« មេរៀនទី ១៨១—សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ ការយកឈ្នះលើឧបសគ្គទាំងឡាយតាមរយៈព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៨១ ៖ ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន
ការយកឈ្នះលើឧបសគ្គទាំងឡាយតាមរយៈព្រះអម្ចាស់
បន្ថែមពីលើការប្រទានពរដល់យើងនូវការអភ័យទោស និងការព្យាបាលពីអំពើបាប ព្រះអង្គសង្រ្គោះអាចប្រទានពរដល់យើងក្នុងស្ថានភាពដូចជាសាលារៀន ការងារ និងទំនាក់ទំនងទាំងឡាយ ។ នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងយាងទ្រង់ឲ្យមកជួយយើងឲ្យកាន់តែមានភាពខ្លួនទីពឹងខ្លួនក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
សកម្មភាពរៀនសូត្រដែលអាចមាន
រើភ្នំ
សូមពិចារណាគូរភ្នំនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យគូរភ្នំស្រដៀងគ្នានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឲ្យពេញពាក់កណ្តាលនៃផ្នែកខាងលើនៃសន្លឹកទំព័រមួយ ។ សូមប្រាប់សិស្សឲ្យស្រមៃថា ភ្នំនៅចំកណ្តាលរវាងពួកគេ និងការស្ថាបនាភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាម ។ ( ប្រសិនបើសិស្សត្រូវការជំនួយក្នុងការយល់ដឹងអំពីអត្ថន័យនៃភាពខ្លួនទីពឹងខ្លួន សូមចែកចាយថាវាមាននូវអ្វីៗទាំងឡាយដូចជាការទទួលបានកម្លាំងខាងវិញ្ញាណផ្ទាល់ខ្លួន ការទទួលបានការអប់រំ និងរកប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ពួកគេ ) ។
នៅក្នុងភ្នំ សូមឲ្យពួកគេសរសេរឧបសគ្គមួយចំនួនដែលពួកគេកំពុងប្រឈមមុខដែលធ្វើឲ្យមានការលំបាកក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួននៅក្នុងផ្នែកផ្សេងៗនៃជីវិតរបស់ពួកគេ ។ ( ឧទាហរណ៏អាចរួមមានទាំងការខ្វះខាតឱកាសការងារ ការអប់រំ សុខភាព ឬតម្រូវការការគាំទ្រមកពីមនុស្សជាទីស្រឡាញ់ ) ។ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យសរសេរឧបសគ្គមួយចំនួនដែលពួកគេកំពុងប្រឈមមុខនៅក្នុងភ្នំដែលអ្នកបានគូរនៅលើក្ដារខៀន ។
-
តើពេលខ្លះឧបសគ្គទាំងឡាយនៅក្នុងជីវិតអាចមានអារម្មណ៍ដូចភ្នំយ៉ាងដូចម្ដេច ?
-
តើមនុស្សឆ្លើយតបនឹងបញ្ហាប្រឈមប្រភេទនេះដោយរបៀបខុសគ្នាអ្វីខ្លះ ?
អ្នកអាចអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេមានគម្រោងដោះស្រាយឧបសគ្គរបស់ពួកគេដើម្បីទទួលបានភាពខ្លួនទីពឹងខ្លួន ។ ពេញក្នុងមួយមេរៀន សូមអញ្ជើញពួកគេដើម្បីស្វែងរកប្រកបដោយការអធិស្ឋានអំពីរបៀបទទួលបានកម្លាំងមកពីព្រះអង្គសង្រ្គោះ ដើម្បីយកឈ្នះលើឧបសគ្គទាំងឡាយដែលពួកគេប្រឈមមុខ ។
ការយាងអញ្ជើញព្រះចេស្តារបស់ព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់យើង
ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ដំបូន្មានដូចខាងក្រោមទៅដល់អ្នកដែលប្រឈមមុខនឹងឧបសគ្គដ៏លំបាកក្នុងជីវិតរបស់ពួកគេ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមឲ្យបងប្អូនគ្រប់រូប … ចាប់ផ្ដើមថ្ងៃនេះដើម្បីបង្កើនសេចក្ដីជំនឿរបស់បងប្អូន ។ តាមរយៈសេចក្ដីជំនឿរបស់បងប្អូន នោះព្រះយេស៊ូវគ្រីស្ទនឹងបង្កើនសមត្ថភាពរបស់បងប្អូនឲ្យរើភ្នំក្នុងជីវិតរបស់បងប្អូនបាន ទោះជាឧបសគ្គផ្ទាល់ខ្លួនរបស់បងប្អូនធំប៉ុនភ្នំអេវើរ៉េសក្ដី ។
ភ្នំរបស់បងប្អូនអាចមានខុសៗគ្នា ប៉ុន្ដែចម្លើយចំពោះឧបសគ្គនីមួយៗរបស់បងប្អូនគឺ ត្រូវបង្កើនសេចក្ដីជំនឿរបស់បងប្អូន ។ ( រ័សុល អិម ណិលសុន « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០២–១០៣ )
-
តើអ្នកនឹងសង្ខេបអ្វីដែលប្រធាន ណិលសុន បានបង្រៀនយ៉ាងដូចម្ដេច ?
សិស្សអាចមានសេចក្ដីសង្ខេបនូវការយល់ដឹងផ្សេងៗ ។ សេចក្ដីពិតដ៏សំខាន់មួយគឺថា នៅពេលយើងបង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងបង្កើនសមត្ថភាពរបស់យើងដើម្បីយកឈ្នះលើឧបសគ្គទាំងឡាយ ។
-
តើការបង្រៀនទាំងនេះមកពីប្រធាន ណិលសុន អាចអនុវត្តចំពោះការខិតខំរបស់យើងដើម្បីទទួលបានភាពខ្លួនទីពឹងខ្លួនក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
សូមស្រមៃថាអ្នកមានមិត្តម្នាក់ដែលត្រូវការជំនួយបន្តិចដើម្បីជឿថាព្រះយេស៊ូវគ្រីស្ទពិតជានឹងជួយពួកគេចំពោះឧបសគ្គក្នុងជីវិតរបស់ពួកគេ ។ សូមស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលិទ្ធមួយមកពីសៀវភៅណាមួយនៃព្រះគម្ពីរដែលអាចជួយពួកគេឲ្យមានអារម្មណ៍ចំពោះបំណងប្រាថ្នា និងព្រះចេស្តារបស់ព្រះយេស៊ូវដើម្បីជួយ ។
វគ្គបទគម្ពីរចំណេះចំណានខាងគោលលិទ្ធដែលសិស្សាអាចរកឃើញរួមមាន ៖
-
សុភាសិត ៣:៥–៦ ៖ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត … នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។
-
ម៉ាថាយ ១១:២៨–៣០ ៖ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។
-
យ៉ាកុប ១:៥–៦ ៖ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ។
-
នីហ្វៃទី១ ៣:៧ ៖ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។
-
នីហ្វៃទី២ ២៨:៣០ ៖ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។
-
អេធើរ ១២:២៧ ៖ « បើសិនជាមនុស្សលោកមករកយើង … នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។
-
គោលលទ្ធិនិងសេចក្ដីសញ្ញា ៦:៣៦ ៖ « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។
-
តើអ្នកបានជ្រើសរើសវគ្គបទគម្ពីរអ្វី ? តើវគ្គបទគម្ពីរនោះអាចជួយមិត្តរបស់អ្នកឲ្យយល់អំពីបំណងប្រាថ្នា និងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដើម្បីជួយពួកគេបានយ៉ាងដូចម្ដេច ?
-
តើអ្នកអាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះដើម្បីជួយមិត្តរបស់អ្នកឲ្យដឹងថា ព្រះយេស៊ូវមានឆន្ទៈ និងអាចជួយយើងបាន ?
សូមពិចារណាអញ្ជើញសិស្សឲ្យបង្កើតជួរឈរពីរនៅក្រោមភ្នំដែលនៅលើទំព័រសៀវភៅកំណត់ហេតុរបស់ពួកគេ ។ នៅផ្នែកខាងលើនៃជួរឈរមួយ ពួកគេអាចសរសេរថា « ចំណែករបស់ខ្ញុំក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួន » ។ នៅផ្នែកខាងលើនៃជួរឈរមួយផ្សេងទៀត ពួកគេអាចសរសេរថា « របៀបដែលព្រះអង្គសង្គ្រោះអាចប្រទានពរដល់ខ្ញុំ » ។
អ្នកអាចបង្ហាញ ឬចែកចាយច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ខាងក្រោមនេះបាន ។ សូមអញ្ជើញសិស្សឲ្យអានវាដោយស្វែងរកអ្វីដែលពួកគេអាចបន្ថែមទៅក្នុងជួរឈរទាំងពីរនេះ ។ សិស្សអាចធ្វើការជាលក្ខណៈបុគ្គល ជាដៃគូ ឬជាក្រុមតូចៗ ។
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ក្នុងគណៈប៊ីស្សពជាអធិបតីបានពន្យល់អំពីរបៀបដែលកិច្ចខិតខំប្រឹងប្រែង និងសេចក្តីជំនឿរបស់យើងនៅលើព្រះអម្ចាស់ធ្វើការជាមួយគ្នា ។
ចាប់តាំងពីដើមដំបូងមក ព្រះអម្ចាស់បានប្រទានការដឹកនាំដើម្បីជួយដល់រាស្ត្ររបស់ទ្រង់ឲ្យរៀបចំខ្លួនទាំងខាងវិញ្ញាណ និងខាងសាច់ឈាមទប់ទល់នឹងគ្រោះមហន្តរាយ និងការសាកល្បងទាំងឡាយ ដែលទ្រង់ដឹងថានឹងកើតមានដែលជាចំណែកនៃបទពិសោធន៍ជីវិតរមែងស្លាប់នេះ ។ គ្រោះមហន្តរាយទាំងនេះអាចនឹងជារឿងផ្ទាល់ខ្លួន ឬជាទូទៅនៅក្នុងធម្មជាតិ ប៉ុន្តែការណែនាំរបស់ព្រះអម្ចាស់នឹងផ្ដល់ការការពារ និងការគាំទ្រទៅតាមដែលយើងស្ដាប់ និងធ្វើតាមការទូន្មានរបស់ទ្រង់ ។ …
ព្រះអម្ចាស់ពុំរំពឹងឲ្យយើងធ្វើច្រើនជាងដែលយើងអាចធ្វើនោះទេ ប៉ុន្តែទ្រង់រំពឹងឲ្យយើងធ្វើអ្វីដែលយើងអាចធ្វើបាននៅពេលយើងអាចធ្វើវាបាននោះ ។ …
ការត្រៀមខ្លួនខាងសាច់ឈាម និងភាពខ្លួនទីពឹងខ្លួនមានន័យថា « គឺជាការជឿថាតាមរយៈព្រះគុណ ឬព្រះចេស្ដាដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាមដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង » ។ ( ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល « There Was Bread » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៤២-៤៣ ៤៤ )
សូមបែងចែកសិស្សទៅជាក្រុមៗ ដែលមានគ្នាពីរ ឬបីនាក់ ហើយបំពេញសកម្មភាព និងពិភាក្សាដូចខាងក្រោម ។ ឧទាហរណ៍ខ្លះៗដែលសិស្សរកឃើញអាចរួមមាន យ៉ូសែប ស្ម៊ីធ ត្រូវការចម្លើយដើម្បីទទួលបាននូវកម្លាំងខាងវិញ្ញាណបន្ថែមទៀត ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨-២០ ) និងបងរបស់ យ៉ារេឌ ដែលត្រូវការដើម្បីផ្គត់ផ្គង់នូវតម្រូវការដ៏ច្រើនរបស់គ្រួសាររបស់គាត់នៅពេលធ្វើដំណើរទៅកាន់ដែនដីសន្យា ( សូមមើល អេធើរ ២:១៨–៣:៦ ) ។
ក្នុងដំណើររឿងពីព្រះគម្ពីរ ឬប្រវត្តិសាសនាចក្រ សូមកំណត់រកនរណាម្នាក់ដែលបានប្រើទាំងការខិតខំរបស់ខ្លួន និងសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះឧបសគ្គទាំងឡាយដើម្បីការរីកចម្រើនរបស់ពួកគេ ។
-
តើពួកគេប្រឈមមុខនឹងឧបសគ្គអ្វីខ្លះ ?
-
តើពួកគេមានការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនអ្វីខ្លះដើម្បីយកឈ្នះលើឧបសគ្គនោះ ?
-
តើព្រះអម្ចាស់បានជួយពួកគេដោយសារសេចក្ដីជំនឿរបស់ពួកគេដោយរបៀបណា ?
នៅពេលសិស្សបានបញ្ចប់ការពិភាក្សាជាក្រុម សូមអញ្ជើញសមាជិកក្រុមនីមួយៗឲ្យសរសេរនៅលើក្ដារខៀននូវឈ្មោះរបស់បុគ្គលដែលយកចេញមកពីព្រះគម្ពីរ ឬប្រវត្តិសាសនាចក្រដែលពួកគេបានគិតនៅលើកំពូលភ្នំ ។
សូមពិភាក្សាអំពីសំណួរខាងក្រោមនេះជាមួយគ្នា ។
-
តើអ្នកបានរៀនអ្វីខ្លះមកពីមនុស្សទាំងនេះដែលអ្នកអាចអនុវត្តចំពោះការខិតខំរបស់អ្នកផ្ទាល់ ដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួនដោយមានជំនួយមកពីព្រះអង្គសង្គ្រោះ ?
តើការណ៍នេះអាចដំណើរការក្នុងជីវិតប្រចាំថ្ងៃយ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យយល់អំពីរបៀបដែលពួកគេអាចធ្វើនូវសកម្មភាពជាក់ស្តែងខណៈដែលពួកគេទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ដើម្បីប្រទានពរដល់ការខិតខំរបស់ពួកគេ ។ អ្នកអាចអញ្ជើញសិស្សឲ្យជ្រើសរើសស្ថានភាពមួយក្នុងចំណោមស្ថានភាពដូចខាងក្រោមនេះ ហើយគិតអំពីរបៀបដែលបុគ្គលនោះអាចអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅពេលដែលពួកគេធ្វើការដើម្បីក្លាយជាអ្នកមានភាពខ្លួនទីពឹងខ្លួនកាន់តែខ្លាំង ។
-
យុវជនម្នាក់ចង់បម្រើបេសកកម្ម និងទទួលបានការអប់រំ ប៉ុន្តែមិនមានលុយគ្រប់គ្រាន់ដើម្បីធ្វើការណ៍ណាមួយឡើយ ។
-
យុវនារីម្នាក់មានបញ្ហាសុខភាពដែលដាក់កម្រិតនាងពីការងារជាច្រើនដែលមានសម្រាប់អ្នកដទៃ ។
-
យុវជនម្នាក់មានបញ្ហានឹងការថប់បារម្ភធ្ងន់ធ្ងរ ។ ស្ថានភាពសង្គមរួមមានទាំងសាលារៀន និងការងាររបស់គាត់ គឺជាការលំបាកខ្លាំងណាស់សម្រាប់គាត់ ។
-
យុវនារីម្នាក់ចង់ទទួលបានជោគជ័យនៅសាលា ប៉ុន្តែមិនអាចរៀនបានល្អដូចមិត្ដរួមថ្នាក់ជាច្រើនរបស់នាងទេ ។ ជាលទ្ធផលនាងព្រួយបារម្ភថា នាងនឹងមិនត្រូវបានទទួលឲ្យទៅចូលរៀននៅសាកលវិទ្យាល័យជាកន្លែងដែលនាងសង្ឃឹមថានឹងសិក្សានោះទេ ។
សូមពិចារណាក្នុងការសួរសំណួរដូចខាងក្រោមដើម្បីជួយសិស្សឲ្យពិភាក្សាអំពីស្ថានភាពទាំងនេះ ៖
-
តើសកម្មភាពអ្វីដែលបុគ្គលម្នាក់នេះអាចនឹងធ្វើដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់ខ្លួនតាមរបៀបដែលអនុញ្ញាតឲ្យព្រះអម្ចាស់ជួយពួកគេបាន ?
-
តើពួកគេបានធ្វើអ្វីខ្លះដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
-
តើពួកគេអាចប្រឹក្សាយោបល់ជាមួយអ្នកណា ? តើការធ្វើបែបនេះអាចយាងអញ្ជើញជំនួយរបស់ព្រះអម្ចាស់ដោយរបៀបណា ?
បើសិស្សត្រូវការជំនួយក្នុងការឆ្លើយសំណួរចុងក្រោយ សូមពិចារណាថាអស់អ្នកដែលស្ថិតក្នុងសាច់រឿងអាចប្រឹក្សាជាមួយឪពុកម្ដាយ ថ្នាក់ដឹកនាំ និងអ្នកជំនាញបាន ។ លើសពីនេះទៅទៀត ពួកគេអាចប្រឹក្សាយោបល់ជាមួយព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋានអំពីរបៀបឆ្លើយតបយ៉ាងល្អបំផុតចំពោះស្ថានភាពរបស់ពួកគេ ។
យកទៅអនុវត្តចំពោះជីវិតរបស់អ្នក
អ្នកអាចអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបនៃការជ្រើសរើសអនុវត្តន៍សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ អាចមានឥទ្ធិពលដល់កាលៈទេសៈបច្ចុប្បន្ន និងអនាគតរបស់ពួកគេ ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យជញ្ជឹងគិត ហើយឆ្លើយសំណួរទាំងឡាយខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
-
តើចំណុចណាមួយនៅក្នុងជីវិតរបស់អ្នកដែលអ្នកចង់ឲ្យមានភាពខ្លួនទីពឹងខ្លួន ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីយកឈ្នះឧបសគ្គដែលអ្នកអាចប្រឈមមុខ ?
-
តើអ្នកអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា នៅពេលអ្នកស្វែងរកជំនួយដែលអ្នកត្រូវការនោះ ?