« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៣ ៖ ទន្ទេញចាំ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៣ ៖ ទន្ទេញចាំ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៣
ទន្ទេញចាំ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះសម្រាប់ជីវិតរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ដើម្បីផ្ដល់ឱកាសឲ្យសិស្សរៀនទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិឲ្យចាំស្ទាត់ និងគោលលទ្ធិដែលវគ្គបទគម្ពីរទាំងនោះបង្រៀន ។ វាក៏នឹងជួយពួកគេឲ្យរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ទន្ទេញចាំ
ប្រសិនបើសិស្សបានស្គាល់សេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះចំនួនបីបួននៅឆ្នាំនេះហើយ នោះវានឹងជាការល្អដើម្បីអញ្ជើញពួកគេឲ្យអនុវត្តការទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះទាំងនោះ ។ សិស្សអាចបង្កើនទំនុកចិត្តរបស់ពួកគេបាន ពេលពួកគេដឹងពីបទគម្ពីរបានល្អគ្រប់គ្រាន់ដើម្បីចូលទៅរកបទគម្ពីរទាំងនោះទាន់ពេលវេលាដែលពួកគេត្រូវការ ។
សូមឲ្យសិស្សមានពេលប្រហែល ១០ នាទីក្នុងថ្នាក់រៀន ហើយលើកទឹកចិត្តពួកគេឲ្យខំទន្ទេញនៅក្រៅថ្នាក់រៀនផងដែរ ។ សូមបង្ហាញតារាងដែលមានរាយបញ្ជីសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះទាំងឡាយ ដែលមាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
សូមជ្រើសរើសយកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ដែលអ្នកចង់ទន្ទេញនៅថ្ងៃនេះ ។ សូមមានវិធីច្នៃប្រឌិតដើម្បីជួយឲ្យអ្នកចងចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនេះ ។
សិស្សអាចធ្វើការតែម្នាក់ឯង ឬស្វែងរកអ្នកផ្សេងទៀតនៅក្នុងថ្នាក់រៀន ដែលចង់ទន្ទេញវគ្គបទគម្ពីរដូចគ្នានេះ ។ កាលណាសិស្សចំណាយពេលទន្ទេញបានពីរបីនាទីហើយ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយជាមួយអ្នកដទៃនូវគន្លឹះ ឬល្បិចណាមួយដែលពួកគេបានប្រើដើម្បីទន្ទេញឲ្យចាំ ។
មុនពេលបន្តទៅមេរៀនផ្នែកបន្ទាប់ទៀត និងនៅក្នុងមេរៀនក្រោយៗ អ្នកអាចអានឃ្លាបទគម្ពីរគន្លឹះមួយចំនួនឲ្យសិស្សក្នុងថ្នាក់ស្ដាប់ ហើយសុំឲ្យសិស្សប្រាប់ពីសេចក្ដីយោងបទគម្ពីរដែលត្រូវគ្នានឹងបទគម្ពីរនេះចេញពីការចងចាំ ។ ជាញឹកញាប់ ការប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យប្តេជ្ញាចិត្តពួកគេដើម្បីទន្ទេញឲ្យបានចាំយូរអង្វែង ហើយនឹកដល់បទគម្ពីរនេះ នៅពេលចាំបាច់ ។
គំនិតបន្ថែមអំពីរបៀបជួយសិស្សឲ្យទន្ទេញចាំ អាចរកឃើញនៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សានេះនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមពិចារណាអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សកម្មភាពរំឭកឡើងវិញដែលបានផ្ដល់យោបល់នានាមាននៅក្នុងឧបសម្ព័ន្ធ « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។ ការពិពណ៌នាអំពីគោលការណ៍ទាំងឡាយមាននៅក្នុងកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
សូមប្រើសាច់រឿងខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យរៀនអនុវត្តតាមគោលការណ៍ទាំងនេះចំពោះស្ថានភាពពិតជាក់ស្ដែង ។
មុនពេលសាលាថ្ងៃអាទិត្យចាប់ផ្តើម មិត្តរបស់អ្នកឈ្មោះ ណូអែល អង្គុយចុះក្បែរអ្នក ។ នាងមើលទៅក្ដារខៀន ហើយហាក់ដូចជាអាក់អន់ចិត្តនឹងអ្វីដែលនាងអាន ។ មេរៀននៅថ្ងៃនេះផ្តោតទៅលើការធ្វើតាមព្យាការី ។ ណូអែល ប្រាប់អ្នកថា ថ្មីៗនេះ នាងបានអានអំពីមនុស្សដែលខកចិត្តនឹងព្យាការី ។ នាងឆ្ងល់ថា ហេតុអ្វីបានជាព្យាការីមិនបានដឹងថែមទៀតពីតម្រូវការរបស់មនុស្ស ឬហេតុអ្វីបានជាលោកហាក់ដូចជាមិនឆ្លើយតបទៅនឹងយោបល់ដែលមនុស្សកំពុងប្រាប់ ។
-
តើអ្នកអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយនៅក្នុងស្ថានភាពនេះបានយ៉ាងដូចម្ដេច ?
-
តើមានការបង្រៀនអ្វីខ្លះនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះដែលអាចជួយបាន ?
របៀបមួយដើម្បីឲ្យសិស្សរៀនប្រើគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹង គឺត្រូវគិតពីភាពខុសគ្នានៃគំនិត និងសកម្មភាពរបស់បុគ្គលនៅក្នុងសាច់រឿងនេះ នៅពេលពួកគេបានយល់ពីគោលការណ៍ទាំងនេះ ។
ដើម្បីជួយពួកគេឲ្យធ្វើបែបនេះបាន អ្នកអាចបែងចែកសិស្សទៅជាក្រុមតូចៗ ហើយអនុញ្ញាតឲ្យពួកគេជ្រើសរើសយកគោលការណ៍មួយនៃការទទួលបានចំណេះដឹង ។ សូមអញ្ជើញពួកគេឲ្យមើលកថាខណ្ឌដែលទាក់ទងគ្នានៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ដើម្បីយល់កាន់តែច្បាស់អំពីគោលការណ៍នេះ ។ សូមជួយសិស្សឲ្យរកមើលបទគម្ពីរណាមួយ ដែលពួកគេអាចបានសិក្សាហើយនៅក្នុងថ្នាក់សិក្ខាសាលាអំពីព្យាការី ( ដូចជា គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៧–៣៨; ២១:៤–៦; ២៨:២ ) ។ អ្នកក៏អាចបង្ហាញសេចក្ដីណែនាំខាងក្រោមនេះផងដែរ ហើយអញ្ជើញសិស្សឲ្យបំពេញការណែនាំទាំងនោះជាមួយក្រុមរបស់ពួកគេ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមគិតដល់សកម្មភាពយ៉ាងហោចណាស់ពីរដែល ណូអែល អាចធ្វើបានដើម្បីធ្វើសកម្មភាពដោយសេចក្តីជំនឿ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់នាង ។
សូមពន្យល់ពីមូលហេតុដែលអ្នកផ្ដល់យោបល់ឲ្យធ្វើសកម្មភាពទាំងនោះ ឬចែកចាយបទពិសោធន៍ដែលអ្នកមាន ។
សូមរាយបញ្ជីសេចក្ដីពិតមួយចំនួនដែល ណូអែល អាចដឹងអំពីព្យាការី ដែលអាចជួយនាងឲ្យទុកចិត្តកាន់តែខ្លាំងថែមទៀតទៅលើព្រះអម្ចាស់ និងអ្នកបម្រើរបស់ទ្រង់ ខណៈកំពុងខិតខំរៀនសូត្របន្ថែមទៀត ។
-
ហេតុអ្វីបានជាអ្នកគិតថា វានឹងមានសារៈសំខាន់សម្រាប់ ណូអែល ដើម្បីបន្ដនៅស្មោះត្រង់ចំពោះអ្វីដែលនាងបានដឹង និងជឿរួចហើយ នៅពេលដែលនាងខិតខំស្វែងរកចម្លើយចំពោះសំណួរបច្ចុប្បន្នរបស់នាងនោះ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
សូមសរសេរតួនាទីរបស់ព្យាការីនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
សូមធ្វើការប្រៀបធៀបគ្នាទៅវិញទៅមកនៃគោលបំណងរបស់ព្រះអម្ចាស់សម្រាប់ព្យាការី និងអ្វីដែលណូអែល និងអ្នកផ្សេងទៀតទំនងជាដឹងពីតួនាទីរបស់ព្យាការី ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមរាយបញ្ជីផលប៉ះពាល់អវិជ្ជមានមួយចំនួន ដែលប្រភពមិនគួរឲ្យទុកចិត្តខ្លះៗអាចមានទៅលើបុគ្គលណាម្នាក់ ។
សូមស្វែងរកបទគម្ពីរមួយ ឬច្រើននៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឬប្រភពដែលបានតែងតាំងដ៏ទេវភាពផ្សេងទៀត ) ដែលអាចជួយដល់ ណូអែល បាន ។
សូមសរសេរយ៉ាងហោចណាស់ពរជ័យចំនួនពីរដែល ណូអែល អាចទទួលបាន ប្រសិនបើនាងបានយល់ពីមូលហេតុដែលព្រះហៅឲ្យមានព្យាការី ។
សូមផ្តល់ឱកាសឲ្យសិស្សចែកចាយរឿងមួយចំនួនដែលពួកគេបានធ្វើ និងរៀន ។ វិធីមួយដែលអ្នកអាចធ្វើការណ៍នេះបាន គឺអញ្ជើញពួកគេឲ្យស្រមៃថា ណូអែល បានជ្រើសរើសអនុវត្តតាមគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយដោះស្រាយកង្វល់របស់នាង ។ សិស្សអាចសរសេរអំពីអ្វីដែលអាចកើតឡើងដល់ ណូអែល នៅពេលនាងអនុវត្តតាមគោលការណ៍មួយ ឬច្រើននៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
បន្ទាប់មក សិស្សអាចចែកចាយអ្វីដែលពួកគេបានសរសេរ ហើយពន្យល់ពីមូលហេតុមួយចំនួនដែលពួកគេបានសរសេរសាច់រឿងនេះ ដូចដែលពួកគេបានសរសេរនេះ ។ បន្ទាប់ពីសិស្សបានចែកចាយហើយ អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាពីអ្វីដែលពួកគេបានរៀន ឬមានអារម្មណ៍នៅថ្ងៃនេះ ដែលអាចជួយដល់ពួកគេនៅក្នុងជីវិតរបស់ពួកគេផ្ទាល់បាន ។