« មេរៀនទី ៨០—គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧ ៖ ទីបន្ទាល់នៃសេចក្ដីពិត » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧–៧០
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧
ទីបន្ទាល់នៃសេចក្ដីពិត
ថ្នាក់ដឹកនាំសាសនាចក្រជាច្រើនបានគាំទ្រការបោះពុម្ពវិវរណៈដែលព្យាការីយ៉ូសែប ស្ម៊ីធបានទទួល និងយល់ថា វិវរណៈទាំងនេះគឺបានមកពីព្រះ ។ អ្នកផ្សេងទៀតបានផ្តោតទៅលើភាពមិនល្អឥតខ្ចោះ ដែលពួកគេបានឃើញនៅក្នុងវិវរណៈនេះ ហើយជាលទ្ធផល ពួកគេមិនច្បាស់ថា វិវរណៈទាំងនេះគឺបានមកពីព្រះអម្ចាស់ឬអត់នោះទេ ។ មេរៀននេះអាចជួយបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះអម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្យាការី ហើយថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះបន្ទូលរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទីបន្ទាល់
សូមកំណត់វិធីមួយដើម្បីជួយសិស្សឲ្យគិតពីទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិតនៃដំណឹងល្អ ដែលទាក់ទងនឹងផែនការរបស់ព្រះវរបិតាសួគ៌ ។ ពួកគេអាចធ្វើសកម្មភាពខាងក្រោមនេះនៅលើក្ដារខៀន ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមគូររូបមួយនៅចំហៀងម្ខាងនៃក្ដារខៀន ។ នៅចំហៀងម្ខាងទៀត សូមសរសេរផ្នែកផ្សេងទៀតនៃផែនការរបស់ព្រះវរបិតាសួគ៌ ដែលមនុស្សម្នាក់ត្រូវតែទទួលបានទីបន្ទាល់ ។ អ្នកក៏អាចបង្ហាញរូបភាពនានាដែលតំណាងឲ្យផ្នែកផ្សេងៗនៃផែនការរបស់ព្រះវរបិតាសួគ៌បានផងដែរ ដូចជារូបភាពព្រះយេស៊ូវគ្រីស្ទ ព្យាការីបច្ចុប្បន្ន ឬព្រះគម្ពីរជាដើម ។ សូមជ្រើសរើសយកផ្នែកទាំងនេះពីរបី ហើយអញ្ជើញសិស្សឲ្យពិភាក្សាអំពីចំណុចខាងក្រោមនេះ ។
-
ហេតុអ្វីវាអាចមានប្រយោជន៍ ដើម្បីមានទីបន្ទាល់អំពីផ្នែកទាំងនេះនៃផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើមានឧបសគ្គណាខ្លះដែលអាចរារាំងផ្លូវដល់ការពង្រឹងទីបន្ទាល់នេះ ?
នៅពេលសិស្សចែកចាយ អ្នកអាចសរសេរឧបសគ្គនានានៅចន្លោះរូប និងបញ្ជីនៃអ្វីដែលយើងគួរតែស្វែងរកដើម្បីមានទីបន្ទាល់នៅក្នុងជីវិតរបស់យើង ។
បន្ទាប់ពីការពិភាក្សា អ្នកអាចអញ្ជើញសិស្សឲ្យគិតពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេ អំពីផ្នែកផ្សេងៗនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតនៅអំឡុងមេរៀននេះ ដែលអាចជួយពួកគេឲ្យទទួលបាន ឬពង្រឹងទីបន្ទាល់របស់ពួកគេ ។
របៀបទទួល និងពង្រឹងទីបន្ទាល់
ដើម្បីជួយសិស្សឲ្យយល់អំពីបរិបទនៃ កណ្ឌទី ៦៧ អ្នកអាចចែកចាយព័ត៌មានលម្អិតមួយចំនួនមកពីកថាខណ្ឌខាងក្រោមនេះ ។
នៅចុង ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ មានកម្រងវិវរណៈមួយមកពីព្រះអម្ចាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចទទួលបានច្បាប់ចម្លងវិវរណៈទាំងនេះ ។ ព្រះអម្ចាស់បានបើកសម្ដែងថា ពួកគេត្រូវបោះពុម្ពវិវរណៈទាំងនេះទៅជាគម្ពីរមួយ ។ ដូចជាព្រះគម្ពីរមរមនដែរ ព្រះគម្ពីរនៃព្រះបញ្ញត្តិ ( ដែលក្រោយមកបានបោះពុម្ពជាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ) ត្រូវមាននូវទីបន្ទាល់ទាំងឡាយមកពីសាក្សីទាំងឡាយ ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំសាសនាចក្រមួយចំនួនមានការស្ទាក់ស្ទើរក្នុងការថ្លែងទីបន្ទាល់ ពួកគេមានការព្រួយបារម្ភជាមួយការប្រើភាសាមួយចំនួន ហើយចង់កែលម្អវាឲ្យប្រសើរឡើង ។
សូមពិចារណាបន្ថែម « ភាសា » ទៅកាន់បញ្ជីឧបសគ្គនោះ ។ សូមសួរថា តើការណ៍ទាំងនេះអាចទាក់ទងទៅនឹងយុវវ័យនៅសព្វថ្ងៃនេះតាមរបៀបណាខ្លះ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧:១–៥ ហើយស្វែងរកអ្វីដែលព្រះអម្ចាស់បានចែកចាយជាមួយបុរសទាំងនេះ ។
-
តើអ្នកគិតថា ហេតុអ្វីពួកគេត្រូវស្តាប់ឮការណ៍នេះ ?
-
តើសេចក្តីពិតដំណឹងល្អអ្វីខ្លះ ដែលអ្នកអាចរកឃើញចេញពីខគម្ពីរទាំងនេះ ?
នៅពេលសិស្សចែកចាយ សូមជួយពួកគេឲ្យរកឃើញសេចក្ដីពិតដូចនេះ ៖ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮការអធិស្ឋានរបស់យើង ស្គាល់ដួងចិត្តរបស់យើង ហើយអាចប្រទានដល់យើងនូវទីបន្ទាល់អំពីសេចក្ដីពិតដែលយើងខិតខំស្វែងរក ។
-
តើអ្នកគិតថា ការណ៍នេះអាចជួយយើងបានយ៉ាងដូចម្ដេច នៅពេលយើងកំពុងស្វែងរក ឬកំពុងពិបាកទទួលបានទីបន្ទាល់នោះ ?
-
ហេតុអ្វីអ្នកគិតថា « សេចក្ដីខ្លាចនៅក្នុងចិត្ត [ យើង ] » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦១:៣ ) អាចរារាំងយើងមិនឲ្យទទួលបានពរជ័យ ?
-
នៅក្នុង ខទី ៥ តើព្រះអម្ចាស់បានទទួលស្គាល់អ្វីខ្លះអំពី យ៉ូសែប ស្ម៊ីធ ? ទោះជាព្យាការីមិនល្អឥតខ្ចោះ ឬប្រកបដោយវោហាសព្ទក្ដី ហេតុអ្វីវាអាចជារឿងមិនឈ្លាសវៃដើម្បីព្យាយាម « ថ្លែងបានប្រសើរជាងភាសារបស់លោក » ? ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦១:៥ ) ។
ការយកឈ្នះលើឧបសគ្គដោយមានជំនួយរបស់ព្រះអម្ចាស់
ព្រះអម្ចាស់ស្គាល់ចិត្តយើង ហើយអាចជួយយើងឲ្យយកឈ្នះលើឧបសគ្គនានាដែលរារាំងដល់ទីបន្ទាល់របស់យើងបាន ។ នៅក្នុងករណីនេះ ព្រះអម្ចាស់បានប្រទានឧបសគ្គមួយសម្រាប់ពួកអែលឌើរនៃសាសនាចក្ររបស់ទ្រង់ ដើម្បីជួយពួកគេឲ្យទទួលបាន « ទីបន្ទាល់មួយនៃសេចក្ដីពិត » ( ខទី ៤ ) អំពីវិវរណៈដែលបានទទួលដោយ យ៉ូសែប ស្ម៊ីធ ។
ប្រសិនបើសិស្សរបស់អ្នករីករាយនឹងឧបសគ្គមួយ នោះអ្នកអាចបង្ហាញសកម្មភាពខាងក្រោមនេះជាលំហាត់មួយ ។ សូមអញ្ជើញពួកគេឲ្យអានខគម្ពីរនេះដោយប្រុងប្រយ័ត្ន ហើយបន្ទាប់មកបិទព្រះគម្ពីររបស់ពួកគេ ហើយព្យាយាមឆ្លើយសំណួរខាងក្រោមនេះ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧:៦–៩ ដោយស្វែងរកព័ត៌មានលម្អិតអំពីការសាកល្បងរបស់ព្រះអម្ចាស់ ។
-
តើពួកគេត្រូវជ្រើសរើសវិវរណៈប្រភេទណា ? ( សូមមើល ខទី ៦ ) ។
-
តើពួកគេត្រូវជ្រើសរើសមនុស្សប្រភេទណា ? ( សូមមើល ខទី ៦ ) ។
-
តើបុគ្គលនេះត្រូវបានអញ្ជើញឲ្យសរសេរអ្វីខ្លះ ? ( សូមមើល ខទី ៧ ) ។
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេជោគជ័យ ? ( សូមមើល ខទី ៧ ) ។
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេបរាជ័យ ? ( សូមមើល ខទី ៨–៩ ) ។
ដើម្បីរកមើលអ្វីដែលបានកើតឡើងបន្ទាប់ទៀត អ្នកអាចបោះពុម្ព ឬបង្ហាញនូវទិដ្ឋភាពដែលបានគូរនេះ « ពាក្យសម្ដីរបស់ព្យាការីគឺពិត » មកពីទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន ច្បាប់ខែ មិថុនា ឆ្នាំ ២០២១ ហើយអញ្ជើញសិស្សឲ្យអានវា ។ ជាជម្រើស អ្នកអាចពន្យល់ថា វិលលាម ម៉័កខ្លេលិន ដែលជាគ្រូបង្រៀនអាយុ ២៥ ឆ្នាំ និងជាអ្នកប្រែចិត្តជឿថ្មីម្នាក់ក្នុងសាសនាចក្រ ត្រូវបានតែងតាំងជា « អ្នកមានប្រាជ្ញាបំផុត » ( ខទី ៦ ) នៃក្រុមនេះ ហើយបានទទួលយកការសាកល្បងរបស់ព្រះអម្ចាស់ ។ នៅពេលលោកបានបញ្ចប់ មនុស្សគ្រប់គ្នាបានទទួលស្គាល់ថា អ្វីដែលគាត់បានសរសេរ គឺមិនមែនមកពីព្រះអម្ចាស់នោះទេ ។
-
តើអ្នកគិតថា មេរៀនមួយចំនួនដែលបុរសទាំងនេះបានរៀនមកពីបទពិសោធន៍នេះមានអ្វីខ្លះ ?
នៅពេលសិស្សឆ្លើយ អ្នកអាចអញ្ជើញពួកគេឲ្យអាន ខទី ៩ ឡើងវិញ ។ អ្នកក៏អាចពន្យល់ផងដែរថា ពួកអែលឌើរជាច្រើននាក់បានចុះហត្ថលេខាលើឯកសារមួយ ដែលផ្តល់ជាទីបន្ទាល់ផ្លូវការរបស់ពួកគេ អំពីសេចក្ដីពិតពេញលេញនៃវិវរណៈនៅក្នុងព្រះគម្ពីរនៃព្រះបញ្ញត្តិ ។
-
តើបទពិសោធន៍នេះបង្ហាញថា ព្រះអម្ចាស់បានស្គាល់ពួកគេ និងអាចជួយដល់ទីបន្ទាល់របស់ពួកគេបានយ៉ាងដូចម្ដេច ?
ព្រះអម្ចាស់បានបន្តសន្យាអំពីបទពិសោធន៍ខាងវិញ្ញាណកាន់តែអស្ចារ្យជាងនេះទៅទៀត ចំពោះបុរសទាំងនេះបើសិនជាពួកគេនឹង « កម្ចាត់ខ្លួន [ ពួកគេ ] ចេញពីសេចក្ដីច្រណែន និងសេចក្ដីខ្លាច ហើយបន្ទាបខ្លួន [ ពួកគេ ] នៅចំពោះយើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៧:១០ ) ។
របៀបដែលសេចក្ដីពិតនេះអនុវត្តនៅសព្វថ្ងៃនេះ
សូមស្រមៃថា មាននរណាម្នាក់ដែលអ្នកស្គាល់កំពុងពុះពារក្នុងការជឿថា ព្រះអម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្យាការី ហើយថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
ប្រសិនបើសិស្សចង់បាន ពួកគេអាចបន្ថែមព័ត៌មានលម្អិតទៅលើសាច់រឿងនេះ ដោយការជ្រើសរើសឧបសគ្គមួយក្នុងចំណោមឧបសគ្គនានាដែលបានរាយនៅលើក្ដារខៀន ហើយស្នើថា បុគ្គលនោះត្រូវយកឈ្នះឧបសគ្គនេះដើម្បីទទួលបានទីបន្ទាល់ ។ បន្ទាប់មក អ្នកអាចចែកចាយ ឬបង្ហាញសេចក្ដីណែនាំខាងក្រោមនេះ ។
សូមគិតអំពីរបៀបដែលអ្នកអាចជួយបុគ្គលនេះបាន ដោយការធ្វើដូចខាងក្រោមនេះ ៖
-
សូមសរសេរអ្វីដែលអ្នកនឹងនិយាយ ដើម្បីជួយពួកគេឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮការអធិស្ឋានរបស់យើង ដឹងពីចិត្តរបស់យើង ហើយអាចប្រទានដល់យើងនូវទីបន្ទាល់មួយអំពីព្យាការី និងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ ប្រសិនបើអាចធ្វើទៅបាន អ្នកអាចចង់រួមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនណាមួយ ឬបទពិសោធន៍របស់មនុស្សដែលជិតដិតនឹងអ្នក ដែលថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះ ។
-
សូមប្រើព្រះគម្ពីរ ដំណើររឿងក្នុងព្រះគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីចែកចាយរឿងចំនួនដែលយើងអាចធ្វើបាន ដើម្បីបង្កើនទីបន្ទាល់របស់យើងអំពីព្យាការី និងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឧទាហរណ៍មួយចំនួនរួមមាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៧–៣៨; ២១:៤–៦; មរ៉ូណៃ ១០:៤–៥ ) ។ សូមចែកចាយពីរបៀបដែលព្រះអម្ចាស់អាចប្រទានពរជ័យដល់យើងដោយសារទង្វើទាំងនេះ ។
សូមអញ្ជើញសិស្សច្រើននាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀបចំត្រៀមទុក ។ សូមអរគុណសិស្សចំពោះការយល់ដឹង និងបទពិសោធន៍របស់ពួកគេ ។
សូមបញ្ចប់ដោយការអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេថា ព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការី ហើយថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺពិត ។ សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮការអធិស្ឋានរបស់ពួកគេ ដឹងពីចិត្តរបស់ពួកគេ និងអាចជួយពួកគេឲ្យទទួលបានទីបន្ទាល់ ។ សូមអញ្ជើញពួកគេឲ្យសរសេរការបំផុសគំនិតណាមួយ ដែលពួកគេបានទទួលពេញមួយមេរៀននេះ ។