« មេរៀនទី ១២៦—គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២ ៖ ‹ ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១១២ »សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១១១–១១៤
គោលលទ្ធិ និងសេចក្តីសញ្ញា ១១២
« ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក »
ការបន្ទាបខ្លួនរបស់ព្រះយេស៊ូវគ្រីស្ទ បានជួយទ្រង់ឲ្យយល់ និងបំពេញព្រះរាជបំណងរបស់ព្រះវរបិតាទ្រង់នៅពេញទាំងការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ( សូមមើល យ៉ូហាន ៥:៣០ ) ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២ ព្រះអង្គសង្គ្រោះបានបង្រៀន ថូម៉ាស ប៊ី ម៉ាស ថា ភាពរាបសាអាចជួយយើងឲ្យទទួលបានការណែនាំពីព្រះវរបិតាសួគ៌របស់យើង ។ គោលបំណងនៃមេរៀននេះ គឺដើម្បីជួយសិស្សឲ្យស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ដោយរាបសា ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្វែងរកការណែនាំដ៏ទេវភាព
ដើម្បីរៀបចំសិស្សឲ្យរៀនអំពីការទទួលបានការណែនាំពីព្រះវរបិតាសួគ៌អ្នកអាចបង្ហាញនូវសំណួរដូចខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យពិចារណាពីចម្លើយរបស់ពួកគេ ។ អ្នកក៏អាចឲ្យសិស្សជ្រើសរើសសំណួរមួយ ឬពីរដើម្បីឆ្លើយតបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេផងដែរ ។
-
តើអ្នកត្រូវការការណែនាំអ្វីខ្លះពីព្រះវរបិតាសួគ៌ក្នុងជីវិតរបស់អ្នក ?
-
តើអ្វីជួយអ្នកឲ្យទទួលការណែនាំពីព្រះវរបិតាសួគ៌ ?
-
តើពេលខ្លះមានអ្វីកើតឡើងក្នុងការទទួលបានការណែនាំពីព្រះវរបិតាសួគ៌ ?
នៅពេលយើងពិភាក្សាពីការបង្រៀនមួយរបស់ព្រះអង្គសង្គ្រោះអំពីការទទួលបានការណែនាំដ៏ទេវភាព សូមយកចិត្តទុកដាក់ទៅលើអ្វីដែលព្រះវិញ្ញាណបង្រៀនអ្នកអំពីរបៀបដែលអ្នកអាចបង្កើនសមត្ថភាពរបស់អ្នកដើម្បីឲ្យទ្រង់ដឹកនាំ ។
ភាពរាបទាបនាំទៅរកការណែនាំដ៏ទេវភាព
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្រើនអំពីបរិបទនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ១១២ និងមូលហេតុដែល ថូម៉ាស ប៊ី ម៉ាស កំពុងស្វែងរកការណែនាំពីព្រះអម្ចាស់ អ្នកអាចបង្ហាញព័ត៌មានដូចខាងក្រោមនេះ ហើយអញ្ជើញសិស្សម្នាក់ឲ្យអានវា ៖
នៅឆ្នាំ ១៨៣៧ ថូម៉ាស ប៊ី ម៉ាស បានបម្រើជាប្រធានក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ស្មារតីនៃការក្បត់សាសនា និងការស្វែងរកកំហុសបានកើតឡើងក្នុងចំណោមពួកបរិសុទ្ធខឺតឡង់ រួមទាំងសមាជិកខ្លះក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ផងដែរ ។ នៅខែមករា ឆ្នាំ ១៨៣៧ ថ្នាក់ដឹកនាំសាសនាចក្របានបង្កើតធនាគារមួយដែលមានឈ្មោះថា សង្គមសុវត្ថិភាពខឺតឡង់ ។ ការប្រឈមមុខនឹងឧបសគ្គជាច្រើន រួមទាំងវិបត្តិហិរញ្ញវត្ថុទូទាំងប្រទេស នៅទីបំផុតធនាគារនេះត្រូវបរាជ័យ ដោយបង្កើនការតវ៉ាប្រឆាំងនឹងព្យាការី យ៉ូសែប ស្ម៊ីធ កាន់តែខ្លាំង ។ ដោយព្រួយបារម្ភអំពីការបែកបាក់ទាំងនេះ ថូម៉ាស ប៊ី ម៉ាស បានចាកចេញពីផ្ទះរបស់គាត់នៅរដ្ឋមិសសួរី ហើយបានធ្វើដំណើរទៅកាន់ទីក្រុងខឺតឡង់ ដោយប្តេជ្ញាចិត្តដើម្បីជួបជាមួយពួកដប់ពីរនាក់ និងបង្ហាញការគាំទ្រដល់យ៉ូសែប ។ ទោះជាយ៉ាងណា នៅពេលដែលគាត់មកដល់ ប្រធាន ម៉ាស បានដឹងថា យ៉ូសែប បានបញ្ជូនសមាជិកពីររូបនៃពួកដប់ពីរនាក់ទៅបម្រើបេសកកម្មនៅប្រទេសអង់គ្លេស ។ ក្នុងនាមជាប្រធានកូរ៉ុម ប្រធាន ម៉ាស មានការអាក់អន់ចិត្ត ដែលយ៉ូសែបមិនបានស្វែងរកការប្រឹក្សាពីគាត់ជាមុន ។ ទោះជាយ៉ាងណា ថូម៉ាស ប៊ី ម៉ាស បានទៅជួបនឹង យ៉ូសែប ស្ម៊ីធ ដើម្បីស្វែងរកការណែនាំពីព្រះអម្ចាស់ ។
សូមសម្រេចចិត្តថា តើវិធីសាស្រ្តអំណានណាមួយនឹងជួយសិស្សរបស់អ្នកឲ្យសិក្សាខគម្ពីរខាងក្រោមបានល្អបំផុត ។ អ្នកអាចបែងចែកខគម្ពីរទាំងឡាយដល់សិស្សម្នាក់ៗ ឬក្រុមសិស្ស ។ ឬសិស្សជាច្រើនអាចស្ម័គ្រចិត្តអានក្រុមខគម្ពីរឲ្យឮៗនៅពេលសមាជិកថ្នាក់អានតាម ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១១២:២–៣, ១០, ១២–១៥, ២០–២២, ២៨, ៣៣–៣៤ ដោយរកមើលដំបូន្មានដែលព្រះអម្ចាស់បានប្រទានដល់ ថូម៉ាស ប៊ី ម៉ាស ដែលនឹងជួយគាត់ឲ្យទទួលបានការណែនាំពីព្រះអម្ចាស់ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នករកឃើញថាមានអត្ថន័យ ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចស្វែងយល់ពីខគម្ពីរទាំងនេះ ?
សិស្សអាចស្វែងរកគោលការណ៍ជាច្រើនពីការសិក្សារបស់ពួកគេ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធដើម្បីសួរសំណួរតាមដាន និងធ្វើឲ្យការយល់ដឹងរបស់សិស្សពីគោលការណ៍ទាំងឡាយដែលពួកគេស្វែងរកកាន់តែស៊ីជម្រៅ ។ ផ្នែកនៅសេសសល់នៃមេរៀននេះនឹងផ្ដោតលើសេចក្តីពិតដែលថា ប្រសិនបើយើងបន្ទាបខ្លួន នោះព្រះវរបិតាសួគ៌នឹងដឹកនាំយើង ហើយឆ្លើយការអធិស្ឋានរបស់យើង ( សូមមើល ខទី ១០ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីគោលការណ៍នេះ សូមពិចារណាចាត់សិស្សជាក្រុមដើម្បីពិភាក្សាអំពីសំណួរដូចខាងក្រោមនេះ ។ បន្ទាប់មក ពួកគេអាចអានសេចក្តីថ្លែងការណ៍របស់អែលឌើរ សូរ៉េស និងពិភាក្សាអំពីសំណួរដែលមានដូចខាងក្រោម ៖
-
តើបងប្អូនឲ្យនិយមន័យភាពរាបសាយ៉ាងដូចម្តេច ?
-
តើការគិតដោយភាពរាបសាជួយយើងឲ្យទទួលចម្លើយចំពោះការអធិស្ឋានរបស់យើងយ៉ាងដូចម្ដេច ?
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
បងប្អូនប្រុសស្រី ខ្ញុំជឿថាមានតែអ្នកដែលបន្ទាបខ្លួនទើបអាចស្គាល់ ហើយយល់ពីចម្លើយនៃព្រះអម្ចាស់ដល់ការអធិស្ឋានរបស់ខ្លួនបាន ។ ពួករាបសាគឺចុះចូល ទទួលស្គាល់ថាគេត្រូវពឹងផ្អែកព្រះប៉ុនណា ហើយចង់ធ្វើតាមព្រះឆន្ទៈទ្រង់ ។ ពួករាបសាគឺស្លូតបូត ហើយអាចមានឥទ្ធិពលលើមនុស្សដទៃទៀតឲ្យធ្វើដូចគ្នា ។ ព្រះសន្យាពួករាបសាថា ទ្រង់នឹងដឹកដៃគេដោយព្រះហស្ថទ្រង់ ។ ខ្ញុំជឿប្រាកដថាយើងនឹងចៀសពីការខកខាន និងទុក្ខសោកក្នុងជីវិតយើងបាន ដរាបណាយើងដើរដោយកាន់ព្រះហស្ដរបស់ព្រះអម្ចាស់ ។ ( អូលីសេស សូរ៉េស « Be Meek and Lowly of Heart » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០ )
-
តើអ្នកបានរកឃើញអ្វីផ្សេងទៀតដែលជួយធ្វើឲ្យការយល់ដឹងរបស់អ្នកអំពី ខទី ១០ កាន់តែស៊ីជម្រៅ ?
អ្នកអាចផ្ដល់ឱកាសដ៏ខ្លីមួយសម្រាប់ក្រុមមួយចំនួនដើម្បីចែកចាយនូវអ្វីដែលពួកគេបានរៀនពីការពិភាក្សារបស់ពួកគេ ។
វិធីដែលយើងអាចបន្ទាបខ្លួនក្នុងការអធិស្ឋានរបស់យើង
សូមគិតអំពីវិធីដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលយើងអាចបង្ហាញពីភាពរាបសានៅក្នុងការអធិស្ឋានរបស់យើង ។ សិស្សអាចសរសេរគំនិតមួយចំនួននៅលើក្ដារខៀន ។ ពួកគេក៏អាចសិក្សា និងពិភាក្សាអំពីគំនិតមួយចំនួនដូចខាងក្រោមនេះផងដែរ ។ សូមផ្ដល់ឱកាសឲ្យសិស្សចែកចាយអ្វីដែលព្រះវិញ្ញាណបង្រៀនពួកគេ ។
ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលយើងអាចបង្ហាញភាពរាបសានៅពេលយើងអធិស្ឋាន ៖
-
យើងអាចបង្ហាញការដឹងគុណ ( សូមមើលគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១៩:១៩–២០, ២៧–២៨ ) ។
-
យើងអាចទទួលស្គាល់នូវភាពទន់ខ្សោយរបស់យើង និងអំណាចរបស់ព្រះវរបិតាសួគ៌ ( សូមមើលគំរូរបស់បងប្រុសរបស់យ៉ារេឌ នៅក្នុង អេធើរ ៣:១–៦ ) ។
-
យើងអាចស្វែងរកការកែតម្រូវ ( សូមមើលវីដេអូ « How I #HearHim: Elder Neil L. Andersen » [ ២:៥១ ] ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org សូមមើលផងដែរ ហេព្រើរ ១២:៥–៩ ) ។
អ្នកក៏អាចអញ្ជើញសិស្សឲ្យគិតពីគ្រាដែលព្រះវរបិតាសួគ៌បានឆ្លើយតបទៅនឹងការអធិស្ឋានរបស់ពួកគេដើម្បីផ្ដល់ការណែនាំ និងការដឹកនាំដែលពួកគេត្រូវការផងដែរ ។ សិស្សដែលស្ម័គ្រចិត្តពីរបីនាក់អាចចែកចាយបទពិសោធន៍របស់ពួកគេបាន ។
ខាងក្រោមនេះ គឺមានគោលបំណងផ្តល់ឱកាសដល់សិស្សដើម្បីធ្វើផែនការស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ដោយរាបសា ៖
ស្ដាប់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធពេលដែលអ្នកឆ្លើយតបទៅនឹងសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកកំពុងស្វែងរកការណែនាំ ឬការដឹកនាំអ្វីខ្លះពីព្រះវរបិតាសួគ៌ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីស្វែងរកការណែនាំរបស់ទ្រង់ដោយរាបសា ?
សូមអញ្ជើញសិស្សឲ្យធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ដែលពួកគេទទួលបាន ។ អ្នកអាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយអំពីការទទួលបានការណែនាំពីព្រះវរបិតាសួគ៌ក្នុងជីវិតរបស់អ្នក ។