ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន


« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ស្ត្រី​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ​នៅ​ផ្ទះ

គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន

នេះគឺ​ជា​របៀប​សាមញ្ញ​ខ្លះៗ​ដើម្បី​ពង្រីក​ដល់​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ​នៅ​ក្នុង​បទគម្ពីរ​របស់​បងប្អូន ។

ស្វែង​រក​សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរ​បង្រៀន​យើង​ថា រឿង​គ្រប់​យ៉ាង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី២ ១១:៤; ម៉ូសេ ៦:៦៣ ) ដូច្នេះ​ហើយ​សូម​ពិចារណា​កត់ត្រា ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​បង្រៀន​អំពីព្រះអង្គសង្គ្រោះ និង​របៀប​ដើម្បី​ធ្វើតាម​ទ្រង់ ។

ស្វែង​រក​ពាក្យ និង​ឃ្លា​បំផុសគំនិត

បងប្អូន​អាច​រក​ឃើញ​ថា មាន​ពាក្យ ឬ​ឃ្លា​មួយ​ចំនួន​នៅក្នុង​បទគម្ពីរ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​បងប្អូន ដែល​ខគម្ពីរ​នោះ​ហាក់​ដូចជា​សរសេរ​យ៉ាងចំៗមក​កាន់​បងប្អូន​ដូច្នោះ ។ ខគម្ពីរ​នោះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ទាក់ទង​ដោយ​ផ្ទាល់ ហើយ​បំផុស​គំនិត និង​លើក​ទឹកចិត្ត​ដល់​បងប្អូន ។ សូម​គិត​ធ្វើ​ការ​គូសចំណាំ​ខគម្ពីរ​នោះ​នៅក្នុង​ព្រះគម្ពីរ​របស់​បងប្អូន ឬ​សរសេរ​ខគម្ពីរ​នោះ​នៅ​ក្នុង​កំណត់ហេតុ​សិក្សា ។

ស្វែង​រក​សេចក្ដីពិត​នៃ​ដំណឹងល្អ

ពេល​ខ្លះ​សេចក្ដីពិត​នៃ​ដំណឹង​ល្អ ( ជា​ញឹកញាប់ ត្រូវបាន​ហៅ​ថា គោលលទ្ធិ ឬ​គោលការណ៍ ) ត្រូវ​បាន​ថ្លែង​ចំៗ ហើយពេល​ខ្លះ​សេចក្តីពិត​នៃ​ដំណឹងល្អ​នេះ​ត្រូវ​បាន​បរិយាយ​តាម​រយៈ​ឧទាហរណ៍ ឬ​ដំណើរ​រឿង​មួយ ។ សូម​សួរ​ខ្លួន​បងប្អូនថា « តើ​សេចក្ដីពិត​ដ៏​នៅអស់កល្ប​អ្វី​ខ្លះ ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? »

ស្ដាប់​តាម​ព្រះវិញ្ញាណ

សូម​យកចិត្ត​ទុកដាក់​ចំពោះ​គំនិត និង​អារម្មណ៍​របស់​បងប្អូន ទោះបី​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​បងប្អូន​កំពុង​អាន​ក្ដី ។ ចំណាប់អារម្មណ៍​ទាំងនោះ​អាច​នឹង​ជា​រឿង​សំខាន់​ដែល​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ចង់​ឲ្យ​បងប្អូន​រៀន ។

ប្រដូច​បទគម្ពីរ​មក​ជីវិត​របស់​បងប្អូន

សូម​ពិចារណា​អំពី​របៀប​ដែល​ដំណើរ​រឿង និង​ការ​បង្រៀន​ទាំងឡាយ​ដែល​បងប្អូន​កំពុង​អាន​នេះ​អនុវត្ត​ក្នុង​ជីវិត​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ស្រដៀងគ្នា​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​អាន ? » ឬ « តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​បុគ្គល​នៅ​ក្នុង​គម្ពីរ​នេះ​យ៉ាង​ដូចម្ដេច ? »

សួរ​សំណួរ​កាល​បងប្អូន​សិក្សា

កាល​បងប្អូន​សិក្សា​បទគម្ពីរ នោះ​សំណួរ​ជាច្រើន​អាច​កើត​មាន​ក្នុង​គំនិត​បងប្អូន ។ សំណួរ​ទាំងនេះ​អាច​ទាក់ទង​នឹង​អ្វី​ដែល​បងប្អូន​កំពុង​អាន ឬ​ទាក់ទង​នឹង​ជីវិត​របស់​បងប្អូន​ជា​ទូទៅ ។ សូម​ពិចារណា​អំពី​សំណួរ​ទាំងនេះ ហើយ​រកមើល​ចម្លើយ កាល​បងប្អូន​បន្ដ​សិក្សា​បទគម្ពីរ ។

រូបភាព
យុវវ័យកំពុង​សិក្សា​ព្រះគម្ពីរ​នៅ​ផ្ទះ

ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ

ដើម្បី​ទទួល​បាន​ការ​យល់ដឹង​បន្ថែម​អំពី​ខគម្ពីរ​ដែល​បងប្អូន​អាន សូម​ប្រើ​លេខ​យោង Topical Guide, Bible Dictionary, សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) និង​ជំនួយ​ការ​សិក្សា​ដទៃទៀត ។

ពិចារណា​អំពី​បរិបទ​នៃ​បទគម្ពីរ

បងប្អូន​អាចរកឃើញ​ការយល់ដឹង​ដ៏​មានអត្ថន័យ​អំពី​បទគម្ពីរមួយ បើ​បងប្អូន​ពិចារណា​អំពី​បរិបទ​របស់​វា—ស្ថានភាព ឬ​ទីតាំង​របស់​បទគម្ពីរ​នេះ ។ ឧទាហរណ៍ ការ​ស្គាល់​ពី​ប្រវត្តិ និង​ជំនឿ​នៃ​មនុស្ស​ដែល​ព្យាការី​បាន​និយាយ​ទៅកាន់​នោះ អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពីបំណង​នៃ​ពាក្យ​សម្ដី​របស់​លោក ។

កត់ត្រា​គំនិត និង​អារម្មណ៍​របស់​បងប្អូន

មាន​វិធី​ជាច្រើន​ដើម្បី​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​បងប្អូន​ទទួលបាន កាល​បងប្អូន​សិក្សា ។ ឧទាហរណ៍ បងប្អូន​អាច​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដ៏​មាន​អត្ថន័យ ហើយ​កត់ត្រា​គំនិត​របស់​បងប្អូន ទុក​ជា​កំណត់​ចំណាំ​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​បងប្អូន ។ បងប្អូន​ក៏​អាច​រក្សា​សៀវភៅ​កំណត់ហេតុ​អំពី​ការយល់ដឹង អារម្មណ៍ និង​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួល​ផងដែរ ។

សិក្សា​ប្រសាសន៍​របស់​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ

សូម​អាន​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន​អំពី​គោលការណ៍​នានា ដែល​បងប្អូន​បាន​រកឃើញ​នៅក្នុង​ព្រះ​គម្ពីរ ( ឧទាហរណ៍ សូមមើល​គេហទំព័រ conference.ChurchofJesusChrist.org និង ទស្សនាវដ្ដី​សាសនាចក្រ ) ។

ចែកចាយ​ពី​ការយល់ដឹង

ការពិភាក្សា​អំពី​ការ​យល់​ដឹង​មក​ពី​ការ​សិក្សា​ផ្ទាល់ខ្លួន​របស់​បងប្អូន គឺ​ពុំ​គ្រាន់​តែ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្រៀន​អ្នកដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការសិក្សា​នេះ​ក៏​ជួយ​ពង្រឹង​ដល់​ការ​យល់ដឹង​របស់​បងប្អូន​អំពី​អ្វី​ដែល​បងប្អូន​បាន​អាន​ផងដែរ ។

រស់នៅ​តាម​អ្វី​ដែល​បងប្អូន​បាន​រៀន

ការ​សិក្សា​ព្រះគម្ពីរ​ពុំ​គួរ​គ្រាន់​តែ​សម្រាប់​បំផុស​គំនិត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​គួរតែ​ដឹកនាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​របៀប​ដែល​យើង​រស់នៅផងដែរ ។ សូម​ស្ដាប់​អ្វី​ដែល​ព្រះវិញ្ញាណ​បំផុស​ឲ្យ​បងប្អូន​ធ្វើ នៅពេល​បងប្អូន​អាន រួច​ហើយ​សូម​ប្តេជ្ញា​ចិត្ត​ធ្វើ​តាម​ការបំផុសគំនិត​ទាំងនោះ ។

អែលឌើរ ដាវីឌ អេ បែដណា បាន​មាន​ប្រសាសន៍ ៖ « យើង​ពុំ​គួរ​រំពឹង​ថា សាសនាចក្រ​គឺជា​អង្គការ​មួយ​ដែល​បង្រៀន ឬ​ប្រាប់​យើង​នូវ​អ្វី​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ដឹង និង​ធ្វើ​ដើម្បី​ក្លាយ​ជា​សិស្ស​ស្មោះត្រង់ ហើយ​ស៊ូទ្រាំ​ដោយ​ក្លាហាន​ដល់​ទីបញ្ចប់​នោះទេ [ សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:២៩ ] ។ ផ្ទុយ​ទៅវិញ ការទទួលខុសត្រូវ​ផ្ទាល់​របស់​យើង​គឺ​ត្រូវ​រៀន​អ្វី​ដែល​យើង​គួរ​រៀន រស់នៅ​តាម​អ្វី​ដែល​យើង​ដឹង​ថា យើង​គួរ​រស់នៅ​តាម ហើយ​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​លោកចៅហ្វាយ​ចង់​ឲ្យ​យើង​ប្រែក្លាយ ។ ហើយ​គេ​ហដ្ឋាន​របស់​យើង​គឺ​ជាកន្លែង​ប្រសើរ​បំផុត​ដែល​បាន​រៀបចំ​សម្រាប់​ការ​រៀនសូត្រ ការរស់នៅ​តាម និង​ការប្រែក្លាយ​ជា » ( « Prepared to Obtain Every Needful Thing » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០២ ) ។