« មេរៀនទី ២០៩—ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ៖ យើងអាចឮព្រះសូរសៀងរបស់ព្រះអង្គសង្រ្គោះតាមរយៈប្រសាសន៍ថ្នាក់ដឹកនាំរបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៩ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
យើងអាចឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះតាមរយៈប្រសាសន៍ថ្នាក់ដឹកនាំរបស់ទ្រង់
នេះជាមេរៀនណែនាំសម្រាប់មេរៀនជាបន្តបន្ទាប់ ដែលនឹងត្រូវបានបង្រៀនពេញមួយឆ្នាំដោយប្រើសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។ មេរៀនទាំងនេះនឹងប្រើគំរូ « ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍អំពីសារៈសំខាន់នៃការសិក្សា និងការអនុវត្តសារលិខិតរបស់ព្រះអម្ចាស់ដែលបានប្រទានតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយបានរៀបចំខ្លួនដើម្បីចែកចាយសេចក្ដីថ្លែងការណ៍មួយមកពីអ្នកដឹកនាំសាសនាចក្រដែលមានអត្ថន័យចំពោះពួកគេ ហើយពន្យល់អំពីមូលហេតុ ។ សេចក្តីថ្លែងការណ៍នេះអាចមកពីសុន្ទរកថាសន្និសីទទូទៅ សារលិខិតចាក់ផ្សាយ ការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ្វីដែលស្រដៀងគ្នានេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពួកអ្នកបម្រើរបស់ព្រះអង្គសង្គ្រោះចែកចាយសារលិខិតមកពីទ្រង់
សូមបង្ហាញ រូបភាពបច្ចុប្បន្នរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលថ្នាក់ដឹកនាំទាំងនេះបានបង្រៀនថ្មីៗនេះ ។ សូមអញ្ជើញសិស្សឲ្យរាយបញ្ជីអំពីអ្វីមួយចំនួនដែលថ្នាក់ដឹកនាំសាសនាចក្រប្រើដើម្បីចែកចាយសារលិខិតរបស់ព្រះអម្ចាស់ជាមួយយើង ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមនេះជាមួយនឹងថ្នាក់រៀន ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
ប្រសិនបើមាននរណាម្នាក់សង្កេតមើលជីវិតរបស់អ្នក តើពួកគេនឹងមើលឃើញអ្វីខ្លះ ដែលបង្ហាញថា អ្នកបានដាក់ភាពសំខាន់លើប្រសាសន៍របស់អ្នកបម្រើរបស់ព្រះអម្ចាស់?
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧-៣៨ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបញ្ជាឲ្យយើងធ្វើតាមប្រសាសន៍របស់ពួកអ្នកបម្រើរបស់ទ្រង់ ។
-
តើអ្នកគិតថាអ្វីខ្លះដែលសំខាន់ក្នុងការចងចាំមកពីសេចក្តីថ្លែងការណ៍នេះ ?
-
តើអ្នកអាចរកឃើញសេចក្តីពិតអ្វីខ្លះ ?
សិស្សអាចរកឃើញសេចក្ដីពិតស្រដៀងគ្នាដូចទៅនឹងខាងក្រោម ៖ព្រះអម្ចាស់បញ្ជាយើងឲ្យស្វែងរកព្រះបន្ទូលដែលទ្រង់មានបន្ទូលមកកាន់យើងតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៧-៣៨ ) ។
-
តើអ្នកបានព្យាយាមស្វែងរកប្រសាសន៍របស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ជាផ្នែកមួយនៃការសិក្សាដំណឹងល្អទៀងទាត់របស់អ្នកយ៉ាងដូចម្ដេច ?
នៅទីបញ្ចប់នៃសន្និសីទទូទៅនៅខែមេសា ឆ្នាំ២០១៨ ប្រធាន រ័សុល អិម ណិលសុន បានដាក់ការអញ្ជើញដូចខាងក្រោមនេះ ។ ស្វែងរកមើលពាក្យ ឬឃ្លាដែលអាចជួយឲ្យនរណាម្នាក់យល់អំពីសារៈសំខាន់នៃការសិក្សាសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។
ខ្ញុំសូមដាស់តឿនដល់បងប្អូនឲ្យសិក្សាសារលិខិតសន្និសីទនេះឲ្យបានញឹកញាប់—សិក្សាឡើងវិញ—អំឡុងប្រាំមួយខែក្រោយ ។ សូមស្វែងរកវិធីប្រកបដោយប្រុងប្រយ័ត្នដើម្បីបញ្ចូលសារលិខិតទាំងនេះនៅក្នុងរាត្រីជួបជុំក្រុមគ្រួសាររបស់បងប្អូន ការបង្រៀនដំណឹងល្អរបស់បងប្អូន ការសន្ទនារបស់បងប្អូនជាមួយនឹងគ្រួសារ និងមិត្តភក្ដិ និងនៅក្នុងការពិភាក្សារបស់បងប្អូនជាមួយនឹងអ្នកដែលពុំមានជំនឿដូចយើង ។ មនុស្សល្អៗជាច្រើននឹងឆ្លើយតបចំពោះសេចក្ដីពិតដែលបានបង្រៀននៅក្នុងសន្និសីទនេះនៅពេលវាផ្ដល់ឲ្យដោយក្ដីស្រឡាញ់ ។ ហើយបំណងប្រាថ្នារបស់បងប្អូនដើម្បីគោរពប្រតិបត្ដិនឹងមានកាន់តែខ្លាំងនៅពេលបងប្អូនចងចាំហើយនឹកគិតអំពីអ្វីដែលបងប្អូនបានទទួលអារម្មណ៍កាលពីពីរថ្ងៃកន្លងទៅនេះ ។ ( រ័សុល អិម ណិលសុន « Let Us All Press On » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ១១៨ )
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យវាយតម្លៃខ្លួនឯងនូវកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ពួកគេ ដើម្បីសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ ។ ពួកគេអាចគិតអំពីចំនួនដែលពួកគេសិក្សា ឬស្តាប់សារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ និងរបៀបដែលគ្រួសាររបស់ពួកគេអាចសិក្សាសារលិខិតបែបនេះ ។ សិស្សអាចពិចារណាថាតើពួកគេចង់សង្កត់ធ្ងន់កាន់តែខ្លាំងទៅលើសារលិខិតសន្និសីទទូទៅធ្វើជាផ្នែកមួយនៃការសិក្សាដំណឹងល្អរបស់ពួកគេដែរឬអត់ ។
-
តើអ្នកដាក់បញ្ចូលការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រទៅក្នុងការសិក្សាដំណឹងល្អរបស់អ្នកដោយរបៀបណា ?
-
តើព្រះអម្ចាស់បានប្រទានពរដល់អ្នកដូចម្តេចខ្លះសម្រាប់ការធ្វើបែបនេះ ?
បង្កើនការសិក្សារបស់អ្នកកាន់តែស៊ីជម្រៅ
ផ្នែកបន្ទាប់នៃមេរៀននេះមានគោលបំណងផ្តល់ឱកាសដល់សិស្ស ដើម្បីអនុវត្តការសិក្សាសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រដោយប្រើគំនិតមកពីគំរូ « ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ។ ការណ៍នេះអាចរៀបចំសិស្សឲ្យសិក្សាសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងមេរៀននាពេលអនាគត ។
គំនិតខាងក្រោមនេះត្រូវបានកែសម្រួលចេញពីផ្នែកគំរូនៃ « ការសិក្សាសារលិខិត » និង « បង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ » ។ អ្នកអាចជ្រើសរើសគំនិតផ្សេងទៀតមកពីគំរូ ឬផ្ដល់ជម្រើសស្រដៀងគ្នាដែលអ្នកបង្កើត ។
ជ្រើសរើសសារលិខិតមួយក្នុងចំណោមខាងក្រោមនេះដើម្បីជួយអ្នកអនុវត្តការសិក្សាសារលិខិតមួយមកពីអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ៖
-
សូមសរសេរពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅពាក់កណ្តាលទំព័រនៃសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ ពេលអ្នកសិក្សាសុន្ទរកថា សូមស្វែងរកពាក្យ ឬឃ្លាដែលបង្រៀនអំពីបុគ្គលិកលក្ខណៈ គុណលក្ខណៈ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរអ្វីដែលអ្នករៀន និងទទួលបានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក និងរបៀបដែលការណ៍នេះអាចជួយអ្នកឲ្យធ្វើតាមទ្រង់ ។
-
កំណត់នូវបទគម្ពីរដែលបានលើកឡើងនៅក្នុងសុន្ទរកថា ( ឬនៅក្នុងកំណត់ចំណាំ ) ។ អានខគម្ពីរទាំងឡាយ ហើយកត់សម្គាល់អំពីអ្វីដែលខគម្ពីរទាំងនោះបង្រៀន ឬជួយអ្នកឲ្យយល់អំពីប្រធានបទនេះ ។ អ្នកអាចបង្កើតតំណរវាងខគម្ពីរនោះ និងសុន្ទរកថានៅក្នុងបណ្ណាល័យដំណឹងល្អរបស់អ្នក ឬធ្វើកំណត់ចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
ដោយប្រើអ្វីដែលអ្នកបានរៀននៅក្នុងសុន្ទរកថា សូមបង្កើតរូបភាព គំនូរ ប័ណ្ណប្រកាស meme ការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ្វីដែលស្រដៀងគ្នានេះដែលអាចជាការរំឭក ឬបំផុសគំនិតដល់នរណាម្នាក់ ។ សូមរៀបចំចែកចាយនូវអ្វីដែលអ្នកបានបង្កើត ពន្យល់សារលិខិតនោះ និងរបៀបដែលវាអាចប្រទានពរ ឬបំផុសគំនិតដល់អ្នកដទៃ ។
ដើម្បីជួយសិស្សឲ្យអនុវត្តការសិក្សាសារលិខិតមួយមកពីថ្នាក់ដឹកនាំសាសនាចក្រ សូមផ្ដល់នូវការពិភាក្សាមួយផ្នែក ឬទាំងមូលមកពីអត្ថបទមួយនៅក្នុង សន្និសីទទូទៅ អត្ថបទនៅក្នុងទស្សនាវដ្តី លីអាហូណា ឬ ដើម្បីកម្លាំងនៃយុវជន ឬការប្រជុំធម្មនិដ្ឋាន និងការផ្សាយទាំងឡាយរបស់សាសនាចក្រ ។ សូមផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់សិស្សដើម្បីសិក្សា ដោយប្រើគំនិតដែលពួកគេបានជ្រើសរើសខាងលើ ។
អ្នកអាចដើរជុំវិញថ្នាក់រៀន ហើយជួយលើកទឹកចិត្តសិស្សនៅពេលពួកគេអនុវត្ត ។ បន្ទាប់ពីសកម្មភាពនេះ អ្នកអាចរៀបចំសិស្សឲ្យទៅជាក្រុមតូចៗដើម្បីចែកចាយគំនិតដែលពួកគេបានជ្រើសរើស ជំនាញដែលពួកគេបានអនុវត្ត និងគំនិត និងអារម្មណ៍ដែលពួកគេមាននៅពេលពួកគេសិក្សា ។
បើមានពេលវេលាគ្រប់គ្រាន់ អ្នកអាចអញ្ជើញសិស្សឲ្យអនុវត្តជំនាញផ្សេងទៀតចេញពីគំរូដោយប្រើសារលិខិត ឬសុន្ទរកថាដដែលនោះ ។
សារៈសំខាន់នៃការសិក្សាប្រសាសន៍របស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
សូមអញ្ជើញសិស្សឲ្យជ្រើសរើសសំណួរមួយក្នុងចំណោមសំណួរទាំងឡាយខាងក្រោមដើម្បីពិភាក្សា ឬឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀនអ្វីខ្លះ ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះដែលបានជួយអ្នកឲ្យមានអារម្មណ៍អំពីសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលបានផ្តល់ឲ្យតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ?
-
តើអ្នកចង់ចងចាំអ្វីខ្លះនៅពេលដែលអ្នកបន្តសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ?
-
តើអ្នកអាចទទួលបានប្រយោជន៍យ៉ាងណាចេញពីការសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រជាផ្នែកមួយនៃការសិក្សាដំណឹងល្អទៀងទាត់របស់អ្នក ?
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យរៀបចំផែនការអំពីរបៀបដែលពួកគេនឹងសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ដែលជាផ្នែកមួយនៃការសិក្សាដំណឹងល្អទៀងទាត់របស់ពួកគេ ។ អ្នកអាចចែកចាយបទពិសោធន៍មួយដែលអ្នកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ នៅពេលដែលអ្នកបានសិក្សាសារលិខិតរបស់ថ្នាក់ដឹកនាំរបស់ទ្រង់ ។