« មេរៀនទី ៧១—គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៩ ៖ ‹ ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៩ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨–៥៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៩
« ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ »
ពួកបរិសុទ្ធជាច្រើនរួមទាំងក្រុមមកពីទីក្រុងខូលស្វិល រដ្ឋញូវយ៉ក បានមកដល់ទីក្រុងចាកសុន រដ្ឋមិសសួរី ។ ពួកគេមានបំណងប្រាថ្នាជួយព្រះអង្គសង្រ្គោះស្ថាបនាស៊ីយ៉ូនឡើង ប៉ុន្តែពួកគេមិនច្បាស់ថាត្រូវធ្វើអ្វីនោះទេ ។ ព្រះអម្ចាស់បានពន្យល់ថា ពួកគេត្រូវបានរំពឹងទុកថាឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីស្វែងរករបៀបដើម្បីជួយ និងបម្រើ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀបដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះអំពីការធ្វើការល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មួយថ្ងៃនៅក្នុងព្រះជន្មរបស់ព្រះគ្រីស្ទ
ពីមុនថ្នាក់ សូមពិចារណាសរសេរថា ពួកគេទៅចុះឡើងធ្វើការល្អ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យចែកចាយឈ្មោះនរណាម្នាក់ដែលពួកគេស្គាល់ថាមានជីវិតត្រូវនឹងការពិពណ៌នានោះ ។ អ្នកស្ម័គ្រចិត្តពីរបីនាក់អាចចែកចាយអំពីមូលហេតុ ដែលឃ្លានោះរំឭកពួកគេអំពីមនុស្សដែលពួកគេបានជ្រើសរើស ។
សូមប្រាប់សិស្សថា កិច្ចការ ១០ គឺជាកំណត់ត្រានៃការបង្រៀនរបស់ពេត្រុស នៅក្រុងសេសារា ។ សូមអញ្ជើញពួកគេឲ្យបើកទៅ កិច្ចការ ១០:៣៨ ដើម្បីដឹងថាតើឈ្មោះរបស់នរណាដែលពេត្រុសនឹងសរសេរនៅលើក្ដារខៀន ។
សូមស្រមៃថា តើវាអាចនឹងទៅជាយ៉ាងណា ប្រសិនបើព្រះយេស៊ូវបានប្រសូតក្នុងជំនាន់របស់យើង រស់នៅជិតខាងអ្នក ឬបានចូលរៀននៅសាលារបស់អ្នក ។
-
តើអ្នកស្រមៃថាទ្រង់ធ្វើអ្វីខ្លះដែលអាចត្រូវបានពិពណ៌នាថាជា « [ ការយាងចុះឡើង ] ធ្វើការល្អ ?
ដើម្បីជួយសិស្សឲ្យចង់ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ សូមពិចារណាផ្តល់ពេលវេលាដល់ពួកគេដើម្បីកត់ត្រាគំនិតរបស់ពួកគេ អំពីការបំផុសគំនិតខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមសាកល្បងស្រមៃថា តើវាអាចធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកចំណាយពេលថ្ងៃសៅរ៍ជាមួយព្រះយេស៊ូវ « [ យាងចុះឡើង ] ធ្វើការល្អ » ពេញមួយថ្ងៃនោះ ។ តើបទពិសោធន៍នេះអាចមានឥទ្ធិពលយ៉ាងណា ទៅលើរបៀបដែលអ្នកនឹងជ្រើសរើសចំណាយពេលវេលារបស់អ្នក សូម្បីតែនៅថ្ងៃដែលអ្នកមិននៅជាមួយទ្រង់ក្តី ?
ជ្រើសរើសធ្វើការល្អ
នៅពេលបានទទួល គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨ យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរខ្លះនៃសាសនាចក្រទើបបានមកដល់រដ្ឋមិសសួរី ។ ពួកលោកចង់បានការណែនាំអំពីរបៀបបង្កើតសាសនាចក្រ និងកសាងទីក្រុងស៊ីយ៉ូនក្នុងតំបន់ ។ ព្រះអង្គសង្គ្រោះបានបង្រៀនពួកលោកអំពីរបៀប ដែលពួកលោកអាចប្រើសិទ្ធិជ្រើសរើសរបស់ពួកលោកដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៦–២៩ ដើម្បីរៀនអំពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនពួកបរិសុទ្ធ អំពីការប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ពួកគេ ។ សរសេរពាក្យ និងឃ្លាដែលអ្នករកឃើញនៅក្នុងផ្នែកដែលត្រឹមត្រូវនៅក្នុងតារាងខាងក្រោម ។ ( កំណត់ចំណាំ ៖ « វាមិនត្រូវ » មានន័យថា វាមិនចាំបាច់ ឬវាមិនគួរឲ្យចង់បាន ) ។
សូមពិចារណាបង្ហាញតារាងខាងក្រោមនៅលើក្ដារខៀន ឬផ្តល់ច្បាប់ចម្លងផ្ទាល់ខ្លួនទៅដល់ពួកគេរៀងៗខ្លួន ។ វាអាចជួយសិស្សមួយចំនួនឲ្យចូលរួមធ្វើសកម្មភាពនេះកាន់តែច្រើន ប្រសិនបើពួកគេត្រូវបានអញ្ជើញឲ្យបំពេញវាជាមួយដៃគូ ។
ការប្រើប្រាស់សិទ្ធិជ្រើសរើសរបស់អ្នកដើម្បីប្រែក្លាយ …
|
កាន់តែដូចជាព្រះយេស៊ូវ |
មិនសូវដូចជាព្រះយេស៊ូវ |
|---|---|
នៅពេលសិស្សបានធ្វើរួចរាល់ហើយ សូមពិចារណាសួរសំណួរដែលជួយពួកគេឲ្យគិត និងយល់អំពីអត្ថន័យនៃឃ្លាដែលពួកគេបានរកឃើញ ។ ឧទាហរណ៍ ៖
-
តើអ្នកគិតថា ការ « ឧស្សាហ៍ចូលរួម » ឬការស្វែងរកយ៉ាងសកម្មដើម្បីធ្វើការល្អមានអត្ថន័យយ៉ាងណា ?
-
ហេតុអ្វីបានជាអ្នកគិតថា យើងគួរចៀសវាង « ការបង្ខំ » ឬ បង្ខិតបង្ខំឲ្យធ្វើការល្អ ?
-
ហេតុអ្វីបានជាអ្នកគិតថា ការជំរុញចិត្តរបស់យើងក្នុងការធ្វើល្អមានសារៈសំខាន់ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅក្នុងព្រះគម្ពីររបស់អ្នក ជាពាក្យសម្ដីផ្ទាល់របស់អ្នក សូមកត់ត្រាសេចក្ដីពិតមួយឬពីរ ដែលអ្នកអាចប្រាប់បានថាមានសារៈសំខាន់ចំពោះព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ។
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតដែលពួកគេបានកត់ត្រា ឬសរសេរវានៅលើក្ដារខៀន ។ សេចក្តីពិតមួយដែលពួកគេអាចបង្ហាញគឺថា ព្រះប្រទានរង្វាន់ដល់អស់អ្នកដែលព្យាយាមយ៉ាងសកម្មដើម្បីនាំមកនូវសេចក្ដីសុចរិត ។
អ្នកអាចចង់អញ្ជើញសិស្សឲ្យជញ្ជឹងគិត ឬកត់ត្រាថាតើពួកគេខិតខំស្វែងរកយ៉ាងសកម្មពីរបៀបដើម្បីបម្រើព្រះ និងអ្នកដទៃញឹកញាប់ប៉ុនណា ដោយមិនចាំបាច់ត្រូវប្រាប់ពីអ្វីដែលត្រូវធ្វើនោះឡើយ ។ សូមអញ្ជើញពួកគេឲ្យយកចិត្តទុកដាក់លើរបៀបដែលពួកគេអាចខិតខំប្រឹងប្រែងឧស្សាហ៍ចូលរួមក្នុងបុព្វហេតុល្អមួយ នៅពេលពួកគេបន្តការសិក្សា ។
-
តើគំរូអ្វីខ្លះដែលអ្នកអាចគិតចេញពីបទគម្ពីរដែលមាននរណាម្នាក់រស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ?
-
តើគំរូអ្វីខ្លះដែលព្រះអង្គសង្គ្រោះកត់សម្គាល់ពីឱកាសដើម្បីធ្វើការល្អ និងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ទ្រង់ដើម្បីធ្វើសកម្មភាព ?
អ្នកអាចពិចារណាបង្ហាញសិស្សនូវវីដេអូ « Jesus Christ Has Compassion and Heals the People » ( ៦:៣២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ វីដេអូនេះពិពណ៌នាអំពីព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញ ជ្រើសរើសចំណាយពេលបន្ថែមទៀតនៅជាមួយពួកសាសន៍នីហ្វៃ ដើម្បីបម្រើ និងព្យាបាលពួកគេ ។
ឬអ្នកអាចបង្ហាញវីដេអូ « Widow of Nain » ( ២:២២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ វីដេអូនេះពិពណ៌នាអំពីព្រះអង្គសង្គ្រោះបានសង្កេតឃើញម្តាយដែលមានទុក្ខព្រួយម្នាក់ ហើយសម្រេចព្រះទ័យផ្អាកដំណើរ ដើម្បីលួងលោមនាង និងព្យាបាលកូនប្រុសរបស់នាង ។
ការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង
សូមពិចារណាជួយសិស្សឲ្យរកឃើញអំពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ខទី ២៦–២៩ អាចមានលក្ខណៈយ៉ាងណាក្នុងស្ថានភាពជីវិតពិត ។ អ្នកអាចប្រើស្ថានភាពមួយចំនួនដូចខាងក្រោម ឬស្ថានភាពផ្សេងទៀតដែល ទាក់ទងនឹងសិស្សរបស់អ្នកជាង ។
សូមបែងចែកសិស្សជាក្រុមតូចៗ ដើម្បីពិភាក្សាអំពីខគម្ពីរ ឬឃ្លាណាដែលអនុវត្តបានល្អបំផុតចំពោះស្ថានភាពនីមួយៗ ។ សូមលើកទឹកចិត្តក្រុមឲ្យគិតអំពីរបៀបជាច្រើនដែលមនុស្សម្នាក់ៗអាចប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីចូលរួមក្នុងបុព្វហេតុដ៏ល្អមួយ ។
បន្ទាប់មក ពិចារណាអំពីការអញ្ជើញក្រុមនីមួយៗឲ្យធ្វើសកម្មភាពឡើងវិញ ដោយបង្កើតសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេ ដែលក្មេងជំទង់ម្នាក់អាចអនុវត្តតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង កណ្ឌទី ៥៨ បាន ។
-
ថ្មីៗនេះ ជូលីត ត្រូវបានចាត់ឲ្យធ្វើការងារបម្រើដល់គ្រួសារដែលនាងមិនធ្លាប់ជួប ។ នាងមិនប្រាកដថាត្រូវចាប់ផ្តើមដោយរបៀបណាទេ ។
-
គ្រូបង្រៀនសាលាថ្ងៃអាទិត្យរបស់អាន គឺជាមនុស្សល្អម្នាក់ ប៉ុន្តែមិនមែនជាគ្រូបង្រៀនដែលមានបទពិសោធន៍នោះទេ ។ មិត្តរួមថ្នាក់របស់នាងជាច្រើននាក់ហាក់ដូចជាបាត់បង់ចំណាប់អារម្មណ៍ ហើយលែងព្យាយាមចូលរួមនៅក្នុងមេរៀនទាំងនេះទៀតហើយ ។
-
ចាស្មីន សង្កេតឃើញថាម្ដាយរបស់នាងហាក់ដូចជាហត់ជាងធម្មតាកាលពីពេលថ្មីៗនេះ ។
-
ហ្សាវើរ បានឃើញការចុះផ្សាយមិនល្អមួយចំនួនអំពីសិស្សផ្សេងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
-
យ៉ារេឌ មានពេលទំនេរនៅពេលរសៀល ដោយគាត់គ្មានអ្វីដែលត្រូវធ្វើឡើយ ហើយគ្មានកន្លែងណាដែលគាត់ត្រូវទៅនោះដែរ ។
ដើម្បីបញ្ចប់ សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យច្រៀង ឬស្តាប់ទំនុកតម្កើងដែលពង្រឹងគោលការណ៍ដែលបានរៀននៅក្នុងមេរៀននេះ ។ ជម្រើសមួយគឺ « តើខ្ញុំបានធ្វើល្អឬទេ ? » ( ទំនុកតម្កើង ល.រ. ១៣៨ ) ។ សូមឲ្យពួកគេជញ្ជឹងគិតអំពីរបៀបដែលអត្ថបទចម្រៀងអនុវត្តចំពោះគោលការណ៍ដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង កណ្ឌទី ៥៨ ។ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយជាមួយថ្នាក់នូវអ្វីដែលពួកគេមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះចង់ឲ្យពួកគេចងចាំពីការសិក្សារបស់ពួកគេថ្ងៃនេះ ។ វាអាចមានប្រយោជន៍ក្នុងការអនុញ្ញាតឲ្យសិស្សសរសេរគំនិតរបស់ពួកគេ មុននឹងអញ្ជើញអ្នកខ្លះឲ្យចែកចាយឮៗ ។
អ្នកអាចនឹងអញ្ជើញសិស្សឲ្យស្វែងរកឱកាសដើម្បីធ្វើសកម្មភាព តាមអ្វីដែលពួកគេបានរៀនមុនមេរៀនថ្នាក់សិក្ខាសាលាលើកក្រោយ ។ អ្នកអាចតាមដានដោយអញ្ជើញសិស្សដែលស្ម័គ្រចិត្ត ឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
ការពង្រីកបទពិសោធន៍សិក្សា ៖ ការអញ្ជើញមុនគឺជាឧទាហរណ៍នៃការជួយសិស្សពង្រីកបទពិសោធន៍សិក្សារបស់ពួកគេលើសពីថ្នាក់រៀន ។ សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីរបៀបធ្វើកិច្ចការនេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « អញ្ជើញសិស្សឲ្យរស់នៅតាមអ្វីដែលពួកគេកំពុងរៀន » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។ សូមពិចារណាអនុវត្តជំនាញ « រៀបចំផែនការដើម្បីតាមដានការអញ្ជើញដែលបានផ្តល់ឲ្យនៅក្នុងថ្នាក់លើកមុន ហើយអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេនៅក្នុងការរស់នៅតាមអ្វីដែលពួកគេបានរៀន » ។