« មេរៀនទី ១៥២—គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ ផ្នែកទី ១ ៖ ការនិមិត្តពីព្រះអង្គសង្រ្គោះយាងទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ផ្នែកទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ផ្នែកទី ១
ការនិមិត្តពីព្រះអង្គសង្រ្គោះយាងទៅស្ថានឃុំព្រលឹងមនុស្សស្លាប់
ដោយសោកស្ដាយចំពោះការស្លាប់របស់សមាជិកគ្រួសារជាទីស្រឡាញ់ និងសេចក្តីសោកសៅដ៏ធំដែលបណ្ដាលមកពីសង្គ្រាមលោកលើកទី ១ និងការរាតត្បាតនៃជំងឺផ្ដាសាយធំជាសាកល ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានស្វែងរកការលួងលោមនៅក្នុងបទគម្ពីរ ។ នៅពេលលោកគិតពិចារណាអំពីវគ្គបទគម្ពីរមកពី ពេត្រុស ទី១ ៣–៤ លោកបានទទួលការនិមិត្តដ៏រុងរឿងនៃកិច្ចខិតខំប្រឹងប្រែងធ្វើការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅស្ថានឃុំព្រលឹងមនុស្សស្លាប់រវាងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ការនិមិត្តរបស់ប្រធាន ស្ម៊ីធ ឥឡូវនេះគឺជា គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ ។ មេរៀននេះអាចជួយសិស្សយល់ពីរបៀបដែលព្រះអង្គសង្គ្រោះប្រទានសេចក្ដីសង្គ្រោះដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើយើងទៅណានៅពេលយើងស្លាប់ទៅ ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីសាច់រឿងខាងក្រោមនេះ ឬបង្កើតសាច់រឿងមួយដែលត្រូវនឹងតម្រូវការរបស់ពួកគេ ។ គោលបំណងនៃសាច់រឿងនេះគឺដើម្បីជួយសិស្សឲ្យវាយតម្លៃនូវអ្វីដែលពួកគេដឹងអំពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ។ សិស្សអាចចែកចាយអ្វីដែលពួកគេយល់ថាកើតឡើងចំពោះអស់អ្នកដែលបានទទួល និងអស់អ្នកដែលមិនបានទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីពិធីបុណ្យសពលោកយាយ រ៉ូប៊ឺតស៍ របស់នាង ជូលី ប្រាប់អ្នកថា លោកយាយ និងលោកតា រ៉ូប៊ឺតស៍ ទាំងពីររបស់នាងបានទទួលមរណភាព ដោយមិនបានជ្រមុជទឹកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះទេ ។ លោកយាយលោកតាផ្សេងទៀតរបស់នាង ( លោកយាយ និងលោកតា ចូនស៍ ) បានទទួលមរណភាពដោយស្មោះត្រង់ និងជាសមាជិកនៃសាសនាចក្រពេញមួយជីវិត ។ ជូលី សួរអ្នកថា « តើនឹងមានអ្វីកើតឡើងចំពោះលោកយាយលោកតារបស់ខ្ញុំដែលមិនបានទទួលបុណ្យជ្រមុជទឹក ? »
សូមគិតពិចារណាពីអ្វីដែលអ្នកដឹងអំពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
-
តើអ្នកនឹងមានទំនុកចិត្តចង់ចែកចាយសេចក្ដីពិតអំពីស្ថានឃុំព្រលឹងមនុស្សស្លាប់ជាមួយ ជូលី កម្រិតណា ?
សូមរំឭកសិស្សថា តួនាទីមួយនៃព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ។ សូមអញ្ជើញពួកគេឲ្យត្រៀមចិត្តស្ដាប់ចំពោះសាក្សីនៃព្រះវិញ្ញាណអំពីសេចក្ដីពិតទាក់ទងនឹងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ដែលពួកគេនឹងសិក្សានៅថ្ងៃនេះ ។
ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់
ដើម្បីផ្ដល់បរិបទជាប្រវត្តិសាស្ត្រចំពោះ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ សូមចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមនេះមកពីប្រធាន បាឡឺដ ឬសង្ខេប Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ៣ Boldly, Nobly and Independent ឆ្នាំ១៨៩៣–១៩៥៥ [ ឆ្នាំ២០១៨ ] ទំព័រ ១៩៦–២០៧ ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលជាចៅទួតរបស់ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានចែកចាយរឿងដូចតទៅនេះ អំពីការនិមិត្តដែលឥឡូវនេះមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ។
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១៨ ដោយមានបទពិសោធន៍នៃទុក្ខព្រួយដ៏ខ្លាំងទៅលើមនុស្សរាប់លាននាក់ដែលបានស្លាប់នៅក្នុងពិភពលោកដោយសារសង្គ្រាម និងជំងឺ ព្រមទាំងមរណភាពរបស់សមាជិកគ្រួសារលោកផ្ទាល់ នោះប្រធាន ស្ម៊ីធ បានទទួលវិវរណៈពីសួគ៌ាដែលត្រូវបានស្គាល់ថា « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » ។ …
វិវរណៈដែលលោកបានទទួលនៅថ្ងៃទី៣ ខែតុលា បានលួងលោមចិត្តលោក ហើយផ្តល់ចម្លើយដល់សំណួរជាច្រើនរបស់លោក ។ យើងក៏អាចទទួលបានការលួងលោម ហើយរៀនកាន់តែច្រើនអំពីអនាគតផ្ទាល់របស់យើងផងដែរ ពេលយើង និងមនុស្សជាទីស្រឡាញ់របស់យើងស្លាប់ ហើយទៅពិភពវិញ្ញាណ តាមរយៈការសិក្សាវិវរណៈនេះ ហើយពិចារណាអំពីសារៈសំខាន់របស់វានៅក្នុងរបៀបដែលយើងរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ( អិម រ័សុល បាឡឺដ « The Vision of the Redemption of the Dead » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៧២–៧៣ )
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១–៤ ដោយរកមើលសេចក្ដីពិតដែលប្រធាន ស្ម៊ីធ បានជញ្ជឹងគិតពេលលោកបានទទួលវិវរណៈនេះ ។
-
តើអ្នកមានចំណាប់អារម្មណ៍អ្វីខ្លះទៅលើអ្វីដែលប្រធាន ស្ម៊ីធ បានជញ្ជឹងគិតនៅពេលលោកសិក្សា ?
-
តើប្រធាន ស្ម៊ីធ បានដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ?
សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតដូចតទៅនេះ ៖ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងដោយការគោរពប្រតិបត្តិតាមគោលការណ៍នៃដំណឹងល្អរបស់ទ្រង់ បុត្រាបុត្រីម្នាក់ៗរបស់ព្រះវរបិតាសួគ៌អាចទទួលបានការសង្គ្រោះ ។
អ្នកអាចសង្ខេប គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥–១០ ដោយចែកចាយថា ប្រធាន ស្ម៊ីធ បានបើកទៅ ពេត្រុស ទី១ ៣–៤ ពេលលោកបានជញ្ជឹងគិតអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ ដែលបានសន្យាតាមរយៈពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចចង្អុលបង្ហាញថា ពេត្រុស ទី១ ៤:៦ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
-
តើអ្នកដឹងអ្វីខ្លះអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទធ្វើឲ្យកើតមានសេចក្ដីសង្គ្រោះដល់បុត្រាបុត្រីគ្រប់រូបរបស់ព្រះវរបិតាសួគ៌ ?
ការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់
នៅពេលសិស្សសិក្សាពីការនិមិត្តនេះ វាអាចនឹងមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ប្រធាន ស្ម៊ីធ បានឃើញព្រះអង្គសង្គ្រោះយាងទៅស្ថានឃុំព្រលឹងមនុស្សស្លាប់នៅចន្លោះពេលនៃការសុគតរបស់ទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។
សូមរំឭកសិស្សថា ស្ថានឃុំព្រលឹងមនុស្សស្លាប់មានបែងចែកជាស្ថានបរមសុខ និងស្ថានឃុំឃាំង ។ ប្រសិនបើចាំបាច់ អ្នកអាចពន្យល់ថា ស្ថានឃុំឃាំង នៅក្នុងបរិបទនេះ សំដៅទៅលើកន្លែងបណ្តោះអាសន្ននៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់សម្រាប់អ្នកដែលបានស្លាប់ដោយគ្មានចំណេះដឹងអំពីសេចក្ដីពិត ( ជាជាងគុក ឬបន្ទប់ឃុំឃាំង ) ។ ពួកវិញ្ញាណនៅក្នុងស្ថានឃុំឃាំងនេះក៏ជាអ្នកដែលខ្វះការគោរពប្រតិបត្តិនៅក្នុងជីវិតរមែងស្លាប់ដែរ ( សូមមើលប្រធានបទ និងសំណួរ « ស្ថាននរក » topics.ChurchofJesusChrist.org ) ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមមកពីប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ អំពីកិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
កិច្ចការនៃសេចក្ដីសង្គ្រោះនៅក្នុងពិភពវិញ្ញាណ រួមមានការដោះលែងវិញ្ញាណពីអ្វីដែលព្រះគម្ពីរពិពណ៌នាជាញឹកញាប់ថាជា « សេវកភាព » ។ វិញ្ញាណទាំងអស់ក្នុងពិភពវិញ្ញាណគឺស្ថិតនៅក្នុងទម្រង់ខ្លះនៃសេវកភាព ។ ( ដាល្លិន អេក អូក « Trust in the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ២៦ )
នៅពេលអ្នកសិក្សាការនិមិត្តដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ សូមរកមើលរបៀបដែលបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ស្ថិតនៅក្នុងទាសភាព និងរបៀបដែលព្រះអង្គសង្គ្រោះ និងពលិកម្មធួនរបស់ទ្រង់បានដោះលែងពួកគេ ។
របៀបមួយក្នុងការរៀបចំថ្នាក់គឺរៀបចំសិស្សជាក្រុមដែលមានគ្នាបីនាក់ ។ សូមអញ្ជើញសិស្សឲ្យសិក្សាផ្នែកមួយក្នុងចំណោមផ្នែកទាំងបីខាងក្រោម ។ បន្ទាប់ពីពេលវេលាដើម្បីពិភាក្សាសំណួរដែលបានផ្តល់ឲ្យរួចហើយ សិស្សអាចចែកចាយអ្វីដែលពួកគេបានរៀនជាមួយសិស្សផ្សេងទៀតនៅក្នុងក្រុមរបស់ពួកគេដែលបានសិក្សាផ្នែកផ្សេង ។
សូមលើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀន ។ សម្រាប់ការបំពាក់បំប៉នអំពីរបៀបធ្វើកិច្ចការនេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀន » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម ។ សូមពិចារណាអនុវត្តជំនាញ« អញ្ជើញសិស្សឲ្យចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេកំពុងរៀន » ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើពួកវិញ្ញាណឆ្លើយតបនឹងដំណឹងល្អរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរមែងស្លាប់ដោយរបៀបណា ?
-
តើវិញ្ញាណទាំងនេះស្ថិតក្នុងទាសភាពបែបណា ? តើព្រះអង្គសង្រ្គោះបានរំដោះពួកគេដោយរបៀបណា ?
-
តើព្រះអង្គសង្គ្រោះផ្តល់ឱកាសអ្វីខ្លះដល់វិញ្ញាណនៅក្នុងស្ថានបរមសុខ ? ក្នុងស្ថានឃុំឃាំង ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយព្រះអង្គសង្គ្រោះនៅក្នុងកិច្ចការរបស់ទ្រង់ ?
-
ព្រះអង្គសង្គ្រោះដោះលែងពួកវិញ្ញាណនៅស្ថានបរមសុខ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:១១–១៩, ២៣–២៤, ៥០–៥២ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានរំដោះវិញ្ញាណដែលនៅស្ថានបរមសុខខាងវិញ្ញាណ ។
-
ព្រះអង្គសង្គ្រោះបានរំដោះវិញ្ញាណដែលជាប់ឃុំឃាំង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:២០–២២, ២៩–៣៧, ៥៧–៥៩ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានរំដោះវិញ្ញាណដែលនៅស្ថានឃុំវិញ្ញាណ ។
-
ព្រះអង្គសង្គ្រោះរៀបចំការផ្សាយដំណឹងល្អនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៣០–៣៧, ៥៧–៥៩ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានរៀបចំការផ្សាយដំណឹងល្អដល់វិញ្ញណដែលនៅស្ថានឃុំវិញ្ញាណ ។
បង្ហាញការយល់ដឹង
ដើម្បីជួយសិស្សបង្ហាញការយល់ដឹងរបស់ពួកគេពី គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ សិស្សអាចសម្តែងពីសាច់រឿងនៅពេលចាប់ផ្ដើមថ្នាក់ ។ សិស្សអាចឆ្លាស់វេនដើរតួជា ជូលី ហើយអនុវត្តរបៀបឆ្លើយសំណួររបស់នាងសម្រាប់គូលោកយាយលោកតានីមួយៗរបស់នាង ។ បន្ទាប់ពីសិស្សមានពេលអនុវត្តហើយ ពួកគេអាចចែកចាយជាមួយថ្នាក់នូវអារម្មណ៍របស់ពួកគេ និងរបៀបដែលការបង្រៀនទាំងនេះអនុវត្តចំពោះពួកគេ ។
អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសង្គ្រោះដែលទ្រង់ទាំងទ្វេប្រទានដល់អ្នកដែលរស់នៅ និងអ្នកបានស្លាប់ទៅ ។