ក្បួនខ្នាត និង​ការហៅ
១៩. តន្ត្រី


« ១៩. តន្ដ្រី » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ១៩. តន្ដ្រី » ក្បួនខ្នាត​ទូទៅ ។

១៩.

តន្ត្រី

១៩.១

គោលបំណង​នៃ​តន្រ្តី​នៅក្នុង​សាសនាចក្រ

នៅក្នុង​វិវរណៈ​មួយ​ទៅ​កាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ដ្បិត​ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ​បទចម្រៀង​ពី​ចិត្ត មែន​ហើយ បទ​ចម្រៀង​នៃ​ពួក​សុចរិត គឺជា​បទអធិស្ឋាន​ដល់​យើង ហើយ​នឹង​បាន​ឆ្លើយតប​ដោយ​នូវ​ព្រះ​ពរមក​លើក្បាល​របស់​ពួកគេ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១២ ) ។ ទ្រង់​ក៏​មាន​បន្ទូល​ផងដែរ​ថា « ពួកសុចរិត​នឹង … មកឯ​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​នូវ​ចម្រៀង​ទាំងឡាយ​អំពី​សេចក្ដី​អំណរ​ដ៏នៅ​អស់កល្ប​អស់កាល​ជានិច្ច » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៧១ ) ។

តន្ត្រី​ពិសិដ្ឋ​បង្កើន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តន្ដ្រី​យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​បង្រៀន​គោលលទ្ធិ ។ តន្ត្រី​ក៏​បង្កើត​ឲ្យ​មាន​អារម្មណ៍​គារវភាព បង្រួប​បង្រួម​សមាជិក និង​ផ្ដល់​នូវ​របៀប​មួយ​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

១៩.២

តន្រ្តី​នៅក្នុង​គេហដ្ឋាន

តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​បុគ្គល និង​ក្រុមគ្រួសារ​ទាំងឡាយ ឲ្យ​ប្រើប្រាស់​តន្ត្រី​ដែល​លើក​តម្កើង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ ការច្រៀង និង​ការស្ដាប់​ដល់​តន្ត្រី​ពិសិដ្ឋ​អាច​អញ្ជើញ​ឲ្យមាន​វិញ្ញាណ​នៃ​ភាពស្រស់​ស្អាត និង​សេចក្ដី​សុខសាន្ត ។ វា​ក៏​អាច​បង្កើន​នូវ​សេចក្ដី​ស្រឡាញ់ និង​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ផងដែរ ។ ទំនុកតម្កើង​អាច​ជួយ​បុគ្គល​ទាំងឡាយ​ឲ្យ​ទទួល​បាន​នូវ​ភាពក្លាហាន ហើយ​តស៊ូ​នឹង​ការល្បួង ។

សំឡេង​ដែល​ថតទុក​នៃ​តន្ត្រី​របស់​សាសនាចក្រ​អាច​រកបាន​នៅ​ប្រភព​ដូច​ខាងក្រោម​នេះ ៖

សាសនាចក្រ​ផ្ដល់​នូវ​ធនធាន​ដើម្បី​ជួយ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ទាំងឡាយ​ឲ្យ​រៀន​ជំនាញ​តន្ត្រី​មូលដ្ឋាន ។ ធនធាន​ទាំងនោះ​អាច​រកបាន​នៅលើ​គេហទំព័រ music.ChurchofJesusChrist.org ( សូមមើល​ផងដែរ ១៩.៦ ) ។ ការអភិវឌ្ឍ​ជំនាញ​តន្ត្រី​ពង្រីក​ឱកាស​ឲ្យ​សមាជិក​បម្រើ​នៅ​ផ្ទះ និង​នៅក្នុង​សាសនាចក្រ ។

១៩.៣

តន្ត្រី​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ

តន្ដ្រី​ពិសិដ្ឋ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការប្រជុំ​សាក្រាម៉ង់ និង​ការ​ប្រជុំ​សាសនាចក្រ​ផ្សេងៗ​ទៀត ។ វា​មាន​អំណាច​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ ដោយ​នាំ​បុគ្គល​ម្នាក់ៗ​មក​កាន់តែ​ជិត​ព្រះ ។ « ទេសនកថា​ដ៏​អសា្ចរ្យ​បំផុត​មួយ​ចំនួន គឺ​ត្រូវ​បាន​បង្រៀន​តាមរយៈ​ការច្រៀង​ទំនុកតម្កើង » ។ ( សូមមើល ទំនុកតម្កើង ទំព័រ ix ) ។

១៩.៣.១

ការរៀបចំ​តន្រ្តី​សម្រាប់​ការប្រជុំ​សាសនាចក្រ

អ្នកសម្របសម្រួល​តន្ត្រី​វួដ និង​ស្តេក ធ្វើការ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បព្វជិតភាព ដើម្បី​រៀបចំ​តន្ត្រី​សម្រាប់​ការថ្វាយ​បង្គំ​ទាំងឡាយ ។ ពួកគាត់​ជ្រើសរើស​តន្ដ្រី​ដែល​បង្កើន​ស្មារតី​នៃ​ការថ្វាយ​បង្គំ​នៅក្នុង​ការប្រជុំ​ទាំងឡាយ ។

ទំនុកតម្កើង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការច្រៀង​ជា​ក្រុម​ជំនុំ​នៅក្នុង​ការថ្វាយ​បង្គំ​ទាំងឡាយ ។ ទំនុកតម្កើង ឬ​ការជ្រើសរើស​តន្ត្រី​ពិសិដ្ឋ​ដទៃ​ទៀត អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី តន្រ្តី​ក្រុម​ចម្រៀង និង​ការសម្ដែង​ទោល ឬ​ការ​សម្ដែង​ក្រុម​តូចៗ ។ តន្ត្រី​ទាំងអស់​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ គួរតែ​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​ស្មារតី​នៃ​ការថ្វាយបង្គំ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ មិន​មែន​ជា​ការសម្ដែង​ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​ខាង​តន្ត្រី​នោះ​ទេ ។

ការជ្រើសរើស​តន្ដ្រី​គួរតែ​ស្រប​នឹង​វិញ្ញាណ​នៃ​ការថ្វាយ​បង្គំ​របស់​ទំនុកតម្កើង​ទាំងនោះ ។ តន្ត្រី​ទាំងនោះ​គួរតែ​បង្រៀន​អំពី​ដំណឹងល្អ​ជាមួយ​នឹង​អំណាច និង​ភាពច្បាស់លាស់ ។

តន្ត្រី​ពិសិដ្ឋ​ដែល​ត្រូវបាន​សរសេរ​ឡើង ឬ​ដែល​ត្រូវបាន​ច្រៀង​ក្នុង​ទម្រង់​តន្ត្រី​វប្បធម៌​ចម្រុះ អាច​ជួយ​បង្រួប​បង្រួម​ក្រុម​ជំនុំ​បាន ។ អ្នកសម្របសម្រួល​តន្ត្រី និង​ថ្នាក់​ដឹកនាំ​បព្វជិតភាព​អាច​បញ្ចូល​ទម្រង់​តន្ត្រី​ដែល​សមរម្យ​ផ្សេងៗ​គ្នា ដែល​ទាក់ទាញ​សមាជិក​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​បាន ។

១៩.៣.២

តន្ត្រី​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ

សមាជិក​ប្រមូលផ្ដុំ​គ្នា​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ដើម្បី​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការទទួល​ទាន​សាក្រាម៉ង់ ។ ពួកគេ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ស្ថាបនា​សេចក្ដីជំនឿ និង​ទីបន្ទាល់ និង​ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ តន្ត្រី​គួរតែ​ត្រូវបាន​ជ្រើសរើស ដើម្បី​ជួយ​សម្រេច​បាន​គោលបំណង​ទាំងនេះ ។

តន្ត្រី​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់​រួមមាន​ការច្រៀង​ជា​ក្រុម​ជំនុំ​នូវ​ទំនុកតម្កើង ដើម្បី​បើក និង​បិទ​ការប្រជុំ និង​ពីមុន​ពិធី​សាក្រាម៉ង់ ។ ទំនុកតម្កើង​ជា​ក្រុមជំនុំ​ផ្ដល់​នូវ​ឱកាស​មួយ​ឲ្យ​សមាជិក​រួបរួម​គ្នា កាលដែល​ពួកគេ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការថ្វាយបង្គំ​ជាមួយ​គ្នា ។ ទំនុកតម្កើង​សាក្រាម៉ង់​គួរ​តែផ្តោត​ទៅ​លើ​ពិធី​សាក្រាម៉ង់​ដោយ​ផ្ទាល់ ឬ​ផ្តោត​ទៅ​លើ​ពលិកម្ម​របស់​ព្រះ​អង្គសង្គ្រោះ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូមមើល « ទំនុក​តម្កើង​សម្រាប់​ក្រុមជំនុំ​ទាំងឡាយ » ទំនុក​តម្កើង ទំព័រ ២៥៨–២៥៩ ។

ភ្លេង​កំដរ​មុន​បើក​កម្មវិធី​ត្រូវ​លេង ពេល​ដែល​សមាជិក​ប្រមូល​ផ្ដុំ​គ្នា​មុន​ការប្រជុំ ។ គោលបំណង​របស់​វា​គឺ​ដើម្បី​បង្កើត​បរិយាកាស​នៃ​ការថ្វាយ​បង្គំ ដែល​យាង​អញ្ជើញ​ឲ្យ​មាន​ព្រះវិញ្ញាណ ។ បន្ទាប់​ពី​ការអធិស្ឋាន​បិទ ភ្លេង​កំដរ​ពេល​បិទ​កម្មវិធី​ត្រូវ​លេង​ម្ដងទៀត​កាលដែល​សមាជិក​ចាកចេញ​ពី​ការប្រជុំ ។ ទំនុកតម្កើង និង​តន្ត្រី​ពិសិដ្ឋ​ដទៃ​ទៀត អាច​ត្រូវបាន​ជ្រើសរើស​សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី ។

ការប្រជុំ​សាក្រាម៉ង់​ក៏​អាច​រួមបញ្ចូល​នូវ​ទំនុកតម្កើង​ជា​ក្រុម​ជំនុំ​បន្ថែម​ទៀត ដែល​នឹង​ច្រៀង​នៅ​ពាក់កណ្ដាល​នៃ​ការប្រជុំ—ឧទាហរណ៍ នៅ​ចន្លោះ​ការឡើង​និយាយ ។ ឬ​វា​អាច​បញ្ចូល​ការជ្រើសរើស​តន្ត្រី​មួយ ឬ​ច្រើន​ជាង​នោះ​ផ្សេង​ទៀត​ផងដែរ ។ ការជ្រើសរើស​ទាំងនេះ​អាច​សម្តែង​ដោយ​ក្រុម​ចម្រៀង ( សូមមើល ១៩.៣.៧ ) អ្នក​ច្រៀង ឬ​អ្នក​លេង​ឧបករណ៍​ភ្លេង​សុទ្ធ​ទោល ឬ​ក្រុម​តូចៗ ។ ការប្រជុំ​សាក្រាម៉ង់​មិន​គួរ​ត្រូវ​ប្រគល់​ទៅ​ក្រុម​តន្ត្រី​ខាងក្រៅ​ទេ ។

ព្យាណូ ព្យាណូខ្យល់ ឬ​ឧបករណ៍​ផ្សេងៗ​ទៀត ដែល​បាន​អនុម័ត​ដោយ​គណៈប៊ីស្សព អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​លេង​អម​ជាមួយ​នឹង​ទំនុកតម្កើង​ដែល​ច្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ( សូមមើល ១៩.៣.៦ ) ។

អ្នក​សម្របសម្រួល​តន្ត្រី និង​គណៈប៊ីស្សព​ព្យាយាម​ស្វែងរក​តុល្យភាព​រវាង​ទំនុកតម្កើង​ដែល​មាន​គេ​ស្គាល់ និង​ដែល​មិន​សូវ​មាន​គេ​ស្គាល់ ។ ជម្រើស​តន្ត្រី​ដែល​សម្ដែង​ដោយ​ក្រុម​ចម្រៀង​វួដ ឬ​អ្នក​ផ្សេង​ទៀត អាច​ជួយ​សមាជិក​ឲ្យ​កាន់តែ​ស្គាល់​ទំនុកតម្កើង ដែល​មិន​សូវ​មាន​គេ​ស្គាល់ ។

១៩.៣.៣

តន្ត្រី​នៅក្នុង​ថ្នាក់​ទាំងឡាយ និង​ការប្រជុំ​វួដ​ផ្សេងៗ​ទៀត

ការ​ច្រៀង​ទំនុកតម្កើង​អាចជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ណែនាំ ឬ​ពង្រឹង​ដល់​គោលការណ៍​នៃ​ដំណឹង​ល្អ ។ ថ្នាក់​ដឹកនាំ​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ឲ្យ​ប្រើ​ប្រាស់​ទំនុកតម្កើង និង​តន្ត្រី​ពិសិដ្ឋ​ដទៃ​ទៀត ដើម្បី​ជួយ​លើក​កម្ពស់​ដល់​ការ​បង្រៀន​របស់​ពួកគេ ។

ការប្រជុំ​កូរ៉ុម និង​ថ្នាក់​ទាំងឡាយ​នៅ​ថ្ងៃ​អាទិត្យ មិន​ទម្លាប់​ចាប់ផ្ដើម​ជាមួយ​នឹង​ទំនុកតម្កើង​បើក​មួយ​នោះ​ទេ ។

១៩.៣.៤

តន្ត្រី​នៅក្នុង​សន្និសីទ​ស្តេក

តន្រ្តី​សម្រាប់​សន្និសីទ​ស្តេក​គួរ​តែ​ត្រូវ​បាន​រៀបចំ​ផែនការ ដើម្បី​ពង្រឹង​ដល់​សេចក្តី​ជំនឿ និង​ទីបន្ទាល់ ។ ការរៀបចំ​ផែនការ​នោះ​គួរ​តែ​ធ្វើ​តាម​គោលការណ៍​នៅ​ក្នុង ១៩.៣.១ ។ អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ជា​អធិបតី​ពិនិត្យ​មើល​ជា​មុន​នូវ​រាល់​ជម្រើស​តន្ត្រី​ដែល​បាន​ដាក់​ស្នើ​ទាំងអស់​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រៀបចំ​ផែនការ ។

តន្ត្រី​សម្រាប់​សន្និសីទ​ស្តេក ជា​ធម្មតា​រួម​បញ្ចូល​នូវ​ការច្រៀង​ទំនុកតម្កើង​ជា​ក្រុម​ជំនុំ និង​ជម្រើស​តន្ត្រី​ផ្សេងៗ​ទៀត​មក​ពី​ក្រុម​ចម្រៀង អ្នកច្រៀង ឬ​អ្នកលេង​ភ្លេង​ទោល ឬ​ក្រុម​តូចៗ ។ ជា​ធម្មតា ក្រុមជំនុំ​ច្រៀងទំនុកតម្កើង​នៅ​ពាក់​កណ្ដាល​នៃ​ការប្រជុំ ។ គណៈប្រធាន​ស្តេក​អាច​អនុម័ត​ឲ្យ​ប្រើ​ឧបករណ៍​ទោល ឬ​ឧបករណ៍​អម​ទាំងឡាយ ជាជាង​ការគ្រាន់តែ​ប្រើ​ព្យាណូ ឬ​ព្យាណូ​ខ្យល់ ( សូមមើល ១៩.៣.៦ ) ។

១៩.៣.៥

តន្រ្តី​ផ្សេង​ទៀត​នៅ​ក្នុង​រោង​ជំនុំ

រោងជំនុំ​អាច​ត្រូវបាន​ប្រើប្រាស់​ម្ដងម្កាល​សម្រាប់​ព្រឹត្តិការណ៍​សិល្បៈ​វប្បធម៌ ដែល​រួមមាន​តន្ត្រី​ខាង​លោកិយ ដូចជា​ការប្រគុំ​តន្ត្រី ការសម្ដែង​តូចៗ ឬ​បទបង្ហាញ​ផ្សេងៗ​ទៀត ។ ខណៈ​ដែល​ការទះដៃ​មិន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ក្នុង​ការប្រជុំ​ថ្វាយបង្គំ នោះ​វា​អាច​នឹង​សមស្រប​សម្រាប់​ព្រឹត្តិការណ៍​ទាំងនេះ​បាន ។

ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ថា តើ​សកម្មភាព​វប្បធម៌​បែប​ណា​ទៅ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រោងជំនុំ​បាន ។ សូមមើល ៣៥.៥ សម្រាប់​ព័ត៌មាន​អំពី​ការប្រើប្រាស់​សាលា​ប្រជុំ​ឲ្យ​បាន​ត្រឹមត្រូវ ។

១៩.៣.៦

ឧបករណ៍​តន្ត្រី

ជា​ធម្មតា ឧបករណ៍​លេង​ផ្ទាល់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី និង​សម្រាប់​ការលេង​អម​ទំនុកតម្កើង​នៅក្នុង​ការប្រជុំ​សាសនាចក្រ​ទាំងឡាយ ។ នៅ​កន្លែង​ណា​ដែល​មាន និង​នៅ​កន្លែង​ណា​ដែល​សមាជិក​អាច​លេង​វា​បាន នោះ​ព្យាណូ​ខ្យល់ និង​ព្យាណូ​គឺ​ជា​ឧបករណ៍​ជា​បទដ្ឋាន ។ គណៈប៊ីស្សព​អាច​អនុម័ត​ការប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ទៀត​ដើម្បី​អម​ដល់​ការច្រៀង​ជា​ក្រុមជំនុំ សម្រាប់​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី និង​នៅក្នុង​ជម្រើស​តន្ត្រី​ផ្សេងៗ​ទៀត ។

ឧបករណ៍​តន្ត្រី​គួរ​តែ​នាំ​ឲ្យ​មាន​អារម្មណ៍​នៃ​ការថ្វាយ​បង្គំ និង​ត្រូវបាន​លេង​ស្រប​តាម​ស្មារតី​នៃ​ការប្រជុំ​នោះ ។

ប្រសិនបើ​មិន​មាន​ព្យាណូ ព្យាណូ​ខ្យល់ ឬ​អ្នក​លេង​ភ្លេង​ទេ នោះ​អាច​ប្រើ​សំឡេង​ដែល​ថតទុក​ដែល​សមរម្យ​បាន ( សូមមើល ១៩.២ ) ។

១៩.៣.៦.១

ការ​ទទួល​បាន​ឧបករណ៍​តន្រ្តី

ជា​ធម្មតា អគារ​សាសនាចក្រ​ត្រូវ​បាន​ប្រដាប់​ដោយ​ព្យាណូ​ខ្យល់ ព្យាណូ ឬ​អ័ក​អេឡិចត្រូនិច ។ ថ្នាក់ដឹកនាំ​អាច​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​អគារ​ក្នុង​តំបន់ ដើម្បី​បាន​ព័ត៌មាន​អំពី​ការទិញ​ឧបករណ៍​ថ្មី ឬ​ជំនួស ។

១៩.៣.៦.២

ការថែ​រក្សា​ឧបករណ៍​តន្រ្តី

ព្យាណូ​ត្រូវ​សម្រួល​ខ្ទង់ ហើយ​ព្យាណូ​ខ្យល់​ត្រូវ​ថែទាំ​ជា​ប្រចាំ ។ ប៊ីស្សព ឬ​អ្នកតំណាង​អគារ​ស្តេក​អាច​ទាក់ទង​នឹង​អ្នកគ្រប់គ្រង​អគារ​ពេល​មាន​សំណួរ​នានា ។ តាម​ដែល​ត្រូវការ គាត់​ក៏​អាច​បញ្ជូន​សំណើ​នៅក្នុង​ការរាយការណ៍​បញ្ហា​អគារ ( រ.ប.អ. ) ដើម្បី​ថែទាំ និង​ជួសជុល​ព្យាណូ និង​ព្យាណូខ្យល់​ផងដែរ ( សូមមើល ៣៥.៤.២ ) ។

១៩.៣.៧

ក្រុម​ចម្រៀង

តាំងពី​ជំនាន់​ព្រះគម្ពីរ​សញ្ញាចាស់​មក បុត្រា​បុត្រី​របស់​ព្រះ​បាន​ច្រៀង​នៅក្នុង​ក្រុម​ចម្រៀង​ដើម្បី​ថ្វាយ​ការសរសើរ​តម្កើង​ដល់​ទ្រង់ ។ ក្រុមចម្រៀង​ក្នុង​សាសនាចក្រ​នាំ​សិរីល្អ​ថ្វាយ​ដល់​ព្រះ បង្រួបបង្រួម និង​ស្អាង​សមាជិក​សាសនាចក្រ និង​នាំ​សេចក្ដី​អំណរ​ដល់​អ្នក​ចូលរួម និង​ក្រុមជំនុំ ។

១៩.៣.៧.១

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ក្រុមចម្រៀង​វួដ

នៅ​កន្លែង​ដែល​មានសមាជិក​គ្រប់គ្រាន់ វួដ​អាច​បង្កើត​ក្រុមចម្រៀង ដែល​ច្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ជា​ទៀងទាត់ ។ គណៈ​ប៊ីស្សព​អាច​ហៅ​អ្នកដឹកនាំ​ក្រុមចម្រៀង និង​អ្នក​លេងភ្លេង​នៃ​ក្រុមចម្រៀង ( សូមមើល ១៩.៤.៣.៣ ) ។

សមាជិក​វួដ​អាច​ស្ម័គ្រចិត្ត​ច្រៀង​នៅក្នុង​ក្រុម​ចម្រៀង ។ សមាជិក និង​អ្នក​ផ្សេងទៀត​ក៏​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ ។ មិនមាន​ការសាកល្បង​សមត្ថភាព​ជាមុន​នោះ​ទេ ។

ក្រុមចម្រៀង​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើប្រាស់​ទំនុកតម្កើង​នៅក្នុង​សាសនាចក្រ ។ ការច្រៀង​ទំនុកតម្កើង​យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​ជួយ​អ្នកចូលរួម​ក្រុមចម្រៀង និង​ក្រុមជំនុំ​ឲ្យ​រៀន​ដំណឹងល្អ ( សូមមើល ទំនុកតម្កើង ទំព័រ ២៥៩–៦១ ) ។ ប្រសិន​បើ​ជម្រើស​តន្ត្រី​ពិសិដ្ឋ​ផ្សេងៗ​ទៀត​ត្រូវបាន​ប្រើប្រាស់ នោះ​គួរ​ធ្វើ​តាម​គោលការណ៍​ណែនាំ​នៅក្នុង ១៩.៣.១ ។

ជា​ធម្មតា ការហាត់សម​របស់​ក្រុមចម្រៀង​មិន​លើស​ពី​មួយ​ម៉ោង​នោះ​ទេ ។

ប្រសិន​បើ​ក្រុមចម្រៀង​វួដ​ត្រូវការ​ក្រដាស​ចម្រៀង នោះ​វា​ត្រូវបាន​ទិញ​ដោយ​ប្រើ​មូលនិធិ​ថវិកា​របស់​វួដ ( សូមមើល ១៩.៧.១ ) ។ ក្រុមចម្រៀង​វួដ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចែកចាយ​បទចម្រៀង​ដែល​បាន​ទិញ​ជាមួយ​ក្រុមចម្រៀង​ផ្សេង​ទៀត​នៅក្នុង​ស្តេក ។ ការថត​ចម្លង​ក្រដាស​ចម្រៀង ដោយ​គ្មាន​ការអនុញ្ញាត​មកពី​ម្ចាស់សិទ្ធិ គឺ​ផ្ទុយ​ពី​គោលនយោបាយ​របស់​សាសនាចក្រ ( សូមមើល ៣៨.៨.១០ ) ។

បន្ថែម​ទៅ​លើក្រុម​ចម្រៀង​វួដ ក្រុមគ្រួសារ និង​ក្រុម​ស្ត្រី បុរស យុវវ័យ ឬ​កុមារ​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ច្រៀង​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ​បាន ។

១៩.៣.៧.២

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ក្រុមចម្រៀង​ស្តេក និង​ពហុស្តេក

ដោយ​មាន​ការអនុម័ត​របស់​ថ្នាក់​ដឹកនាំ​ស្តេក ឬ​តំបន់ នោះ​ក្រុម​ចម្រៀង​ស្តេក និង​ពហុស្តេក​អាច​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​សន្និសីទ​ស្តេក និង​ឱកាស​ដទៃ​ទៀត ដូចជា​ព្រឹត្តិការណ៍​សហគមន៍​ជា​ដើម ។ បន្ទាប់​ពី​ការប្រជុំ ឬ​ព្រឹត្តិការណ៍​នោះ ក្រុម​ចម្រៀង​ត្រូវ​បាន​បំបែក​គ្នា រហូត​ដល់​មាន​ឱកាស​ដទៃ​ទៀត​ធ្វើ​ឡើង ។

១៩.៤

ថ្នាក់​ដឹកនាំ​តន្ត្រី​ក្នុង​វួដ

១៩.៤.១

គណៈ​ប៊ីស្សព

ប៊ីស្សព​ទទួលខុសត្រូវ​លើ​តន្ត្រី​នៅក្នុង​វួដ ។ គាត់​អាច​ចាត់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់គាត់ ។ គណៈប៊ីស្សព​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • ហៅ និង​ញែក​សមាជិក​ចេញ​ដើម្បី​បម្រើ​នៅក្នុង​ការហៅ​ផ្នែក​តន្ត្រី ដូច​មាន​ពិពណ៌នា​នៅក្នុង ១៩.៤.២ និង ១៩.៤.៣ តាម​ដែល​ត្រូវការ ។

  • ធ្វើការ​ជាមួយ​នឹង​អ្នកសម្របសម្រួល​តន្ត្រី​វួដ ដើម្បី​រៀបចំ​ផែនការ​តន្ត្រី​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ ( សូមមើល ១៩.៣.១ ) ។

  • បង្រៀន​អំពី​សារៈសំខាន់​នៃ​ការថ្វាយបង្គំ​តាមរយៈ​តន្ត្រី​នៅក្នុង​ការប្រជុំ ។ លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​ច្រៀង​ជា​ក្រុម​ជំនុំ ។ លើក​ទឹកចិត្ត​សមាជិក ជាពិសេស​យុវវ័យ ឲ្យ​ប្រើ​តន្ដ្រី​ដែល​លើកស្ទួយ​ប្រចាំ​ថ្ងៃ​នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ( សូមមើល ១៩.២ ) ។

  • សម្រេចចិត្ត​ថា​នៅពេល​ណា​ដែល​ឧបករណ៍ ក្រៅពី​ព្យាណូ និង​ព្យាណូ​ខ្យល់ ត្រូវបាន​បាន​ប្រើប្រាស់​នៅក្នុង​ការប្រជុំ​សាសនាចក្រ ( សូមមើល ១៩.៣.៦ ) ។

  • គាំទ្រ​ដល់​ក្រុមចម្រៀង​វួដ ដោយ​ការលើកទឹកចិត្ត​សមាជិក​ឲ្យ​ចូលរួម ។

១៩.៤.២

អ្នកសម្របសម្រួល​តន្រ្តី​វួដ

អ្នកសម្របសម្រួល​តន្រ្តី​វួដ​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​គណៈប៊ីស្សព ។ គាត់ ឬ​នាង​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម ៖

  • បម្រើ​ជា​ធនធាន​មួយ​ដល់​គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​វួដ​ដទៃ​ទៀត​លើ​បញ្ហា​តន្រ្តី ។ ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដ តាម​ដែល​ត្រូវបាន​អញ្ជើញ​ដោយ​ប៊ីស្សព ដើម្បី​ជួយ​សម្របសម្រួល​តន្ត្រី​នៅក្នុង​វួដ ។

  • ធ្វើការ​ជាមួយ​នឹង​គណៈប៊ីស្សព ដើម្បី​រៀបចំ​ផែនការ​តន្ត្រី​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ ( សូមមើល ១៩.៣.១ និង ១៩.៣.២ ) ។

  • ផ្តល់​អនុសាសន៍ និង​គ្រប់គ្រង​ការបំពាក់​បំប៉ន​ខាង​តន្រ្តី​នៅក្នុង​វួដ ប្រសិនបើ​ត្រូវការ ( សូម​មើល ១៩.៦ ) ។ ជួយ​សមាជិក​ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​អភិវឌ្ឍ និង​ប្រើប្រាស់​ទេពកោសល្យ​ផ្នែក​តន្ត្រី​របស់​ពួកគេ​នៅក្នុង​វួដ ។

  • ពេល​ត្រូវបាន​សំណូមពរ​ពី​គណៈប៊ីស្សព សូម​ណែនាំ​សមាជិក​ដើម្បី​បម្រើ​នៅក្នុង​ការហៅ​ខាង​តន្ត្រី​នៅក្នុង​វួដ ។ ណែនាំ​ដល់​អស់​អ្នក​ដែល​បម្រើ​នៅក្នុង​ការហៅ​ទាំងនេះ ផ្ដល់​ការគាំទ្រ ការបង្ហាត់បង្រៀន និង​ការបំពាក់បំប៉ន​តាម​ដែល​ត្រូវការ ។

  • បម្រើ​នៅក្នុង​ការហៅ​ខាង​តន្ត្រី​នៅក្នុង​វួដ​ផ្សេងៗ​ទៀត ប្រសិន​បើ​អ្នក​ផ្សេង​ទៀត​មិន​ត្រូវបាន​ហៅ​ទេ ។

  • ប្រឹក្សា​ជាមួយ​នឹង​អ្នកសម្របសម្រួល​តន្ត្រី​ស្តេក សម្រាប់​ការបំពាក់បំប៉ន និង​ការគាំទ្រ​តាម​ដែល​ត្រូវការ ។

១៩.៤.៣

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
ការហៅ​បន្ថែម

នៅក្នុង​វួដ​ទាំងឡាយ​ដែល​ធំល្មម គណៈប៊ីស្សព​អាច​ហៅ​សមាជិក​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​ដូច​ខាងក្រោម​នេះ ។ យុវវ័យ និង​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ។ គណៈប៊ីស្សព​អាច​សម្រប​ការហៅ​ទាំងនេះ​តាម​ចាំបាច់ ដើម្បី​បំពេញ​តាម​តម្រូវការ​វួដ​របស់​ពួកគាត់ ។

១៩.៤.៣.១

អ្នកដឹកនាំ​តន្រ្តី​វួដ

អ្នកដឹកនាំ​តន្រ្តី​វួដ​ដឹកនាំ​ទំនុក​តម្កើង​ក្រុមជំនុំ​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ និង​សម្រាប់​ការប្រជុំ​វួដ​ដទៃ​ទៀត តាម​សំណើ ។

១៩.៤.៣.២

អ្នក​លេងភ្លេង​វួដ

អ្នក​លេងភ្លេង​វួដ​លេង​ភ្លេង​កំដរ​មុន​បើក​កម្មវិធី និង​ពេល​បិទ​កម្មវិធី ហើយ​លេង​ភ្លេង​អម​ទំនុក​តម្កើង​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​នៅ​ក្នុង​ការប្រជុំ​វួដ​ដទៃ​ទៀត តាម​សំណើ ។ នៅពេល​ដែល​ត្រូវការ អ្នក​លេងភ្លេង​ក៏អាច​លេងអម​ក្រុមចម្រៀង ឬ​បម្រើ​ជា​អ្នកលេង​ព្យាណូ​ក្នុង​អង្គការ​បឋមសិក្សា​ផងដែរ ។

នៅពេល​គ្មាន​នរណាម្នាក់​ចេះ​លេង​ព្យាណូ ឬ​ព្យាណូ​ខ្យល់​ទេ នោះ​ជម្រើស​ដូច​តទៅ​នេះ​អាច​ប្រើប្រាស់​បាន ៖

  • សមាជិក​ម្នាក់​អាច​លេង​ឧបករណ៍​មួយ​ដែល​អនុម័ត​ដោយ​ប៊ីស្សព ( សូមមើល ១៩.៣.៦ ) ។

  • ព្យាណូ និង​ព្យាណូខ្យល់​ឌីជីថល ដែល​លេង​ទំនុក​តម្កើង​ដែល​បាន​បញ្ចូល​ទុក​ជាមុន មាន​នៅក្នុង​សាលា​ប្រជុំ​មួយ​ចំនួន ( សូមមើល ១៩.៣.៦.១ ) ។

  • សមាជិក​អាច​ប្រើប្រាស់​សំឡេង​ដែល​ថតទុក​ចេញ​ពី​ប្រភព​ដូចខាងក្រោម​នេះ ៖

១៩.៤.៣.៣

អ្នកដឹកនាំ​ក្រុមចម្រៀង និង​អ្នក​លេងភ្លេង​នៃ​ក្រុមចម្រៀង

អ្នកដឹកនាំ​ក្រុមចម្រៀង​វួដ​ប្រាប់​ពី​តន្ដ្រី​ដែល​ត្រូវ​ច្រៀង​ដោយ​ក្រុម​ចម្រៀង ដឹកនាំ​ការហាត់សម​ក្រុមចម្រៀង និង​ដឹកនាំ​ក្រុម​ចម្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ( សូមមើល ១៩.៣.៧ ) ។

អ្នក​លេងភ្លេង​នៃ​ក្រុមចម្រៀង​វួដ​លេង​ភ្លេង​សម្រាប់​ការហាត់សម​របស់​ក្រុមចម្រៀង និង​នៅពេល​ក្រុមចម្រៀង​ច្រៀង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។

សម្រាប់​ពត៌មាន​បន្ថែម អំពី​ការ​ដឹកនាំ​ភ្លេង​ក្រុមចម្រៀង​ សូមមើល​នៅ​ក្នុង​សៀវភៅ​សិក្សា Conducting Course ទំព័រ ៧៣–៨៣ ។

១៩.៤.៣.៤

អ្នកដឹកនាំ​តន្ត្រី និង​អ្នកលេង​ព្យាណូ​ក្នុង​អង្គការ​បឋមសិក្សា

សូមមើល ១២.៣.៤ ។

១៩.៤.៣.៥

អ្នកជំនាញ​ខាង​តន្រ្តី

គណៈប៊ីស្សព​អាច​ហៅ​អ្នកជំនាញ​ទាំងឡាយ ដើម្បី​ជួយ​បំពាក់បំប៉ន​ខាង​តន្ត្រី​នៅក្នុង​វួដ ( សូមមើល ១៩.៦) ។

១៩.៥

ថ្នាក់ដឹកនាំ​តន្ត្រី​ក្នុង​ស្តេក

១៩.៥.១

គណៈប្រធាន​ស្តេក

ប្រធាន​ស្តេក​មើល​ខុសត្រូវលើ​តន្ត្រី​ស្តេក ។ គាត់​អាច​ចាត់តាំង​ការ​ទទួល​ខុស​ត្រូវ​ដូច​តទៅ​នេះ​ទៅ​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់គាត់ ឬ​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ជាន់​ខ្ពស់ ៖

  • ហៅ និង​ញែក​សមាជិក​ចេញ​ដើម្បី​បម្រើ​នៅក្នុង​ការហៅ​ផ្នែក​តន្ត្រី ដូច​មាន​ពិពណ៌នា​នៅក្នុង ១៩.៥.២ និង ១៩.៥.៣ តាម​ដែល​ត្រូវការ ។

  • ប្រឹក្សា​ជាមួយ​នឹង​អ្នកសម្របសម្រួល​តន្ត្រី​ស្តេក ដើម្បី​រៀបចំ​ផែនការ​តន្ត្រី​សម្រាប់​សន្និសីទ​ស្តេក និង​ព្រឹត្តិការណ៍​ស្តេក​ដទៃ​ទៀត ( សូមមើល ១៩.៣.១, ១៩.៣.៤ និង ១៩.៣.៧.២ ) ។

  • បង្រៀន​អំពី​សារៈសំខាន់​នៃ​ការថ្វាយបង្គំ​តាមរយៈ​តន្ត្រី​នៅក្នុង​ការប្រជុំ ។ លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​ច្រៀង​ជា​ក្រុម​ជំនុំ ។ លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ប្រើ​តន្ដ្រី​ដែល​លើកស្ទួយ​ប្រចាំ​ថ្ងៃ​នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ( សូមមើល ១៩.២ ) ។

  • សម្រេចចិត្ត​ថា​នៅពេល​ណា​ដែល​ឧបករណ៍ ក្រៅពី​ព្យាណូ និង​ព្យាណូ​ខ្យល់ ត្រូវបាន​បាន​ប្រើប្រាស់​នៅក្នុង​ការប្រជុំ​ស្តេក ( សូមមើល ១៩.៣.៦ ) ។

១៩.៥.២

អ្នកសម្របសម្រួល​តន្រ្តី​ស្តេក

នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ស្តេក អ្នកសម្រប​សម្រួល​តន្រ្តី​ស្តេក​មាន​ការទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • បម្រើ​ជា​ធនធាន​មួយ​ដល់​គណៈប្រធាន​ស្តេក និង​ថ្នាក់ដឹកនាំ​ស្តេក​ដទៃ​ទៀត​លើ​បញ្ហា​តន្រ្តី ។

  • ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​ស្តេក ដើម្បី​រៀបចំ​ផែនការ​តន្ត្រី​សម្រាប់​សន្និសីទ​ស្តេក និង​ព្រឹត្តិការណ៍​ស្តេក​ដទៃ​ទៀត ( សូមមើល ១៩.៣.១, ១៩.៣.៤ និង ១៩.៣.៧.២ ) ។

  • ផ្តល់​អនុសាសន៍ និង​គ្រប់គ្រង​ការបំពាក់​បំប៉ន​ខាង​តន្រ្តី​នៅក្នុង​ស្តេក ( សូម​មើល ១៩.៦ ) ។

  • ពេល​ត្រូវបាន​សំណូមពរ​ពី​គណៈប្រធាន​ស្តេក សូម​ណែនាំ​សមាជិក​ដើម្បី​បំពេញ​ការហៅ​ខាង​តន្ត្រី​នៅក្នុង​ស្តេក ។ ណែនាំ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​បម្រើ​នៅ​ក្នុង​ការហៅ​ទាំងនេះ ។ ផ្ដល់​ការគាំទ្រ ការបង្ហាត់​បង្រៀន និង​ការបំពាក់​បំប៉ន​តាម​ដែល​ចាំបាច់ ។

  • ផ្ដល់​ការបំពាក់បំប៉ន និង​ការគាំទ្រ​សម្រាប់​អ្នកសម្រប​សម្រួល​តន្ត្រី​វួដ តាម​ដែល​ត្រូវការ ។

  • បម្រើ​ជា​អ្នកដឹកនាំ​តន្ត្រី និង​អ្នកដឹកនាំ​ក្រុម​ចម្រៀង​នៅក្នុង​ការប្រជុំ​ស្តេក ប្រសិន​បើ​អ្នក​ផ្សេង​ទៀត​មិន​ត្រូវបាន​ហៅ​ទេ ។

១៩.៥.៣

រូបភាព
រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
អ្នកជំនាញ​ខាង​តន្រ្តី​ស្តេក

អ្នកជំនាញ​ខាង​តន្រ្តី​ស្តេក​អាច​ត្រូវបាន​ហៅ តាម​ដែល​ត្រូវការ ។ ពួកគាត់​អាច​រួម​បញ្ចូល អ្នកដឹកនាំ​ក្រុមចម្រៀង​ស្តេក អ្នកដឹកនាំ​តន្ត្រី​ស្តេក និង​អ្នកលេងភ្លេង​ស្តេក​បាន ។ អ្នកជំនាញ​ខាង​តន្រ្តី​ស្តេក​ក៏​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​ផ្ដល់​ការ​បំពាក់បំប៉ន​ខាង​តន្រ្តី​ផងដែរ ( សូមមើល ១៩.៦ ) ។

១៩.៦

ការបំពាក់​បំប៉ន និង​ធនធាន​ខាង​តន្រ្តី

ការ​រៀន​អំពី​ជំនាញ​តន្រ្តី​មូលដ្ឋាន​រៀបចំ​សមាជិក​ប្រើប្រាស់​ទេពកោសល្យ​របស់​ពួក​គេ ដើម្បី​បម្រើ​នៅ​ក្នុង​សាសនាចក្រ ។ ធនធាន​ទាំងឡាយ​ខាងក្រោម​នេះអាច​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​បម្រើ​ផ្នែក​តន្ត្រី ។ ពួកគេ​ក៏​អាច​ជួយ​ដល់​សមាជិក​ទាំងអស់ ដែល​ចាប់​អារម្មណ៍​លើ​ការអភិវឌ្ឍ​សមត្ថភាព​ខាង​តន្ត្រី​ផងដែរ ។

សម្ភារ​សម្រាប់​បំពាក់បំប៉ន​តន្ត្រី​មូលដ្ឋាន​មាន​នៅក្នុង​ផ្នែក « ការប្រើប្រាស់​ទំនុកតម្កើង » នៅក្នុង ទំនុកតម្កើង និង « ការប្រើប្រាស់​សៀវភៅ​ចម្រៀង » នៅក្នុង សៀវភៅ​ចម្រៀង​កុមារ ។

ធនធាន​ដូចខាងក្រោម​នេះ​ក៏​អាច​ជា​ប្រយោជន៍​ផងដែរ ៖

  • បណ្ណាល័យ​នៃ​ក្រដាស​ចម្រៀង និង​សំឡេង​តន្ត្រី​ដែល​ថតទុក​សម្រាប់​ប្រើប្រាស់​នៅផ្ទះ និង​នៅ​ព្រះវិហារ មាន​នៅក្នុង​កម្មវិធី Sacred Music និង​នៅលើ​គេហទំព័រ music.ChurchofJesusChrist.org ។ ការស្ដាប់​សំឡេង​ដែល​ថតទុក អាច​ជួយ​សមាជិក​ឲ្យ​កាន់តែ​ស្គាល់​ទំនុកតម្កើង ។

  • មុខងារ​លេងតន្ត្រី​នៅលើ​គេហទំព័រ ChurchofJesusChrist.org អាច​ជួយ​អស់​អ្នក​ដែល​ព្យាយាម​រៀន​តន្ត្រី​ថ្មីៗ ឬ​អភិវឌ្ឍ​ជំនាញ​តន្ត្រី ។

  • Basic Music Course អាច​ជួយ​សមាជិក​ឲ្យ​រៀន​ពី​របៀប​ដើម្បី​អាន និង​លេង​តន្ត្រី ។ វា​រួមមាន Conducting Course Kit និង Keyboard Course Kit ។ ធនធាន​ទាំងនេះ​អាច​រកទិញ​បាន​នៅលើ​គេហទំព័រ store.ChurchofJesusChrist.org ។

  • មូលនិធិ​អប់រំ​ផ្នែក​តន្ត្រី ត្រូវបាន​បង្កើត​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ ដើម្បី​ផ្ដល់​អ័ក សម្ភារ​បំពាក់បំប៉ន និង​ការណែនាំ​ដល់​សមាជិក ដែល​កំពុង​ព្យាយាម​អភិវឌ្ឍ​ជំនាញ​តន្ត្រី ។ សម្រាប់​ព័ត៌មាន​អំពី​មូលនិធិ​នេះ សូមមើល​គេហទំព័រ musicfund.ChurchofJesusChrist.org ។

អ្នកសម្របសម្រួល​តន្រ្តី​ស្តេក និង​វួដ​អាច​រៀបចំ​វគ្គ​បំពាក់​បំប៉ន​តន្ត្រី​មូលដ្ឋាន សម្រាប់​អ្នកដឹកនាំ​តន្ត្រី អ្នកដឹកនាំ​ក្រុមចម្រៀង និង​អ្នកលេង​ភ្លេង​បាន ។ អ្នក​ចូលរួម​អាច​រួមមាន​អស់​អ្នក​ដែល​កំពុង​បម្រើ​នៅក្នុង​ការហៅ​ខាង​តន្ត្រី និង​មជ្ឈិមវ័យ យុវវ័យ និង​កុមារ​ដែល​ចាប់​អារម្មណ៍​ដទៃ​ទៀត ។ អ្នកសម្របសម្រួល ឬ​អ្នកជំនាញ​ខាង​តន្ត្រី​អាច​បង្រៀន​វគ្គ​នោះ​បាន ។ អ្នកសម្របសម្រួល​តន្រ្តី​ក៏​អាច​ចេញ​អនុសាសន៍​អំពី​គ្រូ​បង្រៀន​ដែល​មាន​សមត្ថភាព ដើម្បី​ផ្តល់​ការបំពាក់​បំប៉ន​ផងដែរ ។

នៅពេល​ដែល​មាន​សមាជិក​គ្រប់គ្រាន់ នោះ​អ្នកសម្រប​សម្រួល​តន្ត្រី​អាច​ប្រឹក្សា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​បព្វជិតភាព ហើយ​ផ្ដល់​អនុសាសន៍​ក្នុង​ការបង្កើត​ជា​សិក្ខាសាលា​បំពាក់​បំប៉ន​ជា​ស្តេក ឬ​ពហុស្តេក ។ មិនមាន​គិត​ប្រាក់​កម្រៃ​សម្រាប់​ការ​បំពាក់បំប៉ន ដែល​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ឡើយ ។

១៩.៧

គោលនយោបាយ និង​គោលការណ៍​ណែនាំ​បន្ថែម

១៩.៧.១

ការទទួល​បាន និង​ការប្រើប្រាស់​តន្រ្តី

ការផ្គត់ផ្គង់​សៀវភៅ​ទំនុក​តម្កើង ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​កាន់​សាលា​ប្រជុំ​ថ្មី ។ សៀវភៅ​ទំនុកតម្កើង តន្រ្តី​របស់​ក្រុម​ចម្រៀង និង​តន្រ្តី​បន្ថែម​ដទៃ​ទៀត អាច​ជាវ​ដោយ​ប្រើ​មូលនិធិ​ថវិកា​ស្តេក ឬ​វួដ​បាន ។

១៩.៧.២

ការប្រើប្រាស់​ឧបករណ៍​របស់​សាលា​ប្រជុំ​ដើម្បី​ការហាត់ ការបង្រៀន​ជា​ឯកជន និង​ការសម្ដែង​តូចៗ

នៅពេល​គ្មាន​ជម្រើស​ផ្សេងទៀត​ដែល​សមហេតុ​សមផល នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​អាច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ព្យាណូ និង​ព្យាណូ​ខ្យល់​ក្នុង​សាលា​ប្រជុំ​សម្រាប់​ការហាត់សម ការបង្រៀន​ជាឯកជន​ដោយ​បង់​ថ្លៃ និង​ការសម្តែង​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​សមាជិក​នៃ​អង្គភាព ដែល​ប្រើ​ប្រាស់​សាលា​ប្រជុំ ។ ការអនុញ្ញាត​នេះ​គឺជា​ករណី​លើកលែង​មួយ ដូច​ដែល​បានពិពណ៌នា​នៅក្នុង ៣៥.៥.២.១ ។ គ្មាន​ការ​បង់​ថ្លៃ​លើការ​ចូល​មកសម្តែង​នោះ​ទេ ។

១៩.៧.៣

ក្រុមចម្រៀង​ក្នុង​សហគមន៍

ក្រុមចម្រៀង​ក្នុង​សហគមន៍​រយៈពេល​វែង​ដែល​ដឹកនាំ​ដោយ និង​មាន​សមាជិក​ភាគច្រើន​ជា​សមាជិក​សាសនាចក្រ មិនត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​នោះ​ទេ ។ ក្រុមចម្រៀង​ទាំងនេះ​មិន​គួរ​ប្រើ​ឈ្មោះ​របស់​សាសនាចក្រ​ភ្ជាប់​ទៅនឹង​ឈ្មោះ​របស់​ខ្លួន​ឡើយ ។

ប្រសិន​បើ​គណៈប្រធាន​ស្តេក​អនុម័ត ក្រុមចម្រៀង​ក្នុង​សហគមន៍​អាច​ប្រើប្រាស់​អគារ​សាសនាចក្រ​សម្រាប់​ការហាត់​សម និង​ការសម្ដែង​បាន ។ ពួកគេ​គួរតែ​ធ្វើតាម​បទដ្ឋាន និង​គោលនយោបាយ​របស់​សាសនាចក្រ​ដែល​ទាក់ទង​នឹង​សាលាប្រជុំ ( សូមមើល ៣៥.៥ ) ។