ក្បួនខ្នាត និង​ការហៅ
២៤. អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា


« ២៤. អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២៤. អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ស្ត្រី​ម្នាក់

២៤.

អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា

២៤.០

សេចក្ដីផ្ដើម

នៅ​ជំនាន់​បុរាណ ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ចំណោម « គ្រប់​ទាំង​សាសន៍ ព្រមទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ( ម៉ាថាយ ២៨:១៩; សូមមើល​ផងដែរ ខទី ២០ ) ។ ព្រះអម្ចាស់​បាន​រំឭក​សិទ្ធិ​អំណាច​នោះ​នៅក្នុង​ជំនាន់​ចុងក្រោយ​នេះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៩:១១; ៦៨:៦–៨; ១១២:២៨–៣០ ) ។ សមាជិក​សាសនាចក្រ​ទាំងអស់​ចុះ​សេចក្ដី​សញ្ញា​នៅពេល​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ថា នឹង​ធ្វើជា​សាក្សី​របស់​ព្រះ ហើយ​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។

ការបម្រើ​ព្រះអម្ចាស់​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ គឺជា​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​មួយ ។ វា​នាំមក​នូវ​ពរជ័យ​ដ៏អស់កល្ប​ដល់​អ្នកផ្សព្វផ្សាយ​រូប​នោះ និង​អស់​អ្នក​ដែល​គាត់ ឬ​នាង​បម្រើ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៤–១៦ ) ។

ការហៅ​បម្រើ​បេសកកម្ម​រួមមាន​ការចាត់​តាំង​មួយ​ដើម្បី​បង្រៀន​ដំណឹងល្អ គាំទ្រ​ដល់​កិច្ចការ​របស់​នាយកដ្ឋាន ឬ​អង្គភាព​នៃ​សាសនាចក្រ ឬ​បម្រើ​នៅក្នុង​សហគមន៍​ក្នុង​មូលដ្ឋាន ។ ព្រះអម្ចាស់​រំពឹង​ថា យុវជន​ម្នាក់ៗ​អាច​រៀបចំ​ខ្លួន​ធ្វើ​ការបម្រើ​នេះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៦:១, ៤–៧ ) ។ យុវនារី និង​សមាជិក​ដែល​មាន​វ័យច្រើន​ដែល​មាន​បំណង​ចង់​បម្រើ ក៏​គួរតែ​រៀបចំ​ខ្លួន​ផងដែរ ។ ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការរៀបចំ​ខ្លួន គឺ​ការព្យាយាម​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ អស់​អ្នក​ទាំងឡាយ​ដែល​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​ក៏​រៀបចំ​ខ្លួន​ទាំង​ខាង​រាងកាយ ខាង​ផ្លូវចិត្ត ខាង​សតិ​អារម្មណ៍ និង​ខាង​ហិរញ្ញវត្ថុ​ផងដែរ ។

២៤.១

ការហៅ​ឲ្យ​បម្រើ

អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​ត្រូវបាន​ហៅ​ឲ្យ​ជួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ទាំង​ទ្វេ ។ អ្នកផ្សព្វផ្សាយ​សាសនា​តំណាងឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់ ។ ពួកគេ​បម្រើ​ព្រះអម្ចាស់​ដោយ​សេចក្ដី​ស្រឡាញ់​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ដោយ​មិន​គិតពី​ខ្លួនឯង ។ ( សូមមើល ម៉ាថាយ ១៦:២៥; ២២:៣៦–៤០ ) ។

ការហៅ​បម្រើ​បេសកកម្ម​ត្រូវបាន​ផ្ដល់​ដល់​សមាជិក ដែល​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ មាន​ភាពស័ក្ដិសម និង​មាន​សមត្ថភាព ។ សមាជិក​ទាំងនេះ​ខិតខំ​បម្រើ​ដល់​ព្រះអម្ចាស់​ឲ្យ​អស់ពី « ចិត្ត អស់ពី​ពលំ អស់ពី​គំនិត ហើយ​អស់ពី​កម្លាំង » របស់​ពួកគេ ។ ពួកគេ​បង្កើត​ឲ្យមាន « សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់ » ។ ពួកគេ​រក្សា « ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ » ។ កាល​ពួកគេ​ធ្វើ​ការណ៍​ទាំងនេះ នោះ​ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ពួកគេ​មាន​ភាពស័ក្ដិសម​នឹង​កិច្ចការ​នេះ ។ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២, ៥; សូមមើល​ផងដែរ ខទី ១–៧ ) ។

អ្នកផ្សព្វផ្សាយ​សាសនា​តំណាងឲ្យ​ព្រះអម្ចាស់ និង​ត្រូវតែ​បាន​ហៅ​ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១១; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។ ជាទូទៅ ការហៅ​ឲ្យ​បម្រើ​បេសកកម្ម​ត្រូវបាន​ផ្ដល់​មកពី​ប្រធាន​នៃ​សាសនាចក្រ ។ សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម ការហៅ​ត្រូវបាន​ផ្ដល់​មកពី​ប្រធាន​ស្តេក ។

២៤.២

ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា

ការហៅ​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រួមមាន​នូវ​ការចាត់តាំង​ដ៏ជាក់លាក់​មួយ ។ ការចាត់តាំង​ទាំងនេះ​អាច​ខុសគ្នា​ខ្លាំង ។ ជាធម្មតា ការចាត់តាំង​ទាំងនេះ​រួមមាន ៖

  • ទម្រង់​បែបបទ​នៃ​ការបម្រើ ។

  • ទីតាំង ។

  • រយៈពេល​នៃ​ការបម្រើ ។

ការចាត់តាំង​នីមួយៗ​ត្រូវបាន​ដឹកនាំ​ដោយ​វិវរណៈ ដើម្បីឲ្យ​វា​ត្រូវ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ក៏ដូចជា​តម្រូវការ​នៃ​បុត្រា​បុត្រី​របស់​ព្រះ​ផងដែរ ។

ការចាត់តាំង​អាច​មាន​ការផ្លាស់ប្ដូរ​តាមរយៈ​វិវរណៈ​ជាបន្ដ​បន្ទាប់ នៅពេល​ស្ថានភាព​ផ្លាស់ប្ដូរ ។ ការចាត់តាំង​ជាក់លាក់​មួយ​គឺជា​រឿង​សំខាន់ ។ ប៉ុន្ដែ វាជា​រឿង​បន្ទាប់​បន្សំ​ចំពោះ​ការហៅ​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨០:៣ ) ។

២៤.២.១

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ភាគច្រើន​ត្រូវបាន​ចាត់តាំង​ឲ្យ​បង្រៀន​ដំណឹងល្អ​នៅ​ឆ្ងាយពី​ផ្ទះ ។ ការចាត់តាំង​ទាំងនេះ​ត្រូវបាន​ផ្ដល់​ដោយ​វិវរណៈ​ទៅកាន់​ពួកសាវក ។ អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​បេសកកម្ម ។

បុរស​នៅលីវ​ដែល​មាន​អាយុ ១៨–២៥ ឆ្នាំ​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន​បាន ។ ជាធម្មតា ពួកគេ​បម្រើ​រយៈពេល ២៤ ខែ ។

ស្ដ្រី​នៅលីវ​ដែល​មាន​អាយុ ១៩–២៩ ឆ្នាំ​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​បង្រៀន​បាន ។ ជាធម្មតា ពួកគេ​បម្រើ​រយៈពេល ១៨ ខែ ។

២៤.២.២

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​មួយ​ចំនួន​ត្រូវបាន​ចាត់តាំង​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ និង​សហគមន៍ ខណៈ​ពួកគេ​រស់នៅ​ក្នុង​គេហដ្ឋាន​ខ្លួនឯង ។ ការចាត់តាំង​ទាំងនេះ​ត្រូវបាន​ផ្ដល់​ដោយ​វិវរណៈ​ទៅកាន់​ពួកសាវក ហើយ​ជូនទៅ​បេក្ខជន​ដែល​មាន​ស្ថានភាព​សមស្រប​ខ្លាំង​បំផុត​សម្រាប់​បេសកកម្ម​ផ្នែក​សេវាកម្ម ( សូមមើល ២៤.៣.៣ ) ។

បុគ្គល​ទាំងនេះ​មាន​បទដ្ឋាន​ដូចគ្នា​សម្រាប់​ការរៀបចំ​ខ្លួន និង​ភាពស័ក្ដិសម ដូចជា​អ្នក​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យទៅ​បេសកកម្ម​ផ្នែក​បង្រៀន​ដែរ ។ បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ទាំងអស់​ទទួល​បាន​អនុសាសន៍​តាមរយៈ​នីតិវិធី​ដូចគ្នា ។

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​បម្រើ​នៅក្នុង​មូលដ្ឋាន នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​ស្ដេក។ ពួកគេ​ម្នាក់ៗ​ទទួលបាន​ការចាត់តាំង​ដែល​សមស្រប​នឹង​ស្ថានភាព​របស់​ពួកគេ ហើយ​ដោយ​ផ្អែកលើ​ឱកាស​បម្រើ​ក្នុង​សហគមន៍ ( សូមមើល ២៤.៧.១ ) ។ ពួកគេ​បម្រើ​យ៉ាង​អស់ពី​សមត្ថភាព​របស់​ពួកគេ ។

បុរស​នៅលីវ​ដែល​មាន​អាយុ ១៨–២៥ ឆ្នាំ​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​បាន ។ ជាធម្មតា ពួកគេ​បម្រើ​រយៈពេល ៦–២៤ ខែ ។

ស្ដ្រី​នៅលីវ​ដែល​មាន​អាយុ ១៩–២៩ ឆ្នាំ​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​បាន ។ ជាធម្មតា ពួកគេ​បម្រើ​រយៈពេល ៦–១៨ ខែ ។

បេសកកម្ម​ផ្នែក​សេវាកម្ម​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង មិនទាន់​មាន​នៅ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ពិភពលោក​នៅឡើយ​ទេ ។ សម្រាប់​បញ្ជី​នៃ​តំបន់​ដែល​មាន​បេសកកម្ម​ផ្នែក​សេវាកម្ម សូមមើល​គេហទំព័រ ChurchofJesusChrist.org/service-missionary ។ គេហទំព័រ​នោះ​ក៏ផ្ដល់​នូវ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​បេសកកម្ម​ផ្នែក​សេវាកម្ម​ផងដែរ ។ នៅកន្លែង​ណា​ដែល​មិនមាន​បេសកកម្ម​ផ្នែក​សេវាកម្ម នោះ​សមាជិក​វ័យក្មេង​អាច​បម្រើ​នៅក្នុង​កម្មវិធី​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម ( សូមមើល ២៤.២.៤ ) ។

២៤.២.៣

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង

សមាជិក​ដែល​បាន​រៀបការ​រួច​អាយុ ៤០ ឆ្នាំ​ឡើង អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ជា​ដៃគូ​ស្វាមី​ភរិយា ប្រសិនបើ​ពួកគេ​មិនមាន​កូន​ក្នុង​បន្ទុក​ទេ​នោះ ។

ស្ដ្រី​នៅលីវ​ដែល​មាន​អាយុ ៤០ ឆ្នាំ​ឡើង ក៏​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​បាន​ដែរ ប្រសិនបើ​ពួកគេ​ពុំ​មាន​កូន​ក្នុង​បន្ទុក​នៅផ្ទះ​ទេនោះ ។

បុរស​នៅលីវ​ដែល​មាន​អាយុ ៤០ ឆ្នាំ​ឡើង​ពុំ​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​បាន​ទេ ។ ប៉ុន្តែ​ពួកគេ​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​បាន ។ ( សូមមើល ២៤.២.៤ ) ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ទាំងអស់​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន និង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ក៏អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​គាំទ្រ​ដល់ ៖

  • សមាជិក និង​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់ និង​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ។

  • នាយកដ្ឋាន និង​អគារ​របស់​សាសនាចក្រ ។

  • អង្គការ​សប្បុរសធម៌ ។

ជាធម្មតា អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​បម្រើ​នៅឆ្ងាយ​ពីផ្ទះ​រយៈពេល ៦–២៣ ខែ ។ ជាធម្មតា អស់​អ្នក​ដែល​បម្រើ​នៅក្រៅ​ប្រទេស​ដែល​ជា​ផ្ទះ​របស់​ពួកគេ ត្រូវបាន​ហៅឲ្យ​បម្រើ​យ៉ាងហោច​ណាស់​រយៈពេល ១៨ ខែ ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​មិន​ត្រូវបាន​សូម​ឲ្យ​ធ្វើការ​តាម​ម៉ោង​ដូចគ្នា ធ្វើ​សកម្មភាព​ដូចគ្នា​ទាំងអស់ ឬ​បំពេញ​តាម​ការរំពឹងទុក​ដូចគ្នា​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នោះទេ ។ ប៉ុន្ដែ ការបម្រើ​របស់​ពួកគេ​នៅតែ​មាន​តម្រូវការ ។ ដោយសារ​មូលហេតុ​នេះ ពួកគេ​គួរតែ​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ដើម្បី​បម្រើ ។ ពួកគេ​ក៏​គួរតែ​បំពេញ​តាម​គុណសម្បត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ ( សូមមើល ២៤.៣.៤.២ ) ។

ប៊ីស្សព ប្រធាន​ស្តេក និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ដឹង​ថា តើ​នរណា​អាច​បម្រើ​បាន ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​សម្ភាស​សមាជិក​ទាំងនេះ​បាន ដើម្បី​កំណត់ពី​ការអាច​មាន​ពេលវេលា​របស់​ពួកគេ និង​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​បម្រើ ។

ការចាត់តាំង​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ត្រូវបាន​ផ្ដល់​ដោយ​វិវរណៈ​ទៅកាន់​ពួកសាវក ។ ថ្នាក់ដឹកនាំ​អាច​ផ្ដល់​អនុសាសន៍​ប្រភេទ​ចាត់តាំង​ជាក់លាក់​មួយ​ចំនួន​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង ។ ទោះជា​យ៉ាងណា​ក៏ដោយ ថ្នាក់ដឹកនាំ​ទាំងឡាយ​មិន​គួរ​ធ្វើ​ការសន្យា​អំពី​ការចាត់តាំង ដែល​ពួកគេ​នឹង​ទទួល​នោះ​ឡើយ ។ បេក្ខជន​អាច​បង្ហាញ​ការពេញចិត្ត​សម្រាប់​ការចាត់តាំង​មួយ​បាន ប៉ុន្ដែ​គួរតែ​ស្ម័គ្រចិត្ត​ទទួលយក​ការចាត់តាំង​ផ្សេងទៀត​ផងដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ SeniorMissionary.ChurchofJesusChrist.org ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​និយាយ​ទៅកាន់​បុរស​ម្នាក់

២៤.២.៤

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម

បន្ថែម​ពីលើ​ការហៅ​នៅក្នុង​វួដ ឬ​ស្ដេក​កំណើត​របស់​ពួកគេ នោះ​សមាជិក​អាច​បម្រើ​ព្រះអម្ចាស់​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​បាន ។ អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ផ្ដល់​ការបម្រើ​ដ៏មាន​តម្លៃ​នៅក្នុង​នាយកដ្ឋាន អគារ និង​បេសកកម្ម​របស់​សាសនាចក្រ ( សូមមើល ២៤.៧.១ ) ។ ពួកគេ​រស់នៅ​ក្នុង​ផ្ទះ​ខ្លួនឯង ។

បុរស និង​ស្ដ្រី​ដែល​មាន​អាយុ ២៦ ឆ្នាំ​ឡើង​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​បាន ។

លើសពី​នេះ យុវជន​ដែល​មាន​អាយុ ១៨–២៥ ឆ្នាំ និង​យុវនារី​ដែល​មាន​អាយុ ១៩–២៥ ឆ្នាំ អាច​បម្រើ​នៅក្នុង​កម្មវិធី​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម ប្រសិនបើ​ពួកគេ​រស់នៅ​ក្នុង​តំបន់ ដែល​មិនមាន​បេសកកម្ម​ផ្នែក​សេវាកម្ម​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ។ ពួកគេ​ក៏អាច​បម្រើ​បាន​ផងដែរ ប្រសិនបើ​ពួកគេ​បាន​រៀបការ​ហើយ ឬ​បាន​បម្រើជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន ឬ​ផ្នែក​សេវាកម្ម​រួចហើយ​នោះ ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​ត្រូវបាន​ហៅ​ដោយ​ប្រធាន​ស្តេក ។ ពួកគេ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គាត់ ។ ចំនួន​ពេលវេលា​ដែល​ពួកគេ​បម្រើ​រាល់​សប្ដាហ៍ អាស្រ័យ​ទៅលើ​សមត្ថភាព​របស់​ពួកគេ ឱកាស​បម្រើ​នៅក្នុង​តំបន់​របស់​ពួកគេ និង​ការដឹកនាំ​មកពី​គណៈប្រធាន​តំបន់ ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​ទទួល​ការចាត់តាំង​ពី​ប្រធាន​ស្តេក​របស់​ពួកគេ ។ គាត់​ប្រឹក្សា​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា និង​អ្នកដទៃ​ទៀត ហើយ​ស្វែងរក​វិវរណៈ​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ការចាត់តាំង​នីមួយៗ ។ គាត់​អាច​ពិនិត្យមើល​គេហទំព័រ SeniorMissionary.ChurchofJesusChrist.org នៅពេល​កំណត់​ការចាត់តាំង ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម សូមមើល ២៤.៧ ។

២៤.២.៥

សេចក្ដី​សង្ខេប​នៃ​ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា

តារាង​ខាងក្រោម​នេះ​សង្ខេប​ពី​ប្រភេទ​នៃ​ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ត្រូវបាន​ហៅ​ដោយ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

ប្រធាន​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក

ត្រូវបាន​ចាត់តាំង​ដោយ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

សាវក

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

សាវក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

សាវក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក

ត្រូវបាន​ញែកចេញ​ដោយ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា

រស់នៅ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ឆ្ងាយ​ពី​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

នៅ​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ឆ្ងាយ​ពី​ផ្ទះ ឬ​នៅ​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

នៅ​ផ្ទះ

ថ្នាក់ដឹកនាំ​បព្វជិតភាព

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​បេសកកម្ម ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

ប្រធាន​ស្តេក

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​បេសកកម្ម ប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ ឬ​ប្រធាន​តំបន់

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

ប្រធាន​ស្តេក

រាយការណ៍​ទៅកាន់

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

ប្រធាន​បេសកកម្ម ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

ប្រធាន​បេសកកម្ម ប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​ប្រធាន​ទីតាំង​ប្រវត្តិសាស្ដ្រ ប្រធាន​តំបន់ នាយកគ្រប់គ្រង​មជ្ឈមណ្ឌល​អ្នកទស្សនា ឬ​នាយកគ្រប់គ្រង​នាយកដ្ឋាន ឬ​អគារ​របស់​សាសនាចក្រ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

អ្នកគ្រប់គ្រង​ការចាត់តាំង​ផ្នែក​សេវាកម្ម

តម្រូវការ​ទាក់ទង​នឹង​អាយុ

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន
( សូមមើល ២៤.២.១ )

១៨–២៥ ( បុរស )
១៩–២៩ ( ស្ដ្រី )

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.២ )

១៨–២៥ ( បុរស )
១៩–២៩ ( ស្ដ្រី )

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង
( សូមមើល ២៤.២.៣ )

៤០ ឆ្នាំ​ឡើង ប្រសិនបើ​បាន​រៀបការ​ហើយ ឬ​ប្រសិនបើ​ជា​បងប្អូន​ស្រី​នៅលីវ

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម
( សូមមើល ២៤.២.៤ )

២៦ ឆ្នាំ​ឡើង

២៤.៣

ការរៀបចំ​ខ្លួន និង​ការមាន​ភាពស័ក្ដិសម​ដើម្បី​បម្រើ​បេសកកម្ម

អនាគត​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បម្រើ​បេសកកម្ម ដោយសារតែ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ ពួកគេ​គួរតែ​ដឹងពី សំណួរ​សម្ភាសន៍​សម្រាប់​ការផ្តល់​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា ។

២៤.៣.១

ការប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ខិតខំ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់ ។ ពួកគេ ៖

  • ធ្វើការ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល អាលម៉ា ៥:៤៥–៤៧ ) ។

  • រស់នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​តាមរយៈ​ការ « ជ្រើសរើស​យក​ការប្រែចិត្ត ហើយ​ធ្វើការ​សុចរិត » ( អាលម៉ា ១៣:១០; សូមមើល​ផងដែរ នីហ្វៃ​ទី​២ ៣១:៩–២១ ) ។

  • អធិស្ឋាន សិក្សា​ព្រះគម្ពីរ ( ជាពិសេស​ព្រះគម្ពីរ​មរមន ) និង​ការបង្រៀន​របស់​ព្យាការី​ដែល​នៅរស់ ព្រមទាំង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ( សូមមើល អាលម៉ា ១៧:២–៣ ) ។

  • ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:២២ ) ។

  • ចូលរៀន​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន ( សម្រាប់​យុវវ័យ និង​យុវមជ្ឈិមវ័យ ) ។

២៤.៣.២

ការបំពេញ​តាម​បទដ្ឋាន​នៃ​ភាពស័ក្ដិសម

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ខិតខំ​មាន​ភាពស័ក្តិសម​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។ ការណ៍​នេះ​ចាំបាច់​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏មាន​ប្រសិទ្ធភាព ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១៣–១៤ ) ។ ការមាន​ភាពស័ក្ដិសម​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​រួមមាន​ការបាន​ស្អាតស្អំ​ពី​អំពើបាប ( សូមមើល ហេលេមិន ៤:២៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៤២ ) ។

២៤.៣.២.១

ការប្រែចិត្ត

ការប្រែចិត្ត និង​ការអភ័យទោស​ចំពោះ​អំពើបាប​គឺជា​អំណោយទាន​ដែល​ប្រទាន​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។ អំណោយទាន​ទាំងនេះ​កើត​មាន​តាមរយៈ​ព្រះចេស្ដា​ដ៏ប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការប្រែចិត្ត​តម្រូវ​ឲ្យមាន​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ការមាន​បំណង​ដ៏ពិត និង​ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ការណ៍​នេះ​រួមមាន​ការសារភាព និង​ការបោះបង់​ចោល​អំពើបាប ។ សម្រាប់​អំពើបាប​ធ្ងន់ធ្ងរ នោះ​ការប្រែចិត្ត​តម្រូវ​ឲ្យមាន​ការសារភាព​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​ស្តេក ។

បុគ្គល​ម្នាក់​ដែល​ប្រែចិត្ត ទទួល​បាន​ការអភ័យទោស ហើយ​ត្រូវបាន​សម្អាត​តាមរយៈ​ដង្វាយធួន និង​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអម្ចាស់​នឹង​ពុំ​ចងចាំ​អំពើបាប​នេះ​ទៀតឡើយ ។ ( សូមមើល អេសាយ ៤៣:២៥; យ៉ាកុប ៦:៥; អាលម៉ា ៣៤:១៥–១៧; ហេលេមិន ៥:១០–១១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២–៤៣ ។ សូមមើល​ផងដែរ ៣២.១ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

សមាជិក​ដែល​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​បេសកកម្ម គួរតែ​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​ប្រែចិត្ត និង​រៀបចំ​ខ្លួន​ដើម្បី​បម្រើ ។ ពួកគេ​ក៏អាច​ស្វែងរក​ជំនួយ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​មកពី​សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​បាន​ផងដែរ ។

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវតែ​បាន​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ​សិន ពីមុន​ប្រធាន​ស្ដេក​អាច​បញ្ជូន​អនុសាសន៍​របស់​គាត់​បាន ( សូមមើល ៣២.៦–៣២.៨; សូមមើល​ផងដែរ ២៤.៤.៤ ) ។ ដំណើរការ​ប្រែចិត្ត​រួមបញ្ចូល​នូវ​ពេលវេលា​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​បុគ្គល​នោះ​បង្ហាញ​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត​ថា គាត់ ឬ​នាង​បាន​ទទួល​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ឆ្ពោះទៅរក​ការអភ័យទោស​ដល់​អំពើបាប ។

២៤.៣.២.២

ការសារភាព​យឺត​ពេល

បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ការហៅ​បម្រើ​ឲ្យ​បេសកកម្ម ឬ​ចាប់ផ្ដើម​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដោយ​មិន​បាន​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ អាច​ត្រូវ​បន្ដ​នៅផ្ទះ ឬ​ត្រឡប់​ទៅផ្ទះ​វិញ ។ អាស្រ័យលើ​ស្ថានភាព នោះ​គាត់ ឬ​នាង​អាច​បម្រើ​បាន​បន្ទាប់ពី​ការប្រែចិត្ត ( សូមមើល ២៤.៦.៣.២ ) ។

២៤.៣.៣

សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍

កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា​គឺ​ពិបាក ។ ការទាមទារ​ខាង​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍​អាច​ធ្វើឲ្យ​មាន​​អារម្មណ៍​តានតឹង ។ ជារឿយៗ អ្នកផ្សព្វផ្សាយ​សាសនា​ធ្វើការ​នៅក្រោម​លក្ខខណ្ឌ​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​មក ។ សុខភាព​អាច​រង​ការប៉ះពាល់​ដោយសារ​ការផ្លាស់ប្ដូរ​របប​អាហារ អាកាសធាតុ ឬ​លក្ខខណ្ឌ​រស់នៅ ។ កាលវិភាគ​អ្នកផ្សព្វផ្សាយ​សាសនា​ក៏មាន​ការទាមទារ​ខ្លាំង​ដែរ ។ ( សូមមើល អាលម៉ា ១៧:៥; ២៦:២៧–២៨, ៣០ ) ។ អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន​ត្រូវតែ​ប្ដេជ្ញាចិត្ត ទាំង​ខាង​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍​ដើម្បី​អាច​ធ្វើ​តាម​កាលវិភាគ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​បាន ។ ( សូមមើល បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ [ ឆ្នាំ ២០១៩ ] ២.៤ ) ។

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​រៀបចំ​ខ្លួន​ដើម្បី​បម្រើ តាមរយៈ​ការពង្រឹង​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍ ។ ពួកគេ​ក៏ព្យាយាម​អភិវឌ្ឍ​ឲ្យមាន​ភាពធន់ និង​ភាពខ្លួន​ទីពឹង​ខ្លួន​ផងដែរ ។

ថ្នាក់ដឹកនាំ​អាច​ត្រូវ​ប្រឹក្សា​ជាមួយ​បេក្ខជន​អំពី​បញ្ហា​សុខភាព​របស់​គាត់ ឬ​នាង​ដោយ​ប្រុង​ប្រយ័ត្ន ពីមុន​បញ្ជូន​អនុសាសន៍​ចេញ ។ បេក្ខជន​មួយ​ចំនួន​អាច​ត្រូវ​ទទួល​តំហែទាំពី​អ្នកជំនាញ​សម្រាប់​បញ្ហា​សុខភាព​របស់​ពួកគេ ( សូមមើល ៣១.៣.៦ ) ។ បេក្ខជន​ដែល​មាន​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ ត្រូវតែ​តាំងចិត្ត​ទទួលទាន​ថ្នាំ​នោះ​រហូតដល់​ការបម្រើ​របស់​គាត់ ឬ​នាង​បាន​បញ្ចប់ ដូចបាន​ណែនាំ​ដោយ​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គ្រួសារ​មួយ

២៤.៣.៤

ហិរញ្ញវត្ថុ

ការបរិច្ចាគ​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​ផ្នែក​មួយ​នៃ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ( សូមមើល ម៉ាកុស ១:១៧–១៨; អាលម៉ា ១៥:១៦ ) ។ អ្នកផ្សព្វផ្សាយ​សាសនា និង​ក្រុមគ្រួសារ​របស់​ពួកគេ​មាន​ការទទួល​ខុសត្រូវ​ចម្បង លើ​ការបរិច្ចាគ​ផែ្នក​ហិរញ្ញវត្ថុ​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគេ​គួរតែ​មាន​ការរៀបចំ និង​ការលះបង់​ដ៏សមរម្យ ។ ពួកគេ​គួរតែ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បី​បំពេញ​តាម​ការប្តេជ្ញាចិត្ត​បរិច្ចាគ​នេះ ។

២៤.៣.៤.១

ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ

បេក្ខជន​វ័យក្មេង​ដែល​បាន​រៀបចំ​ខ្លួន​ស្របតាម​សមត្ថភាព​របស់​ពួកគេ មិនគួរ​ពន្យារពេល​ដើម្បី​បម្រើ​ដោយសារ​មូលហេតុ​ហិរញ្ញវត្ថុ​នោះទេ ។ អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បំពេញ​តាម​ការប្តេជ្ញាចិត្ត​បរិច្ចាគ​ដែល​បាន​រំពឹង​ទុក អាច​ទទួល​បាន​ជំនួយ​នោះ​មកពី​គ្រួសារ និង​មិត្តភក្ដិ​ជិតឆ្ងាយ​ទាំងឡាយ ។

ប្រសិនបើ​សេចក្ដី​ត្រូវការ​នៅតែ​មាន នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​សូមឲ្យ​សមាជិក​នៅក្នុង​វួដ ឬ​ស្ដេក ធ្វើ​ការបរិច្ចាគ​ចូល​ក្នុង​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ​បាន ។

ថវិកា និង​ដង្វាយ​តម​អាហារ​របស់​អង្គភាព​ក្នុង​មូលដ្ឋាន មិន​អាច​យកមក​ប្រើប្រាស់​បាន​ទេ ។

ការប្តេជ្ញាចិត្ត​បរិច្ចាគ​រាល់ខែ ។ អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន និង​ក្រុមគ្រួសារ​របស់​ពួកគេ​បរិច្ចាគ​ក្នុង​ចំនួន​ជាក់លាក់​មួយ​ជារៀងរាល់​ខែ ដើម្បី​ជួយ​ចេញថ្លៃ​ចំណាយ​កម្មវិធី​អ្នកផ្សព្វផ្សាយ​សាសនា ។ ចំនួន​នេះ​ត្រូវបាន​កំណត់​តាម​របៀប​មួយ​ក្នុង​ចំណោម​របៀប​ពីរ ៖

  • អ្នកផ្សព្វផ្សាយ​សាសនា​មកពី​ប្រទេស​មួយ​ចំនួន​ចូលរួម​នៅក្នុង​កម្មវិធី​បរិច្ចាគ​ស្មើគ្នា ។ ការណ៍​នេះ​មាន​ន័យ​ថា ចំនួន​ដូចគ្នា​ត្រូវបាន​បរិច្ចាគ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ មិន​ថា​គាត់ ឬ​នាង​បម្រើ​នៅ​កន្លែង​ណា​នោះទេ ។ ចំនួន​នេះ​ត្រូវបាន​កំណត់​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ ។ ថ្នាក់ដឹកនាំ​អាច​ទាក់ទង​ទៅ​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ( សូមមើល ២៤.៩.៣ ) ឬ​ការិយាល័យ​ប្រចាំ​តំបន់​ដើម្បី​សូម​បញ្ជី​ប្រទេស​នៅក្នុង​កម្មវិធី​នេះ និង​ចំនួន​ស្មើគ្នា​នោះ ។

  • នៅក្នុង​ប្រទេស​ផ្សេងទៀត​ប៊ីស្សព ប្រធាន​ស្តេក អ្នកផ្សព្វផ្សាយ​សាសនា និង​គ្រួសារ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​ចំនួន​បរិច្ចាគ​រាល់ខែ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​ពិចារណា​ពី​ការណែនាំ​របស់​គណៈប្រធាន​តំបន់ ។ ពួកគាត់​លើក​ទឹកចិត្ត​ឲ្យមាន​ការលះបង់​ខាង​ហិរញ្ញវត្ថុ និង​ភាពខ្លួន​ទីពឹង​ខ្លួន​ដោយ​ផ្អែកលើ​កាលៈទេសៈ​របស់​អ្នកផ្សព្វផ្សាយ​សាសនា និង​គ្រួសារ​របស់​គាត់ ឬ​នាង ។ ពួកគាត់​យល់ព្រម​តាម​ចំនួន​បរិច្ចាគ ហើយ​កត់ត្រា​ចំនួន​បរិច្ចាគ​នោះ​នៅក្នុង​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា ។ អ្នកផ្សព្វផ្សាយ​សាសនា និង​គ្រួសារ​របស់​គាត់ ឬ​នាង​តាំងចិត្ត​ធ្វើតាម​ការកំណត់​នេះ ។ អ្នកផ្សេងទៀត​ក៏អាច​បរិច្ចាគ​តាម​ចំនួន​នេះ​បាន​ដែរ ប៉ុន្ដែ​តែ​ក្នុង​ករណី​ពួកគេ​រស់នៅ​ក្នុង​ប្រទេស​កំណើត​អ្នកផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ ( សូមមើល « មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ » នៅក្នុង​ផ្នែក​នេះ​បន្ទាប់​ទៀត ) ។

ការបរិច្ចាគ​នេះ​ត្រូវ​ដាក់​ទៅក្នុង​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ ។ ប៊ីស្សព​បញ្ជាក់​ថា មូលនិធិ​នេះ​ត្រូវបាន​បរិច្ចាគ​ជារៀងរាល់​ខែ ។ មូលនិធិ​ដែល​លើសពី​ចំនួន​ប្រចាំ​ខែ មិន​គួរ​ធ្វើការ​បរិច្ចាគ​ទុកជាមុន​នោះទេ ។ មូលនិធិ​ដែល​បាន​បរិច្ចាគ​ជាមុន មិន​អាច​ប្រគល់​សង​វិញ​បាន​ទេ ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​ត្រឡប់​ទៅផ្ទះ​វិញ​មុន​កំណត់​នោះ ។

ចំណាយ​នៅក្នុង​តំបន់​បេសកកម្ម ។ ជារៀង​រាល់ខែ អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ទទួលបាន​មូលនិធិ​ពី​បេសកកម្ម​ដើម្បី​ទិញ​ម្ហូប​អាហារ បង់​ថ្លៃ​ធ្វើ​ដំណើរ និង​ចំណាយ​ក្នុង​ការរស់នៅ​ផ្សេងទៀត ។ មូលនិធិ​ទាំងនេះ​គឺ​ពិសិដ្ឋ​ណាស់ ។ អ្នកផ្សព្វផ្សាយ​សាសនា​ប្រើ​មូលនិធិ​នេះ តែ​សម្រាប់​គោលបំណង​ដែល​ទាក់ទង​នឹង​បេសកកម្ម​ប៉ុណ្ណោះ ។ មូលនិធិ​នេះ​មិនគួរ​ប្រើប្រាស់​សម្រាប់​ការចំណាយ​ផ្ទាល់ខ្លួន សន្សំ​ទុក ឬ​ផ្ញើទៅ​សមាជិក​គ្រួសារ ឬ​អ្នកដទៃ​នោះទេ ។ អ្នកផ្សព្វផ្សាយ​សាសនា​ប្រគល់​មូលនិធិ​នានា ដែល​ពួកគេ​មិន​ត្រូវការ​ទៅកាន់​បេសកកម្ម​វិញ ។

អ្នកផ្សព្វផ្សាយ​សាសនា​ប្រើប្រាស់​មូលនិធិ​ផ្ទាល់ខ្លួន​ដើម្បី​ចេញថ្លៃ​ចំណាយ​ផ្សេងទៀត ។ ការចំណាយ​ផ្ទាល់ខ្លួន​ទាំងនេះ​គួរតែ​តិចតួច​ទេ ។ ( សូមមើល បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៤.៨ ) ។

២៤.៣.៤.២

ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ

ការប្តេជ្ញាចិត្ត​បរិច្ចាគ​រាល់ខែ ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ បរិច្ចាគ​ទៅកាន់​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​វួដ​កំណើត​របស់​ពួកគាត់​ជារៀង​រាល់ខែ ។ ការបរិច្ចាគ​ទាំងនេះ​ជួយ​ចេញថ្លៃ​ផ្ទះ និង​ថ្លៃ​រថយន្ដ ( សូមមើល​ផងដែរ « ការចំណាយ​បន្ថែម » នៅ​ទំព័រ​ក្រោយ​ក្នុង​វគ្គ​នេះ ) ។ ការបរិច្ចាគ​នេះ​អាច​លើសពី​តម្លៃ​ដែល​សាសនាចក្រ​ចេញ​ថ្លៃ​ផ្ទះ ឬ​ថ្លៃ​រថយន្ដ​ឲ្យ ។

  • អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​មកពី​ប្រទេស ដែល​ចូលរួម​នៅក្នុង​កម្មវិធី​បរិច្ចាគ​ស្មើគ្នា ធ្វើការ​បរិច្ចាគ​ចំនួន​ដែល​បាន​កំណត់​ដូច​មាន​ចែង​នៅក្នុង​កញ្ចប់​ការហៅ​បម្រើ ។

  • នៅក្នុង​ប្រទេស​ផ្សេងទៀត ប៊ីស្សព ប្រធាន​ស្តេក និង​អ្នកផ្សព្វផ្សាយ​សាសនា​ប្រឹក្សា​ជាមួយ​គ្នា​អំពី​ចំនួន​បរិច្ចាគ​រាល់ខែ ។ ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​ឲ្យ​មាន​ពលិកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ផ្អែកលើ​ស្ថានភាព​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នោះ ។ ពួកគាត់​យល់ព្រម​លើ​ចំនួន​មួយ ហើយ​កត់ត្រា​វា​នៅក្នុង​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា ។ ចំនួន​នេះ​ត្រូវតែ​ជា​ចំនួន​យ៉ាងតិច​បំផុត នៃ​ចំនួន​ដែល​បាន​ដាក់​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដោយ​គណៈប្រធាន​តំបន់ ( ដោយ​បាន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ) ។ អ្នកផ្សេងទៀត​ដែល​រស់នៅ​ក្នុង​ប្រទេស​កំណើត​របស់​អ្នកផ្សព្វផ្សាយ​សាសនា ក៏អាច​បរិច្ចាគ​ជួយ​ដល់​ចំនួន​នេះ​បាន​ដែរ ។

ប៊ីស្សព​បញ្ជាក់​ថា មូលនិធិ​នេះ​ត្រូវបាន​បរិច្ចាគ​ជារៀងរាល់​ខែ ។ មូលនិធិ​ដែល​លើសពី​ចំនួន​ប្រចាំ​ខែ មិន​គួរ​ធ្វើការ​បរិច្ចាគ​ទុកជាមុន​នោះទេ ។

ការចំណាយ​បន្ថែម ។ បន្ថែម​ពីលើ​ការប្តេជ្ញាចិត្ត​បរិច្ចាគ​រាល់ខែ ដែល​ជួយ​ចេញ​ថ្លៃ​ផ្ទះ និង​ថ្លៃ​រថយន្ដ នោះ​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ត្រូវតែ​ចេញ​ថ្លៃ​ចំណាយ​ផ្សេងទៀត​ទាំងអស់​ដោយ​ខ្លួនឯង រួមទាំង​ម្ហូប​អាហារ​ផងដែរ ។

២៤.៣.៤.៣

ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅ​ផ្ទះ

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅផ្ទះ ទទួល​ខុសត្រូវ​លើ​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ទាំងអស់ ។ អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ អាច​ទទួល​បាន​ជំនួយ​នោះ​មកពី​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​ទាំងឡាយ ។ មូលនិធិ​វួដ ឬ​ស្ដេក​មិន​អាច​យកមក​ប្រើប្រាស់​សម្រាប់​តម្រូវការ​ដែល​ទាក់ទង​នឹង​បេសកកម្ម​បានទេ ។

២៤.៣.៤.៤

ការធានា​រ៉ាប់រង និង​ការចំណាយ​ផ្នែក​វេជ្ជសាស្រ្ត

អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់​ត្រូវបាន​លើក​ទឹកចិត្ត​យ៉ាងខ្លាំង ឲ្យ​រក្សាទុក​នូវ​រាល់​ការធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្រ្ត​របស់​ពួកគេ​ដែល​មាន​ស្រាប់ ប្រសិនបើ​អាច​ធ្វើបាន រួមទាំង​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន​ផងដែរ ។

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅផ្ទះ ត្រូវតែ​មាន​ការធានា​រ៉ាប់រង​វេជ្ជសាស្ដ្រ​របស់​ពួកគេ​ផ្ទាល់ខ្លួន និង​ការធានា​រ៉ាប់រង​ផ្សេងទៀត ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ ក៏​ត្រូវតែ​មាន​ការធានា​រ៉ាប់រង​នេះ​ដែរ ។ អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​នឹង​បម្រើ​នៅក្រៅ​ប្រទេស​កំណើត​របស់​ពួកគេ អាច​ទទួលបាន​ការធានា​រ៉ាប់រង​តាមរយៈ ផែនការ​វេជ្ជសាស្ដ្រ​សម្រាប់​ការបម្រើ​រៀមច្បង ។

២៤.៣.៥

តួនាទី​របស់​សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​នៅក្នុង​ការរៀបចំ​អ្នកផ្សព្វផ្សាយ​សាសនា

សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​ជួយ​យុវជន​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ ពួកគាត់​ក៏ជួយ​ដល់​យុវនារី ដែល​មាន​បំណង​ចង់​បម្រើ ឲ្យ​រៀបចំ​ខ្លួន​ផងដែរ ។ ការណ៍​នេះ​អាច​រួមមាន​ដូច​ខាងក្រោម​នេះ ៖

  • ជួយ​ពួកគេ​ឲ្យ​ក្លាយជា​សមាជិក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏មាន​ប្រសិទ្ធភាព​នៅក្នុង​ការចែកចាយ​ដំណឹងល្អ ពីមុន​ពួកគេ​ទទួលបាន​ការហៅ​ឲ្យ​បម្រើ ។

  • ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បម្រើ និង​បង្រៀន ។

  • រៀបចំ​ឱកាស​ឲ្យ​ពួកគេ​ជួយ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

  • អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​កំពុងតែ​បម្រើ​នៅពេល​បច្ចុប្បន្ន ឬ​អ្នកផ្សេង​ទៀត​ដែល​បាន​បម្រើ​បេសកកម្ម ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ទាក់ទង​នឹង​ការបង្រៀន និង​ការបម្រើ ។

  • ក្តី​ស្រឡាញ់ និង​ការ​បំផុស​គំនិត​ដល់​បុគ្គល​ដែល​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។

  • លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​លះបង់​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​មរមន ។

  • រៀបចំ​វគ្គ​សិក្សា​ការរៀបចំ​ខ្លួន​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។

សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​ឲ្យ​សមាជិក​ដែល​មាន​វ័យ​ច្រើន ពិចារណា​ពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង ។ ការណ៍​នេះ​អាច​រួមមាន​ការជួយ​ពួកគេ​ឲ្យ ៖

  • ពិនិត្យមើល​សមត្ថភាព​ខាង​ផ្លូវកាយ និង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដើម្បី​បម្រើ​បេសកកម្ម ទាំង​បេសកកម្ម​នៅឆ្ងាយ​ពីផ្ទះ ឬ​អំឡុង​ពេល​ពួកគេ​រស់នៅ​ក្នុង​គេហដ្ឋាន​ខ្លួនឯង ។

  • កំណត់​ឱកាស​ផ្សព្វផ្សាយ​សាសនា ដែល​ពួកគេ​អាច​ធ្វើ​បាន ។

  • ប្រែ​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​សមាជិក​ដ៏មាន​ប្រសិទ្ធភាព​នៅក្នុង​ការចែកចាយ​ដំណឹងល្អ ពីមុន​ពួកគេ​ទទួល​បាន​ការហៅ​ឲ្យ​បម្រើ ។

  • យល់ពី​ពរជ័យ​ដែល​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នឹង​មាន​ដល់​គ្រួសារ​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣១:៥–៦ ) ។

សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​ឲ្យ​បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់​សិក្សា ៖

សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​ជួយ​បេក្ខជន​ទាំងអស់​ឲ្យ​ប្ដេជ្ញាចិត្ត​ធ្វើតាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគាត់​លើក​ទឹកចិត្ត​ឲ្យ​បេក្ខជន​សិក្សា​ក្បួនខ្នាត​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ដែល​មាន​ខ្លឹមសារ​ទាក់ទង​នឹង​ការចាត់តាំង​របស់​ពួកគេ ៖

២៤.៤

ការផ្ដល់​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា

បេក្ខជន​មួយ​ចំនួន​មិនបាន​រស់នៅ​ក្នុង​វួដ​ដដែល​អស់​រយៈពេល​យ៉ាងហោច​ណាស់​មួយ​ឆ្នាំ ។ នៅក្នុង​ស្ថានភាព​ទាំងនេះ ប៊ីស្សព​ប្រឹក្សាគ្នា​ជាមុន ជាមួយ​នឹង​ប៊ីស្សព​វួដ​ចាស់​របស់​បុគ្គល​នេះ​នៅក្នុង​ដំណើរការ​ផ្ដល់​អនុសាសន៍ ។

២៤.៤.១

ការវាយតម្លៃ​សុខភាព

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​មាន​ការទាមទារ​ខ្លាំង​ខាង​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍ ។ បេក្ខជន​ទាំងអស់​តម្រូវ​ឲ្យមាន​ការវាយតម្លៃ​ពី​គ្រូពេទ្យ​ជំនាញ អំពី​ស្ថានភាព​សុខភាព​របស់​ពួកគេ ។

ការវាយតម្លៃ​សុខភាព​ត្រូវបាន​ពិនិត្យ​មើល​ដោយ​ការិយាល័យ​ប្រចាំ​តំបន់ និង​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ។ ពេលខ្លះ បញ្ហា​សុខភាព​អាច​មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​បុគ្គល​ម្នាក់ ដើម្បី​បម្រើ​នៅឆ្ងាយ​ពីផ្ទះ ។ នៅក្នុង​ស្ថានភាព​មួយ​ចំនួន អនុសាសន៍​អាច​ប្រគល់​ត្រឡប់​មកវិញ ដោយ​មាន​ការណែនាំ​អំពី​របៀប​ដែល​បុគ្គល​នោះ​អាច​ដោះស្រាយ​ស្ថានភាព​សុខភាព​របស់​គាត់ ឬ​នាង​បាន ។

២៤.៤.២

ទម្រង់​បែបបទ​ការសម្ភាស និង​អនុសាសន៍

ប៊ីស្សព និង​ប្រធាន​ស្តេក​ដឹកនាំ​ការសម្ភាស​ដោយ​យកចិត្ត​ទុក​ដាក់ ដោយ​ការស្រាវជ្រាវ​ខាង​វិញ្ញាណ និង​ដោយ​ការលើក​ស្ទួយ​ជាមួយ​នឹង​បេក្ខជន​ម្នាក់ៗ ។ ពួកគាត់​ប្រើប្រាស់ សំណួរ​សម្ភាសន៍​សម្រាប់​ការ​ចេញ​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគាត់​ពិភាក្សា​ពី​ចំណុច​ទាំងនេះ​របស់​បេក្ខជន ៖

  • ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់ ( សូមមើល ២៤.៣.១ ) ។

  • ការធ្វើ​តាម​បទដ្ឋាន​នៃ​ភាពស័ក្ដិសម ( សូមមើល ២៤.៣.២ ) ។

  • ស្ថានភាព​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​សតិ​អារម្មណ៍ ( សូមមើល ២៤.៣.៣ ) ។

  • ស្ថានភាព​ផ្នែក​ហិរញ្ញវត្ថុ ( សូមមើល ២៤.៣.៤ ) ។

ប៊ីស្សព និង​ប្រធាន​ស្តេក​ក៏​ពិនិត្យ​មើល​ព័ត៌មាន​អំពី​បទដ្ឋាន​នៃ​ភាពស័ក្ដិសម និង​ស្ថានភាព​សុខភាព​នៅក្នុង ប្រព័ន្ធ​ផ្ដល់​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា​តាម​អនឡាញ ផងដែរ ។ ប្រសិនបើ​ប្រធាន​ស្ដេក​នៅក្នុង​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​កាណាដា​មាន​សំណួរ​នានា នោះ​គាត់​ទាក់ទង​ទៅកាន់​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ( សូមមើល ២៤.៩.៣ ) ។ នៅ​កន្លែង​ផ្សេងទៀត គាត់​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​មិន​បន្ថែម​បទដ្ឋាន​ផ្សេងទៀត ដើម្បី​មាន​សិទ្ធិ​ចូលរួម​នោះទេ ។ ហើយ​ពួកគាត់​ក៏មិន​ផ្លាស់ប្ដូរ​សំណួរ​សម្ភាសន៍​ដែរ ។

ព័ត៌មាន​នៅក្នុង​ទម្រង់​បែបបទ​អនុសាសន៍ រួមចំណែក​ដល់​ដំណើរការ​ទទួល​បាន​វិវរណៈ ដែល​ទាក់ទង​នឹង​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម ។ ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា ព័ត៌មាន​ទាំងអស់​ដែល​បាន​ស្នើសុំ ត្រូវបាន​បង្ហាញ​ប្រាប់​យ៉ាង​ពេញលេញ ។

ប្រសិនបើ​ប៊ីស្សព និង​ប្រធាន​ស្តេក​មាន​កង្វល់​អំពី​ការធ្វើតាម​បទដ្ឋាន​នៃ​ភាពស័ក្ដិសម​របស់​បេក្ខជន​ម្នាក់ ឬ​អំពី​ស្ថានភាព​សុខភាព​របស់​គាត់ ឬ​នាង នោះ​ពួកគាត់​ប្រឹក្សា​ជាមួយគ្នា និង​ជាមួយ​បុគ្គល​នោះ ។ ដោយ​មាន​ការអនុញ្ញាត​ពី​បេក្ខជន​វ័យក្មេង នោះ​ពួកគាត់​ក៏អាច​ប្រឹក្សា​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់ ឬ​នាង​បាន​ដែរ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​មិនត្រូវ​បញ្ជូន​អនុសាសន៍​ទេ ទាល់តែ​បុគ្គល​នេះ​បាន​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ​ជាមុន​សិន ( សូមមើល ២៤.៣.២.១ ) ។ អាស្រ័យលើ​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត ឬ​ខាង​សតិ​អារម្មណ៍​របស់​បុគ្គល​នេះ នោះ​ពួកគាត់​អាច​ពិភាក្សាពី​លទ្ធភាព​នៃ​ការចាត់តាំង​ឲ្យធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។

នៅក្នុង​ករណី​បន្ទាន់ នៅពេល​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អវត្តមាន នោះ​គាត់​អាច​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ដឹកនាំ​ការសម្ភាសន៍​ទាំងនេះ​បាន ។

នៅក្នុង​មណ្ឌល ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ធ្វើ​ការសម្ភាស និង​ផ្ដល់​អនុសាសន៍​បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា ។ ប្រធាន​មណ្ឌល​មិន​ដឹកនាំ​ការសម្ភាស​ទាំងនេះ​ទេ ។

រូបភាព
ដៃគូ​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ស្ត្រី​ម្នាក់

២៤.៤.៣

ការបញ្ជូន​អនុសាសន៍

ប្រធាន​ស្ដេក​អាច​បញ្ជូន​អនុសាសន៍​មួយ សម្រាប់​បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​បាន​រហូតដល់ ១២០ ថ្ងៃ ពីមុន​ថ្ងៃ​ដែល​គាត់ ឬ​នាង​អាច​ចេញ​បម្រើ​បាន ។ ប្រធាន​ស្ដេក​អាច​បញ្ជូន​អនុសាសន៍​មួយ ពី​បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​បាន​រហូតដល់​ប្រាំបួន​ខែ ពីមុន​ថ្ងៃ​ដែល​គាត់ ឬ​នាង​អាច​ចេញ​បម្រើ​បាន ។ កាលបរិច្ឆេទ​ចេញ​បម្រើ​បាន​នឹង​ត្រូវបាន​កំណត់ នៅពេល​លក្ខខណ្ឌ​ខាងក្រោម​ទាំងអស់​នេះ​ត្រូវបាន​បំពេញ ៖

  • បុគ្គល​នេះ​បាន​ឈានដល់​អាយុ​ដែល​ស័ក្ដិសម​នឹង​ការបម្រើ ។

  • បុគ្គល​នេះ​ត្រូវបាន​បញ្ជាក់​ជា​សមាជិក​សាសនាចក្រ​រយៈពេល​យ៉ាងហោច​ណាស់​មួយ​ឆ្នាំ​ហើយ ។

  • បុគ្គល​នេះ​បាន​រៀនចប់ ឬ​លែង​ចូលរៀន​ថ្នាក់​វិទ្យាល័យ ថ្នាក់​អនុវិទ្យាល័យ ឬ​ដែល​មាន​កម្រិតស្មើ​ទៀតហើយ ។ ( ការណ៍​នេះ​អនុវត្ត​ចំពោះ​បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ដែល​មាន​អាយុ ១៨ ឆ្នាំ ) ។

បេក្ខជន​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង និង​ប្រធាន​ស្ដេក​របស់​ពួកគេ​ដាក់​ផែនការ​លើ​ពេលវេលា ដែល​ប្រធាន​ស្ដេក​គួរតែ​បញ្ជូន​អនុសាសន៍​នេះ ។ ពួកគាត់​អាច​ប្រើ ឧបករណ៍​ដាក់​ផែនការ​ការបញ្ជូន និង ឧបករណ៍​ដាក់​ផែនការ​កាលបរិច្ឆេទ​ដោះលែង​ពី​បេសកកម្ម ជា​ជំនួយ​បាន ។

ជាធម្មតា អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​បញ្ជូន​តាមរយៈ​វួដ និង​ស្ដេក​កំណើត ។ ប៊ីស្សព​នៃ​វួដ​ដែល​នៅឆ្ងាយ​ពីផ្ទះ ដូចជា​វួដ​យុវមជ្ឈិមវ័យ​នៅលីវ អាច​ចេញ​អនុសាសន៍​អ្នកផ្សព្វផ្សាយ​សាសនា​បាន ។ ពួកគាត់​ត្រូវតែ​ប្រឹក្សា​យោបល់​ជាមួយ​នឹង​ប៊ីស្សព​នៃ​វួដ​កំណើត​ជាមុន​សិន ។ វួដ​កំណើត​គួរតែ​ដាក់ជា​វួដ​ដែល​ផ្ដល់​មូលនិធិ ។

២៤.៤.៤

ការលើកលែង​ពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង

ពេលខ្លះ សមាជិក​ម្នាក់​ដែល​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ មិន​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ឡើយ ។ ការណ៍​នេះ​អាច​បណ្តាល​មកពី​បញ្ហា​សុខភាព មិន​បំពេញ​តាម​បទដ្ឋាន​នៃ​ភាពស័ក្ដិសម បញ្ហា​ផ្លូវច្បាប់ ឬ​កាលៈទេសៈ​ផ្សេងទៀត ។ ប៊ីស្សព និង​ប្រធាន​ស្តេក​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​ឆន្ទៈ​បម្រើ​របស់​សមាជិក​រូបនេះ ។ ប្រធាន​ស្តេក​អាច​លើកលែង​គាត់ ឬ​នាង​ពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​បាន ។

ប្រធាន​ស្តេក និង​ប៊ីស្សព​លើក​ទឹកចិត្ត​សមាជិក​រូបនេះ​ឲ្យ​បន្ដ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ក្នុងនាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ។ ពួកគាត់​ក៏លើក​ទឹកចិត្ត​ឲ្យ​សមាជិក​នេះ​ខិតខំ​ព្យាយាម​លើ​កិច្ចការ​ដ៏សំខាន់​ផ្សេងៗ​ទៀត ដូចជា​ការអប់រំ ឬ​ការងារ​សម្រាប់​សមាជិក​វ័យក្មេង ។

២៤.៥

បន្ទាប់ពី​ទទួលបាន​ការបម្រើ​បេសកកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​ហៅ​ឲ្យ​បម្រើ​ថ្មីៗ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​អាន ឬ​អាន​ឡើងវិញ​ក្នុង​ព្រះគម្ពីរ​មរមន មុនពេល​ពួកគេ​ចាប់ផ្តើម​បេសកកម្ម​របស់​ពួកគេ ។ ពួកគេ​ធ្វើតាម​ការប្រឹក្សា​របស់​ស្ដេច​បេនយ៉ាមីន​ឲ្យ « ប្រយ័ត្ន​ខ្លួន ទាំង​គំនិត​របស់​ខ្លួន និង​ពាក្យ​សម្ដី​របស់​ខ្លួន និង​កិច្ចការ​របស់​ខ្លួន » ( ម៉ូសាយ ៤:៣០ ) ។

ពួកគេ​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ការណែនាំ​ដែល​បាន​ផ្ដល់​នៅក្នុង​ការហៅ​នោះ ។ ពួកគេ​ក៏​គួរតែ​មើល​កូនសៀវភៅ ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនាការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូនសៀវភៅ​ធនធាន ផង​ដែរ ។ ពួកគេ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​ក៏​គួរតែ​សិក្សា​ពី​លក្ខខណ្ឌ ដែល​ពួកគេ​នឹង​បម្រើ​ផងដែរ ។

សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​គាំទ្រ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​កិច្ចខិតខំ​ទាំងនេះ ។ ពួកគាត់​ក៏​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការធ្វើ​ល្អ និង​ការបន្ត​ស័ក្ដិសម​នឹង​ព្រះវិញ្ញាណ​ផងដែរ ។

២៤.៥.១

អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ហៅ​ថ្មីៗ មិន​ទាន់​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ នោះ​ពួកគេ​គួរតែ​ធ្វើ​ដូច្នោះ ពីមុន​ពេល​ចាប់ផ្ដើម​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅកន្លែង​ណា​ដែល​អាច​ធ្វើបាន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១៥–១៦; ១០៥:៣៣ ) ។ ការណ៍​នេះ​រួមមាន​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផងដែរ ប្រសិនបើ​សមស្រប​នឹង​ស្ថានភាព​របស់​ពួកគេ ។ សម្រាប់​ព័ត៌មាន​ស្ដីពី​ការទទួល​អំណោយទាន​ពិសិដ្ឋ សូមមើល ២៧.២ ។

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ហៅ​ថ្មីៗ ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ អាច​បម្រើ​ជា​អ្នកធ្វើការ​ផ្នែក​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ពីមុន​ពួកគេ​ចាប់ផ្ដើម​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​តាម​ការគួរ ( សូមមើល ២៥.៥ ) ។

២៤.៥.២

ការប្រជុំ​សាក្រាម៉ង់

គណៈប៊ីស្សព​អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើបបាន​ហៅ​ថ្មីៗ ឲ្យ​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ មុនពេល​ពួកគេ​ចាប់ផ្ដើម​បេសកកម្ម​របស់​ពួកគេ ។ នេះ​គឺជា​ការប្រជុំ​សាក្រាម៉ង់​តាម​ធម្មតា​មួយ ។ វា​គួរតែ​ផ្ដោតលើ​សាក្រាម៉ង់ និង​ព្រះអង្គ​សង្គ្រោះ ។ អ្នកផ្សព្វផ្សាយ​សាសនា​គួរតែ​ត្រូវបាន​អញ្ជើញ​ឲ្យ​ឡើង​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ និង​អំណរ​ក្នុង​ការចែកចាយ​ដំណឹងល្អ ក៏ដូចជា​ការបម្រើ​ដល់​អ្នកដទៃ ។

ជាធម្មតា​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ឡើង​និយាយ​នោះទេ ។ ពេលវេលា​ទូទៅ​នៃ​ការប្រជុំ​មិន​គួរ​អូស​បន្លាយ​នោះ​ទេ ។

សមាជិក និង​ថ្នាក់ដឹកនាំ​គួរតែ​ចៀសវាង​ពី​អ្វីៗ​ដែល​អាច​បង្អាក់​ដល់​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ការហៅបម្រើ​បេសកកម្ម ឬ​បង្កើតជា​ការចំណាយ​ដែល​មិន​ចាំបាច់​នានា ។ ឧទាហរណ៍ ពួកគេ​មិន​គួរ ៖

  • បោះពុម្ព​កម្មវិធី​ការប្រជុំ​សាក្រាម៉ង់​ពិសេស ។

  • ឈរជា​ជួរ​ទទួល​ស្វាគមន៍ បន្ទាប់ពី​ការប្រជុំ​សាក្រាម៉ង់ ។

  • ធ្វើ​កម្មវិធី​ឡើង​ផ្ទះ លើកលែង​តែ​ការជួបជុំ​គ្រួសារ ។ ប្រសិនបើ​មាន​ការជួបជុំ​គ្រួសារ នោះ​យើង​ផ្ដល់​អនុសាសន៍​ថា កុំឲ្យ​វា​ជាន់គ្នា​នឹង​ការប្រជុំ​នៅ​ថ្ងៃអាទិត្យ​ឡើយ ។

២៤.៥.៣

ពិធី​ញែកចេញ​អ្នកផ្សព្វផ្សាយ​សាសនា

ប្រធាន​ស្តេក​កំណើត​ធ្វើ​ពិធី​ញែកចេញ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ​ឲ្យ​ជិត​ដល់​កាលបរិច្ឆេទ​ចេញ​បេសកកម្ម​របស់​គាត់ ឬ​នាង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ នៅក្នុង​ករណី​បន្ទាន់ នៅពេល​ប្រធាន​ស្ដេក​មិន​ទំនេរ នោះ​គាត់​អាច​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ធ្វើ​ពិធី​ញែកចេញ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​បាន ។ គាត់​ក៏អាច​ផ្ទេរ​ការទទួល​ខុសត្រូវ​ក្នុង​ការញែកចេញ​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​ឲ្យទៅ​ទីប្រឹក្សា​ម្នាក់​ផងដែរ ។

ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ធ្វើ​ពិធី​ញែកចេញ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​មកពី​មណ្ឌល​នៅក្នុង​បេសកកម្ម​របស់​គាត់ ។ ប្រធាន​មណ្ឌល​មិន​ធ្វើ​ពិធី​ញែកចេញ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ទេ ។

បងប្អូន​ប្រុស​ដែល​នឹង​បម្រើ​នៅឆ្ងាយ​ពីផ្ទះ ត្រូវតែ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ពីមុន​ការញែកចេញ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ បងប្អូន​ប្រុស​ដែល​នឹង​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម គួរតែ​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ប្រសិនបើ​សមស្រប​នឹង​ស្ថានភាព​របស់​គាត់ ។ សម្រាប់​ការណែនាំ​ស្ដីពី​ការតែងតាំង​តំណែង​មួយ​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក សូមមើល ១៨.១០ ។

មិនយូរ​ប៉ុន្មាន​មុនពេល​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​ទទួល​ពិធី​ញែកចេញ ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់​ធ្វើ​ការសម្ភាស​គាត់ ឬ​នាង ។ ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​លែង​មាន​បទដ្ឋាន​នៃ​ភាព​ស័ក្តិសម ឬ​ប្រសិនបើ​មាន​បញ្ហា​សុខភាព នោះ​គាត់ ឬ​នាង​មិន​ត្រូវ​ទទួល​ពិធី​ញែកចេញ​ទេ ។ ប្រធាន​ស្ដេក​ទាក់ទង​ទៅ​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ( សូមមើល ២៤.៩.៣ ) ឬ​ការិយាល័យ​ប្រចាំ​តំបន់​សម្រាប់​ការណែនាំ ។

ពិធី​ញែកចេញ​គួរតែ​ជា​បទពិសោធន៍​ដ៏​ពិសេស​មួយ ។ ក្រុមគ្រួសារ និង​មិត្តភក្តិ​ជិតស្និទ្ធ​អាច​ចូលរួម​បាន ។ ប្រធាន​ស្ដេក​ជួយ​ពួកគេ​ឲ្យ​យល់ និង​មាន​អារម្មណ៍​ពី​ភាពពិសិដ្ឋ និង​សារៈសំខាន់​នៃ​ការហៅ​បម្រើ​ជា​អ្នកតំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។

ពិធី​ញែកចេញ និង​ពរជ័យ​ដែល​ផ្តល់​ឲ្យ​នៅ​ក្នុង​ពិធី​នេះ​​មិន​គួរ​ថតទុក​នោះទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ ឬ​នាង​នូវ​បទពិសោធន៍ និង​កត់ត្រា​ពាក្យ​ខ្លះ​នៅក្នុង​ការប្រសិទ្ធពរ ដែល​មាន​អត្ថន័យ​ជាពិសេស ។

ប្រធាន​ស្តេក​ពន្យល់​ថា បុគ្គល​នេះ​គួរតែ​ធ្វើតាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា បន្ទាប់ពី​ការញែកចេញ​នេះ ។

ការញែកចេញ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ គឺ​សម្រាប់​ការហៅ​ឲ្យ​បម្រើ មិនមែន​សម្រាប់​ការចាត់តាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ជាក់លាក់​នោះទេ ។ ប្រសិនបើ​ការចាត់តាំង​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្លាស់ប្ដូរ នោះ​គាត់ ឬ​នាង​មិន​ត្រូវបាន​ញែកចេញ​ម្ដងទៀត​នោះទេ ។ ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ត្រូវបាន​ដោះលែង ហើយ​ក្រោយមក ត្រូវបាន​អនុម័ត​ឲ្យ​ត្រឡប់​មកកាន់​ការបម្រើ​វិញ ( សូមមើល ២៤.៦.៣.២ ) នោះ​គាត់ ឬ​នាង​ត្រូវ​ទទួល​ពិធី​ញែកចេញ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្ដងទៀត ។

២៤.៦

ការបម្រើ​នៅឆ្ងាយ​ពីផ្ទះ

២៤.៦.១

ការចេញ​ទៅ​តំបន់​បេសកកម្ម

សាសនាចក្រ​បង់​ថ្លៃ​ចំណាយ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​បង្រៀន ដើម្បី​ធ្វើ​ដំណើរ​ទៅ និង​មកពី​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា ( អិម.ធី.ស៊ី. ) និង​តំបន់​បេសកកម្ម​ដែល​បាន​ចាត់តាំង ។ សាសនាចក្រ​ក៏ចេញ​ថ្លៃ​ចំណាយ​ទាំងនេះ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ​រយៈពេល​ជាង​មួយ​ឆ្នាំ​ផងដែរ ។

សមាជិក​ក្រុមគ្រួសារ​ជិតដិត​អាច​នាំ​អ្នកផ្សព្វផ្សាយ​សាសនា​ទៅ អិម.ធី.ស៊ី. បាន ។ ប៉ុន្ដែ ពួកគេ​ពុំ​ត្រូវបាន​រំពឹង​ទុក​ឲ្យ​ធ្វើ​ដូច្នោះ​ទេ ។ អិម.ធី.ស៊ី. មិនមាន​ការប្រជុំ​សម្រាប់​ក្រុមគ្រួសារ ដើម្បី​លាគ្នា​ពី​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ​ឡើយ ។

សម្រាប់​សន្ដិសុខ​នៅ​ព្រលាន​យន្ដហោះ និង​ដោយសារ​មូលហេតុ​ផ្សេងទៀត ក្រុមគ្រួសារ និង​អ្នកដទៃ​ទៀត​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ព្រលាន​យន្ដហោះ នៅពេល​អ្នកផ្សព្វផ្សាយ​សាសនា​ចេញ​ពី អិម.ធី.ស៊ី. ទៅកាន់​តំបន់​បេសកកម្ម​ដែល​បាន​ចាត់តាំង​របស់​ពួកគេ​ឡើយ ។

រូបភាព
ដៃគូ​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ស្ត្រី​ម្នាក់

២៤.៦.២

នៅក្នុង​តំបន់​បេសកកម្ម

២៤.៦.២.១

ការចាត់​ទីកន្លែង​របស់​អ្នកផ្សព្វផ្សាយ​សាសនា

ប្រធាន​ស្ដេក និង​ប្រធាន​បេសកកម្ម​ប្រឹក្សា​ជាមួយ​គ្នា​អំពី​តម្រូវការ​​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​វួដ និង​សាខា​ជាក់លាក់​ណាមួយ ។ វា​មិន​តម្រូវ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ចាត់តាំង​ទៅ​គ្រប់​អង្គភាព​នោះទេ ។ អង្គភាព​មួយ​ចំនួន​អាច​មាន​ដៃគូ​អ្នកផ្សព្វផ្សាយ​សាសនា​ច្រើន​ជាង​មួយគូ ។ ប្រធាន​បេសកកម្ម​ជា​អ្នកកំណត់​អំពី​ការចាត់តាំង​ទីកន្លែង​របស់​អ្នកផ្សព្វផ្សាយ​សាសនា ។

២៤.៦.២.២

ការបម្រើ​ដល់​សមាជិក និង​សហគមន៍

ប្រធាន​ស្ដេក និង​ប្រធាន​បេសកកម្ម​ប្រឹក្សា​គ្នា​អំពី​របៀប​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ផ្ដល់​ការបម្រើ​ដល់​សមាជិក និង​សហគមន៍ ។ ពួកគាត់​អាច​ប្រើ​គេហទំព័រ JustServe.org បាន​សម្រាប់​កន្លែង​ណា​ដែល​មាន ។

២៤.៦.២.៣

ទីលំនៅ អាហារ និង​ការធ្វើ​ដំណើរ

ប្រធាន​ស្តេក និង​ប្រធាន​បេសកកម្ម​កំណត់​ថា​តើ​សមាជិក​ក្នុង​មូលដ្ឋាន​ផ្តល់​លំនៅ និង​អាហារ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ឬអត់ ឬ​ថា​ផ្ដល់​ក្នុង​កម្រិត​ណា ។ ការផ្ដល់​ទីលំនៅ ឬ​អាហារ​មិន​គួរជា​បន្ទុក​ដល់​សមាជិក​ក្នុង​មូលដ្ឋាន​ឡើយ ។

សមាជិក​មិន​ត្រូវបាន​រំពឹង​ឲ្យ​ជួយ​ដឹក​ជញ្ជូន​អ្នកផ្សព្វផ្សាយ​សាសនា មនុស្ស​ដែល​ពួកគេ​កំពុង​បង្រៀន ឬ​សមាជិក​ដែល​ទើប​បាន​ជ្រមុជទឹក​ថ្មីៗ​ជាទៀងទាត់​នោះទេ ។

គណៈប្រធាន​តំបន់​អាច​ផ្ដល់​ការណែនាំ​អំពី​ការផ្ដល់​ទីលំនៅ អាហារ និង​ការធ្វើ​ដំណើរ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​តំបន់​នោះ ។

២៤.៦.២.៤

រូបភាព
រូបសញ្ញា​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​តំណែង​អ្នកដឹកនាំ​សាខា

នៅក្នុង​ស្ថានភាព​កម្រ អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ អាច​ត្រូវបាន​ចាត់ឲ្យ​បម្រើ​នៅក្នុង​តំណែង​ជា​អ្នកដឹកនាំ​សាខា ។ ប្រសិនបើ​សាខា​នៅក្នុង​ស្ដេក នោះ​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ញែកចេញ​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​ស្ដេក ដោយ​មាន​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម ។

ប្រសិនបើ​សាខា​នៅក្នុង​មណ្ឌល នោះ​អ្នកផ្សព្វផ្សាយ​សាសនា​មិន​ត្រូវបាន​ញែកចេញ​នោះទេ ។ សិទ្ធិ​អំណាច​ដើម្បី​បម្រើ​នៅក្នុង​អង្គភាព​មួយ ដែល​ចាត់តាំង​ទៅ​ក្នុង​បេសកកម្ម មាន​នៅក្នុង​ការញែកចេញ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​រួច​ទៅ​ហើយ ។ ប្រសិនបើ​អែលឌើរ​បំពេញ​មុខងារ​មួយ ដែល​តម្រូវ​ឲ្យ​មាន​កូនសោ​បព្វជិតភាព នោះ​ពួកគេ​ធ្វើ​ដូច្នោះ​បាន​ដោយ​មាន​សិទ្ធិ​អំណាច​ដែល​បានចាត់តាំង​មកពី​ប្រធាន​បេសកកម្ម ។

២៤.៦.២.៥

សំណើសុំ​ផ្តល់​ជំនួយ​ដល់​អ្នកដទៃ​ខាង​ហិរញ្ញវត្ថុ ឬ​ថ្លៃ​សាលារៀន ឬ​ការធ្វើ​អន្ដោប្រវេសន៍

អ្នកផ្សព្វផ្សាយ​សាសនា និង​ក្រុមគ្រួសារ​របស់​ពួកគេ​មិន​គួរ​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អស់​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់ ដែល​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បម្រើ​នោះទេ រួមទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ថ្លៃសាលារៀន​ផងដែរ ។ ហើយ​អ្នកផ្សព្វផ្សាយ​សាសនា និង​ក្រុមគ្រួសារ​របស់​ពួកគេ​ក៏មិន​គួរ​ឧបត្ថម្ភ​ដល់​បុគ្គល ដែល​ចង់​ធ្វើ​អន្ដោប្រវេសន៍​ទៅកាន់​ប្រទេស​ដទៃ​ទៀត​ដែរ ( សូមមើល ៣៨.៨.១៨ ) ។

២៤.៦.២.៦

ការប្រើប្រាស់​ឱសថ

ពួកអ្នកផ្សព្វផ្សាយ​សាសនា​ទទួល​ខុសត្រូវ​លើ​ការប្រើប្រាស់​ឱសថ​នានា ដែល​ពួកគេ​អាច​ត្រូវការ ។ សមាជិក​គ្រួសារ ឬ​អ្នកដទៃ​ទៀត​មិន​ត្រូវ​ផ្ញើ ឬ​យក​ឱសថ​ទៅឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​នោះទេ ។ ប្រសិនបើ​មិនមាន​ឱសថ​នោះ​នៅក្នុង​បេសកកម្ម នោះ​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ប្រឹក្សា​ជាមួយ​ប្រធាន​បេសកកម្ម ។

២៤.៦.២.៧

មរណភាព​នៃ​សមាជិក​គ្រួសារ​ជិតដិត

ប្រសិនបើ​សមាជិក​គ្រួសារ​ជិតដិត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ទទួល​មរណភាព នោះ​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ជ្រើសរើស​ដើម្បី​ត្រឡប់​ទៅផ្ទះ​បណ្ដោះ​អាសន្ន ដើម្បី​ចូលរួម​ពិធីបុណ្យ​សព​បាន ។ ប៉ុន្ដែ ជាទូទៅ​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ទូន្មាន​ឲ្យ​បន្ដ​នៅក្នុង​តំបន់​បេសកកម្ម ។ នៅពេល​ដែល​អាច​ធ្វើបាន គាត់ ឬ​នាង​អាច​មើល​កម្មវិធី​បុណ្យសព​តាម​ការផ្សាយ​បន្ដ​ផ្ទាល់​នៅលើ​អ៊ីនធឺណិត ។

ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​ជ្រើសរើស​ដើម្បី​ត្រឡប់​ទៅផ្ទះ​ចូលរួម​ពិធី​បុណ្យសព នោះ​ប្រធាន​បេសកកម្ម​ទាក់ទង​ទៅ​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ។

២៤.៦.២.៨

កំណត់ត្រា​សមាជិកភាព និង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

វួដ​កំណើត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​រក្សា​កំណត់ត្រា​សមាជិកភាព ។ វួដ​កំណើត​ក៏​កត់ត្រា​ស្ថានភាព​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់ ឬ​នាង​ផងដែរ ។ អ្នកផ្សព្វផ្សាយ​សាសនា​មិន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​មូលនិធិ​គាំទ្រ ដែល​ពួកគេ​បាន​ទទួលពី​បេសកកម្ម​នោះទេ ។ ប៉ុន្ដែ ពួកគេ​ត្រូវ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប្រសិនបើ​ពួកគេ​មាន​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ណាមួយ ។

២៤.៦.៣

ការត្រឡប់​ពី​បេសកកម្ម​ទៅផ្ទះ​វិញ

២៤.៦.៣.១

ការត្រឡប់​ពី​បេសកកម្ម​ទៅផ្ទះ​វិញ​តាម​ការកំណត់​ដើម

អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​គ្រួសារ​របស់​ពួកគេ​មិន​គួរ​ស្នើសុំ​ឲ្យ​មាន​ការដោះលែង​មុន ឬ​ការពន្យារ​ការបម្រើ​ដោយសារ​ភាពងាយស្រួល​ផ្ទាល់ខ្លួន​នោះ​ឡើយ ។

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​គួរតែ​ចេញ​ដំណើរ​ទៅផ្ទះ​តែម្ដង​ពី​បេសកកម្ម​របស់​ពួកគេ ។ ការធ្វើ​ដំណើរ​ណាមួយ​ផ្សេងទៀត​អាច​ត្រូវបាន​អនុញ្ញាត តែ​នៅពេល​អ្នកផ្សព្វផ្សាយ​សាសនា​មាន​យ៉ាង​ហោច​ណាស់​ឪពុក ឬ​ម្តាយ ឬ​អាណាព្យាបាល​នៅ​ជាមួយ​ប៉ុណ្ណោះ ។

អ្នកផ្សព្វផ្សាយ​សាសនា​មិន​ត្រូវបាន​ដោះលែង​នោះទេ រហូតដល់​ពួកគេ​បាន​ទៅជួប​នឹង​ប្រធាន​ស្តេក​របស់​ពួកគេ​សិន ។ ពួកគេ​ធ្វើតាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​រហូត​ដល់​ពេលនោះ ។

២៤.៦.៣.២

ការត្រឡប់​ទៅផ្ទះ​វិញ​មុន​កំណត់

អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ត្រូវបាន​ដោះលែង​មុន​កំណត់ ដោយសារ​មូលហេតុ​សុខភាព ភាពស័ក្ដិសម ឬ​មូលហេតុ​ផ្សេងទៀត ។ ប៊ីស្សព និង​ប្រធាន​ស្តេក​ផ្តល់​ការគាំទ្រ​ជាពិសេស​ដល់​អ្នកត្រឡប់​ពី​បេសកកម្ម​ទាំងនេះ ។ ថ្នាក់ដឹកនាំ​ជួយ​ពួកគេ​ឲ្យ​ខិតខំ​មាន​សុខភាព​ល្អ​ឡើងវិញ ឬ​ត្រឡប់​ទៅកាន់​ការបម្រើ​វិញ ប្រសិនបើ​អាច​ធ្វើបាន ។

សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ត្រឡប់​ទៅកាន់​ការបម្រើ​វិញ នោះ​ប្រធាន​ស្ដេក​ទាក់ទង​ទៅ​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា ដើម្បី​ផ្ដល់​អនុសាសន៍​នេះ ( សូមមើល ២៤.៩.៣ ) ។ អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ដែល​ត្រឡប់​ទៅកាន់​ការបម្រើ​វិញ អាច​ត្រូវបាន​ចាត់តាំង​ជាថ្មី​ទៅ​បេសកកម្ម​ផ្នែក​បង្រៀន​ផ្សេង ឬ​បេសកកម្ម​ផ្នែក​សេវាកម្ម ។

នៅពេល​មិន​អាច​ត្រឡប់​ទៅ​បម្រើ​វិញ​បាន​ទេ នោះ​ថ្នាក់ដឹកនាំ​លើក​ទឹកចិត្ត​សមាជិក​រូបនេះ​ឲ្យ​បន្ដ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ក្នុងនាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ។ ថ្នាក់ដឹកនាំ​ក៏លើក​ទឹកចិត្ត​ឲ្យ​សមាជិក​នេះ​ខិតខំ​ព្យាយាម​លើ​កិច្ចការ​ដ៏សំខាន់​ផ្សេងៗ​ទៀត ដូចជា​ការអប់រំ ឬ​ការងារ​សម្រាប់​សមាជិក​វ័យក្មេង​ផងដែរ ។

២៤.៧

បេសកកម្ម​ផ្នែក​សេវាកម្ម

២៤.៧.១

ការកំណត់​ឱកាស​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ប៊ីស្សព ប្រធាន​ស្តេក និង​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ប្រឹក្សា​ជាមួយ​គ្នា ដើម្បី​កំណត់​ពី​ឱកាស​បម្រើ​ក្នុង​មូលដ្ឋាន ។ សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម និង​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នេះ​ចូលរួម​នៅក្នុង​ការពិភាក្សា ។

ឱកាស​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម​ត្រូវបាន​កំណត់ ក្រោយពី​ពួកគេ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ។ ឱកាស​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម អាច​ត្រូវបាន​កំណត់​មុនពេល ឬ​ក្រោយពី​ពួកគេ​ត្រូវបាន​ហៅ ។

ការបម្រើ​អាច​ផ្ដល់​ឲ្យ​ដោយ​ផ្ទាល់ ឬ​ពី​ចម្ងាយ​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ។ ថ្នាក់ដឹកនាំ​អាច​ប្រើប្រាស់​ធនធាន​ខាងក្រោម ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​ឱកាស​បម្រើ ៖

២៤.៧.២

ទីលំនៅ និង​ការធ្វើ​ដំណើរ

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​រស់នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ​ផ្ទាល់ ឬ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ផ្សេងទៀត ដែល​បាន​អនុម័ត​ដោយ​ការិយាល័យ​បេសកកម្ម​ផ្នែក​សេវាកម្ម ។ ពួកគេ​ផ្ដល់ ឬ​រៀបចំ​ការធ្វើ​ដំណើរ​របស់​ពួកគេ​ផ្ទាល់ខ្លួន​ទៅកាន់​ទីកន្លែង​បម្រើ​របស់​ពួកគេ ប្រសិនបើ​ចាំបាច់ ។

២៤.៧.៣

ការបំពាក់​បំប៉ន និង​ការគ្រប់គ្រង

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ត្រូវបាន​បំពាក់​បំប៉ន និង​គ្រប់គ្រង​នៅ​កន្លែង​ដែល​ពួកគេ​បម្រើ ។ ពួកគេ​ក៏អាច​ត្រូវបាន​បំពាក់​បំប៉ន និង​គ្រប់គ្រង​ដោយ​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​ផងដែរ ។ ពួកគេ​ទទួលបាន​ការដឹកនាំ​ជាប្រចាំ​អំពី​កាតព្វកិច្ច​របស់​ពួកគេ​ពី​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ( សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម ) ឬ​អ្នកគ្រប់គ្រង​លើ​ការចាត់តាំង​ផ្នែក​សេវាកម្ម​របស់​ពួកគេ ( សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម ) ។

ប្រធាន​ស្តេក​គឺជា​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នោះ ។ គាត់​ក៏ជួយ​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​យល់ និង​ធ្វើតាម​បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផងដែរ ( សូមមើល បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ—បេសកកម្ម​ផ្នែក​សេវាកម្ម ) ។

២៤.៧.៤

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅក្នុង​ការហៅ​បម្រើ​នៅ​ក្នុង​វួដ ឬ​ស្ដេក

ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​ផ្ដល់​ការហៅ​បម្រើ​នៅក្នុង​វួដ ឬ​ស្ដេក​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ប្រសិនបើ​ការហៅ​នោះ​មិន​ប៉ះពាល់​ដល់​ការចាត់តាំង ឬ​កាលវិភាគ​បេសកកម្ម​ទេនោះ ។ សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ផ្នែក​សេវាកម្ម ថ្នាក់ដឹកនាំ​ទាំងនេះ​សម្រប​សម្រួល​ជាមួយ​នឹង​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ។

២៤.៧.៥

ការបញ្ចប់​បេសកកម្ម​ផ្នែក​សេវាកម្ម

ប្រធាន​ស្ដេក អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម ( សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ) និង​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ប្រឹក្សា​ជាមួយគ្នា ដើម្បី​កំណត់​ថា​តើ​អ្នកផ្សព្វផ្សាយ​សាសនា​នេះ​នឹង​បញ្ចប់​ការបម្រើ​របស់​គាត់ ឬ​នាង​នៅពេល​ណា ។

បេសកកម្ម​ផ្នែក​សេវាកម្ម​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង មិន​ត្រូវ​លើសពី​រយៈពេល ២៤ ខែ​ឡើយ​សម្រាប់​បុរស ។ បេសកកម្ម​ទាំងនេះ​មិន​ត្រូវ​លើសពី​រយៈពេល ១៨ ខែ​ឡើយ​សម្រាប់​ស្ដ្រី ។

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​អាច​បន្ដ​ការបម្រើ​របស់​ពួកគេ ទៅតាម​កាលបរិច្ឆេទ​ដែល​បាន​យល់ព្រម​ពី​ប្រធាន​ស្ដេក និង​អ្នកផ្សព្វផ្សាយ​សាសនា​នោះ ។

រូបភាព
ស្ដ្រី​កំពុង​និយាយ​នៅលើ​វេទិកា

២៤.៨

បន្ទាប់ពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​

២៤.៨.១

ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

២៤.៨.១.១

អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ

សម្រាប់​ការណែនាំ​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ដែល​ត្រឡប់​ទៅផ្ទះ​វិញ សូមមើល ២៦.៥.៣ ។

២៤.៨.១.២

អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បម្រើ​នៅឆ្ងាយ​ពីផ្ទះ

ប្រធាន​បេសកកម្ម​អាច​ដឹកនាំ​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នៅពេល​ចាំបាច់ ។ ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​មាន​ភាពស័ក្តិសម នោះ​ប្រធាន​បេសកកម្ម​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថ្មី ដែល​នឹង​ផុតកំណត់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ។

២៤.៨.១.៣

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​គួរតែ​រៀបចំ​តាមរយៈ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ដើម្បី​ធ្វើ​ការសម្ភាស​បន្ដ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៦.៣.១ ) ។

២៤.៨.២

ការសម្ភាស​ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា

ប្រធាន​ស្ដេក​ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា និង​ដឹកនាំ​ការសម្ភាស​ដោះលែង​នេះ ។ ទីប្រឹក្សា​របស់​គាត់​ម្នាក់​អាច​ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផ្នែក​សេវាកម្ម​បាន ។ នៅក្នុង​មណ្ឌល ជាទូទៅ​ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង ជា​អ្នកដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា ។ សម្រាប់​ករណី​លើកលែង សូមមើល ៦.៣ ។

សេចក្ដី​ណែនាំ​ខាងក្រោម​សម្រាប់​ការសម្ភាស​នេះ​អាច​មាន​អត្ថប្រយោជន៍ ។

  • កោត​សរសើរ​ពួកគេ​ដែល​បាន​បម្រើ​បេសកកម្ម ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​បេសកកម្ម​របស់​ពួកគេ ។

  • លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​ធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អស់មួយ​ជីវិត ។

  • ផ្តល់​ដំបូន្មាន​ដល់​​ពួកគេ​ឲ្យ​បន្ដ​ស្ថាបនា​លើ​ទម្លាប់​ល្អៗ ដែល​ពួកគេ​បាន​បង្កើត​កាល​នៅជា​អ្នកផ្សព្វផ្សាយ​សាសនា ។

  • លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​ព្រះវិញ្ញាណ​រាល់ថ្ងៃ និង​រស់នៅ​ដោយ​មាន​កិត្តិយស ។

  • លើក​ទឹកចិត្ត​ឲ្យពួកគេ​ពិចារណា និង​រៀបចំ​ខ្លួន​សម្រាប់​អនាគត ដូចជា​ការអប់រំ និង​ការងារ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ។ ជួយ​ពួកគេ​ឲ្យ​ដាក់​គោលដៅ និង​ដាក់​ផែនការ​តាម​ការចាំបាច់ ។ ពិនិត្យមើល​ការរីក​ចម្រើន​នៅលើ ផែនការ​របស់​ខ្ញុំ ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ។

  • ចៀសវាង​ធ្វើការ​សន្យា​ពរជ័យ​ជាក់លាក់ ជា​រង្វាន់​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។

  • លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រស់នៅ​ដោយ​ភាពស័ក្ដិសម​នឹង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជានិច្ច ។

២៤.៨.៣

របាយការណ៍​របស់​អ្នកផ្សព្វផ្សាយ​សាសនា និង​ការឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

ប្រធាន​ស្ដេក និង​ប្រធាន​មណ្ឌល​អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ដោះលែង​ថ្មីៗ ឲ្យ​រាយការណ៍​ពី​ការបម្រើ​របស់​ពួកគេ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​ការប្រជុំ​ក្រុមប្រឹក្សា​មណ្ឌល ។ ការណ៍​នេះ​រួមមាន​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផងដែរ ។ ប៊ីស្សព​ក៏អាច​អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើបបាន​ដោះលែង​ថ្មីៗ ឲ្យ​រាយការណ៍​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​ផងដែរ ។

នៅពេល​ដែល​រយៈចម្ងាយ ឬ​ស្ថានភាព​ផ្សេងទៀត​អនុញ្ញាត អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ដោះលែង​ថ្មីៗ​អាច​រាយការណ៍​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ឬ​តែ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​ប៉ុណ្ណោះ ។

គណៈប៊ីស្សព​ដាក់​កាលវិភាគ ដើម្បី​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ដោះលែង​ថ្មីៗ​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ ការណ៍​នេះ​រួមមាន​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ផងដែរ ។ ការប្រជុំ​នេះ​គឺជា​ការប្រជុំ​សាក្រាម៉ង់​តាម​ធម្មតា​មួយ ។ គណៈប៊ីស្សព​ធ្វើឲ្យ​ប្រាកដ​ថា បាន​ធ្វើតាម​គោលការណ៍​ដែល​មាន​ចែង​នៅក្នុង ២៤.៥.២ នេះ ។

អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ដោះលែង​ថ្មីៗ អាច​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​នៅក្នុង​វួដ​ផ្សេងទៀត តាម​ការអញ្ជើញ​របស់​សមាជិក​នៃ​គណៈប្រធាន​ស្ដេក ឬ​គណៈប្រធាន​មណ្ឌល ។ ពួកគេ​ក៏អាច​ត្រូវបាន​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​ក្រុមប្រឹក្សា​មណ្ឌល​ធ្វើការ​អញ្ជើញ​ផងដែរ ។

២៤.៨.៤

ការហៅ

ថ្នាក់ដឹកនាំ​ផ្ដល់​ការចាត់តាំង​ការងារ​បម្រើ និង​ការហៅ​បម្រើ​ភ្លាមៗ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើបបាន​ដោះលែង​ថ្មីៗ ។ ការណ៍​នេះ​រួមមាន ការពិចារណា​ឲ្យ​ធ្វើជា​អ្នកធ្វើការ​ផ្នែក​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​តាម​ការគួរ ( សូមមើល ២៥.៥ ) ។

២៤.៩

ធនធាន​សម្រាប់​ការផ្តល់​អនុសាសន៍ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា

២៤.៩.១

សៀវភៅ​សិក្សា និង​ទម្រង់​បែបបទ

២៤.៩.២

គេហទំព័រ

២៤.៩.៣

ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា

  • លេខ​ទូរសព្ទ ៖ ១–៨០១–២៤០–២២២២ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២២២២