ក្បួនខ្នាត និង​ការហៅ
៣៣. កំណត់ត្រា និង​របាយការណ៍


« ៣៣. កំណត់ត្រា និង​របាយការណ៍ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣៣. កំណត់ត្រា និង​របាយការណ៍ » ក្បួន​ខ្នាត​ទូទៅ ។

៣៣.

កំណត់ត្រា និង​របាយការណ៍

៣៣.០

សេចក្តីផ្ដើម

នីតិវិធី​នៅក្នុង​ជំពូក​នេះ​អនុវត្ត​ជា​ទូទៅ​ចំពោះ​អង្គភាព​ទាំងឡាយ ដែល​ប្រើ​ឧបករណ៍​រក្សា​កំណត់ត្រា​តាម​អនឡាញ​របស់​សាសនាចក្រ រួមមាន ធនធាន​សម្រាប់​ថ្នាក់​ដឹកនាំ និង​ស្មៀន ( ធ.ថ.​ស. ) ឧបករណ៍​សមាជិក និង បញ្ជី​រាយនាម និង​ផែនទី​វួដ ។ អង្គភាព​ទាំងឡាយ​ដែល​មិន​អាច​ចូល​ប្រើ​ឧបករណ៍​ទាំងនោះ គួរតែ​ធ្វើការ​ជាមួយ​នឹង​នាយកដ្ឋាន​សេវាកម្ម​សកល ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។

ការរក្សា​កំណត់ត្រា​តែងតែ​ជា​ផ្នែក​ដ៏សំខាន់​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ ៖

អ័ដាម​បាន​រក្សា « សៀវភៅ​រំឭក​មួយ » ( ម៉ូសេ ៦:៥ ) ។

មរ៉ូណៃ​បាន​បង្រៀន​ថា ឈ្មោះ​របស់​អ្នក​ទាំងឡាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ត្រូវបាន​កត់ត្រា​ទុក ដើម្បី « ឲ្យ​ពួក​គេ​អាច​បាន​នឹក​ចាំ ហើយ​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ( មរ៉ូណៃ ៦:៤ ) ។

យ៉ូសែប ស្ម៊ីធ បាន​ណែនាំ​ថា អ្នក​កត់​បញ្ជី​ម្នាក់​គួរតែ​ត្រូវបាន​ហៅ​នៅក្នុង​គ្រប់​វួដ​ទាំងអស់ ដើម្បី « កត់​បញ្ជី​អំពី​សេចក្ដី​ពិត​នៅ​ចំពោះ​ព្រះ​អម្ចាស់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២ ) ។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ផងដែរ​ពី​សារៈសំខាន់​នៃ​ការរក្សា​កំណត់ត្រា​យ៉ាង​ឧស្សាហ៍ ពេល​ដែល​លោក​បាន​សរសេរ​ថា « អ្វី​ក៏​ដោយ​ដែល​អ្នក​កត់ត្រា​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​មិន​កត់ត្រា​នៅ​ផែនដី នោះ​នឹង​មិន​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ស្ថាន​សួគ៌​ដែរ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:៨; សូមមើល​ផងដែរ ខទី ២–៩ ) ។

៣៣.១

ទិដ្ឋភាព​ទូទៅ​នៃ​កំណត់ត្រា​សាសនាចក្រ

កំណត់ត្រា​សាសនាចក្រ​គឺ​ពិសិដ្ឋ ។ ព័ត៌មាន​នៅក្នុង​កំណត់ត្រា​ទាំងនេះ​គឺ​ជា​ព័ត៌មាន​រសើប ហើយ​គួរតែ​ត្រូវបាន​ការពារ​ថែរក្សា ។ ប្រព័ន្ធ​កំណត់ត្រា​សាសនាចក្រ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ប្រើ​ព័ត៌មាន​សមាជិកភាព ដោយ​ផ្អែក​លើ​ការហៅ​បម្រើ​ទាំងឡាយ ។ មាន​តែ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិអំណាច​ប៉ុណ្ណោះ ដែល​គួរ​ទទួល​បាន​សិទ្ធិចូល​ប្រើ ។ ពួកគាត់​គួរតែ​ប្រើ​ព័ត៌មាន​នេះ សម្រាប់​តែ​គោលបំណង​ជាក់លាក់​ចំពោះ​ការហៅ​បម្រើ​របស់​ពួកគាត់​ប៉ុណ្ណោះ ( សូមមើល ៣៣.៨ ) ។

កំណត់ត្រា​អាច​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ ៖

  • កំណត់​ថា​នរណា​ដែល​អាច​នឹង​ត្រូវការ​ការថែទាំ​ជា​ពិសេស ។

  • កំណត់​ថា​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ណា​ខ្លះ ដែល​បុគ្គល​ម្នាក់​បាន​ទទួល ឬ​អាច​នឹង​ត្រូវការ ។

  • កំណត់​ទីតាំង​សមាជិក ។

ប្រភេទ​កំណត់ត្រា​ដូចខាង​ក្រោម​ត្រូវបាន​រក្សាទុក​នៅក្នុង​អង្គភាព​សាសនាចក្រ ៖

  • របាយការណ៍​ការ​ចូល​រួម​របស់​សមាជិក ( សូមមើល ៣៣.៥ ) ។

  • កំណត់ត្រា​សមាជិកភាព ( សូមមើល ៣៣.៦ ) ។

  • កំណត់ត្រា​ប្រវត្តិសាស្ត្រ ( សូមមើល ៣៣.៧ ) ។

  • កំណត់ហេតុ​ហិរញ្ញវត្ថុ ( សូមមើល ជំពូកទី ៣៤ ) ។

៣៣.២

ការណែនាំ​ទូទៅ​សម្រាប់​ស្មៀន

គ្រប់​ស្មៀន​ទាំងអស់​គួរតែ​មាន​ភាពសុចរិត​ដោយ​គ្មាន​សង្ស័យ ហើយ​ធ្វើ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ ពួកគាត់​គួរតែ ៖

  • មាន​ភាពស័ក្ដិសម​សម្រាប់​ប័ណ្ណ​ចូលព្រះវិហារ​បរិសុទ្ធ ។

  • ជា​អ្នករក្សា​កំណត់ត្រា​ដ៏​ប្រុងប្រយ័ត្ន ។

  • ជា​គ្រូបង្រៀន និង​អ្នក​ចាត់ចែង​កិច្ចការ​រដ្ឋបាល​ដ៏​មាន​សមត្ថភាព ។

ស្មៀន​គួរតែ​ធ្វើតាម​គោលនយោបាយ​បច្ចុប្បន្ន ដើម្បី​ការពារ​មូលនិធិ​របស់​សាសនាចក្រ ព្រមទាំង​ធានា​ថា​កំណត់ត្រា​សាសនាចក្រ​មាន​ភាពត្រឹមត្រូវ ។ ស្មៀន​ទាំងឡាយ​ជូន​ដំណឹង​ទៅកាន់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ភ្លាមៗ នូវ​ភាពមិន​ត្រឹមត្រូវ​ណា​ក៏​ដោយ ។ ប្រសិន​បើ​ជួប​ការលំបាក​នៅក្នុង​ការដោះស្រាយ​ភាពមិន​ត្រឹមត្រូវ​ទាំងឡាយ ស្មៀន​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​កំណត់ត្រា​សម្ងាត់ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ ។ ព័ត៌មាន​ទំនាក់ទំនង​មាន​ដូច​ខាងក្រោម ៖

ទូរសព្ទ ៖ ១-៨០១-២៤០-២០៥៣ ឬ ១-៨០០-៤៥៣-៣៨៦០ លេខ​ខ្នែង ២-២០៥៣

ទូរសព្ទ​ដោយ​ឥត​គិត​ថ្លៃ ( ទូរសព្ទ​ទំនាក់ទំនង​សេវាកម្ម​ទូទាំង​ពិភពលោក ) ៖ ៨៥៥-៥៣៧-៤៣៥៧

អ៊ីម៉ែល ៖ ConfidentialRecords@ChurchofJesusChrist.org

រយៈពេល​នៃ​ការបម្រើ​របស់​ស្មៀន គួរតែ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពួកគាត់​រៀន​អំពី​កាតព្វកិច្ច​របស់​ពួកគាត់ ហើយ​រក្សានូវ​និរន្តរភាព​នៅក្នុង​ការងារ​របស់​ពួកគាត់ ( សូមមើល ៣០.៥ ) ។ ដោយសារ​ពួកគាត់​មិនមែន​ជា​សមាជិក​នៃ​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព នោះ​ពួកគាត់​មិន​ចាំបាច់​ត្រូវ​ដោះលែង​ឡើយ នៅពេល​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព​ត្រូវបាន​រៀបចំ​សា​ឡើងវិញ​នោះ ។

៣៣.៣

កំណត់ត្រា និង​របាយការណ៍​ស្តេក

៣៣.៣.១

គណៈ​ប្រធាន​ស្តេក

ប្រធាន​ស្តេក​មើលការ​ខុសត្រូវលើ​ការរក្សា​កំណត់ត្រា​របស់​ស្តេក ។ គាត់​អាច​បែងចែក​កិច្ចការ​នេះ​ភាគច្រើន​ទៅ​ដល់​ទីប្រឹក្សា និង​ស្មៀន​របស់​គាត់​បាន ។ គាត់​ត្រូវ​ប្រាកដថា ពួកគេ​ធ្វើ​តាម​គោលនយោបាយ និង​នីតិវិធី​ទាំងឡាយ​របស់​សាសនាចក្រ ។

៣៣.៣.២

ស្មៀន​ស្តេក

គ្រប់​ស្តេក​ទាំងអស់​គួរតែ​មាន​ស្មៀន​ស្តេក ដែល​មាន​សមត្ថភាព និង​បំពេញ​មុខងារ ។ គាត់​ត្រូវបាន​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ។ គាត់​គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មាន​ភាពស័ក្តិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ស្តេក ។ គាត់​ចូលរួម​ការប្រជុំ​ទាំងឡាយ​ដូច​ដែល​បាន​ចែង​នៅក្នុង ២៩.៣ ។

ស្មៀន​ស្តេក​ត្រូវបាន​ណែនាំ​ដោយ​គណៈប្រធាន​ស្តេក ហើយ​ធ្វើការ​នៅ​ក្រោម​ការដឹកនាំ​របស់​ពួកគាត់ ។ ជំនួយការ​ស្មៀន​ស្តេក​អាច​ត្រូវបាន​ហៅ​ដើម្បី​ជួយ​បាន ( សូមមើល ៣៣.៣.៣ ) ។

៣៣.៣.២.១

ការទទួល​ខុសត្រូវ​លើ​ការរក្សា​កំណត់ត្រា

ស្មៀន​ស្ដេក ឬ​ជំនួយការ​ស្មៀន​ដែល​បាន​ចាត់តាំង មាន​ការទទួល​ខុសត្រូវ​ដូច​ខាង​ក្រោម ៖

  • ផ្តល់​ការគាំទ្រ​ផ្នែក​រដ្ឋបាល​ដល់​គណៈប្រធាន​ស្តេក ។

  • រក្សា​កំណត់ត្រា​នៃ​ការចាត់តាំង និង​ការសម្រេច​ចិត្ត ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ការប្រជុំ​ថ្នាក់​ដឹកនាំ​ស្តេក ។

  • តាមដាន​ជាមួយ​នឹង​ការចាត់តាំង​ទាំងឡាយ ។

  • ធ្វើ​ឲ្យ​បា្រកដ​ថា កំណត់ត្រា និង​របាយការណ៍​ទាំងឡាយមាន​ភាពត្រឹមត្រូវ និង​ទាន់ពេលវេលា ។

ស្មៀន​ស្តេក​គួរ​ស្គាល់​ឧបករណ៍​រក្សា​កំណត់ត្រា​របស់​សាសនាចក្រ ( សូមមើល ៣៣.០ ) ។ គាត់​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដើម្បី​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​កំណត់ ៖

  • សេចក្ដី​ត្រូវការ​របស់​សមាជិក និង​អង្គការ​ទាំងឡាយ ។

  • ការធ្វើ​ឲ្យ​មាន​ធនធាន​ទាំងឡាយ រួម​ទាំង​ខាង​ហិរញ្ញវត្ថុ​ផងដែរ ។

  • និន្នាការ ភាពខ្លាំង និង​ភាពទន់ខ្សោយ​របស់​ស្តេក ។

  • ផ្នែក​ទាំងឡាយ​ដែល​ព្រួយបារម្ភ ។

កាតព្វកិច្ច​នៃ​ការរក្សា​កំណត់ត្រា​ផ្សេងៗ​ទៀត​អាច​រួមមាន ៖

  • ការធ្វើ​ឲ្យ​ប្រាកដ​ថា ការតែងតាំង​បព្វជិតភាព​ម៉ិលគីស្សាដែក​ត្រូវបាន​កត់ត្រា​ទុក​ដោយ​ត្រឹមត្រូវ និង​ឆាប់​រហ័ស ។

  • ការធ្វើ​ឲ្យ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សកម្ម ។

  • ការបន្ថែម​ព័ត៌មាន​វេជ្ជសាស្ត្រ​ទៅលើ​ពាក្យស្នើ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ការរៀបចំ ទម្រង់​បែបបទ​អ្នកកាន់​តំណែង​ដែលបាន​គាំទ្រ និង​របាយការណ៍​សន្និសីទ​ស្តេក​សម្រាប់​សន្និសីទ​ស្តេក ។

  • ការមើល​ខុសត្រូវ​លើ​ការផ្ទេរ​កំណត់ត្រា​វួដ នៅពេល​វួដ​ថ្មី​ត្រូវបាន​បង្កើត​ឡើង ឬ​ត្រូវបាន​បញ្ឈប់ ឬ​ព្រំប្រទល់​ត្រូវបាន​ផ្លាស់ប្ដូរ ។

  • ការកត់ត្រា​ព័ត៌មាន​សម្រាប់​ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក ( សូមមើល ៣២.៩.៦ ) ។

  • ការថែរក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ ( សូមមើល ៣៤.១.២ ) ។

៣៣.៣.២.២

ការពិនិត្យ​មើល​កំណត់ត្រា និង​របាយការណ៍​វួដ​ឡើង​វិញ

ស្មៀន​ស្តេក​ជួបប្រជុំ​ជាមួយ​ស្មៀន​វួដ​ថ្មី ភ្លាមៗ​បន្ទាប់​ពី​គាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ។ គាត់​ជួប​ជាមួយ​នឹង​ស្មៀន​វួដ​ញឹកញាប់​តាម​ដែល​ត្រូវការ ប៉ុន្តែ​យ៉ាង​តិច​ណាស់​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។ ការប្រជុំ​ទាំងនេះ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ប្រាកដ​ថា ៖

  • កំណត់ត្រា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​កំណត់ត្រា​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​ត្រូវបាន​កត់ត្រា​ដោយ​ត្រឹមត្រូវ ( សូមមើល ៣៤.១.២ និង ៣៤.២.២ ) ។

  • កំណត់ត្រា​សមាជិកភាព​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​ភ្លាមៗ និង​ដោយ​ត្រឹមត្រូវ ។

  • ស្មៀន​វួដ​ស្គាល់​ឧបករណ៍​រក្សា​កំណត់ត្រា​របស់​សាសនាចក្រ ។

  • វិញ្ញាបនបត្រ​នៃ​ការប្រសិទ្ធពរ ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ និង​ការតែងតាំង​បព្វជិតភាព​ត្រូវបាន​ផ្តល់​ទៅឲ្យ​សមាជិក​ក្នុង​វួដ ។

  • សវនកម្ម​កំណត់ត្រា​សមាជិកភាព​ប្រចាំ​ឆ្នាំ​ត្រូវបាន​ធ្វើ​ឡើង ហើយ​ការលើកលែង​សវនកម្ម​ទាំងអស់​គឺ​ត្រូវបាន​កែសម្រួល​ភ្លាមៗ ( សូមមើល ៣៣.៦.១៩ ) ។

  • ប្រវត្តិសាស្រ្ត​ប្រចាំ​ឆ្នាំ​របស់​វួដ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ស្តេក​នៅចុង​ឆ្នាំ​នីមួយៗ ( សូមមើល ៣៣.៧ ) ។

៣៣.៣.២.៣

សវនកម្ម

សូមមើល ៣៣.៦.១៩ និង ៣៤.៧ ។

៣៣.៣.២.៤

កំណត់ត្រា​ប្រវត្តិសាស្រ្ត​ស្តេក

សូម​មើល ៣៣.៧ ។

៣៣.៣.៣

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ជំនួយការ​ស្មៀន​ស្តេក

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់​អាច​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​ដល់​ជំនួយ​ការ​​ស្មៀន​ស្តេក​ម្នាក់ ឬ​ច្រើននាក់ តាម​ដែល​ត្រូវការ ។ បងប្អូន​ប្រុស​ទាំងនេះ​គួរតែ​ជា​អ្នក​កាន់​បព្វជិតភាព​​ម៉ិលគីស្សាដែក ដែល​មាន​ភាពស័ក្តិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។ ពួកគាត់​ធ្វើការ​ក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ស្តេក និង​ស្មៀន​ស្តេក ។

បើ​ចាំបាច់ ជំនួយការ​ស្មៀន​ម្នាក់​អាច​ត្រូវបាន​ហៅ​ឲ្យ​បំពេញ​តំណែង​នីមួយៗ​ដូច​តទៅ​នេះ ៖

  • ជំនួយ​ការ​ស្មៀន​ស្តេក

  • ជំនួយការ​ស្មៀន​ស្តេក—ហិរញ្ញវត្ថុ ( សូមមើល ៣៤.១.២ )

  • ជំនួយការ​ស្មៀន​ស្ដេក—សមាជិកភាព ( សូមមើល ៣៣.៥ និង ៣៣.៦ )

៣៣.៤

កំណត់ត្រា និង​របាយការណ៍​វួដ

៣៣.៤.១

គណៈ​ប៊ីស្សព

ប៊ីស្សព​មើលការ​ខុស​ត្រូវ​លើ​ការរក្សា​កំណត់ត្រា​វួដ ។ គាត់​អាច​បែងចែក​កិច្ចការ​នេះ​ភាគច្រើន​ទៅ​ដល់​ទីប្រឹក្សា និង​ស្មៀន​របស់​គាត់ ។ គាត់​ត្រូវ​ប្រាកដថា ពួកគេ​ធ្វើ​តាម​គោលនយោបាយ និង​នីតិវិធី​ទាំងឡាយ​របស់​សាសនាចក្រ ។

៣៣.៤.២

ស្មៀន​វួដ

នៅ​គ្រប់​វួដ​គួរ​មាន​ស្មៀន​វួដ​ដែល​មាន​សមត្ថភាព និង​បំពេញ​មុខងារ ។ គាត់​ត្រូវបាន​ចេញ​អនុសាសន៍​ដោយ​គណៈ​ប៊ីស្សព ហើយ​ត្រូវបាន​ហៅ និង​ធ្វើ​ពិធី​ញែកចេញ ដោយ​សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង​មួយ​រូប ។ គាត់​គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​មាន​ភាពស័ក្តិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

ស្មៀនវួដ​ត្រូវបាន​បំពាក់បំប៉ន​ដោយ​គណៈប៊ីស្សព និង​ដោយ​ស្មៀន​ស្តេក ។ គាត់​ធ្វើការ​នៅក្រោម​ការដឹកនាំ​របស់​គណៈប៊ីស្សព ។ ជំនួយការ​ស្មៀន​វួដ​អាច​ត្រូវបាន​ហៅ​ឲ្យ​ជួយ ( សូមមើល ៣៣.៤.៣

៣៣.៤.២.១

ការទទួល​ខុសត្រូវ​លើ​ការរក្សា​កំណត់ត្រា

ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀន​ដែល​បាន​ចាត់តាំង មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • ផ្តល់​ការគាំទ្រ​ផ្នែក​រដ្ឋបាល​ដល់​គណៈប៊ីស្សព ។

  • រក្សា​កំណត់ត្រា​នៃ​ការចាត់តាំង និង​ការសម្រេច​ចិត្ត ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ការប្រជុំ​ថ្នាក់​ដឹកនាំ​វួដ ។

  • តាមដាន​ជាមួយ​នឹង​ការចាត់តាំង​ទាំងឡាយ ។

  • ធ្វើ​ឲ្យ​បា្រកដ​ថា កំណត់ត្រា និង​របាយការណ៍​ទាំងឡាយមាន​ភាពត្រឹមត្រូវ និង​ទាន់ពេលវេលា ។

  • កំណត់​ពី​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​ត​ម្រូវ​ការសច្ចាប័ន ( សូមមើល ៣៨.២.៦ និង ១៨.១០.៣ ) ។

ស្មៀន​វួដ​គួរ​ស្គាល់​ឧបករណ៍​រក្សា​កំណត់ត្រា​របស់​សាសនាចក្រ ( សូមមើល ៣៣.០ ) ។ គាត់​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដើម្បី​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​កំណត់ ៖

  • សេចក្ដី​ត្រូវការ​របស់​សមាជិក និង​អង្គការ​ទាំងឡាយ ។

  • ការធ្វើ​ឲ្យ​មាន​ធនធាន​ទាំងឡាយ រួម​ទាំង​ហិរញ្ញវត្ថុ​ផងដែរ ។

  • និន្នាការ ភាពខ្លាំង និង​ភាពទន់ខ្សោយ​របស់​វួដ ។

  • ផ្នែក​ទាំងឡាយ​ដែល​ព្រួយបារម្ភ ។

នៅពេល​ប្រមូលផ្តុំ​របាយការណ៍​អំពី​ការចូលរួម​របស់​សមាជិក នោះ​ស្មៀន​ធ្វើការ​ជាមួយ​លេខា ដើម្បី​ដោះស្រាយ​បញ្ហា​តូចៗ​ទាំងឡាយ ។ គាត់​ពិភាក្សា​ពី​បញ្ហា​ធ្ងន់ធ្ងរ​ទាំងឡាយ​ជាមួយ​នឹង​ប៊ីស្សព ។

ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀន​វួដ​បង្ហាញ​សមាជិក​ពី​របៀប​ដើម្បី​មើល​ព័ត៌មាន​សមាជិកភាព​របស់​ពួកគេ​នៅក្នុង កម្មវិធី​ឧបករណ៍​សមាជិក ។ គាត់​ក៏អាច​ផ្ដល់​ដល់​ពួកគេ​នូវ​របាយការណ៍​ដែល​បោះពុម្ព​ផងដែរ ប្រសិន​បើ​ពួកគេ​ស្នើសុំ ។ ស្មៀន​វួដ​លើក​ទឹកចិត្ត​ដល់​សមាជិក​ឲ្យ​រាយការណ៍​ពី​រាល់​កំហុស​នៅក្នុង​ព័ត៌មាន​សមាជិកភាព​របស់​ពួកគេ ។

កាតព្វកិច្ច​នៃ​ការរក្សា​កំណត់ត្រា​ផ្សេងៗ​ទៀត​អាច​រួមមាន ៖

  • ការធ្វើ​ឲ្យ​ប្រាកដ​ថា ការតែងតាំង​ទាំងឡាយ​ត្រូវបាន​កត់ត្រា​ទុក​ដោយ​ត្រឹមត្រូវ និង​ឆាប់​រហ័ស ។

  • ការរៀបចំ ទម្រង់​បែបបទ​អ្នកកាន់​តំណែង​ដែលបាន​គាំទ្រ សម្រាប់​សន្និសីទ​វួដ ។

  • ការកត់ត្រា​ព័ត៌មាន​សម្រាប់​ក្រុមប្រឹក្សា​សមាជិកភាព​វួដ ( សូមមើល ៣២.៩.៦ ) ។

  • ការថែរក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ ( សូមមើល ៣៤.២.២ ) ។

៣៣.៤.២.២

ការបង្រៀន​ស្មៀន និង​លេខា

ស្មៀន​វួដ​បង្រៀន​ជំនួយការ​ស្មៀន​វួដ និង​លេខា​កូរ៉ុម និង​អង្គការ​ជំនួយ ។ គាត់​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព័ត៌មាន​មកពី​ឧបករណ៍​រក្សាកំណត់​ត្រា​របស់​សាសនាចក្រ​អាច​ជួយ​ដល់​ថ្នាក់​ដឹកនាំ​ដោយ​របៀប​ណា ។

ការបង្រៀន​នេះ​មាន​សារៈសំខាន់​ជា​ពិសេស នៅពេល​ដែល ៖

  • ជំនួយ​ការ​ស្មៀន​វួដ និង​លេខា​កូរ៉ុម និង​អង្គការ​ជំនួយ​ទើប​ត្រូវបាន​ហៅ​ថ្មីៗ ។

  • ឧបករណ៍​រក្សា​កំណត់ត្រា​របស់​សាសនាចក្រ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់ និង​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព ។

  • កំណត់ត្រា​មិន​ត្រូវបាន​បំពេញ​ដោយ​ត្រឹមត្រូវ ។

៣៣.៤.២.៣

កំណត់ត្រា​ប្រវត្តិសាស្រ្ត​វួដ

សូម​មើល ៣៣.៧ ។

៣៣.៤.៣

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ជំនួយការ​ស្មៀន​វួដ

ជំនួយការ​ស្មៀន​វួដ​អាច​ត្រូវបាន​ហៅ​តាម​សេចក្តី​ត្រូវការ ។ ពួកគេ​ត្រូវបាន​ចេញ​អនុសាសន៍​ដោយ​គណៈ​ប៊ីស្សព ហើយ​ត្រូវបាន​ហៅ និង​ធ្វើ​ពិធី​ញែកចេញ ដោយ​សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង ។ បងប្អូន​ប្រុស​ទាំងនេះ​គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ឬ​បព្វជិតភាព​អើរ៉ុន ។ ពួកគាត់​ក៏​គួរតែ​មាន​ភាពស័ក្ដិសម​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ ប្រសិន​បើជំនួយការ​ស្មៀនវួដ​ត្រូវបាន​ចាត់តាំងឲ្យ​ទៅ​ខាង​ហិរញ្ញវត្ថុ នោះ​គាត់​គួរតែ​កាន់​បព្វជិតភាព​មិលគីស្សាដែក ។ ជំនួយការ​ស្មៀន​វួដ​ធ្វើការ​នៅក្រោម​ការណែនាំ​របស់​គណៈប៊ីស្សព និង​ស្មៀន​វួដ ។

បើ​ចាំបាច់ ជំនួយការ​ស្មៀន​ម្នាក់​អាច​ត្រូវបាន​ហៅ​ឲ្យ​បំពេញ​តំណែង​នីមួយៗ​ដូច​តទៅ​នេះ ៖

  • ជំនួយ​ការ​ស្មៀន​វួដ

  • ជំនួយការ​ស្មៀន​វួដ—ហិរញ្ញវត្ថុ ( សូមមើល ៣៤.២.២ )

  • ជំនួយការ​ស្មៀន​វួដ—សមាជិកភាព ( សូមមើល ៣៣.៥ និង ៣៣.៦ )

៣៣.៤.៤

ថ្នាក់ដឹកនាំ​បព្វជិតភាព និង​អង្គការ

ថ្នាក់ដឹកនាំ​កូរ៉ុម និង​ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​មើល​ខុសត្រូវ​លើ​ការរក្សា​កំណត់ត្រា​នៅក្នុង​អង្គការ​របស់​ពួកគាត់ ។ ពួកគាត់​អាច​ចាត់​លេខា​ឲ្យ​ធ្វើ​ការងារ​នេះ​ភាគច្រើន ។ ពួកគាត់​ធ្វើការ​ជាមួយ​នឹង​លេខា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា កំណត់ត្រា និង​របាយការណ៍​ទាំងឡាយមាន​ភាពត្រឹមត្រូវ និង​ទាន់ពេលវេលា ។

៣៣.៥

របាយការណ៍​អំពី​ការចូលរួម​របស់​សមាជិក

របាយការណ៍​ស្ដីពី​ការចូលរួម​របស់​សមាជិក​ជួយ​ដល់​ថ្នាក់ដឹកនាំ​ឲ្យ​ផ្តោត​ទៅលើ​ការរីក​ចម្រើន និង​សេចក្តីត្រូវការ​របស់​សមាជិក ។ នៅពេល​អាច​ធ្វើ​បាន របាយការណ៍​ទាំងនេះ​គួរតែ​ត្រូវបាន​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ជាជាង​បោះពុម្ព​ចេញ​មក ។ នៅពេល​របាយការណ៍​ដែល​បោះពុម្ព​គឺ​ជា​ការចាំបាច់ ពួកគាត់​គួរតែ​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​គោរព​ដល់​ឯកជនភាព​របស់​សមាជិក និង​ដើម្បី​អនុវត្ត​តាម​ច្បាប់​ការពារ​ទិន្នន័យ​ក្នុង​តំបន់ ។

៣៣.៥.១

ប្រភេទ​នៃ​របាយការណ៍

៣៣.៥.១.១

របាយការណ៍​វត្តមាន

វត្តមាន​នៅ​ការប្រជុំ​សាក្រាម៉ង់ និង​ការប្រជុំ​បព្វជិតភាព និង​អង្គការ​ជំនួយ​នៅ​ថ្ងៃ​អាទិត្យ ត្រូវបាន​កត់ត្រា​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ដោយ​ប្រើ ធ.ថ.​ស. ឬ ឧបករណ៍​សមាជិក ។

ការប្រជុំ​សាក្រាម៉ង់ ។ វត្តមាន​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ត្រូវបាន​កត់ត្រា​រៀងរាល់​សប្ដាហ៍ ដោយ​ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀន​វួដ ។ ការរាប់​ចំនួន​គឺ​ជា​ចំនួន​ដែល​ចូលរួម​នៅក្នុង​ការប្រជុំ​ដោយ​ផ្ទាល់ ឬ​ដោយ​មើល​តាម​ការផ្សាយ​ផ្ទាល់ រួម​ទាំង​ភ្ញៀវ​ផងដែរ ។ សមាជិក​វួដ​ដែល​អវត្តមាន ដោយសារ​តែ​ពួកគេ​មាន​កិច្ចការ​ចាត់តាំង​ឲ្យ​ទៅ​កន្លែង​ផ្សេង​ទៀត ឬ​ចូលរួម​នៅក្នុង​វួដ​ដទៃ​ទៀត គឺ​ត្រូវបានរាប់​នៅ​វួដ​ដែល​ពួកគេ​ចូលរួម​នោះ ។

ការប្រជុំ​កូរ៉ុម និង​ការប្រជុំ​អង្គការ​នានា​នៅ​ថ្ងៃ​អាទិត្យ ។ វត្តមាន​ត្រូវបាន​កត់ត្រា​ជា​រៀងរាល់​សប្ដាហ៍​ដោយ​លេខា និង​អ្នកប្រឹក្សា​របស់​កូរ៉ុម និង​អង្គការ​ជំនួយ ។ ថ្នាក់ដឹកនាំ​យុវវ័យ​ក៏​អាច​ជួយ​ក្នុង​ការកត់ត្រា​វត្តមាន​ផង​ដែរ ។ ការរាប់​ចំនួន​គឺ​ជា​ចំនួន​ដែល​ចូលរួម​នៅក្នុង​ការប្រជុំ​ដោយ​ផ្ទាល់ ឬ​ដោយ​មើល​តាម​ការផ្សាយ​ផ្ទាល់ រួម​ទាំង​ភ្ញៀវ​ផងដែរ ។ សមាជិក​ដែល​កំពុង​បម្រើ​នៅក្នុង​អង្គការ​បឋម​សិក្សា ឬ​ជា​ថ្នាក់ដឹកនាំ​យុវវ័យ​នៅក្នុង​វួដ ក៏​ត្រូវបាន​បញ្ចូល​ថា​មាន​វត្តមាន​ផងដែរ ។ សមាជិក​ដែល​ចូលរួម​វួដ​ផ្សេង​ទៀត​គឺ​ត្រូវបានរាប់​នៅ​វួដ​ដែល​ពួកគេ​ចូលរួម​នោះ ។

ស្មៀន​វួដ​អាច​កត់ត្រា​វត្តមាន​ជំនួស​អង្គការ​ជំនួយ​បាន ។

៣៣.៥.១.២

របាយការណ៍​សម្ភាស​ការងារ​បម្រើ

សូមមើល ២១.៣ ។

៣៣.៥.១.៣

របាយការណ៍​ប្រចាំ​ត្រី​មាស

គ្រប់​តួលេខ​នៅក្នុង​របាយការណ៍​តំណាង​ឲ្យ​សមាជិក​ម្នាក់ៗ​ដែល​មាន​សេចក្តី​ត្រូវការ​ជាពិសេស ( សូមមើល ហេលេមិន ១៥:១៣ ) ។ ថ្នាក់ដឹកនាំ​ស្វែងរក​ការដឹកនាំ​មកពី​ព្រះអម្ចាស់ នៅពេល​ពួកគាត់​ពិចារណា​ថា តើ​នរណា​អាច​នឹង​ត្រូវការ​ជំនួយ​ពី​ពួកគាត់ ។

របាយការណ៍​ប្រចាំ​ត្រី​មាស មាន​នូវ​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍ ដែល​អាច​ផ្ដល់​ការយល់ដឹង​ដល់​ថ្នាក់ដឹកនាំ​ទាំងឡាយ កាលដែល​ពួកគាត់​ស្វែងរក​ការបំផុស​គំនិត​អំពី​កិច្ចខិតខំ​ក្នុង​ការងារ​បម្រើ​របស់​ពួកគាត់ ។ របាយការណ៍​មាន​នៅក្នុង​ឧបករណ៍​សមាជិក ឬ ធ.ថ.​ស. ។

ថ្នាក់ដឹកនាំ​ស្ដេក និង​វួដ​យោង​ទៅ របាយការណ៍​ប្រចាំ​ត្រី​មាស ជា​ទៀង​ទាត់ ដើម្បី​ពិនិត្យ​មើល​ការរីក​ចម្រើន​របស់​បុគ្គល​ម្នាក់ៗ ។ របាយការណ៍​រួម​មាន​ព័ត៌មាន​អំពី ៖

  • ស្ថានភាព​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ និង​របស់​យុវវ័យ ។

  • បុរស​អាយុ ១៨–២៥ ឆ្នាំ​ដែល​កំពុង​បម្រើ ឬ​ដែល​ធ្លាប់​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។

  • ស្ថានភាព​នៃ​ការសម្ភាស​ការងារ​បម្រើ ( សូមមើល ២១.៣ ) ។

  • ពួក​អែលឌើរ​បម្រុង​ដែល​ត្រូវការ​ការគាំទ្រ​ក្នុង​ការរៀបចំ ដើម្បី​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ។

  • វត្តមាន​ការប្រជុំ​ថ្ងៃ​អាទិត្យ​សម្រាប់​កុមារ យុវវ័យ យុវមជ្ឈិម​វ័យ​នៅ​លីវ និង​មជ្ឈិមវ័យ ( សូមមើល ៣៣.៥.១.១ ) ។

  • ការរីក​ចម្រើន​របស់​សមាជិក​ថ្មី ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​បញ្ជាក់​ក្នុង​រយៈពេល ១២ ខែ​កន្លង​ទៅ ។

វត្តមាន និង​ការសម្ភាស​ការងារ​បម្រើ​ទាំងអស់​ត្រូវបាន​កត់ត្រា​នៅក្នុង​ឧបករណ៍​សមាជិក ឬ ធ.ថ.​ស. ។ ព័ត៌មាន​នេះ​បំពេញ​ផ្នែក​ដែល​ត្រូវគ្នា​នៃ របាយការណ៍​ប្រចាំ​ត្រីមាស ដោយ​ស្វ័យ​ប្រវត្តិ ។

គ្រប់​វួដ​ទាំងអស់​បំពេញ និង​បញ្ជូន របាយការណ៍​ប្រចាំ​ត្រីមាស ទៅកាន់​ទីស្នាក់ការ​កណ្ដាល​សាសនាចក្រ ។ ស្មៀន​ពិនិត្យ​មើល​របាយការណ៍​នេះ​ឡើងវិញ​ជាមួយ​នឹង​ប៊ីស្សព ហើយ​បញ្ជូន​វា​ពីមុន​ថ្ងៃទី ១៥ នៃ​ខែ​បន្ទាប់ពី​ចុង​ត្រីមាស​នោះ ។

គណៈប្រធាន​ស្តេក​អាច​ពិនិត្យ​មើល របាយការណ៍​ប្រចាំ​ត្រីមាស ដែល​បាន​បញ្ជូន​ដោយ​វួដ​នីមួយៗ​ឡើងវិញ​បាន ។ ការណ៍​នេះ​នឹង​ជួយ​ពួកគាត់​ឲ្យ​ពិនិត្យ​មើល​ពី​ការរីក​ចម្រើន ហើយ​ដឹង​ថា​កន្លែង​ណា​ដែល​ត្រូវការ​ការគាំទ្រ និង​ការបង្រៀន ។ សមាជិក​ក្រុមប្រឹក្សា​ស្តេក​ក៏​អាច​មើល របាយការណ៍​ប្រចាំ​ត្រី​មាស នីមួយៗ​បាន​ផងដែរ ។

៣៣.៥.២

បញ្ជី​សមាជិកភាព

ឧបករណ៍​រក្សា​កំណត់ត្រា​របស់​សាសនាចក្រ ផ្ដល់​ដល់​ថ្នាក់​ដឹកនាំ​នូវ​មធ្យោបាយ​ដើម្បី​ចូល​ទៅកាន់​បញ្ជី​សមាជិកភាព ។ បញ្ជី​ទាំងនេះ​អាច​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​កំណត់ ៖

  • សមាជិក​ដែល​មិន​ទាន់​បាន​ទទួល​ពិធីបរិសុទ្ធ​ដែល​ពួកគេ​អាច​ទទួល​បាន ។

  • យុវជន និង​យុវនារី​ដែល​អាច​បម្រើ​បេសកកម្ម​បាន ។

  • យុវវ័យ​ដែល​មិន​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​សុពលភាព ។

  • យុវវ័យ​ដែល​ត្រូវការ​ដាក់​កាលវិភាគ​ដើម្បី​ជួប​ជាមួយ​នឹង​សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព ។

ថ្នាក់ដឹកនាំ​កូរ៉ុម និង​ថ្នាក់ដឹកនាំ​អង្គការ​គួរតែ​ទទួល​បាន​បញ្ជី​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​នៅក្នុង​កូរ៉ុម និង​អង្គការ​របស់​ពួកគាត់ ។

៣៣.៦

កំណត់ត្រា​សមាជិកភាព

កំណត់ត្រា​សមាជិកភាព​រួមមាន​ឈ្មោះ ព័ត៌មាន​ទំនាក់ទំនង ព័ត៌មាន​ពិស្ដារ​អំពី​ពិធីបរិសុទ្ធ និង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត ។ វួដ​គួរតែ​មាន​កំណត់ត្រា​សមាជិកភាព​សម្រាប់​សមាជិក​ម្នាក់ៗ​ដែល​រស់នៅ​ក្នុង​ព្រំប្រទល់​វួដ ។

កំណត់ត្រា​សមាជិកភាព​ត្រូវបាន​រក្សា​ទុក​នៅក្នុង​វួដ ជា​កន្លែង​ដែល​សមាជិក​រស់នៅ ។ ករណី​លើកលែង​ទាំងឡាយ ដែល​គួរតែ​ជា​ករណី​កម្រ តម្រូវ​ឲ្យមាន​ការយល់​ព្រម​មកពី​ប៊ីស្សព និង​ប្រធាន​ស្តេក ដែល​ជាប់​ទាក់ទង ។ ដើម្បី​ស្នើសុំ​ការលើកលែង​មួយ នោះ​ប្រធាន​ស្តេក​ប្រើ ធ.ថ.​ស. ដើម្បី​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅកាន់​ការិយាល័យ​គណៈប្រធាន​ទីមួយ ។

កំណត់ត្រា​សមាជិកភាព​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​កត់ត្រា​ពិធីបរិសុទ្ធ និង​សកម្មភាព​ជាផ្លូវការ​ផ្សេង​ទៀត​នៅក្នុង​កំណត់ត្រា​អចិន្ត្រៃយ៍​របស់​សាសនាចក្រ ។ ហេតុ​ដូច្នោះ​ហើយ ប៊ីស្សព​ធ្វើ​ឲ្យ​ប្រាកដ​ថា ស្មៀន​រក្សា​កំណត់ត្រា​ត្រឹមត្រូវ ។ គាត់​ក៏​ធ្វើ​ឲ្យ​ប្រាកដ​ផងដែរ​ថា ស្មៀន​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ដោយ​ប្រើប្រាស់ ធ.ថ.​ស. ផងដែរ ។ វា​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធ្វើ​ដូច​ខាងក្រោម​នេះ​ភ្លាមៗ ៖

  • កត់ត្រា​ព័ត៌មាន​ពិធីបរិសុទ្ធ ។

  • ផ្លាស់ប្ដូរ​កំណត់ត្រា​របស់​សមាជិក​ដែល​ប្ដូរ​ចូល ឬ​ចេញ​ពី​វួដ ។

  • បង្កើត​កំណត់ត្រា​សម្រាប់​សមាជិក​ថ្មី និង​កូន​ដែល​ទើប​កើត​មក​ក្នុង​គ្រួសារ​នៃ​ឪពុក​ម្ដាយ​ដែល​ជា​សមាជិក ។

  • កត់ត្រា​មរណភាព​របស់​សមាជិក ។

  • កត់ត្រា​អាពាហ៍ពិពាហ៍ និង​ព័ត៌មាន​គ្រួសារ ។

ប៊ីស្សព ឬ​ប្រធាន​ស្តេក​ត្រូវ​ប្រាកដ​ថា កំណត់​ហេតុ​សមាជិកភាព​មួយ ស្ថិត​នៅក្នុង​វួដ​ដែល​ត្រឹមត្រូវ មុន​នឹង​សមាជិក​ម្នាក់​ត្រូវបាន​សម្ភាស​ដើម្បី​ទទួល ៖

  • ការហៅ​បម្រើ​មួយ​នៅក្នុង​សាសនាចក្រ ។

  • បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ ។

  • បព្វជិតភាព​ម៉ិលគីស្សាដែក ឬ​ដើម្បី​ត្រូវបាន​តែងតាំង​តំណែង​មួយ​នៅ​ក្នុង​បព្វជិតភាព​នោះ ។

គាត់​ក៏​ត្រូវ​ប្រាកដ​ផងដែរ​ថា កំណត់ត្រា​ពុំ​រួម​បញ្ចូល​ចំណុច​ណា​មួយ​ខាងក្រោម​នេះ​ទេ ៖

  • ការចារ​ចំណាំ

  • សេចក្ដី​អធិប្បាយ​អំពី​ការដាក់​កំហិត​ការផ្សារភ្ជាប់ ឬ​ការដាក់​កំហិត​ពិធីបរិសុទ្ធ

  • ការដាក់​កំហិត​សមាជិកភាព​ជា​ផ្លូវការ

ជួនកាល សមាជិក​ម្នាក់​មិនបាន​រស់នៅ​ក្នុង​វួដ​ដដែល​ជាប់​គ្នា​រយៈពេល​យ៉ាងហោច​ណាស់​មួយ​ឆ្នាំ​នោះទេ ។ ក្នុង​ករណី​នោះ ប៊ីស្សព​ទាក់ទង​ទៅ​ប៊ីស្សព​មុន ពីមុន​ពេល​ធ្វើ​ការសម្ភាស​មួយ ដើម្បី​កំណត់​ថា ប្រសិន​បើ​មាន​បញ្ហា​ណាមួយ​អំពី​ភាពស័ក្ដិសម​ដែល​ត្រូវ​ពិចារណា​ដែរ​ឬ​ទេ ។

ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ កំណត់ត្រា​សមាជិកភាព​មិន​ត្រូវ​ផ្តល់​ទៅ​ឲ្យ ឬ​បង្ហាញ​ដល់​នរណា​ម្នាក់ ក្រៅ​ពី​ប៊ីស្សព ឬ​ស្មៀន​ឡើយ ។

សមាជិក​អាច​មើល​ព័ត៌មាន​សមាជិកភាព​សម្រាប់​ខ្លួន​ពួកគេ និង​សម្រាប់​កូនៗ​ដែល​រស់នៅ​ក្នុង​បន្ទុក​នៅក្នុង កម្មវិធី​ឧបករណ៍​សមាជិក ។ ពួកគេ​ក៏​អាច​ស្នើសុំ​ច្បាប់​បោះពុម្ព​នៃ​សេចក្ដី​សង្ខេប​ពិធីបរិសុទ្ធ​នីមួយៗ​របស់​ពួកគេ​ពី​ស្មៀន​ផងដែរ ។ ប្រសិនបើ​រកឃើញ​ថា​មាន​កំហុស​ណា​មួយ នោះ​ស្មៀន​ត្រូវ​ប្រាកដ​ថា កំហុស​ទាំងនោះ​ត្រូវបាន​កែតម្រូវ​នៅលើ​កំណត់ត្រា​សមាជិកភាព ។

សេចក្ដី​ណែនាំ​ពី​របៀប​ដើម្បី​បង្កើត​កំណត់ត្រា​សមាជិកភាព​មាន​នៅក្នុង ធ.ថ.​ស. ។ សេចក្ដី​ណែនាំ​ពី​របៀប​កត់ត្រា​អាពាហ៍ពិពាហ៍ ឬ​មរណភាព​ក៏​មាន​ផងដែរ ។

សម្រាប់​ស្ថានភាព​ទាំងឡាយ​ដែល​មិន​បាន​លើកឡើង​នៅក្នុង​ផ្នែក​នេះ ថ្នាក់ដឹកនាំ​គួរតែ​ទាក់ទង​ទៅ​នាយកដ្ឋាន​សេវាកម្ម​សាកល ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។

៣៣.៦.១

ឈ្មោះ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​កំណត់ត្រា​សាសនាចក្រ

ឈ្មោះ​ពេញ​ស្របច្បាប់​របស់​បុគ្គល​ម្នាក់ ដូចបាន​កំណត់​ដោយ​ច្បាប់ ឬ​ទំនៀម​ទម្លាប់​តាម​តំបន់ គួរតែ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​កំណត់ត្រា​សមាជិកភាព និង​វិញ្ញាបនបត្រ​ពិធីបរិសុទ្ធ ។

៣៣.៦.២

សមាជិក​ក្នុង​កំណត់ត្រា

បុគ្គល​ម្នាក់ៗ​ដូច​ខាងក្រោម​គឺជា​សមាជិក​ក្នុង​កំណត់ត្រា ហើយ​គួរតែ​មាន​កំណត់ត្រា​សមាជិកភាព ៖

  • អ្នក​ដែល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ទទួល​ពិធីបញ្ជាក់

  • អ្នក​ដែល​មាន​អាយុ​ក្រោម ៩ ឆ្នាំ ហើយ​បាន​ទទួល​ការប្រសិទ្ធពរ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​បុណ្យជ្រមុជ​ទឹក​ទេ

  • អ្នក​ដែល​គ្មាន​ការទទួល​ខុសត្រូវ ដោយសារ​តែ​ពិការ​ផ្នែក​បញ្ញា ដោយ​មិន​គិត​អំពី​អាយុ

  • កុមារ​ដែល​មិន​បាន​ទទួល​ការប្រសិទ្ធពរ​ដែល​មាន​អាយុ​ក្រោម ៨ ឆ្នាំ ពេល​ដែល​ចំនុច​ទាំង​ពីរ​ខាងក្រោម​នេះ​អនុវត្ត ៖

    • យ៉ាងហោច​ណាស់​មាន​ឪពុក ឬ​ម្ដាយ ឬ​ជីតា ឬ​ជីដូន​ម្នាក់​ជា​សមាជិក​សាសនាចក្រ ។

    • ទាំង​ឪពុក​ទាំង​ម្ដាយ​ផ្ដល់​ការអនុញ្ញាត​ឲ្យ​បង្កើត​កំណត់ត្រា​មួយ ។ ( ប្រសិន​បើ​មាន​តែ​ឪពុក ឬ​ម្តាយ​ម្នាក់​មាន​សិទ្ធិ​ថែរក្សា​ស្រប​ច្បាប់​លើ​កុមារ នោះ​ការអនុញ្ញាត​របស់​ឪពុក ឬ​ម្តាយ​នោះគឺ​គ្រប់គ្រាន់​ហើយ ) ។

បុគ្គល​ដែល​មាន​អាយុ​ចាប់​ពី ៩ ឆ្នាំ​ឡើង​ទៅ ដែល​មាន​កំណត់ត្រា​សមាជិកភាព ប៉ុន្តែ​មិនទាន់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​មិនត្រូវ​បាន​រាប់ថា​ជា​សមាជិក​មាន​កំណត់ត្រា​ទេ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​វួដ​ដែល​បុគ្គល​នោះ​រស់នៅ រក្សា​កំណត់ត្រា​សមាជិកភាពនោះ រហូត​ដល់​បុគ្គល​នោះ​មាន​អាយុ ១៨ ឆ្នាំ ។ នៅគ្រា​នោះ ប្រសិនបើ​បុគ្គល​នោះ​ជ្រើសរើស​ថា​មិន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ទេ នោះ​ប៊ីស្សព​ធ្វើការ​លុបចោល​កំណត់ត្រា​សមាជិកភាព​នោះ ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត​របស់​ប្រធាន​ស្តេក ។

កំណត់ត្រា​មិន​ត្រូវបាន​លុបចោល​ឡើយ សម្រាប់​អស់​អ្នក​ដែល​មិន​បាន​ជ្រមុជទឹក​ដោយសារតែ​ពិការភាព​ខាង​បញ្ញា​នោះ លុះត្រាតែ​បាន​ស្នើ​ដោយ​បុគ្គល​ផ្ទាល់ ឬ​អាណាព្យាបាល​ស្របច្បាប់ រួមមាន​ឪពុក ឬ​ម្ដាយ​ជាដើម ។

៣៣.៦.៣

កំណត់ត្រា​នៃ​សមាជិក​វួដ​ថ្មី

ស្មៀន​វួដ ឬ​ជំនួយការ​ស្មៀន​វួដ​ទាក់ទង​ទៅ​សមាជិក​វួដ​ថ្មី​ភ្លាម បន្ទាប់ពី​កំណត់ត្រា​សមាជិកភាព​របស់​ពួកគេ​មក​ដល់​ដើម្បី​ពិនិត្យ​មើល​ភាពត្រឹមត្រូវ​នៃ​សេចក្តី​សង្ខេប​នៃ​ពិធីបរិសុទ្ធ​នីមួយៗ ។

សម្រាប់​សេចក្តី​ណែនាំ​អំពី​ការណែនាំ​ឲ្យ​ស្គាល់​សមាជិក​ថ្មី បន្ទាប់ពី​កំណត់ត្រា​របស់​ពួកគេ​ត្រូវបាន​ទទួល ឬ​បន្ទាប់ពី​ពួកគេ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ សូមមើល ២៩.២.១.១ ។

៣៣.៦.៤

កំណត់ត្រា​នៃ​សមាជិក​ដែល​ផ្លាស់​គេហដ្ឋាន ឬ​ឃ្លាត​ឆ្ងាយពី​គេហដ្ឋាន​ជា​បណ្ដោះ​អាសន្ន

ថ្នាក់ដឹកនាំ​វួដ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​ស្មៀន​ទទួល​បាន​នូវ​អាសយដ្ឋាន​ថ្មី​របស់​សមាជិក​ភ្លាមៗ នៅពេល​ដែល​ពួកគេ​បាន​ដឹង​ថា សមាជិក​មាន​បំណង​ចង់​ផ្លាស់​ទីលំនៅ ។ ស្មៀន​ផ្លាស់ប្ដូរ​កំណត់ត្រា​ទៅ​វួដ​ថ្មី នៅពេល​ដែល​សមាជិក​ផ្លាស់ប្ដូរ​ទីលំនៅ​ពិតមែន ។ ស្មៀន​ក៏​អាច​ស្នើសុំ​កំណត់ត្រា​របស់​សមាជិក​ដែល​ផ្លាស់​ចូល​វួដ​របស់​ពួកគេ នៅពេល​ដែល​កំណត់ត្រា​នោះ​មិន​ទាន់​បាន​ផ្ញើ​មកពី​វួដ​ពីមុន​នៅ​ឡើយ​ផងដែរ ។

ប្រសិនបើ​ស្មៀន​មិន​អាច​ស្វែងរក​ព័ត៌មាន​អំពី​ទីកន្លែង​ដែល​សមាជិក​បាន​ផ្លាស់​ទីលំនៅ​ទេ នោះ​កំណត់ត្រា​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​បញ្ជី​ស្វែងរក​សមាជិក​ដែល​បាត់​នៅក្នុង ធ.ថ.​ស. ។ ថ្នាក់​ដឹកនាំ​កូរ៉ុម​អែលឌើរ និង​ថ្នាក់ដឹកនាំ​សមាគម​សង្រ្គោះ​ពិនិត្យ​មើល​របាយការណ៍​ជា​ទៀងទាត់ ហើយ​ប្រើ​ធនធាន​ដែល​មាន ដើម្បី​ស្វែងរក​ទីកន្លែង​របស់​សមាជិក​ទាំងនេះ​ ។ សមាជិក​ក្រុមប្រឹក្សា​វួដ​ដទៃ​ទៀត ឬ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​នឹង​ជួយ​បាន ។

ប្រសិនបើ​រកឃើញ​ទីកន្លែង​របស់​សមាជិក​នោះ ស្មៀន​ផ្លាស់ប្ដូរ​កំណត់ត្រា​ទៅតាម​ទីកន្លែង​នោះ ។ ប្រសិន​បើ​រក​មិន​ឃើញ​ទីកន្លែង​របស់​សមាជិក​នោះ បន្ទាប់​ពី​ប្រើប្រាស់​ធនធាន​ស្វែងរក​ទាំងអស់​ហើយ នោះ​ស្មៀន​ទទួល​ការអនុញ្ញាត​ពី​ប៊ីស្សព ដើម្បី​បញ្ជូន​កំណត់ត្រា​នោះ​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ​វិញ ។

កំណត់ត្រា​នៅក្នុង​បញ្ជី​ស្វែងរក​សមាជិក​ដែល​បាត់ នៅតែ​ត្រូវបាន​ចាត់តាំង​ទៅ​វួដ​នោះ ប៉ុន្តែ​វា​មិន​លេច​ឡើង​នៅក្នុង​បញ្ជី​សមាជិក និង​របាយការណ៍​ឡើយ ហើយ​វា​មិន​មាន​បញ្ចូល​នៅក្នុង​ស្ថិតិ​របស់​វួដ​នោះ​ទេ ។

នៅពេល​បុគ្គល​ម្នាក់​ផ្លាស់​ចេញ​ពី​វួដ​យូរ​ជាង​បី​ខែ នោះ​ស្មៀន​ផ្លាស់ប្ដូរ​កំណត់ត្រា​សមាជិកភាព​ទៅកាន់​វួដ​ថ្មី លើកលែង​តែ​សមាជិក​មាន​បំណង​វិល​ត្រលប់​មក​វិញ បន្ទាប់​ពី​ការចាកចេញ​សម្រាប់​ការងារ​បណ្តោះអាសន្ន ឬ​ការងារ​តាម​រដូវ ឬ​សាលា​រៀន ដែល​អាច​មាន​រយៈពេល​យូរ​ជាង​បី​ខែ ។

នៅពេល​បុគ្គល​ម្នាក់​ផ្លាស់​ចេញ​ពី​វួដ​រយៈពេល​តិច​ជាង​បី​ខែ និង​មាន​បំណង​វិល​ត្រឡប់​មក​វិញ នោះ​កំណត់ត្រា​សមាជិកភាព​ត្រូវបាន​រក្សាទុក​នៅក្នុង​វួដ​នោះ ។

ប្រសិ​នបើ​ថ្នាក់ដឹកនាំ​មិន​ដឹង​ប្រាកដ​ថា បុគ្គល​ម្នាក់​នឹង​ទៅ​យូរ​ប៉ុណ្ណា​ទេ នោះ​ពួកគាត់​រក្សា​ទុក​កំណត់ត្រា​នៅក្នុង​វួដ​ណា ដែល​អាច​នឹង​បំពេញ​សេចក្តីត្រូវការ​របស់​បុគ្គល​បាន​យ៉ាង​ល្អ​បំផុត ។

៣៣.៦.៥

កំណត់ត្រា​សមាជិក​ក្រៅ​អង្គភាព

កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​ម្នាក់​អាច​ត្រូវបាន​រក្សាទុក​នៅក្នុង​តែ​វួដ​មួយ​ប៉ុណ្ណោះ​ក្នុង​ពេល​មួយ ។ មានតែ​ប៊ីស្សព​នៃ​វួដ​នេះ​ទេ ដែល​អាច​មើលការ​ខុសត្រូវ​លើ​ការធ្វើ​បច្ចុប្បន្នភាព​ដល់​កំណត់ត្រា​សមាជិកភាព ការធ្វើ​ពិធីបរិសុទ្ធ និង​ការធ្វើ​កិច្ចសម្ភាស​សម្រាប់​សមាជិក​បាន ។

ស្ថានភាព​មួយ​ចំនួន​តម្រូវ​ថា ឈ្មោះ​សមាជិក និង​ព័ត៌មាន​ទំនាក់ទំនង​របស់​សមាជិក​កត់ត្រា​នៅក្នុង​វួដ​ទីពីរ ( សូមមើល ៣៣.៦.១១ និង ៣៣.៦.១៣ សម្រាប់​ឧទាហរណ៍​នានា ) ។ នៅក្នុង​ករណី​ទាំងនេះ ស្មៀន​នៃ​វួដ​ទីពីរ​បង្កើត​កំណត់ត្រា​សមាជិក​ក្រៅ​អង្គភាព​មួយ ។ គាត់ប្រើ ធ.ថ.ស. ដើម្បី​បោះពុម្ព​កំណត់ត្រា​នេះ ។

សមាជិក​ដែល​មាន​កំណត់ត្រា​សមាជិក​ក្រៅ​អង្គភាព​អាច​ទទួល​បាន​ការហៅ​បម្រើ​មួយ​នៅក្នុង​វួដ​នោះ ។ ពួកគេ​ក៏​ត្រូវបាន​រាប់បញ្ចូល​នៅក្នុង​សៀវភៅ​រាយឈ្មោះ និង​អាសយដ្ឋាន ក៏ដូចជា​បញ្ជី​វត្តមាន​ផងដែរ ។

៣៣.៦.៦

កំណត់ត្រា​របស់​សមាជិក​ដែលកំពុង​បម្រើ​នៅក្រៅ​វួដ​ដើម​របស់​ពួកគេ

៣៣.៦.៦.១

កំណត់ត្រា​របស់​សមាជិក​ដែល​មាន​ការចាត់តាំង​ដទៃ​ទៀត​របស់​សាសនាចក្រ

ប្រសិនបើ​សមាជិក​មាន​ការ​​ចាត់តាំង​របស់​សាសនាចក្រ​នៅ​ក្រៅ​វួដ​ដើម​របស់​ពួកគេ នោះ​កំណត់ត្រា​សមាជិកភាព និង​កំណត់ត្រា​ហិរញ្ញវត្ថុ​របស់​ពួកគេ ត្រូវបាន​រក្សាទុក​នៅក្នុង​វួដ​ដើម ។ ប្រសិន​បើ​ការ​ចាត់តាំង​នោះ តម្រូវ​ឲ្យ​សមាជិក​ផ្លាស់​ចេញពី​វួដ​ដើម​របស់​ពួកគេ​សម្រាប់​រយៈពេល​បី​ខែ ឬ​ច្រើន​ជាង​នោះ ហើយ​ប្រសិនបើ​កូនៗ​របស់​ពួកគេ​ទៅ​តាម​ពួកគេ នោះ​កំណត់ត្រា​សមាជិកភាព​របស់​ពួកគាត់​ត្រូវបាន​ផ្លាស់​ទៅ​ឲ្យ​វួដ​ថ្មី ។ ( សូមមើល ៣៣.៦.៤ ) ។

៣៣.៦.៦.២

កំណត់ត្រា​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង

សូមមើល ២៤.៦.២.៨ ។

៣៣.៦.៧

កំណត់ត្រា​របស់​យុវមជ្ឈិមវ័យ​នៅលីវ

យុវមជ្ឈិមវ័យ​នៅលីវ​ដែល​មាន​អាយុ​ពី ១៨ ទៅ ៣០ ឆ្នាំ អាច​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​សមាជិក​នៅ​វួដ​ដើម​ក៏​បាន ឬ​វួដ យ.ម.ល. ក៏​បាន ប្រសិន​បើ​មាន​វួដ​ដូច្នេះ​មួយ​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​តំបន់​របស់​ពួកគេ ។ ប្រសិន​បើ​ពួកគេ​ជ្រើសរើស​វួដ យ.ម.ល. នោះ​ពួកគេ​ចូលរួម​នៅ​វួដ​ដែល​បាន​ចាត់តាំង​នៅក្នុង​ព្រំប្រទល់​វួដ​ដែល​ពួកគេ​រស់នៅ ។ ពួកគេ​ក៏​ផ្ដល់​ព័ត៌មាន​ទៅ​ប៊ីស្សព​អំពី​វួដ​ដើម​របស់​ពួកគេ​ដើម្បី​គាត់​បាន​ដឹង​ផងដែរ ។ កំណត់ត្រា​សមាជិកភាព​ត្រូវបាន​រក្សា​ទុក​នៅ​វួដ​ដែល​ពួកគេ​ចូលរួម ។

គោលការណ៍​ទាំងនេះ​ក៏​អនុវត្ត​ចំពោះ​មជ្ឈិមវ័យ​នៅ​លីវ ដែល​មាន​អាយុ​ពី ៣១ ដល់ ៤៥ ឆ្នាំ ដែល​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​សមាជិក​នៅ​វួដ​មជ្ឈិមវ័យ​នៅលីវ​ផងដែរ ។

៣៣.៦.៨

កំណត់ត្រា​នៃ​សមាជិក​ដែល​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ ឬ មជ្ឈមណ្ឌល​ថែទាំ

កំណត់ត្រា​នៃ​សមាជិក​ដែល​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​ថែទាំ គួរតែ​ស្ថិត​នៅក្នុង​វួដ​ដែល​អាច​បម្រើ​ដល់​ពួកគាត់​យ៉ាង​ល្អ​បំផុត ។ នៅក្នុង​ករណី​ភាគច្រើន​បំផុត វួដ​នោះគឺ​ជា​វួដ​ដែល​ជា​ទីតាំង​នៃ​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​ថែទាំ​នោះ ។

៣៣.៦.៩

កំណត់ត្រា​របស់​សមាជិក​កំពុង​បម្រើ​យោធា

នៅពេល​សមាជិក​ចូល​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ការបម្រើ​យោធា នោះកំណត់ត្រា​សមាជិកភាព​គឺ​ត្រូវបាន​រក្សាទុក​នៅក្នុង​វួដ​ដើម រហូត​ដល់​គាត់​ត្រូវបាន​ចាត់ឲ្យ​ទៅ​មូលដ្ឋាន​ឈរ​ជើង​ក្នុង​រយៈពេល​យូរ​ជាង​នោះ ។ នៅពេល​នោះ សមាជិក​គួរតែទាក់ទង​ទៅ​វួដ​ដើម ហើយ​ផ្តល់​ឈ្មោះ ព្រមទាំង​អាសយដ្ឋាន​នៃ​វួដ​ថ្មី ។

៣៣.៦.១០

កំណត់ត្រា​របស់​សមាជិក​ដែល​ពិការភាព​ខាង​បញ្ញា

ចំពោះ​បុគ្គល​មាន​អាយុ ៨ ឆ្នាំ​ឡើងទៅ ដែល​មាន​ពិការភាព​ខាង​បញ្ញា នោះ​ឪពុកម្តាយ​របស់​គេ ( បើមាន ) និង​ប៊ីស្សព​ពិភាក្សា​ជាមួយ​គ្នា ដើម្បី​កំណត់​ថាតើ​បុគ្គល​រូបនេះ​មាន​ការទទួល​ខុសត្រូវ​ដែរ​ឬ​ទេ ។ ប្រសិនបើ​បុគ្គល​រូបនេះ​ត្រូវបាន​កំណត់​ថា គ្មាន​ការទទួល​ខុសត្រូវ​ទេ នោះ​ប៊ីស្សព ឬ​ស្មៀន​សរសេរ​ថា « គ្មាន​ការទទួល​ខុសត្រូវ » នៅក្នុង​ផ្នែក​ពិធីបុណ្យ​ជ្រមុជទឹក​នៃ​កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​នោះ​នៅក្នុង ធ.ថ.ស. ។ កំណត់ត្រា​នេះ​មិន​ត្រូវបាន​លុបចោល​ឡើយ ។ ពិធី​បរិសុទ្ធ​ទាំងឡាយ​គឺ​មិន​ចាំបាច់​ទេ​សម្រាប់​បុគ្គល​ម្នាក់ ដែល​កំណត់ត្រា​បញ្ជាក់​ថា គាត់​គ្មាន​ការទទួល​ខុសត្រូវ ។

ជួនកាល​បុគ្គល​ម្នាក់ ឪពុក​ម្ដាយ​របស់​គាត់ និង​ប៊ីស្សព​ពិភាក្សា​ជាមួយ​គ្នា​នៅ​ពេល​ក្រោយ​មក​ទៀត ហើយ​កំណត់​ថា បុគ្គល​ម្នាក់​មាន​ការទទួល​ខុសត្រូវ បន្ទាប់​ពី​កំណត់​ត្រា​ត្រូវបាន​កត់ចំណាំ​ថា « គ្មាន​ការទទួល​ខុសត្រូវ » ។ នៅក្នុង​ករណី​នោះ ប៊ីស្សព ឬ​ស្មៀន ( ដោយ​មាន​ការអនុញ្ញាត​ពី​ប៊ីស្សព ) អាច​លុបចោល​ការចង្អុល​ប្រាប់​ថា « គ្មាន​ការទទួល​ខុសត្រូវ » នោះ​បាន ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៨.២.៤ ។

៣៣.៦.១១

កំណត់ត្រា​នៃ​សមាជិក​ដែល​ថ្លង់ ឬ​ពិបាក​ក្នុង​ការ​ស្ដាប់

សមាជិក​ដែល​ប្រើប្រាស់​ភាសា-គ និង​សមាជិក​គ្រួសារ​ជិតដិត ឬ​អាណាព្យាបាល​ស្របច្បាប់​របស់​ពួកគេ អាច​ជ្រើសរើស​ដើម្បី​មាន​កំណត់ត្រា​សមាជិកភាព​សាសនាចក្រ​របស់​ពួកគេ​នៅ​ទីកន្លែង​ណាមួយ​ដូច​ខាងក្រោម​នេះ ៖

  • វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ

  • វួដ​មួយ​សម្រាប់​សមាជិក​ថ្លង់ និង​ពិបាក​ក្នុង​ការ​ស្ដាប់ ដែល​រស់នៅ​ក្នុង​ព្រំប្រទល់​របស់​វួដ​នោះ

  • វួដ​មួយ​ដែល​បម្រើ​ដល់​ក្រុម​សមាជិក​ថ្លង់ និង​ពិបាក​ក្នុង​ការស្ដាប់ ដែល​រស់នៅ​ក្នុង​តំបន់​ភូមិសាស្ដ្រ​ដែល​បាន​កំណត់​ជាក់លាក់​ដោយ​ប្រធាន​ស្ដេក ឬ​ប្រធាន​តំបន់

នៅក្នុង​ស្ថានភាព​នេះ កំណត់ត្រា​បុគ្គល ឬ​កំណត់ត្រា​គ្រួសារ​អាច​នៅក្នុង​អង្គភាព​តែមួយ​បាន ហើយ​ពួកគេ​អាចជា​សមាជិក​ក្រៅ​អង្គភាព​របស់​អង្គភាព​មួយទៀត ។ ឧទាហរណ៍ សមាជិក​ខ្លះ​នៃ​គ្រួសារ​មួយ​អាច​មាន​កំណត់ត្រា​របស់​ពួកគេ​នៅក្នុង​អង្គភាព​សម្រាប់​សមាជិក​ថ្លង់ និង​ពិបាក​ក្នុងការ​ស្ដាប់ ហើយ​ពួកគេ​អាចជា​សមាជិក​នៅក្នុង​វួដ​មួយ​ដែល​នៅក្រៅ​អង្គភាព​តាម​ភូមិសាស្ត្រ​របស់​ពួកគេ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៣.៦.៥ ។

សមាជិក​ដែល​ថ្លង់ ឬ​ពិបាក​ក្នុង​ការ​ស្ដាប់​អាច​ចូលរួម​ពី​ចម្ងាយ​ក្នុង​វួដ ឬ​ក្រុម​មួយ​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​សមាជិក​ដែល​ថ្លង់ ឬ​ពិបាក​ក្នុង​ការ​ស្ដាប់ នៅក្រៅ​តំបន់​ភូមិសាស្ដ្រ​របស់​សមាជិក​នោះ ។ ពួកគេ​អាច​ធ្វើ​ដូច្នោះ​បាន ទោះបីជា​កំណត់ត្រា​របស់​ពួកគេ​មិន​នៅក្នុង​អង្គភាព​នោះក្ដី ។ ពីមុន​ចូលរួម​ពី​ចម្ងាយ ពួកគេ​គួរតែ​ទាក់ទង​ទៅ​ប៊ីស្សព​នៃ​វួដ​នោះ ហើយ​ជូន​ដំណឹង​ដល់​គាត់​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការចូលរួម ។

៣៣.៦.១២

កំណត់ត្រា​នៃ​កូន​ចិញ្ចឹម

កំណត់ត្រា​នៃ​កូនចិញ្ចឹម អាច​ត្រូវបាន​បង្កើត​ឡើង ឬ​ធ្វើ​បច្ចុប្បន្នភាព បន្ទាប់ពី​ការសុំកូនមក​ចិញ្ចឹម​ត្រូវបាន​បញ្ចប់​សព្វគ្រប់តែ​ប៉ុណ្ណោះ ។ ឈ្មោះ​នៅលើ​កំណត់ត្រា​គួរតែ​អនុលោម​ទៅតាម​ក្រឹត្យក្រម​នៃ​ការសុំកូន​មក​ចិញ្ចឹម ។ កំណត់ត្រា​នៃ​ឪពុក​ម្តាយ​ចិញ្ចឹម​អាច​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព បន្ទាប់ពី​ការសុំកូន​មក​ចិញ្ចឹម​ត្រូវបាន​បញ្ចប់​សព្វគ្រប់​តែ​ប៉ុណ្ណោះ ។

៣៣.៦.១៣

កំណត់ត្រា​នៃ​កុមារ​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា

កំណត់​ហេតុ​សមាជិកភាព​ទាំងអស់​ប្រើប្រាស់​ឈ្មោះ​ផ្លូវការ​របស់​បុគ្គល​ម្នាក់ ដូច​ដែល​បាន​កំណត់​ដោយ​ច្បាប់ ឬ​ទំនៀម​ទម្លាប់​មូលដ្ឋាន ។ នេះ​រួម​មាន​ទាំង​កូនៗ​របស់​ឪពុក​ម្ដាយ​ដែល​បាន​លែងលះ​ផងដែរ ។ ឈ្មោះ​ផ្លូវការ​នៅក្នុង​កំណត់ត្រា​សមាជិកភាព គួរតែ​ត្រូវបាន​កត់ត្រា​នៅលើ​វិញ្ញាបនបត្រ​នៃ​ការប្រសិទ្ធិពរ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព ។

ជារឿយៗ កុមារ​ដែល​មាន​ឪពុក​ម្តាយ​លែងលះ​គ្នា ចូលរួម​ការប្រជុំ​នៅ​ព្រះវិហារ​ទាំងពីរ​ក្នុង​វួដ​របស់​ឪពុក និង​ម្តាយ ។ ខណៈ​ដែល​មាន​តែ​អង្គភាព​មួយ​អាច​រក្សាទុក និង​ធ្វើ​បច្ចុប្បន្នភាព​កំណត់ត្រា​សមាជិកភាព​ផ្លូវការ​របស់​កុមារ​នោះ​បាន កំណត់ត្រា​សមាជិក​ក្រៅ​អង្គភាព​មួយ​អាច​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​វួដ​មួយ​ទៀត​ដែល​គាត់​ចូលរួម ( សូមមើល ៣៣.៦.៥ ) ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ឈ្មោះ និង​ព័ត៌មាន​ទំនាក់​ទំនង​របស់​កុមារ​នេះ​បញ្ចូល​ក្នុង​បញ្ជីឈ្មោះ​ក្នុង​វួដ និង​បញ្ជីឈ្មោះ​ក្នុង​ថ្នាក់ ។

កុមារ​ដែល​មាន​កំណត់ត្រា​សមាជិក​ក្រៅ​អង្គភាព​អាច​ទទួល​បាន​ការហៅបម្រើ​មួយ​នៅក្នុង​អង្គភាព​នោះ​ផងដែរ ។ ការណ៍​នេះ​អាច​ជួយ​ធានា​ថា ពួកគេ​ត្រូវបាន​រាប់​បញ្ចូល និង​អាច​ចូលរួម​យ៉ាង​ពេញលេញ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ចូលរួម ។

៣៣.៦.១៤

កំណត់ត្រា​ដែល​មាន​ការចារចំណាំ

សូម​មើល ៣២.១៤.៥ ។

៣៣.៦.១៥

ការដាក់​កំហិត​លើ​ការប្ដូរ​ទីលំនៅ​លើ​កំណត់ត្រា​សមាជិកភាព

ប្រសិន​បើ​សមាជិក​ផ្លាស់ទីលំនៅ ខណៈ​ការដាក់​កំហិត​សមាជិកភាព​ជា​ផ្លូវការ ឬ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ​ទៀត​មិន​ទាន់​បញ្ចប់ នោះ​ប៊ីស្សព ឬ​ស្មៀន​ដែល​ទទួល​ការអនុញ្ញាត អាច​ដាក់​កំហិត​លើ​ការប្ដូរ​ទីលំនៅ​នៅលើ​កំណត់ត្រា​សមាជិកភាព​នោះ​បាន ។ គាត់ប្រើ ធ.ថ.ស. ដើម្បី​ធ្វើ​ការណ៍​នេះ ។

កំណត់ត្រា​ដែល​មាន​ការ​ដាក់កំហិត​លើ​ការប្ដូរ​ទីលំនៅ មិន​ត្រូវ​ផ្លាស់​ទៅ​អង្គភាព​ថ្មី​មួយ​ទេ រហូតដល់​អ្នកដឹកនាំ​បព្វជិតភាព​ដែល​បាន​ដាក់​កំហិត​នោះ អនុញ្ញាត​ឲ្យ​ដក​ការដាក់កំហិត​នោះ​ចេញ​សិន ។

៣៣.៦.១៦

កំណត់ត្រា​ចេញ​មកពី​ឯកសារ « មិន​ស្គាល់​អាសយដ្ឋាន »

ជួនកាល សមាជិក​ម្នាក់​ត្រូវបាន​រកឃើញ ក្រោយ​ពី​កំណត់ត្រា​របស់​គាត់​ត្រូវបាន​ដាក់​នៅក្នុង « ឯកសារ​អាសយដ្ឋាន​ដែល​មិន​ស្គាល់ » នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ ។ ក្នុង​ករណី​នេះ ស្មៀន​វួដ​ដាក់​ស្នើ​កំណត់ត្រា​នេះ​ដោយ​ប្រើ ធ.ថ.​ស. ។ កំណត់ត្រា​នេះ​នឹង​រួម​បញ្ចូល​សារលិខិត​មួយ ដែល​លើក​ទឹកចិត្ត​ដល់​គណៈប៊ីស្សព ថ្នាក់ដឹកនាំ​កូរ៉ុម និង​ថ្នាក់​ដឹកនាំ​អង្គការ​ជំនួយ ឲ្យ​ទៅ​សួរសុខទុក្ខ​ដល់​បុគ្គល​នោះ​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន និង​ដើម្បី​ផ្ដល់​ការរាប់អាន ។ អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ក៏​អាច​ត្រូវបាន​សុំឲ្យ​ទៅសួរ​សុខទុក្ខ និង​រាប់អាន​ដល់​សមាជិក​ទាំងនេះ​ផងដែរ ។

៣៣.៦.១៧

ការកត់ត្រា និង​ការកែ​តម្រូវ​ព័ត៌មាន​ពិធីបរិសុទ្ធ

សូម​មើល ជំពូក​ទី ១៨ ។

៣៣.៦.១៨

ការកត់ត្រា និង​កែតម្រូវ​ព័ត៌មាន​ស៊ីវិល

សូមមើល ៣៣.៦ ។

៣៣.៦.១៩

សវនកម្ម​កំណត់ត្រា​សមាជិកភាព

ជា​រៀងរាល់​ឆ្នាំ ស្មៀន​ស្តេក ឬ​ជំនួយការ​ស្មៀន​ស្តេក​ត្រូវ​ប្រាកដ​ថា សវនកម្ម​កំណត់ត្រា​សមាជិកភាព ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​វួដ​នីមួយៗ​ដោយ​ប្រើប្រាស់ ធ.ថ.​ស. ។ ប្រធាន​ស្តេក​អាច​ហៅ​អ្នក​ដទៃៗ​ទៀត ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​ការរក្សា​កំណត់ត្រា​សមាជិកភាព​ឲ្យ​ជួយ​ធ្វើ​សវនកម្ម​ទាំងនេះ ។ សវនកម្ម​គួរតែ​ត្រូវបាន​បញ្ចប់​នៅត្រឹមថ្ងៃ​ទី ៣០ ខែ មិថុនា ជា​រៀងរាល់​ឆ្នាំ ។

៣៣.៧

កំណត់ត្រា​ប្រវត្តិសាស្ត្រ

៣៣.៧.១

ប្រវត្តិសាស្ដ្រ​វួដ និង​ស្ដេក

ព្រះអម្ចាស់​បាន​បញ្ជា​ថា រឿងរ៉ាវ « ប្រវត្តិ​អំពី​ការណ៍​ដ៏​សំខាន់ៗ​ទាំង​ឡាយ » ទាក់ទង​នឹង​សាសនាចក្រ​របស់​ទ្រង់ គឺ​ត្រូវ​សរសេរ​ទុក និង​ថែ​រក្សា ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩:៣; សូមមើល​ផងដែរ ខទី ៥; អាលម៉ា ៣៧:២ ) ។

អង្គភាព​នីមួយៗ​នៅក្នុង​សាសនាចក្រ​ត្រូវ​រៀបចំ​ឯកសារ​សំខាន់ៗ​ទាក់ទង​នឹង​អង្គភាព​ទុក ។ បញ្ហា​ទាំងនេះ​រួមមាន​ដំណើររឿង​ប្រវត្តិសាស្ត្រ​មក​ពី​ថ្នាក់ដឹកនៃ​អង្គភាព ។ ការកំណត់​ការណ៍​ដ៏​សំខាន់​នឹង​សម្រេច​បាន​ប្រសើរ​បំផុត​តាមរយៈ ៖

  • ការគិត​ដល់​កិច្ច​ខិតខំ​ដើម្បី​ជួយ​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។

  • ការទទួល​ស្គាល់​បទពិសោធន៍​ដ៏​មាន​ន័យ ហើយ​បង្ហាញ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ការរក្សា​ប្រវត្តិសាស្រ្ត​មួយ​គឺជា​កិច្ចការ​ខាង​វិញ្ញាណ ដែល​នឹង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អស់​អ្នក​ដែល​សរសេរ និង​អាន​វា ។ ការរៀបចំ​ជា​ឯកសារ​ដំណើររឿង​ពេញ​មួយ​ឆ្នាំ​នឹង​កែលម្អ​គុណភាព​នៃ​ប្រវត្តិសាស្រ្ត​នោះ ។

គណៈប្រធាន​ស្តេក ឬ​ជំនួយការ​ស្មៀន​ស្តេក​រៀបចំ​ប្រវត្តិសាស្រ្ត​របស់​ស្តេក ។ គណៈប្រធាន​ស្ដេក​ក៏​អាច​នឹង​ហៅ​អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ​មួយរូប​ដើម្បី​ជួយ​ផងដែរ ។ គណៈប៊ីស្សព​ធ្វើតាម​វិធីសាស្ដ្រ​ស្រដៀងគ្នា​នេះ​សម្រាប់​វួដ ។ ការណែនាំ​មាន​នៅ Stake, District, and Mission Annual Histories នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

៣៣.៧.២

ប្រវត្តិ​សាសនាចក្រ

នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ​រក្សា​ទុក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​ការសម្រាំង រួមមាន​កំណត់ត្រា​ផ្ទាល់ខ្លួន សិល្បៈ និង​វត្ថុ​បុរាណ « ជា​ការល្អ​ដល់​សាសនាចក្រ និង​ដល់​តំណ​មនុស្ស​មាន​វ័យ​ធំ​ឡើង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩:៨ ) ។ សំណួរ​ទាំងឡាយ​អំពី​តម្លៃ​នៃ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​អាច​នឹង​សួរ​ទៅកាន់ ៖

Church History Library

15 East North Temple Street

Salt Lake City, UT 84150-1600

ទូរសព្ទ ៖ ១–៨០១–២៤០–៥៦៩៦

អ៊ីម៉ែល ៖ history@ChurchofJesusChrist.org

៣៣.៨

ភាពសម្ងាត់​នៃ​កំណត់ត្រា​ទាំងឡាយ

កំណត់ត្រា​ទាំងឡាយ​របស់​សាសនាចក្រ​គឺ​ជា​ការសម្ងាត់ ទោះ​ជា​វា​មាន​នៅលើ​ក្រដាស ឬ​ជា​ឌីជីថល​ក៏​ដោយ ។ ទាំងនេះ​រួមមាន ៖

  • កំណត់ត្រា​សមាជិកភាព ។

  • កំណត់ត្រា​ហិរញ្ញវត្ថុ ។

  • កំណត់ចំណាំ​មក​ពី​ការប្រជុំ ។

  • ទម្រង់​បែបបទ និង​ឯកសារ​ផ្លូវការ ( រួមមាន​កំណត់ត្រា​នៃ​ក្រុមប្រឹក្សា​សមាជិកភាព ) ។

  • កំណត់ចំណាំ​មក​ពី​ការសម្ភាស​ជា​ឯកជន ។

ថ្នាក់ដឹកនាំ និង​ស្មៀន​ត្រូវ​ការពារ​កំណត់ត្រា​សាសនាចក្រ​ដោយ​ការប្រើប្រាស់ ការរក្សាទុក និង​ការកម្ទេច​ចោល​កំណត់ត្រា​ទាំងនោះ តាម​របៀប​ដែល​ការពារ​ភាព​ជា​ឯកជន​របស់​បុគ្គល​ម្នាក់ៗ ។ ថ្នាក់ដឹកនាំ​ធានា​ឲ្យបាន​ថា ព័ត៌មាន​ដែល​ប្រមូល​បាន​មក​ពី​សមាជិក​គឺ ៖

  • ត្រូវបាន​កម្រិត​ត្រឹម​អ្វី​ដែល​សាសនាចក្រ​តម្រូវ​ឲ្យ​មាន ។

  • ត្រូវបាន​ប្រើប្រាស់​សម្រាប់​តែ​គោលបំណង​របស់​សាសនា​ដែល​បាន​អនុម័តប៉ុណ្ណោះ ។

  • ត្រូវបាន​ប្រគល់​ទៅឲ្យ​អ្នក​ទាំងឡាយ​ណា ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វា​តែ​ប៉ុណ្ណោះ ។

ព័ត៌មាន​ដែល​ត្រូវបាន​រក្សាទុក​ដោយ​អេឡិចត្រូនិច ត្រូវតែ​រក្សា​ឲ្យ​មាន​សុវត្ថិភាព និង​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ ( សូមមើល ៣៣.៩.១ ) ។ ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា ទិន្នន័យ​ដូច្នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្ទាល់ខ្លួន ខាង​នយោបាយ ឬ​ពាណិជ្ជកម្ម​ឡើយ ។ ព័ត៌មាន​មកពី​កំណត់ត្រា​សាសនាចក្រ រួមទាំង​ព័ត៌មាន​ប្រវត្តិសាស្រ្ត មិន​អាច​ត្រូវបាន​ប្រគល់​ទៅឲ្យ​បុគ្គល ឬ​ភ្នាក់ងារ​ណា​មួយ ​ដែល​ធ្វើការស្រាវជ្រាវ ឬ​ការស្ទង់មតិ​បាន​ឡើយ ( សូមមើល ៣៨.៨.៣៦ ) ។

ថ្នាក់​ដឹកនាំ និង​សមាជិក​ត្រូវតែ​ធ្វើតាម​សេចក្ដី​ណែនាំ​នៅក្នុង ៣៨.៨.២១ ដើម្បី​ការពារ​បញ្ជី​ព័ត៌មាន​សមាជិក​របស់​ស្តេក និង​វួដ ។

៣៣.៩

ការគ្រប់គ្រង​កំណត់ត្រា

ថ្នាក់ដឹកនាំ​ស្តេក និង​ថ្នាក់ដឹកនាំ​វួដ​គួរតែ​ធ្វើឲ្យ​ការគ្រប់គ្រង​កំណត់ត្រា​មាន​ប្រសិទ្ធភាព ជា​ផ្នែក​មួយ​នៃ​នីតិវិធី​ក្នុង​ការរក្សា​កំណត់ត្រា​របស់​ពួកគាត់ ។ ចំណុច​សំខាន់​នៃ​ការគ្រប់គ្រង​កំណត់ត្រា​ចំនួន​បី​ផ្នែក​ត្រូវបាន​ចែង​នៅក្នុង​វគ្គ​នេះ ។

៣៣.៩.១

ការការពារ

កំណត់ត្រា របាយការណ៍ និង​ទិន្នន័យ​ទាំងអស់​របស់​សាសនាចក្រ គួរតែ​ត្រូវបាន​ការពារ​ទប់ទល់​នឹង​ការចូល​ប្រើប្រាស់ ការផ្លាស់ប្តូរ ការបំផ្លាញ ឬការបង្ហាញ​ឲ្យ​ឃើញ​ដោយ​គ្មាន​ការអនុញ្ញាត ។ ព័ត៌មាន​នេះ​គួរតែ​ត្រូវបាន​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ។ កំណត់ត្រា​ដែល​មាន​ព័ត៌មាន​សម្ងាត់​ខ្ពស់ រួមមាន​ឯកសារ​បោះពុម្ព​ចេញ​ពី​កុំព្យូទ័រ គួរតែ​ត្រូវបាន​ទុក​នៅក្នុង​ថតតុ ឬ​ទូរ​ចាក់​សោ នៅក្នុង​ការិយាល័យ​របស់​ថ្នាក់ដឹកនាំ នៅពេល​ដែល​ឯកសារ​ទាំងនោះ​មិន​ត្រូវបាន​យក​មក​ប្រើប្រាស់ ។

នៅ​កន្លែង​ណា​ដែល​អាច​ធ្វើ​ទៅ​បាន កំណត់ត្រា របាយការណ៍ និង​ទិន្នន័យ​ជា​អេឡិចត្រូនិច គួរតែ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គេ​អាន​បាន ហើយ​ត្រូវការពារ​ដោយ​ការដាក់​ពាក្យសម្ងាត់ ។ ឧបករណ៍ ឬ​ស្តុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​ដែល​បាន​បាត់ ឬ​ត្រូវបាន​គេ​លួច គួរតែ​ត្រូវបាន​រាយការណ៍​ភ្លាមៗ​នៅលើ​គេហទំព័រ incidents.ChurchofJesusChrist.org ។ ការប្រើប្រាស់​ខុស​នូវ​ព័ត៌មាន​របស់​សាសនាចក្រ​ក៏​គួរតែ​ត្រូវបាន​រាយការណ៍​ផងដែរ ។

៣៣.៩.១.១

ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យសម្ងាត់

ប្រធាន​ស្តេក ប៊ីស្សព និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត មិន​គួរ​ចែកចាយ​ឈ្មោះ​អ្នក​ប្រើប្រាស់ និង​ពាក្យសម្ងាត់​សាសនាចក្រ​របស់​ពួកគាត់​ជាមួយ​នឹង​ទីប្រឹក្សា ស្មៀន លេខា​ប្រតិបត្តិ ឬ​អ្នក​ដទៃ​ទៀត​សោះ​ឡើយ ។ ពួកគាត់​ក៏​មិន​គួរ​ទុក​វា​នៅក្នុង​ឧបករណ៍​ទាំងឡាយ ដែល​អ្នក​ដទៃ​ទៀត​អាច​មើលឃើញ ឬ​អាច​ចូល​ប្រើ​បាន​ផងដែរ ។

ពាក្យសម្ងាត់​គួរតែ​មាន​តួអក្សរ លេខ និង​សញ្ញា​ចំនួន ១២ ឬ​វែង​ជាង​នោះ ហើយ​មិន​គួរ​ងាយស្រួល​ក្នុង​ការទាយ​នោះ​ទេ ។ ថ្នាក់​ដឹកនាំ​ត្រូវបាន​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង ឲ្យ​បើក​មុខងារ​ការផ្ទៀងផ្ទាត់​ពីរ​ជំហាន ( ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា ការបញ្ជាក់​ភាពដើម​តាម​ពហុកត្តា ) នៅលើ​គណនី​សាសនាចក្រ​របស់​ពួកគាត់​នៅពេល​ណា​ដែល​អាច​ធ្វើ​ទៅបាន ។

៣៣.៩.១.២

កុំព្យូទ័រ និង​ស្តុក​ទិន្នន័យ​ដែល​ប្រើ​រួម​គ្នា

ថ្នាក់​ដឹកនាំ និង​ស្មៀន​មិន​គួរ​រក្សា​ទុក​ព័ត៌មាន​សមាជិកភាព និង​ហិរញ្ញវត្ថុ​នៅក្នុង​កុំព្យូទ័រ​ដែល​ប្រើ​រួម​គ្នា ដែល​អាច​ត្រូវ​បាន​ចូល​ប្រើ​ដោយ​អ្នក​ដទៃ​ទៀត ដែល​មិនមាន​សិទ្ធិអំណាច​ដើម្បី​មាន​ព័ត៌មាន​ទាំងនេះ​នោះ​ទេ ។

៣៣.៩.១.៣

ភាពសម្ងាត់​នៃទិន្នន័យ

ប្រទេស​ជា​ច្រើន​បាន​បង្កើត​ការការពារ​ទិន្នន័យ ដែល​គ្រប់គ្រង​ដំណើរការ​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន ។ ការណ៍​នេះ​រួមមាន​ព័ត៌មាន​នៅក្នុង​កំណត់ត្រា​សមាជិកភាព និង​កំណត់ត្រា​សាសនាចក្រ​ផ្សេងៗ​ទៀត ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​បុគ្គល​ទាំងឡាយ ។ ថ្នាក់ដឹកនាំ​ដែល​មាន​សំណួរ​អំពី​ការអនុវត្ត​នៃ​ច្បាប់​ការពារ​ទិន្នន័យ ទាក់ទង​នឹង​ការគ្រប់គ្រង​ក្នុង​មូលដ្ឋាន​របស់​កំណត់ត្រា​សាសនាចក្រ អាច​ទាក់ទង​ទៅការិយាល័យ​ភាពសម្ងាត់​នៃទិន្នន័យ​របស់​សាសនាចក្រ​តាម​អាសយដ្ឋាន​អ៊ីម៉ែល DataPrivacyOfficer@ChurchofJesusChrist.org ។

៣៣.៩.២

ការថែរក្សា

កំណត់ត្រា​ទាំងឡាយ​គួរតែត្រូវ​បាន​រក្សាទុក ដរាបណា​កំណត់ត្រា​ទាំង​នោះ​មាន​តម្រូវការ​សម្រាប់​គោលបំណង​រដ្ឋបាល ច្បាប់ និង​គោលបំណង​ជា​ប្រវត្តិសាស្រ្ត​តែ​ប៉ុណ្ណោះ ។ បញ្ជីកា​រហិរញ្ញវត្ថុ​គួរតែ​ត្រូវបាន​រក្សាទុក​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់​បី​ឆ្នាំ បូករួម​ទាំង​ឆ្នាំ​បច្ចុប្បន្ន​ផងដែរ ។ ថ្នាក់ដឹកនាំ​ដែល​មាន​សំណួរ​អំពី​រយៈពេល​ដែល​ត្រូវ​រក្សា​ទុក​កំណត់ត្រា គួរតែ​ទាក់ទង​ទៅ​នាយកដ្ឋាន​សេវាកម្ម​សកល ឬ​ការិយាល័យ​ប្រចាំ​តំបន់ ។

៣៣.៩.៣

ការកម្ទេច​ចោល

កំណត់ត្រា​ដែល​លែង​ប្រើប្រាស់ ឬ​លែង​ត្រូវការ​ត​ទៅ​ទៀត គួរតែ​ត្រូវបាន​កម្ទេច​ចោល​តាម​របៀប​មួយ​ដែល​ព័ត៌មាន​មិន​អាច​យក​មក​វិញ ឬ​ស្តារ​ឡើង​វិញ​បាន ។ នៅពេល​លុប​ព័ត៌មាន​សមាជិកភាព ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ​ដែល​ជា​ឌីជីថល អ្នកដឹកនាំ​នោះ​ត្រូវតែ​ប្រាកដថា វា​មិន​អាច​រកឃើញ​មកវិញ​តាមរយៈ​មធ្យោបាយ​ណា​មួយ​ឡើយ ។

កំណត់ត្រា​ដែល​មាន​តម្លៃ​ខាង​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​សក្តានុពល មិនគួរ​ត្រូវបាន​បោះចោល បំផ្លាញ​ចោល ឬ​ដាក់​ក្នុង​មជ្ឈមណ្ឌល​ធនធាន​វួដ ( បណ្ណាល័យ ) នោះ​ទេ ។ សំណួរ​ទាំងឡាយ​អំពី​តម្លៃ​នៃ​កំណត់ត្រា​ខាង​ប្រវត្តិសាស្រ្ត អាច​ត្រូវបាន​ប្រាប់​ទៅ​ដល់​បណ្ណាល័យ​ប្រវតិ្តសាស្រ្ត​សាសនាចក្រ ( សូមមើល​ព័ត៌មាន​ទាក់ទង​នៅក្នុង ៣៣.៧.២ ) ។

៣៣.១០

អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​ស្តេក និង​វួដ

គណៈប្រធាន​ស្តេក​ហៅ​សមាជិក​ស្ដេក​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​បម្រើ​ជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​ស្តេក ។ គណៈប៊ីស្សព​អាច​ហៅ​សមាជិក​វួដ​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​បម្រើ​ជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​វួដ ។ បុរស ស្ដ្រី និង​យុវវ័យ​អាច​បំពេញ​ការហៅ​ទាំងនេះ​បាន ។

អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​ស្តេក​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ស្មៀន​ស្ដេក ។ អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​វួដ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ស្មៀន​វួដ ឬ​លេខា​ប្រតិបត្តិ​វួដ ដូច​ដែល​បាន​កំណត់​ដោយ​ប៊ីស្សព ។ ការទទួល​ខុសត្រូវ​របស់​ពួកគាត់​អាច​រួមមាន​ដូច​ខាងក្រោម ៖

  • ជួយ​ថ្នាក់ដឹកនាំ​ស្តេក ឬ​ថ្នាក់ដឹកនាំ​វួដ​ជាមួយ​នឹង​តម្រូវការ​ខាង​បច្ចេកវិទ្យា ។

  • បង្រៀន​សមាជិក​ពី​របៀប​ចូលប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ កម្មវិធី និង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងទៀត​របស់​សាសនាចក្រ រួមទាំង​គេហទំព័រ FamilySearch.org ផង​ដែរ ។

  • គាំទ្រ​ដល់​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ដែល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ដើម្បី​បំពេញ​ការហៅ​របស់​ពួកគាត់ ។

  • គ្រប់គ្រង​ការផ្សាយ​បន្ដ​ផ្ទាល់​នៃ​ការប្រជុំ និង​ថ្នាក់រៀន​សម្រាប់​សមាជិក​ដែល​មិន​អាច​ចូលរួម​បាន ( សូមមើល ២៩.៧ ) ។

លើសពីនេះ អ្នកជំនាញ​បចេ្ចកវិទ្យា​ប្រចាំ​ស្តេក​មាន​ការទទួល​ខុសត្រូវ​ដូច​តទៅ សម្រាប់​ការគ្រប់គ្រង​កុំព្យូទ័រ​របស់​សាសនាចក្រ​នៅក្នុង​ស្តេក រួមមាន​ទាំង​កុំព្យូទ័រ​ទាំងឡាយ​ដែល​នៅក្នុង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ផងដែរ ៖

  • ធ្វើ​តាម​ការដឹកនាំ​មកពី​គណៈប្រធាន​ស្តេក​អំពី​ការដាក់ ការចែកចាយ ការរៀបចំ​ឡើង​វិញ និង​ការដាក់​កាលវិភាគ​លើ​គ្រប់​កុំព្យូទ័រ​ស្តេក​ទាំងអស់ ។

  • ថែរក្សា​សារពើភណ្ឌ័​នៃ​ឧបករណ៍​កុំព្យូទ័រ​ដែល​កំពុង​មាន​ទាំងអស់​នៅក្នុង​ស្ដេក ដោយ​មាន​លេខ​សម្គាល់ ម៉ូដ សមត្ថភាព និង​ទីកន្លែង​ឧបករណ៍ ។

  • ត្រូវ​ប្រាកដ​ថា ( ១ ) កុំព្យូទ័រ សុសវែរ និង​ព័ត៌មាន​សម្ងាត់​មាន​សុវត្ថិភាព ( ២ ) ឯកសារ​ទិន្នន័យ​ត្រូវបាន​ថតចម្លង​ទុក​ជា​ទៀងទាត់ ។

  • ស្គាល់​គោលនយោបាយ​ទូទៅ​សម្រាប់​កុំព្យូទ័រ​សាសនាចក្រ ( សូមមើល ៣៨.៨.៩ ) ។

  • ស្គាល់​សេចក្តី​ណែនាំ​ទាំងឡាយ​ដើម្បី​ទទួល​បាន និង​គ្រប់គ្រង​កុំព្យូទ័រ​សាសនាចក្រ ។

តាម​ការចាំបាច់ អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​ស្តេក​សម្រប​សម្រួល​កិច្ចការ​របស់​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រចាំ​វួដ ។ ពួកគាត់​ក៏​ផ្ដល់​ការណែនាំ​ផងដែរ ។