« មេរៀនទី ២៦—គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧ ៖ ពួកសាក្សីបីនាក់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២៦ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧
ពួកសាក្សីបីនាក់
ព្រះអម្ចាស់បានសន្យានឹង យ៉ូសែប ស្ម៊ីធ ថា មនុស្សបីនាក់ទៀតនឹងធ្វើជាសាក្សីពីផ្ទាំងមាស ។ ព្រះបានហៅ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារិស ឲ្យធ្វើជាសាក្សីទាំងនេះ ។ តាមរយៈសេចក្តីជំនឿរបស់ពួកលោក ទេវតាមរ៉ូណៃបានមកជួបពួកលោក និងបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះប្រកាសថា អ្វីដែលពួកលោកបានឃើញនោះគឺជាការពិត ។ មេរៀននេះអាចជួយសិស្សឲ្យពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនពួកគេអំពីព្រះគម្ពីរមរមន នៅពេលដែលពួកគេសិក្សាអំពីទីបន្ទាល់របស់ពួកសាក្សីបីនាក់ ។
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកមើលព័ត៌មានអំពីពួកសាក្សីបីនាក់ក្នុងព្រះគម្ពីរមរមននៅលើគេហទំព័រ ChurchofJesusChrist.org, ហើយមករៀនដោយត្រៀមខ្លួនចែកចាយអំពីអ្វីដែលពួកគេបានរកឃើញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពួកសាក្សី
ដើម្បីណែនាំអំពីតួនាទីនៃពួកសាក្សី អ្នកអាចអញ្ជើញសិស្សបីនាក់ឲ្យឡើងធ្វើជាសាក្សី ។ វិធីមួយដើម្បីធ្វើបែបនេះបាន គឺលាក់វត្ថុមួយក្នុងកាបូប ហើយអញ្ជើញសិស្សម្នាក់ឲ្យរកមើលវត្ថុនោះ ហើយពិពណ៌នាអំពីវត្ថុនោះ ។ សូមសួរទៅសិស្សក្នុងថ្នាក់ថា តើពួកគេពិតជាជឿលើសិស្សទាំងនោះដែរឬអត់ ។ សូមអញ្ជើញសិស្សផ្សេងទៀតឲ្យធ្វើជាសាក្សីទីពីរ និងទីបី ។ សូមពិភាក្សាពីមូលហេតុដែលការមានសាក្សីច្រើននាក់មានអត្ថប្រយោជន៍ ។
ពួកសាក្សីមានតួនាទីសំខាន់ណាស់នៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២៨ ដោយរកមើលពីអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីពួកសាក្សី ( សូមមើលផងដែរ កូរិនថូស ទី២ ១៣:១ ) ។
-
តើមានឧទាហរណ៍អ្វីខ្លះពីពួកសាក្សីនៅក្នុងសាសនាចក្រ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះប្រទានសាក្សីជាច្រើននាក់អំពីកិច្ចការរបស់ទ្រង់ ?
ពួកសាក្សីបីនាក់
យ៉ូសែប ស៊្មីធ បានដឹងតាមរយៈព្រះគម្ពីរមរមន និងវិវរណៈថា ព្រះអម្ចាស់នឹងអនុញ្ញាតឲ្យបុគ្គលផ្សេងទៀតបានឃើញផ្ទាំងមាសនេះ ។ លោកបានដឹងថា ពួកសាក្សីបីនាក់នឹងបានឃើញផ្ទាំងមាសតាមរយៈព្រះចេស្ដានៃព្រះ ( សូមមើល នីហ្វៃទី២ ២៧:១២–១៣; អេធើរ ៥:២–៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ៥:១១–១៥ ) ។ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារិស សុទ្ធតែមានបំណងប្រាថ្នាប្រកបដោយការបំផុសគំនិតដើម្បីធ្វើជាសាក្សីម្នាក់ក្នុងនោះ ។ ពួកគាត់ម្នាក់ៗបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលេចចេញមកនៃព្រះគម្ពីរមរមន ។
អ្នកអាចបង្ហាញរូបភាពពួកសាក្សីបីនាក់ ឬសរសេរឈ្មោះរបស់ពួកគាត់នៅលើក្ដារខៀន ។ សិស្សម្នាក់អាចអានចម្លើយ ហើយសិស្សក្នុងថ្នាក់អាចនិយាយអំពីសាក្សីដែលត្រូវគ្នា ។ ឬអ្នកអាចផ្តល់សំណួរឲ្យសិស្សបាន ។ ចម្លើយត្រឹមត្រូវគឺ ១ ។ ខ ២ ។ គ ៣ ។ ក.
សូមផ្គូផ្គងសាក្សីម្នាក់ៗក្នុងចំណោមពួកសាក្សីបីនាក់ជាមួយនឹងសេចក្តីលម្អិតចេញពីខ្សែជីវិតរបស់ពួកលោក ។
-
អូលីវើរ ខៅឌើរី
-
ដាវីឌ វិតមើរ
-
ម៉ាទិន ហារិស
-
បានផ្តល់ហិរញ្ញប្បទានដើម្បីបោះពុម្ពព្រះគម្ពីរមរមន
-
បានបម្រើជាអ្នកសរសេរដ៏សំខាន់របស់ យ៉ូសែប សម្រាប់ការបកប្រែព្រះគម្ពីរមរមនភាគច្រើន
-
បានអញ្ជើញ យ៉ូសែប ស្ម៊ីធ ឲ្យបកប្រែព្រះគម្ពីរមរមនឲ្យហើយនៅក្នុងផ្ទះគ្រួសាររបស់គាត់
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៧:១–២ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ពួកសាក្សីបីនាក់ថា ពួកគាត់នឹងបានឃើញ ។
-
តើអ្នកដឹងអ្វីខ្លះអំពីវត្ថុអស់ទាំងនេះ ?
-
តើព្រះអម្ចាស់បានចង់ឲ្យបុរសទាំងនេះឃើញអ្វីខ្លះពីវត្ថុទាំងនេះ ?
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧:៣–៩ ដោយរកមើលថា តើការទទួលខុសត្រូវអ្វីដែលពួកសាក្សីទាំងនេះនឹងមាន បន្ទាប់ពីបានឃើញផ្ទាំងទាំងនេះហើយ ។
តើយើងមានទំនួលខុសត្រូវអ្វីខ្លះ នៅពេលដែលព្រះអម្ចាស់ប្រទានពួកសាក្សីនៃសេចក្ដីពិតដ៏ទេវភាពទាំងនេះដល់យើង ?
សូមជួយសិស្សឲ្យរកឃើញគោលការណ៍នេះ ៖ បន្ទាប់ពីព្រះអម្ចាស់ប្រទានពរដល់យើងជាមួយនឹងសាក្សីនៃសេចក្ដីពិត យើងមានទំនួលខុសត្រូវដើម្បីថ្លែងទីបន្ទាល់អំពីរឿងនេះ ។
អ្នកអាចចង់អញ្ជើញសិស្សឲ្យគូសចំណាំនៅក្នុង ខទី ៦ អំពីរបៀបដែលព្រះអង្គសង្គ្រោះគឺជាគំរូនៃសេចក្ដីពិតនេះ ។
ហេតុអ្វីបានជាអ្នកគិតថា ការដែលព្រះអង្គសង្គ្រោះបានប្រទានសាក្សីរបស់ទ្រង់អំពីព្រះគម្ពីរមរមនមានសារៈសំខាន់ខ្លាំង ?
« ទីបន្ទាល់នៃពួកសាក្សីបីនាក់ »
សូមអាន « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » ដែលមាននៅលើទំព័របុព្វកថានៃព្រះគម្ពីរមរមន ដោយរកមើលអ្វីដែលពួកគាត់បានធ្វើទីបន្ទាល់ ។
-
តើអ្នកមានអារម្មណ៍ថា អ្វីទៅដែលសំខាន់នៅក្នុងទីបន្ទាល់របស់ពួកគាត់ ?
ដើម្បីមើលការពិពណ៌នាអំពីបទពិសោធន៍របស់ពួកសាក្សីបីនាក់ អ្នកអាចបង្ហាញវីដេអូ « A Day for the Eternities » ( ២៣:០៩; ចាប់ពីនាទីទី ១៥:០១ ដល់នាទីទី ១៧:៥៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ខណៈពេលដែលសិស្សអាន « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » អ្នកអាចអញ្ជើញពួកគេឲ្យសរសេរនៅលើក្ដារខៀននូវពាក្យពេចន៍ ឬឃ្លាដែលប្រកាសពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។ សូមពិភាក្សាអំពីអ្វីដែលសិស្សបានសរសេរនៅលើក្តារខៀន ។ វាប្រហែលជាមានអត្ថប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ពួកសាក្សីបីនាក់មានគំរូខាងវិញ្ញាណជាច្រើន ។ ជាការបន្ថែមទៅនឹងទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ពួកគាត់បានឃើញទេវតាមរ៉ូណៃ និងបានស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះដែលកំពុងប្រកាសដល់ពួកគាត់ថា កិច្ចការនោះគឺជាការពិត ។
-
តើយើងអាចរៀនអ្វីខ្លះពីពួកសាក្សីបីនាក់ អំពីការទទួលបានសាក្សីផ្ទាល់ខ្លួនរបស់យើងថា ព្រះគម្ពីរមរមនគឺជាការពិត ?
ប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានថ្លែងទីបន្ទាល់ពីអានុភាពនៃសាក្សីរបស់ពួកគាត់ ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « An Enduring Testimony of the Mission of the Prophet Joseph » ( ១៧:៣២; សូមមើលពីនាទីទី ៤:១៨ ដល់នាទីទី ៥:៤៣ ) ។
អស់អ្នកដែលអ្នកស្រឡាញ់អាចមានលើសពីភស្តុតាងដោយផ្ទាល់ ដែលផ្តល់ឲ្យសាក្សីទាំងនោះ តាមរយៈអ្វីដែលពួកគាត់បានឃើញ និងឮ ។ ពួកសាក្សីបីនាក់នោះមានអ្វីៗច្រើនទៀតដែលយើងទាំងអស់គ្នាចាំបាច់ត្រូវការ ។ ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងជាសាក្សីដល់គំនិត និងដួងចិត្តរបស់ពួកគាត់ថា អ្វីដែលពួកគាត់បានឃើញ និងបានឮគឺជាការពិត ។ ព្រះវិញ្ញាណបានប្រាប់ពួកគាត់ថា ទេវតាអង្គនោះគឺមកពីព្រះ ហើយថា ព្រះសូរសៀងនោះគឺជាព្រះសូរសៀងនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ សាក្សីនៃព្រះវិញ្ញាណនោះបានផ្ដល់ឲ្យពួកគាត់ ហើយមានមនុស្សជាច្រើននាក់ដែលមិនបាននៅទីនោះ ។ វាគឺជាសាក្សីដែលអាចក្លាយជារបស់យើង បើយើងមានគុណសម្បត្តិដើម្បីមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។
ពួកសាក្សីបីនាក់មិនដែលបានបដិសេធទីបន្ទាល់របស់ពួកលោកអំពីព្រះគម្ពីរមរមនឡើយ ។ ពួកលោកមិនបដិសេធនោះទេ ដោយសារពួកលោកបានដឹងថា វាជាការពិត ។ ពួកលោកបានធ្វើការលះបង់ និងឆ្លងកាត់ភាពលំបាកជាច្រើនហួសពីអ្វីដែលមនុស្សភាគច្រើនធ្លាប់បានដឹង ។ អូលីវើរ ខៅឌើរី បានផ្តល់ទីបន្ទាល់ដូចគ្នានេះអំពីប្រភពដើមដ៏ទេវភាពនៃព្រះគម្ពីរមរមន នៅពេលលោកជិតអស់ជីវិត ។ ប៉ុន្តែនៅក្នុងគ្រានៃការសាកល្បង ពួកលោកបានរារែកក្នុងសេចក្តីជំនឿដែលថា យ៉ូសែប នៅតែជាព្យាការីរបស់ព្រះ ហើយថាជារបៀបតែមួយគត់ដើម្បីមករកព្រះអង្គសង្គ្រោះ គឺតាមរយៈសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ថាពួកលោកបានបន្តអះអាងនូវអ្វីដែលពួកលោកបានឃើញ និងបានឮនៅក្នុងបទពិសោធន៍ដ៏អស្ចារ្យនោះ ក្នុងអំឡុងពេលដ៏យូរនៃការឃ្លាតឆ្ងាយពីសាសនាចក្រ និងពីយ៉ូសែប ធ្វើឲ្យទីបន្ទាល់របស់ពួកលោកមានឥទ្ធិពលខ្លាំងជាងមុន ។ ( ហែនរី ប៊ី អាវរិង « An Enduring Testimony of the Mission of the Prophet Joseph » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៩០ )
-
តើ « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » មានឥទ្ធិពលលើសាក្សីផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ? អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើមានវិធីអ្វីខ្លះទៀតដែលយើងអាចចែកចាយទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះ និងអំពីព្រះគម្ពីរមរមន ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ និងអំពីព្រះគម្ពីរមរមន ។ វិធីមួយគឺត្រូវអញ្ជើញសិស្សឲ្យសរសេរនូវអ្វីដែលពួកគេត្រូវនិយាយ បើទីបន្ទាល់ផ្ទាល់ខ្លួនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរមរមនត្រូវបានបោះពុម្ពសម្រាប់ពិភពលោកនោះ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេនៅក្នុងថ្នាក់រៀន ឬប្រាប់ទៅអ្នកផ្សេងទៀត ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកបានផងដែរ ។