកទឹកចិត្តឲ្យមានការរម្លូតកូនឡើយ ។ ករណីដែលអាចកើតមានគឺនៅពេលតែ ៖
-
ការមានផ្ទៃពោះដែលជាលទ្ធផលមកពីការចាប់រំលោភដោយបង្ខំ ឬស្មន់ ។
-
គ្រូពេទ្យជំនាញកំណត់ថា ជីវិត និងសុខភាពរបស់ម្តាយស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
-
គ្រូពេទ្យជំនាញកំណត់ថា គ៌រមានបញ្ហាធ្ងន់ធ្ងរដែលនឹងមិនអនុញ្ញាតឲ្យទារកអាចរស់បានពេលកើតមក ។
សូម្បីតែការលើកលែងទាំងនេះ ក៏មិនបានធ្វើយុត្តិកម្មដោយស្វ័យប្រវត្តិចំពោះការរម្លូតកូនដែរ ។ ការរម្លូតកូនគឺជារឿងដ៏ធ្ងន់ធ្ងរបំផុតមួយ ។ វាគួរតែត្រូវបានពិចារណាតែបន្ទាប់ពីបុគ្គលដែលទទួលខុសត្រូវនោះ បានទទួលការបញ្ជាក់តាមរយៈការអធិស្ឋានប៉ុណ្ណោះ ។ សមាជិកអាចប្រឹក្សាជាមួយប៊ីស្សពរបស់ពួកគេដែលជាផ្នែកមួយនៃដំណើការនេះ ។
អ្នកកាន់តំណែងជាអធិបតី ពិនិត្យមើលស្ថានភាពនោះដោយប្រុងប្រយ័ត្ន ប្រសិនបើមានសមាជិកសាសនាចក្រម្នាក់ធ្លាប់បានជាប់ទាក់ទងនឹងការរម្លូតកូន ។ ក្រុមប្រឹក្សាសមាជិកភាពមួយអាចចាំបាច់ត្រូវបង្កើតឡើង ប្រសិនបើមានសមាជិកម្នាក់ចុះចូលតាម អនុវត្ត រៀបចំឲ្យមាន បង់ថ្លៃឲ្យ យល់ព្រមដល់ ឬលើកទឹកចិត្តឲ្យមានការរម្លូតកូន ( សូមមើល ៣២.៦.២.៥ ) ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសមាជិកភាពមួយមិនគួរត្រូវបានពិចារណាបង្កើតឡើងនោះទេ ប្រសិនបើសមាជិកម្នាក់ធ្លាប់បានពាក់ព័ន្ធក្នុងការរម្លូតកូន មុនពេលទទួលបុណ្យជ្រមុជទឹកនោះ ។ ហើយក៏មិនគួរពិចារណាបង្កើតឡើងនូវក្រុមប្រឹក្សាសមាជិកភាព ឬការដាក់កំហិតណាឡើយ សម្រាប់សមាជិកដែលធ្លាប់បានពាក់ព័ន្ធនៅក្នុងការរម្លូតកូនដោយសារមូលហេតុណាមួយក្នុងចំណោមមូលហេតុទាំងបីដែលបានពន្យល់ពីមុននៅក្នុងផ្នែកនេះ ។
ប៊ីស្សពសួរសំណួរទាំងឡាយចំពោះករណីជាក់លាក់ណាមួយទៅកាន់ប្រធានស្តេក ។ ប្រធានស្តេកអាចសួរសំណួរនេះទៅការិយាល័យនៃគណៈប្រធានទីមួយ ប្រសិនបើចាំបាច់ ។
ដរាបណាវាត្រូវបានបើកបង្ហាញ នោះបុគ្គលនោះអាចប្រែចិត្ត ហើយត្រូវបានអភ័យទោសចំពោះអំពើបាបនៃការរម្លូតកូន ។
៣៨.៦.២
ការរំលោភបំពាន
ការរំលោភបំពានគឺជាការប្រព្រឹត្តខុស ឬការបោះបង់ភារកិច្ចចំពោះមនុស្សដទៃ តាមវិធីមួយដែលបណ្ដាលឲ្យមានអន្តរាយលើរាងកាយ ផ្លូវភេទ សតិអារម្មណ៍ ឬផ្នែកហិរញ្ញវត្ថុ ។ ជំហររបស់សាសនាចក្រគឺថា ការរំលោភបំពានមិនអាចត្រូវបានត្រាប្រណីឲ្យនៅគ្រប់រូបភាពទាំងអស់ ។ អ្នកទាំងឡាយណាដែលរំលោភបំពានលើស្វាមី ឬភរិយា កូន សមាជិកគ្រួសារដទៃទៀត ឬនរណាម្នាក់ទៀត នោះមានន័យថាបានបំពានលើច្បាប់របស់ព្រះ និងមនុស្សហើយ ។
សមាជិកទាំងអស់ ជាពិសេស ឪពុកម្តាយ និងថ្នាក់ដឹកនាំ ត្រូវបានលើកទឹកចិត្តឲ្យមានការប្រុងប្រយ័ត្ន និងឧស្សាហ៍ព្យាយាម ហើយខំឲ្យអស់ពីលទ្ធភាព ដើម្បីការពារកូន និងអ្នកដទៃ ប្រឆាំងនឹងការរំលោភបំពាន ។ ប្រសិនបើសមាជិកបានដឹងអំពីករណីរំលោភបំពាន នោះពួកគេរាយការណ៍ទៅកាន់អាជ្ញាធរស៊ីវិល ហើយប្រឹក្សាជាមួយនឹងប៊ីស្សព ។ ថ្នាក់ដឹកនាំរបស់សាសនាចក្រគួរតែយកការរាយការណ៍អំពីការរំលោភបំពានទុកជាការម៉ឺងម៉ាត់ ហើយមិនត្រូវមើលស្រាលលើវាឡើយ ។
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយកុមារ ឬយុវវ័យត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យ អំឡុងពេលមួយខែក្រោយពីត្រូវបានគាំទ្រ ( សូមមើលនៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ ពួកគេត្រូវរៀនវគ្គបណ្តុះបណ្តាលនោះម្តងទៀតរៀងរាល់បីឆ្នាំម្ដង ។
ពេលមានការរំលោភបំពានកើតឡើង ការទទួលខុសត្រូវដំបូង និងភ្លាមៗរបស់ថ្នាក់ដឹកនាំសាសនាចក្រ គឺជួយដល់អ្នកទាំងឡាយដែលត្រូវបានរំលោភបំពាន និងការពារបុគ្គលដែលអាចនឹងរងគ្រោះចំពោះការរំលោភបំពាននាពេលអនាគត ។ ថ្នាក់ដឹកនាំពុំគួរលើកទឹកចិត្តបុគ្គលម្នាក់ឲ្យបន្តនៅក្នុងផ្ទះ ឬស្ថានភាពដែលមានការរំលោភបំពាន ឬគ្មានសុវត្ថិភាពនោះទេ ។
៣៨.៦.២.១
បណ្ដាញជំនួយផ្នែកការរំលោភបំពាន
នៅក្នុងប្រទេសមួយចំនួន សាសនាចក្របានស្ថាបនាបណ្ដាញជំនួយសម្ងាត់ក្នុងករណីរំលោភបំពានដើម្បីជួយដល់ប្រធានស្ដេក និងប៊ីស្សព ។ ថ្នាក់ដឹកនាំទាំងនេះគួរតែទូរសព្ទទៅបណ្ដាញជំនួយភ្លាមអំពីគ្រប់ស្ថានភាពដែលបុគ្គលម្នាក់អាចត្រូវបានរំលោភបំពាន—ឬកំពុងប្រថុយប្រថាននឹងត្រូវរំលោភបំពាន ។ ពួកគាត់ក៏គួរទូរសព្ទទៅបណ្ដាញជំនួយផងដែរ ប្រសិនបើពួកគេបានដឹងពីសមាជិកមា្នក់ដែលមើល ទិញ ឬចែកចាយការណ៍អាសគ្រាមរបស់កុមារ ។
បណ្ដាញជំនួយនេះគឺមានសម្រាប់ឲ្យប៊ីស្សព និងប្រធានស្តេកទាក់ទងទៅបានក្នុងមួយថ្ងៃ ២៤ ម៉ោង ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ។ ព័ត៌មានទំនាក់ទំនងត្រូវបានផ្តល់ជូនដូចខាងក្រោម ។
-
សហរដ្ឋអាមេរិក និងប្រទេសកាណាដា ៖ ១–៨០១–២៤០–១៩១១ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–១៩១១ ។
-
ចក្រភពអង់គ្លេស ៖ ០៨០០ ៩៧០ ៦៧៥៧
-
ប្រទេសអៀឡង់ ៖ ១៨០០ ៩៣៧ ៥៤៦
-
បណ្តាប្រទេសនៅតំបន់អឺរ៉ុបកណ្តាល ៖ +៤៩ ៦៩ ៥៤៨០២ ០១៦ ឬ EURC-Abuse@ChurchofJesusChrist.org
-
ប្រទេសអូស្ត្រាលី ៖ ០២ ៩៨៤១ ៥៤៥៤ ( ទូរសព្ទពីក្នុងប្រទេស )
-
ប្រទេសនូវែលសេឡង់ ៖ ០៩ ៤៨៨ ៥៥៩២ ( ទូរសព្ទពីក្នុងប្រទេស )
ប៊ីស្សព និងប្រធានស្តេកគួរតែទូរសព្ទទៅបណ្ដាញជំនួយ ពេលដោះស្រាយស្ថានភាពនានាទាក់ទងនឹងការរំលោភបំពានប្រភេទណាមួយ ។ អ្នកជំនាញផ្នែកច្បាប់ និងគ្លីនិកនឹងឆ្លើយតបសំណួររបស់ពួកគាត់ ។ អ្នកជំនាញទាំងនេះក៏នឹងផ្ដល់ការណែនាំផងដែរអំពីរបៀបដើម្បី ៖
-
ជួយជនរងគ្រោះ និងជួយការពារពួកគេពីការរំលោភបំពានបន្ថែមទៀត ។
-
ជួយការពារអ្នកដែលអាចក្លាយជាជនរងគ្រោះ ។
-
អនុវត្តតាមតម្រូវការផ្នែកច្បាប់សម្រាប់រាយការណ៍អំពីការរំលោភបំពាន ។
សាសនាចក្រប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមច្បាប់នៅក្នុងការរាយការណ៍អំពីការរំលោភបំពាន ( សូមមើល ៣៨.៦.២.៧ ) ។ ច្បាប់គឺខុសគ្នាតាមទីកន្លែង ហើយថ្នាក់ដឹកនាំសាសនាចក្រភាគច្រើនពុំមែនជាអ្នកឯកទេសខាងច្បាប់ទេ ។ ការទូរសព្ទទៅបណ្ដាញជំនួយគឺចាំបាច់សម្រាប់ប៊ីស្សព និងប្រធានស្តេកដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកគេក្នុងការរាយការណ៍អំពីការរំលោភបំពាន ។
ប៊ីស្សពគួរតែជូនដំណឹងទៅកាន់ប្រធានស្តេករបស់គាត់ អំពីបណ្តឹងនៃការរំលោភបំពានផងដែរ ។
នៅក្នុងប្រទេសដែលគ្មានបណ្តាញជំនួយ នោះប៊ីស្សពដែលដឹងអំពីការរំលោភបំពានគួរតែទាក់ទងទៅប្រធានស្តេករបស់គាត់ ។ ប្រធានស្តេកគួរតែស្វែងរកការណែនាំពីអ្នកប្រឹក្សាស្របច្បាប់ក្នុងតំបន់នៅការិយាល័យប្រចាំតំបន់នោះ ។ គាត់ក៏ត្រូវបានលើកទឹកចិត្តឲ្យប្រឹក្សាជាមួយអ្នកជំនាញសេវាកម្មគ្រួសារ ឬអ្នកគ្រប់គ្រងផ្នែកសុខុមាលភាពខ្លួនទីពឹងខ្លួននៅឯការិយាល័យតំបន់ផងដែរ ។
៣៨.៦.២.២
ការប្រឹក្សាក្នុងករណីរំលោភបំពាន
ជាញឹកញាប់ ជនរងគ្រោះពីការរំលោភបំពានរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ។ ប្រធានស្តេក និងប៊ីស្សពឆ្លើយតបដោយក្តីអាណិតអាសូរ និងការយល់ចិត្ត ។ ពួកគាត់ផ្តល់នូវការប្រឹក្សា និងការគាំទ្រដល់ជនរងគ្រោះឲ្យយកឈ្នះលើឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃការរំលោភបំពាន ។
នៅពេលខ្លះ ជនរងគ្រោះមានអារម្មណ៍ខ្មាសអៀន ឬក៏មានកំហុស ។ ជនរងគ្រោះគ្មានទោសកំហុសនៃអំពើបាបទេ ។ ថ្នាក់ដឹកនាំជួយពួកគេ និងក្រុមគ្រួសាររបស់ពួកគេឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះ និងការព្យាបាលដែលទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃទី៣ ១៧:៩ ) ។
ប្រធានស្តេក និងប៊ីស្សពគួរជួយអ្នកដែលប្រព្រឹត្តការរំលោភបំពានទាំងនោះឲ្យប្រែចិត្ត ហើយបញ្ឈប់ឥរិយាបថរំលោភបំពានរបស់ពួកគេ ។ ប្រសិនបើមជ្ឈិមវ័យម្នាក់បានប្រព្រឹត្តអំពើបាបខាងផ្លូវភេទចំពោះកុមារ នោះឥរិយាបថនោះអាចពិបាកនឹងផ្លាស់ប្ដូរណាស់ ។ ដំណើរការនៃការប្រែចិត្តអាចអូសបន្លាយពេលយ៉ាងយូរ ។ សូមមើល ៣៨.៦.២.៣ ។
ប្រធានស្តេក និងប៊ីស្សពក៏គួរតែមើលថែ និងឆាប់ដឹង ពេលធ្វើការជាមួយគ្រួសារជនរងគ្រោះ និងជនល្មើសនៃការរំលោភបំពាន ។
ការណែនាំសម្រាប់ការប្រឹក្សាដល់ជនរងគ្រោះ និងជនល្មើសមានផ្ដល់ឲ្យនៅ ការរំលោភបំពាន ៖ របៀបដើម្បីជួយ ។
បន្ថែមពីលើការទទួលជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ នោះជនរងគ្រោះ ជនល្មើស និងគ្រួសារពួកគេអាចនឹងត្រូវការការទូន្មានដែលមានជំនាញផងដែរ ។ សម្រាប់ព័ត៌មាន សូមមើល ៣១.៣.៦ ។
សម្រាប់ព័ត៌មានអំពីអ្វីដែលប៊ីស្សព និងប្រធានស្ដេកគួរធ្វើ នៅពេលពួកគាត់ដឹងអំពីការរំលោភបំពានប្រភេទណាមួយនោះ សូមមើល ៣៨.៦.២.១ ។ សម្រាប់ព័ត៌មានស្ដីពីការប្រឹក្សានៅក្នុងករណីរំលោភលើផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត សូមមើល ៣៨.៦.១៨.២ ។
សូមមើលផងដែរនៅគេហទំព័រ FamilyServices.ChurchofJesusChrist.org ។
៣៨.៦.២.៣
ការរំលោភបំពានលើកុមារ ឬយុវវ័យ
ការរំលោភបំពានលើកុមារ ឬយុវវ័យ គឺជាអំពើបាបកាន់តែធ្ងន់ធ្ងរ ( សូមមើល លូកា ១៧:២ ) ។ ដូចត្រូវបានប្រើប្រាស់នៅទីនេះ ការរំលោភបំពានលើកុមារ ឬយុវវ័យ រួមមានដូចខាងក្រោមនេះ ៖
-
ការរំលោភផ្លូវកាយ ៖ ការធ្វើឲ្យមានអន្តរាយខាងរាងកាយធ្ងន់ធ្ងរ ដោយអំពើហិង្សាលើរាងកាយ ។ ការអន្តរាយខ្លះអាចនឹងមិនឃើញជាក់ស្ដែងទេ ។
-
ការរំលោភបំពាន ឬការកេងប្រវញ្ចផ្លូវភេទ ៖ ការមានសកម្មភាពខាងផ្លូវភេទជាមួយកុមារ ឬយុវវ័យ ឬការមានចេតនាអនុញ្ញាតឲ្យ ឬជួយអ្នកដទៃទៀតឲ្យមានសកម្មភាពដូច្នោះ ។ ដូចដែលប្រើនៅទីនេះ ការរំលោភបំពានផ្លូវភេទពុំរាប់បញ្ចូលនូវសកម្មភាពផ្លូវភេទដោយមានការយល់ព្រមរវាងអនីតិជនពីរនាក់ ដែលមានអាយុតំណាលគ្នានោះឡើយ ។
-
ការរំលោភបំពានខាងសតិអារម្មណ៍ ៖ ការប្រើប្រាស់សកម្មភាព និងពាក្យសម្ដីដើម្បីធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការញាណដឹងរបស់កុមារ ឬយុវវ័យអំពីការគោរពខ្លួនឯង ឬតម្លៃខ្លួនឯង ។ ជាធម្មតា ការណ៍នេះរួមមានការជេរប្រមាថម្តងហើយម្តងទៀត ការគ្រប់គ្រងដោយឧបាយកល និងការរិះគន់ ដែលធ្វើឱ្យអាម៉ាស់ និងបន្ទាបតម្លៃ ។ វាក៏អាចរួមមាននូវការបោះបង់ភារកិច្ចទាំងស្រុងផងដែរ ។
-
ការណ៍អាសគ្រាមរបស់កុមារ ៖ សូមមើល ៣៨.៦.៦ ។
ប្រសិនបើប៊ីស្សព ឬប្រធានស្ដេកដឹងអំពី ឬមានការសង្ស័យថាមានការរំលោភបំពានលើកុមារ ឬយុវវ័យ នោះគាត់ធ្វើតាមសេចក្តីណែនាំនៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។ គាត់ក៏ត្រូវចាត់វិធានការ ដើម្បីការពារកុំឲ្យមានការរំលោភបំពានបន្ថែមទៀតផងដែរ ។
ក្រុមប្រឹក្សាសមាជិកភាពរបស់សាសនាចក្រ និងចំណារកំណត់ត្រាមួយតម្រូវឲ្យមាន ប្រសិនបើសមាជិកជាមជ្ឈិមវ័យម្នាក់រំលោភបំពានលើកុមារ ឬយុវវ័យ ដូចបានពន្យល់នៅក្នុងវគ្គនេះ ។ សូមមើលផងដែរ ៣២.៦.១.១ និង ៣៨.៦.២.៥ ។
ការធ្វើបាបរាងកាយ ឬអារម្មណ៍រវាងកុមារ ឬយុវវ័យដែលមានអាយុតំណាលគ្នា គួរតែត្រូវបានដោះស្រាយដោយថ្នាក់ដឹកនាំវួដ ។ ក្រុមប្រឹក្សាសមាជិកភាពមិនចាំបាច់ត្រូវមានទេ ។
៣៨.៦.២.៤
ការរំលោភបំពានលើប្ដី ឬប្រពន្ធ ឬមជ្ឈិមវ័យម្នាក់ទៀត
ការរំលោភបំពានលើប្ដី ឬប្រពន្ធ ឬមជ្ឈិមវ័យម្នាក់ទៀត អាចកើតមានឡើងក្នុងរបៀបជាច្រើន ។ ទាំងនេះរួមមានការរំលោភបំពានខាងរាងកាយ ផ្លូវភេទ សតិអារម្មណ៍ និងហិរញ្ញវត្ថុ ។ ជួនកាល មជ្ឈិមវ័យទាំងឡាយដែលមានវ័យចាស់ ងាយរងគ្រោះ ឬពិការ គឺមានហានិភ័យខ្ពស់ក្នុងការទទួលរងការរំលោភបំពាន ។
ជាញឹកញាប់ វាពុំមាននិយមន័យតែមួយនៃការរំលោភបំពាន ដែលអាចអនុវត្តនៅក្នុងស្ថានភាពទាំងអស់នោះទេ ។ ផ្ទុយទៅវិញ វាមានវិសាលភាពមួយនៃភាពធ្ងន់ធ្ងរនៅក្នុងឥរិយាបថរំលោភបំពាន ។ វិសាលភាពនេះរាប់ចាប់ពីការប្រើប្រាស់ពាក្យចាក់ដោតដើម្បីធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
ប្រសិនបើប៊ីស្សព ឬប្រធានស្ដេកដឹងអំពីការរំលោភបំពានលើប្ដី ឬប្រពន្ធ ឬមជ្ឈិមវ័យម្នាក់ទៀត នោះគាត់ធ្វើតាមសេចក្តីណែនាំនៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។ គាត់ក៏ត្រូវចាត់វិធានការ ដើម្បីការពារកុំឲ្យមានការរំលោភបំពានបន្ថែមទៀតផងដែរ ។
ថ្នាក់ដឹកនាំស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីកំណត់ថាតើការប្រឹក្សាផ្ទាល់ខ្លួន ឬក្រុមប្រឹក្សាសមាជិកភាពមួយ ជារបៀបដែលសមរម្យបំផុតដើម្បីដោះស្រាយការរំលោភបំពានឬយ៉ាងណា ។ ពួកគេក៏អាចប្រឹក្សាជាមួយថ្នាក់ដឹកនាំបព្វជិតភាពផ្ទាល់របស់ពួកគេផងដែរអំពីរបៀបដែលសមរម្យបំផុត ។ ទោះជាយ៉ាងណា ការរំលោភបំពានលើប្ដី ឬប្រពន្ធ ឬមជ្ឈិមវ័យម្នាក់ទៀតណាក៏ដោយដែលមានកម្រិតដូចដែលបានពិពណ៌នាខាងក្រោមនេះ តម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាពមួយ ។
-
ការរំលោភបំពានផ្លូវកាយ ៖ ការធ្វើឲ្យមានអន្តរាយខាងរាងកាយធ្ងន់ធ្ងរដោយអំពើហិង្សាលើរាងកាយ ។ ការអន្តរាយខ្លះអាចនឹងមិនឃើញជាក់ស្ដែងទេ ។
-
ការរំលោភបំពានផ្លូវភេទ ៖ សូមមើលស្ថានភាពទាំងឡាយដែលបានបញ្ជាក់នៅក្នុង ៣៨.៦.១៨.៣ ។
-
ការរំលោភបំពានខាងសតិអារម្មណ៍ ៖ ការប្រើប្រាស់សកម្មភាព និងពាក្យសម្ដីដើម្បីធ្វើឲ្យមានការខូចខាតដល់ការញាណដឹងរបស់បុគ្គលម្នាក់អំពីការគោរពខ្លួនឯង ឬតម្លៃខ្លួនឯង ។ ជាធម្មតា ការណ៍នេះរួមមានការជេរប្រមាថម្តងហើយម្តងទៀត ការគ្រប់គ្រងដោយឧបាយកល និងការរិះគន់ ដែលធ្វើឱ្យអាម៉ាស់ និងបន្ទាបតម្លៃ ។
-
ការរំលោភបំពានខាងហិរញ្ញវត្ថុ ៖ ការយកប្រៀបខាងហិរញ្ញវត្ថុលើនរណាម្នាក់ ។ ការណ៍នេះរួមមានទាំងការប្រើប្រាស់ទ្រព្យសម្បត្តិ ប្រាក់ ឬរបស់មានតម្លៃផ្សេងៗទៀតរបស់មនុស្សម្នាក់ដោយខុសច្បាប់ ឬដោយមិនមានការអនុញ្ញាត ។ វាក៏អាចរួមបញ្ចូលទាំងការទទួលបានអំណាចហិរញ្ញវត្ថុដោយក្លែងបន្លំលើនរណាម្នាក់ផងដែរ ។ វាអាចរួមមានការប្រើប្រាស់អំណាចហិរញ្ញវត្ថុ ដើម្បីបង្ខិតបង្ខំដល់ការប្រព្រឹត្ត ។ សូមមើលផងដែរ ៣២.៦.១.៣ ។
៣៨.៦.២.៥
ការហៅបម្រើក្នុងសាសនាចក្រ ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងការចារចំណាំកំណត់ត្រាសមាជិកភាព
សមាជិកដែលបានរំលោភបំពានលើអ្នកដទៃ មិនគួរត្រូវបានប្រគល់ការហៅបម្រើក្នុងសាសនាចក្រ ហើយមិនអាចមានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ រហូតដល់ពួកគេបានប្រែចិត្ត ហើយរាល់ការដាក់កំហិតសមាជិកភាពរបស់សាសនាចក្រទាំងអស់ត្រូវបានដកចេញ ។
ប្រសិនបើបុគ្គលម្នាក់រំលោភបំពានផ្លូវភេទលើកុមារ ឬយុវវ័យ ឬរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើផ្លូវចិត្ត ឬរាងកាយរបស់កុមារ ឬយុវវ័យ ទាំងផ្លូវកាយ និងសតិអារម្មណ៍ នោះកំណត់ត្រាសមាជិកភាពរបស់គាត់ ឬនាង នឹងត្រូវចារចំណាំ ។ គាត់ ឬនាងមិនត្រូវបានផ្តល់ឲ្យនូវការហៅបម្រើ ឬការចាត់តាំងណាមួយ ដែលទាក់ទងទៅនឹងកុមារ ឬយុវវ័យឡើយ ។ នេះរួមមានទាំង ការមិនត្រូវបានប្រគល់ឲ្យនូវការចាត់តាំងធ្វើការងារបម្រើដល់ក្រុមគ្រួសារដែលមានយុវវ័យ ឬកុមារនៅក្នុងផ្ទះផងដែរ ។ វាក៏រួមបញ្ចូលទាំងការមិនមានយុវវ័យម្នាក់ជាដៃគូធ្វើការងារបម្រើផងដែរ ។ ការដាក់កំហិតទាំងនេះ គួរតែរក្សាទុករហូតដល់គណៈប្រធានទីមួយអនុញ្ញាតឲ្យមានការដកការចារចំណាំនោះចេញ ។ សូមមើល ៣២.១៤.៥ សម្រាប់ព័ត៌មានអំពីការចារចំណាំ ។
៣៨.៦.២.៦
ក្រុមប្រឹក្សាស្ដេក និងវួដ
នៅក្នុងការប្រជុំក្រុមប្រឹក្សាស្តេក និងវួដ គណៈប្រធានស្តេក និងគណៈប៊ីស្សពរំឭកជាទៀងទាត់អំពីគោលនយោបាយ និងសេចក្តីណែនាំរបស់សាសនាចក្រស្តីពីការការពារ និងការឆ្លើយតបចំពោះការរំលោភបំពាន ។ ពួកលោកបង្រៀនពីសារលិខិតសំខាន់ៗនៅក្នុង ផ្នែក Abuse នៃជំនួយដល់ជីវិត នៅក្នុងបណ្ណាល័យដំណឹងល្អ ។ ពួកគាត់អញ្ជើញឲ្យមានការពិភាក្សាមកពីសមាជិកក្រុមប្រឹក្សា ។ ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាគួរស្វែងរកការដឹកនាំពីព្រះវិញ្ញាណ នៅពេលពួកគាត់បង្រៀន ហើយពិភាក្សាពីប្រធានបទដ៏សំខាន់នេះ ។
សមាជិកក្រុមប្រឹក្សាក៏ត្រូវបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីការការពារកុមារ និងយុវវ័យផងដែរ ( សូមមើល ៣៨.៦.២ ) ។
៣៨.៦.២.៧
បញ្ហាផ្នែកច្បាប់ទាក់ទងនឹងការរំលោភបំពាន
ប្រសិនបើសកម្មភាពរំលោភបំពានរបស់សមាជិកម្នាក់ បានបំពានលើច្បាប់ នោះប៊ីស្សព ឬប្រធានស្តេកគួរតែជំរុញទឹកចិត្តសមាជិក ឲ្យរាយការណ៍អំពីសកម្មភាពទាំងនេះទៅកាន់បុគ្គលិកអនុវត្តច្បាប់ ឬអាជ្ញាធររដ្ឋាភិបាលសមរម្យផ្សេងទៀត ។ ប៊ីស្សព ឬប្រធានស្តេកអាចទទួលបានព័ត៌មានអំពីតម្រូវការនៃការរាយការណ៍ក្នុងមូលដ្ឋានតាមរយៈបណ្តាញជំនួយរបស់សាសនាចក្រ ( សូមមើល ៣៨.៦.២.១ ) ។ ប្រសិនបើសមាជិកមានសំណួរអំពីតម្រូវការនៃការរាយការណ៍ នោះគាត់លើកទឹកចិត្តពួកគេ ដើម្បីទទួលបានដំបូន្មានផ្នែកច្បាប់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រគួរបំពេញរាល់កាតព្វកិច្ចខាងផ្លូវច្បាប់ដើម្បីរាយការណ៍ការរំលោភបំពានដល់អាជ្ញាធរស៊ីវិល ។ នៅទីតាំងមួយចំនួន ថ្នាក់ដឹកនាំ និងគ្រូបង្រៀនដែលធ្វើការជាមួយនឹងកុមារ និងយុវវ័យត្រូវបានចាត់ទុកថាជា « អ្នករាយការណ៍ដែលបានបង្គាប់ » ហើយត្រូវរាយការណ៍ពីការរំលោភបំពានដល់អាជ្ញាធរច្បាប់ ។ ស្រដៀងគ្នានេះដែរ នៅទីតាំងជាច្រើន បុគ្គលណាម្នាក់ដែលដឹងពីការរំលោភបំពានគឺតម្រូវឲ្យរាយការណ៍ទៅកាន់អាជ្ញាធរច្បាប់ ។ ប៊ីស្សព និងប្រធានស្តេកគួរតែទូរសព្ទទៅកាន់បណ្ដាញជំនួយដើម្បីបានព័ត៌មានលម្អិតទាក់ទងនឹងអ្នករាយការណ៍ដែលតម្រូវឲ្យធ្វើ និងតម្រូវការផ្នែកច្បាប់ផ្សេងៗទៀត សម្រាប់ការរាយការណ៍ពីការរំលោភបំពាន ។ គោលនយោបាយរបស់សាសនាចក្រគឺត្រូវគោរពតាមច្បាប់ ។
៣៨.៦.៣
ការបង្កកំណើតដោយចាក់ទឹកកាមចូលក្នុងស្បូន
សូមមើល ៣៨.៦.៩ ។
៣៨.៦.៤
ការពន្យារកំណើត
ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយាមានគោលបំណងធ្វើឲ្យមានភាពស្រស់ស្អាត និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះចំពោះការបង្កើតកូនចៅ និងចំពោះការបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និងភរិយា ( សូមមើល ២.១.២ ) ។
វាគឺជាឯកសិទ្ធិរបស់ស្វាមីភរិយាមួយគូដែលបានរៀបការហើយ ដែលអាចមានកូនដើម្បីផ្តល់រូបកាយខាងសាច់ឈាម សម្រាប់កូនចៅវិញ្ញាណរបស់ព្រះ ដែលពួកគេមានការទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ និងថែរក្សា ( សូមមើល ២.១.៣ ) ។ ការសម្រេចចិត្តថាតើត្រូវមានកូនចំនួនប៉ុន្មាននាក់ ហើយនៅពេលណាត្រូវមានកូន នោះគឺជារឿងបុគ្គល និងជាឯកជនបំផុត ។ ហើយគួរតែត្រូវបានទុកឲ្យរវាងគូស្វាមីភរិយា និងព្រះអម្ចាស់ ។ សមាជិកសាសនាចក្រ មិនគួរវិនិច្ឆ័យគ្នាទៅវិញទៅមកនៅក្នុងបញ្ហានេះទេ ។
សាសនាចក្រមិនលើកទឹកចិត្តឲ្យយកការពន្យារកំណើតដោយការវះកាត់ជាជម្រើសដើម្បីពន្យារកំណើតឡើយ ។ ការពន្យារកំណើតដោយការវះកាត់រួមមាននីតិវិធីដូចជាការក្រៀវ និងការចងដៃស្បូន ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះគឺជារឿងផ្ទាល់ខ្លួនដែលទីបំផុត ត្រូវទុកឲ្យស្វាមី និងភរិយាធ្វើការវិនិច្ឆ័យ និងការពិចារណាប្រកបដោយការអធិស្ឋាន ។ ស្វាមី និងភរិយាគួរតែប្រឹក្សាជាមួយគ្នាដោយសាមគ្គីភាព និងស្វែងរកការបញ្ជាក់នៃព្រះវិញ្ញាណនៅក្នុងការធ្វើការសម្រេចចិត្តនេះ ។
ការពន្យារកំណើតដោយការវះកាត់ ពេលខ្លះត្រូវការដោយហេតុផលខាងវេជ្ជសាស្រ្ត ។ សមាជិកអាចទទួលអត្ថប្រយោជន៍ពីការប្រឹក្សាពីអ្នកជំនាញខាងវេជ្ជសាស្រ្ត ។
៣៨.៦.៥
ព្រហ្មចារីភាព និងភក្តីភាព
ច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់គឺ ៖
-
តំណមបម្រាមពីទំនាក់ទំនងខាងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ដ្រីម្នាក់ ។
-
ភក្ដីភាពក្នុងអាពាហ៍ពិពាហ៍ ។
ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយាមានគោលបំណងធ្វើឲ្យមានភាពស្រស់ស្អាត និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះ សម្រាប់ការបង្កើតកូនចៅ និងសម្រាប់ការបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និងភរិយា ។
មានតែបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបការស្របច្បាប់ និងពេញច្បាប់ ក្នុងនាមជាស្វាមី និងភរិយាប៉ុណ្ណោះ គប្បីមានទំនាក់ទំនងខាងផ្លូវភេទ ។ នៅចំពោះព្រះនេត្ររបស់ព្រះ ភាពស្អាតស្អំខាងសីលធម៌មានសារៈសំខាន់ណាស់ ។ ការបំពានលើច្បាប់ព្រហ្មចារីភាពគឺធ្ងន់ធ្ងរណាស់ ( សូមមើល និក្ខមនំ ២០:១៤; ម៉ាថាយ ៥:២៨; អាលម៉ា ៣៩:៥ ) ។ ទាំងនោះរួមបញ្ចូលទាំងការប្រើប្រាស់ដោយខុសឆ្គងនូវអំណាចដ៏ពិសិដ្ឋរបស់ព្រះដែលបានប្រទានមកយើងដើម្បីបង្កើតជីវិត ។
ក្រុមប្រឹក្សាសមាជិកភាពមួយរបស់សាសនាចក្រអាចចាំបាច់ត្រូវបង្កើតឡើង ប្រសិនបើសមាជិកម្នាក់ ៖
-
មានទំនាក់ទំនងផ្លូវភេទក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រវាងបុរស និងស្ត្រី ដូចជា អំពើផិតក្បត់ អំពើសាហាយស្មន់ ទំនាក់ទំនងសេពកាមដូចគ្នា និងការរួមភេទតាមអនឡាញ ឬតាមទូរសព្ទ ( សូមមើល ៣២.៦.២ ) ។
-
គឺជាទម្រង់អាពាហ៍ពិពាហ៍ ឬភាពជាដៃគូដែលនៅក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រវាងបុរស និងស្ត្រី ដូចជាការនៅជាមួយគ្នា សម្ព័ន្ធស៊ីវិល និងភាពជាដៃគូ និងអាពាហ៍ពិពាហ៍ភេទដូចគ្នា ។
-
ការប្រើប្រាស់ការណ៍អាសគ្រាមក្នុងកម្រិតខ្លាំង ឬអត់មិនបាន ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាពាហ៍ពិពាហ៍ ឬគ្រួសាររបស់សមាជិកម្នាក់ ( សូមមើល ៣៨.៦.១៣ ) ។
ការសម្រេចចិត្តថា តើត្រូវមានក្រុមប្រឹក្សាសមាជិកភាពមួយឬទេ នៅក្នុងស្ថានភាពទាំងនេះ គឺវាអាស្រ័យទៅលើស្ថានភាពជាច្រើន ( សូមមើល ៣២.៧ ) ។ ជាឧទាហរណ៍ ចាំបាច់ត្រូវមានក្រុមប្រឹក្សាមួយបង្កើតឡើងដើម្បីជួយដល់សមាជិកឲ្យប្រែចិត្ត ប្រសិនបើគាត់ ឬនាង បានរំលងលើសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ ឬប្រសិនបើប្រព្រឹត្តអំពើបាបដដែលៗ ។
សូមមើល ៣២.៦.១.២សម្រាប់ពេលណាដែល តម្រូវឲ្យមានក្រុមប្រឹក្សាមួយ សម្រាប់អំពើបាបខាងផ្លូវភេទ ។
នៅក្នុងករណីមួយចំនួន ការប្រឹក្សាផ្ទាល់ខ្លួន និងការដាក់កំហិតសមាជិកភាពក្រៅផ្លូវការអាចគ្រប់គ្រាន់ហើយ ( សូមមើល ៣២.៨
៣៨.៦.៦
ការណ៍អាសគ្រាមរបស់កុមារ
សាសនាចក្រថ្កោលទោសដល់ការណ៍អាសគ្រាមគ្រប់ទម្រង់ ។ ប្រសិនបើប៊ីស្សព ឬប្រធានស្ដេកដឹងថា សមាជិកម្នាក់ចូលរួមនៅក្នុងការណ៍អាសគ្រាមរបស់កុមារ នោះគាត់ធ្វើតាមសេចក្តីណែនាំនៅក្នុង ៣៨.៦.២.១ ភ្លាមៗ ។
ក្រុមប្រឹក្សាសមាជិកភាពរបស់សាសនាចក្រ និងការចារចំណាំលើកំណត់ត្រាមួយតម្រូវឲ្យមាន ប្រសិនបើសមាជិកម្នាក់ធ្វើ ចែកចាយ មានជាកម្មសិទ្ធិ ឬមើលរូបភាពអាសគ្រាមរបស់កុមារម្ដងហើយម្ដងទៀត ( សូមមើល ៣២.៦.១.២ និង ៣២.១៤.៥ ) ។ គោលការណ៍ណែនាំនេះជាទូទៅមិនអនុវត្តចំពោះកុមារ ឬយុវវ័យដែលមានអាយុប្រហាក់ប្រហែលគ្នា ដែលចែកចាយរូបភាពផ្លូវភេទរបស់ពួកគេផ្ទាល់ ឬរបស់អ្នកដទៃឡើយ ។ ការប្រឹក្សាផ្ទាល់ខ្លួន និងការដាក់កំហិតសមាជិកភាពក្រៅផ្លូវការអាចសមរម្យនៅក្នុងករណីទាំងនោះ ។
សម្រាប់ការណែនាំបន្ថែម សូមមើល ៣៨.៦.១៣ ។
៣៨.៦.៧
ការបរិច្ចាគ ឬការលក់មេជីវិត ឬអូវុល
លំនាំនៃស្វាមី និងភរិយាផ្តល់រូបកាយឲ្យបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះគឺជាការតែងតាំងដ៏ទេវភាព ( សូមមើល ២.១.៣ ) ។ ដោយសារហេតុផលនេះ សាសនាចក្រពុំលើកទឹកចិត្តឲ្យមានការបរិច្ចាគមេជីវិត ឬអូវុលឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះគឺជារឿងផ្ទាល់ខ្លួនដែលទីបំផុត ត្រូវទុកឲ្យអ្នកដែលចង់ធ្វើការបរិច្ចាគនោះធ្វើការវិនិច្ឆ័យ និងការពិចារណាប្រកបដោយការអធិស្ឋាន ។ សូមមើល ៣៨.៦.៩ ។ សាសនាចក្រមិនលើកទឹកចិត្តឲ្យមានការលក់មេជីវិត ឬអូវុលនោះទេ ។
៣៨.៦.៨
ការគ្រៀវប្រដាប់ភេទស្ដ្រី
សាសនាចក្រថ្កោលទោសដល់ការគ្រៀវប្រដាប់បន្ដពូជស្រ្តី ។
៣៨.៦.៩
ទម្រង់ការការបង្កកំណើត
លំនាំនៃស្វាមី និងភរិយាផ្តល់រូបកាយឲ្យបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះគឺជាការតែងតាំងដ៏ទេវភាព ( សូមមើល ២.១.៣ ) ។ នៅពេលត្រូវការ បច្ចេកវិទ្យាបន្តពូជអាចជួយបុរស និងស្រ្តីដែលរៀបការបំពេញបំណងប្រាថ្នាសុចរិតរបស់ពួកគេដែលចង់បានកូនបាន ។ បច្ចេកវិទ្យានេះរួមមានទាំងការបង្កកំណើតដោយការចាក់ទឹកកាមចូលក្នុងស្បូន និងការបង្កកំណើតក្រៅផ្ទៃ ។
សាសនាចក្រមិនលើកទឹកចិត្តឲ្យមានការបង្កកំណើតដោយការចាក់ទឹកកាមចូលក្នុងស្បូន ឬការបង្កកំណើតក្រៅផ្ទៃ ដោយប្រើមេជីវិតរបស់នរណាម្នាក់ ក្រៅពីមេជីវិតរបស់ស្វាមី ឬអូវុលនរណាម្នាក់ក្រៅពីរបស់ភរិយាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះគឺជារឿងផ្ទាល់ខ្លួនដែលទីបំផុត ត្រូវទុកឲ្យបុរស និងស្រ្តីដែលបានរៀបការស្របច្បាប់ ធ្វើការវិនិច្ឆ័យ និងពិចារណាប្រកបដោយការអធិស្ឋាន ។
សម្រាប់ព័ត៌មានអំពីការផ្សារភ្ជាប់កូន ដែលបានកើតមកតាមការបង្កាត់ពូជសប្បនិម្មិត ឬការបង្កកំណើតក្រៅស្បូន សូមមើល ៣៨.៤.២.៦ ។
សូមមើលផងដែរ « ការសុំកូនចិញ្ចឹម » ( ប្រធានបទ និងសំណួរ, topics.ChurchofJesusChrist.org ) ។
៣៨.៦.១០
អំពើស្មន់ក្នុងរង្វង់សាច់ញាតិ
សាសនាចក្រថ្កោលទោសលើអំពើស្មន់គ្រប់ទម្រង់ ។ ដូចដែលប្រើនៅទីនេះ អំពើស្មន់ក្នុងរង្វង់សាច់ញាតិ គឺជាទំនាក់ទំនងផ្លូវភេទរវាង ៖
-
ឪពុក ឬម្ដាយម្នាក់ និងកូនម្នាក់ ។
-
តា ឬយាយម្នាក់ និងចៅម្នាក់ ។
-
បងប្អូនបង្កើត ។
-
ពូ ឬមីងម្នាក់ និងក្មួយស្រី ឬក្មួយប្រុសម្នាក់ ។
ដូចដែលបានប្រើនៅទីនេះ កូន ចៅ បងប្អូនបង្កើត ក្មួយស្រី និង ក្មួយប្រុស រួមទាំងទំនាក់ទំនងខាងសាច់ញាតិបង្កើត សាច់ញាតិសុំមកចិញ្ចឹម សាច់ញាតិចុង ឬសាច់ញាតិចិញ្ចឹម ។ អំពើស្មន់ក្នុងរង្វង់សាច់ញាតិអាចកើតឡើងរវាងអនីតិជនពីរនាក់ មជ្ឈិមវ័យម្នាក់ និងអនីតិជនម្នាក់ ឬមជ្ឈិមវ័យពីរនាក់ ។ ប្រសិនបើប្រធានស្តេកមានសំណួរថាតើទំនាក់ទំនងដែលអំពើស្មន់ក្នុងរង្វង់សាច់ញាតិនៅក្រោមច្បាប់ក្នុងមូលដ្ឋានឬក៏អត់ នោះគាត់ស្វែងរកការដឹកនាំមកពីការិយាល័យនៃគណៈប្រធានទីមួយ ។
ពេលដែលអនីតិជនម្នាក់ជាជនរងគ្រោះនៃអំពើស្មន់ក្នុងរង្វង់សាច់ញាតិ នោះប៊ីស្សព ឬប្រធានស្តេកទូរសព្ទទៅបណ្ដាញជំនួយផ្នែកការរំលោភបំពានរបស់សាសនាចក្រ នៅក្នុងប្រទេសទាំងឡាយដែលមានបណ្ដាញនេះ ( សូមមើល ៣៨.៦.២.១ ) ។ នៅក្នុងប្រទេសផ្សេងៗទៀត ប្រធានស្តេកគួរតែស្វែងរកការដឹកនាំមកពីទីប្រឹក្សាច្បាប់ក្នុងតំបន់នៅការិយាល័យប្រចាំតំបន់នោះ ។ គាត់ក៏ត្រូវបានលើកទឹកចិត្តឲ្យប្រឹក្សាជាមួយអ្នកជំនាញសេវាកម្មគ្រួសារ ឬអ្នកគ្រប់គ្រងផ្នែកសុខុមាលភាពខ្លួនទីពឹងខ្លួននៅឯការិយាល័យតំបន់ផងដែរ ។
ក្រុមប្រឹក្សាសមាជិកភាពរបស់សាសនាចក្រ និងការចារចំណាំលើកំណត់ត្រាមួយតម្រូវឲ្យមាន ប្រសិនបើសមាជិកម្នាក់ប្រព្រឹត្តអំពើស្មន់ក្នុងរង្វង់សាច់ញាតិ ( សូមមើល ៣២.៦.១.២ និង ៣២.១៤.៥ ) ។ ស្ទើរតែគ្រប់ករណី អំពើស្មន់ក្នុងរង្វង់សាច់ញាតិតម្រូវឲ្យសាសនាចក្រដកហូតសមាជិកភាពរបស់បុគ្គលម្នាក់ ។
ប្រសិនបើអនីតិជនប្រព្រឹត្តអំពើអំពើស្មន់ក្នុងរង្វង់សាច់ញាតិ នោះប្រធានស្តេកទាក់ទងទៅការិយាល័យគណៈប្រធានទីមួយសូមការណែនាំ ។
ជនរងគ្រោះនៃអំពើស្មន់ក្នុងរង្វង់សាច់ញាតិ ជាញឹកញាប់រងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ។ ថ្នាក់ដឹកនាំឆ្លើយតបដោយក្តីអាណិតអាសូរ និងការយល់ចិត្ត ។ ពួកគាត់ផ្តល់នូវការគាំទ្រ និងការប្រឹក្សាខាងវិញ្ញាណដើម្បីជួយពួកគេឲ្យយកឈ្នះលើឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃអំពើស្មន់ក្នុងរង្វង់សាច់ញាតិ ។
នៅពេលខ្លះ ជនរងគ្រោះមានអារម្មណ៍ខ្មាសអៀន ឬក៏មានកំហុស ។ ជនរងគ្រោះគ្មានទោសកំហុសនៃអំពើបាបទេ ។ ថ្នាក់ដឹកនាំជួយពួកគេ និងក្រុមគ្រួសាររបស់ពួកគេឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះ និងការព្យាបាលដែលទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃទី៣ ១៧:៩ ) ។
បន្ថែមពីលើការទទួលជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ នោះជនរងគ្រោះ និងគ្រួសារពួកគេអាចនឹងត្រូវការការទូន្មានដែលមានជំនាញផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៦.១៨.២ ។
៣៨.៦.១១
ការបន្តពូជដោយមិនរួមសង្វាស
សូមមើល ៣៨.៦.៩ ។
៣៨.៦.១២
វិជ្ជាមន្តអាគម
« អ្វីដែលមកពីព្រះជាពន្លឺ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:២៤ ) ។ វិជ្ជាមន្តអាគមផ្ដោតលើសេចក្ដីងងឹត ហើយវាដឹកនាំទៅរកការបោកបញ្ឆោត ។ វាបំផ្លាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
វិជ្ជាមន្តអាគមរួមបញ្ចូលទាំងការថ្វាយបង្គំសាតាំង ។ វាក៏រួមបញ្ចូលទាំងសកម្មភាពអាថ៌កំបាំងដែលមិនស្របតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ សកម្មភាពទាំងនេះរួមមាន ( ប៉ុន្ដែមិនកំណត់ត្រឹមនេះទេ ) ការរកគ្រូទាយ ការដាក់បណ្ដាសា និងការព្យាបាលដែលធ្វើត្រាប់តាមអំណាចបព្វជិតភាពរបស់ព្រះ ( សូមមើល មរ៉ូណៃ ៧:១១–១៧ ) ។
សមាជិកសាសនាចក្រមិនគួរជាប់ទាក់ទងនៅក្នុងទម្រង់នៃការថ្វាយបង្គំសាតាំង ឬចូលរួមនៅក្នុងរបៀបណាមួយខាងមន្តអាគមឡើយ ។ ពួកគេមិនគួរផ្ដោតលើសេចក្ដីងងឹតទាំងនេះនៅក្នុងការសន្ទនា ឬនៅក្នុងការប្រជុំរបស់សាសនាចក្រឡើយ ។
៣៨.៦.១៣
ការណ៍អាសគ្រាម
សាសនាចក្រថ្កោលទោសការណ៍អាសគ្រាមគ្រប់ទម្រង់ ។ ការប្រើប្រាស់ការណ៍អាសគ្រាមគ្រប់ប្រភេទ បំផ្លាញដល់ជីវិតបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសង្គម ។ វាក៏បណ្តេញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញផងដែរ ។ សមាជិកនៃសាសនាចក្រគួរតែចៀសវាងពីសម្ភារការណ៍អាសគ្រាមគ្រប់ទម្រង់ ហើយប្រឆាំងនឹងការផលិត ការចែកចាយ និងការប្រើប្រាស់វា ។
សាសនាចក្រផ្ដល់នូវធនធានខាងក្រោមនេះ ដើម្បីជួយដល់មនុស្សដែលជីវិតរបស់ពួកគេត្រូវបានប៉ះទង្គិចដោយការណ៍អាសគ្រាម ។
-
Helping Those Who Struggle with Pornography ( កូនសៀវភៅ )
-
Let Virtue Garnish Thy Thoughts ( កូនសៀវភៅ )
ប្រធានស្តេក និងប៊ីស្សពក៏ផ្ដល់នូវការគាំទ្រដល់សមាជិកគ្រួសារតាមដែលចាំបាច់ ។
មនុស្សមួយចំនួនមើលរូបអាសគ្រាមអាចនឹងធ្វើឡើងដោយអចេតនា ។ ការប្រើរូបអាសគ្រាមដោយចេតនាគឺគ្រោះថ្នាក់– មិនថាម្ដងម្កាលឬច្រើនដងនោះទេ ។
ជាធម្មតា ការប្រឹក្សាផ្ទាល់ខ្លួន និងការដាក់កំហិតសមាជិកភាពក្រៅផ្លូវការគឺគ្រប់គ្រាន់ ពេលជួយបុគ្គលម្នាក់ឲ្យប្រែចិត្តពីការណ៍អាសគ្រាម ( សូមមើល ៣២.៨ ) ។ ជាទូទៅ ក្រុមប្រឹក្សាសមាជិកភាពមិនចាំបាច់ត្រូវមាននោះទេ ។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាមួយអាចចាំបាច់សម្រាប់ការប្រើប្រាស់ការណ៍អាសគ្រាមក្នុងកម្រិតខ្លាំង ឬអត់មិនបាន ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាពាហ៍ពិពាហ៍ ឬគ្រួសាររបស់សមាជិកម្នាក់ ( សូមមើល ៣៨.៦.៥ ) ។ ក្រុមប្រឹក្សាមួយតម្រូវឲ្យមាន ប្រសិនបើសមាជិកម្នាក់ ចូលរួមចំណែក មាន ឬមើលរូបអាសគ្រាមរបស់កុមារម្ដងហើយម្ដងទៀត ( សូមមើល ៣២.៦.៦ ) ។
បន្ថែមពីលើជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ សមាជិកមួយចំនួនអាចនឹងត្រូវការការប្រឹក្សាពីអ្នកជំនាញផងដែរ ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅកាន់សេវាកម្មក្រុមគ្រួសារឲ្យជួយ បើចាំបាច់ ។ សូមមើល ៣១.៣.៦សម្រាប់ព័ត៌មានទំនាក់ទំនង ។
៣៨.៦.១៤
ការរើសអើង
មនុស្សគ្រប់រូបគឺជាបុត្រាបុត្រីនៃព្រះ ។ មនុស្សទូទៅគឺជាបងប្អូនប្រុសស្រីនឹងគ្នា ហើយជាផ្នែកនៃគ្រួសាររបស់ព្រះ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ ព្រះ « បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែមួយ » ( កិច្ចការ ១៧:២៦ ) ។ « ទាំងអស់ក៏ដូចគ្នា » នៅចំពោះទ្រង់ ( នីហ្វៃទី២ ២៦:៣៣ ) ។ មនុស្សម្នាក់ៗគឺ « នៅក្រោមព្រះនេត្រទ្រង់ មនុស្សណាក៏មានតម្លៃដូចជាមនុស្សណាដែរ » ( យ៉ាកុប ២:២១ ) ។
ការរើសអើងមិនសមស្របតាមបន្ទូលរបស់ព្រះដែលបានបើកសម្ដែងឡើយ ។ ការសព្វព្រះទ័យ ឬការមិនសព្វព្រះទ័យរបស់ព្រះគឺអាស្រ័យទៅលើការលះបង់ចំពោះទ្រង់ និងបទបញ្ញត្តិរបស់ទ្រង់ មិនមែនលើពណ៌សម្បុររបស់បុគ្គលម្នាក់ ឬលក្ខណៈផ្សេងទៀតនោះឡើយ ។
សាសនាចក្រអំពាវនាវឲ្យមនុស្សគ្រប់រូបបោះបង់ចោលនូវលក្ខណៈ និងសកម្មភាពរើសអើងចំពោះក្រុម ឬបុគ្គលនានា ។ សមាជិកសាសនាចក្រគួរតែនាំមុខក្នុងការលើកកម្ពស់ដល់ការគោរពបុត្រាបុត្រីគ្រប់រូបរបស់ព្រះ ។ សមាជិកធ្វើតាមបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យស្រឡាញ់មនុស្សដទៃ ( សូមមើល ម៉ាថាយ ២២:៣៥–៣៩ ) ។ ពួកគេខិតខំធ្វើជាមនុស្សដែលមានសន្ដានចិត្តល្អចំពោះមនុស្សគ្រប់គ្នា ដោយបដិសេធការរើសអើងគ្រប់ប្រភេទ ។ ការណ៍នេះរួមបញ្ចូលទាំងការរើសអើងដោយផ្អែកលើពូជសាសន៍ ជាតិពន្ធ សញ្ជាតិ កុលសម្ព័ន្ធ ភេទ អាយុ ពិការភាព ស្ថានភាពសង្គម ជំនឿ ឬការឥតជំនឿលើសាសនា និងភាពទាក់ទាញខាងផ្លូវភេទ ។
៣៨.៦.១៥
ការប្រតិព័ទ្ធភេទដូចគ្នា និងអាកប្បកិរិយានៃការប្រតិព័ទ្ធភេទដូចគ្នា
សាសនាចក្រលើកទឹកចិត្តឲ្យក្រុមគ្រួសារ និងសមាជិកទាំងឡាយឈោងទៅជួយដោយការយល់ចិត្ត សេចក្ដីស្រឡាញ់ និងការគោរពចំពោះបុគ្គលទាំងឡាយដែលស្រឡាញ់ភេទដូចគ្នា ។ សាសនាចក្រក៏លើកកម្ពស់ឲ្យមានការយល់ដឹងនៅក្នុងសង្គមទាំងមូល ដែលឆ្លុះបញ្ចាំងពីការបង្រៀនរបស់ខ្លួនអំពី សេចក្ដីសប្បុរស ការរាប់អានគ្នា សេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ និងការគោរពចំពោះមនុស្សទាំងអស់ ។ សាសនាចក្រពុំប្រកាន់ជំហរណាមួយលើបុព្វហេតុនានានៃការប្រតិព័ទ្ធភេទដូចគ្នានោះទេ ។
ព្រះបញ្ញត្តិរបស់ព្រះហាមឃាត់ដល់អាកប្បកិរិយាមិនគោរពតាមច្បាប់ព្រហ្មចារីភាពទាំងអស់ មិនថាចំពោះភេទផ្ទុយគ្នា ឬភេទដូចគ្នានោះទេ ។ ថ្នាក់ដឹកនាំសាសនាចក្រផ្តល់ការប្រឹក្សាដល់សមាជិក ដែលបានរំលងច្បាប់ព្រហ្មចារីភាព ។ ថ្នាក់ដឹកនាំជួយពួកគេឲ្យមានការយល់ដឹងច្បាស់លាស់អំពីសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ ដំណើរការនៃការប្រែចិត្ត និងគោលបំណងនៃជីវិតនៅលើផែនដី ។ អាកប្បកិរិយាដែលមិនត្រូវតាមច្បាប់ព្រហ្មចារីភាព អាចជាបុព្វហេតុនៃការមានក្រុមប្រឹក្សាសមាជិកភាពសាសនាចក្រឡើង ( សូមមើល ៣៨.៦.៥ ) ។ អាកប្បកិរិយាបែបនេះអាចត្រូវបានអភ័យទោសតាមរយៈការប្រែចិត្តដោយស្មោះត្រង់ ។
ការមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាមិនមែនជាអំពើបាបនោះទេ ។ សមាជិកដែលមានអារម្មណ៍ទាំងនេះ ហើយមិនស្វែងរក ឬធ្វើសកម្មភាពតាមអារម្មណ៍នោះទេ គឺកំពុងរស់នៅស្របតាមផែនការរបស់ព្រះវរបិតាសួគ៌ និងគោលលទ្ធិសាសនាចក្រ ដែលមានសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ថ្នាក់ដឹកនាំគាំទ្រនិងលើកទឹកចិត្តពួកគេក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីរស់នៅតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ សមាជិកដែលមានអារម្មណ៍ទាំងនេះអាចទទួលបានការហៅបម្រើក្នុងសាសនាចក្រ មានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយទទួលពិធីបរិសុទ្ធក្នុងព្រះវិហារ ប្រសិនបើពួកគេមានភាពស័ក្ដិសម ។ សមាជិកសាសនាចក្រជាបុរសអាចទទួលបាន និងអនុវត្តបព្វជិតភាព ។
សមាជិកទាំងអស់ដែលរក្សាសេចក្ដីសញ្ញារបស់ពួកគេ នឹងទទួលបានពរជ័យដែលបានសន្យាទាំងអស់នៅក្នុងភាពអស់កល្បជានិច្ច មិនថាកាលៈទេសៈរបស់ពួកគេអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យនៃអាពាហ៍ពិពាហ៍ដ៏អស់កល្ប និងភាពជាឪពុកម្ដាយនៅក្នុងជីវិតនេះឬអត់នោះទេ ( សូមមើល ម៉ូសាយ ២:៤១ ) ។
សាសនាចក្រផ្ដល់នូវធនធានខាងក្រោមនេះដើម្បីយល់ និងគាំទ្រដល់មនុស្សដែលជីវិតរបស់ពួកគេត្រូវបានប៉ះទង្គិចដោយការប្រតិព័ទ្ធភេទដូចគ្នាបានកាន់តែប្រសើរ ៖
-
« ការស្រឡាញ់ភេទដូចគ្នា » ប្រធានបទ និងសំណួរ topics.ChurchofJesusChrist.org
-
« ការប្រតិព័ទ្ធភេទដូចគ្នា » ជួយដល់ជីវិត នៅលើគេហទំព័រ ChurchofJesusChrist.org
បន្ថែមពីលើជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ សមាជិកអាចនឹងទទួលបានអត្ថប្រយោជន៍មកពីការប្រឹក្សានឹងអ្នកជំនាញ ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅការិយាល័យសេវាកម្មក្រុមគ្រួសារ ដើម្បីបានជំនួយ ។ សូមមើល ៣១.៣.៦ សម្រាប់ព័ត៌មានទំនាក់ទំនង ។
៣៨.៦.១៦
អាពាហ៍ពិពាហ៍ភេទដូចគ្នា
ជាគោលការណ៍មួយខាងគោលលទ្ធិ ដោយផ្អែកទៅលើព្រះគម្ពីរ នោះសាសនាចក្របញ្ជាក់ថា អាពាហ៍ពិពាហ៍រវាងបុរស និងស្រ្តីគឺមានសារៈសំខាន់ចំពោះផែនការរបស់អង្គបង្កបង្កើត សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចនៃបុត្រាបុត្រីរបស់ទ្រង់ ។ សាសនាចក្រក៏បញ្ជាក់ផងដែរថា ក្រឹត្យវិន័យរបស់ព្រះកំណត់និយមន័យអាពាហ៍ពិពាហ៍ថា ជាសម្ព័ន្ធភាពស្របច្បាប់ និងពេញច្បាប់រវាងបុរសម្នាក់ និងស្រ្តីម្នាក់ ។
មានតែបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបការស្របច្បាប់ និងពេញច្បាប់ ក្នុងនាមជាស្វាមី និងភរិយាប៉ុណ្ណោះ គប្បីមានទំនាក់ទំនងខាងផ្លូវភេទ ។ ទំនាក់ទំនងខាងផ្លូវភេទដទៃទៀត រួមមានទាំង ទំនាក់ទំនងខាងផ្លូវភេទរវាងមនុស្សដែលមានភេទដូចគ្នាគឺជាអំពើបាប ហើយធ្វើឲ្យខូចស្ថាប័នគ្រួសារដែលបានបង្កើតឡើងដោយព្រះ ។
៣៨.៦.១៧
ការអប់រំស្តីពីផ្លូវភេទ
ឪពុកម្តាយមានការទទួលខុសត្រូវជាចម្បង ក្នុងការអប់រំស្តីពីផ្លូវភេទដល់កូនៗរបស់ពួកគេ ។ ឪពុកម្តាយគួរតែមានភាពស្មោះត្រង់ ច្បាស់លាស់ និងការសន្ទនាជាបន្តបន្ទាប់ជាមួយកូនៗរបស់ខ្លួនអំពីសុខភាព និងសុចរិតភាពខាងផ្លូវភេទ ។ ការសន្ទនាទាំងនេះគួរតែ ៖
-
សម្របទៅតាមអាយុ និងភាពចាស់ទុំរបស់កូនរូបនោះ ។
-
ជួយកូនៗឲ្យរៀបចំខ្លួនសម្រាប់សុភមង្គលក្នុងអាពាហ៍ពិពាហ៍ និងធ្វើតាមច្បាប់ព្រហ្មចារីភាព ( សូមមើល ២.១.២ ) ។
-
និយាយពីគ្រោះថ្នាក់នៃការណ៍អាសគ្រាម តម្រូវការដើម្បីចៀសវាងពីវា និងរបៀបដើម្បីឆ្លើយតបនៅពេលពួកគេជួបប្រទះនឹងវា ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « Sex Education and Behavior» ( ប្រធានបទ និងសំណួរ នៅលើគេហទំព័រ topics.ChurchofJesusChrist.org) ។
ដោយសារវាគឺជាទំនួលខុសត្រូវរបស់ពួកគេ ដើម្បីបង្រៀនកូនៗរបស់ពួកគេ នោះឪពុកម្តាយគួរតែដឹង ហើយស្វែងយល់ដោយត្រឹមត្រូវពីឥទ្ធិពលនៃការអប់រំស្តីពីផ្លូវភេទនៅឯសាលារៀន ។ ឪពុកម្តាយបង្រៀនគោលការណ៍ត្រឹមត្រូវ និងគាំទ្រដល់សេចក្តីណែនាំរបស់សាលារៀនដែលដូចគ្នានឹងដំណឹងល្អ ។
៣៨.៦.១៨
ការរំលោភបំពានលើផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត
សាសនាចក្រថ្កោលទោសដល់ការរំលោភបំពានផ្លូវភេទ ។ ដូចដែលបានប្រើនៅទីនេះ ការរំលោភបំពានផ្លូវភេទ ត្រូវបានកំណត់ថា ជាការបង្ខំឲ្យមានសកម្មភាពផ្លូវភេទពីមនុស្សម្នាក់ទៀតដែលមិនចង់ធ្វើវា ។ សកម្មភាពផ្លូវភេទជាមួយមនុស្សម្នាក់ដែលមិនអាចផ្ដល់ការយល់ព្រមតាមច្បាប់ គឺត្រូវបានចាត់ទុកថាជាការរំលោភបំពានផ្លូវភេទ ។ ការរំលោភបំពានផ្លូវភេទក៏អាចកើតឡើងជាមួយស្វាមី ឬភរិយា ឬទំនាក់ទំនងនៃការណាត់ជួបផងដែរ ។ សម្រាប់ព័ត៌មានអំពីការរំលោភបំពានផ្លូវភេទលើកុមារ ឬយុវវ័យ សូមមើល ៣៨.៦.២.៣ ។
ការរំលោភបំពានផ្លូវភេទមានសកម្មភាពក្នុងវិសាលភាពដ៏ធំមួយ រាប់តាំងពីការយាយីរហូតដល់ការរំលោភសេពសន្ថវៈ និងការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត ។ វាអាចកើតឡើងលើរាងកាយ ពាក្យសម្ដី និងក្នុងរបៀបផ្សេងៗទៀត ។ សម្រាប់សេចក្តីណែនាំស្ដីពីការប្រឹក្សាសមាជិកដែលបានជួបប្រទះនឹងការរំលោភបំពានផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត សូមមើល ៣៨.៦.១៨.២ ។
ប្រសិនបើសមាជិកសង្ស័យ ឬដឹងអំពីការរំលោភបំពានលើផ្លូវភេទ ពួកគេត្រូវចាត់វិធានការដើម្បីការពារជនរងគ្រោះ និងអ្នកផ្សេងទៀតឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ។ កិច្ចការនេះរួមមានទាំងការរាយការណ៍ទៅអាជ្ញាធរស៊ីវិល និងការជូនដំណឹងទៅប៊ីស្សព ឬប្រធានស្តេក ។ ប្រសិនបើកុមារត្រូវបានរំលោភបំពាន នោះសមាជិកគួរតែធ្វើតាមសេចក្តីណែនាំនេះនៅក្នុង ៣៨.៦.២ ។
៣៨.៦.១៨.១
បណ្ដាញជំនួយផ្នែកការរំលោភបំពាន
ប្រសិនបើប៊ីស្សព ឬប្រធានស្តេកដឹងអំពីការរំលោភបំពានផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត នោះគាត់ទូរសព្ទទៅបណ្ដាញជំនួយផ្នែកការរំលោភបំពានរបស់សាសនាចក្រនៅបណ្តាប្រទេសដែលមានបណ្ដាញនេះ ( សូមមើល ៣៨.៦.២.១ សម្រាប់ព័ត៌មានទំនាក់ទំនង ) ។ អ្នកជំនាញផ្នែកច្បាប់ និងគ្លីនិកនឹងឆ្លើយតបសំណួររបស់ពួកគាត់ ។ អ្នកជំនាញទាំងនេះក៏នឹងផ្ដល់ការណែនាំផងដែរអំពីរបៀបដើម្បី ៖
-
ជួយជនរងគ្រោះ និងជួយការពារពួកគេពីការរំលោភបំពានបន្ថែមទៀត ។
-
ជួយការពារអ្នកដែលអាចក្លាយជាជនរងគ្រោះ ។
-
អនុវត្តតាមតម្រូវការផ្នែកច្បាប់ស្តីពីការរាយការណ៍អំពីការរំលោភបំពាន ។
នៅក្នុងប្រទេសដែលគ្មានបណ្តាញជំនួយ នោះប៊ីស្សពដែលដឹងអំពីការបំពានទាំងនេះ គួរតែទាក់ទងទៅប្រធានស្តេករបស់គាត់ ។ ប្រធានស្តេកគួរតែស្វែងរកការណែនាំពីអ្នកប្រឹក្សាស្របច្បាប់ក្នុងតំបន់នៅការិយាល័យប្រចាំតំបន់នោះ ។ គាត់ក៏ត្រូវបានលើកទឹកចិត្តឲ្យប្រឹក្សាជាមួយអ្នកជំនាញសេវាកម្មគ្រួសារ ឬអ្នកគ្រប់គ្រងផ្នែកសុខុមាលភាពខ្លួនទីពឹងខ្លួននៅឯការិយាល័យតំបន់ផងដែរ ។
៣៨.៦.១៨.២
ការប្រឹក្សាដល់ជនរងគ្រោះពីការរំលោភបំពានលើផ្លូវភេទ ការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត
ជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ ឬការរំលោភសេពសន្ថវៈ ឬការបំពារបំពានលើផ្លូវភេទតាមទម្រង់ដទៃទៀត ជារឿយៗ ទទួលរងការប៉ះទង្គិចដ៏ធ្ងន់ធ្ងរ ។ នៅពេលពួកគេទុកចិត្តលើប៊ីស្សព ឬប្រធានស្តេក គាត់ឆ្លើយតបដោយក្តីអាណិតអាសូរ និងការយល់ចិត្ត ។ គាត់ផ្តល់ឲ្យនូវការប្រឹក្សាខាងវិញ្ញាណ និងការគាំទ្រ ដើម្បីជួយដល់ជនរងគ្រោះឲ្យយកឈ្នះលើឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃការរំលោភបំពាន ។ គាត់ក៏ទូរសព្ទទៅកាន់លេខជំនួយខាងផ្នែករំលោភបំពានរបស់សាសនាចក្រ ដើម្បីទទួលបានសេចក្តីណែនាំ បើវាមាន ( សូមមើល ៣៨.៦.១៨.១ ) ។
នៅពេលខ្លះ ជនរងគ្រោះមានអារម្មណ៍ខ្មាសអៀន ឬក៏មានកំហុស ។ ជនរងគ្រោះគ្មានទោសកំហុសនៃអំពើបាបទេ ។ សូមថ្នាក់ដឹកនាំកុំស្តីបន្ទោសជនរងគ្រោះ ។ ពួកគាត់ជួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះ និងការព្យាបាលដែលទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល អាលម៉ា ១៥:៨; នីហ្វៃទី៣ ១៧:៩ ) ។
ខណៈពេលដែលសមាជិកអាចជ្រើសរើសចែកចាយព័ត៌មានអំពីការរំលោភបំពាន ឬការបំពារបំពាន នោះថ្នាក់ដឹកនាំមិនគួរផ្តោតខ្លាំងពេកលើព័ត៌មានលម្អិតឡើយ ។ ការធ្វើបែបនេះអាចមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ។
បន្ថែមពីលើការទទួលជំនួយដ៏បំផុសគំនិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ នោះជនរងគ្រោះ និងគ្រួសារពួកគេអាចនឹងត្រូវការការទូន្មានដែលមានជំនាញផងដែរ ។ សម្រាប់ព័ត៌មាន សូមមើល ៣១.៣.៦ ។
៣៨.៦.១៨.៣
ក្រុមប្រឹក្សាសមាជិកភាព
វាអាចចាំបាច់តម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាព ចំពោះបុគ្គលម្នាក់ដែលបានបំពានខាងផ្លូវភេទ ឬរំលោភបំពាននរណាម្នាក់ ។ តម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាពមួយបង្កើតឡើង ប្រសិនបើសមាជិកម្នាក់ប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ឬត្រូវបានផ្តន្ទាទោសតាមទម្រង់ការបំពារបំពានផ្លូវភេទដទៃទៀត ( សូមមើល ៣២.៦.១.១ ) ។
ក្រុមប្រឹក្សាមួយត្រូវតែបង្កើតឡើងផងដែរ សម្រាប់សកម្មភាពផ្លូវភេទជាមួយនឹងមជ្ឈិមវ័យដែលងាយរងគ្រោះ ។ ដូចដែលបានប្រើនៅទីនេះ មជ្ឈិមវ័យដែលងាយរងគ្រោះ គឺជាបុគ្គលម្នាក់ដែលមិនអាចផ្ដល់ការយល់ព្រមដល់សកម្មភាពនោះ ឬមិនអាចយល់ពីធម្មជាតិរបស់វា ដោយសារតែរាងកាយ ឬសតិមានកម្រិត ។
ដើម្បីដោះស្រាយទម្រង់ផ្សេងៗទៀតនៃការរំលោភបំពាន ថ្នាក់ដឹកនាំស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីកំណត់ថាតើការប្រឹក្សាផ្ទាល់ខ្លួន ឬក្រុមប្រឹក្សាសមាជិកភាពមួយ ជាអ្វីដែលសមរម្យបំផុតឬយ៉ាងណា ( សូមមើល ៣២.៦.២.២ និង ៣២.៨ ) ។ នៅក្នុងករណីធ្ងន់ធ្ងរ វាតម្រូវឲ្យមានក្រុមប្រឹក្សាមួយ ។ ថ្នាក់ដឹកនាំអាចប្រឹក្សាជាមួយថ្នាក់ដឹកនាំបព្វជិតភាពផ្ទាល់របស់ពួកគេផងដែរអំពីអ្វីដែលសមរម្យបំផុត ។
ប្រសិនបើការដាក់កំហិតសមាជិកភាព ជាលទ្ធផលមកពីក្រុមប្រឹក្សាសមាជិកភាពមួយដែលបានធ្វើឡើងសម្រាប់ជនល្មើសដែលប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទ នោះកំណត់ត្រាសមាជិកភាពរបស់បុគ្គលនោះត្រូវបានចារចំណាំ ។
សម្រាប់ព័ត៌មានស្ដីពីការប្រឹក្សានៅក្នុងករណីរំលោភបំពាន សូមមើល ៣៨.៦.២.២ ។ សម្រាប់ព័ត៌មានស្ដីពីការប្រឹក្សាដល់ជនរងគ្រោះពីការបំពារបំពានលើផ្លូវភេទ សូមមើល ៣៨.៦.១៨.២ ។
៣៨.៦.១៩
ឪពុកម្តាយឥតខាន់ស្លា
សមាជិកសាសនាចក្រដែលនៅលីវ ហើយមានផ្ទៃពោះ ត្រូវបានលើកទឹកចិត្តឲ្យទៅជួបនឹងប៊ីស្សពរបស់ពួកគេ ។ នៅក្នុងសហរដ្ឋ និងប្រទេសកាណាដា សេវាកម្មគ្រួសារមានទទួល ៖
-
ការពិគ្រោះយោបល់ជាមួយនឹងថ្នាក់ដឹកនាំសាសនាចក្រ ។
-
ការប្រឹក្សាជាមួយនឹងឪពុកម្ដាយឥតខ្លាន់ស្លា និងក្រុមគ្រួសាររបស់ពួកគេ ។
ពុំចាំបាច់មានការផ្ដល់អនុសាសន៍ពីប៊ីស្សពទេសម្រាប់សេវាកម្មនេះទេ ។ វាពុំគិតថ្លៃឡើយ ។ សូមមើល ៣១.៣.៦ សម្រាប់ព័ត៌មានទំនាក់ទំនងសេវាកម្មគ្រួសារ ។
នៅក្នុងតំបន់ផ្សេងទៀត ថ្នាក់ដឹកនាំអាចទាក់ទងទៅបុគ្គលិកសេវាកម្មគ្រួសារ ឬអ្នកគ្រប់គ្រងផ្នែកសុខុមាលភាពខ្លួនទីពឹងខ្លួនតាមរយៈការិយាល័យប្រចាំតំបន់ដើម្បីទទួលការប្រឹក្សា ។
ការណែនាំស្តីពីការប្រឹក្សាដល់ឪពុកម្ដាយឥតខ្លាន់ស្លាក៏មាននៅក្នុង « មានផ្ទៃពោះឥតខាន់ស្លា ផងដែរ ( ប្រធានបទ និងសំណួរ នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
៣៨.៦.២០
ការធ្វើអត្តឃាត
ជីវិតរមែងស្លាប់គឺជាអំណោយទានដ៏មានតម្លៃមួយមកពីព្រះ—អំណោយទានដែលគួរតែត្រូវបានឲ្យតម្លៃ និងការពារ ។ សាសនាចក្រគាំទ្រយ៉ាងខ្លាំងចំពោះការធ្វើអន្ដរាគមន៍ដល់ការធ្វើអត្តឃាត ។ សម្រាប់ព័ត៌មានអំពីវិធីជួយដល់នរណាម្នាក់ដែលរកធ្វើអត្តឃាត ឬនរណាម្នាក់ដែលទទួលរងផលប៉ះពាល់ដោយការធ្វើអត្តឃាត សូមមើលគេហទំព័រ suicide.ChurchofJesusChrist.org ។
មនុស្សភាគច្រើនដែលបានគិតចង់ធ្វើអត្តឃាតគឺមានបំណងចង់បានធូរស្រាលផ្នែកផ្លូវកាយ ផ្លូវចិត្ត ផ្លូវសតិអារម្មណ៍ ឬការឈឺចាប់ខាងវិញ្ញាណ ។ បុគ្គលបែបនោះត្រូវការសេចក្តីស្រឡាញ់ ជំនួយ និងការគាំទ្រពីក្រុមគ្រួសារ ថ្នាក់ដឹកនាំក្នុងសាសនាចក្រ និងអ្នកជំនាញដែលមានវិជ្ជាជីវៈ ។
ប៊ីស្សពគួរតែផ្តល់ជំនួយខាងបព្វជិតភាព ប្រសិនបើសមាជិកគិតចង់ធ្វើអត្តឃាត ឬមានបំណងចង់ធ្វើអត្តឃាត ។ គាត់ក៏ជួយសមាជិកឲ្យទទួលជំនួយពីអ្នកជំនាញភ្លាមៗផងដែរ ។ គាត់លើកទឹកចិត្តដល់អស់អ្នកដែលជិតដិតនឹងបុគ្គលនេះឲ្យស្វែងរកជំនួយពីអ្នកជំនាញតាមតម្រូវការផងដែរ ។
ទោះបីជាមានការខិតខំដ៏ខ្លាំងក្លាពីអ្នកជាទីស្រឡាញ់ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្តី ក៏ការធ្វើអត្តឃាតមិនអាចការពារបានជានិច្ចដែរ ។ វាបន្សល់ទុកនូវការខូចចិត្ត ការរំជួលចិត្តយ៉ាងខ្លាំង និងចម្ងល់ដែលគ្មានចម្លើយសម្រាប់មនុស្សជាទីស្រឡាញ់ និងអ្នកដទៃ ។ ថ្នាក់ដឹកនាំគួរតែប្រឹក្សា និងលួងលោមដល់ក្រុមគ្រួសារ ។ ពួកគាត់ផ្តល់ឲ្យនូវការថែទាំ និងគាំទ្រ ។ ក្រុមគ្រួសារក៏អាចត្រូវការជំនួយ និងការប្រឹក្សាពីអ្នកជំនាញផងដែរ ។
វាមិនមែនជារឿងត្រឹមត្រូវទេដែលមនុស្សម្នាក់បញ្ចប់ជីវិតរបស់គាត់ ឬនាងខ្លួនឯងនោះ ។ ទោះជាយ៉ាងណាក្តី មានតែព្រះប៉ុណ្ណោះទើបអាចធ្វើការវិនិច្ឆ័យគំនិត សកម្មភាព និងកម្រិតនៃការទទួលខុសត្រូវរបស់មនុស្សម្នាក់បាន ( សូមមើល សាំយូអែលទី១ ១៦:៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:៩ ) ។
នៅក្នុងការពិគ្រោះជាមួយនឹងប៊ីស្សព គ្រួសារកំណត់អំពីទីតាំង និងលក្ខណៈកម្មវិធីបុណ្យសពសម្រាប់បុគ្គលនោះ ។ ក្រុមគ្រួសារអាចជ្រើសរើសប្រើប្រាស់បរិក្ខាររបស់សាសនាចក្រ ។ ប្រសិនបើបុគ្គលដែលស្លាប់នោះ បានទទួលអំណោយទានពិសិដ្ឋកាលនៅមានជីវិតរស់ នោះគាត់ ឬនាងអាចត្រូវបានបញ្ចុះ ឬធ្វើឈាបនកិច្ចដោយស្លៀកពាក់សម្លៀកនៃព្រះវិហារបរិសុទ្ធ ។
អស់អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ព្រោះតែអត្តឃាត អាចស្វែងរកក្តីសង្ឃឹម និងការព្យាបាលតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
សម្រាប់ព័ត៌មានអំពីការការពារពីការធ្វើអត្តឃាត និងការផ្ដល់ការងារបម្រើ សូមមើលគេហទំព័រ suicide.ChurchofJesusChrist.org ។
៣៨.៦.២១
ការគ្រៀវ ( រួមទាំងការកាត់បំពង់បង្ហួរមេជីវិតឈ្មោល )
សូមមើល ៣៨.៦.៤ ។
៣៨.៦.២២
ម្ដាយពពោះជំនួស
លំនាំនៃស្វាមី និងភរិយាផ្តល់រូបកាយឲ្យបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះគឺជាការតែងតាំងដ៏ទេវភាព ( សូមមើល ២.១.៣ ) ។ ដោយសារហេតុផលនេះ សាសនាចក្រពុំលើកទឹកចិត្តឲ្យធ្វើជាម្ដាយពពោះជំនួសនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជារឿងផ្ទាល់ខ្លួនដែលទីបំផុត ត្រូវទុកឲ្យស្វាមី និងភរិយាធ្វើការវិនិច្ឆ័យ និងការពិចារណាប្រកបដោយការអធិស្ឋាន ។
កូនដែលបានកើតពីម្ដាយពពោះជំនួស គឺមិនកើតនៅក្នុងសេចក្តីសញ្ញាទេ ។ បន្ទាប់ពីកូនបានកើតមក ពួកគេអាចត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយបាន ទាល់តែមានការអនុញ្ញាតពីគណៈប្រធានទីមួយប៉ុណ្ណោះ ( សូមមើល ៣៨.៤.២.៧ ) ។ ឪពុកម្ដាយសរសេរលិខិតមួយទៅកាន់គណៈប្រធានទីមួយ ហើយប្រគល់លិខិតនោះទៅឲ្យប្រធានស្ដេក ។ ប្រសិនបើគាត់គាំទ្រចំពោះសំណើ នោះគាត់បញ្ជូនលិខិតនោះទៅជាមួយនឹងលិខិតផ្ទាល់ខ្លួនរបស់គាត់ ។
៣៨.៦.២៣
បុគ្គលដែលស្គាល់ថាជាបុគ្គលប្តូរភេទ
ភេទគឺជាចរិតលក្ខណៈដ៏ចាំបាច់មួយនៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ( សូមមើល លោកុប្បត្តិ ១:២៧ ) ។ អត្ថន័យពិតអំពី ភេទ មាននៅក្នុង« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » គឺជាភេទជីវសាស្រ្តពីកំណើតមក ។ ( សម្រាប់អ្នកដែលភេទជីវសាស្រ្តរបស់គាត់កើតមកពុំមានភាពច្បាស់លាស់ សូមមើល ៣៨.៧.៧ ) ។
មនុស្សមួយចំនួនមានអារម្មណ៍ថាញាណក្នុងខ្លួនរបស់ពួកគេអំពីភេទរបស់ពួកគេ គឺមិនស្របទៅនឹងភេទជីវសាស្ត្រពីកំណើតទេ ។ សាសនាចក្រពុំប្រកាន់ជំហរណាមួយលើបុព្វហេតុនៃអារម្មណ៍ទាំងនោះទេ ។ អ្នកខ្លះដែលមានបទពិសោធន៍អារម្មណ៍ទាំងនេះ គឺត្រូវបានស្គាល់ថាបុគ្គលប្ដូរភេទ ។
ជាញឹកញាប់ បុគ្គលទាំងនេះប្រឈមនឹងឧបសគ្គដ៏ស្មុគស្មាញ ។ ពួកគេ— និងក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ពួកគេ—គួរតែប្រព្រឹត្តដោយភាពប្រយ័ត្នប្រយែង ដោយសណ្តានចិត្តល្អ ចិត្តមេត្តា និងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ មនុស្សទាំងអស់គឺជាបុត្រាបុត្រីនៃព្រះ ហើយមានតម្លៃដ៏ទេវភាព ។
ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងត្រូវបានទទួលស្របតាមភេទជីវសាស្រ្តពីកំណើតរបស់បុគ្គលនោះ ។ សម្រាប់ការណែនាំអំពីការគ្រប់គ្រងពិធីបរិសុទ្ធទាំងនេះ យោងដូចខាងក្រោម ៖
-
ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( សូមមើល ៣៨.២.៨.៩ )
-
ការតែងតាំងបព្វជិតភាព ( សូមមើល ៣៨.២.៩.៩)
-
ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ២៦.៥.៧ )
បុគ្គលដែលមានភាពស័ក្ដិសម ដែលពុំធ្វើការប្ដូរភេទជីវសាស្រ្តពីកំណើតដោយ ការវះកាត់ ខាងវេជ្ជសាស្ត្រ ឬការផ្លាស់ប្ដូរសង្គមទេ នោះអាចនឹងរីករាយគ្រប់ឯកសិទ្ធិនៃសមាជិកភាពសាសនាចក្រ ។
ថ្នាក់ដឹកនាំសាសនាចក្រទូន្មានជំទាស់នឹងការព្យាយាមប្ដូរភេទជីវសាស្រ្តពីកំណើតរបស់បុគ្គលម្នាក់ដោយការវះកាត់ ខាងវេជ្ជសាស្ត្រ ឬការផ្លាស់ប្តូរសង្គមនោះ ។ ( ការផ្លាស់ប្តូរសង្គមមានន័យថា ជាការប្រាប់និងបង្ហាញខ្លួនឯងដោយចេតនាថាជាបុគ្គលម្នាក់ដែលមានភេទផ្ទុយពីភេទជីវសាស្រ្តពីកំណើតរបស់ខ្លួនឯងហើយអាចមានរួមទាំងការផ្លាស់ប្តូរសម្លៀកបំពាក់ ការតុបតែងខ្លួន ឈ្មោះ ឬការបញ្ចេញសំឡេង ) ។ ថ្នាក់ដឹកនាំផ្ដល់ដំបូន្មានថាការធ្វើសកម្មភាពទាំងនោះនឹងនាំឲ្យមានការដាក់កំហិតមួយចំនួនទាក់ទងនឹងសមាជិកភាពក្នុងសាសនាចក្រ ។ ការដាក់កំហិតទាំងនេះរួមមានការទទួល ឬការអនុវត្តបព្វជិតភាព ការទទួល ឬការប្រើប្រាស់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងការបម្រើក្នុងការហៅមួយចំនួនរបស់សាសនាចក្រ ។
បុគ្គលដែលប្ដូរភេទចេញពីភេទជីវសាស្រ្តពីកំណើតរបស់ខ្លួនត្រូវបានស្វាគមន៍ឲ្យចូលរួមការប្រជុំសាក្រាម៉ង់ ហើយចូលរួមក្នុងសាសនាចក្រតាមរបៀបផ្សេងៗជាច្រើនទៀត ។ បុគ្គលទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេត្រូវបានលើកទឹកចិត្តឲ្យប្រឹក្សាជាមួយថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់ពួកគេទាក់ទងនឹងការចូលរួមក្នុងសាសនាចក្រ ។ ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្របង្រៀនសេចក្ដីពិតនៃដំណឹងល្អ ហើយផ្ដល់ការងារបម្រើតាមរបៀបដូចព្រះគ្រីស្ទ ។ ពួកគាត់ក៏ពិចារណាពីតម្រូវការរបស់អស់អ្នកដែលជាប់ពាក់ពន្ធ័ ។ ផ្នែកនៃក្បួនខ្នាតនេះ —ដូចជាការចូលរួមនៅក្នុងការប្រជុំ និងសកម្មភាពរបស់សាសនាចក្រ (សូមមើល ៣៨.១.១) ការចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ ( សូមមើល២៥.១ និង២៥.៤ ) ការបម្រើដល់អ្នកដទៃ ( សូមមើល ២២.២.៣ ) ជាដើម— គួរតែដឹកនាំថ្នាក់ដឹកនាំនៅពេលពួកគាត់ប្រឹក្សាជាមួយបុគ្គលម្នាក់ និងក្រុមគ្រួសាររបស់ពួកគេ ។ សម្រាប់ការណែនាំបន្ថែមអំពីការចូលរួមក្នុងសាសនាចក្ររបស់បុគ្គលដែលស្គាល់ថាជាបុគ្គលប្ដូរភេទសូមយោងទៅ គោលការណ៍ណែនាំ ទាំងនេះ ។
សមាជិកដែលបានបោះជំហានទៅកាន់ការផ្លាស់ប្តូរភេទ ក្រោយមកប្តូរទៅភេទជីវសាស្ត្រពីកំណើតរបស់ពួកគេវិញ ហើយមានភាពសក្ដិសម ហើយបានប្តេជ្ញារក្សាបទបញ្ញត្តិរបស់ព្រះ នោះអាចរីករាយជាមួយនឹងឯកសិទ្ធិទាំងអស់នៃសមាជិកភាពក្នុងសាសនាចក្រ ។
កាលៈទេសៈមានភាពខុសគ្នាយ៉ាងខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយអាចផ្លាស់ប្ដូរតាមពេលវេលា ។ សមាជិកដែលមានញាណនៅក្នុងខ្លួនពួកគេថា ភេទរបស់ពួកគេមិនត្រូវគ្នានឹងភេទជីវសាស្រ្តពីកំណើត ឬដែលត្រូវបានគេស្គាល់ថាជាអ្នកប្ដូរភេទ នោះឪពុកម្តាយ ឬអាណាព្យាបាលរបស់អនីតិជនក៏ប្រឈមមុខនឹងស្ថានភាពជាច្រើនផងដែរ ដូច្នេះពួកគេគឺត្រូវបានលើកទឹកចិត្តឲ្យស្វែងរកដំបូន្មានពីប៊ីស្សពរបស់ពួកគេ ។ ប៊ីស្សពប្រឹក្សាជាមួយប្រធានស្ដេក ដើម្បីដោះស្រាយស្ថានភាពរបស់បុគ្គលម្នាក់ៗដោយមានការប្រុងប្រយ័ត្ន និងដោយមានសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ ប្រធានស្តេក និងប្រធានបេសកកម្មស្វែងរកដំបូន្មានមកពីគណៈប្រធានតំបន់ ។
ច្បាប់ជាតិ និងច្បាប់ក្នុងមូលដ្ឋានមានភាពខុសគ្នាទាក់ទងទៅនឹងបុគ្គលដែលស្គាល់ថាជាបុគ្គលប្ដូរភេទនោះ ។ នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ប្រធានស្ដេក និងប្រធានបេសកកម្មដែលមានសំណួរអំពីលក្ខខណ្ឌផ្លូវច្បាប់គួរតែទាក់ទងទៅការិយាល័យប្រឹក្សាទូទៅរបស់សាសនាចក្រ ៖
១-៨០០-៤៥៣-៣៨៦០ លេខបន្ដ ២-៦៣០១
១-៨០១-២៤០-៦៣០១
នៅក្រៅសហរដ្ឋ និងប្រទេសកាណាដា ថ្នាក់ដឹកនាំទាំងនេះគួរតែទាក់ទងទៅការិយាល័យប្រចាំតំបន់ ដើម្បីទទួលបានការប្រឹក្សាខាងផ្លូវច្បាប់ក្នុងតំបន់នោះ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការយល់ដឹង និងការគាំទ្រដល់បុគ្គលដែលមានញាណក្នុងខ្លួនពួកគេថា ភេទរបស់ពួកគេមិនត្រូវគ្នានឹងភេទជីវសាស្រ្តពីកំណើតរបស់ពួកគេទេ ឬអ្នកដែលត្រូវបានគេស្គាល់ថាជាបុគ្គលប្ដូរភេទ សូមមើល« ការប្ដូរភេទ »នៅលើគេហទំព័រ ChurchofJesusChrist.org។
៣៨.៧
គោលនយោបាយវេជ្ជសាស្ត្រ និងសុខភាព
៣៨.៧.១
ការវះកាត់ពិនិត្យសាកសព
ការវះកាត់ពិនិត្យសាកសពអាចត្រូវបានធ្វើឡើង ប្រសិនបើគ្រួសាររបស់មរណជនផ្តល់ការយល់ព្រម ហើយប្រសិនបើការវះកាត់ពិនិត្យសាកសពត្រូវធ្វើឡើងតាមច្បាប់ ។ នៅក្នុងករណីខ្លះ ការវះពិនិត្យសពគឺតម្រូវដោយច្បាប់ ។
៣៨.៧.២
ការបញ្ចុះសព និងការធ្វើឈាបនកិច្ច
ក្រុមគ្រួសាររបស់បុគ្គលដែលបានទទួលមរណភាពធ្វើការសម្រេចចិត្តថាតើសពរបស់គាត់ ឬនាងគួរតែបញ្ចុះ ឬធ្វើឈាបនកិច្ច ។ ពួកគាត់គោរពដល់បំណងប្រាថ្នារបស់បុគ្គលនេះ ។
នៅក្នុងប្រទេសមួយចំនួនច្បាប់តម្រូវឲ្យធ្វើឈាបនកិច្ច ។ នៅក្នុងករណីខ្លះទៀត ការបញ្ចុះសពមិនមែនជាទម្លាប់ ឬដែលក្រុមគ្រួសារមិនអាចមានលទ្ធភាពធ្វើបាន ។ នៅគ្រប់ករណីទាំងអស់ សពគួរតែត្រូវបានប្រព្រឹត្តដោយសេចក្តីស្រឡាញ់ និងការគោរព ។ សមាជិកទាំងឡាយគួរតែត្រូវបានបញ្ជាក់ថា អំណាចនៃដំណើររស់ឡើងវិញ តែងតែអនុវត្តជានិច្ច ( សូមមើល អាលម៉ា ១១:៤២–៤៥ ) ។
នៅកន្លែងណាដែលអាចធ្វើទៅបាន សាកសពរបស់សមាជិកដែលទទួលមរណភាព ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ គួរតែត្រូវបានស្លៀកពាក់សម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធ នៅពេលបញ្ចុះសព ឬធ្វើឈាបនកិច្ច ( សូមមើល ៣៨.៥.១០ ) ។
ពិធីបុណ្យសព ឬពិធីរំឭកវិញ្ញាណក្ខន្ធជាពេលដែលក្រុមគ្រួសារជួបជុំគ្នា និងបង្កើតទំនាក់ទំនងក្រុមគ្រួសារតទៅមុខ និងមានតម្លៃ ( សូមមើល ២៩.៥.៤ ) ។
៣៨.៧.៣
កូនដែលបានស្លាប់ពីមុនកំណើត ( កូនដែលស្លាប់នៅក្នុងផ្ទៃ ឬបានរលូត )
ឪពុកម្តាយដែលជួបប្រទះនឹងមរណភាពរបស់កូនដែលពុំទាន់បានកើត ទទួលរងនូវភាពសោកសៅ និងការបាត់បង់ ។ ថ្នាក់ដឹកនាំ សមាជិកគ្រួសារ និងបងប្អូនប្រុសស្រីដែលធ្វើការងារបម្រើ ផ្តល់ការគាំទ្រផ្នែកសតិអារម្មណ៍ និងខាងវិញ្ញាណ ។
ឪពុកម្តាយអាចសម្រេចចិត្តថាតើត្រូវធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ ឬពិធីបញ្ចុះសពឬអត់ ។
ឪពុកម្តាយអាចកត់ត្រាព័ត៌មានអំពីកូននៅលើគេហទំព័រ FamilySearch.org បាន ។ សេចក្តីណែនាំទាំងឡាយមានផ្តល់ឲ្យនៅលើគេហទំព័រនោះ ។
ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធគឺពុំត្រូវការ ឬពុំត្រូវធ្វើសម្រាប់កូនដែលស្លាប់នៅក្នុងផ្ទៃនោះទេ ។ កិច្ចការនេះមិនបានបដិសេធចំពោះលទ្ធភាព ដែលកូនស្លាប់ក្នុងផ្ទៃទាំងនេះ អាចក្លាយជាចំណែកនៃគ្រួសារនៅក្នុងភាពដ៏អស់កល្បជានិច្ចនោះទេ ។ ឪពុកម្តាយគឺត្រូវបានលើកទឹកចិត្តឲ្យទុកចិត្តលើព្រះអម្ចាស់ និងស្វែងរកការលួងលោមរបស់ទ្រង់ ។
៣៨.៧.៤
សុមរណៈ
ជីវិតរមែងស្លាប់គឺជាអំណោយទានដ៏មានតម្លៃមកពីព្រះ ។ សុមរណៈគឺជាការបញ្ចប់ជីវិតដោយចេតនារបស់មនុស្សម្នាក់ ដែលទទួលរងពីជំងឺដែលមិនអាចជាសះស្បើយបាន ឬស្ថានភាពផ្សេងទៀត ។ បុគ្គលដែលចូលរួមនៅក្នុងសុមរណៈ រួមមានទាំងការជួយដល់នរណាម្នាក់ឲ្យស្លាប់ដោយការធ្វើអត្តឃាតខ្លួន គឺជាការល្មើសនឹងបទបញ្ញត្តិរបស់ព្រះ និងអាចល្មើសនឹងច្បាប់ក្នុងមូលដ្ឋានផងដែរ ។
ការជួយដល់វិធានការការបញ្ឈប់ ឬការបោះបង់ជីវិតហួសប្រមាណសម្រាប់មនុស្សជិតនឹងស្លាប់គឺមិនចាត់ទុកថាសុមរណៈនោះទេ ( សូមមើល ៣៨.៧.១១ ) ។
៣៨.៧.៥
ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍
សមាជិកដែលឆ្លងវីរុសអេដស៍ ( វីរុសធ្វើឲ្យខូចប្រព័ន្ធភាពស៊ាំការពារខ្លួនរបស់មនុស្ស ) ឬអ្នកដែលមានជំងឺអេដស៍ ( ភាពស៊ាំនៃប្រជុំរោគសញ្ញា ) គួរតែត្រូវបានទទួលរាក់ទាក់នៅក្នុងការប្រជុំ និងសកម្មភាពផ្សេងៗ ។ ការចូលរួមនោះពុំធ្វើឲ្យសុខភាពរបស់អ្នកដទៃមានហានិភ័យនោះទេ ។
៣៨.៧.៦
ការសណ្តំ
សម្រាប់មនុស្សមួយចំនួន ការសណ្ដំអាចធ្វើឲ្យបាត់បង់សិទ្ធិជ្រើសរើស ។ សមាជិកមិនលើកទឹកចិត្តឲ្យចូលរួមការសន្តំក្នុងគោលបំណងនៃការបង្ហាញឲ្យឃើញ ឬការលេងកម្សាន្តនោះទេ ។
ការប្រើថ្នាំសណ្តំដើម្បីព្យាបាលជំងឺ ឬវិបត្តិផ្លូវចិត្តគួរតែត្រូវបានកំណត់ដោយការពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ ។
៣៨.៧.៧
បុគ្គលដែលមានភេទមិនច្បាស់ពីកំណើត
នៅក្នុងកាលៈទេសៈដ៏សែនកម្រមួយ ទារកកើតមកដោយមិនមានភេទជាប្រុស ឬស្រីច្បាស់ ( ប្រដាប់ភេទមិនច្បាស់ ភាពមិនច្បាស់លើប្រដាប់បន្ដពូជ ឬមានប្រដាប់ភេទពីរ ) ។ ឪពុកម្ដាយ ឬមនុស្សដទៃអាចត្រូវធ្វើការសម្រេចចិត្តដើម្បីកំណត់ភេទរបស់កូនពួកគេ ដោយមានការណែនាំពីគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ ។ ជារឿយៗ ការសម្រេចចិត្តបន្ដធ្វើការព្យាបាល ឬការវះកាត់ខាងវេជ្ជសាស្ដ្រត្រូវធ្វើឡើងនៅក្នុងពេលទារកទើបកើតបានថ្មីៗ ។ ប៉ុន្ដែវាអាចពន្យារពេលបាន លើកលែងតែវាជារឿងចាំបាច់ខាងវេជ្ជសាស្ដ្រ ។
វាតម្រូវឲ្យមានក្ដីមេត្តាករុណា និងភាពវាងវៃជាពិសេស នៅពេលយុវវ័យ ឬមជ្ឈិមវ័យដែលកើតមកមានប្រដាប់ភេទមិនច្បាស់ ជួបនឹងវិបត្តិផ្លូវអារម្មណ៍ទាក់ទងនឹងការសម្រេចចិត្តលើភេទដែលកំណត់កាលពីនៅជាទារក ឬកុមារ និងភេទដែលពួកគេកំណត់ខ្លួនឯង ។
សំណួរអំពីកំណត់ត្រាសមាជិកភាព ការតែងតាំងបព្វជិតភាព និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់យុវវ័យ ឬមជ្ឈិមវ័យដែលកើតមកមានប្រដាប់ភេទមិនច្បាស់ គួរតែបញ្ជូនទៅកាន់ការិយាល័យនៃគណៈប្រធានទីមួយ ។
៣៨.៧.៨
ការថែទាំខាងវេជ្ជសាស្រ្ត និងការថែទាំសុខភាព
ស្វែងរកជំនួយពីគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ អនុវត្តសេចក្តីជំនឿ និងទទួលការប្រសិទ្ធពរបព្វជិតភាពផ្គួបផ្សំគ្នាដើម្បីព្យាបាល ស្របតាមព្រះទ័យនៃព្រះអម្ចាស់ ។
សមាជិកមិនគួរប្រើប្រាស់ ឬជំរុញឲ្យមានការព្យាបាលតាមទម្លាប់ដែលចោទជាចម្ងល់ចំពោះក្រមសីលធម៌ ខាងវិញ្ញាណ និងច្បាប់នោះទេ ។ អស់អ្នកដែលមានបញ្ហាសុខភាពគួរទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ ដែលមានអាជ្ញាប័ណ្ណនៅក្នុងជំនាញដែលពួកគេបំពេញមុខងារ ។
បន្ថែមពីលើការស្វែងរកជំនួយពីគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ សមាជិកនៃសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យធ្វើតាមការបង្គាប់ក្នុងបទគម្ពីរ នៅក្នុង យ៉ាកុប ៥:១៤ ដែលឲ្យ « ហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង » ។ ពរជ័យនៃបព្វជិតភាពនៃការព្យាបាលគឺត្រូវបានផ្តល់ឲ្យដោយអស់អ្នកដែលមានតំណែងបព្វជិតភាពចាំបាច់សម្រាប់ពរជ័យនោះ ។ ពរជ័យទាំងនេះត្រូវបានប្រទានឲ្យ នៅពេលដែលពួកគេបានស្នើសុំ ហើយពរជ័យទាំងនេះពុំមានគិតថ្លៃឡើយ ( សូមមើល ១៨.១៣ ) ។
សមាជិកនៃសាសនាចក្រពុំលើកទឹកចិត្តឲ្យស្វែងរកការព្យាបាលដោយអព្ភូតហេតុ ឬជំនឿអរូបីពីបុគ្គលណាម្នាក់ ឬក្រុមណាមួយដែលប្រកាសថាមានវិធីសាស្រ្តពិសេស ដើម្បីទទួលបានអំណាចព្យាបាលក្រៅពីការអធិស្ឋាន និងការប្រសិទ្ធពរនៃបព្វជិតភាពដែលត្រឹមត្រូវឡើយ ។ ការអនុវត្តទាំងនេះជាញឹកញាប់ត្រូវបានហៅថា « ការព្យាបាលដោយកម្លាំង » ។ ឈ្មោះផ្សេងទៀតក៏ត្រូវបានប្រើប្រាស់ដែរ ។ ការសន្យាការព្យាបាលបែបនោះជាញឹកញាប់ត្រូវផ្តល់ជាថ្នូរដោយបង់ប្រាក់ ។
៣៨.៧.៩
កញ្ឆាជាវេជ្ជសាស្រ្ត
សាសនាចក្រជំទាស់ការប្រើប្រាស់កញ្ឆាក្រៅពីគោលបំណងវេជ្ជសាស្រ្ត ។ សូមមើល ១២.៣.១៤ ។
ប៉ុន្តែកញ្ឆាអាចប្រើប្រាស់សម្រាប់គោលបំណងព្យាបាលបាន នៅពេលលក្ខខណ្ឌដូចខាងក្រោមត្រូវបានបំពេញ ៖
-
ការប្រើប្រាស់នេះត្រូវបានកំណត់ថាជាការចាំបាច់ផ្នែកវេជ្ជសាស្រ្ត ដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ ឬអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលមានការអនុម័តស្របច្បាប់ផ្សេងទៀត ។
-
បុគ្គលរូបនេះធ្វើតាមការណែនាំពីគ្រូពេទ្យ ឬអ្នកផ្តល់សេវាវេជ្ជសាស្រ្តដទៃទៀតដែលមានអាជ្ញាប័ណ្ណអំពីកម្រិតថ្នាំដែលត្រូវប្រើ និងរបៀបប្រើ ។ សាសនាចក្រមិនអនុម័តឲ្យមានការបឺតកញ្ឆាឡើយ លើកលែងតែអ្នកផ្ដល់សេវាវេជ្ជសាស្ត្របានផ្ដល់សិទ្ធិអនុញ្ញាតឲ្យធ្វើដូច្នោះ ដោយផ្អែកលើភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ ។
សាសនាចក្រជំទាស់ការជក់កញ្ឆា រួមបញ្ចូលទាំងគោលបំណងផ្នែកវេជ្ជសាស្រ្តផងដែរ ។
៣៨.៧.១០
ការបរិច្ចាគសរីរាង្គ និងជាលិកា ព្រមទាំងផ្លាស់ប្តូរសរីរាង្គ
ការបរិច្ចាគសរីរាង្គ និងជាលិកាគឺជាទង្វើមួយដែលមិនគិតពីខ្លួនឯង ដែលជារឿយៗនាំមកនូវជំនួយដ៏មហិមាចំពោះបុគ្គលម្នាក់ៗ ដែលសិ្ថតក្នុងស្ថានភាពវេជ្ជសាស្រ្ត ។
ការសម្រេចចិត្តរបស់បុគ្គលនៅរស់ដើម្បីបរិច្ចាគសរីរាង្គមួយទៅឲ្យបុគ្គលម្នាក់ទៀត ឬដើម្បីទទួលសរីរាង្គមួយដែលបានបរិច្ចាគគួរតែធ្វើឡើងជាមួយនឹងការប្រឹក្សាជាមួយគ្រូពេទ្យឯកទេស និងការពិចារណាប្រកបដោយការអធិស្ឋាន ។
ការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យប្តូរសរីរាង្គ ឬជាលិកាពីមនុស្សដែលស្លាប់ត្រូវបានធ្វើឡើងដោយបុគ្គលនោះ ឬគ្រួសាររបស់គាត់ ។
៣៨.៧.១១
ការពន្យារជីវិត ( រួមទាំងការទ្រទ្រង់ជីវិត )
នៅពេលមានជំងឺធ្ងន់ធ្ងរ នោះសមាជិកគួរតែអនុវត្តសេចក្តីជំនឿ ទៅលើព្រះអម្ចាស់ ហើយស្វែងរកជំនួយពីគ្រូពេទ្យឯកទេស ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសេចក្តីស្លាប់នឹងកើតឡើងដោយចៀសមិនរួច នោះគួរតែត្រូវមើលឃើញថា វាជាពរជ័យមួយ និងជាចំណែកនៃជីវិតដ៏នៅអស់កល្បជានិច្ចប្រកបដោយគោលបំណង ( សូមមើល នីហ្វៃទី២ ៩:៦; អាលម៉ា ៤២:៨ ) ។
សមាជិកមិនគួរមានអារម្មណ៍ថា ត្រូវពន្យារជីវិតរមែងស្លាប់ ដោយមធ្យោបាយហួសហេតុពេកឡើយ ។ ការសម្រេចចិត្តទាំងនេះគឺត្រូវធ្វើឡើងដោយបុគ្គល ប្រសិនបើអាច ឬដោយសមាជិកគ្រួសារ ។ ពួកគេគួរតែស្វែងរកយោបល់របស់គ្រូពេទ្យឯកទេស និងសេចក្តីណែនាំដ៏ទេវភាពតាមរយៈការអធិស្ឋាន ។
ថ្នាក់ដឹកនាំផ្តល់ការគាំទ្រដល់អស់អ្នកដែលសម្រេចចិត្តថាតើត្រូវដក ឬមិនដកការគាំទ្រជីវិតសមាជិកគ្រួសារម្នាក់។
៣៨.៧.១២
ក្រុមធ្វើឲ្យគេយល់ដឹងដោយខ្លួនឯង
មានក្រុមឯកជន និងអង្គការពាណិជ្ជកម្មជាច្រើន មានកម្មវិធីដែលប្រកាសថានឹងកែលម្អចំពោះការធ្វើឲ្យគេយល់ដឹងដោយខ្លួនឯង ការគោរពខ្លួនឯង ជីវភាពខាងវិញ្ញាណ ឬទំនាក់ទំនងក្រុមគ្រួសារ ។ ក្រុមទាំងនេះមាននិន្នាការមកសន្យាអំពីដំណោះស្រាយយ៉ាងឆាប់ចំពោះបញ្ហា ដែលជាធម្មតា ត្រូវការពេលវេលា ការអធិស្ឋាន និងការខិតខំផ្ទាល់ខ្លួនដើម្បីដោះស្រាយ ។ ទោះបីជាអ្នកចូលរួមអាចទទួលបទពិសោធន៍ធូរស្បើយ និងការសប្បាយរីករាយជាបណ្តោះអាសន្នក្តី ប៉ុន្តែជារឿយៗ បញ្ហាមុនៗបានត្រឡប់មកវិញ ដឹកនាំទៅរកការខកចិត្ត និងភាពអស់សង្ឃឹមកាន់តែខ្លាំង ។
ក្រុមទាំងនេះមួយចំនួនបានប្រកាស ឬកំណត់ថា សាសនាចក្រ ឬអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ៗបានផ្ដល់ការគាំទ្រដល់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសទាំងនេះគឺមិនពិតទេ ។
សមាជិកនៃសាសនាចក្រត្រូវបានព្រមានថា ក្រុមមួយចំនួនទាំងនេះគាំទ្រដល់គំនិត និងប្រើប្រាស់វិធីសាស្រ្ត ដែលអាចនឹងមានគ្រោះថ្នាក់ ។ ក្រុមជាច្រើនក៏យកថ្លៃដ៏លើសលប់ ហើយលើកទឹកចិត្តឲ្យមានការតាំងចិត្តរយៈពេលវែងផងដែរ ។ ខ្លះទៀតផ្សំគំនិតខាងលោកិយ ជាមួយនឹងគោលការណ៍នៃដំណឹងល្អតាមរបៀបជាច្រើន ដែលអាចធ្វើឲ្យអន្តរាយដល់ជីវភាពខាងវិញ្ញាណ និងសេចក្តីជំនឿ ។
ថ្នាក់ដឹកនាំក្នុងសាសនាចក្រមិនត្រូវបង់ថ្លៃ ជំរុញ ឬផ្ដល់ការគាំទ្រដល់ក្រុម ឬការអនុវត្តដូច្នេះទេ ។ អគារសាសនាចក្រមិនអាចប្រើប្រាស់សម្រាប់កម្មវិធីទាំងនេះបានទេ ។
សមាជិកដែលមានបញ្ហាសង្គម ឬបញ្ហាសតិអារម្មណ៍ អាចពិគ្រោះជាមួយនឹងថ្នាក់ដឹកនាំដើម្បីទទួលបានការដឹកនាំនៅក្នុងការស្គាល់ធនធានជំនួយ ដែលសមស្របតាមគោលការណ៍នៃដំណឹងល្អ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ២២.៣.៤ ។
៣៨.៧.១៣
ការចាក់វ៉ាក់សាំង
ការចាក់វ៉ាក់សាំងដែលបានគ្រប់គ្រងដោយគ្រូពេទ្យឯកទេសការពារសុខភាព និងថែរក្សាអាយុជីវិត ។ សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យថែរក្សាខ្លួនរបស់ពួកគេ កូនៗរបស់ពួកគេ និងសហគមន៍របស់ពួកគេតាមរយៈការចាក់វ៉ាក់សាំង ។
នៅទីបំផុត បុគ្គលម្នាក់ៗទទួលខុសត្រូវលើការសម្រេចចិត្តផ្ទាល់ខ្លួនអំពីការចាក់វ៉ាក់សាំងនេះ ។ ប្រសិនបើសមាជិកមានកង្វល់ នោះពួកគេគួរតែប្រឹក្សាជាមួយគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ដ្រដ៏ជំនាញ ហើយក៏ស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
អ្នកផ្សព្វផ្សាយសាសនាបម្រុងដែលមិនបានចាក់វ៉ាក់សាំង នឹងអាចអនុញ្ញាតឲ្យទៅកន្លែងចាត់តាំងនៅប្រទេសកំណើតរបស់ពួកគេ ។
៣៨.៧.១៤
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងទម្លាប់សុខភាព
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺជាបទញ្ញត្តិនៃព្រះ ។ ទ្រង់បានបើកសម្តែងសម្រាប់ជាអត្ថប្រយោជន៍ខាងរូបកាយ និងខាងវិញ្ញាណដល់បុត្រាបុត្រីរបស់ទ្រង់ ។ ព្យាការីបានបញ្ជាក់ថា ការបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ រួមមានតំណមពីថ្នាំជក់ គ្រឿងស្រវឹង ( ជាតិស្រា ) និងភេសជ្ជៈក្តៅ ( តែ និងកាហ្វេ ) ។
ព្យាការីក៏បានបង្រៀនដែរថា សមាជិកត្រូវចៀសវាងសារធាតុដែលមានគ្រោះថ្នាក់ ខុសច្បាប់ ឬញៀន ឬអ្វីដែលធ្វើឲ្យបាត់បង់ការវិនិច្ឆ័យ ។
មានសារធាតុ និងការអនុវត្តដែលបង្កឲ្យមានគ្រោះថ្នាក់ដទៃទៀតដែលមិនបានបញ្ជាក់នៅក្នុងពាក្យសម្តីនៃប្រាជ្ញាវាងវៃ ឬដោយថ្នាក់ដឹកនាំនៃសាសនាចក្រ ។ សមាជិកគួរប្រើប្រាជ្ញា និងការវិនិច្ឆ័យប្រកបដោយការអធិស្ឋាននៅក្នុងការធ្វើការសម្រេចចិត្តដែលជំរុញឲ្យរូបកាយ វិញ្ញាណ និងសតិអារម្មណ៍របស់ពួកគេមានសុខភាពល្អ ។
សាវកប៉ុលបានថ្លែងថា « តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ? ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរតម្កើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នាដែលជារបស់ផងទ្រង់ចុះ » ( កូរិនថូសទី១ ៦:១៩–២០ ) ។
ព្រះអម្ចាស់បានសន្យាថា ប្រទានឲ្យពរជ័យខាងវិញ្ញាណ និងខាងសាច់ឈាមដល់អស់ជនដែលគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ និងការណែនាំពីព្យាការីដែលនៅរស់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១៨–២១ ) ។
៣៨.៨
គោលនយោបាយខាងរដ្ឋបាល
៣៨.៨.១
ការសុំកូនយកមកចិញ្ចឹម និងការចិញ្ចឹមថែទាំ
ការសុំកូនយកមកចិញ្ចឹម និងការផ្ដល់ការចិញ្ចឹមថែទាំអាចផ្ដល់ពរជ័យដល់កូនៗ និងក្រុមគ្រួសារ ។ ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចដែលពេញដោយក្ដីស្រឡាញ់ អាចកើតមានឡើងបានតាមរយៈការសុំមកចិញ្ចឹម ។ មិនថាកូនៗមកក្នុងគ្រួសារមួយតាមរយៈការសុំមកចិញ្ចឹម ឬកំណើតនោះទេ ពួកគេគឺជាពរជ័យដ៏មានតម្លៃស្មើគ្នា ។
សមាជិកដែលចង់សុំកូនមកចិញ្ចឹម ឬផ្តល់ការចិញ្ចឹមថែទាំ គួរតែគោរពតាមតម្រូវការច្បាប់ទាំងអស់របស់ប្រទេស និងរដ្ឋាភិបាលទាំងឡាយដែលជាប់ទាក់ទង ។
សាសនាចក្រមិនសម្របសម្រួលដល់ការសុំកូនមកចិញ្ចឹមនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណដា ថ្នាក់ដឹកនាំអាចណែនាំសមាជិកឲ្យទាក់ទងទៅសេវាកម្មក្រុមគ្រួសារ ដើម្បីសុំការប្រឹក្សាបាន ។ សម្រាប់ព័ត៌មានទំនាក់ទំនង សូមមើល ៣១.៣.៦ ។
សម្រាប់ព័ត៌មានស្ដីពីឪពុកម្ដាយឥតខាន់ស្លានៅលីវ សូមមើល ៣៨.៦.១៩ ។
សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើល« ការសុំកូនចិញ្ចឹម » ប្រធានបទ និងសំណួរ នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
៣៨.៨.២
បទរំលោភលើសេចក្តីទុកចិត្ត
បទរំលោភលើសេចក្តីទុកចិត្តកើតឡើង នៅពេលបុគ្គលម្នាក់កេងប្រវញ្ចលើសេចក្ដីទុកចិត្ត ឬទំនុកចិត្តរបស់មនុស្សម្នាក់ទៀត ដើម្បីបន្លំយកប្រាក់កាសរបស់គាត់ ឬនាង ។ ការណ៍នេះអាចកើតឡើងបាន នៅពេលបុគ្គលទាំងពីរនាក់នៅក្នុងក្រុមតែមួយ ដូចជាសាសនាចក្រជាដើម ។ វាក៏អាចកើតឡើងបានផងដែរ ដោយការរំលោភបំពានលើកម្រិតនៃមិត្តភាព ឬសេចក្ដីទុកចិត្តខុស ដូចជាការហៅបម្រើក្នុងសាសនាចក្រ ឬទំនាក់ទំនងគ្រួសារជាដើម ។ ជាធម្មតា បទរំលោភលើសេចក្តីទុកចិត្តគឺដើម្បីទទួលបានប្រយោជន៍ខាងហិរញ្ញវត្ថុ ។
សមាជិកគ្រួសារគួរតែស្មោះត្រង់ ហើយទៀងត្រង់នឹងគ្នានៅក្នុងការងារ និងទង្វើរបស់ពួកគេ ។ បទរំលោភលើសេចក្តីទុកចិត្តគឺជាការក្បត់លើសេចក្ដីទុកចិត្ត និងទំនុកចិត្តដ៏គួរឲ្យខ្មាសគេ ។ អ្នកប្រព្រឹត្តអំពើបែបនេះអាចរងការកាត់ទោសព្រហ្មទណ្ឌ ។ សមាជិកសាសនាចក្រដែលប្រព្រឹត្តបទរំលោភលើសេចក្តីទុកចិត្ត ក៏អាចប្រឈមមុខនឹងការដាក់កំហិត ឬការដកហូតសមាជិកភាពផងដែរ ។ សូមមើល ៣២.៦.១.៣ និង ៣២.៦.២.៣ សម្រាប់សេចក្ដីណែនាំស្ដីពីក្រុមប្រឹក្សាសមាជិកភាពសម្រាប់ករណីទង្វើបោកបញ្ឆោត ។
សមាជិកពុំគួរថ្លែង ឬបង្កប់ន័យថា ការប្រកបរបរអាជីវកម្មរបស់ពួកគេគឺជាការឧបត្ថម្ភ ឬការយល់ព្រមដោយសាសនាចក្រ ឬជាអ្នកតំណាងឲ្យសាសនាចក្រ ឬថ្នាក់ដឹកនាំសាសនាចក្រនោះឡើយ ។
៣៨.៨.៣
សម្ភារសោតទស្សន៍
សម្ភារសោតទស្សន៍អាចជួយយាងឲ្យមានព្រះវិញ្ញាណបាន ហើយបន្ថែមដល់ការបង្រៀនដំណឹងល្អនៅក្នុងថ្នាក់រៀន និងការប្រជុំរបស់សាសនាចក្រ ។ ឧទាហរណ៍នៃសម្ភារទាំងនេះរួមមាន វីដេអូ រូបភាព និងសំឡេងតន្ដ្រីជាដើម ។ ការប្រើប្រាស់សម្ភារទាំងនេះមិនគួរក្លាយជាការរំខាន ឬជាការផ្ដោតសំខាន់នៅក្នុងថ្នាក់រៀន ឬការប្រជុំនោះឡើយ ។
សមាជិកមិនគួរប្រើប្រាស់សម្ភារសោតទស្សន៍នៅក្នុងការប្រជុំសាក្រាម៉ង់ ឬនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្តេកឡើយ ។ ប៉ុន្ដែ តន្ដ្រីដែលបានថតទុកអាចប្រើប្រាស់នៅក្នុងការប្រជុំទាំងនេះបាន ប្រសិនបើចាំបាច់ដើម្បីកំដរដល់ទំនុកតម្កើង ។
សមាជិកគួរតែគោរពតាមច្បាប់កម្មសិទ្ធិបញ្ញាទាំងអស់ នៅពេលប្រើប្រាស់សម្ភារសោតទស្សន៍នានា ( សូមមើល ៣៨.៨.១១ ) ។ ពួកគេគួរតែប្រើប្រាស់សម្ភារនានា តែពេលណាវាចុះសម្រុងនឹងដំណឹងល្អ ហើយជួយយាងឲ្យមានព្រះវិញ្ញាណប៉ុណ្ណោះ ។
៣៨.៨.៤
ហត្ថលេខា និងរូបថតរបស់អ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់
សមាជិកសាសនាចក្រមិនគួរព្យាយាមទទួលបានហត្ថលេខាមកពីអ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ឡើយ ។ ហើយសមាជិកក៏មិនគួរសូមឲ្យថ្នាក់ដឹកនាំទាំងនេះចុះហត្ថលេខាលើព្រះគម្ពីរ ទំនុកតម្កើង ឬកម្មវិធីផ្សេងៗរបស់ពួកគេដែរ ។ ការធ្វើដូច្នោះធ្វើឲ្យរំខានដល់ការហៅដ៏ពិសិដ្ឋរបស់ពួកគាត់ និងរំខានដល់ស្មារតីនៃការប្រជុំ ។ វាក៏អាចរារាំងពួកគាត់មិនឲ្យស្វាគមន៍ដល់សមាជិកដទៃទៀតផងដែរ ។
សមាជិកមិនគួរថតរូបថតអ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងរោងជំនុំអំឡុងការប្រជុំឡើយ ( សូមមើល ២៩.៨ ) ។
៣៨.៨.៥
អាជីវកម្ម
សាលាប្រជុំរបស់សាសនាចក្រ និងអគារផ្សេងៗទៀត ការប្រជុំ និងថ្នាក់រៀនទាំងឡាយនៃសាសនាចក្រ ព្រមទាំងគេហទំព័ររបស់សាសនាចក្រ និងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម មិនអាចត្រូវបានប្រើដើម្បីជួយផ្សព្វផ្សាយឲ្យអាជីវកម្មណាមួយ ឬស្ថាប័នមិនមែនជាសាសនាចក្រនោះទេ ។
បញ្ជីនៃក្រុមសាសនាចក្រ ឬព័ត៌មានផ្សេងទៀតអំពីសមាជិក មិនត្រូវប្រគល់ទៅឲ្យអាជីវកម្មណាមួយ ឬស្ថាប័នមិនមែនជាសាសនាចក្រនោះទេ ។ អាជីវកម្មទាំងនេះរួមមាន ( ប៉ុន្ដែមិនកំណត់ត្រឹមនេះនោះទេ ) អ្នកដែលផ្សព្វផ្សាយដល់ការណាត់ដើរលេងជាគូ ការអប់រំ និងឱកាសការងារជាដើម ។ សូមមើល ៣៨.៨.៣១ ។
៣៨.៨.៦
និយោជិតរបស់សាសនាចក្រ
និយោជិតសាសនាចក្រត្រូវរស់នៅតាម និងលើកបទដ្ឋានសាសនាចក្រឲ្យខ្ពស់នៅគ្រប់ពេលទាំងអស់ ។ ពួកគេក៏ត្រូវធ្វើតាមច្បាប់ការងារនៅក្នុងស្រុកផងដែរ ។
ដើម្បីចាប់ផ្តើម ឬបន្តការងារក្នុងសាសនាចក្រ នោះសមាជិកត្រូវតែមានភាពស័ក្ដិសមកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ អ្នកតំណាងខាងការិយាល័យផ្នែកធនធានមនុស្សរបស់សាសនាចក្រ នឹងទាក់ទងម្តងម្កាលទៅកាន់ប្រធានស្តេក ឬប៊ីស្សពដើម្បីបញ្ជាក់អំពីភាពស័ក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធរបស់និយោជិតសាសនាចក្របច្ចុប្បន្ន និងនិយោជិតសក្តានុពលរបស់សាសនាចក្រ ។ ថ្នាក់ដឹកនាំគួរតែឆ្លើយតបយ៉ាងឆាប់រហ័ស ។
៣៨.៨.៧
ទស្សនាវដ្តីសាសនាចក្រ
ទស្សនាវដ្តីសាសនាចក្រ រួមមាន ៖
-
ទស្សនាវដ្តី ប្រិយមិត្ត សម្រាប់កុមារ ។
-
ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន សម្រាប់យុវវ័យ ។
-
ទស្សនាវដ្តី លីអាហូណា សម្រាប់មជ្ឈិមវ័យ ។
គណៈប្រធានទីមួយបានលើកទឹកចិត្តសមាជិកទាំងអស់ឲ្យអានទស្សនាវដ្តីរបស់សាសនាចក្រ ។ ទស្សនាវដ្តីទាំងនេះអាចជួយសមាជិកឲ្យរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ សិក្សាការបង្រៀនទាំងឡាយនៃព្យាការីដែលនៅរស់ មានអារម្មណ៍ផ្សារភ្ជាប់នឹងក្រុមគ្រួសារសាសនាចក្រជាសាកល ប្រឈមមុខនឹងឧបសគ្គដោយសេចក្តីជំនឿ និងខិតកាន់តែជិតព្រះ ។
សូមថ្នាក់ដឹកនាំជួយសមាជិកឲ្យទទួលបានទស្សនាវដ្តីដោយឥតគិតថ្លៃ ដូចតទៅនេះ ៖
-
ថ្នាក់ដឹកនាំអាចជួយសមាជិកជាវទស្សនាវដ្ដីជាប្រចាំ និងបន្តការជាវជាប្រចាំ នៅលើគេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ឬដោយការជាវជាប្រចាំសម្រាប់ពួកគេដោយប្រើប្រាស់ធនធានសម្រាប់ថ្នាក់ដឹកនំា និងស្មៀន ។
-
បង្ហាញសមាជិកពីរបៀបដើម្បីទទួលបានមាតិកានៅលើគេហទំព័រ ChurchofJesusChrist.org កម្មវិធីបណ្ណាល័យដំណឹងល្អ និងកម្មវិធីរស់នៅតាមដំណឹងល្អ ។ មាតិកាជាឌីជីថលទាំងនេះគឺពុំគិតថ្លៃឡើយ ។
-
មិនយូរប៉ុន្មាន បន្ទាប់ពីសមាជិកបានទទួលបុណ្យជ្រមុជទឹក សូមបង្ហាញពួកគេពីរបៀបដើម្បីចូលប្រើទស្សនាវដ្តីឌីជីថលរបស់សាសនាចក្រ ។
-
សូមបន្តការជាវឲ្យដល់កុមារ និងយុវវ័យទាំងអស់ដែលមកព្រះវិហារដោយគ្មានឪពុក ឬម្តាយ ឬអាណាព្យាបាលមកជាមួយ ដោយប្រើធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។
ប៊ីស្សពអាចផ្តល់ការហៅបម្រើដល់អ្នកតំណាងទស្សនាវដ្តីដើម្បីជួយសមាជិកទទួលបានទស្សនាវដ្តី ។ ឬពួកគាត់អាចចាត់តាំងលេខាប្រតិបត្តិវួដឲ្យជួយបាន ( សូមមើល ៧.៣ ) ។
អ្នកតំណាងទស្សនាវដ្តី ឬលេខាប្រតិបត្តិ ក៏អាចជួយប្រមូលបទពិសោធន៍លើកទឹកចិត្តដល់សេចក្តីជំនឿ និងទីបន្ទាល់ពីសមាជិកក្នុងតំបន់ដើម្បីចែកចាយជាមួយទស្សនាវដ្តីបានផងដែរ ។
សមាជិកអាចគ្រប់គ្រងការជាវនៅលើគេហទំព័រ MagazineSubscriptions.ChurchofJesusChrist.org ដោយប្រើគណនីសាសនាចក្ររបស់ពួកគេ ។ សម្រាប់ជាជំនួយ សមាជិកអាចទាក់ទងទៅកាន់ស្មៀនវួដ ឬអ្នកតំណាងខាងទស្សនាវដ្តី ។
៣៨.៨.៨
ឈ្មោះ ស្លាកអក្សរ និងនិមិត្តសញ្ញារបស់សាសនាចក្រ
ឈ្មោះ ស្លាកអក្សរ និងនិមិត្តសញ្ញារបស់សាសនាចក្រគឺជាអត្តសញ្ញាណគន្លឹះរបស់សាសនាចក្រ ។ ឈ្មោះ ស្លាកអក្សរ និងនិមិត្តសញ្ញាទាំងនេះត្រូវបានចុះបញ្ជីជាសញ្ញាផ្តាច់មុខ ឬត្រូវបានការពារទូទាំងពិភពលោកដោយស្របច្បាប់ ។ ឈ្មោះ ស្លាកអក្សរ និងនិមិត្តសញ្ញាទាំងនេះត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណនៃអក្សរសិល្ប៍ ព័ត៌មាន និងព្រឹត្តការណ៍នានារបស់សាសនាចក្រ ។
អត្តសញ្ញាណគន្លឹះទាំងនេះរបស់សាសនាចក្រត្រូវបានប្រើស្របតាមសេចក្ដីណែនាំដែលបានផ្ដល់មកខាងក្រោមនេះតែប៉ុណ្ណោះ ។
ឈ្មោះជាលាយលក្ខណ៍អក្សររបស់សាសនាចក្រ ។ អង្គភាពក្នុងមូលដ្ឋានអាចប្រើប្រាស់ឈ្មោះសាសនាចក្រជាលាយលក្ខណ៍អក្សរបាន ( មិនមែនស្លាកអក្សរ និងនិមិត្តសញ្ញាទេ ) នៅពេលបំពេញតាមលក្ខខណ្ឌទាំងអស់ដូចមាននៅខាងក្រោមនេះ ៖
-
សកម្មភាព ឬមុខងារដែលជាប់ទាក់ទងនឹងឈ្មោះ ត្រូវបានឧបត្ថម្ភជាផ្លូវការដោយអង្គភាព ( ឧទាហរណ៍ កម្មវិធីការប្រជុំសាក្រាម៉ង់ ) ។
-
ឈ្មោះរបស់អង្គភាពក្នុងមូលដ្ឋានត្រូវបានប្រើប្រាស់ជាការផ្តើមឈ្មោះនៃសាសនាចក្រ ( ឧទាហរណ៍ សាខា ខេមផូ រ៉ូហ្សា នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ )។
-
តួរអក្សរមិនធ្វើតាម ឬធ្វើប្រហាក់ប្រហែលនឹងស្លាកអក្សរសាសនាចក្រជាផ្លូវការទេ ។
ស្លាកអក្សរ និងនិមិត្តសញ្ញា ។ ស្លាកអក្សរ និងនិមិត្តសញ្ញារបស់សាសនាចក្រ( សូមមើលរូបភាពខាងលើ ) ត្រូវបានប្រើប្រាស់តែនៅពេលបានអនុម័តដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់តែប៉ុណ្ណោះ ។ វាមិនអាចប្រើជាធាតុផ្សំតុបតែងលម្អបានទេ ។ ហើយវាក៏មិនអាចត្រូវបានប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬផ្សាយពាណិជ្ជកម្មណាមួយបានដែរ ។
សំណួរទាំងឡាយគួរតែផ្ញើទៅកាន់ ៖
Intellectual Property Office
50 East North Temple Street
Salt Lake City, UT 84150-0005
ទូរសព្ទ ៖ ១–៨០១–២៤០–៣៩៥៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣៩៥៩
ទូរសារ ៖ ១–៨០១–២៤០–១១៨៧
៣៨.៨.៩
ការទំនាក់ទំនងទៅប្រធានស្ដេក និងប៊ីស្សពពីបុគ្គលិកសាសនាចក្រ និងអ្នកស្ម័គ្រចិត្ត
នៅពេលបុគ្គលិកសាសនាចក្រ និងអ្នកស្ម័គ្រចិត្ត ត្រូវការទំនាក់ទំនងទៅកាន់ប្រធានស្ដេក ឬប៊ីស្សព ពួកគេអាចទំនាក់ទំនងផ្ទាល់ជាមួយនឹងលេខាប្រតិបត្តិរបស់ថ្នាក់ដឹកនាំ លុះត្រាតែមានបញ្ហាបន្ទាន់ និងសម្ងាត់ប៉ុណ្ណោះ ។ ការណ៍នេះ អនុញ្ញាតឲ្យប្រធានស្ដេក និងប៊ីស្សព ផ្ដោតទៅលើការទទួលខុសត្រូវជាច្រើន ដែលមានតែពួកគាត់ទើបអាចបំពេញបាន ។
បុគ្គលិករបស់សាសនាចក្រ និងអ្នកស្ម័គ្រចិត្ត រួមទាំងអ្នកតំណាងពីគ្រប់នាយកដ្ឋានសាសនាចក្រទាំងអស់ កម្មវិធីអប់រំ និងសាលារៀន ប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ព្រមទាំងអាជីវកម្មដែលទាក់ទងនឹងសាសនាចក្រ ។
នៅពេលលេខាប្រតិបត្តិពុំត្រូវបានហៅ ឬមិនមានដំណើរការបានពេញលេញ នោះទើបអាចទំនាក់ទំនងទៅថ្នាក់ដឹកនាំដោយផ្ទាល់ ។
៣៨.៨.១០
កុំព្យូទ័រ
កុំព្យូទ័រ និងសុសវែរដែលប្រើប្រាស់នៅក្នុងសាសនាចក្រត្រូវបានផ្ដល់ និងគ្រប់គ្រងដោយទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។ ថ្នាក់ដឹកនាំ និងសមាជិកទាំងឡាយប្រើប្រាស់ធនធានទាំងនេះដើម្បីគាំទ្រដល់គោលបំណងរបស់សាសនាចក្រ រួមមានកិច្ចការពង្សប្រវត្តិផងដែរ ។
សុសវែរទាំងអស់នៅលើកុំព្យូទ័រទាំងនេះត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវជូនសាសនាចក្រ ។
ប្រធានស្តេកមើលការខុសត្រូវលើការដាក់ និងការប្រើប្រាស់កុំព្យូទ័រនៅក្នុងស្តេក រួមទាំងកុំព្យូទ័រទាំងឡាយនៅក្នុងមជ្ឈមណ្ឌល FamilySearch ផងដែរ ។ អ្នកជំនាញខាងបច្ចេកវិទ្យាស្តេកត្រូវធានាឲ្យបានថា កុំព្យូទ័រទាំងនេះបានធ្វើបច្ចុប្បន្នភាព និងថែទាំបានត្រឹមត្រូវ ដូចបានចែងនៅក្នុង ៣៣.១០ ។
៣៨.៨.១១
សម្ភារដែលមានការរក្សាសិទ្ធិ
សិទ្ធិអ្នកនិពន្ធគឺជាការការពារដែលបានផ្តល់ឲ្យដោយច្បាប់ចំពោះអ្នកបង្កើតកិច្ចការពីដំបូងនៃភាពជាអ្នកនិពន្ធ ដែលត្រូវបានបង្ហាញនៅក្នុងទម្រង់ដែលអាចមើលឃើញ ( រួមមានជាទម្រង់ឌីជីថលផងដែរ ) រួមមាន ៖
-
កិច្ចការខាងអក្សរសាស្រ្ត ខាងតន្រ្តី ខាងល្ខោន និងការសម្តែង ។
-
កិច្ចការសិល្បៈ រូបថត និងរូបចម្លាក់ ។
-
កិច្ចការខាងសំឡេង និងសោតទស្សន៍ ( ដូចជា ខ្សែភាពយន្ត និងវីដេអូ ស៊ីឌី និងឌីវីឌី ) ។
-
កម្មវិធីកុំព្យូទ័រ ឬល្បែងកុំព្យូទ័រ ។
-
អ៊ីនធឺណិត និងបន្តុំទិន្នន័យដទៃទៀត ។
ច្បាប់ទាំងឡាយដែលគ្រប់គ្រងលើការងារច្នៃប្រឌិត និងការប្រើប្រាស់ដែលបានអនុញ្ញាតរបស់ពួកគេគឺខុសគ្នាទៅតាមប្រទេស ។ គោលនយោបាយសាសនាចក្រដែលបានចែងនៅក្នុងវគ្គនេះ គឺដូចគ្នាជាមួយនឹងសន្ធិសញ្ញាអន្តរជាតិ ដែលអនុវត្តនៅក្នុងប្រទេសភាគច្រើន ។ សម្រាប់ភាពងាយស្រួល វគ្គនេះសំដៅទៅលើសិទ្ធិរបស់អ្នកបង្កើតជា « សិទ្ធិអ្នកនិពន្ធ » ។ ទោះជាយ៉ាងណាក៏ដោយ សិទ្ធិជាក់លាក់ទាំងនេះមួយចំនួនអាចត្រូវបានស្គាល់ ដោយឈ្មោះផ្សេងៗគ្នានៅក្នុងប្រទេសមួយចំនួន ។
សមាជិកសាសនាចក្រគួរតែអង្កេតមើលយ៉ាងហ្មត់ចត់នូវច្បាប់សិទ្ធិអ្នកនិពន្ធទាំងអស់ ។ ជាទូទៅ មានតែម្ចាស់សិទ្ធិអ្នកនិពន្ធម្នាក់គត់ដែលអាចអនុញ្ញាតឲ្យប្រើប្រាស់ស្នាដៃរបស់ពួកគេបានដូចខាងក្រោមនេះ ៖
-
ស្នាដៃចម្លង ( ការថតចម្លង )
-
ការចែកចាយ
-
ការសម្ដែងជាសាធារណៈ
-
ការដាក់បង្ហាញជាសាធារណៈ
-
ការបង្កើតស្នាដៃកម្លាយ
ការប្រើប្រាស់ស្នាដៃណាមួយតាមរបៀបទាំងនេះដោយគ្មានការអនុញ្ញាតមកពីម្ចាស់សិទ្ធិអ្នកនិពន្ធ គឺផ្ទុយពីគោលនយោបាយរបស់សាសនាចក្រ ។ ការប្រើប្រាស់បែបនោះក៏អាចដាក់សាសនាចក្រ ឬអ្នកប្រើប្រាស់ឲ្យទទួលរងនូវការទទួលខុសត្រូវខាងផ្លូវច្បាប់ផងដែរ ។
អ្នកប្រើប្រាស់ទៅលើកិច្ចការមួយគួរតែសន្មតថា វាត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ ។ កិច្ចការដែលបានបោះពុម្ព ជាធម្មតារួមមានសេចក្ដីជូនដំណឹងអំពីកម្មសិទ្ធិបញ្ញា ដូចជា « © 1959 by John Doe » ។ ( សម្រាប់ការថតចម្លងជាសំឡេង និមិត្តសញ្ញាគឺ ℗ ) ។ ប៉ុន្តែ កំណត់ចំណាំនៃសិទ្ធិអ្នកនិពន្ធមួយពុំតម្រូវឲ្យមានសម្រាប់ការការពារតាមផ្លូវច្បាប់នោះទេ ។ ស្រដៀងគ្នាដែរ កាលដែលការចេញផ្សាយមួយឈប់មានការបោះពុម្ព ឬមានការចុះផ្សាយនៅលើអ៊ីនធឺណិត មិនមែនមានន័យថាវាគ្មានសិទ្ធិអ្នកនិពន្ធនោះទេ ។ ហើយវាក៏មិនត្រូវដែរ ដែលធ្វើការចម្លង ការចែកចាយ ការសម្តែង ការបង្ហាញ ឬបង្កើតស្នាដៃកម្លាយដោយគ្មានការអនុញ្ញាតនោះ ។
ការិយាល័យកម្មសិទ្ធិបញ្ញារបស់សាសនាចក្រ ( IPO ) ជួយនៅក្នុងដំណើរការនៃការស្នើសុំប្រើប្រាស់សម្ភារ ឬកម្មវិធីដែលមានសិទ្ធិអ្នកនិពន្ធរបស់សាសនាចក្រ រួមមាន សម្ភារដែលត្រូវបានផ្តល់សិទ្ធិអ្នកនិពន្ធ ដោយក្រុមហ៊ុនរក្សាកម្មសិទ្ធិបញ្ញា ( IRI ) ។ IRI គឺជាសារជីវកម្មដាច់ដោយឡែក មិនរកប្រាក់ចំណូល ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា ដែលបានប្រើប្រាស់ដោយសាសនាចក្រ ។ សម្រាប់ព័ត៌មានអំពីការស្នើសុំប្រើប្រាស់សម្ភារដែលជាកម្មសិទ្ធិរបស់សាសនាចក្រ សូមមើល « លក្ខខណ្ឌប្រើប្រាស់ » នៅលើគេហទំព័រ ChurchofJesusChrist.org ។
សំណួរ និងចម្លើយដូចខាងក្រោមអាចជួយសមាជិកឲ្យយល់ និងគោរពតាមច្បាប់សិទ្ធិអ្នកនិពន្ធ នៅពេលប្រើប្រាស់សម្ភារដែលមានសិទ្ធិអ្នកនិពន្ធនៅសាសនាចក្រ និងនៅតាមគេហដ្ឋាន ។ ប្រសិនបើសមាជិកមានសំណួរ ដែលគ្មានចម្លើយនៅក្នុងសេចក្តីណែនាំទាំងនេះទេ នោះពួកគេអាចទាក់ទងទៅ អាយ.ភី.អូ. បាន ៖
Intellectual Property Office
50 East North Temple Street
Salt Lake City, UT 84150-0005
ទូរសព្ទ ៖ ១–៨០១–២៤០–៣៩៥៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣៩៥៩
ទូរសារ ៖ ១–៨០១–២៤០–១១៨៧
អ៊ីមែល ៖ cor-intellectualproperty@ChurchofJesusChrist.org
តើខ្ញុំអាចថតចម្លងសម្ភារដែលបានបោះពុម្ពដោយសាសនាចក្របានឬទេ ? លើកលែងតែមានការបញ្ជាក់ត្រង់ណាមួយ នោះជាទូទៅសម្ភាររបស់សាសនាចក្រអាចថតចម្លងបានសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រ គេហដ្ឋាន និងគ្រួសារ ដោយមិនធ្វើអាជីវកម្ម ។ លក្ខខណ្ឌប្រើប្រាស់ដែលអមមកជាមួយនឹងគេហទំព័រ ឬកម្មវិធីអេបរបស់សាសនាចក្រ ប្រាប់ពីរបៀបដែលសម្ភារនៅលើគេហទំព័រ និងកម្មវិធីអេបទាំងនេះអាចប្រើប្រាស់បាន ។ សម្ភាររបស់សាសនាចក្រមិនអាចប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាក់លាក់មកពី IPO បានទេ ។
តើខ្ញុំអាចថតចម្លងតន្រ្តីបានដែរឬទេ ? ច្បាប់សិទ្ធិអ្នកនិពន្ធជាពិសេស ត្រូវអនុវត្តចំពោះតន្រ្តី ។ បុគ្គលម្នាក់អាចថតចម្លងតន្រ្តីមកពីប្រភពដើមខាងក្រោមនេះសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រ គេហដ្ឋាន និងគ្រួសារបាន ដោយមិនធ្វើអាជីវកម្ម លើកលែងតែមានការដាក់កំហិតមួយ ត្រូវបានកត់ចំណាំនៅលើទំនុកតម្កើង ឬចម្រៀងនោះ ៖
ការថតចម្លងតន្ត្រីដែលបានបោះពុម្ព ឬថតសំឡេង ដោយគ្មានការអនុញ្ញាត មកពីម្ចាស់សិទ្ធិអ្នកនិពន្ធ គឺផ្ទុយពីគោលនយោបាយរបស់សាសនាចក្រ ។
តើខ្ញុំអាចថតចម្លងសម្ភារ ដែលមិនមែនជាកម្មសិទ្ធិរបស់សាសនាចក្របានដែរឬទេ ? ជាទូទៅមិនអាចបានទេ ។ ច្បាប់សិទ្ធិអ្នកនិពន្ធគ្រប់គ្រងលើការប្រើប្រាស់សម្ភារដែលជាកម្មសិទ្ធិឯកជន ។ ជាធម្មតា មានការដាក់កំហិតដែលត្រូវបានផ្តល់លក្ខខណ្ឌឲ្យសាធារណៈជន ត្រូវតែធ្វើតាមមុនពេលថតចម្លងសម្ភារដែលមិនមែនជារបស់សាសនាចក្រ ។ ជាធម្មតា ការដាក់កំហិតទាំងនេះត្រូវបានសរសេរនៅជិតនឹងការចាប់ផ្តើមនៃការបោះពុម្ពមួយ ។ សមាជិកគួរតែសង្កេតមើលយ៉ាងហ្មត់ចត់ ទៅលើច្បាប់សិទ្ធិអ្នកនិពន្ធទាំងអស់ ។
តើខ្ញុំអាចបង្ហាញផលិតផលសោតទស្សន៍ផ្នែកពាណិជ្ជកម្ម នៅក្នុងការងារសាសនាចក្របានដែរឬទេ ? ជាទូទៅមិនអាចបានទេ ។ សមាជិកសាសនាចក្រ មិនគួរបំពានលើការព្រមាន និងការដាក់កំហិត ដែលបានដាក់នៅលើផលិតផលសោតទស្សន៍ពាណិជ្ជកម្មឡើយ ។ ការណ៍នេះរួមមានភាពយន្ដ វីដេអូផ្សេងទៀត និងតន្ដ្រី ។ ការប្រើប្រាស់ផលិតផលសោតទស្សន៍ពាណិជ្ជកម្មនៅក្នុងការងារសាសនាចក្រ ជាទូទៅតម្រូវឲ្យមានការអនុញ្ញាតមកពីម្ចាស់សិទ្ធិអ្នកនិពន្ធ ។
តើខ្ញុំអាចទាញយក ឬថតចម្លងកម្មវិធីកុំព្យូទ័រ និងកម្មវិធីដទៃទៀត សម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្របានដែរឬទេ ? ជាទូទៅមិនអាចបានទេ ។ កម្មវិធីកុំព្យូទ័រ និងកម្មវិធីដទៃទៀត មិនអាចត្រូវបានថតចម្លង ឬទាញយកមកបានទេ លើកលែងតែអាជ្ញាប័ណ្ណទាំងអស់ ត្រូវបានទិញដោយត្រឹមត្រូវ ។
តើមានការអនុញ្ញាតអ្វីខ្លះដែលត្រូវការ ដើម្បីបង្ហាញផលិតកម្មតន្រ្តី និងល្ខោន ? ផលិតកម្មដែលជាកម្មសិទ្ធិរបស់សាសនាចក្រ ឬ IRI អាចត្រូវបានធ្វើឡើងនៅក្នុងទីតាំងសាសនាចក្រ ដោយគ្មានការអនុញ្ញាតមកពីទីស្នាក់ការកណ្តាលរបស់សាសនាចក្រទេ ។ ប្រសិនបើផលិតកម្មមានសិទ្ធិអ្នកនិពន្ធ ដែលមិនមែនជាកម្មសិទ្ធិរបស់សាសនាចក្រ នោះសមាជិកត្រូវតែទទួលបានការអនុញ្ញាតពីម្ចាស់សិទ្ធិអ្នកនិពន្ធ ដើម្បីសម្តែងរឿងទាំងអស់ ឬចំណែកនៃរឿងនេះ នៅក្នុងទីតាំងសាសនាចក្រ ។ ជាធម្មតា ម្ចាស់សិទ្ធិអ្នកនិពន្ធតម្រូវឲ្យមានការបង់ថ្លៃឈ្នួល ឬការបង់តម្លៃសិទ្ធិ ទោះជាគ្មានបង់ថ្លៃលើការសម្តែងក្តី ។ រាល់ការបង្ហាញទាំងអស់គួរតែមានការអនុម័តរបស់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ។
៣៨.៨.១២
សម្ភារកម្មវិធីសិក្សា
សាសនាចក្រផ្ដល់សម្ភារជាច្រើនដើម្បីជួយដល់សមាជិកឲ្យរៀនសូត្រ និងរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សម្ភារទាំងនេះរួមមានព្រះគម្ពីរ សារលិខិតនៃសន្និសីទទូទៅ ទស្សនាវដ្ដី សៀវភៅសិក្សា សៀវភៅទូទៅ និងធនធានផ្សេងៗទៀត ។ ថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិកឲ្យប្រើព្រះគម្ពីរ និងធនធានផ្សេងៗទៀតតាមការចាំបាច់ ដើម្បីសិក្សាដំណឹងល្អនៅឯគេហដ្ឋាន ។
ការរៀនសូត្រ និងការបង្រៀនដំណឹងល្អគួរតែផ្ដោតទៅលើព្រះអង្គសង្គ្រោះ និងគោលលទ្ធិរបស់ទ្រង់ ។ ដើម្បីជួយរក្សាការផ្ដោតអារម្មណ៍នេះនៅក្នុងថ្នាក់រៀននៃសាសនាចក្រ នោះថ្នាក់ដឹកនាំធានាឲ្យបានថា គ្រូបង្រៀនប្រើប្រាស់សម្ភារដែលបានអនុម័ត ។ សម្រាប់ព័ត៌មានអំពីសម្ភារដែលបានអនុម័ត សូមមើល សេចក្ដីណែនាំសម្រាប់កម្មវិធីសិក្សា ។
៣៨.៨.១៣
សៀវភៅរាយឈ្មោះ និងអាសយដ្ឋាន
សមាជិក និងថ្នាក់ដឹកនាំត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់សៀវភៅរាយឈ្មោះ និងអាសយដ្ឋាន ដែលបានផ្ដល់ជូនដោយសាសនាចក្រ ។ សៀវភៅរាយឈ្មោះ និងអាសយដ្ឋានទាំងនេះមាននៅក្នុងផ្នែក Ward Directory and Map នៅលើគេហទំព័រ ChurchofJesusChrist.org និងនៅលើកម្មវិធី ឧបករណ៍សមាជិក ។ សៀវភៅរាយឈ្មោះ និងអាសយដ្ឋាននេះផ្ដល់នូវព័ត៌មានទំនាក់ទំនងគោលសម្រាប់សមាជិក ។ ថ្នាក់ដឹកនាំស្ដេក និងវួដអាចមើលព័ត៌មានបន្ថែមទៀតដែលមានប្រយោជន៍សម្រាប់ការហៅរបស់ពួកគាត់បាន ។ ថ្នាក់ដឹកនាំក៏អាចមើលព័ត៌មាននេះនៅក្នុងធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀនផងដែរ ។
សមាជិកអាចដាក់កម្រិតលើការអាចមើលឃើញព័ត៌មានទំនាក់ទំនងឌីជីថលរបស់ពួកគេបាន ។ ពួកគេធ្វើដូច្នេះបាន តាមរយៈការជ្រើសរើសកម្រិតឯកជនភាពនៅក្នុងប្រវត្តិរូបគ្រួសាររបស់ពួកគេ ។
ថ្នាក់ដឹកនាំស្ដេក និងវួដគួរតែគោរពតាមការកំណត់ឯកជនភាព ដែលសមាជិកបានជ្រើសរើស ។ ថ្នាក់ដឹកនាំទាំងនេះក៏ធានាឲ្យបានផងដែរថា ព័ត៌មានត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដែលបានអនុម័តដោយសាសនាចក្រតែប៉ុណ្ណោះ ។
ជាទូទៅ សៀវភៅរាយឈ្មោះ និងអាសយដ្ឋានបោះពុម្ពសម្រាប់ស្ដេក និងវួដមិនចាំបាច់នោះទេ ។ ប្រសិនបើថ្នាក់ដឹកនាំសម្រេចថា សៀវភៅរាយឈ្មោះ និងអាសយដ្ឋានបោះពុម្ពចាំបាច់ត្រូវមាន នោះវាអាចបង្កើតបាន តែតាមរយៈការប្រើប្រាស់ Ward Directory and Map នៅលើគេហទំព័រ ChurchofJesusChrist.org តែប៉ុណ្ណោះ ។ សៀវភៅរាយឈ្មោះ និងអាសយដ្ឋានទាំងនេះមិនរួមបញ្ចូលព័ត៌មានអំពីភេទ អាយុ ឬថ្ងៃខែឆ្នាំកំណើតរបស់សមាជិកនោះទេ ។
បញ្ជីសមាជិកភាពមិនគួរបោះពុម្ពសម្រាប់ការប្រើប្រាស់នៅក្រៅសាសនាចក្រនោះទេ ។
៣៨.៨.១៤
ការស្លៀកពាក់ និងអាការៈខាងក្រៅ
បុរស និងស្រ្តីត្រូវបានបង្កើតឡើងតាមរូបនៃព្រះ ( សូមមើល លោកុប្បត្តិ ១:២៦–២៧; អ័ប្រាហាំ ៤:២៧ ) ។ រូបកាយនៃជីវិតរមែងស្លាប់នេះគឺជាអំណោយទានដ៏ពិសិដ្ឋ ។
សមាជិកនៃសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យបង្ហាញការគោរពដល់រូបកាយ តាមរយៈការជ្រើសរើសរបស់ពួកគេអំពីសម្លៀកបំពាក់ដែលសមរម្យ និងអាការៈខាងក្រៅ ។ អ្វីដែលសមរម្យគឺខុសគ្នាពីវប្បធម៌មួយទៅវប្បធម៌មួយ និងឱកាសផ្សេងៗ ។ ឧទាហរណ៍ សម្រាប់ការប្រជុំសាក្រាម៉ង់ បុគ្គលម្នាក់ៗពាក់សម្លៀកបំពាក់ថ្ងៃអាទិត្យដែលស្អាតបំផុតដែលពួកគេមាន ដើម្បីបង្ហាញការគោរពចំពោះព្រះយេស៊ូវគ្រីស្ទ និងពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ( សូមមើល ១៨.៩.៣ ) ។ គោលការណ៍ដូចគ្នានេះក៏អនុវត្តចំពោះការចូលរួមក្នុងព្រះវិហារបរិសុទ្ធផងដែរ ( សូមមើល ២៧.១.៥ ) ។ សិស្សរបស់ព្រះយេស៊ូវគ្រីស្ទនឹងដឹងពីរបៀបសមរម្យបំផុតក្នុងការស្លៀកពាក់ និងសម្អិតសម្អាងខ្លួនរបស់ពួកគេ ។
សមាជិក និងថ្នាក់ដឹកនាំមិនគួរវិនិច្ឆ័យអ្នកដទៃដោយផ្អែកលើសម្លៀកបំពាក់ និងអាការៈខាងក្រៅនោះទេ ។ ពួកគេគួរតែស្រឡាញ់មនុស្សទាំងអស់គ្នា ដូចដែលព្រះអង្គសង្រ្គោះបានបង្គាប់ ( សូមមើល ម៉ាថាយ ២២:៣៩; យ៉ូហាន ១៣:៣៤–៣៥ ) ។ មនុស្សទាំងអស់គួរតែត្រូវបានស្វាគមន៍ឲ្យចូលរួមនៅក្នុងការប្រជុំ និងសកម្មភាពរបស់សាសនាចក្រ ( សូមមើល ៣៨.១.១ ) ។
នៅពេលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងការហៅក្នុងវួដ និងស្តេក នោះថ្នាក់ដឹកនាំពិចារណាលើភាពស័ក្តិសម និងការដឹកនាំពីព្រះវិញ្ញាណ ( សូមមើល ២៦.៣, ៣០.១.១ និង ៣១.១.១ ) ។
៣៨.៨.១៥
ការរៀបចំ ឬការរស់រានជ្រុលនិយម
សាសនាចក្រលើកទឹកចិត្តឲ្យមានភាពខ្លួនទីពឹងខ្លួន ។ សមាជិកទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យរៀបចំខ្លួនខាងវិញ្ញាណ និងខាងរូបកាយសម្រាប់ឧបសគ្គក្នុងជីវិត ។ សូមមើល ២២.១ ។
ទោះយ៉ាងណាក្ដី ថ្នាក់ដឹកនាំសាសនាចក្របានទូន្មានកុំឲ្យមានការរៀបចំជ្រុលនិយម ឬលើសហួសជ្រុលសម្រាប់ព្រឹត្តិការណ៍គ្រោះមហន្ដរាយដែលអាចកើតមានឡើង ។ ពេលខ្លះការខិតខំបែបនោះត្រូវបានគេហៅថា ការរស់រានជ្រុលនិយម ។ ការខិតខំដើម្បីរៀបចំខ្លួន គួរតែធ្វើឡើងដោយសារសេចក្ដីជំនឿ មិនមែនការភ័យខ្លាចនោះទេ ។
ថ្នាក់ដឹកនាំសាសនាចក្របានទូន្មានសមាជិកទាំងឡាយកុំឲ្យជំពាក់បំណុលគេ ដោយសារតែការធ្វើការស្ដុកទុកម្ហូបអាហារឡើយ ។ ផ្ទុយទៅវិញ សមាជិកគួរតែបង្កើតការបម្រុងទុកម្ហូបអាហារក្នុងផ្ទះ និងការបម្រុងទុកខាងហិរញ្ញវត្ថុម្ដងបន្ដិចៗគ្រប់ពេលវេលា ។ សូមមើល ២២.១.៤ និង « Food Storage » ( ប្រធានបទ និងសំណួរ នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
៣៨.៨.១៦
ថ្ងៃតមអាហារ
សមាជិកអាចតមអាហារនៅពេលណាក៏បានដែរ ។ ទោះជាយ៉ាងណាក្តី ជាទូទៅសមាជិករក្សាថ្ងៃឈប់សម្រាកដើមខែទុកជាថ្ងៃតមអាហារ ។
ជាធម្មតា ថ្ងៃតមអាហារ រួមមានការអធិស្ឋាន មិនទទួលទានអាហារ និងទឹកសម្រាប់រយៈពេល ២៤ ម៉ោង ( ប្រសិនបើមានសុខភាពល្អ ) និងផ្តល់ដង្វាយតមអាហារដោយសប្បុរស ។ ដង្វាយតមអាហារគឺជាការបរិច្ចាគដើម្បីជួយដល់ជនទ័លក្រ ( សូមមើល ២២.២.២ ) ។
នៅពេលខ្លះនៅទូទាំងសាសនាចក្រ ឬការប្រជុំក្នុងមូលដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃឈប់សម្រាកដើមខែ ។ នៅពេលជួបករណីនេះ គណៈប្រធានស្តេកធ្វើការកំណត់ការផ្លាស់ប្តូរថ្ងៃឈប់សម្រាកដើម្បីធ្វើការតមអាហារ ។
៣៨.៨.១៧
ល្បែងស៊ីសង និងឆ្នោត
សាសនាចក្រប្រឆាំងនឹងការលេងល្បែងស៊ីសងគ្រប់ទម្រង់រូបភាពទាំងអស់ ហើយទូន្មានឲ្យចៀសវាងពីវា ។ ការណ៍នេះរួមមានការចាក់បាល់ ការទាយលទ្ធផលកីឡា និងការលេងឆ្នោតជាតិផងដែរ ។
៣៨.៨.១៨
វាគ្មិន ឬគ្រូបង្រៀនកិត្តិយស
សម្រាប់ការប្រជុំ និងសកម្មភាពក្នុងសាសនាចក្រភាគច្រើនបំផុត វាគ្មិន និងគ្រូបង្រៀនកិត្តិយសគួរតែជាមនុស្សនៅក្នុងវួដ ឬស្តេកក្នុងមូលដ្ឋាន ។
វាគ្មិន និងគ្រូបង្រៀនកិត្តិយសមិនគួរជាមនុស្សដែលមិននៅក្នុងវួដ ឬស្តេកនោះទេ ។ វាតម្រូវឲ្យមានការអនុម័តរបស់ប៊ីស្សព មុនពេលអញ្ជើញវាគ្មិនកិត្តិយសម្នាក់មកក្នុងការប្រជុំ ឬសកម្មភាពវួដ ។ វាតម្រូវឲ្យមានការអនុម័តរបស់ប្រធានស្តេក ដើម្បីអញ្ជើញវាគ្មិនកិត្តិយសមកក្នុងការប្រជុំ ឬសកម្មភាពស្តេក ។
ប៊ីស្សព ឬប្រធានស្តេកពិនិត្យមើលវាគ្មិន ឬគ្រូបង្រៀនកិត្តិយសទាំងនោះដោយយកចិត្តទុកដាក់ ។ ការណ៍នេះអាចរួមមានទាំងទំនាក់ទំនងនឹងប៊ីស្សពរបស់បុគ្គលនោះផងដែរ ។
ប៊ីស្សព ឬប្រធានស្តេកត្រូវប្រាកដថា ៖
-
បទបង្ហាញនេះចុះសម្រុងទៅតាមគោលលទ្ធិរបស់សាសនាចក្រ ។
-
បទបង្ហាញពុំដាក់បញ្ចូលនូវប្រធានបទដែលស្មានៗនោះទេ ( ប្រធានបទគួរតែស្របគ្នាទៅនឹងសុន្ទរកថាទាំងឡាយនៅក្នុងសន្និសីទទូទៅ ) ។
-
វាគ្មិន ឬគ្រូបង្រៀនកិត្តិយសមិនត្រូវបានបង់ថ្លៃនោះទេ មិនជ្រើសរើសអ្នកចូលរួម និងមិនរៃអង្គាសពីអតិថិជននោះដែរ ។
-
ការចំណាយក្នុងការធ្វើដំណើររបស់បុគ្គលរូបនេះមិនត្រូវបង់ថ្លៃចេញពីមូលនិធិថវិកាអង្គភាពក្នុងមូលដ្ឋាន ឬដោយការបរិច្ចាគជាឯកជនឡើយ ។
-
បទបង្ហាញត្រូវអនុលោមតាមគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់អគារសាសនាចក្រ ( សូមមើល ៣៥.៥ ) ។
៣៨.៨.១៩
អន្តោប្រវេសន៍
សមាជិកដែលបន្ដនៅក្នុងទឹកដីកំណើតរបស់ពួកគេ ជាញឹកញាប់មានឱកាសដើម្បីស្ថាបនា និងពង្រឹងសាសនាចក្រនៅទីនោះ ។ ទោះយ៉ាងណា ការធ្វើអន្ដោប្រវេសន៍ទៅកាន់ប្រទេសមួយទៀតគឺជាជម្រើសផ្ទាល់ខ្លួន ។
សមាជិកដែលប្ដូរទៅរស់នៅប្រទេសមួយទៀត គួរតែគោរពតាមច្បាប់ជាធរមានទាំងអស់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២១ ) ។
អ្នកផ្សព្វផ្សាយសាសនាមិនគួរផ្ដល់ការឧបត្ថម្ភដល់ការធ្វើអន្ដោប្រវេសន៍របស់អ្នកដទៃនោះទេ ។ ហើយអ្នកផ្សព្វផ្សាយសាសនាក៏មិនគួរសុំឲ្យឪពុកម្តាយរបស់ពួកគេ សាច់ញាតិ ឬអ្នកដទៃធ្វើដូច្នោះដែរ ។
សាសនាចក្រពុំឧបត្ថម្ភលើការធ្វើអន្តោប្រវេសន៍ តាមរយៈការងារសាសនាចក្រនោះទេ ។
សមាជិកសាសនាចក្រផ្ដល់ពេលវេលា ទេពកោសល្យ និងមិត្តភាពរបស់ពួកគេដើម្បីស្វាគមន៍ដល់ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួនជាសមាជិកក្នុងសហគមន៍របស់ពួកគេ ( សូមមើល ម៉ាថាយ ២៥:៣៥ សូមមើលផងដែរ ៣៨.៨.៣៥ នៅក្នុងក្បួនខ្នាតនេះ ) ។
៣៨.៨.២០
អ៊ីនធឺណិត
៣៨.៨.២០.១
ធនធានអ៊ីនធឺណិតជាផ្លូវការរបស់សាសនាចក្រ
សាសនាចក្រមានគេហទំព័រជាផ្លូវការ ប្លក់ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ធនធានទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា វាជាផ្លូវការ តាមរយៈការប្រើប្រាស់ស្លាកអក្សរ ឬនិមិត្តសញ្ញារបស់សាសនាចក្រ ( សូមមើល ៣៨.៨.៨ ) ។ ធនធានទាំងនេះ ក៏អនុលោមតាមតម្រូវការច្បាប់ និងកម្មសិទ្ធិបញ្ញារបស់សាសនាចក្រ ព្រមទាំងគោលនយោបាយឯកជនភាពផងដែរ ។
៣៨.៨.២០.២
ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងការហៅបម្រើក្នុងសាសនាចក្ររបស់សមាជិក
សមាជិកទាំងឡាយពុំអាចបង្កើតគេហទំព័រ ប្លក់ ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ជំនួសឲ្យសាសនាចក្រ ឬធ្វើជាតំណាងផ្លូវការឲ្យសាសនាចក្រ និងទស្សនៈ គោលលទ្ធិ គោលនយោបាយ និងនីតិវិធីរបស់សាសនាចក្របានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចបង្កើតគេហទំព័រ ប្លក់ ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីជួយក្នុងការហៅបម្រើរបស់ពួកគេបាន ។ នៅពេលធ្វើដូច្នោះ សមាជិកគួរតែអនុវត្តតាមគោលការណ៍ណែនាំដូចខាងក្រោម ៖
-
ការបង្កើតគេហទំព័រ ប្លក់ ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវតែបានអនុម័តដោយប្រធានស្ដេក ( សម្រាប់ធនធានស្ដេក ) ឬប៊ីស្សព ( សម្រាប់ធនធានវួដ ) ជាមុនសិន ។
-
ស្លាកអក្សរ ឬនិមិត្តសញ្ញារបស់សាសនាចក្រមិនអាចត្រូវបានប្រើប្រាស់ ឬចម្លងតាមបានទេ ( សូមមើល ៣៨.៨.៨ ) ។
-
ធនធានតាមអនឡាញគួរតែមានគោលបំណង និងគោលដៅ ហើយដាក់ឈ្មោះស្របទៅតាមនោះ ។ ឈ្មោះអាចរួមមានឈ្មោះរបស់វួដ ឬរបស់ស្ដេក ។ ប៉ុន្ដែ វាមិនអាចមាននូវឈ្មោះជាផ្លូវការរបស់សាសនាចក្របានទេ ។
-
សមាជិកពុំអាចថ្លែង ឬកំណត់ថា មាតិកា រូបភាពរបស់ធនធាន ឬសម្ភារដទៃទៀតនៅលើអ៊ីនធឺណិតគឺជាការឧបត្ថម្ភ ឬការយល់ព្រមដោយសាសនាចក្រ ឬជាអ្នកតំណាងជាផ្លូវការរបស់សាសនាចក្រតាមទម្រង់ណាមួយឡើយ ។ ផ្ទុយទៅវិញ វាគួរតែមានបញ្ចូលប្រយោគបដិសេធមួយ ដែលបញ្ជាក់ថា វាមិនមែនជាផលិតផលជាផ្លូវការដែលបានឧបត្ថម្ភដោយសាសនាចក្រឡើយ ។
-
មាតិកាទាំងអស់គួរតែទាក់ទងនឹងទស្សនិកជនដែលជាគោលដៅ ហើយគួរតែគ្រប់គ្រងយ៉ាងសកម្ម ។
-
ធនធានអនឡាញគួរតែមាននូវព័ត៌មានទំនាក់ទំនង ។
-
គួរតែមានអ្នកគ្រប់គ្រងលើសពីម្នាក់ ដើម្បីទទួលខុសត្រូវលើធនធានតាមអនឡាញនេះ ។ ការណ៍នេះអាចផ្ដល់ភាពខ្ជាប់ខ្ជួន ទោះជាបុគ្គលម្នាក់ផ្លាស់ប្ដូរការហៅ ឬការចាត់តាំងក៏ដោយ ។ វាក៏បញ្ចៀសពីការដាក់បន្ទុកខ្លាំងលើបុគ្គលម្នាក់ ដើម្បីឲ្យធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងធនធាននេះផងដែរ ។
-
គំនូរ វីដេអូ តន្រ្តី ឬសម្ភារដទៃទៀតដែលជាកម្មសិទ្ធិរបស់សាសនាចក្រ មិនអាចត្រូវបានចុះផ្សាយបានទេ លើកលែងតែការប្រើប្រាស់ដូច្នេះត្រូវបានអនុញ្ញាតយ៉ាងច្បាស់ដោយ លក្ខខណ្ឌប្រើប្រាស់ នៅលើគេហទំព័រជាផ្លូវការរបស់សាសនាចក្រ ឬតាមរយៈការិយាល័យកម្មសិទ្ធិបញ្ញារបស់សាសនាចក្រ ។ មាតិកាដែលមានរក្សាសិទ្ធិអ្នកនិពន្ធមកពីប្រភពដើមផ្សេងទៀត មិនគួរយកទៅប្រើប្រាស់នោះទេ លើកលែងតែម្ចាស់មាតិកានោះបានផ្ដល់ការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនសិន ។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់សម្ភារមានកម្មសិទ្ធិបញ្ញា សូមមើល ៣៨.៨.១១ ។
-
នៅពេលប្រើប្រាស់រូបភាព វីដេអូ ឬព័ត៌មានផ្ទាល់ខ្លួន វាតម្រូវឲ្យមានការយល់ព្រមមកពីម្ចាស់មាតិកានោះ ឬបុគ្គលដែលពាក់ព័ន្ធទាំងឡាយ ។ ការយល់ព្រមអាចទទួលបានតាមរយៈទម្រង់បែបបទចេញផ្សាយ ការប្រកាសជាសាធារណៈ សញ្ញាចុះផ្សាយមួយសម្រាប់ព្រឹត្តិការណ៍ជាក់លាក់មួយ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរនៅពេលចាំបាច់ ។ អ្នកគួរតែធ្វើតាមច្បាប់ស្ដីពីឯកជនភាពរបស់ប្រទេស ។
-
ធនធានអនឡាញមិនគួរចម្លងឧបករណ៍ និងមុខងារដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឧបករណ៍សមាជិក ឬធនធានសាសនាចក្រផ្សេងទៀតរួចហើយនោះទេ ។
-
ថ្នាក់ដឹកនាំ និងអ្នកផ្សព្វផ្សាយសាសនាគួរតែជួយសម្របសម្រួល ដើម្បីកុំឲ្យមានការទំនាក់ទំនងស្ទួន ។
-
ធនធានអនឡាញគួរតែលុបចេញ នៅពេលឈប់ត្រូវការ ។ ប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់ ( ដូចជារូបថត និងវីដេអូ ) គួរតែត្រូវបានរក្សាទុកនៅក្នុងប្រវត្តិសាស្ដ្ររបស់វួដ ឬស្ដេក ។
សម្រាប់គោលការណ៍ណែនាំបន្ថែម សូមមើលគេហទំព័រ internet.ChurchofJesusChrist.org ។
៣៨.៨.២០.៣
ការប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន
អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមមានអត្ថប្រយោជន៍ជាច្រើន ។ ក្នុងចំណោមអត្ថប្រយោជន៍ទាំងនេះ គឺការមានឱកាសចែកចាយទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ប្លក់ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាអ៊ីនធឺណិតដទៃទៀត អនុញ្ញាតឲ្យសមាជិកផ្សព្វផ្សាយអំពីសារលិខិតនៃភាពសុខសាន្ដ សេចក្ដីសង្ឃឹម និងអំណរ ដែលមានអមជាមួយនឹងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
សមាជិកត្រូវបានលើកទឹកចិត្តឲ្យចែកចាយមាតិកាដែលលើកស្ទួយ ។ វាក៏គួរតែជាគំរូនៃសេចក្ដីគួរសមនៅពេលធ្វើការប្រាស្រ័យទាក់ទងតាមអនឡាញទាំងអស់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ។ វាគួរតែចៀសវាងការទាស់ទែងគ្នា ( សូមមើល នីហ្វៃទី៣ ១១:២៩–៣០; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:២៣ ) ។
សមាជិកគួរតែចៀសវាងពីគ្រប់ការនិយាយវិនិច្ឆ័យទុកជាមុនអំពីមនុស្សដទៃ ( សូមមើល ៣៨.៦.១៤ ) ។ ពួកគេខិតខំធ្វើដូចជាព្រះគ្រីស្ទទៅកាន់មនុស្សដទៃនៅគ្រប់ពេលទាំងអស់ រួមទាំងនៅតាមអនឡាញផងដែរ ហើយឆ្លុះបញ្ចាំងពីការគោរពដ៏ស្មោះសរដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។
សមាជិកមិនគួរប្រើភាសា ឬរូបភាពគំរាមកំហែង ប្រមាថ បន្ទាបបន្ថោក ហិង្សា ឬភាសារំលោភបំពាននៅតាមអនឡាញឡើយ ។ ប្រសិនបើមានការគំរាមកំហែងអំពីទង្វើមិនស្របច្បាប់តាមអនឡាញកើតឡើង នោះគួរតែទាក់ទងទៅកាន់អាជ្ញាធរច្បាប់ជាធរមានភ្លាមៗ ។
សមាជិកមិនគួរបញ្ជាក់ថា សារលិខិតរបស់ពួកគេតំណាងឲ្យ ឬត្រូវបានឧបត្ថម្ភដោយសាសនាចក្រឡើយ ។
៣៨.៨.២១
ឧបករណ៍អ៊ីនធឺណិត ផ្កាយរណប និងវីដេអូ
ឧបករណ៍អ៊ីនធឺណិត ផ្កាយរណប និងវីដេអូរបស់សាសនាចក្រត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងសាសនាចក្រប៉ុណ្ណោះ មិនមែនសម្រាប់អាជីវកម្មឡើយ ។ ការប្រើប្រាស់នានាត្រូវតែបានអនុញ្ញាតដោយគណៈប្រធានស្ដេក ឬគណៈប៊ីស្សព ។
ឧបករណ៍នេះមិនអាចត្រូវបានប្រើប្រាស់ដើម្បីចូលប្រើ ឬថតកម្មវិធីដែលពុំបានឧបត្ថម្ភដោយសាសនាចក្រទេ ។ ហើយក៍មិនអាចប្រើធនធានរបស់សាសនាចក្រ ដូចជាការភ្ជាប់អ៊ីនធឺណិត ដើម្បីចូលប្រើ ឬថតកម្មវិធីបែបនោះដែរ ។
មានតែអ្នកដែលបានទទួលការបំពាក់បំប៉ន ដើម្បីធ្វើប្រតិបត្តិការឧបករណ៍នេះតែប៉ុណ្ណោះ ដែលអាចប្រើបាន ។ ឧបករណ៍ទាំងអស់ត្រូវចាក់សោដោយសុវត្ថិភាព នៅពេលមិនប្រើប្រាស់ ។ ឧបករណ៍ទាំងនេះពុំអាចយកចេញពីអគារទៅប្រើប្រាស់ផ្ទាល់ខ្លួនបានទេ ។
៣៨.៨.២២
ច្បាប់ភូមិបាល
សមាជិកគួរតែគោរព ធ្វើតាម និងគាំទ្រដល់ច្បាប់នៅក្នុងប្រទេសទាំងឡាយ ដែលពួកគេរស់នៅ ឬធ្វើដំណើរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២១–២២; មាត្រានៃសេចក្តីជំនឿ ១:១២ ) ។ ការណ៍នេះរួមទាំងច្បាប់ដែលហាមឃាត់ដល់ការដើរផ្សព្វផ្សាយផងដែរ ។
៣៨.៨.២៣
ការប្រឹក្សាខាងច្បាប់សម្រាប់បញ្ហារបស់សាសនាចក្រ
ពេលណាដែលត្រូវការជំនួយខាងច្បាប់សម្រាប់បញ្ហារបស់សាសនាចក្រ នោះថ្នាក់ដឹកនាំគប្បីទាក់ទងទៅទីប្រឹក្សាច្បាប់របស់សាសនាចក្រ ។ នៅក្នុងសហរដ្ឋ និងប្រទេសកាណាដា ប្រធានស្តេកគួរទាក់ទងទៅកាន់ការិយាល័យការប្រឹក្សាទូទៅរបស់សាសនាចក្រ ៖
១-៨០០-៤៥៣-៣៨៦០ លេខបន្ដ ២-៦៣០១
១-៨០១-២៤០-៦៣០១
នៅក្រៅសហរដ្ឋ និងប្រទេសកាណាដា ប្រធានស្តេកគួរតែទាក់ទងទៅការិយាល័យប្រចាំតំបន់ ដើម្បីទទួលបានការប្រឹក្សាខាងផ្លូវច្បាប់ក្នុងតំបន់នោះ ។
៣៨.៨.២៣.១
ការចូលរួម ឬឯកសារនានាក្នុងកិច្ចដំណើរការនីតិវិធីច្បាប់
ថ្នាក់ដឹកនាំសាសនាចក្រមិនគួរធ្វើឲ្យខ្លួនចូលរួមក្នុងករណីស៊ីវិល ឬករណីបទឧក្រិដ្ឋ សម្រាប់សមាជិកនៅក្នុងអង្គភាពរបស់ពួកគាត់ ដោយមិនបានប្រឹក្សាយោបល់ជាមួយទីប្រឹក្សាច្បាប់ក្នុងមូលដ្ឋានជាមុនឡើយ ។ គោលនយោបាយដូចគ្នានេះត្រូវបានអនុវត្តចំពោះការនិយាយ ឬការសរសេរឆ្លើយឆ្លងជាមួយមេធាវី ឬបុគ្គលិកតុលាការ រួមទាំងតាមរយៈអ៊ីម៉ែលផងដែរ ។
ថ្នាក់ដឹកនាំគួរនិយាយជាមួយអ្នកប្រឹក្សាផ្នែកច្បាប់របស់សាសនាចក្រ តាមលទ្ធភាពក្នុងនាមជាសាសនាចក្ររបស់ពួកគាត់ ប្រសិនបើពួកគាត់ ៖
-
ជឿថាពួកគាត់គួរផ្តល់សក្ខីកម្ម ឬប្រាស្រ័យទាក់ទងគ្នាស្តីពីបញ្ហាច្បាប់ ។
-
កំពុងត្រូវបានទាមទារដោយនីតិវិធីច្បាប់ឲ្យផ្តល់សក្ខីកម្ម ឬប្រាស្រ័យទាក់ទងគ្នាស្តីពីបញ្ហាច្បាប់ ។
-
ត្រូវបានបង្គាប់ឲ្យផ្តល់ភស្តុតាង ។
-
ត្រូវបានស្នើសុំឲ្យផ្តល់ឯកសារ ឬព័ត៌មានដោយស្ម័គ្រចិត្ត ។
-
ត្រូវបានស្នើសុំឲ្យទំនាក់ទំនងជាមួយមេធាវី ឬអាជ្ញាធរស៊ីវិលអំពីនីតិវិធីច្បាប់ រួមទាំងការកាត់ទោស និងការដោះលែងឲ្យនៅក្រៅឃុំ ។
ទោះជាយ៉ាងណា ក្នុងចេតនាល្អ ថ្នាក់ដឹកនាំសាសនាចក្រដែលចែកចាយព័ត៌មានតាមនីតិវិធីច្បាប់ អាចត្រូវបានបកស្រាយខុស និងបំផ្លិចបំផ្លាញ ។ ការចែកចាយបែបនោះអាចធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ។ ការធ្វើតាមគោលនយោបាយរបស់សាសនាចក្រ ក៏ជួយការពារសាសនាចក្រមិនឲ្យមានកំហុសទាក់ទងនឹងបញ្ហាផ្លូវច្បាប់ផងដែរ ។
៣៨.៨.២៣.២
សក្ខីកម្មក្នុងកិច្ចដំណើរការនីតិវិធីច្បាប់
ថ្នាក់ដឹកនាំសាសនាចក្រមិនអាចធ្វើសក្ខីកម្មជំនួសឲ្យសាសនាចក្រ នៅក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ណាមួយ ដោយគ្មានការអនុញ្ញាតជាមុនមកពីការិយាល័យនៃការប្រឹក្សាទូទៅនោះឡើយ ។ គោលនយោបាយនេះក៏អនុវត្តចំពោះការផ្តន្ទាទោស និងការដោះលែងឲ្យនៅក្រៅឃុំផងដែរ ។ ថ្នាក់ដឹកនាំសាសនាចក្រអាចមិនផ្តល់ភស្តុតាងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ នៅក្នុងសមត្ថភាពជាអ្នកដឹកនាំរបស់ពួកគាត់ដោយគ្មានការអនុម័តនេះឡើយ ។
ថ្នាក់ដឹកនាំមិនគួរផ្ដល់យោបល់ ឬថ្លែងបញ្ជាក់ថា សក្ខីកម្មរបស់ពួកគាត់នៅក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ជាតំណាងឲ្យសាសនាចក្រឡើយ ។
ថ្នាក់ដឹកនាំមិនគួរព្យាយាមជះឥទ្ធិពលលើសក្ខីកម្មរបស់សាក្សីម្នាក់នៅក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ឡើយ ។
ព័ត៌មានទំនាក់ទំនងសម្រាប់ការពិគ្រោះយោបល់ផ្លូវច្បាប់របស់សាសនាចក្រមាននៅក្នុង ៣៨.៨.២៣ ។
៣៨.៨.២៤
ការប្រើប្រាស់ប្រអប់សំបុត្រ
នៅក្នុងប្រទេសជាច្រើន វាគឺជាការល្មើសនឹងនិយតកម្មប្រៃសណីយ៍ ដើម្បីដាក់សម្ភារណាមួយ ដោយមិនយកទៅដាក់នៅប្រៃសណីយ៍ ឬយកទៅដាក់ក្នុងប្រអប់សំបុត្រតាមតំបន់រស់នៅ ។ ការដាក់កម្រិតនេះអនុវត្តចំពោះសម្ភារដែលទាក់ទងនឹងសាសនាចក្រទាំងឡាយ រួមមានដូចជាខិតប័ណ្ណ ព្រឹត្តិបត្រ ឬសេចក្ដីប្រកាសនានា ។ ថ្នាក់ដឹកនាំសាសនាចក្រគួរតែបង្រៀនសមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនា កុំឲ្យដាក់សម្ភារនានានៅក្នុង ឬនៅតាមប្រអប់សំបុត្រ ។
៣៨.៨.២៥
ទំនាក់ទំនងរបស់សមាជិកជាមួយនឹងទីស្នាក់ការកណ្តាលរបស់សាសនាចក្រ
សមាជិកសាសនាចក្រមិនត្រូវបានលើកទឹកចិត្តឲ្យទូរសព្ទ អ៊ីម៉ែល ឬសរសេរសំបុត្រទៅកាន់អ្នកមានសិទ្ធិអំណាចទូទៅអំពីសំណួរខាងគោលលទ្ធិ បញ្ហា ឬសំណើផ្ទាល់ខ្លួនទេ ។ ការឆ្លើយតបជាលក្ខណៈបុគ្គលនឹងធ្វើឲ្យវាពិបាកសម្រាប់អ្នកមានសិទ្ធិអំណាចទូទៅ ដើម្បីបំពេញភារកិច្ចរបស់ពួកលោក ។ សមាជិកត្រូវបានលើកទឹកចិត្តឲ្យទៅជួបនឹងថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់ពួកគេ រួមមានប្រធានសមាគមសង្គ្រោះ ឬប្រធានកូរ៉ុមអែលឌើររបស់ពួកគេ នៅពេលស្វែងរកការណែនាំខាងវិញ្ញាណ ( សូមមើល ៣១.៣ ) ។
នៅក្នុងករណីច្រើនបំផុត សំបុត្រឆ្លើយឆ្លងមកពីសមាជិកទៅកាន់ពួកអ្នកមានសិទ្ធិអំណាចទូទៅ នឹងត្រូវបានបញ្ជូនត្រឡប់ទៅថ្នាក់ដឹកនាំក្នុងមូលដ្ឋានវិញ ។ ប្រធានស្តេក ដែលត្រូវការការបញ្ជាក់អំពីគោលលទ្ធិ ឬបញ្ហាសាសនាចក្រផ្សេងទៀត អាចសរសេរសំបុត្រទៅកាន់គណៈប្រធានទីមួយជំនួសឲ្យសមាជិកបាន ។
៣៨.៨.២៦
ការងាររបស់សមាជិក
សមាជិកសាសនាចក្រគួរតែស្វែងរកការងារធ្វើ ដែលត្រូវគ្នានឹងគោលការណ៍នៃដំណឹងល្អ ហើយដែលពួកគេអាចសូមពរជ័យពីព្រះអម្ចាស់បានដោយមានសតិសម្បជញ្ញៈល្អ ។ នេះគឺជារឿងផ្ទាល់ខ្លួន ដែលទីបំផុតត្រូវទុកឲ្យសមាជិកធ្វើការវិនិច្ឆ័យ និងការពិចារណាប្រកបដោយការអធិស្ឋាន ។
៣៨.៨.២៧
សមាជិកដែលមានពិការភាព
ថ្នាក់ដឹកនាំ និងសមាជិកត្រូវបានលើកទឹកចិត្តឲ្យនិយាយពីតម្រូវការនៃសមាជិកទាំងអស់ដែលរស់នៅក្នុងអង្គភាពរបស់ពួកគាត់ ។ សមាជិកដែលមានពិការភាពគឺមានតម្លៃ និងអាចចូលរួមចំណែកតាមរបៀបដ៏មានអត្ថន័យមួយ ។ ពិការភាពអាចជាផ្នែកបញ្ញា ផ្នែកសង្គម ផ្នែកសតិអារម្មណ៍ ឬ ផ្នែករាងកាយ ។
សមាជិកនៃសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ក្នុងការផ្តល់សេចក្តីសង្ឃឹម ចេះយល់ចិត្ត និងស្រឡាញ់ដល់អ្នកទាំងឡាយណាដែលមានពិការភាព ។ ថ្នាក់ដឹកនាំគួរតែស្គាល់អ្នកទាំងឡាយណាដែលមានពិការភាព និងបង្ហាញនូវការយកចិត្តទុកដាក់ និងការបារម្ភដោយស្មោះ ។
ថ្នាក់ដឹកនាំក៏កំណត់ពីអត្តសញ្ញាណសមាជិកណា ដែលអាចនឹងត្រូវការការមើលថែបន្ថែម ដោយសារតែឪពុក ឬម្តាយ ប្ដី ឬប្រពន្ធ កូន ឬបងប្អូនមានពិការភាពផងដែរ ។ ការថែរក្សាដល់សមាជិកគ្រួសារដែលមានពិការភាពអាចផ្តល់ទាំងផលល្អ និងទាំងការប្រឈមផងដែរ ។
ថ្នាក់ដឹកនាំក៏ស្វែងរក និងធ្វើការងារបម្រើដល់សមាជិកដែលមានពិការភាព ដែលកំពុងរស់នៅក្នុងផ្ទះជាក្រុម ឬអគារស្ថាប័នដទៃទៀតដែលនៅឆ្ងាយពីសមាជិកគ្រួសារផងដែរ ។
៣៨.៨.២៧.១
ការបង្កើនការដឹងជាមុន និងការយោគយល់
ថ្នាក់ដឹកនាំ គ្រូបង្រៀន និងសមាជិកដទៃទៀត ព្យាយាមដើម្បីយល់ពីបុគ្គលម្នាក់ៗដែលមានពិការភាព និងភាពខ្លាំង ហើយនិងតម្រូវការរបស់គាត់ ឬនាង ។ ពួកគាត់អាចបង្កើនការយល់ដឹងតាមរយៈការនិយាយជាមួយនឹងបុគ្គលនោះ និងនិយាយជាមួយនឹងសមាជិកគ្រួសាររបស់គាត់ ។ ធនធាននានាមាននៅលើគេហទំព័រ disability.ChurchofJesusChrist.org ។
៣៨.៨.២៧.២
ការផ្តល់ជំនួយ
ថ្នាក់ដឹកនាំប៉ាន់ប្រមាណអំពីសេចក្តីត្រូវការរបស់អ្នកទាំងឡាយណាដែលមានពិការភាព និងអ្នកផ្តល់ការមើលថែរបស់ពួកគេ ។ ថ្នាក់ដឹកនាំទាំងនេះកំណត់ថាតើធនធានវួដ ឬស្ដេកអាចត្រូវបានប្រើប្រាស់តាមរបៀបណា ដើម្បីជួយបំពេញសេចក្តីត្រូវការឲ្យបានសមរម្យ ។ ថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិកទាំងឡាយឲ្យជួយ និងឈោងទៅដោយសេចក្តីស្រឡាញ់ និងមិត្តភាព ។
គណៈប៊ីស្សព ឬគណៈប្រធានស្តេកអាចផ្ដល់ការហៅបម្រើអ្នកឯកទេសផ្នែកពិការភាពប្រចាំវួដ ឬស្តេក ដើម្បីជួយដល់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ គ្រូបង្រៀន និងថ្នាក់ដឹកនាំដទៃទៀតបាន ( សូមមើល ៣៨.៨.២៧.៩ ) ។
ថ្នាកដឹកនាំក៏អាចស្គាល់ធនធានក្នុងសហគមន៍ដែលសមរម្យ ដើម្បីអាចជួយដល់បុគ្គលម្នាក់ៗដែលមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការជួយបុគ្គលដែលមានពិការភាព សូមមើលគេហទំព័រ disabilities.ChurchofJesusChrist.org ។ ថ្នាក់ដឹកនាំក៏អាចទាក់ទងទៅកាន់សេវាកម្មគ្រួសារបានផងដែរ ( នៅកន្លែងដែលមាន; សូមមើល ៣១.៣.៦ សម្រាប់ព័ត៌មានទំនាក់ទំនង ) ។
ថ្នាក់ដឹកនាំ និងសមាជិកមិនគួរព្យាយាមពន្យល់ពីមូលហេតុដែលនរណាម្នាក់មានពិការភាព ឬមូលហេតុដែលក្រុមគ្រួសាររបស់ពួកគេមានកូនដែលមានពិការភាពនោះទេ ។ ពួកគេមិនគួរលើកឡើងថា ពិការភាពគឺជាការដាក់ទណ្ឌកម្មពីព្រះនោះទេ ( សូមមើល យ៉ូហាន ៩:២–៣ ) ឬអភ័យឯកសិទ្ធិពិសេសមួយនោះទេ ។
៣៨.៨.២៧.៣
ការផ្ដល់ពិធីបរិសុទ្ធទាំងឡាយ
សូមមើល ៣៨.២.៤ ។
៣៨.៨.២៧.៤
ការផ្តល់ឱកាសបម្រើ និងឱកាសចូលរួម
សមាជិកដែលមានពិការភាពជាច្រើនអាចបម្រើនៅក្នុងកិច្ចការសាសនាចក្រស្ទើរតែទាំងអស់បាន ។ ថ្នាក់ដឹកនាំធ្វើការពិចារណាប្រកបដោយការអធិស្ឋានអំពីលទ្ធភាព កាលៈទេសៈ និងបំណងប្រាថ្នារបស់បុគ្គលម្នាក់ៗ រួចហើយផ្តល់ឱកាសសមរម្យដើម្បីឲ្យបម្រើ ។ ថ្នាក់ដឹកនាំក៏ប្រឹក្សាជាមួយនឹងបុគ្គលផ្ទាល់ ព្រមទាំងគ្រួសាររបស់គាត់ ឬនាងផងដែរ ។ ពួកគាត់ពិចារណាអំពីប្រសិទ្ធភាពនៃការហៅក្នុងសាសនាចក្រដល់បុគ្គលនោះ និងគ្រួសាររបស់គាត់ ឬអ្នកផ្តល់ការមើលថែ ។ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:១៥ ) ។
នៅពេលពិចារណាអំពីកិច្ចការសាសនាចក្រ ឬការហៅទាំងឡាយសម្រាប់អ្នកផ្តល់ការមើលថែបុគ្គលដែលមានពិការភាព នោះថ្នាក់ដឹកនាំត្រូវវាយតម្លៃយ៉ាងប្រុងប្រយ័ត្នអំពីស្ថានភាពរបស់អ្នកផ្ដល់ការមើលថែនោះ ។
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនគួរតែដាក់បញ្ចូលសមាជិកដែលមានពិការភាពមកក្នុងការប្រជុំ ថ្នាក់រៀន និងសកម្មភាពឲ្យបានពេញលេញតាមដែលអាចធ្វើទៅបាន ។ មេរៀន ការឡើងនិយាយ និងវិធីសាស្ត្រនៃការបង្រៀនគួរតែសម្របសម្រួល ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់បុគ្គលម្នាក់ៗ ។ សម្រាប់ព័ត៌មានអំពីការកែសម្រួលមេរៀន សូមមើលគេហទំព័រ disabilities.ChurchofJesusChrist.org ។
គណៈប៊ីស្សពអាចអញ្ជើញឲ្យសមាជិកវួដម្នាក់ជួយដល់បុគ្គលដែលមានពិការភាពនៅក្នុងការប្រជុំ ឬសកម្មភាពបាន ។ សម្រាប់ថ្នាក់រៀនមួយដែលមានសមាជិកម្នាក់ ដែលមានពិការភាព នោះគណៈប៊ីស្សពអាចហៅឲ្យមានគ្រូបង្រៀនច្រើននាក់ ។ គ្រូបង្រៀនទាំងនេះធ្វើការរួមគ្នាដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់សមាជិកក្នុងថ្នាក់ទាំងអស់ ។
ប្រសិនបើបុគ្គលនោះមិនអាចចូលរួមនៅក្នុងការប្រជុំ ថ្នាក់រៀន ឬសកម្មភាពមួយបានទេ នោះថ្នាក់ដឹកនាំ និងគ្រូបង្រៀនអាចពិគ្រោះជាមួយនឹងសមាជិកនោះ និងគ្រួសាររបស់គាត់ ឬនាងអំពីរបៀបដើម្បីបំពេញសេចក្តីត្រូវការរបស់សមាជិករូបនេះ ។ ប្រធានស្តេក ឬប៊ីស្សពអាចអនុម័តឲ្យរៀបចំថ្នាក់រៀន ឬកម្មវិធីពិសេសសម្រាប់សមាជិកដែលមានពិការភាព ( សូមមើល ៣៨.៨.២៧.៥ ) ។ ប្រសិនបើបុគ្គលម្នាក់មិនអាចចូលរួមនៅក្នុងការប្រជុំសាសនាចក្របានទេ នោះថ្នាក់ដឹកនាំ និងគ្រូបង្រៀនអាចផ្ដល់ជាសម្ភារមេរៀន ការថតសំឡេង ឬការផ្សាយបន្ដផ្ទាល់បាន ។
ការផ្សាយបន្ដផ្ទាល់នៃព្រឹត្តិការណ៍នានា រួមមានការប្រជុំសាក្រាម៉ង់ និងពិធីបុណ្យសព គឺមានបំណងសម្រាប់តែសមាជិកដែលមិនអាចចូលរួមបានប៉ុណ្ណោះ ( សូមមើល ២៩.៧ ) ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការទទួលទានសាក្រាម៉ង់ សូមមើល ១៨.៩.៣ ។
ថ្នាក់ដឹកនាំលើកទឹកចិត្តឲ្យអ្នកកាន់បព្វជិតភាព ដែលមានពិការភាព ចូលរួមក្នុងពិធីបរិសុទ្ធនានានៅពេលធ្វើបាន ។ នៅដើមខែមករានៃឆ្នាំដែលពួកគេមានអាយុ ១២ ឆ្នាំ អ្នកកាន់បព្វជិតភាព និងយុវនារីដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ហើយមានភាពស័ក្តិសម អាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជននៅក្នុងព្រះវិហារបរិសុទ្ធបាន ។ សម្រាប់គោលការណ៍ណែនាំអំពីសមាជិកដែលមានពិការភាព ដែលទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់ពួកគេ សូមមើល ២៧.២.១.៣ និង ២៧.៣.១.២ ។
៣៨.៨.២៧.៥
ការរៀបចំថ្នាក់ កម្មវិធី ឬអង្គភាពពិសេស
សមាជិកដែលមានពិការភាព ឬមានសេចក្តីត្រូវការជាពិសេសត្រូវបានលើកទឹកចិត្ត ឲ្យចូលរួមនៅក្នុងការប្រជុំថ្ងៃអាទិត្យនៅក្នុងវួដរបស់ពួកគេ លើកលែងតែពួកគេរស់នៅក្នុងអគារមើលថែ ឬកម្មវិធីព្យាបាលអ្នកស្នាក់នៅ ដែលសាសនាចក្របានរៀបចំកម្មវិធីនានាឡើង ( សូមមើល ៣៧.៦ ) ។
អង្គភាព និងក្រុម ។ វួដ ឬសាខាអាចត្រូវបានបង្កើតសម្រាប់សមាជិកដែលមានសេចក្តីត្រូវការពិសេស ដូចជាសមាជិកដែលថ្លង់ និងប្រើភាសា-គជាដើម ( សូមមើល ៣៧.១ ) ។ ការអនុម័តត្រូវបានផ្តល់ឲ្យដោយគណៈប្រធានទីមួយតែប៉ុណ្ណោះ ។
វួដមួយអាចត្រូវបានសុំឲ្យដឹកនាំក្រុមសមាជិកដែលមានពិការភាព ដូចជាអ្នកដែលប្រើភាសា-គជាដើម ។ សម្រាប់ព័ត៌មានអំពីកំណត់ត្រាសមាជិកភាពរបស់សមាជិកដែលចូលរួមក្នុងអង្គភាព ឬក្រុមដូច្នេះ សូមមើល ៣៣.៦.១១ ។
សមាជិកដែលថ្លង់ ដែលរស់នៅឆ្ងាយពីអង្គភាពគ-ថ្លង់ អាចចូលរួមពីចម្ងាយបាន ។ ពួកគេគួរតែទទួលបានការអនុញ្ញាតមកពីថ្នាក់ដឹកនាំអង្គភាពនោះជាមុនសិន ។ ថ្នាក់ដឹកនាំវួដក្នុងមូលដ្ឋានធានាឲ្យបានថា សមាជិកគ-ថ្លង់មានគេថែទាំ និងមានឱកាសទទួលទានសាក្រាម៉ង់ជាទៀងទាត់ ។
ថ្នាក់ទាំងឡាយ ។ សមាជិកដែលមានពិការភាព ចូលរួមក្នុងថ្នាក់សាលាថ្ងៃអាទិត្យជាមួយនឹងសមាជិកក្នុងវួដរបស់ពួកគេដែរ ។ ប៉ុន្ដែនៅពេលចាំបាច់ត្រូវបំពេញតាមតម្រូវការនៃសមាជិកមជ្ឈិមវ័យ ឬយុវវ័យដែលមានពិការភាពស្រដៀងគ្នា នោះវួដ ឬស្ដេកមួយអាចរៀបចំថ្នាក់សាលាថ្ងៃអាទិត្យពិសេសបាន ( សូមមើល ១៣.៣.២ ) ។
សកម្មភាពកម្មវិធីពិការភាព ។ នៅពេលចាំបាច់ត្រូវបំពេញតាមតម្រូវការនៃសមាជិកមជ្ឈិមវ័យដែលមានពិការភាពខាងបញ្ញា នោះវួដមួយ វួដមួយក្រុម ស្ដេកមួយ ឬស្ដេកមួយក្រុមអាចរៀបចំកម្មវិធីសកម្មភាពពិការភាពបាន ។ កម្មវិធីនេះបំពេញបន្ថែមឲ្យការងារបម្រើ កម្មវិធីថ្វាយបង្គំនៅព្រះវិហារនៅថ្ងៃអាទិត្យ និងសកម្មភាពនានានៅក្នុងអង្គភាព មូលដ្ឋាន ។
ជាទូទៅ កម្មវិធីសកម្មភាពពិការភាពបម្រើដល់បុគ្គលម្នាក់ៗដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ។ កិច្ចខិតខំទាំងអស់គួរតែធ្វើឡើងដើម្បីបង្រួបបង្រួមសមាជិកអាយុក្រោម ១៨ ឆ្នាំឲ្យនៅក្នុងវួដ និងស្ដេករបស់ពួកគេ ។ នៅក្នុងស្ថានភាពមិនប្រក្រតី ថ្នាក់ដឹកនាំអាចផ្ដល់សកម្មភាពបំពេញបន្ថែមដល់យុវវ័យបាន ចាប់ពីឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។
នៅពេលមានវួដច្រើនចូលរួមនៅក្នុងកម្មវិធីសកម្មភាពពិការភាព នោះប្រធានស្ដេកចាត់តាំងប៊ីស្សពជាភ្នាក់ងារម្នាក់ឲ្យមើលការខុសត្រូវលើកម្មវិធីនោះ ។ នៅពេលមានស្ដេកច្រើនចូលរួម នោះគណៈប្រធានតំបន់ចាត់តាំងប្រធានស្ដេកជាភ្នាក់ងារម្នាក់ឲ្យមើលការខុសត្រូវលើកម្មវិធីនោះ ។
ប៊ីស្សពជាភ្នាក់ងារ ឬប្រធានស្ដេកជាភ្នាក់ងារពិគ្រោះយោបល់គ្នាជាមួយនឹងប៊ីស្សព ឬប្រធានស្ដេកដទៃទៀត ដើម្បីកំណត់ពីរបៀបដែលកម្មវិធីនេះនឹងទទួលបានមូលនិធិ ។
អ្នកដឹកនាំសកម្មភាពពិការភាព ។ សមាជិកមជ្ឈិមវ័យអាចត្រូវបានហៅជាអ្នកដឹកនាំសកម្មភាពពិការភាពបាន ។ អ្នកដឹកនាំទាំងនេះដាក់ផែនការ និងអនុវត្តកម្មវិធីសកម្មភាពពិការភាព ។ ពួកគាត់ពិគ្រោះយោបល់គ្នាជាមួយអ្នកជំនាញខាងពិការភាពប្រចាំវួដ និងស្ដេក ( សូមមើល ៣៨.៨.២៧.៩ដើម្បីអញ្ជើញសមាជិកដែលមានពិការភាពឲ្យចូលរួម ។ ពួកគាត់ប្រឹក្សាជាមួយគ្នាអំពីរបៀបដើម្បីបំពេញតាមតម្រូវការរបស់សមាជិកទាំងនោះ ។
អ្នកដឹកនាំសកម្មភាពពិការភាពត្រូវបានហៅ និងញែកចេញនៅក្រោមការដឹកនាំរបស់ប៊ីស្សពជាភ្នាក់ងារ ឬប្រធានស្តេកជាភ្នាក់ងារ ។ ប្រធានស្តេកក៏អាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់មួយរូប ឲ្យបម្រើជាអ្នកដឹកនាំសកម្មភាពពិការភាពផងដែរ ។
ថ្នាក់ដឹកនាំដែលបម្រើដល់សមាជិកគ្រប់វ័យទាំងអស់ដែលមានពិការភាព ត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលនៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ សម្រាប់កិច្ចតម្រូវបន្ថែមទៀតស្ដីពីសុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំ សូមមើល សកម្មភាពសម្រាប់សមាជិកដែលមានពិការភាព ។
នៅពេលដែលបានអញ្ជើញ នោះអ្នកដឹកនាំសកម្មភាពពិការភាពអាចចូលរួមការប្រជុំថ្នាក់ដឹកនាំស្ដេក ឬវួដបាន ។
គោលការណ៍ណែនាំស្ដីពីសកម្មភាពកម្មវិធីពិការភាព ។ កម្មវិធីសកម្មភាពពិការភាពត្រូវបានរៀបចំឡើងដើម្បីជួយអ្នកចូលរួមឲ្យអភិវឌ្ឍខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។ អ្នកដឹកនាំកំណត់ពីភាពញឹកញាប់នៃសកម្មភាពទាំងនេះ ។ ពួកគាត់ពិចារណាពីចំនួនអ្នកចូលរួម រយៈចម្ងាយធ្វើដំណើរ និងស្ថានភាពផ្សេងៗទៀត ។
សមាជិកមួយចំនួនមិនអាចចូលរួមបានដោយសារតែស្ថានភាពស្មុគស្មាញខាងវេជ្ជសាស្ដ្រ ខាងរូបកាយ ខាងបញ្ញា ឬខាងឥរិយាបថជាដើម ។ អ្នកដឹកនាំស្វែងរកវិធីផ្សេងទៀតដើម្បីផ្ដល់ការងារបម្រើតាមតម្រូវការរបស់ពួកគេ ។
បទដ្ឋាននៃការចូលរួម និងសុវត្ថិភាព ។ យ៉ាងហោចណាស់ត្រូវតែមានមជ្ឈិមវ័យពីរនាក់ដែលមានការទទួលខុសត្រូវមានវត្តមាននៅគ្រប់សកម្មភាពទាំងអស់ ។ មជ្ឈិមវ័យពីរនាក់នោះអាចបុរសទាំងពីរនាក់ ជាស្ត្រីទាំងពីរនាក់ ឬជាស្វាមីភរិយា ។ ជាទូទៅ ចាំបាច់ត្រូវមានមជ្ឈិមវ័យជាច្រើនដើម្បីគ្រប់គ្រងសកម្មភាពទាំងឡាយ សម្រាប់សមាជិកដែលមានពិការភាព ជាងសកម្មភាពផ្សេងៗទៀត ។
មជ្ឈិមវ័យទាំងឡាយដែលជួយក្នុងសកម្មភាព ត្រូវបញ្ចប់ការបណ្តុះបណ្តាលនៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។ ពួកគេត្រូវតែទទួលការអនុម័តមកពីប៊ីស្សពរបស់ពួកគេ មុនពេលចូលរួម ។ សម្រាប់កិច្ចតម្រូវបន្ថែមទៀតស្ដីពីសុវត្ថិភាព សូមមើល « សកម្មភាពសម្រាប់សមាជិកដែលមានពិការភាព » ។
ប្រសិនបើមានអាកប្បកិរិយាមិនសមរម្យណាមួយកើតឡើង នោះការទទួលខុសត្រូវភ្លាមៗរបស់អ្នកដឹកនាំគឺត្រូវការពារ និងជួយបុគ្គលដែលងាយនឹងរងគ្រោះ ។ សម្រាប់ព័ត៌មានអំពីការឆ្លើយតបនឹងការសង្ស័យថាមានការរំលោភបំពាន សូមមើល ៣៨.៦.២.១និងនៅលើគេហទំព័រ abuse.ChurchofJesusChrist.org ។
៣៨.៨.២៧.៦
អ្នកបកប្រែផ្ទាល់មាត់សម្រាប់សមាជិកដែលថ្លង់ ឬពិបាកស្ដាប់ឮ
សមាជិកដែលថ្លង់ ឬពិបាកស្តាប់ឮធ្វើការផ្ដួចផ្ដើមជាមួយនឹងថ្នាក់ដឹកនាំដើម្បីបំពេញតាមតម្រូវការផ្នែកទំនាក់ទំនងនេះ ។ សមាជិក និងថ្នាក់ដឹកនាំធ្វើការជាមួយគ្នាដើម្បីធានាឲ្យបានថានឹងមានអ្នកបកប្រែផ្ទាល់មាត់ ។
អ្នកបកប្រែផ្ទាល់មាត់គួរតែនៅទីតាំងដែលសមាជិកអាចមើលឃើញពួកគេ ក៏ដូចជាអ្នកដែលឡើងនិយាយផងដែរ ។
នៅអំឡុងពិធីបរិសុទ្ធ ឬការសម្ភាសមួយ អ្នកបកប្រែផ្ទាល់មាត់អង្គុយ ឬឈរនៅជិតនឹងបុគ្គលដែលធ្វើពិធីបរិសុទ្ធ ឬបុគ្គលដែលដឹកនាំការសម្ភាសនោះ ។ សម្រាប់ព័ត៌មានបន្ថែមទៀតស្ដីពីការបកប្រែផ្ទាល់មាត់សម្រាប់ពិធីបរិសុទ្ធ និងពរជ័យ សូមមើល ៣៨.២.១ ។
ប្រសិនបើមានអ្នកបកប្រែផ្ទាល់មាត់គ្រប់គ្រាន់ នោះពួកគេផ្លាស់ប្តូរគ្នាប្រហែលជារៀងរាល់ ៣០ នាទីម្តងដើម្បីចៀសវាងពីការនឿយហត់ ។
នៅក្នុងការរៀបចំសម្រាប់ស្ថានភាពសំខាន់ៗដូចជា ការសម្ភាសផ្ទាល់ខ្លួន ឬក្រុមប្រឹក្សាសមាជិកភាពសាសនាចក្រ នោះថ្នាក់ដឹកនាំពិគ្រោះជាមួយនឹងសមាជិកដែលថ្លង់នោះ ។ នៅពេលសមាជិករូបនេះមានបំណង នោះថ្នាក់ដឹកនាំស្វែងរកអ្នកបកប្រែផ្ទាល់មាត់ ដែលមិនមែនជាសមាជិកគ្រួសារដើម្បីរក្សាភាពសម្ងាត់ ។
គោលការណ៍ដូចគ្នាទាំងនេះក៏អនុវត្តចំពោះសមាជិកដែលថ្លង់ ឬពិបាកស្ដាប់ ហើយមិនប្រើប្រាស់ភាសា-គ ប៉ុន្ដែត្រូវការអ្នកបកប្រែផ្ទាល់មាត់ដើម្បីជួយពួកគេឲ្យអានបបូរមាត់ផងដែរ ។
ថ្នាក់ដឹកនាំអាចរៀបចំថ្នាក់រៀនក្នុងវួដ ឬស្តេក ដើម្បីបង្រៀនភាសា-គ ដែលត្រូវបានប្រើប្រាស់នៅក្នុងតំបន់របស់ពួកគេ ។ ធនធានជាជំនួយមួយគឺ វចនានុក្រមនៃពាក្យភាសា-គសម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
៣៨.៨.២៧.៧
ឯកជនភាព
ថ្នាក់ដឹកនាំគួរតែគោរពដល់ឯកជនភាពរបស់សមាជិកដែលមានពិការភាព ទាំងអំឡុងពេល និងក្រោយពេលការប្រជុំថ្នាក់ដឹកនាំ ដែលអាចពិភាក្សាពីសេចក្តីត្រូវការ ។ ថ្នាក់ដឹកនាំមិនចែកចាយការវិនិច្ឆ័យរោគ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដោយគ្មានការអនុញ្ញាតនោះឡើយ ។
៣៨.៨.២៧.៨
សេវាកម្មសត្វសុនខ
ប៊ីស្សព និងប្រធានស្តេកទាំងឡាយអាចកំណត់ថា តើនឹងអនុញ្ញាតឲ្យជនដែលមានពិការភាពម្នាក់ៗប្រើសេវាកម្មសត្វសុនខដែលបានបង្ហាត់បង្រៀននៅក្នុងសាលប្រជុំឬអត់ ។ ជាទូទៅ ប្រភេទសត្វផ្សេងទៀត រួមទាំងសត្វជំនួយខាងសតិអារម្មណ៍ ( សត្វចិញ្ចឹមដែលជួយលួងលោម ) មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងសាលប្រជុំ ឬនៅក្នុងព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយសាសនាចក្រឡើយ លើកលែងតែត្រូវតម្រូវឲ្យដោយច្បាប់ជាពិសេស ។ ( ជាទូទៅ នៅក្នុងសហរដ្ឋអាមេរិកសាសនាចក្រមិនមានកាតព្វកិច្ចផ្លូវច្បាប់ណាមួយនៅក្នុងការទទួលយកសេវាកម្មសត្វសុខន ឬសត្វជំនួយខាងសតិអារម្មណ៍ទៅកាន់កន្លែងថ្វាយបង្គំនោះទេ ) ។ ប៊ីស្សព និងប្រធានស្តេកអាចធ្វើការសម្រេចក្នុងមូលដ្ឋានបាន ។ ពួកគាត់គិតគូរអំពីតម្រូវការរបស់ជនដែលមានពិការភាព និងតម្រូវការរបស់មនុស្សដទៃនៅក្នុងក្រុមជំនុំ ។
សម្រាប់គោលការណ៍ណែនាំបន្ថែមអំពីការប្រើសេវាកម្មសត្វនៅក្នុងអគាររបស់សាសនាចក្រ សូមមើល ២៧.១.៣ និងនៅលើគេហទំព័រ disability.ChurchofJesusChrist.org ។
៣៨.៨.២៧.៩
អ្នកឯកទេសខាងពិការភាព
គណៈប៊ីស្សព ឬគណៈប្រធានស្តេកអាចហៅបម្រើអ្នកឯកទេសផ្នែកពិការភាពប្រចាំវួដ ឬស្តេកបាន ។ អ្នកជំនាញជួយសមាជិកដែលមានពិការភាព និងអ្នកផ្ដល់ការថែទាំរបស់ពួកគេឲ្យចូលរួមក្នុងការប្រជុំ និងសកម្មភាពក្នុងសាសនាចក្រ ហើយមានអារម្មណ៍ថាមានគេរាប់អាន ។
អ្នកជំនាញបម្រើដល់សមាជិក និងថ្នាក់ដឹកនាំតាមរបៀបដូចតទៅ ៖
-
រៀនស្គាល់បុគ្គលម្នាក់ៗដែលមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ ។
-
ឆ្លើយតបនឹងសំណួរ ព្រមទាំងកង្វល់ទាក់ទងនឹងពិការភាពពីសំណាក់អ្នកផ្ដល់ការថែទាំ ថ្នាក់ដឹកនាំ និងអ្នកដទៃទៀត ។
-
ជួយបុគ្គលម្នាក់ៗឲ្យទទួលបានសម្ភារផ្សេងៗរបស់សាសនាចក្រ ចូលរួមការប្រជុំ និងសកម្មភាពក្នុងសាសនាចក្រ ។ ការណ៍នេះអាចកើតឡើងបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងតាមរបៀបផ្សេងទៀត ( សូមមើល ៣៨.៨.២៧.១០ ) ។
-
កំណត់ពីឱកាសដ៏មានអត្ថន័យសម្រាប់សមាជិកដែលមានពិការភាពដើម្បីធ្វើការបម្រើ ។
-
កំណត់ពីតម្រូវការជាក់លាក់របស់ក្រុមគ្រួសារ និងបើអាចធ្វើបាន កំណត់ពីធនធានក្នុងសហគមន៍ វួដ និងស្ដេក ។
អ្នកជំនាញអាចជួយសមាជិកដែលមានពិការភាព និងអ្នកផ្ដល់ការថែទាំរបស់ពួកគេ ឲ្យចែកចាយព័ត៌មានអំពីពិការភាពនោះជាមួយនឹងអ្នកដទៃ ។
៣៨.៨.២៧.១០
ធនធាននានា
ធនធាននានាសម្រាប់សមាជិកដែលមានពិការភាព សម្រាប់គ្រួសាររបស់ពួកគេ និងអ្នកមើលថែទាំ ព្រមទាំងសម្រាប់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន គឺមាននៅលើគេហទំព័រ disabilities.ChurchofJesusChrist.org ។ គេហទំព័រនេះផ្ដល់ ៖
-
ព័ត៌មានដើម្បីជួយបង្កើនការយល់ដឹងអំពីឧបសគ្គនានាដែលជនដែលមានពិការភាពទាំងឡាយប្រឈមមុខ ។
-
ធនធានទាំងឡាយដើម្បីជួយសមាជិកដែលមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេឲ្យស្វែងរកការលួងលោមនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
ធ្វើបញ្ជីនៃឯកសាររបស់សាសនាចក្រនៅក្នុងទម្រង់ដែលអាចឲ្យសមាជិកដែលមានពិការភាពចូលទៅប្រើប្រាស់បាន ( សូមមើលផងដែរ store.ChurchofJesusChrist.org ) ។
សំណួរទាំងឡាយអាចផ្ញើទៅកាន់ ៖
សមាជិកដែលមានពិការភាព
50 East North Temple Street
Salt Lake City, UT 84150-0024
ទូរសព្ទ ៖ ១–៨០១–២៤០–២៤៧៧ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៤៧៧
អ៊ីមែល ៖ disability@ChurchofJesusChrist.org
៣៨.៨.២៨
ការផ្ដល់ការងារបម្រើដល់សមាជិកដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋ និងការជាប់ពន្ធនាគារ
ថ្នាក់ដឹកនាំសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះ ក្នុងការផ្តល់សេចក្តីសង្ឃឹម ចេះយល់ចិត្ត និងស្រឡាញ់អ្នកដែលរងគ្រោះដោយអំពើឧក្រិដ្ឋ និងអ្នកដែលជាប់ពន្ធនាគារ ( សូមមើល ម៉ាថាយ ២៥:៣៤–៣៦, ៤០ ) ។
ប្រធានស្តេកដឹកនាំកិច្ចខិតខំផ្ដល់ការងារបម្រើនៅក្នុងពន្ធនាគារ ។ កិច្ចខិតខំទាំងនេះរួមមាន ការគាំទ្រដល់មជ្ឈិមវ័យ និងយុវវ័យដែលជាប់ឃុំឃាំង ឬដែលត្រូវបានដោះលែងពីពន្ធនាគារ ឬគុកនាពេលថ្មីៗនេះ ។ កិច្ចការនេះក៏រួមមានការថែទាំដល់ក្រុមគ្រួសារ និងកូនៗ ដែលមានឪពុក ឬម្ដាយ ឬមនុស្សជាទីស្រឡាញ់ម្នាក់ជាប់ក្នុងពន្ធនាគារផងដែរ ។
ថ្នាក់ដឹកនាំដែលមានពន្ធនាគារ ឬគុកនៅក្នុងព្រំដែនអង្គភាពរបស់ពួកគាត់ គួរតែខិតខំដើម្បីដឹងពីឱកាសផ្ដល់ការងារបម្រើ និងតម្រូវការរបស់សមាជិក ។ សម្រាប់ធនធាន និងគោលការណ៍ណែនាំនានា ថ្នាក់ដឹកនាំអាចទាក់ទងទៅកាន់ផ្នែកការងារបម្រើក្នុងពន្ធនាគាររបស់សាសនាចក្របាន ៖
អ៊ីមែល ៖ PrisonMinistry@ChurchofJesusChrist.org
ទូរសព្ទ ៖ ១–៨០១–២៤០–២៦៤៤ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៦៤៤
៣៨.៨.២៩
ជំនឿផ្សេង
អ្វីជាច្រើនដែលជាការបំផុសគំនិត ភាពថ្លៃថ្នូរ និងភាពស័ក្តិសមនឹងទទួលបានការគោរពដ៏ខ្ពង់ខ្ពស់ គឺមាននៅក្នុងជំនឿដទៃទៀតជាច្រើន ។ ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកដទៃទៀតត្រូវតែយល់ និងគោរពដល់ជំនឿ និងប្រពៃណីរបស់អ្នកដទៃ ។ ពួកគេក៏ត្រូវតែចៀសវាងការនិយាយខុសឆ្គងផងដែរ ។
ប្រធានស្តេក និងប្រធានបេសកកម្មដែលមានសំណួរអំពីទំនាក់ទំនងជាមួយនឹងជំនឿផ្សេងទៀត គួរតែទាក់ទងទៅគណៈប្រធានតំបន់ ។ ថ្នាក់ដឹកនាំក្នុងតំបន់ដទៃទៀតដែលមានសំណួរដូច្នេះ គួរតែទាក់ទងទៅប្រធានស្តេក ឬប្រធានបេសកកម្ម ។
៣៨.៨.៣០
សកម្មភាពនយោបាយ និងពលរដ្ឋ
សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកិច្ចការនយោបាយ និងកិច្ចការរដ្ឋាភិបាល ។ នៅក្នុងប្រទេសជាច្រើន កិច្ចការនេះអាចរួមមាន ៖
-
ការបោះឆ្នោត ។
-
ការចូលរួម ឬការបម្រើក្នុងគណបក្សនយោបាយ ។
-
ការផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុ ។
-
ការប្រាស្រ័យទាក់ទងជាមួយមន្ដ្រីបក្ស និងបេក្ខជនបក្ស ។
-
ការចូលរួមក្នុងការតវ៉ាដែលស្របច្បាប់ និងដោយសន្ដិវិធី ។
-
ការបម្រើនៅក្នុងការិយាល័យដែលបានជ្រើសរើស ឬដែលបានចាត់នៅក្នុងរដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ។
សមាជិកក៏ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងបុព្វហេតុស័ក្តិសមផងដែរ ដើម្បីធ្វើឲ្យសហគមន៍របស់ពួកគេនោះជាកន្លែងល្អដើម្បីរស់នៅ និងចិញ្ចឹមបីបាច់ក្រុមគ្រួសារ ។
ដោយស្របតាមច្បាប់ក្នុងមូលដ្ឋាន សមាជិកត្រូវបានលើកទឹកចិត្តឲ្យចុះឈ្មោះបោះឆ្នោត និងសិក្សាពីបញ្ហានានា និងបេក្ខជនទាំងឡាយដោយប្រុងប្រយ័ត្ន ។ គោលការណ៍ដែលស្របគ្នាទៅនឹងដំណឹងល្អអាចមាននៅក្នុងគណបក្សនយោបាយជាច្រើន ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយមានកាតព្វកិច្ចជាពិសេសមួយ ដើម្បីស្វែងរក និងលើកតម្កើងដល់ថ្នាក់ដឹកនាំដែលស្មោះត្រង់ ល្អ និងឈ្លាសវៃ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៨:១០ ) ។
សាសនាចក្រមានភាពអព្យាក្រឹតពីគណបក្សនយោបាយ វេទិកានយោបាយ និងបេក្ខជនសម្រាប់តួនាទីនយោបាយ ។ សាសនាចក្រមិនផ្ដល់ការគាំទ្រដល់គណបក្សនយោបាយ ឬបេក្ខជនណាមួយទេ ។ ហើយក៏មិនឲ្យដំបូន្មានដល់សមាជិកថាត្រូវបោះឆ្នោតដោយរបៀបណាដែរ ។
នៅក្នុងករណីលើកលែង នៅពេលមានពាក់ព័ន្ធនឹងបញ្ហាខាងសីលធម៌ ឬការអនុវត្តរបស់សាសនាចក្រ នោះសាសនាចក្រអាចបង្ហាញគោលជំហរមួយស្ដីពីបញ្ហាខាងនយោបាយ ។ នៅក្នុងករណីបែបនោះ សាសនាចក្រអាចចូលរួមក្នុងទេសនកថានយោបាយដើម្បីតំណាងឲ្យទស្សនៈរបស់សាសនាចក្រ ។ មានតែគណៈប្រធានទីមួយប៉ុណ្ណោះដែលអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យមាន ៖
-
បង្ហាញគោលជំហររបស់សាសនាចក្រស្ដីពីបញ្ហាខាងសីលធម៌ ។
-
ទាមទារឲ្យសាសនាចក្រគាំទ្រ ឬប្រឆាំងនឹងច្បាប់ជាក់លាក់ណាមួយ ។
-
ចែកចាយពីទស្សនវិស័យរបស់សាសនាចក្រស្ដីពីបញ្ហាយុត្តាធិការ ។
ថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានពុំគួររៀបចំសមាជិកឲ្យចូលរួមក្នុងបញ្ហានយោបាយឡើយ ។ ហើយថ្នាក់ដឹកនាំក៏មិនគួរព្យាយាមមានឥទ្ធិពលលើរបៀបដែលសមាជិកចូលរួមផងដែរ ។
សមាជិកសាសនាចក្រទាំងឡាយដែលចង់ធ្វើជាអ្នករើសតាំង ឬតែងតាំងសម្រាប់ការិយាល័យសាធារណៈមិនគួរបង្ហាញថា សាសនាចក្រ ឬថ្នាក់ដឹកនាំសាសនាចក្រយល់ព្រមនឹងពួកគេនោះឡើយ ។ ថ្នាក់ដឹកនាំ និងសមាជិកគួរតែចៀសវាងពីការថ្លែង ឬការប្រព្រឹត្តដែលអាចនឹងបកប្រែថា សាសនាចក្រមានការយល់ព្រមនឹងគណបក្សនយោបាយ វេទិកា គោលនយោបាយ ឬបេក្ខជនណាមួយនោះឡើយ ។
ទោះបីជាពេលមានគោលជំហរមួយស្ដីពីបញ្ហានយោបាយក្ដី ក៏សាសនាចក្រមិនសុំមន្ដ្រីដែលបានរើសតាំងឲ្យបោះឆ្នោតតាមរបៀបមួយ ឬទទួលយកគោលជំហរណាមួយដែរ ។ សមាជិកដែលជាមន្ដ្រីរើសតាំង ធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ ។ មន្ដ្រីទាំងនេះអាចមិនយល់ព្រមនឹងគ្នា ឬមិនយល់ព្រមនឹងគោលជំហរសាសនាចក្រដែលបានថ្លែងជាសាធារណៈ ។ ពួកគេពុំថ្លែងសម្រាប់សាសនាចក្រឡើយ ។
ជម្រើស និងសម្ព័ន្ធភាពខាងនយោបាយមិនគួរជាប្រធានបទនៃការបង្រៀន ឬការប្រឹក្សាណាមួយនៅក្នុងមជ្ឈដ្ឋានសាសនាចក្រឡើយ ។ ថ្នាក់ដឹកនាំធានាឲ្យបានថា ការប្រជុំ និងសកម្មភាពក្នុងសាសនាចក្រផ្ដោតទៅលើព្រះអង្គសង្គ្រោះ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
សមាជិកមិនគួរវិនិច្ឆ័យគ្នាទាក់ទងនឹងបញ្ហានយោបាយឡើយ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់អាចជាសមាជិកគណបក្សនយោបាយណាមួយក៏បាន ហើយបោះឆ្នោតជូនបេក្ខជនផ្សេងៗគ្នា ។ គ្រប់គ្នាគួរមានអារម្មណ៍ថាត្រូវបានស្វាគមន៍នៅក្នុងមជ្ឈដ្ឋានសាសនាចក្រ ។
កំណត់ត្រាសាសនាចក្រ សៀវភៅរាយឈ្មោះ និងអាសយដ្ឋាន និងសម្ភារស្រដៀងៗគ្នានេះ មិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងនយោបាយបានឡើយ ។
អគារសាសនាចក្រមិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងនយោបាយទេ ។ ទោះជាយ៉ាងណាក៏ដោយ អគារទាំងឡាយអាចត្រូវបានប្រើប្រាស់សម្រាប់ការបោះឆ្នោត ឬកន្លែងចុះឈ្មោះបោះឆ្នោត ខណៈដែលគ្មានជម្រើសណាផ្សេងទៀត ( សូមមើល ៣៥.៥.៦.៣ ) ។
៣៨.៨.៣១
ឯកជនភាពរបស់សមាជិក
ថ្នាក់ដឹកនាំសាសនាចក្រមានកាតព្វកិច្ច ដើម្បីការពារឯកជនភាពរបស់សមាជិក ។ កំណត់ត្រាសាសនាចក្រ សៀវភៅរាយនាម និងអាសយដ្ឋាន និងសម្ភារស្រដៀងគ្នា មិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន ពាណិជ្ជកម្ម ឬខាងនយោបាយបានឡើយ ( សូមមើលផងដែរ ៣៨.៨.១៣ ) ។
ថ្នាក់ដឹកនាំវួដ និងស្តេកមិនគួរស្ដុក ឬចែកចាយព័ត៌មានសម្ងាត់របស់សាសនាចក្រនៅក្រៅកម្មវិធី ប្រព័ន្ធ ឬសេវាអ៊ីនធឺណិតដែលសាសនាចក្របានផ្ដល់ឲ្យនោះទេ ។ ឧទាហរណ៍នៃព័ត៌មានសម្ងាត់របស់សាសនាចក្ររួមមានព័ត៌មានដូចតទៅនេះរបស់បុគ្គលម្នាក់ ៖
-
ស្ថានភាពសមាជិកភាព ។
-
តម្រូវការខាងសាច់ឈាម ។
-
ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដែលមិនមានជាសាធារណៈ ។
ការប្រាស្រ័យទាក់ទងជាមួយបុគ្គល ឬការិយាល័យរដ្ឋាភិបាល ដែលយោងទៅលើច្បាប់ស្ដីពីឯកជនភាពលើទិន្នន័យ គួរតែបញ្ជូនទៅការិយាល័យឯកជនភាពលើទិន្នន័យសាសនាចក្រភ្លាមៗ ។
អ៊ីម៉ែល ៖ DataPrivacyOfficer@ChurchofJesusChrist.org ។
ថ្នាក់ដឹកនាំវួដ និងស្តេកមិនគួរឆ្លើយតបទៅនឹងសំណើទាំងនេះឡើយ ។
សម្រាប់កំណត់សម្គាល់ឯកជនភាពរបស់សាសនាចក្រ សូមមើល « កំណត់សម្គាល់ឯកជនភាព » នៅលើគេហទំព័រ ChurchofJesusChrist.org ។ សមាជិកក៏អាចសូមឲ្យថ្នាក់ដឹកនាំស្តេក ឬវួដជួយពួកគេឲ្យចូលមើលគោលនយោបាយនេះផងដែរ ។
៣៨.៨.៣២
ការនិពន្ធដែលបានបោះពុម្ពជាឯកជន
សមាជិកមិនគួរសុំឲ្យអ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ ធ្វើសហនិពន្ធ ឬចារនៅលើសៀវភៅសាសនាចក្រ ឬការនិពន្ធរបស់សាសនាចក្រដទៃទៀតទេ ។
៣៨.៨.៣៣
ការថតជាសំឡេង ឬវីដេអូ ការសរសេរជាលាយលក្ខណ៍អក្សរ ឬការចាក់ផ្សាយតាមអ៊ីនធឺណិតនៃសារលិខិតរបស់អ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់
សមាជិកមិនគួរថតជាសំឡេង ឬវីដេអូ សរសេរជាលាយលក្ខណ៍អក្សរ ឬចាក់ផ្សាយតាមអ៊ីនធឺណិតនូវសារលិខិតរបស់អ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់ឡើយ ។ ទោះយ៉ាងណា ការប្រជុំមួយចំនួនដែលមានថ្នាក់ដឹកនាំទាំងនេះឡើងនិយាយ អាចធ្វើចាក់ផ្សាយបន្ដបាននៅក្រោមការដឹកនាំរបស់ប៊ីស្សព ឬប្រធានស្ដេក ។ សម្រាប់ព័ត៌មាន សូមមើល ២៩.៧ ។
សមាជិកអាចថតចម្លងការចាក់ផ្សាយសន្និសីទទូទៅ តាមឧបករណ៍នៅផ្ទះសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនបាន មិនមែនសម្រាប់ធ្វើអាជីវកម្មទេ ។
៣៨.៨.៣៤
ការហៅឈ្មោះសាសនាចក្រ និងសមាជិករបស់សាសនាចក្រ
ឈ្មោះរបស់សាសនាចក្រត្រូវបានប្រទានឲ្យតាមរយៈវិវរណៈទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងឆ្នាំ ១៨៣៨ ៖ « ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះហើយនៅគ្រាចុងក្រោយបង្អស់ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៥:៤ ) ។ ការហៅសាសនាចក្រ និងសមាជិករបស់សាសនាចក្រតាមរបៀបដែលបានរៀបរាប់នៅខាងក្រោមនេះ កំណត់ពីទំនាក់ទំនងមួយរវាងព្រះយេស៊ូវគ្រីស្ទ និងសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
សេចក្តីយោងទាំងឡាយចំពោះសាសនាចក្រគួរតែមាននូវឈ្មោះពេញរបស់សាសនាចក្រ តាមដែលអាចធ្វើទៅបាន ។ បើត្រូវប្រើសេចក្ដីយោងទម្រង់ខ្លី ដែលជាការយោងពីអក្សរកាត់ទៅជាឈ្មោះពេញលេញ នោះពាក្យខាងក្រោមនេះគឺត្រឹមត្រូវ ហើយយើងលើកទឹកចិត្តឲ្យប្រើវា ៖
-
សាសនាចក្រ
-
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
-
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ
នៅពេលហៅសមាជិកសមាជិកសាសនាចក្រ នោះពាក្យខាងក្រោមនេះគឺត្រឹមត្រូវ ហើយយើងលើកទឹកចិត្តឲ្យប្រើវា ៖
-
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
-
ពួកបរិសុទ្ធថ្ងៃចុងក្រោយ ( នេះគឺជាឈ្មោះដែលត្រូវបានប្រទានមកដោយព្រះអម្ចាស់ ដល់រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់នៅថ្ងៃចុងក្រោយនេះ )
-
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
ការហៅសមាជិកសាសនាចក្រតាមងារផ្សេងទៀតដូចជា « ពួកមរមន » ឬ « អិល.ឌី.អេស. » គឺមិនត្រូវបានលើកទឹកចិត្តទេ ។
មរមន ប្រើប្រាស់ក្នុងឈ្មោះត្រឹមត្រូវ ដូចជានៅក្នុងព្រះគម្ពីរមរមន ។ ឈ្មោះនេះក៏ប្រើប្រាស់ត្រឹមត្រូវជាគុណនាមនៅក្នុងឃ្លាប្រវត្តិសាស្ដ្រផងដែរ ដូចជា « ផ្លូវតួ្រសត្រាយមរមន » ។
ពាក្យ មរមននិយម គឺមិនត្រឹមត្រូវឡើយ ហើយមិនត្រូវបានលើកទឹកចិត្តឲ្យប្រើទេ ។ នៅពេលពិពណ៌នាអំពីការរួមផ្សំគ្នានៃគោលលទ្ធិ វប្បធម៌ និងបែបបទជីវិតដែលពិសេសចំពោះសាសនាចក្រ នោះឃ្លាថា « ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ » គឺជាឃ្លាត្រឹមត្រូវ និងទទួលយកបាន ។
៣៨.៨.៣៥
ជនភៀសខ្លួន
មនុស្សជាច្រើនបានគេចពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីស្វែងរកភាពស្រាកស្រាន្ដពីអំពើហិង្សា សង្គ្រាម ការបៀតបៀនខាងសាសនា និងស្ថានភាពគំរាមកំហែងដល់ជីវិតផ្សេងទៀត ។ ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ពួកគេដើម្បីថែទាំដល់អ្នកដែលខ្វះខាត ( សូមមើល ម៉ូសាយ ៤:២៦ ) សមាជិកសាសនាចក្រផ្ដល់ពេលវេលា ទេពកោសល្យ និងមិត្តភាពរបស់ពួកគេដើម្បីស្វាគមន៍ជនភៀសខ្លួនមកក្នុងសហគមន៍របស់ពួកគេ ។ សូមមើល ម៉ាថាយ ២៥:៣៥; នៅលើគេហទំព័រ ChurchofJesusChrist.org/refugees ។
៣៨.៨.៣៦
សំណើសុំជំនួយហិរញ្ញវត្ថុពីសាសនាចក្រ
កម្មវិធីដែលបានបង្កើតឡើងដោយសាសនាចក្រ ផ្តល់ជំនួយខាងហិរញ្ញវត្ថុសម្រាប់មនុស្សដែលខ្វះខាត និងសម្រាប់មូលហេតុសមរម្យ ។
ជំនួយរបស់សាសនាចក្រទៅកាន់សមាជិកដែលខ្វះខាតត្រូវបានចាត់ចែងដោយប៊ីស្សព ( សូមមើល ២២.៣.២ ) ។ ប៊ីស្សពធ្វើតាមគោលការណ៍ និងគោលនយោបាយដែលបានដាក់ចេញ ដើម្បីជួយធានាឲ្យបានថា មូលនិធិរបស់សាសនាចក្រត្រូវបានប្រើប្រាស់ត្រឹមត្រូវ ( សូមមើល ២២.៤ និង ២២.៥ ) ។
សមាជិកដែលខ្វះខាតត្រូវបានលើកទឹកចិត្តឲ្យនិយាយជាមួយប៊ីស្សពរបស់ពួកគេ ជាជាងទាក់ទងមកទីស្នាក់ការកណ្តាលសាសនាចក្រ ឬស្នើសុំប្រាក់កាសពីថ្នាក់ដឹកនាំ ឬសមាជិកសាសនាចក្រដទៃទៀត ។ ប៊ីស្សពនឹងសូមឲ្យថ្នាក់ដឹកនាំមកពីកូរ៉ុមអែលឌើរ ឬសមាគមសង្គ្រោះឲ្យជួយវាយតម្លៃពីតម្រូវការ ។
៣៨.៨.៣៧
ការសិក្សាស្រាវជ្រាវនៅក្នុងសាសនាចក្រ
គោលបំណងនៃការសិក្សាស្រាវជ្រាវនៅក្នុងសាសនាចក្រគឺ ដើម្បីប្រមូលព័ត៌មានដែលអាចទុកចិត្តបាន ដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំទូទៅក្នុងសាសនាចក្រ ។ ផ្នែកស្រាវជ្រាវទំនាក់ទំនង ( ផ.ស.ទ. ) គឺជាភ្នាក់ងារស្រាវជ្រាវដែលមានសិទ្ធិអនុញ្ញាតតែមួយគត់របស់សាសនាចក្រ ។ ផ.ស.ទ. ក៏អាចចាត់ឲ្យភ្នាក់ងារភាគីទីបីឲ្យធ្វើការស្រាវជ្រាវបានផងដែរ ។
នៅពេលអ្នកស្រាវជ្រាវដែលបានអនុញ្ញាតដោយសាសនាចក្រទាក់ទងទៅសមាជិក ឬថ្នាក់ដឹកនាំ នោះពួកគេផ្ដល់ព័ត៌មានទំនាក់ទំនងរបស់បុគ្គលិក ផ.ស.ទ. ។ បុគ្គលិកនេះអាចឆ្លើយនឹងសំណួរអំពីការស្រាវជ្រាវនេះបាន ។
ផ.ស.ទ. ព្យាយាមការពារអត្តសញ្ញាណ និងចម្លើយរបស់អ្នកចូលរួមក្នុងការស្រាវជ្រាវទាំងអស់ ។ បុគ្គលទាំងឡាយអាចបដិសេធមិនចូលរួមនៅពេលណាក៏បាន ។ ពួកគេអាចជ្រើសរើសមិនឆ្លើយនឹងសំណួរណាមួយ ឬសំណួរទាំងអស់ក៏បាន ។
ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវតែផ្ដល់ការយល់ព្រម មុនពេលកុមារអាយុក្រោម ១៨ ឆ្នាំត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការសិក្សាមួយ ។
ថ្នាក់ដឹកនាំក្នុងមូលដ្ឋានពុំគួរអនុម័តឲ្យមានការស្រាវជ្រាវណាមួយទាក់ទងនឹងសាសនាចក្រឡើយ ។ ការណ៍នេះរួមមានការប្រើសមាជិកជាប្រធានបទនៃការស្រាវជ្រាវ ។
ផ.ស.ទ. គោរពតាមច្បាប់ស្ដីពីឯកជនភាពទិន្នន័យទាំងអស់ ។ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានក៏គួរតែគោរពតាមច្បាប់ទាំងនេះផងដែរ ហើយមិនគួរផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកទៅឲ្យអ្នកស្រាវជ្រាវដែលគ្មានសិទ្ធិអនុញ្ញាត និងភា្នក់ងារស្រាវជ្រាវឡើយ ។
ការស្រាវជ្រាវមួយចំនួនតម្រូវឲ្យប្រមូលព័ត៌មាននៅក្នុងការប្រជុំទាំងឡាយនៃសាសនាចក្រ ។ ការណ៍នេះពិតជាពិសេស ប្រសិនបើការប្រជុំនេះគឺជាការផ្ដោតសំខាន់នៃការសិក្សានោះ ។ នៅក្នុងករណីបែបនេះ ផ.ស.ទ. នឹងធ្វើការជាមួយថ្នាក់ដឹកនាំក្នុងមូលដ្ឋានដើម្បីធានាឲ្យបានថា វត្តមានរបស់អ្នកស្រាវជ្រាវមិនរំខានដល់ការប្រជុំឡើយ ។
ដើម្បីបញ្ជាក់ពីសំណើស្រាវជ្រាវណាមួយ សូមទាក់ទងទៅកាន់ផ្នែកស្រាវជ្រាវទំនាក់ទំនង ៖
ទូរសព្ទ ៖ ១–៨០១–២៤០–២៧២៧ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២៧២៧
អ៊ីមែល ៖ research@ChurchofJesusChrist.org
៣៨.៨.៣៨
ការគោរពតាមការដាក់កំហិតក្នុងមូលដ្ឋានសម្រាប់ការចែកចាយដំណឹងល្អ
សាសនាចក្រធ្វើការដើម្បីបំពេញតាមព្រះបញ្ញត្តិរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីយកដំណឹងល្អនេះទៅកាន់ពិភពលោកទាំងមូល ( សូមមើល ម៉ាថាយ ២៨:១៩ ) ។ ពួកអ្នកផ្សព្វផ្សាយសាសនាបម្រើតែក្នុងប្រទេសណា ដែលពួកគេត្រូវបានគេទទួលស្គាល់ និងស្វាគមន៍ដោយរដ្ឋាភិបាលក្នុងស្រុកជាផ្លូវការប៉ុណ្ណោះ ។
សាសនាចក្រ និងសមាជិកទាំងឡាយគោរពតាមច្បាប់ និងកិច្ចតម្រូវទាំងអស់ទាក់ទងនឹងកិច្ចខិតខំផ្សព្វផ្សាយសាសនា ។ ឧទាហរណ៍ នៅប្រទេសមួយចំនួនទៀតក្នុងពិភពលោកនេះ ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានបញ្ជូនឲ្យទៅបម្រើតែខាងសប្បុរសធម៌ ឬបេសកកម្មដែលប្រើជំនាញឯកទេសផ្សេងៗប៉ុណ្ណោះ ។ អ្នកផ្សព្វផ្សាយសាសនាទាំងនោះពុំដើរផ្សព្វផ្សាយទេ ។ សាសនាចក្រពុំបញ្ជូនអ្នកផ្សព្វផ្សាយសាសនាទៅប្រទេសមួយចំនួន ។
៣៨.៨.៣៩
សុវត្ថិភាពនៅក្នុងប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួននៃសាសនាចក្រ
ការប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនសាសនាចក្រជាច្រើនមានឧបករណ៍ និងម៉ាស៊ីន ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ប្រសិនបើមិនបានប្រើប្រាស់វាដោយត្រឹមត្រូវទេនោះ ។ ភ្នាក់ងារប្រធានស្តេក ( ឬអ្នកដែលពួកគាត់ចាត់តាំង ) និងអ្នកគ្រប់គ្រងខាងប្រតិបត្តិការទាំងនេះ គួរតែធានាដល់សុវត្ថិភាពរបស់និយោជិត និងអ្នកស្មគ្រ័ចិត្ត ។
អ្នកធ្វើការទាំងឡាយគួរតែត្រូវបានបង្រៀនជាទៀងទាត់នៅក្នុងការអនុវត្តសុវត្ថិភាព ។ បរិស្ថានការងារគួរតែត្រូវបានចុះពិនិត្យជាទៀងទាត់ ។ គ្រោះថ្នាក់ខាងសុខភាព និងសុវត្ថិភាពគួរតែត្រូវបានកែតម្រូវ ។ គួរតែមានផ្តល់នូវការគ្រប់គ្រងឲ្យបានគ្រប់គ្រាន់ជាប់ជានិច្ច ដើម្បីប្រាកដថា អ្នកធ្វើការធ្វើតាមការណែនាំ ប្រើប្រាស់ឧបករណ៍ និងសម្ភារបានត្រឹមត្រូវ ហើយចៀសវាងពីឥរិយាបថដែលមានគ្រោះថ្នាក់ ។
ជាធម្មតា អ្នកដែលធ្វើការនៅក្នុងប្រតិបត្តិការសុខុមាលភាពទាំងនេះគួរតែមានអាយុ ១៦ ឆ្នាំឡើងទៅ ។ អ្នកដែលប្រតិបត្តិការឧបករណ៍គួរតែជាមនុស្សចាស់ទុំ បានទទួលការបំពាក់បំប៉នគ្រប់គ្រាន់ ហើយមានបទពិសោធន៍នៅក្នុងការប្រើប្រាស់ឧបករណ៍នេះ ។ មានតែមនុស្សពេញវ័យប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការឧបករណ៍ថាមពលបាន ។
ប្រសិនបើមានឧបទ្ទវហេតុមួយកើតឡើង នោះអ្នកគ្រប់គ្រងប្រតិបត្តិការត្រូវរាយការណ៍វាទៅកាន់ផ្នែកដូចតទៅនេះ ៖
-
សេវាកម្មខាងផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ៖ ១–៨០១–២៤០–៣០០១ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៣០០១
-
ផ្នែកគ្រប់គ្រងហានិភ័យនៅទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ( សូមមើល ២០.៧.៦.៣ សម្រាប់ព័ត៌មានទំនាក់ទំនង )
៣៨.៨.៤០
ព្រះគម្ពីរ
៣៨.៨.៤០.១
កំណែព្រះគម្ពីរប៊ីប
សាសនាចក្រកំណត់យកកំណែព្រះគម្ពីរប៊ីបដែលស្របខ្លាំងនឹងគោលលទ្ធិរបស់ព្រះអម្ចាស់នៅក្នុងព្រះគម្ពីរមរមន និងវិវរណៈសម័យទំនើប ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៨ ) ។ បន្ទាប់មក កំណែព្រះគម្ពីរប៊ីបដែលពេញចិត្តមួយត្រូវបានជ្រើសរើសសម្រាប់ភាសាជាច្រើន ដែលសមាជិកសាសនាចក្រនិយាយ ។
ជាភាសាមួយចំនួន សាសនាចក្របោះពុម្ពផ្សាយកំណែព្រះគម្ពីរប៊ីបដោយខ្លួនឯង ។ កំណែដែលសាសនាចក្របោះពុម្ពផ្សាយគឺផ្អែកទៅលើអត្ថបទព្រះគម្ពីរប៊ីបតាមបទដ្ឋាន ។ ឧទាហរណ៍រួមមាន ៖
-
កំណែស្ដេចជេមស៍ជាភាសាអង់គ្លេស ។
-
កំណែ Reina-Valera ( ឆ្នាំ២០០៩ ) ជាភាសាអេស្ប៉ាញ ។
-
កំណែ Almeida ( ឆ្នាំ២០១៥ ) ជាភាសាព័រទុយហ្គាល់ ។
កំណែព្រះគម្ពីរប៊ីបដែលបានបោះពុម្ពផ្សាយដោយសាសនាចក្ររួមមាន លេខយោង លិបិក្រមប្រធានបទ និងជំនួយសិក្សាផ្សេងៗទៀត ។
ពេលណាអាចធ្វើបាន សមាជិកគួរតែប្រើកំណែព្រះគម្ពីរប៊ីបដែលពេញចិត្ត ឬបោះពុម្ពផ្សាយដោយសាសនាចក្រនៅក្នុងថ្នាក់រៀន និងការប្រជុំទាំងឡាយក្នុងសាសនាចក្រ ។ ការណ៍នេះជួយរក្សាភាពច្បាស់លាស់នៅក្នុងការពិភាក្សា និងការយល់ដឹងដ៏ខ្ជាប់ខ្ជួនអំពីគោលលទ្ធិ ។ កំណែព្រះគម្ពីរប៊ីបផ្សេងទៀតអាចមានប្រយោជន៍សម្រាប់ការសិក្សាផ្ទាល់ខ្លួន ឬការសិក្សាថ្នាក់ឧត្តមសិក្សា ។
៣៨.៨.៤០.២
ការបកប្រែព្រះគម្ពីរ
ព្រះអម្ចាស់បានណែនាំព្យាការី និងពួកសាវករបស់ទ្រង់ឲ្យរក្សាទុកព្រះគម្ពីរនៅទីមានសុវត្ថិភាព ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៥៦ ) ។ ក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់គ្រប់គ្រងលើការបកប្រែព្រះគម្ពីររបស់សាសនាចក្រយ៉ាងហ្មត់ចត់ ។ ការប្រើនីតិវិធីដែលបានអនុម័តជួយធានាឲ្យបាននូវភាពត្រឹមត្រូវខាងគោលលទ្ធិ និងរក្សាទុកនូវភស្ដុតាងនៃភាពដើមនៃអត្ថបទទាំងនេះ ។
គណៈប្រធានតំបន់ដាក់បញ្ជូនសំណើផ្លូវការសម្រាប់ការបកប្រែព្រះគម្ពីរថ្មី ទៅកាន់នាយកដ្ឋានសហសម្ព័ន្ធសាសនាចក្រ ។
៣៨.៨.៤០.៣
ព្រះគម្ពីរភាសាសម័យទំនើប
ក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មិនបានផ្ដល់សិទ្ធិអនុញ្ញាតឲ្យមានកិច្ចខិតខំបកប្រែ ឬសរសេរសាឡើងវិញនូវអត្ថបទព្រះគម្ពីរទៅជាភាសាសម័យទំនើប ឬភាសាមិនផ្លូវការនោះទេ ។ ការទូន្មាននេះមិនអនុវត្តចំពោះការបោះពុម្ពផ្សាយរបស់សាសនាចក្រសម្រាប់កុមារនោះទេ ។
៣៨.៨.៤០.៤
ការចូលប្រើព្រះគម្ពីរ
ច្បាប់ចម្លងព្រះគម្ពីរដែលបានបោះពុម្ព រួមទាំងកំណែព្រះគម្ពីរប៊ីបដែលពេញចិត្តមួយចំនួន មានលក់នៅឯមជ្ឈមណ្ឌលសេវាកម្មចែកចាយរបស់សាសនាចក្រ ។ កំណែព្រះគម្ពីរប៊ីបដែលពេញចិត្តក៏អាចមាននៅតាមហាងលក់សៀវភៅក្នុងមូលដ្ឋាន តាមអនឡាញ និងនៅក្នុងកម្មវិធីឧបករណ៍ចល័តព្រះគម្ពីរប៊ីបផងដែរ ។ អត្ថបទជាអេឡិចត្រូនិច និងការថតជាសំឡេងនៃកំណែបោះពុម្ពផ្សាយដោយសាសនាចក្រ និងកំណែដែលពេញចិត្តមួយចំនួនមាននៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ និងគេហទំព័រ scriptures.ChurchofJesusChrist.org ។ ធនធានទាំងនេះក៏ផ្ដល់នូវ បញ្ជីនៃព្រះគម្ពីរដែលមានតាមភាសាផងដែរ ។
៣៨.៨.៤១
ស្វែងរកព័ត៌មានមកពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន
នៅក្នុងពិភពលោកសព្វថ្ងៃនេះ វាងាយស្រួលទទួលបាន និងចែកចាយព័ត៌មានណាស់ ។ ការណ៍នេះអាចជាពរជ័យដ៏ធំមួយដល់អ្នកដែលកំពុងស្វែងរកការអប់រំ និងព័ត៌មាន ។ ទោះជាយ៉ាងណាក្តី ប្រភពព័ត៌មានជាច្រើនគឺពុំអាចទុកចិត្តបាន និងពុំអាចទទួលយកបានឡើយ ។ ប្រភពព័ត៌មានមួយចំនួនបង្កឲ្យមានកំហឹង ការទាស់ទែង ការភ័យខ្លាច ឬទ្រឹស្តីឃុបឃិតគំនិតដែលគ្មានមូលដ្ឋាន ( សូមមើល នីហ្វៃទី៣ ១១:៣០; ម៉ូសាយ ២:៣២ ) ។ ហេតុដូច្នោះហើយ វាមានសារៈសំខាន់ណាស់ដែលថា សមាជិកសាសនាចក្រត្រូវឈ្លាសវៃកាលដែលពួកគេស្វែងរកការពិត ។
សមាជិកសាសនាចក្រគួរតែស្វែងយល់ និងចែកចាយតែព័ត៌មានណាដែលសមរម្យ អាចទុកចិត្តបាន និងជាការពិត ។ ពួកគេគួរតែចៀសវាងប្រភពព័ត៌មានដែលប្រថុយប្រថាន ឬបង្កើតឡើងដោយផ្អែកលើពាក្យចចាមអារាម ។ ការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ព្រមជាមួយការសិក្សាដោយយកចិត្តទុកដាក់ អាចជួយសមាជិកឲ្យបែងចែកគ្នាបានរវាងការពិត និងការខុសឆ្គង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១២; ៤៥:៥៧ ) ។ ទាក់ទងទៅនឹងគោលលទ្ធិ និងគោលនយោបាយរបស់សាសនាចក្រ ប្រភពដែលមានការអនុញ្ញាតគឺព្រះគម្ពីរ ការបង្រៀនរបស់ព្យាការីដែលនៅរស់ និង ក្បួនខ្នាតទូទៅ ។
៣៨.៨.៤២
ការជួបជុំគ្នាសម្រាប់សិក្ខាសាលា និងអ្វីដែលស្រដៀងនេះ
សាសនាចក្រព្រមានសមាជិកកុំឲ្យមានការជួបជុំគ្នាសម្រាប់សិក្ខាសាលា និងអ្វីដែលស្រដៀងនេះ ដែលរួមមានបទបង្ហាញដែល ៖
-
បង្អាប់ ចំអក ឬដែលមិនសមរម្យនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះបញ្ហាពិសិដ្ឋៗ ។
-
អាចបង្ខូចសាសនាចក្រ ធ្វើឲ្យអន់ថយដល់បេសកកម្មរបស់សាសនាចក្រ ឬបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់សមាជិក ឬថ្នាក់ដឹកនាំរបស់សាសនាចក្រ ។
សមាជិកមិនគួរអនុញ្ញាតឲ្យយកតំណែង ឬជំហរបស់ពួកគេនៅក្នុងសាសនាចក្រ មកប្រើដើម្បីលើកទឹកចិត្ត ឬបង្ហាញឲ្យឃើញពីការគាំទ្រចំពោះការប្រជុំដូច្នេះនោះទេ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៥.៥៣៨.៦.១២និង ៣៨.៧.៨ ។ សូមមើលផងដែរ យ៉ាកុប ៦:១២
៣៨.៨.៤៣
ផ្តល់ការគាំទ្រដល់សមាជិកដែលនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់
ថ្នាក់ដឹកនាំផ្ដល់ការគាំទ្រដល់សមាជិកដែលនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់នៅក្នុងព្រំដែនអង្គភាពរបស់ពួកគាត់ ។ ពួកគាត់ធ្វើតាមគោលការណ៍ណែនាំនានា ដែលបានដាក់ដោយទីតាំងទាំងនេះ ។
សម្រាប់ព័ត៌មានអំពីការបម្រើសាក្រាម៉ង់សម្រាប់សមាជិកដែលនៅក្នុងទីតាំងទាំងនេះ សូមមើល ១៨.៩.១ ។ សម្រាប់ព័ត៌មានអំពីការបង្កើតវួដ ឬសាខាមួយ សូមមើល ៣៧.៦ ។
៣៨.៨.៤៤
សកម្មភាពដែលមានជាប់ពន្ធ
ថ្នាក់ដឹកនាំវួដ និងស្តេកត្រូវប្រាកដថា សកម្មភាពសាសនាចក្រក្នុងមូលដ្ឋាន មិនគួរធ្វើឲ្យខូចដល់ស្ថានភាពការអនុគ្រោះពន្ធរបស់សាសនាចក្រឡើយ ។ សម្រាប់គោលការណ៍ណែនាំ សូមមើល ៣៤.៨.១ ។
៣៨.៨.៤៥
ពន្ធ
សមាជិកសាសនាចក្រត្រូវគោរពតាមច្បាប់ពន្ធដាររបស់ប្រទេសជាតិ ដែលពួកគេរស់នៅ ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:១២; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៤:៥ ) ។ សមាជិកដែលមិនយល់ព្រមនឹងច្បាប់ស្ដីពីពន្ធដារ អាចតវ៉ានឹងច្បាប់ទាំងនោះតាមដែលច្បាប់នៃប្រទេសរបស់ពួកគេអនុញ្ញាតឲ្យ ។
សមាជិកសាសនាចក្រមានវិបត្តិជាមួយច្បាប់ និងការបង្រៀនរបស់សាសនាចក្រ ប្រសិនបើពួកគេ ៖
-
ខកខានមិនបានបង់ពន្ធ ឬបដិសេធបង់ពន្ធដែលតម្រូវនោះដោយចេតនា ។
-
លើកអំណះអំណាងផ្លូវច្បាប់ដែលមិនពេញតាមលក្ខណៈច្បាប់ ដើម្បីចៀសវាងការបង់ពន្ធ ។
-
បដិសេធមិនព្រមអនុវត្តតាមការវិនិច្ឆ័យចុងក្រោយនៅក្នុងការកាត់ក្ដីអំពីពន្ធ ដែលតម្រូវឲ្យពួកគេបង់ពន្ធ ។
សមាជិកទាំងនេះអាចបាត់បង់សិទ្ធិទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ពួកគេមិនគួរត្រូវបានហៅឲ្យមានតំណែងជាថ្នាក់ដឹកនាំនៅក្នុងសាសនាចក្រឡើយ ។
វាតម្រូវឲ្យមានក្រុមប្រឹក្សាសមាជិកភាពសាសនាចក្រមួយ ប្រសិនបើសមាជិកម្នាក់ប្រព្រឹត្តបទល្មើសរដ្ឋប្បវេណី ដែលបានរំលងច្បាប់ពន្ធដារ ( សូមមើល ៣២.៦.១.៥ ) ។
៣៨.៨.៤៦
គោលនយោបាយការធ្វើដំណើរ
បុរសម្នាក់ និងស្រ្តីម្នាក់មិនគួរធ្វើដំណើរតែពីរនាក់សម្រាប់សកម្មភាពសាសនាចក្រ ការប្រជុំ ឬការចាត់តាំងនោះទេ លើកលែងតែពួកគេបានរៀបការនឹងគ្នា ឬនៅលីវទាំងពីរនាក់ ។ សម្រាប់គោលនយោបាយនៃការធ្វើដំណើរផ្សេងទៀត សូមមើល ២០.៧.៧ ។
៣៨.៩
ទំនាក់ទំនងកងទ័ព និងការបម្រើជាបព្វជិត
ប្រធានស្តេក និងប៊ីស្សពជួយធ្វើឲ្យពរជ័យនៃការចូលរួមក្នុងសាសនាចក្រមានដល់សមាជិកដែលបម្រើនៅក្នុងកងទ័ព។ កម្មវិធីទំនាក់ទំនងកងទ័ព និងកម្មវិធីបម្រើជាបព្វជិតរបស់សាសនាចក្ររួមមាននូវ ៖
-
ការគាំទ្រមកពីស្តេក និងវួដ ។
-
ការណែនាំដំបូងរបស់សាសនាចក្រសម្រាប់សមាជិកដែលចូលបម្រើកងទ័ព ។
-
ការរៀបចំវួដ សាខា ឬក្រុមសមាជិកកងទ័ពពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ការចារយល់ព្រម និងការគាំទ្រពីបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ព័ត៌មានស្ដីពីរបៀបស្លៀកសម្លៀកបំពាក់ពិសិដ្ឋនៅក្នុងជួរកងទ័ព ។
-
ការគាំទ្រពីអ្នកផ្សព្វផ្សាយសាសនារៀមច្បង ដែលបានចាត់តាំងឲ្យទៅទីតាំងមូលដ្ឋានកងទ័ពដែលបានជ្រើសរើស ។
៣៨.៩.១
ភាពជាអ្នកដឹកនាំនៃទំនាក់ទំនងកងទ័ពក្នុងស្តេក
ប្រសិនបើមូលដ្ឋានកងទ័ព ឬសមាជិកដែលបម្រើនៅក្នុងកងទ័ព ស្ថិតនៅក្នុងស្តេកមួយ នោះគណៈប្រធានស្តេកមានការទទួលខុសត្រូវ ដូចដែលមានចែងនៅក្នុងវគ្គនេះ ។ ប្រសិនបើមូលដ្ឋានកងទ័ពមានទីតាំងនៅក្នុងបេសកកម្មជាជាងនៅក្នុងស្តេក នោះប្រធានបេសកកម្មត្រូវបំពេញការទទួលខុសត្រូវទាំងនេះ ។
សមាជិកម្នាក់នៃគណៈប្រធានស្ដេកមើលខុសត្រូវខាងទំនាក់ទំនងកងទ័ពនៅក្នុងស្ដេក ។ គាត់អាចហៅបុរស ឬស្ត្រីម្នាក់ឲ្យបម្រើជាអ្នកជំនាញខាងផ្នែកទំនាក់ទំនងកងទ័ព ។ សមាជិកនេះពុំចាំបាច់មានបទពិសោធន៍ជាកងទ័ពទេ ។ គាត់ ឬនាងត្រូវប្រាកដថាធនធាននានាត្រូវបានផ្តល់ឲ្យដើម្បីគាំទ្រសមាជិកដែលជាកងទ័ពនៅក្នុងស្ដេក ។ នេះរួមបញ្ចូលទាំងការណែនាំអំពីការបម្រើកងទ័ព ( សូមមើល ៣៨.៩.៣) ។
៣៨.៩.១.១
កម្មវិធីថ្វាយបង្គំសាសនាចក្រនៅទីតាំងបោះមូលដ្ឋានកងទ័ព
ប្រសិនបើការប្រជុំសាសនាចក្រត្រូវធ្វើឡើងនៅទីតាំងមូលដ្ឋានកងទ័ព នោះប្រធានស្តេកដែលនៅចំទីតាំងមូលដ្ឋាននោះត្រូវរៀបចំដូចខាងក្រោមនេះមួយ សម្រាប់យោធិន និងក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ៣៨.៩.៤ ) ៖
-
វួដដែលមានគណៈប៊ីស្សព ( នៅពេលបានអនុម័តដោយគណៈប្រធានទីមួយ )
-
សាខាដែលមានគណៈប្រធានសាខា
-
ក្រុមសមាជិកកងទ័ព ដែលមានសមាជិកកងទ័ពម្នាក់ជាអ្នកដឹកនាំក្រុម និងជំនួយការ
ប្រធានស្ដេកហៅ ញែកចេញ និងមើលការខុសត្រូវលើអ្នកដឹកនាំក្រុមទាំងនេះ ។ គាត់ផ្ដល់ព័ត៌មានទំនាក់ទំនងរបស់ថ្នាក់ដឹកនាំទាំងនេះ ទៅកាន់ផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រ ។ គាត់អាចចាត់វួដមួយឲ្យគាំទ្រដល់ក្រុមសមាជិកកងទ័ពនីមួយៗបាន ។
ប្រធានស្ដេកធ្វើការជាមួយនឹងផ្នែកទំនាក់ទំនងកងទ័ព និងការបម្រើជាបព្វជិត ដើម្បីប្រគល់សំបុត្រតែងតាំងមួយដល់ប៊ីស្សព ប្រធានសាខា ឬអ្នកដឹកនាំក្រុមម្នាក់ៗ ។ សំបុត្រនេះគូសបង្ហាញពីការទទួលខុសត្រូវរបស់គាត់ និងសិទ្ធិអំណាចគាត់ដើម្បីធ្វើជាអធិបតីលើអង្គភាព និងដឹកនាំការប្រជុំ ។ សំណៅនៃសំបុត្រនោះគួរត្រូវបានផ្ដល់ដល់បព្វជិតនៅមូលដ្ឋានកងទ័ព ។
កងទ័ពសហរដ្ឋអាមេរិកតម្រូវឲ្យបព្វជិតម្នាក់ផ្តល់ការគ្រប់គ្រងរដ្ឋបាលលើកម្មវិធីសាសនានានា ដែលធ្វើឡើងនៅមូលដ្ឋានកងទ័ព ។ ប្រសិនបើមានបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងមូលដ្ឋានកងទ័ពនោះ ជាធម្មតាគាត់មើលការខុសត្រូវបែបនេះនៅក្នុងអង្គភាពសាសនាចក្រដែលជួបប្រជុំនៅទីនោះ ។ បព្វជិតមិនធ្វើជាអធិបតីនៅឯកម្មវិធីថ្វាយបង្គំនោះទេ លុះត្រាតែគាត់គឺជាប៊ីស្សព ប្រធានសាខា ឬអ្នកដឹកនាំក្រុម ។ ប៉ុន្ដែ គាត់ត្រូវបានរំពឹងឲ្យចូលរួមដែរ ។
សមាជិកមួយរូបនៃគណៈប្រធានស្តេកធ្វើការសម្របសម្រួលជាមួយនឹងបព្វជិតកងទ័ពរៀមច្បងក្នុងមូលដ្ឋានកងទ័ពនីមួយៗនៅក្នុងស្តេក ។ គាត់ត្រូវប្រាកដថា ប៊ីស្សពនៃវួដដែលមានដែនសីមាជុំវិញមូលដ្ឋានកងទ័ពធ្វើដូចគ្នានេះដែរ ។ ថ្នាក់ដឹកនាំទាំងនេះជូនដំណឹងដល់បព្វជិតអំពីកាលវិភាគការប្រជុំរបស់វួដ ទីតាំងការប្រជុំ និងមនុស្សដែលត្រូវទាក់ទង ។ បព្វជិតរូបនេះអាចផ្ដល់ព័ត៌មាននេះទៅកាន់សមាជិកនៅក្នុងមូលដ្ឋានកងទ័ពបាន ។
៣៨.៩.១.២
បព្វជិតកងទ័ពនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងស្ដេក
ប្រធានស្តេកដឹកនាំកិច្ចសម្ភាសប្រចាំឆ្នាំជាមួយបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ៗ ដែលរស់នៅក្នុងស្តេកនោះ ។ គាត់កំណត់អំពីសុខុមាលភាព និងភាពស័ក្តិសមរបស់បព្វជិតរូបនោះនៅក្នុងការបម្រើ ។ ប្រធានស្តេកក៏សម្ភាសភរិយារបស់បព្វជិតម្នាក់ៗដាច់ដោយឡែកជាប្រចាំឆ្នាំផងដែរ ។
បព្វជិត និងភរិយារបស់ពួកគាត់គួរតែមានការហៅបម្រើក្នុងវួដ ឬស្តេករបស់ពួកគាត់ ។ បព្វជិតដែលកាន់បព្វជិតភាពម៉ិលគីស្សាដែក អាចបម្រើក្នុងការហៅបម្រើជាថ្នាក់ដឹកនាំបាន ដូចជានៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ ឬធ្វើជាអធិបតីលើវួដកងទ័ព សាខាកងទ័ព ឬក្រុមសមាជិកកងទ័ពមួយ ។ ប៉ុន្ដែ ការហៅនេះមិនអាចជាន់គ្នានឹងកាតព្វកិច្ចកងទ័ពរបស់គាត់បានទេ ។
បព្វជិតអាចជួយប្រធានស្តេកតាមរបៀបដូចខាងក្រោមនេះ ៖
-
រាយការណ៍នៅក្នុងការប្រជុំក្រុមប្រឹក្សាស្តេក ស្ដីពីការប្រជុំអង្គភាពសាសនាចក្រនៅតាមមូលដ្ឋានកងទ័ពនានា ។ របាយការណ៍ទាំងនេះគួរតែរួមមានព័ត៌មានអំពីសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។
-
បម្រើជាអ្នកទំនាក់ទំនងរវាងថ្នាក់ដឹកនាំកងទ័ព និងប្រធានស្តេក ។
-
ជួយប្រធានស្តេកឲ្យស្គាល់សមាជិកនៅក្នុងកងទ័ព ដើម្បីហៅបម្រើជាអ្នកដឹកនាំក្រុមសមាជិកកងទ័ព ។
-
ជួយក្នុងកិច្ចខិតខំដើម្បីពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មវិញក្នុងសាសនាចក្រនៅមូលដ្ឋានកងទ័ព ។
-
ជួយរៀបចំសមាជិកនៅក្នុងមូលដ្ឋានកងទ័ពឲ្យទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋ និងរក្សាសេចក្តីសញ្ញារបស់ពួកគេ ។
៣៨.៩.២
ភាពជាអ្នកដឹកនាំនៃទំនាក់ទំនងកងទ័ពក្នុងវួដ
សមាជិកមួយរូបនៃគណៈប៊ីស្សពជួបជាមួយសមាជិកវួដ មុនពេលដែលពួកគេចាកចេញទៅបម្រើកងទ័ព ។ គាត់ត្រូវប្រាកដថា ពួកគេមានឱកាសចូលរួមក្នុងការណែនាំអំពីការចូលបម្រើកងទ័ព ( សូមមើល ៣៨.៩.៣ ) ។
សម្រាប់ព័ត៌មានអំពីកំណត់ត្រាសមាជិកភាពសម្រាប់សមាជិកម្នាក់ដែលចូលបម្រើក្នុងជួរកងទ័ព សូមមើល ៣៣.៦.៩ ។ សមាជិកមួយចំនួនត្រូវបានចាត់តាំងឲ្យទៅទីតាំងដាច់ស្រយាល ឬដាច់ដោយឡែកមួយ ឬដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាម ។ នៅក្នុងករណីទាំងនេះ ប៊ីស្សពទាក់ទងទៅផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រ សូមការណែនាំអំពីកំណត់ត្រាសមាជិកភាព ( សូមមើល ៣៨.៩.១០ ) ។
អ្នកដឹកនាំនៅក្នុងវួដកំណើតគួរតែឆ្លើយឆ្លងជាទៀងទាត់ជាមួយសមាជិកវួដម្នាក់ៗ ដែលនៅឆ្ងាយក្នុងការបម្រើកងទ័ព ។
ប៊ីស្សពធ្វើការសម្របសម្រួលជាមួយនឹងបព្វជិតកងទ័ពរៀមច្បងក្នុងមូលដ្ឋានកងទ័ពនីមួយៗនៅក្នុងវួដ ។
៣៨.៩.៣
ការណែនាំអំពីការបម្រើកងទ័ព
ការណែនាំដំបូងអំពីការបម្រើកងទ័ព ជួយសមាជិកដែលចូល និងបម្រើកងទ័ពដឹងថាតើពួកគេត្រូវបានរំពឹងទុកអ្វីខ្លះទាក់ទងទៅនឹងកម្មវិធីសាសនាចក្រ និងសកម្មភាពនៅក្នុងកងទ័ព ។ វាក៏បង្រៀនពួកគេអំពីរបៀបពង្រឹងសេចក្ដីជំនឿរបស់ពួកគេ និងរក្សាសេចក្តីសញ្ញារបស់ពួកគេក្នុងអំឡុងពេលបម្រើកងទ័ព ។
សមាជិកមួយរូបនៃគណៈប្រធានស្តេក ឬគណៈប៊ីស្សពហៅគ្រូបង្រៀនបម្រើកងទ័ពមួយរូបឲ្យផ្តល់ការណែនាំដំបូង ។ ជាការប្រសើរ គ្រូបង្រៀននេះគួរមានបទពិសោធន៍កងទ័ពនាពេលថ្មីៗនេះ ។ ប្រសិនបើមិនមានគ្រូបង្រៀនដែលស័ក្ដិសមទេ នោះប្រធានស្ដេក ឬប៊ីស្សពទាក់ទងទៅផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតដើម្បីសូមការណែនាំ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែក «ការណែនាំអំពីការបម្រើកងទ័ព »នៅក្នុង គេហទំព័រសមាជិកនៃសាសនាចក្រដែលជាកងទ័ព ។
៣៨.៩.៤
អង្គភាពសាសនាចក្រសម្រាប់សមាជិកដែលជាកងទ័ព
ជាធម្មតា សមាជិកនៅក្នុងកងទ័ពចូលរួមនៅក្នុងវួដដែលមានទីតាំងនៅជិតនឹងមូលដ្ឋានកងទ័ពរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពខាងក្រោមនេះ ប្រធានស្តេក ឬប្រធានបេសកកម្មអាចរៀបចំវួដ សាខា ឬក្រុមសមាជិកកងទ័ពសម្រាប់យោធិន និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងមូលដ្ឋានកងទ័ពបាន ៖
-
ពុំមានវួដនៅក្នុងរយៈចម្ងាយសមរម្យមួយពីមូលដ្ឋានកងទ័ព ។
-
យោធិនមិនយល់ភាសាដែលនិយាយនៅក្នុងវួដក្នុងមូលដ្ឋាននោះ ។
-
យោធិនមិនអាចចាកចេញពីមូលដ្ឋានកងទ័ព ដោយសារតែតម្រូវការការបំពាក់បំប៉ន ឬការដាក់កំហិតដទៃទៀតបានទេ ។
-
អង្គភាពកងទ័ពរបស់សមាជិកនេះត្រូវបាន ឬនឹងត្រូវបានរៀបចំទៅកាន់ទីតាំងមួយថ្មី ដែលមានចំណុចខាងក្រោមនេះមួយអនុវត្ត ៖
-
ពុំមានសាសនាចក្រនៅទីនោះឡើយ ។
-
អង្គភាពសាសនាចក្រក្នុងមូលដ្ឋានមិនអាចជួយសម្រួលដល់សមាជិកទាំងនេះបាន ដោយសារតែនិយាយភាសាខុសគ្នា ។
-
មិនអាចមានការចូលរួមការប្រជុំក្នុងមូលដ្ឋានបាន ។
-
-
សមាជិកស្ថិតនៅក្នុងអង្គភាពកងទ័ពបម្រុង ឬអង្គភាព ការពារជាតិ និងចូលរួមនៅក្នុងសមយុទ្ធកងទ័ពចុងសប្តាហ៍ ឬអនុវត្តការបំពាក់បំប៉នប្រចាំឆ្នាំ ។
វួដ និងសាខានៅមូលដ្ឋានកងទ័ពត្រូវបានបង្កើតឡើងដោយប្រើប្រាស់ទម្រង់ការដែលបានចែងនៅក្នុង ជំពូកទី ៣៧ ។
ជាធម្មតាវួដ និងសាខាត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សមាជិកកងទ័ពផង និងក្រុមគ្រួសាររបស់ពួកគេផង ។ វួដ និងសាខាមួយក៏អាចត្រូវបានបង្កើតឡើងសម្រាប់សមាជិកកងទ័ពដែលគ្មានក្រុមគ្រួសាររបស់ពួកគេផងដែរ ។ អង្គភាពបែបនេះអាចត្រូវបានបង្កើតឡើងសម្រាប់សមាជិក ដែលចូលរួមក្នុងការហ្វឹកហាត់កម្រិតមូលដ្ឋាន ឬកម្រិតជាន់ខ្ពស់ ឬតាមការចាត់តាំងនៅដាច់ស្រយាលមួយ ។ ជាធម្មតា ខាងកងទ័ពមិនអនុញ្ញាតឲ្យសមាជិកសាសនាចក្រដែលគ្មានទំនាក់ទំនងជាមួយនឹងកងទ័ពធ្វើជាសមាជិកនៅក្នុងវួដ ឬសាខាដែលប្រើប្រាស់អគារមូលដ្ឋានទ័ពនោះទេ។
ប្រសិនបើចំនួនសមាជិក ឬប្រសិនបើស្ថានភាពផ្សេងទៀតមិនល្អ ដើម្បីបង្កើតវួដ ឬសាខានៅក្នុងមូលដ្ឋានកងទ័ពទេ នោះប្រធានស្តេក ឬប្រធានបេសកកម្មអាចបង្កើតជាក្រុមសមាជិកកងទ័ពមួយបាន ។ ក្រុមសមាជិកកងទ័ពគឺជាអង្គភាពតូចមួយរបស់សាសនាចក្រ ដែលធើ្វការប្រជុំសាសនាចក្រ ហើយមើលថែដល់សមាជិក ។ អ្នកដឹកនាំក្រុមពុំមានកូនសោបព្វជិតភាពនោះទេ ។ ដោយសារតែការណ៍នេះហើយ ទើបគាត់មិនត្រូវបានអនុញ្ញាតឲ្យទទួលដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ប្រឹក្សាដល់សមាជិកអំពីអំពើបាបធ្ងន់ធ្ងរ ធ្វើការដាក់កំហិតសមាជិកភាព ឬបំពេញភារកិច្ចដទៃទៀត ដែលតម្រូវឲ្យមានកូនសោនោះឡើយ ( សូមមើល ៣៧.៧ ) ។
សម្រាប់ព័ត៌មានអំពីក្រុមសមាជិកកងទ័ព សូមមើល « ស្វែងរកទីតាំង ឬថ្នាក់ដឹកនាំរបស់សាសនាចក្រ » និងផ្នែក « ព័ត៌មានសម្រាប់ថ្នាក់ដឹកនាំក្រុម » នៅក្នុងគេហទំព័រសមាជិកនៃសាសនាចក្រដែលជាកងទ័ព ។
នៅពេលអង្គភាពសាសនាចក្រត្រូវបានស្ថាបនាឡើងនៅមូលដ្ឋានកងទ័ព នោះអ្នកដឹកនាំអង្គភាពនេះធ្វើការសម្របសម្រួលជាមួយនឹងបព្វជិតមូលដ្ឋានកងទ័ពរៀមច្បង ដើម្បីរៀបចំសម្រាប់ម៉ោងប្រជុំ និងការប្រើប្រាស់អគារមូលដ្ឋាន ។ ប្រសិនបើពុំមានបព្វជិតមូលដ្ឋានកងទ័ពត្រូវបានចាត់ឲ្យទៅមូលដ្ឋានទ័ពទេ នោះប្រធានស្តេកពិគ្រោះជាមួយមេបញ្ជាការ ។
៣៨.៩.៥
អ្នកដឹកនាំក្រុមនៅក្នុងតំបន់ដាច់ស្រយាល ឬតំបន់សង្រ្គាម
ជាធម្មតា ប្រធានស្ដេក ឬប្រធានបេសកកម្មហៅ និងធ្វើពិធីញែកចេញដល់អ្នកដឹកនាំក្រុមសមាជិកកងទ័ព ។ ទោះជាយ៉ាងណាក្ដី ការណ៍នេះអាចនឹងពុំកើតឡើងនៅក្នុងទីតាំងដាច់ស្រយាលមួយចំនួន ឬនៅក្នុងតំបន់សឹកសង្គ្រាមបានទេ ។ ដោយសារតែអ្នកដឹកនាំក្រុមមិនត្រូវបានប្រគល់ឲ្យនូវកូនសោបព្វជិតភាពសម្រាប់ការហៅបម្រើរបស់គាត់ទេ នោះគាត់អាចទទួលបានការរើសតាំង ដោយពុំមានធ្វើពិធីញែកចេញ ។ ថ្នាក់ដឹកនាំបព្វជិតភាពដែលទទួលខុសត្រូវក្នុងទីតាំងនោះ អាចរើសតាំងអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដែលមានភាពស័ក្តិសម ឲ្យបម្រើជាអ្នកដឹកនាំក្រុមបាន ។ ដំបូង គាត់បញ្ជាក់ពីភាពស័ក្ដិសមរបស់បុរសនេះជាមួយនឹងប៊ីស្សព និងប្រធានស្តេករបស់គាត់សិន ។ ប្រសិនបើបព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយមាននៅក្នុងតំបន់នោះ នោះអ្នកដឹកនាំបព្វជិតភាពអាចអនុញ្ញាតឲ្យគាត់ហៅ និងធ្វើពិធីញែកចេញដល់អ្នកដឹកនាំក្រុមម្នាក់បាន ។
ពួកអ្នកដឹកនាំក្រុមសមាជិកកងទ័ពនៅក្នុងតំបន់ដាច់ស្រយាល អាចទទួលបានការផ្គត់ផ្គង់ និងសម្ភារសាសនាចក្របន្ថែមទៀត តាមរយៈការទាក់ទងទៅផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រ ( សូមមើល ៣៨.៩.១០ ) ។
ពេលខ្លះ សមាជិកកងទ័ពនៅក្នុងការពង្រាយទ័ពនៅដាច់ពីសមាជិកសាសនាចក្រដទៃទៀត ។ ប្រសិនបើសមាជិកកងទ័ពរូបនេះកាន់បព្វជិតភាពម៉ិលគីស្សាដែក ឬជាសង្ឃម្នាក់នៅក្នុងបព្វជិតភាពអើរ៉ុន នោះប៊ីស្សពរបស់គាត់អាចអនុញ្ញាតឲ្យគាត់បម្រើ និងទទួលទានសាក្រាម៉ង់បាន ។ ប្រសិនបើមានសមាជិកលើសពីម្នាក់នៅឯទីតាំងដាក់ពង្រាយមួយ នោះគួរតែហៅឲ្យមានអ្នកដឹកនាំក្រុមម្នាក់ ។
អ្នកគួរតែជូនដំណឹងទៅផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រ នៅពេលហៅអ្នកដឹកនាំក្រុមម្នាក់ ។ លិខិតរើសតាំងមួយច្បាប់នឹងត្រូវបានបញ្ជូនដល់គាត់ ( សូមមើល ៣៨.៩.១.១ ) ។
៣៨.៩.៦
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងកាតព្វកិច្ចកងទ័ព
សម្រាប់ប្រទេសដែលមានកាតព្វកិច្ចត្រូវបម្រើកងទ័ព នោះជាទូទៅ សមាជិកសាសនាចក្រត្រូវតែបំពេញការបម្រើកងទ័ពរបស់ពួកគេជាមុនសិន មុនពេលពួកគេអាចបម្រើបេសកកម្មបាន ។ ប្រទេសមួយចំនួនអាចអនុញ្ញាតឲ្យពន្យារពេលបំពេញកាតព្វកិច្ចត្រូវបម្រើកងទ័ពសិន រហូតដល់បញ្ចប់ការបម្រើបេសកម្ម ។ ប្រធានស្តេក និងប៊ីស្សពគួរតែដឹងពីតម្រូវការរបស់ប្រទេសខ្លួន ដើម្បីពួកគាត់អាចប្រឹក្សាយោបល់ដល់សមាជិកឲ្យបានត្រឹមត្រូវ ។ សមាជិកដែលបម្រើនៅក្នុងអង្គភាពកងទ័ពបម្រុង ឬអង្គភាពការពារជាតិ អាចបម្រើបេសកកម្ម បន្ទាប់ពីពួកគេបញ្ចប់ការហ្វឹកហ្វឺនមូលដ្ឋាន និងការហ្វឹកហ្វឺនជាន់ខ្ពស់បាន ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែក « ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងកាតព្វកិច្ចកងទ័ព »នៅក្នុង គេហទំព័រសមាជិកនៃសាសនាចក្រដែលជាកងទ័ព ។
៣៨.៩.៧
បព្វជិតកងទ័ពនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រផ្តល់ការគាំទ្រជាទូទៅមួយដល់បុរស និងស្ត្រីដែលជាបព្វជិតកងទ័ព ដែលបម្រើក្នុងការចាត់តាំងជាច្រើននៅក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ។ ការចាត់តាំងទាំងនេះរួមមាន ៖
-
កងទ័ព ។
-
មន្ទីរពេទ្យ ។
-
អង្គការផ្ដល់កន្លែងសំណាក់ ។
-
ពន្ធនាគារ ។
-
មណ្ឌលឃុំខ្លួន ។
-
នាយកដ្ឋានប៉ូលីស និងអគ្គិភ័យ ។
-
ក្រុមល្បាតព្រំដែន ។
-
អង្គការស៊ីវិល និងអតីតយុទ្ធជន ។
-
មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ។
អង្គការនីមួយៗដាក់ចេញនូវកិច្ចតម្រូវផ្នែកអប់រំ និងការងារបម្រើផ្ទាល់ខ្លួនសម្រាប់បព្វជិត ។ អង្គការភាគច្រើនបំផុតតម្រូវឲ្យមានការយល់ព្រមពីសាសនាចក្រ មុនពេលបុគ្គលម្នាក់អាចបម្រើជាបព្វជិតកងទ័ពនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបាន ។ ផ្នែកទំនាក់ទំនងកងទ័ព និងសេវាបព្វជិតរបស់សាសនាចក្រ ផ្តល់នូវការចារយល់ព្រមសម្រាប់បព្វជិតពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ។ លិខិតចារយល់ព្រមមកពីប៊ីស្សព និងប្រធានស្ដេកពុំគ្រប់គ្រាន់ និងពុំគួរត្រូវបានផ្តល់ឲ្យនោះឡើយ ។
បព្វជិតកងទ័ពនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖
-
បម្រើដល់មនុស្សគ្រប់ជំនឿ រួមមានទាំងពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ ។
-
ធានាឲ្យបានថា បុគ្គលម្នាក់ៗមានសេរីភាពខាងសាសនា ។
-
ជួយសម្របសម្រួលតម្រូវការផ្នែកសាសនានៃអស់អ្នកដែលពួកគេបម្រើ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « បព្វជិតកងទ័ពនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » នៅលើគេហទំព័រ ChurchofJesusChrist.org ។
៣៨.៩.៨
ការពាក់សម្លៀកបំពាក់ពិសិដ្ឋនៅក្នុងកងទ័ព
សូមមើល ៣៨.៥.៧ ។
៣៨.៩.៩
ដៃគូអ្នកផ្សព្វផ្សាយសាសនារៀមច្បង
គូស្វាមីភរិយាកងទ័ពដែលចូលនិវត្ដរ៍ អាចត្រូវបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកទំនាក់ទំនងខាងកងទ័ពនៅមូលដ្ឋានកងទ័ពដែលជ្រើសរើសបាន ។ ពួកគាត់ជួយថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានឲ្យពង្រឹងដល់សមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។ ពួកគាត់ក៏ផ្ដល់ការគាំទ្រដល់ក្រុមគ្រួសាររបស់សមាជិកកងទ័ពដែលត្រូវបានដាក់ពង្រាយ អំឡុងពេលគ្រួសារនៅបែកគ្នាផងដែរ ។
៣៨.៩.១០
ព័ត៌មានផ្សេងៗ
សម្រាប់ព័ត៌មានអំពីកំណត់ត្រាសមាជិកភាពរបស់សមាជិកកងទ័ព សូមមើល ៣៣.៦.៩ ។
សម្រាប់ព័ត៌មានអំពីពររបស់លោកអយ្យកោសម្រាប់សមាជិកកងទ័ព សូមមើល ៣៨.២.១០.៣ ។
សម្រាប់ព័ត៌មានអំពីការតែងតាំងដល់សមាជិកកងទ័ពនៅក្នុងតំបន់ដាច់ស្រយាល សូមមើល ៣៨.២.៩.៦ ។
សម្រាប់ព័ត៌មានអំពីការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្នុងតំបន់ដាច់ស្រយាល សូមមើល ២៦.៣.២ ។
ប្រសិនបើថ្នាក់ដឹកនាំក្នុងសាសនាចក្រមានសំណួរអំពីទំនាក់ទំនងខាងកងទ័ព នោះពួកគាត់អាចទាក់ទងទៅ ៖
Military Relations and Chaplain Services Division
50 East North Temple Street, Room 2411
Salt Lake City, UT 84150-0024
ទូរសព្ទ ៖ ១‑៨០១‑២៤០‑២២៨៦
អ៊ីមែល ៖ pst-military@ChurchofJesusChrist.org