« គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ២ ៖ ‹ ចូរបើកមាត់របស់អ្នកចុះ នោះមាត់នឹងបានពោរពេញ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦
គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ២
« ចូរបើកមាត់របស់អ្នកចុះ នោះមាត់នឹងបានពោរពេញ »
នៅពេលដែលព្រះអម្ចាស់បានហៅពួកអ្នកផ្សព្វផ្សាយសាសនាឲ្យផ្សាយដំណឹងល្អរបស់ទ្រង់ មិនយូរប៉ុន្មានក្រោយពីការរៀបចំសាសនាចក្ររបស់ទ្រង់ឡើង ទ្រង់បានប្រទានដំបូន្មានឲ្យដើម្បីពង្រឹង និងណែនាំពួកគេនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគេ ។ មេរៀននេះអាចជួយដល់សិស្សនៅក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីចែកចាយដំណឹងល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
កង្វល់ក្នុងការចែកចាយដំណឹងល្អ
សូមពិចារណាចាប់ផ្តើមមេរៀននេះដោយការចែកចាយសាច់រឿង និងសំណួរខាងក្រោមនេះ ។
នៅពេលអ្នកឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់បានចែកចាយអំពីសារៈសំខាន់នៃកិច្ចការផ្សព្វផ្សាយសាសនា ខ័រន័រ អាចមានអារម្មណ៍ថាខ្លួនគាត់ប្រឆាំងនឹងគំនិតនៃការនិយាយជាមួយមនុស្សដទៃអំពីដំណឹងល្អ ។ ខ័រន័រ គឺជាមនុស្សស្ងប់ស្ងាត់ពីធម្មជាតិ ។ លើសពីនេះ គាត់មិនដែលមានការសន្ទនាអំពីដំណឹងល្អជាមួយនរណាម្នាក់ ដែលមិនមែនជាសមាជិកសាសនាចក្រនោះទេ ។ គាត់ព្រួយបារម្ភថា តើការសន្ទនាបែបនេះនឹងទៅជាយ៉ាងណាទៅ ។ លក្ខណៈស្ងប់ស្ងាត់ និងកង្វះខាតបទពិសោធន៍របស់គាត់ បានធ្វើឲ្យគាត់មិនស្រណុកចិត្តនឹងគំនិតនៃការចាប់ផ្ដើមការសន្ទនាអំពីដំណឹងល្អជាមួយអ្នកផ្សេងទៀតឡើយ ។
-
តើអ្នកគិតថា អ្វីទៅដែលនឹងមានប្រយោជន៍សម្រាប់ ខ័រន័រ ដើម្បីយល់អំពីកិច្ចការផ្សព្វផ្សាយសាសនា ?
-
ជាញឹកញាប់ តើមនុស្សមានកង្វល់អ្វីខ្លះទៀត អំពីការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
សូមរំឭកសិស្សថា នៅក្នុងមេរៀនមុន ពួកគេបានរៀនអំពីបុគ្គលជាច្រើននាក់ ដែលត្រូវបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនា មិនយូរប៉ុន្មានក្រោយពីសាសនាចក្រត្រូវបានរៀបចំឡើង ។ បុរសទាំងនេះមួយចំនួនបានស្គាល់ដំណឹងល្អដែលបានស្តារឡើងវិញតែមួយរយៈពេលខ្លីប៉ុណ្ណោះ មុនពេលពួកលោកត្រូវបានហៅឲ្យបម្រើបេសកកម្ម ។
សូមអញ្ជើញសិស្សឲ្យចែកចាយកង្វល់មួយចំនួន ដែលអ្នកផ្សព្វផ្សាយសាសនាដែលទើបបានហៅថ្មីៗទាំងនេះអាចមាន ។ អ្នកក៏អាចសុំឲ្យសិស្សគិតអំពីកង្វល់ផ្ទាល់ខ្លួនរបស់ពួកគេ អំពីការចែកចាយដំណឹងល្អជាមួយអ្នកដទៃផងដែរ ។ បន្ទាប់មក សូមចែកចាយអ្វីខាងក្រោមនេះដើម្បីជួយរៀបចំសិស្សឲ្យសិក្សា ។
នៅថ្ងៃនេះ អ្នកនឹងសិក្សាការបង្រៀនមកពីព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ដែលអាចជួយអ្នកឲ្យស្គាល់ពីការទន្ទឹងរង់ចាំរបស់ទ្រង់ ដើម្បីជួយអ្នកឲ្យចែកចាយដំណឹងល្អរបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមរកមើលការបង្រៀននានាដែលអាចជួយបង្កើនឆន្ទៈ និងសមត្ថភាពរបស់អ្នកដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់ប្រទានដំបូន្មានដ៏មានប្រយោជន៍ដល់ពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់
សូមឲ្យសិស្សមានពេលសិក្សាដំបូន្មានរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរខាងក្រោមនេះ ។ របៀបមួយដើម្បីធ្វើបែបនេះ គឺបែងចែកសិស្សក្នុងថ្នាក់ទៅជាប្រាំក្រុម ។ សូមចែកក្រដាស-សមួយសន្លឹកឲ្យក្រុមនីមួយៗ ហើយអញ្ជើញពួកគេឲ្យរចនាទំព័រមួយដែលមានចំណងជើងដូចជា « ដំបូន្មានដ៏មានប្រយោជន៍មកពីព្រះអម្ចាស់ដល់អ្នកផ្សព្វផ្សាយសាសនា » ។
សូមចាត់តាំងបណ្ដុំខគម្ពីរមួយឲ្យទៅក្រុមនីមួយៗ ។ បន្ទាប់មក សិស្សអាចបន្ថែមទៅក្នុងទំព័ររបស់ពួកគេយ៉ាងហោចណាស់ដំបូន្មានចំនួនបី ដែលពួកគេរកឃើញនៅក្នុងខគម្ពីររបស់ពួកគេ ។ ពួកគេអាចបន្ថែមរូបភាពទៅក្នុងទំព័ររបស់ពួកគេបាន ប្រសិនបើពួកគេចង់ ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយទំព័រពេញលេញរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
សូមអានខគម្ពីរខាងក្រោមនេះ ដោយស្វែងរកដំបូន្មានដែលព្រះអម្ចាស់បានប្រទានឲ្យ ដែលអាចជួយអ្នកឲ្យកាន់តែមានឆន្ទៈ និងអាចចែកចាយដំណឹងល្អបាន ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣០:៥, ៨–១១ ( វាអាចមានប្រយោជន៍ដើម្បីដឹងថា « បងប្រុស » របស់ ពេត្រុស វិតមើរ ដែលបានលើកឡើងនៅក្នុង ខទី ៥ គឺ អូលីវើរ ខៅឌើរី ដែលត្រូវបានហៅឲ្យផ្សព្វផ្សាយដំណឹងល្អនៅក្នុងវិវរណៈមុន [ សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៨:១៤–១៦ ] ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣១:៤–៩, ១១–១៣
គោលលទ្ធិ និងសេចក្តីសញ្ញា ៣២:១–៥
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:៨–១២, ១៦–១៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៥:១៣–១៥, ២៤
នៅពេលសិស្សបានបញ្ចប់ការសិក្សាហើយ សូមឲ្យពួកគេមានឱកាសចែកចាយអ្វីដែលពួកគេបានរៀន ។ របៀបមួយដើម្បីធ្វើបែបនេះអាចជាការអញ្ជើញសិស្សដទៃទៀតឲ្យចែកចាយដំបូន្មាន ដែលពួកគេបានរកឃើញពីក្នុងខគម្ពីររបស់ពួកគេដែលមានអត្ថន័យបំផុតចំពោះពួកគេ ហើយចែកចាយសេចក្ដីពិតមួយដែលយើងអាចរៀនមកពីដំបូន្មាននេះបាន ។ អ្នកអាចសរសេរសេចក្ដីពិតទាំងនេះនៅលើក្ដារខៀន ឬអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតទាំងនោះ ។
ឧទាហរណ៍នៃសេចក្ដីពិតដែលសិស្សអាចលើកឡើងរួមមានដូចតទៅនេះ ៖ ជាជាងខ្លាចអ្នកដទៃ យើងអាចពឹងផ្អែកលើព្រះអម្ចាស់ឲ្យជួយយើងចែកចាយដំណឹងល្អរបស់ទ្រង់បាន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០:១១ ) ព្រះអម្ចាស់នឹងបើកដួងចិត្តមនុស្សដែលយើងបង្រៀន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣១:៧ ) ព្រះអម្ចាស់នឹងគង់នៅជាមួយយើង នៅពេលយើងព្យាយាមចែកចាយដំណឹងល្អរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣២:៣ ) នៅពេលយើងបើកមាត់របស់យើងដើម្បីចែកចាយដំណឹងល្អ នោះព្រះអម្ចាស់នឹងជួយយើងឲ្យដឹងពីអ្វីដែលត្រូវនិយាយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:៨–១០ ) ព្រះអម្ចាស់ប្រទានព្រះចេស្តានៃព្រះវិញ្ញាណរបស់ទ្រង់ដល់អ្នកទន់ខ្សោយ ដែលបម្រើទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៥:១៣–១៤ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះមានព្រះទ័យចង់ជួយយើងឲ្យចែកចាយដំណឹងល្អយ៉ាងខ្លាំង ?
-
តើសេចក្ដីពិតទាំងនេះអំពីព្រះអម្ចាស់ អាចជួយយើងក្នុងកិច្ចខិតខំរបស់យើងដើម្បីផ្សព្វផ្សាយដំណឹងល្អបានដោយរបៀបណា ?
គំនិតយោបល់សម្រាប់ការបើកមាត់របស់អ្នកដើម្បីចែកចាយដំណឹងល្អ
សូមចំណាយពេលខ្លះដើម្បីជួយសិស្សឲ្យរៀន និងពិភាក្សាអំពីរបៀបជាក់លាក់ដែលពួកគេអាចធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ឲ្យ « បើកមាត់ [ របស់ពួកគេ ] » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៣:៨–១០; សូមមើលផងដែរ ៣០:៥,១១ ) ហើយចែកចាយដំណឹងល្អ ។ ការជួយសិស្សឲ្យមើលឃើញរបៀបជាក់លាក់ និងអាចសម្រេចបានដើម្បីធ្វើការណ៍នេះ អាចបង្កើនទំនុកចិត្តរបស់ពួកគេក្នុងការចែកចាយដំណឹងល្អ ។
របៀបមួយដើម្បីធ្វើការណ៍នេះអាចជាការបង្ហាញវីដេអូមួយ ឬច្រើនដូចខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យស្វែងរករបៀបផ្សេងៗដែលមនុស្សបានបើកមាត់របស់ពួកគេ ហើយបានអញ្ជើញឲ្យមានព្រះពររបស់ព្រះអម្ចាស់ ។ អ្នកក៏អាចចែកចាយធនធានផ្សេងទៀតមកពីទំព័រ « ការចែកចាយដំណឹងល្អ » នៅលើគេហទំព័រ ChurchofJesusChrist.org បានផងដែរ ។
វីដេអូខាងក្រោមនេះចែកចាយគំនិតអំពីរបៀបដែលអ្នកអាច « បើកមាត់របស់អ្នក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០:៥ ) ហើយអញ្ជើញអ្នកដទៃតាមរបៀបធម្មតាៗ និងដ៏មានអត្ថន័យឲ្យដកបទពិសោធន៍ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះពីការចែកចាយដំណឹងល្អ ? តើអ្នកបានរកឃើញអ្វីខ្លះ ដែលជាការរៀបចំខ្លួនដ៏មានប្រយោជន៍បំផុតសម្រាប់បទពិសោធន៍ទាំងនោះ ?
ដាក់ផែនការ
សូមឲ្យសិស្សមានពេលសរសេរផែនការសាមញ្ញមួយ អំពីអ្វីដែលពួកគេនឹងធ្វើដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ សំណួរខាងក្រោមនេះអាចផ្ដល់ជាគំនិតយោបល់ដល់ពួកគេអំពីអ្វីដែលត្រូវសរសេរ ។
-
តើនរណាទៅដែលអ្នកមានអារម្មណ៍ថា អ្នកអាចចែកចាយដំណឹងល្អជាមួយបាន ?
-
ចេញពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ តើមានរបៀបតាមធម្មតា និងដ៏មានអត្ថន័យអ្វីខ្លះ ដែលអ្នកអាចជួយបុគ្គលនេះឲ្យខិតមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទបាន ?
-
តើអ្នកគិតថា មានឧបសគ្គអ្វីខ្លះដែលអាចរារាំងអ្នកមិនឲ្យធ្វើសកម្មភាពតាមផែនការរបស់អ្នក ?
-
តើសេចក្ដីពិតអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ ដែលអ្នកបានរៀនមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៣០–៣៦ ដែលអាចជួយអ្នកឲ្យយកឈ្នះលើឧបសគ្គទាំងនេះបាន ?
សូមពិចារណាពីរបៀបដែលអ្នកអាចលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿលើអ្វីដែលពួកគេទទួលអារម្មណ៍នៅថ្ងៃនេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាកំណត់ពេលវេលាជាក់លាក់មួយ ដើម្បីធ្វើអ្វីដែលពួកគេបានសរសេរ ។ សូមចែកចាយទំនុកចិត្តរបស់អ្នកទៅលើសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ក្នុងការធ្វើឲ្យរំជួលដល់ដួងចិត្តរបស់អ្នកដទៃតាមរយៈពួកគេ ។
សូមអញ្ជើញសិស្សឲ្យរស់នៅតាមអ្វីដែលពួកគេបានរៀន ៖ សម្រាប់ការបំពាក់បំប៉នអំពីរបៀបតាមដានជាមួយសិស្សអំពីផែនការរបស់ពួកគេ ដើម្បីរស់នៅតាមអ្វីដែលពួកគេកំពុងរៀន សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « សូមអញ្ជើញសិស្សឲ្យរស់នៅតាមអ្វីដែលពួកគេបានរៀនសូត្រ » ដែលមាននៅក្នុងការបំពាក់បំប៉ន ជំនាញអភិវឌ្ឍ៍គ្រូបង្រៀន ។