ក្បួនខ្នាត និង​ការហៅ
៣៤. ហិរញ្ញវត្ថុ និង​សវនកម្ម


« ៣៤. ហិរញ្ញវត្ថុ និង​សវនកម្ម » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣៤. ហិរញ្ញវត្ថុ និង​សវនកម្ម » ក្បួន​ខ្នាត​ទូទៅ ។

៣៤.

ហិរញ្ញវត្ថុ និង​សវនកម្ម

៣៤.០

សេចក្តីផ្ដើម

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​នានា​អនុញ្ញាត​ឲ្យ​សាសនាចក្រ​បន្ត​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​របស់​ព្រះអម្ចាស់ ( សូមមើល ១.២ ) ។ មូលនិធិ​ទាំងនេះ​គឺ​ពិសិដ្ឋ​ណាស់ ។ វា​តំណាង​ឲ្យ​ការលះបង់ និង​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ​នេះ ( សូមមើល ម៉ាកុស ១២:៤១–៤៤ ) ។

ការប្រើប្រាស់​​មួយ​ចំនួន​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​នានា​នៅក្នុង​ការគាំទ្រ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​រួមមាន ៖

  • ការសាងសង់ និង​ការថែទាំ​ព្រះវិហារ​បរិសុទ្ធ សាលា​ប្រជុំ និង​អគារ​ផ្សេង​ទៀត​របស់​សាសនាចក្រ ។

  • ការគាំទ្រ​សកម្មភាព និង​ប្រតិបត្តិការ​ទាំងឡាយ​របស់​សាសនាចក្រ និង​ក្រុមជំនុំ​ក្នុង​មូលដ្ឋាន​របស់​សាសនាចក្រ ។

  • ការចែកចាយដំណឹងល្អនៅ​ទូទាំងពិភពលោក ។

  • ការគាំទ្រ​ដល់​កម្មវិធី​ទាំងឡាយ​របស់​សាសនាចក្រ ដូចជា​ការអប់រំ និង​ពង្សប្រវត្តិ ។

  • ការផ្ដល់​អាហារ ជម្រក និង​តម្រូវការ​ចាំបាច់​ផ្សេងៗ​ទៀត ដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយ ។

ប្រធាន​ស្តេក និង​ប៊ីស្សព​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​មួយ ដើម្បី​មើល​ខុសត្រូវ​មូលនិធិ​របស់​សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៧២:៩–១០ ) ។ មូលនិធិ​ទាំងនេះ​គួរតែ​ត្រូវបាន​ប្រើប្រាស់​ដោយ​សមាជិក​ដែល​មាន​សិទ្ធិ​អំណាច សម្រាប់​គោលបំណង​សាសនាចក្រ​ដែល​បាន​អនុញ្ញាត​ប៉ុណ្ណោះ ។ មូលនិធិ​សាសនាចក្រ​ត្រូវមាន​ការទទួល​ខុសត្រូវ និង​ការការពារ​ដោយ​ប្រុងប្រយ័ត្ន ។

៣៤.១

ថ្នាក់ដឹកនាំ​ខាង​ហិរញ្ញវត្ថុ​ស្តេក

៣៤.១.១

គណៈប្រធាន​ស្តេក

ប្រធាន​ស្តេក​មាន​ការទទួល​ខុសត្រូវ​ដូច​ខាង​ក្រោម​ចំពោះ​ហិរញ្ញវត្ថុ​នៅក្នុង​ស្តេក ។ គាត់​អាច​បែងចែក​កិច្ចការ​នេះ​មួយ​ចំនួន​ទៅ​ដល់​ទីប្រឹក្សា និង​ស្មៀន​របស់​គាត់ ។

ប្រធាន​ស្តេក ៖

  • បង្រៀន និង​បំផុស​ដល់​សមាជិក​ឲ្យ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពេញលេញ ហើយ​ថ្វាយ​ដង្វាយ​ដោយ​ចិត្តសប្បុរស ( សូមមើល ៣៤.៣ ) ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា មូលនិធិ​ស្តេក​ត្រូវបាន​ចាត់ចែង និង​ទទួល​ខុសត្រូវ​ដោយ​ត្រឹមត្រូវ ( សូមមើល ៣៤.៥ ) ។

  • ពិនិត្យ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ខែ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ចំណុច​សកម្មភាព​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា គណៈប៊ីស្សព ថ្នាក់ដឹកនាំ​អង្គការ​ទាំងឡាយ និង​ស្មៀន រៀន​ពី​ការទទួល​ខុស​ត្រូវ​របស់​ពួកគាត់​ចំពោះ​មូលនិធិ​ពិសិដ្ឋ​របស់​សាសនាចក្រ​ ។

  • រៀបចំ និង​គ្រប់គ្រង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ស្តេក ( សូមមើល ៣៤.៦ ) ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ការគោរព​តាម​គោលការណ៍​ណែនាំ​អំពី​ថវិកា​ឧបត្ថម្ភ​របស់​ស្តេក ( សូមមើល ៣៤.៦.២ ) ។

  • ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​ម្នាក់ៗ​ជា​ទៀង​ទាត់​ដើម្បី​ពិភាក្សាពី​ហិរញ្ញវត្ថុ​រ​បស់​វួដ ។

  • បញ្ជាក់​ថា វួដ​នីមួយៗ​ធ្វើ​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ប្រចាំ​ឆ្នាំ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា ពាក្យ​សម្ងាត់​ដើម្បី​ចូល​ទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ គឺ​ពុំ​ត្រូវ​ចែកចាយ​សោះឡើយ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា គណៈកម្មការ​សវនកម្ម​ស្តេក​ត្រូវបាន​រៀបចំ​ឡើង និង​ដំណើរការ​ដោយ​ត្រឹមត្រូវ ( សូមមើល ៣៤.៧.១ ) ។

  • មាន​ពេល​ដើម្បី​ឆ្លើយ​សំណួរ អំឡុង​ពេល​សវនកម្ម​លើ​កំណត់ត្រា​ហិរញ្ញវត្ថុ​ស្តេក ( សូមមើល ៣៤.៧ ) ។

  • ពិនិត្យ​មើល​សវនកម្ម​របស់​ស្តេក និង​កំណត់ត្រា​ហិរញ្ញវត្ថុ​របស់​វួដ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ចំណុចសកម្មភាព​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ( សូមមើល ៣៤.៧ ) ។

  • ធ្វើឲ្យ​ប្រាកដ​ថា ស្តេក និង​វួដ​ធ្វើ​តាម​ច្បាប់ពន្ធ​ដែល​អនុវត្ត​ទាំងអស់ ( សូមមើល ៣៤.៨ ) ។

៣៤.១.២

ស្មៀន​ស្តេក

ប្រធាន​ស្តេក​ចាត់​ឲ្យ​ស្មៀន​ស្តេក ឬ​ជំនួយការ​ស្មៀន​ស្តេក​ជួយ​ក្នុង​ការរក្សា​បញ្ជីការ​ហិរញ្ញវត្ថុ​ស្តេក ។ ស្មៀន​គួរតែ​ធ្វើតាម​គោលនយោបាយ​បច្ចុប្បន្ន ដើម្បី​ការពារ​មូលនិធិ​របស់​សាសនាចក្រ ព្រមទាំង​ធានា​ថា​កំណត់ត្រា​សាសនាចក្រ​មាន​ភាពត្រឹមត្រូវ ។

ស្មៀន​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • កត់ត្រា និង​ដាក់​បញ្ញើ​គ្រប់​មូលនិធិ​ដែល​បាន​ទទួល​ជាមួយ​នឹង​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ។

  • ពិនិត្យ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ខែ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ចំណុច​សកម្មភាព​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ។

  • ជួយ​ដល់​គណៈប្រធាន​ស្តេក​ឲ្យ​រៀបចំ​ថវិកា​ស្តេក​ប្រចាំ​ឆ្នាំ ( សូមមើល ៣៤.៦.១ និង ៣៤.៦.២ ) ។

  • បញ្ជាក់​ថា វួដ​នីមួយៗ​បាន​បញ្ជូន​របាយការណ៍​ការប្រកាស​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • ចូលរួម​នៅក្នុង​សវនកម្ម​ហិរញ្ញវត្ថុ​​ដែល​ធ្វើ​ឡើងដោយ​សវនករ​ស្តេក និង​ធ្វើ​សកម្មភាព​កែតម្រូវ​នានា ប្រសិន​បើចាំបាច់ ( សូម​មើល ៣៤.៧ ) ។

  • ជួយ​គណៈប៊ីស្សព​ជាមួយ​នឹង​ការបំពាក់បំប៉ន​ស្មៀន​វួដ ។

ស្មៀន​គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មាន​ភាពស័ក្តិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការហៅ​ស្មៀន​ស្តេក សូមមើល ៣៣.៣.២ និង ៣៣.៣.៣ ។

៣៤.២

ថ្នាក់ដឹកនាំ​ខាង​ហិរញ្ញវត្ថុ​វួដ

៣៤.២.១

គណៈ​ប៊ីស្សព

ប៊ីស្សព​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម​ចំពោះ​ហិរញ្ញវត្ថុ​នៅក្នុង​វួដ ។ គាត់​អាច​បែងចែក​កិច្ចការ​នេះ​មួយ​ចំនួន​ទៅ​ដល់​ទីប្រឹក្សា និង​ស្មៀន​របស់​គាត់ ។

ប៊ីស្សព ៖

  • បង្រៀន និង​បំផុស​ដល់​សមាជិក​ឲ្យ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពេញលេញ ហើយ​ថ្វាយ​ដង្វាយ​ដោយ​ចិត្តសប្បុរស ( សូមមើល ៣៤.៣ ) ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា មូលនិធិ​វួដ​ត្រូវបាន​ប្រើប្រាស់ និង​ទទួល​ខុសត្រូវ​ដោយ​ត្រឹមត្រូវ ( សូមមើល ៣៤.៥ ) ។

  • ពិនិត្យ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ខែ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ចំណុចសកម្មភាព​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​ទាំងឡាយ និង​ស្មៀន រៀន​ពី​ការទទួល​ខុស​ត្រូវ​របស់​ពួកគេ​ចំពោះ​មូលនិធិ​ពិសិដ្ឋ​របស់​សាសនាចក្រ​ ។

  • រៀបចំ និង​គ្រប់គ្រង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​វួដ ( សូមមើល ៣៤.៦ ) ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ការគោរព​តាម​គោលការណ៍​ណែនាំ​អំពី​ថវិកា​ឧបត្ថម្ភ​របស់​វួដ ( សូមមើល ៣៤.៦.២ ) ។

  • ដឹកនាំ​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជាមួយ​នឹង​សមាជិក​វួដ​ជា​ប្រចាំ​ឆ្នាំ ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា ពាក្យ​សម្ងាត់​ដើម្បី​ចូល​ទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ គឺ​ពុំ​ត្រូវ​ចែកចាយ​សោះឡើយ ។

  • មាន​ពេល​ដើម្បី​ឆ្លើយ​សំណួរ អំឡុង​ពេល​សវនកម្ម​លើ​កំណត់ត្រា​ហិរញ្ញវត្ថុ​របស់​វួដ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ចំណុច​សកម្មភាព​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ( សូមមើល ៣៤.៧ ) ។

៣៤.២.២

ស្មៀន​វួដ

ប៊ីស្សព​ចាត់​ឲ្យ​ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀនវួដ​ជួយ​ក្នុង​ការរក្សា​បញ្ជីការ​ហិរញ្ញវត្ថុ​វួដ ។ ស្មៀន​គួរតែ​ធ្វើតាម​គោលនយោបាយ​បច្ចុប្បន្ន ដើម្បី​ការពារ​មូលនិធិ​របស់​សាសនាចក្រ ព្រមទាំង​ធានា​ថា​កំណត់ត្រា​សាសនាចក្រ​មាន​ភាពត្រឹមត្រូវ ។

ស្មៀន​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • កត់ត្រា និង​ដាក់​បញ្ញើ​គ្រប់​មូលនិធិ​ដែល​បាន​ទទួលជាមួយ​នឹង​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ។

  • ពិនិត្យ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ខែ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ចំណុច​សកម្មភាព​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ។

  • ជួយ​ដល់​គណៈប៊ីស្សព​រៀបចំ​ថវិកា​វួដ​ប្រចាំ​ឆ្នាំ ( សូមមើល ៣៤.៦.១ និង ៣៤.៦.២ ) ។

  • ធ្វើ​ឲ្យ​ប្រាកដ​ថា សមាជិក​អាច​ចូល​ទៅមើល​របាយការណ៍​នៃ​ការបរិច្ចាគ​របស់​ពួកគេ និង​ជួយ​ពួកគេ​តាម​ដែល​ត្រូវការ ។

  • ជួយ​ប៊ីស្សព​ឲ្យ​រៀបចំ​សម្រាប់​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • ចូលរួម​នៅក្នុង​សវនកម្ម​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ឡើងដោយ​សវនករ​ស្តេក និង​ធ្វើ​សកម្មភាព​កែតម្រូវ​នានា ប្រសិន​បើចាំបាច់ ( សូម​មើល ៣៤.៧ ) ។

ស្មៀន​គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មាន​ភាពស័ក្តិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការហៅ​ស្មៀន​វួដ សូមមើល ៣៣.៤.២ និង ៣៣.៤.៣ ។

៣៤.៣

ការបរិច្ចាគ

ថ្នាក់ដឹកនាំ​សាសនាចក្រ​បង្រៀន​សមាជិក​អំពី​គោលការណ៍​នៃ​ដង្វាយ​មួយ​ភាគ​ក្នុងដប់ និង​ដង្វាយ​ផ្សេងៗ ហើយ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​រស់នៅ​តាម​គោលការណ៍​ទាំងនេះ ។ បុគ្គល​ណា​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​ក៏​អាច​ធ្វើ​ការបរិច្ចាគ​ផងដែរ ។ ទោះជា​យ៉ាង​ណា មានតែ​សមាជិក​សាសនាចក្រ​ប៉ុណ្ណោះ​ដែល​អាច​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន ។

សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ការបរិច្ចាគ​របស់​ពួកគេ​តាម​អនឡាញ នៅ​កន្លែង​ដែល​អាច​ធ្វើ​ទៅបាន ( សូមមើល​គេហទំព័រ donations.ChurchofJesusChrist.org ) ។ សមាជិក​ក៏​អាច​ប្រគល់​ការបរិច្ចាគ​របស់​ពួកគេ និង​ទម្រង់​បែបបទ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ដែល​បាន​បំពេញ​រួច​របស់​ពួកគេ​ទៅ​ឲ្យ​ប៊ីស្សព ឬ​ទីប្រឹក្សា​មួយរូប​របស់​គាត់​បាន​ផងដែរ ( សូមមើល ៣៤.៥.២ ) ។

៣៤.៣.១

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ជា​ការបង់​ចំណូល​មួយ​ភាគ​ក្នុង​ដប់​របស់​មនុស្ស​ម្នាក់​ទៅកាន់​សាសនាចក្រ​របស់​ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៩:៣–៤ ។ ការប្រាក់ ត្រូវបាន​យល់​ថា​ជា​ចំណូល ) ។ សមាជិក​ទាំងអស់​ដែល​មាន​ប្រាក់​ចំណូល​គួរតែ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ប្រជាជន​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់​បាន​រស់នៅ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តាំង​ពី​បុរាណ​មក ( សូមមើល លោកុប្បត្តិ ១៤:១៨–២០; លេវីវិន័យ ២៧:៣០–៣២ ) ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ដង្វាយ​១​ភាគ​១០​នៃ​រាស្ត្រ​របស់​យើង … នឹង​ត្រូវ​ទៅ​ជា​ក្រឹត្យ​វិន័យ​ដែល​នៅ​អចិន្ត្រៃយ៍​ចំពោះ​ពួក​គេ​ជា​រៀង​ដរាប​ត​ទៅ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:៣–៤ ) ។

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​បរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ហើយ​សមាជិក​គោរព​ដល់​ទ្រង់​តាមរយៈ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ នេះ​គឺ​ជា​ការបង្ហាញ​ពី​សេចក្ដី​ជំនឿ​លើ​ព្រះ និង​ការសន្យា​របស់​ទ្រង់ ។ អស់​អ្នក​ទាំងឡាយ​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ទទួល​ការសន្យា​នេះ​មក​ពី​ព្រះអម្ចាស់ ៖ « ល្បងល​យើង​ឥឡូវ បើ​យើង​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( ម៉ាឡាគី ៣:១០ ) ។

៣៤.៣.១.១

ការប្រើប្រាស់​មូលនិធិ​ដង្វាយ​មួយភាគ​ក្នុង​ដប់

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តែងតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ទាំងឡាយ​របស់​ព្រះអម្ចាស់ តាម​ដែល​បាន​ណែនាំ​ដោយ​ក្រុមប្រឹក្សា​លើ​ការចាត់ចែង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២០ ) ។ គោលបំណង​មួយ​ចំនួន​ទាំងនេះ​មាន​ពន្យល់​នៅក្នុង ៣៤.០ ។

៣៤.៣.១.២

ការផ្ទៀងផ្ទាត់​ដង្វាយ​មួយភាគ​ក្នុង​ដប់

ប៊ីស្សព​ធ្វើ​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៅ​ជិត​ដំណាច់​ឆ្នាំ​នីមួយៗ ។ នៅក្នុង​ស្ថានភាព​នានា​ដ៏​កម្រ នៅពេល​ប៊ីស្សព​អវត្តមាន នោះ​ប្រធាន​ស្តេក​អាច​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​របស់​ប៊ីស្សព​មួយ​រូប​ដឹកនាំ​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន ។

សមាជិក​ទាំងអស់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី ៖

  • ធ្វើ​ឲ្យ​ប្រាកដ​ថា កំណត់ត្រា​ការបរិច្ចាគ​របស់​ពួកគេ​គឺ​ត្រឹមត្រូវ ។

  • ថ្លែងការណ៍​ទៅ​ប៊ីស្សព​ពី​ស្ថានភាព​ជា​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ។

ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សមាជិក​ក្រុមគ្រួសារ​ទាំងអស់ រួមទាំង​កុមារ គួរតែ​ចូលរួម​ក្នុង​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជាមួយ​គ្នា ។

អំឡុង​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប៊ីស្សព​បង្ហាញ​ពី​អំណរគុណ​ដល់​សមាជិក​ចំពោះ​ភាពស្មោះត្រង់​របស់​ពួកគេ ។ គាត់​ក៏​បង្រៀន​អំពី​គោលការណ៍​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បង់​ដង្វាយ​តម​អាហារ​ដោយ​ចិត្ត​សប្បុរស និង​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ផងដែរ ។

ការណែនាំ​សម្រាប់​ការផ្ទៀងផ្ទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ត្រូវបាន​ផ្តល់ឲ្យ​ដោយ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង ។

៣៤.៣.២

ដង្វាយ​តម​អាហារ

ថ្នាក់ដឹកនាំ​សាសនាចក្រ​លើកទឹកចិត្ត​សមាជិក​ឲ្យ​រស់នៅ​តាម​ច្បាប់​តមអាហារ ។ ការណ៍​នេះ​រួមមាន​ទាំង​ការផ្ដល់ដង្វាយ​តម​អាហារ​ដោយ​សប្បុរស​ផងដែរ ( សូមមើល ២២.២.២ ) ។

នៅ​ក្នុង​វួដ​ខ្លះ ប៊ីស្សព​អាច​ឲ្យសិទ្ធិ​ដល់​ពួក​អ្នកកាន់​បព្វជិតភាព​អើរ៉ុន ដើម្បី​ប្រមូល​ដង្វាយ​តមអាហារ ។ ក្នុងការ​ធ្វើការ​សម្រេចចិត្ត​នេះ ប៊ីស្សព​ពិចារណា​លើ​ចំនួន​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ដែលមាន គិត​ដល់​សុវត្ថិភាព​របស់​ពួកគេ និង​ពរជ័យ​ដល់​សមាជិក​ដែល​មិន​អាច​មក​ចូល​រួមបរិច្ចាគ​បាន ។

អ្នក​កាន់​បព្វជិតភាព​គួរ​ទៅ​ជា​គូៗ នៅពេល​ប្រមូល​ដង្វាយ​តមអាហារ ។ ពួកគេ​ត្រូវ​ប្រគល់​ដង្វាយ​នោះ​ទៅឲ្យ​សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ឲ្យ​បាន​ឆាប់​រហ័ស ។

សមាជិក​មិន​ត្រូវ​ផ្តល់​ការបរិច្ចាគ​ដទៃ​ទៀត​ដូចជា ដង្វាយ​មួយភាគ​ក្នុងដប់ ឬ​ដង្វាយ​ផ្សេងៗ​ទៅកាន់​អ្នក​ដែល​ទៅប្រមូល​ដង្វាយ​តម​អាហារ​ឡើយ ។

សេចក្តី​ណែនាំ​សម្រាប់​ការប្រើប្រាស់​មូលនិធិ​ដង្វាយ​តមអាហារ​ត្រូវបាន​ផ្តល់ឲ្យ​នៅក្នុង ២២.៥.២ ។

៣៤.៣.៣

មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា

ការបរិច្ចាគ​សម្រាប់​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង ដើម្បី​បំពេញ​បង្គ្រប់​ដល់​ការតាំង​ចិត្ត​បរិច្ចាគ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ចេញពី​វួដ​នោះ ( សូមមើល ២៤.៣.៤ ) ។ មូលនិធិ​ដែល​មិន​ត្រូវការ​អាច​ត្រូវបាន​ប្រើប្រាស់ ដើម្បី​បំពេញ​ការតាំង​ចិត្ត​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​ក្នុង​ស្តេក ឬ​ក្រុមប្រឹក្សា​សម្របសម្រួល ។ មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ មិន​គួរ​ត្រូវបាន​បញ្ជូន​ទៅកាន់​អ្នកផ្សព្វផ្សាយ​ណា​ម្នាក់​ដោយ​ផ្ទាល់​នោះទេ ។ មូលនិធិ​ទាំងនេះពុំ​គួរ​ប្រើប្រាស់​សម្រាប់​សកម្មភាព​អ្នកផ្សព្វផ្សាយ​សាសនា​ណាមួយ​នៅក្នុង​វួដ ឬ​ស្តេក​នោះ​ទេ ។

ការបរិច្ចាគ​សម្រាប់​មូលនិធិ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទូទៅ ត្រូវបាន​ប្រើប្រាស់​ដោយ​សាសនាចក្រ​ក្នុង​កិច្ច​ខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​ទាំងស្រុង ។

ប្រធាន​ស្តេក និង​ប៊ីស្សព​គួរតែ​បញ្ជូន​មូលនិធិ​ផ្សព្វផ្សាយ​សាសនា​ដែល​លើស​ពី​តម្រូវការ​សមហេតុផល​របស់​ស្តេក និង​វួដ​ទៅកាន់​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​ទូទៅ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា និង​ការផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការបម្រើ​អ្នកផ្សព្វផ្សាយ​សាសនា សូមមើល ២៤.៦ ។

៣៤.៣.៤

ការបរិច្ចាគ​បន្ថែម

សមាជិក​អាច​បរិច្ចាគ​ផ្នែក​ហិរញ្ញវត្ថុ​ទៅកាន់​ផ្នែក​ដែល​បាន​អនុម័ត​បន្ថែម​ផ្សេងៗ​ទៀត​បាន ។ ប្រសិនបើ​អ្នក​ថ្វាយ​ដង្វាយ​ប្រើ​បែបបទ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ នោះ​ពួកគេ​សរសេរ​ឈ្មោះ​ប្រភេទ​នៃ​ការបរិច្ចាគ​នោះ​នៅក្នុង​ផ្នែក « ផ្សេងៗ » នៃ​ទម្រង់​បែបបទ​នោះ ។

ស្តេក និង​វួដ​មិន​គួរ​បង្កើត​ប្រភេទ​នានា​នៅក្នុង​ផ្នែក « ផ្សេងៗ » ដើម្បី​ស្នើ​សុំ ប្រមូល ឬ​ចំណាយ​មូលនិធិ​សម្រាប់​គម្រោង​នានា ដែល​មិន​ត្រូវបាន​អនុម័ត​ដោយ​គណៈប្រធាន​តំបន់​នោះទេ ។ សម្រាប់​បញ្ជី​នៃ​ប្រភេទ​ដែល​បាន​អនុម័ត សមាជិក​គួរតែ​ទាក់ទង​ទៅ​ស្មៀន​វួដ ។

៣៤.៣.៥

ការងារ​សប្បុរសធម៌

ការងារ​សប្បុរសធម៌​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​នាយកដ្ឋាន​មួយ​នៃ​ការិយាល័យ​គណៈប៊ីស្សព​ជា​អធិបតី ។ នាយកដ្ឋាន​នេះ​សម្រប​សម្រួល​ការបរិច្ចាគ​ផ្នែក​ការងារ​សប្បុរសធម៌​ដោយ​ស្ម័គ្រចិត្ត​ទៅកាន់​សាសនាចក្រ និង​ការងារ​សប្បុរសធម៌ និង​សកម្មភាព​ដែល​ទាក់ទង​របស់​សាសនាចក្រ ក្រៅពី​ដង្វាយមួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៀត ។ ជំនួយ​នៅក្នុង​ការធ្វើ​ការបរិច្ចាគ​នានា​អាច​ត្រូវបាន​ទទួល​តាមរយៈ​ការទាក់ទង​ទៅកាន់​ការិយាល័យ​ផ្នែក​ការងារ​សប្បុរសធម៌​ដូច​ខាង​ក្រោម ៖

Philanthropies

1450 North University Avenue

Provo, UT 84604-6080

ទូរសព្ទ ៖ ១-៨០១-៣៥៦-៥៣០០ ឬ ២-៨០០-៥២៥-៨០៧៤

អ៊ីម៉ែល ៖ philanthropies@ChurchofJesusChrist.org

៣៤.៣.៦

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការ​បរិច្ចាគ​ជា​សម្ភារ​ទាំងឡាយ រួម​ទាំង​ដង្វាយ​មួយភាគ​ក្នុង​ដប់

ជា​ធម្មតា សាសនាចក្រ​មិន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ការបរិច្ចាគ​ជា​សម្ភារ ( មិន​មែន​ជា​សាច់ប្រាក់ ) ជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប និង​ដង្វាយ​ផ្សេងៗ​ទៀត​នោះ​ទេ ។ វា​ប្រសើរ​ជាង​សម្រាប់​សមាជិក ដើម្បី​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ដោយ​ពួកគេ​ផ្ទាល់​សិន ហើយ​បន្ទាប់​មក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​វិភាគទាន​ផ្សេងៗ​ជា​សាច់ប្រាក់ ។ ទោះជា​យ៉ាងណា ដង្វាយ​ជា​សម្ភារ​អាច​ត្រូវបាន​ទទួល​នៅក្នុង​ករណី​ជាក់លាក់​នានា ។ ដង្វាយ​បែបនោះ​អាច​ជា​ការអនុវត្ត​ជា​ធម្មតា​នៅក្នុងតំបន់​មួយ​ចំនួន​ក្នុង​ពិភពលោក ។

សាសនាចក្រ​ទទួល​យក (១) ប័ណ្ណ​ភាគហ៊ុន មូលប័ណ្ណ ឬ​មូលធនបត្រ​ដែល​អាច​លក់​បាន​លើ​ទីផ្សារ​ភ្លាមៗ និង (២) ដីធ្លី​មួយ​ចំនួន ដែល​អាច​លក់​បាន​នៅលើ​ទីផ្សារ ។ ប្រសិន​បើ​សមាជិក​ចង់​បរិច្ចាគ​របស់​ទាំងនេះ ឬ​របស់​ផ្សេងៗ​ទៀត នោះ​ប្រធាន​ស្តេក​ទាក់ទង​ទៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់​ស្នើសុំ​ការអនុម័ត មុន​ពេល​អនុញ្ញាត​ឲ្យ​ប៊ីស្សព​ទទួល​យក​របស់​ទាំង​នោះ ។

បង្កាន់ដៃ​ចេញ​ទៅឲ្យ​សមាជិក​ដែល​បង់ដង្វាយ​ជា​សម្ភារ ត្រូវបាន​ចេញ​ឲ្យ​ដោយ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់​តែ​ប៉ុណ្ណោះ ។

៣៤.៣.៧

ការបរិច្ចាគ​ពុំអាច​ប្រគល់​សងវិញ​បានទេ

នៅពេល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ត្រូវបាន​ប្រគល់​ជូន​ដល់​សាសនាចក្រ នោះ​ដង្វាយ​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ។ វា​ត្រូវបាន​ឧទ្ទិស​ថ្វាយ​ទ្រង់ ។ ការបរិច្ចាគ​ទាំងអស់​បែបនេះ​គឺ​ជា​ដង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត ។ ការបរិច្ចាគ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកថ្វាយ​ដង្វាយ ដោយ​មិន​ចង់​ទាមទារ​តាម​គោលបំណង មិន​ចង់​បាន​អំណាច​គ្រប់គ្រង មិន​ចង់​បានភាព​ជាម្ចាស់​កម្មសិទ្ធិ​តាម​ទម្រង់​ណា​មួយ​ឡើយ ឬ​ក៏​រំពឹង​ចង់​បាន​ផល​ប្រយោជន៍​ណា​មួយ ក្រៅតែពី​ពរជ័យ​របស់​ព្រះអម្ចាស់​ឡើយ ។

ប្រធាន​ស្តេក និង​ប៊ីស្សព​ជូន​ដំណឹង​ទៅ​ដល់​អ្នក​ទាំង​ឡាយ​ណា ដែល​បរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ថា ការបរិច្ចាគ​ទាំងនេះ​មិន​អាច​ដក​យក​វិញ​បាន​ទេ ។ ហើយ​មូលនិធិ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បង់​ទុក​ជា​មុន​ក៏​មិន​អាច​ដកយក​មក​វិញ​បាន​ដែរ ។

៣៤.៤

ភាពសម្ងាត់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

ចំនួន​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ដែល​ត្រូវបាន​បង់​ដោយ​អ្នកថ្វាយ​ដង្វាយ គឺជា​ការសម្ងាត់ ។ មាន​តែ​ប៊ីស្សព និង​អ្នក​ទាំងឡាយ​ណា ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ចាត់ចែង និង​ពិនិត្យ​មើល​ការបរិច្ចាគ​ទាំងនេះ​ប៉ុណ្ណោះ ដែល​គួរតែ​ដឹង​អំពី​ព័ត៌មាន​នេះ ។ គណៈប្រធាន​ស្តេក គណៈប៊ីស្សព និង​ស្មៀន មិន​គួរ​ពិភាក្សា​ពី​ស្ថានភាព​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​សមាជិក​ម្នាក់​ដោយ​មិន​សមរម្យ​នោះ​ឡើយ ។ ហើយ​ពួកគាត់​ក៏​មិន​គួរ​ពិភាក្សា​អំពី​ចំនួន​សរុប​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ឬ​ដង្វាយ​ផ្សេងៗ​ទៀត​ដែល​បាន​ទទួល​នោះ​ដែរ ។

៣៤.៥

ការចាត់ចែង​មូលនិធិ​សាសនាចក្រ

ប្រធាន​ស្តេក និង​ប៊ីស្សព​ត្រូវ​ប្រាកដ​ថា មូលនិធិ​ទាំងអស់​របស់​សាសនាចក្រ​ត្រូវបាន​ចាត់ចែង​យ៉ាង​ត្រឹមត្រូវ ។ នេះ​ជា​ការ​ទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​មួយ​នៃ​ការហៅ​បម្រើ​របស់​ពួកគាត់ ។ គោលការណ៍​ទូទៅ​ត្រូវបាន​ចែង​តាម​ផ្នែក​ខាងក្រោម​នេះ ។ គណៈប៊ីស្សព និង​ស្មៀន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​មើល​វីដេអូ « Sacred Funds, Sacred Responsibilities » យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ ។

៣៤.៥.១

គោលការណ៍​ភាពជា​ដៃគូ

គោលការណ៍​ភាពជា​ដៃគូ​តម្រូវ​ឲ្យ​មាន​មនុស្ស​ពីរ​នាក់—សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព និង​ស្មៀន​ម្នាក់ ឬ​សមាជិក​ពីរ​រូប​នៃ​គណៈប៊ីស្សព—ចូលរួម​យ៉ាង​សកម្ម នៅពេល​កត់ត្រា និង​បញ្ចេញ​មូលនិធិ​របស់​សាសនាចក្រ ។ គោលការណ៍​នេះ​គឺ​ចាំបាច់ ដើម្បី​ការពារ​មូលនិធិ​ពិសិដ្ឋ និង​ការពារ​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ ។

ថ្នាក់​ដឹកនាំ​គួរតែ​ការពារ និង​មិនដែល​ចែកចាយ​ពាក្យ​សម្ងាត់​របស់​ពួកគាត់​ឡើយ ( សូមមើល ៣៣.៩.១.១ ) ។

៣៤.៥.២

ការទទួល​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

ព្រះអម្ចាស់​បាន​ប្រទាន​ការជឿជាក់​ដ៏ពិសិដ្ឋ​មួយ​ដល់​ប៊ីស្សព​ឲ្យ​ទទួល និង​មើល​ការខុសត្រូវ​លើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៀត​របស់​ពួកបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣០–៣៣; ១១៩ ) ។ មាន​តែ​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​ប៉ុណ្ណោះ ដែល​អាច​ទទួល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​បាន ។ ភរិយា​របស់​គណៈប៊ីស្សព សមាជិក​ផ្សេង​ទៀត​នៃ​ក្រុមគ្រួសារ​របស់​ពួកគាត់ ស្មៀន ឬ​សមាជិក​នៃ​វួដ​ផ្សេង​ទៀត មិន​ត្រូវ​ទទួល​ការបរិច្ចាគ​ទាំងនេះ​ទេ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ឡើយ ។ មាន​ករណី​លើកលែង តែ​នៅពេល​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ត្រូវបាន​ចាត់​ឲ្យ​ប្រមូល​ដង្វាយតម​អាហារ​ប៉ុណ្ណោះ ( សូមមើល ៣៤.៣.២ ) ។

មូលប្បទានបត្រ​ទាំងឡាយ​គួរតែ​បង់​ទៅកាន់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សាច់​ប្រាក់​ដែល​បាន​ទទួល​ដោយ​គណៈប៊ីស្សព គួរតែ​ត្រូវបាន​កត់ត្រា និង​ដាក់​បញ្ញើ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន ។ ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​មិន​គួរ​ទុក​ដង្វាយ​ចោល​ដោយ​គ្មាន​អ្នកនៅ​មើល​នោះ​ទេ ។

៣៤.៥.៣

ការបញ្ជាក់ និង​ការកត់ត្រា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

ការបរិច្ចាគ​ទាំងឡាយ​គួរតែ​ត្រូវបាន​បញ្ជាក់​ផ្ទៀងផ្ទាត់ និង​កត់ត្រា​នៅ​ថ្ងៃ​អាទិត្យ​ដែល​ពួកគាត់​បាន​ទទួល​ការបរិច្ចាគ​នោះ ។ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព និង​ស្មៀន​ម្នាក់ ឬ​សមាជិក​ពីរ​រូប​នៃ​គណៈប៊ីស្សព បើក​ស្រោម​សំបុត្រ​នីមួយៗ​ជាមួយ​គ្នា ។ ពួកគាត់​បញ្ជាក់​ថា មូលនិធិ​ដែល​បាន​ភ្ជាប់​មក​ជាមួយ​នោះ គឺ​មាន​ចំនួន​ដូចគ្នា​នឹង​ចំនួន​ដែល​បាន​សរសេរ​នៅលើ​ទម្រង់​បែបបទ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ។ ពួកគាត់​កត់ត្រា​ដង្វាយ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ ។ ប្រសិនបើ​ចំនួន​មូលនិធិ និង​ចំនួន​ដែល​បាន​សរសេរ​ខុសគ្នា នោះ​ពួកគាត់​ទាក់ទង​ទៅ​កាន់​អ្នក​បរិច្ចាគ​ភ្លាមៗ ដើម្បី​ដោះស្រាយ​នូវ​ភាពខុសគ្នា​នេះ ។

៣៤.៥.៤

ការដាក់​បញ្ញើ​ដង្វាយ​មួយភាគ​ក្នុងដប់ និង​ដង្វាយ​ផ្សេងៗ

ការដាក់​បញ្ញើ​គួរតែ​ត្រូវបាន​រៀបចំ បន្ទាប់​ពី​ការធ្វើ​ឲ្យ​ប្រាកដ​ថា ចំនួន​ដែល​បាន​កត់ត្រា​គឺដូចគ្នា​នឹង​ចំនួន​មូលនិធិ​ដែល​បាន​ទទួល ។

នៅទីណា​ដែល​មាន​ធនាគារ​ទទួល​ប្រាក់​បញ្ញើ ២៤ ម៉ោង នោះ​សមាជិក​នៃ​គណៈ​ប៊ីស្សព និង​អ្នកកាន់​បព្វជិតភាព​ម្នាក់​ទៀត​ដាក់​បញ្ញើ​មូលនិធិ​នៅក្នុង​ធនាគារ​នៅក្នុង​ថ្ងៃ​តែមួយ​ដែល​មូលនិធិ​ត្រូវបាន​បើក និង​បញ្ជាក់​ផ្ទៀងផ្ទាត់ ។

នៅទីណា​ដែល​គ្មាន​ធនាគារ​ទទួល​ប្រាក់​បញ្ញើ ២៤ ម៉ោង​ទេ ហើយ​ធនាគារ​ត្រូវ​បិទ​នៅ​ថ្ងៃ​អាទិត្យ នោះ​ប៊ីស្សព​ចាត់​ឲ្យ​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មួយ​រូប​ឲ្យ​ទៅ​ដាក់​ប្រាក់​បញ្ញើ​នៅ​ថ្ងៃ​បន្ទាប់​ដែល​ជា​ថ្ងៃ​ធ្វើការ ។ ជា​ធម្មតា បុគ្គល​នេះ​គួរតែ​ជា​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ។ គាត់​មាន​ការទទួល​ខុស​ត្រូវ​លើ​មូលនិធិ​ទាំងនេះ ។ គាត់​គួរតែ ៖

  • ធ្វើ​ឲ្យ​ប្រាកដថា មូលនិធិ​ត្រូវបាន​រក្សា​ទុក​ដោយ​សុវត្ថិភាព​រហូត​ដល់​មូលនិធិ​ទាំងនោះ​ត្រូវបាន​ដាក់បញ្ញើ ។

  • ទទួល​បាន​វិក្កយបត្រ​ដាក់​ប្រាក់​បញ្ញើ ដែល​បង្ហាញ​ពី​កាលបរិច្ឆេទ និង​ចំនួន​ប្រាក់​ដែល​ដាក់​បញ្ញើ ។

ជាង​នេះ​ទៅ​ទៀត សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព និង​ស្មៀន​ម្នាក់ ឬ​សមាជិក​ពីរ​រូប​នៃ​គណៈប៊ីស្សព គួរតែ​បំពេញ​ទម្រង់ការ​ដូច​ខាងក្រោម នៅថ្ងៃ​អាទិត្យ​បន្ទាប់ មុនពេល​ដំណើរការ​ដង្វាយ​នានា​សម្រាប់​ថ្ងៃ​នោះ ៖

  • ប្រៀប​ធៀប​វិក្កយបត្រ​ដាក់​ប្រាក់​បញ្ញើ ទៅ​នឹង​កំណត់ត្រា​ដាក់​ប្រាក់​បញ្ញើ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ថា ចំនួន​ត្រឹមត្រូវ​ត្រូវបាន​ដាក់​បញ្ញើ ។

  • ចុះ​ហត្ថលេខា​លើ​វិក្កយបត្រ​ដាក់​ប្រាក់​បញ្ញើ ហើយ​ដាក់​រៀបចំ​ជា​ឯកសារ​ជាមួយ​នឹង​ព័ត៌មាន​ដង្វាយ​នៃ​សប្តាហ៍​មុន ។

៣៤.៥.៥

ការការពារ​មូលនិធិ​សាសនាចក្រ

សមាជិក​ដែល​ទទួល​ខុសត្រូវ​លើ​មូលនិធិ​សាសនាចក្រ​មិន​ត្រូវ​ទុក​មូលនិធិ​ទាំងនោះ​នៅក្នុង​សាលាប្រជុំ​ពេញ​មួយ​យប់ ឬ​ទុក​មូលនិធិ​ទាំងនេះ​ដោយ​គ្មាន​អ្នក​មើល​ខុស​ត្រូវ​គ្រប់​ពេលវេលា​នោះ​ទេ ដូចជា​ក្នុង​ពេល​ប្រជុំ និង​សកម្មភាព​ទាំងឡាយ ។

៣៤.៥.៦

របាយការណ៍​ដង្វាយ

របាយការណ៍​នៃ​ការបរិច្ចាគ​របស់​អ្នក​បង់​ដង្វាយ​មាន​សម្រាប់​សមាជិក​ទាំងអស់​នៅ​គេហទំព័រ donations.ChurchofJesusChrist.org ។ ថ្នាក់ដឹកនាំ​គួរតែ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ពិនិត្យ​មើល​របាយការណ៍​អ្នក​ថ្វាយ​ដង្វាយ​របស់​ពួកគេ​ជា​ទៀងទាត់ ។ នៅ​កន្លែង​ណា​ដែល​អនុវត្ត របាយការណ៍​ពន្ធ​ផ្លូវការ​ក៏​មាន​នៅ​គេហទំព័រ donations.ChurchofJesusChrist.org ផងដែរ មក​ពី​អង្គភាព​ក្នុង​មូលដ្ឋាន ឬ​មក​ពី​ការិយាល័យ​តំបន់ ។

៣៤.៥.៧

ការគ្រប់គ្រង​ការទូទាត់ប្រាក់របស់​ស្តេក និង​វួដ

មូលនិធិ​ស្តេក​ទាំងអស់​ត្រូវបាន​គ្រប់គ្រង​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ ។ ប្រធាន​ស្តេក​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្តេក ។ ទីប្រឹក្សា​របស់​គាត់ និង​ស្មៀន​ជួយ​ដល់​គាត់ ។ ទីប្រឹក្សា​ដែល​បម្រើ​ជា​ប្រធាន​គណៈកម្មការ​សវនកម្ម​ស្តេក ជាទូទៅ​មិន​គួរ​ជាប់​ទាក់ទង​នៅក្នុង​ការរក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​ស្តេក​នោះ​ទេ ។

មូលនិធិ​វួដ​ទាំងអស់​ត្រូវបាន​គ្រប់គ្រង​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ ។ ប៊ីស្សព​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​វួដ ។ ទីប្រឹក្សា​របស់​គាត់ និង​ស្មៀន​ជួយ​ដល់​គាត់ ។

ជា​ទូទៅ ការទូទាត់ប្រាក់​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​ការផ្ទេរ​មូលនិធិ​តាមអេឡិចត្រូនិច ឬ​មូលប្បទានបត្រ ។ ក្នុង​តំបន់​ខ្លះ អង្គភាព​ទាំងអស់​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កាតធនាគារ ។

គ្មាន​ការចំណាយ​របស់​ស្តេក ឬ​វួដ​អាច​ត្រូវ​បាន​ចំណាយ ឬ​ទូទាត់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អ្នក​កាន់តំណែង​ជា​អធិបតី​នោះ​ទេ ។

ថ្នាក់​ដឹកនាំ​ដែល​បាន​ទទួល​សិទ្ធិ​អំណាច​ត្រូវតែ​អនុម័ត​លើ​ការទូទាត់ប្រាក់​នីមួយៗ ។ ម្នាក់​ក្នុង​ចំណោម​ពីរនាក់​នេះ​គួរតែ​ជា​សមាជិក​ម្នាក់​មកពី​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព ។ ទោះបីជា​ទីប្រឹក្សា​អាច​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​លើ​ការទូទាត់​ប្រាក់​ក្ដី ក៏​ប្រធាន​ស្តេក ឬ​ប៊ីស្សព​ត្រូវតែ​ពិនិត្យ​មើល​លើ​ការទូទាត់ប្រាក់​នីមួយៗ​នោះ​ដែរ ។ ថ្នាក់​ដឹកនាំ​មិនគួរ​អនុម័ត​លើ​ការទូទាត់ប្រាក់​មួយ​សម្រាប់​ពួកគាត់​ខ្លួនឯង​នោះ​ទេ ។

ការចារ​អនុម័ត​របស់​ប្រធានស្តេក​ទាមទារ​ឲ្យមាន ពីមុន​ប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ ឬ​អនុម័ត​ការបញ្ជា​ទិញ​របស់​ប៊ីស្សព​សម្រាប់​ខ្លួនគាត់ ឬ​គ្រួសារ​របស់​គាត់ ។ តម្រូវ​ឲ្យ​មាន​ការអនុម័ត​ជា​លាយលក្ខណ៍អក្សរ​របស់​គណៈប្រធាន​តំបន់ ពីមុន​ប៊ីស្សព​អាច​ប្រើប្រាស់​ដង្វាយ​តមអាហារ ឬ​អនុម័ត​ការបញ្ជាទិញ​របស់​ប៊ីស្សព​សម្រាប់​ប្រធាន​ស្តេក ឬ​គ្រួសារ​របស់​គាត់ ។ សូម​មើល ២២.៥.១.២ សម្រាប់​គោលការណ៍​ណែនាំ​ទាំងឡាយ ។

សមាជិក​ម្នាក់​ដែល​ស្នើ​សុំ​សំណង ផ្ដល់​គ្រប់​បង្កាន់ដៃ ឬ​វិក្កយបត្រ​ជា​ក្រដាស ឬ​ជា​អេឡិចត្រូនិច ។ គាត់​ក៏​បញ្ចូល​នូវ​គោលបំណង ចំនួន និង​កាលបរិច្ឆេទ​នៃ​ការទិញ​នោះ​ផងដែរ ។

ប្រសិន​បើ​មូលនិធិ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​ដំណាក់កាល​បន្ទាប់​ទៀត នោះ​សមាជិក​បញ្ជូន​ទម្រង់​បែបបទ​ស្នើ​សុំ​ការទូទាត់​ប្រាក់​មួយ ដោយ​កត់ចំណាំ​ពី​គោលបំណង ចំនួន និង​កាលបរិច្ឆេទ ។ ក្រោយពី​ការចំណាយ​នោះ​ត្រូវបាន​បង់​ហើយ បន្ទាប់​មក សមាជិក ( ១ ) ផ្តល់​បង្កាន់ដៃ ឬ​វិក្កយបត្រ​សម្រាប់​មូលនិធិ​ដែល​បាន​ចំណាយ និង ( ២ ) ប្រគល់​រាល់​មូលនិធិ​ដែល​មិន​បាន​ចំណាយ​ត្រឡប់​មក​វិញ ។ មូលនិធិ​ដែល​ប្រគល់​មកវិញ​គួរតែ​ត្រូវបាន​ដាក់​បញ្ញើ​វិញ ។

ថ្នាក់​ដឹកនាំ និង​ស្មៀន​ដែល​បាន​ទទួល​សិទ្ធិ​អំណាច មិន​គួរ​អនុម័ត​ការទូទាត់ប្រាក់​ទាំងឡាយ ដោយ​មិន​ពិនិត្យ​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​លើ​ការចំណាយ និង​បង្កាន់ដៃ ឬ​វិក្កយបត្រ​ឡើយ ។

ស្តេក និង​វួដ​ទាំងឡាយ​មិន​អាច​បើក​គណនី​ធនាគារ​ផ្ទាល់​របស់​ខ្លួន ឬ​រក្សា​មូលនិធិ​សាច់ប្រាក់​តិចតួច​ឡើយ ។

៣៤.៥.៧.១

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ការទូទាត់ប្រាក់​តាម​អេឡិច​ត្រូនិច

ប្រសិន​បើ​ស្តេក ឬ​វួដ​ប្រើប្រាស់​ការទូទាត់ប្រាក់​តាម​អេឡិចត្រូនិច នោះ​សមាជិក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បញ្ចូល​ព័ត៌មាន​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅក្នុង​ផ្នែក គណនី​សំណង​ដល់​ការចំណាយ នៅក្រោម Settings នៅក្នុង Online Donations នៅ​គេហទំព័រ donations.ChurchofJesusChrist.org ។ វួដ ឬ​ស្តេក​មិន​គួរ​រក្សា​ព័ត៌មាន​គណនី​ធនាគារ​របស់​សមាជិក​សោះ​ឡើយ ទោះ​ជា​ក្រដាស ឬ​ជា​អេឡេចត្រូនិច​ក៏ដោយ ។

៣៤.៥.៧.២

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
មូលប្បទានបត្រ

ប្រសិន​បើ​ស្តេក ឬ​វួដ​ប្រើ​មូលប្បទានបត្រ មូលប្បទានបត្រ​មួយ​មិនគួរ​ត្រូវបាន​ចុះ​ហត្ថលេខា​ទេ រហូត​ដល់​មូលប្បទានបត្រ​នោះ​ត្រូវបាន​បំពេញ​ចប់សព្វ​គ្រប់សិន ។ សៀវភៅ​មូលប្បទានបត្រ និង​មូលប្បទានបត្រ​ទទេ គួរតែ​ត្រូវបាន​តម្កល់​ទុក​នៅក្នុង​កន្លែង​ដាក់​ឯកសារ ឬ​ទូរ​ដែល​ចាក់សោ ។ សៀវភៅ​មូលប្បទានបត្រ និង​មូលប្បទានបត្រ​ទទេ មិនត្រូវ​ទុកចោល​ដោយ​មិន​អើពើ​ឡើយ នៅពេល​ដែល​សៀវភៅ​មូលប្បទានបត្រ និង​មូលប្បទានបត្រ​ទទេ មិនបាន​ចាក់សោ​ដោយ​សុវត្ថិភាព​នោះ ។ ប្រសិនបើ​បាត់​មូលប្បទានបត្រ​ទទេ​ណា​មួយ នោះ​ប្រធាន​ស្តេក ឬ​ប៊ីស្សព​រាយការណ៍​អំពី​លេខ​មូលប្បទានបត្រ​ទាំងនេះ​ភ្លាមៗ​ទៅកាន់​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។

៣៤.៥.៧.៣

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ការទូទាត់ប្រាក់​តាមកាត

ប្រសិន​បើ​ស្តេក និង​វួដ​ប្រើប្រាស់​ការទូទាត់​ប្រាក់​តាម​កាត​សម្រាប់​ការចំណាយ​របស់​អង្គភាព នោះ​កាត​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​នៅ​ចំណុច​លក់ ឬ​សម្រាប់​ការដក​ប្រាក់ ។ ប្រតិបត្តិការ​ដែល​ប្រើ​កាត និង​ការដក​ប្រាក់ ត្រូវបាន​បញ្ចូល​ទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាសនាចក្រ​ដោយ​ស្វ័យ​ប្រវត្តិ ។ ការប្រើប្រាស់​កាត​ទាំងអស់​គួរតែ​ត្រូវបាន​កត់ត្រា​ភ្លាមៗ ។ ប្រសិន​បើ​ការប្រើប្រាស់​ទាំងនេះ​មិន​ត្រូវបាន​កត់ត្រា​ទេ កាត​នោះ​អាច​ត្រូវបាន​បិទ​ការដំណើរការ ។

សមតុល្យ​ការទូទាត់ប្រាក់​តាមកាត​ទាំងអស់ គួរតែ​ត្រូវបាន​ធ្វើ​ឲ្យ​នៅ​សូន្យ​យ៉ាង​ហោច​ណាស់​ជា​រៀងរាល់​ឆ្នាំ ។

៣៤.៥.៨

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ប្រអប់​សាច់ប្រាក់

ការិយាល័យ​ប្រចាំ​តំបន់​ផ្ដល់​សេចក្ដី​ណែនាំ​ជាក់លាក់​សម្រាប់​អង្គភាព​ទាំងឡាយ ដែល​​មិន​អាច​ចូល​ប្រើ​គណនី​ធនាគារ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​សាសនាចក្រ ។

៣៤.៥.៩

ការរក្សា​បញ្ជីការ​ហិរញ្ញវត្ថុ

ស្តេក និង​វួដ​នីមួយៗ​គួរតែ​រក្សា​បញ្ជីការ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ។ បញ្ជីការ​ទាំង​នេះ​ជួយ​ដល់​ប្រធាន​ស្តេក និង​ប៊ីស្សព​ឲ្យ​មើល​ខុស​ត្រូវ និង​ការពារ​មូលនិធិ​ដ៏​ពិសិដ្ឋ​របស់​សាសនាចក្រ ។ កំណត់ត្រា​ត្រឹមត្រូវ​ក៏​ចាំបាច់​ផងដែរ​សម្រាប់ ៖

  • ការរៀបចំ​ថវិកា ។

  • ការគ្រប់គ្រង​ប្រាក់​ឧបត្ថម្ភ ។

  • ការផ្ដល់​ព័ត៌មាន​ទៅកាន់​សមាជិក​អំពី​ការបរិច្ចាគ​ហិរញ្ញវត្ថុ​របស់​ពួកគេ ។

  • ការឆ្លើយតប​ទៅកាន់​សវនកម្ម ។

សម្រាប់​ព័ត៌មាន​អំពី​ការប្រើប្រាស់ និង​ការថែរក្សា​កំណត់ត្រា និង​របាយការណ៍ ស្មៀន​គួរតែ​យោងទៅ​ការណែនាំ​មកពី​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។ បញ្ជីកា​រហិរញ្ញវត្ថុ​គួរតែ​ត្រូវបាន​រក្សាទុក​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់​បី​ឆ្នាំ បូករួម​ទាំង​ឆ្នាំ​បច្ចុប្បន្ន​ផងដែរ ។ ច្បាប់​ក្នុង​មូលដ្ឋាន​អាច​នឹង​តម្រូវឲ្យ​រក្សាទុក​ក្នុង​រយៈពេល​យូរជាង​នេះ ។

៣៤.៦

ថវិកា និង​ការចំណាយ

កម្មវិធី​ថវិកា​ឧបត្ថម្ភ​ផ្តល់​មូលនិធិ​ទូទៅ​នៃ​សាសនាចក្រ​ដើម្បី​ទូទាត់​សម្រាប់​សកម្មភាព និង​កម្មវិធី​ទាំងឡាយ​របស់​ស្តេក និង​វួដ ។ កម្មវិធី​នេះ​លុប​បំបាត់​ចោល​នូវ​តម្រូវការ ដើម្បី​ទទួល​ការបរិច្ចាគ​ថវិកា​មកពី​សមាជិក ។ ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់​បាន​ធ្វើ​ឲ្យ​មាន​ថវិកា​ឧបត្ថម្ភ ។

ប្រសិនបើ​ចាំបាច់ ថ្នាក់ដឹកនាំ​បព្វជិតភាព​គួរតែ​កាត់​បន្ថយ​សកម្មភាព ហើយ​ធ្វើ​ឲ្យ​សកម្មភាព​មាន​ភាពសាមញ្ញ​ឲ្យ​ស្ថិត​តាម​ចំនួន​ថវិកា​ដែល​មាន ។ សកម្មភាព​ភាគច្រើន​បំផុត​គួរតែ​មាន​លក្ខណៈ​សាមញ្ញ ហើយ​ចំណាយ​បន្តិច​បន្តួច ឬគ្មាន​ចំណាយ​សោះ ។

៣៤.៦.១

ថវិកា​របស់​ស្តេក និង​វួដ

គ្រប់​ស្តេក និង​វួដ​រៀបចំ និង​ធ្វើ​ប្រតិបត្តិការ​ថវិកា​ប្រចាំ​ឆ្នាំ ។ ប្រធាន​ស្តេក​គ្រប់គ្រង​ថវិកា​ស្តេក ហើយ​ប៊ីស្សព​គ្រប់គ្រង​ថវិកា​វួដ ។ ពួកគាត់​អាច​ចាត់តាំង​ទីប្រឹក្សា​ម្នាក់​ឲ្យ​គ្រប់គ្រង​ថវិកា នៅក្រោម​ការណែនាំ​របស់​ពួកគាត់​បាន ។ ពួកគាត់​ក៏​អាច​ចាត់​ស្មៀន​ម្នាក់​ឲ្យ​ជួយ​រៀបចំ និង​ត្រួត​ពិនិត្យ​លើ​ថវិកា​ផងដែរ ។

គណៈ​ប្រធាន​ស្តេក និង​គណៈ​ប៊ីស្សព​ចាប់ផ្តើម​ការរៀបចំ​ថវិកា​ឲ្យបាន​ល្អ មុនពេល​ចាប់ផ្តើម​ប្រតិទិន​ឆ្នាំ​នីមួយៗ ៖ គោលការណ៍​ណែនាំ​ទាំងឡាយ​ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ ៖

  • ពិនិត្យមើល​លើ​ចំនួនទឹកប្រាក់​ដែល​បាន​ចំណាយ​ក្នុង​អំឡុង​ពេល​ឆ្នាំ​មុន ដើម្បី​ប្រាកដ​ថា​ការចំណាយ​ដែល​បាន​ចំណាយ ត្រូវបាន​គិតគូរ​ដល់ ។

  • ស្នើសុំឲ្យ​អង្គការ​ទាំងឡាយ​ប៉ាន់ស្មាន​អំពី​សេចក្តី​ត្រូវការ​ថវិកា​របស់​ពួកគេ​ឲ្យ​លម្អិត ។

  • ប្រមូល​ផ្ដុំ​ថវិកា ដោយ​ប្រើប្រាស់​ការអនុវត្ត​ថវិកា​ដែល​បាន​អនុម័ត ។ ថវិកា​គួរតែ​ធានា​បានថា ការចំណាយ​ដែល​បាន​គ្រោងទុក​មិនលើស​ពី​មូលនិធិ​ថវិកា​ដែល​ផ្តល់ឲ្យ​តាម​ការគ្រោងទុក​ទេ ។

ឧបករណ៍​ថវិកា​ដែល​មាន​បញ្ចូល​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាសនាចក្រ គួរតែ​ត្រូវបាន​ប្រើប្រាស់​នៅ​កន្លែង​ណា​ដែល​មាន ។

៣៤.៦.២

ថវិកា​ឧបត្ថម្ភ

៣៤.៦.២.១

ការបែងចែង​ថវិកា

មូលនិធិ​ថវិកា​ត្រូវបាន​បែងចែក​ជា​ត្រីមាស ដោយ​ផ្អែក​ទៅលើ​ការចូលរួម​នៅក្នុង​ផ្នែក​ដូចខាងក្រោម​នេះ ៖

  • ការប្រជុំ​សាក្រាម៉ង់

  • យុវជន

  • យុវនារី

  • អង្គការ​បឋមសិក្សា​សម្រាប់​កុមារ​អាយុ​ពី ៧–១០ ឆ្នាំ

  • យុវមជ្ឈិមវ័យ​នៅលីវ

វា​សំខាន់​ដើម្បី​រាយការណ៍​ពី​ការចូលរួម​ដោយ​ត្រឹមត្រូវ និង​ទាន់ពេល ( សូមមើល ៣៣.៥.១.១ ) ។

ពីមុន​ការបែងចែក​ប្រចាំ​ឆមាស​នីមួយៗ ប្រធាន​ស្តេក​ទទួល​ព័ត៌មាន​អំពី​ចំនួន​ដើម្បី​បែងចែក ។ បន្ទាប់​មក គាត់​កំណត់​ថា​តើ​ចំនួន​ប៉ុន្មាន​នៃ​មូលនិធិ ត្រូវ​បាន​បែងចែក​ទៅកាន់​វួដ​ទាំងឡាយ ។ គាត់​ធ្វើការ​ជាមួយ​ប៊ីស្សព​ដោយ​សាមគ្គីភាព និង​ការសហការគ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ស្តេក​នោះ និង​វួដ​ទាំងឡាយទទួល​បាន​មូលនិធិ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ។ ប្រសិនបើ​មាន​ការប្រែប្រួល​ដែល​មើល​មិន​ឃើញ​ជាមុន​កើត​ឡើង ដែល​អាច​នឹង​ចាំបាច់​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ការបែង​ចែក​ថវិកា​ដែល​ផ្ដល់​ឲ្យ​ពី​មុន នោះ​ប្រធាន​ស្តេក​ត្រូវ​ប្រាកដ​ថា មាន​ការកែសម្រួល​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ ។

ប៊ីស្សព​មើល​ការខុសត្រូវ​លើ​ការបែងចែក​មូលនិធិ​ថវិកា​ឧបត្ថម្ភ​នៅក្នុង​វួដ ។ គាត់​ត្រូវ​ប្រាកដ​ថា អង្គការ​ទាំងឡាយ​នៅក្នុង​វួដ​ត្រូវបាន​ផ្តល់​ថវិកា​ឲ្យ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ។

ថ្នាក់ដឹកនាំ​បព្វជិតភាព​ត្រូវ​ប្រាកដ​ថា ការបែងចែក​ថវិកា ព្រមទាំង​សកម្មភាព​ទាំងឡាយ​សម្រាប់​ក្រុម​យុវជន និង​យុវនារី​មាន​សមធម៌ ហើយ​ថា​ការបែងចែក​ទាំងឡាយ​សម្រាប់​អង្គការ​បឋមសិក្សា​គឺ​គ្រប់​គ្រាន់ ។

៣៤.៦.២.២

ការប្រើប្រាស់​ថវិកា​ដោយ​ត្រឹមត្រូវ

ប្រធាន​ស្តេក និង​ប៊ីស្សព​ត្រូវ​ប្រាកដថា មូលនិធិ​ថវិកា​ឧបត្ថម្ភ​ត្រូវបាន​ចំណាយ​ដោយ​ឈ្លាសវៃ ។ មូលនិធិ​គួរតែ​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្ស និង​ជួយ​ពង្រីក​គោលបំណង​នៃ​ដំណឹង​ល្អ ។ ថ្នាក់ដឹកនាំ​ក៏​ត្រូវ​ប្រាកដ​ថា ការចំណាយ​ទាំងអស់​ត្រូវ​ស្ថិត​នៅក្នុង​កម្រិត​ថវិកា​ឧបត្ថម្ភ​ផងដែរ ។

មូលនិធិ​ថវិកា​ស្តេក និង​វួដ​គួរតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង់ថ្លៃ​សម្រាប់​សកម្មភាព កម្មវិធី សៀវភៅ​សិក្សា និង​សម្ភារ​ទាំងអស់ ។ សមាជិក​មិន​គួរបង់ប្រាក់​ដើម្បី​ចូលរួម​នៅក្នុង​សកម្មភាព​នានា​នោះ​ទេ ។ ពួកគេ​មិន​គួរ​ផ្តល់​សម្ភារ​គ្រឿង​ប្រើប្រាស់ ចំណាយ​ថ្លៃជួល ឬ​ថ្លៃ​ឲ្យ​ចូល ឬ​ថ្លៃការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ដោយ​ផ្ទាល់ខ្លួន​នោះ​ទេ ។ សមាជិក​អាច​ផ្ដល់​អាហារ ប្រសិន​បើ​ការធ្វើ​ដូច្នោះ​មិនមែន​ជា​បន្ទុក​មួយ​ទេ​នោះ ( សូមមើល ២០.៦.១ ) ។

សមាជិក​ដែល​ចង់​បរិច្ចាគ​មូលនិធិ​បន្ថែម​ទៅឲ្យ​សាសនាចក្រ ពុំ​អាច​ដាក់​កំណត់​ថា​មូលនិធិ​ទាំងនោះ​គឺ​សម្រាប់​ស្តេក ឬវួដ​បាន​នោះទេ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បរិច្ចាគ​មូលនិធិ​ទៅក្នុង​ដង្វាយ​តមអាហារ មូលនិធិ​អ្នកផ្សាយសាសនា ជំនួយ​មនុស្សធម៌ ឬ​ផ្នែក​ការបរិច្ចាគ​ដែល​មាន​ការអនុញ្ញាត​ដទៃ​ទៀត ។

ការចំណាយ​សម្រាប់​ការសាងសង់​អគារ ការថែទាំអគារ ទូរសព្ទ អគ្គិសនី កុំព្យូទ័រ ឬ​ការធ្វើ​ដំណើរ​របស់​អ្នកដឹកនាំ​បព្វជិតភាព ត្រូវបាន​ទូទាត់​មកពី​មូលនិធិ​សាសនាចក្រ​ទូទៅ ស្រប​ទៅ​តាម​សេចក្តីណែនាំ​បច្ចុប្បន្ន ។

៣៤.៦.២.៣

ថវិកា​ដែល​មិន​ត្រូវការ

មិន​គួរ​ចំណាយ​មូលនិធិ​ថវិកា​ដែល​ផ្តល់ឲ្យ​ដែល​មិន​ត្រូវការ​នោះ​ទេ ។ មូលនិធិ​វួដ​ដែល​មិន​ត្រូវការ​គួរ​ប្រគល់​ទៅឲ្យ​ស្តេក​វិញ ។ មូលនិធិ​ស្តេក​ដែល​មិន​ត្រូវការ​ត្រូវ​ប្រគល់​ទៅឲ្យ​សាសនាចក្រ​វិញ ។

ក្នុង​ករណី​លើកលែង ស្តេក និង​វួដ​អាច​រក្សា​ទុក​មូលនិធិ​ដែល​មិន​បាន​ចំណាយ​ខ្លះៗ ប្រសិន​បើពួកគេ​ត្រូវការ​សម្រាប់​សកម្មភាព​ជាក់លាក់ ដែល​បាន​រៀប​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី ដូចជា​សន្និសីទ​យុវវ័យ​ជាដើម ។ ទោះជា​យ៉ាងណា​ក៏ដោយ ផ្នែក​ដែល​សំខាន់​នៃ​ប្រាក់​ឧបត្ថម្ភ​របស់​ស្តេក ឬ​វួដ មិនគួរ​ត្រូវបាន​រក្សាទុក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទៀត​ឡើយ ។

៣៤.៦.៣

មូលនិធិ​សម្រាប់​សកម្មភាព​ពិសេស និង​គ្រឿង​បរិក្ខារ

៣៤.៦.៣.១

សកម្មភាព​ស្តេក និង​សកម្មភាព​ពហុស្តេក

ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យធ្វើ​សកម្មភាព​ស្តេក និង​សកម្មភាព​ពហុស្តេក ដើម្បី​ផ្តល់​ឱកាស​បង្កើន​សាមគ្គីភាព និង​មិត្តភាព ជាពិសេស​ក្នុង​ចំណោម​យុវវ័យ និង​យុវមជ្ឈិម​វ័យ​លីវ ។ ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា ពួកគាត់​ចាត់ចែង​មូលនិធិ​គ្រប់គ្រាន់ ដើម្បី​គាំទ្រ​ចំពោះ​ចំនួន​សកម្មភាព​ស្តេក និង​សកម្មភាព​ពហុស្តេក​ដោយ​ត្រឹមត្រូវ ។

ការផ្ដល់​មូលនិធិ​សម្រាប់​សកម្មភាព​ពហុស្តេក​ភាគច្រើន​បំផុត បាន​មក​ពី​មូលនិធិ​ថវិកា​នៃ​ស្តេក​ដែល​ចូលរួម ។ ការផ្ដល់​មូលនិធិ​សម្រាប់​សកម្មភាព​ប្រចាំ​តំបន់ អាច​ចេញ​មកពី​តំបន់ ឬ​ទីស្នាក់​ការ​កណ្តាល​នៃ​សាសនាចក្រ នៅ​ពេល​អនុម័ត​ឲ្យ ។

៣៤.៦.៣.២

សកម្មភាព និង​គ្រឿង​បរិក្ខារ​ពិសេស

សម្រាប់​ព័ត៌មាន​អំពី​សកម្មភាព និង​គ្រឿង​បរិក្ខារ​ពិសេស សូមមើល ជំពូកទី ២០ ។

៣៤.៧

សវនកម្ម

៣៤.៧.១

គណៈកម្មការ​សវនកម្ម​ស្តេក

ប្រធាន​ស្តេក​រៀបចំ​គណៈកម្មការ​សវនកម្ម​ស្តេក ។ គណៈកម្មការ​នេះ​ធ្វើ​ឲ្យ​ប្រាកដ​ថា ហិរញ្ញវត្ថុ​ស្តេក និង​វួដ​ត្រូវ​បាន​ចាត់ចែង​ស្រប​ទៅតាម​គោលនយោបាយ​សាសនាចក្រ ។ គណៈកម្មការ​នេះ​រួមមាន​ទីប្រឹក្សា​មួយ​រូប​របស់​ប្រធាន​ស្តេក​ជា​ប្រធាន​គណៈកម្មការ និង​សមាជិក​ស្តេក​ពីរនាក់​ផ្សេងទៀត​ដែល​យល់ ឬ​អាច​ទទួល​ការបំពាក់បំប៉ន​នៅក្នុង​បញ្ហា​ហិរញ្ញវត្ថុ​បាន ។ បងប្អូន​ប្រុស ឬ​បងប្អូនស្រី​ទាំងនេះ​គួរតែ​ជាអ្នក​ដែល​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។

ជាទូទៅ ទីប្រឹក្សា​ដែល​បម្រើ​ជា​ប្រធាន មិន​គួរ​អនុម័ត​ការទូទាត់​ប្រាក់ ឬ​ចូលរួម​នៅក្នុង​ការរក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​ស្តេក​ឡើយ ។

សមាជិក​គណៈកម្មការ​មិន​គួរ​ជា​សវនករ​ស្តេក​ឡើយ ។ ហើយ​ពួកគាត់​ក៏​មិន​គួរ​ធ្វើ​ការរក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​ស្តេក ឬ​វួដ​ដែរ ។

៣៤.៧.២

សវនករ​ស្តេក

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​របស់​គាត់​ដែល​ជា​ប្រធាន​នៃ​គណៈកម្មការ​សវនកម្ម​ស្តេក ហៅ​សវនករ​ស្តេក​យ៉ាង​ហោច​ណាស់​ពីរ​នាក់​ឲ្យ​បម្រើ ។ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ទាំងនេះ​គួរតែ​ជាអ្នក​ដែល​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ពួក​គាត់​គួរតែ​មាន​បទពិសោធន៍​ផ្នែក​គណនេយ្យ ឬ​សវនកម្ម ។ ពួកគាត់​ត្រូវតែ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ។ ទោះជា​យ៉ាង​ណា ពួកគាត់​ពុំ​ត្រូវបាន​លើក​ដៃ​គាំទ្រ​នោះទេ ។ ប្រធាន​ស្តេក​កំណត់​ថាតើ​ពួកគាត់​ត្រូវ​ញែក​ចេញ​ឬ​អត់ ។

ទីប្រឹក្សា​ជាន់ខ្ពស់​អាច​បម្រើ​ជា​សវនករ​ស្តេក​ផងដែរ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ស្មៀន​ស្តេក និង​ជំនួយការ​ស្មៀន​ស្តេក​ពុំ​អាច​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​សវនករ​ទេ ។ អ្នក​ទាំងឡាយ​ដែល​បម្រើ​ជា​សវនករ​អាច​មាន​ការហៅ​ដទៃ​ទៀត​ផងដែរ ។

៣៤.៧.៣

សវនកម្ម​ហិរញ្ញវត្ថុ

សវនករ​ស្តេក​ធ្វើ​សវនកម្ម​កំណត់ត្រា​ហិរញ្ញវត្ថុ​របស់​ស្តេក វួដ សាខា និង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ពីរដង​ក្នុង​មួយឆ្នាំ ។ សវនករ​ក៏ធ្វើ​សវនកម្ម​កំណត់ត្រា​ហិរញ្ញវត្ថុ​លើ​ទ្រព្យសម្បត្តិ​ខាង​ការកម្សាន្ដ​ម្តង​ក្នុង​មួយឆ្នាំ​ផងដែរ ។ ទាំងនេះ​គឺ​ជា​ឱកាស​ដើម្បី​លើក​ទឹកចិត្ត គាំទ្រ ហើយ​បំពាក់បំប៉ន​អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​ហៅ​ឲ្យ​ចាត់ចែង​មូលនិធិ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដី​សប្បុរស ។

សវនករ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ៖

  • ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការបរិច្ចាគ​ផ្សេងៗ​ទៀត​ត្រូវបាន​កត់ត្រា​យ៉ាង​ត្រឹមត្រូវ ។

  • មូលនិធិ​សាសនាចក្រ​ត្រូវបាន​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ មាន​ការទទួល​ខុស​ត្រូវ និង​ការការពារ​ដោយ​ប្រុង​ប្រយ័ត្ន ។

  • កំណត់ត្រា​ហិរញ្ញវត្ថុ​បាន​បំពេញ​ចប់​សព្វ​គ្រប់ និង​ត្រឹមត្រូវ ។

អ្នកកាន់​តំណែង​ជាអធិបតី​របស់​អង្គភាព និង​ស្មៀន​ដែល​បាន​ចាត់តាំង​ខាង​ហិរញ្ញវត្ថុ​គួរតែ​មាន​ពេល ដើម្បី​ឆ្លើយ​នឹង​សំណួរ អំឡុងពេល​ធ្វើ​សវនកម្ម ។

ប្រធាន​ស្តេក និង​គណៈកម្មការ​សវនកម្ម​ស្តេក​ពិនិត្យ​មើល​សវនកម្ម​ទាំងអស់ ។ បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ​ឡើង​វិញ​រួច​ហើយ ប្រធាន​គណៈកម្មការ​សវនកម្ម​ស្ដេក និង​ប្រធាន​ស្ដេក​ចុះ​ហត្ថលេខា​លើ​សវនកម្ម​នោះ ។ សវនកម្ម​អាច​ត្រូវ​ចុះ​ហត្ថលេខា និង​ដាក់​បញ្ជូន មុនពេល​ករណី​លើកលែង​ទាំងអស់​ត្រូវបាន​កែ​តម្រូវ ។ ប្រធាន​ស្តេក និង​គណៈកម្មការ​សវនកម្ម​ស្តេក​ធានា​ថា ករណី​លើកលែង​សវនកម្ម​នានា​ត្រូវបាន​កែតម្រូវ​ភ្លាមៗ ។

៣៤.៧.៤

សវនករ​ប្រចាំ​តំបន់ និង​ជំនួយការ​សវនករ​ប្រចាំ​តំបន់

គណៈប្រធាន​តំបន់​ធ្វើ​តាម​សេចក្ដី​ណែនាំ​នៅក្នុង មគ្គទ្ទេសក៍​សម្រាប់​កម្មវិធី​សវនកម្ម​តំបន់ នៅពេល​ហៅ​សវនករ​តំបន់ ឬ​ជំនួយការ​សវនករ​តំបន់​ម្នាក់ ។

៣៤.៧.៥

ការបាត់បង់ ការលួច ការកេងបន្លំ ឬ​ការគៃបំបាត់​មូលនិធិ​សាសនាចក្រ

ប្រធាន​ស្តេក ឬ​ប្រធាន​នៃ​គណៈកម្មការ​សវនកម្ម​ស្តេក គួរតែ​ត្រូវបាន​ជូន​ដំណឹង​ភ្លាមៗ ប្រសិន​បើ ៖

  • មូលនិធិ​សាសនាចក្រ​បាន​បាត់ ឬ​ត្រូវ​គេ​លួច ។

  • អ្នក​ដឹកនាំ​ម្នាក់​បាន​លួចបន្លំ ឬប្រើប្រាស់​មូលនិធិ​សាសនាចក្រ​ដោយ​មិន​ត្រឹមត្រូវ ។

ប្រធាន​ស្តេក ឬ​ប្រធាន​នៃ​គណៈកម្មការ​សវនកម្ម​ស្តេក ជូន​ដំណឹង​ទៅ​នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ ។ គាត់​ជូន​ដំណឹង​ទៅកាន់​អ្នក​មើល​ការ​ខុសត្រូវ​ប្រចាំ​តំបន់ ប្រសិន​បើ​អង្គភាព​នោះ​នៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា ។

នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ ( ឬ​អ្នកមើលការ​ខុសត្រូវ​ប្រចាំ​តំបន់ ) បញ្ជូន​ទម្រង់​បែបបទ​របាយការណ៍​អំពី​ការបាត់បង់​ទៅឲ្យ​ប្រធាន​ស្តេក ឬ​ប្រធាន​គណៈកម្មការ​សវនកម្ម ។ នៅក្រោម​ការដឹកនាំ​របស់​នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ ( ឬ​អ្នក​មើលការ​ខុសត្រូវ​ប្រចាំ​តំបន់ ) ប្រធាន​ស្តេក ឬ​ប្រធាន​គណៈកម្មការ​សវនកម្ម​ត្រូវ​ប្រាកដ​ថា បញ្ហា​នេះ​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ត្រឹមត្រូវ ។ គាត់​ក៏​ត្រូវ​ប្រាកដ​ផងដែរ​ថា ទម្រង់​បែបបទ​អំពី​ការបាត់បង់​ត្រូវបាន​បំពេញ​ត្រឹមត្រូវ ហើយ​បញ្ជូន​ទៅ ។

បន្ទាប់​ពី​ការពិនិត្យ​បញ្ចប់​ហើយ ប្រសិន​បើ​នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ​កំណត់​ថា អ្នកដឹកនាំ ឬ​បុគ្គលិក​សាសនាចក្រ​ម្នាក់​បាន​លួចបន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ នោះ​សកម្មភាព​លើ​សមាជិកភាព​គួរតែ​ត្រូវពិចារណា ។ គោលការណ៍​ណែនាំ​ទាំងឡាយ​មាន​នៅក្នុង ៣២.៦.៣.៣ ។

ប្រសិន​បើ​រកឃើញ​នូវ​ការប្រើប្រាស់​មូលនិធិ​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ នោះ​ប្រធាន​ស្តេក ឬ​ប្រធាន​គណៈកម្មការ​សវនកម្ម​ក៏​ជូន​ដំណឹង​ទៅកាន់​គណៈប្រធាន​តំបន់​ផងដែរ ។

៣៤.៧.៦

ស្មៀន​ស្តេក ឬ​ជំនួយការ​ស្មៀន​ស្តេក​ដែល​បាន​ចាត់តាំង​ខាង​ហិរញ្ញវត្ថុ

គណៈកម្មការ​សវនកម្ម​ស្ដេក​អាច​ចាត់​ស្មៀន​ស្ដេក ឬ​ជំនួយការ​ស្មៀន​ស្ដេក ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​កាន់​ខាង​ហិរញ្ញវត្ថុ ដើម្បី​ហ្វឹកហ្វឺន​ថ្នាក់​ដឹកនាំ​វួដ​ស្ដីពី​គោលនយោបាយ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ ។ គាត់​ក៏​ហ្វឹកហ្វឺន​ពួកគេ​អំពី​នីតិវិធី​ដែល​ទាក់ទង​ទៅ​នឹង​ករណី​លើកលែង​ដែល​បង្ហាញ​ដោយ​សវនកម្ម​ផងដែរ ។

៣៤.៧.៧

សម្រាប់​ព័ត៌មាន​បន្ថែម

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គណៈកម្មការ​សវនកម្ម សវនករ និង​ទម្រង់ការ​សវនកម្ម សូមមើល មជ្ឈមណ្ឌល​ជំនួយ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ គណៈកម្មការ​សវនកម្ម​ស្តេក​អាច​នាំ​សំណួរ​ទៅកាន់​ជំនួយការ​សវនករ​ប្រចាំ​តំបន់​បាន ។

៣៤.៨

ពន្ធ

ព័ត៌មាន​អំពី​ពន្ធ​នៅក្នុង​កថាខណ្ឌ​នេះ​អនុវត្ត​តែ​នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា​ប៉ុណ្ណោះ ។ ប្រសិន​បើ​ថ្នាក់ដឹកនាំ​បព្វជិតភាព​នៅក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា​ត្រូវការ​ព័ត៌មាន​បន្ថែម នោះពួកគាត់​គួរតែ​ទាក់ទង​ទៅកាន់​នាយកដ្ឋាន​រដ្ឋបាល​ផ្នែក​ពន្ធ ៖

Tax Administration

50 East North Temple Street, Room 2276

Salt Lake City, UT 84150-0022

ទូរសព្ទ ៖ ១–៨០១–២៤០–៤៤០៥ ឬ ១–៨០០–៤៥៣–៣៨៦០ លេខ​ខ្នែង ២–៤៤០៥

ថ្នាក់ដឹកនាំ​បព្វជិតភាព​នៅក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ដើម្បី​ដោះស្រាយ​ចម្ងល់​អំពី​ពន្ធ ។

៣៤.៨.១

ស្ថានភាព​អនុគ្រោះ​ពន្ធ

ជាធម្មតា​សាសនាចក្រ​ត្រូវបាន​លើកលែង​ពន្ធ​ពី​ការលក់ ទ្រព្យសម្បត្តិ ចំណូល និងពន្ធដទៃៗ​ទៀត ដោយសារ​តែ​វាគឺជា​អង្គការ​ខាង​សាសនា​មួយ ។ អគារ​សាសនាចក្រ និង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​នៃ​ការថ្វាយបង្គំ ការណែនាំ​ខាង​សាសនា និង​សកម្មភាព​ដែល​ទាក់ទង​នឹង​សាសនា​ដទៃ​ទៀត ។ ថ្នាក់ដឹកនាំ​ស្តេក និងវួដ​ត្រូវ​ប្រាកដ​ថា អគារ​សាសនាចក្រ មិន​ត្រូវបាន​ប្រើ​ប្រាស់​​សម្រាប់​ខាង​នយោបាយ អាជីវកម្ម ឬគោលបំណង​វិនិយោគទុន​ឡើយ ដូចដែល​បានចែង​នៅក្នុង ៣៥.៥.២ ។ ការធ្វើ​ដូច្នោះ​អាច​នឹង​បំពាន​ច្បាប់​ដែល​អនុញ្ញាត​នូវ​ការលើកលែង​ពន្ធ​ទៅលើ​ទ្រព្យសម្បត្តិ​សាសនាចក្រ ។

វាមាន​សារៈសំខាន់​ដែល​ថ្នាក់ដឹកនាំ​ស្តេក និងវួដ​ធ្វើតាម​ការណែនាំ​ទាំង​នេះ​ដើម្បី​រក្សា​ស្ថានភាព​ការអនុគ្រោះ​ពន្ធ​របស់​សាសនាចក្រ ។ ប្រសិន​បើ​ស្តេក ឬ​វួដ​មួយ​ធ្វើ​ខុសឆ្គង​នឹង​ស្ថានភាព​ការអនុគ្រោះ​ពន្ធ​របស់​សាសនាចក្រ នោះ​អង្គភាព​សាសនាចក្រ​ដទៃ​ទៀត អាច​នឹង​ត្រូវទទួល​រង​ឥទិ្ធពល​នេះ ។

៣៤.៨.២

ពន្ធ​លើ​ការលក់ និង​ពន្ធ​លើ​ការប្រើប្រាស់

ច្បាប់​ពន្ធ​ស្ដីពី​ការលក់ និង​ពន្ធ​លើ​ការប្រើប្រាស់ និង​របៀប​ដែល​វា​អនុវត្ត​ចំពោះ​សាសនាចក្រ​មាន​ភាពផ្សេងៗ​ទៅ​តាម​ប្រទេស និង​រដ្ឋ ។ ថ្នាក់ដឹកនាំ​ទាក់ទង​ទៅ​នាយកដ្ឋាន​រដ្ឋបាល​ផ្នែក​ពន្ធ​របស់​សាសនាចក្រ ឬ​ការិយាល័យ​ប្រចាំ​តំបន់​ដែល​បាន​ចាត់ ដើម្បី​ឲ្យ​ដឹងថា តើ​សាសនាចក្រ​មាន​ការលើកលែង​ពន្ធ ឬ​ត្រូវ​បង់ពន្ធ​ទាំង​នោះ​ឬ​អត់ ។

៣៤.៨.៣

ពន្ធ​លើ​ទ្រព្យសម្បត្តិ

ផ្នែក​គ្រប់គ្រង​ពន្ធ​របស់​សាសនាចក្រ​បំពេញ និង​បញ្ជូន​ឯកសារ​ការលើកលែង​ពន្ធ​លើ​ទ្រព្យសម្បត្តិ​ទាំងអស់ ហើយ​បង់​រាល់ពន្ធ​លើ​ទ្រព្យសម្បត្តិ​ដែល​តម្រូវ​ឲ្យ​បង់ ។ ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​មិន​តម្រូវ​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ។