ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា៖ « ដំណើរ​របស់​ទ្រង់​មាន​តាំង​ពីបុរាណ​មក »


« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា៖ ‹ ដំណើរ​របស់​ទ្រង់​មាន​តាំង​ពីបុរាណ​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ ។ ណាហ៊ុម; ហាបាគុក; សេផានា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះ​យេស៊ូវ​កំពុង​ទតមើល​ផ្កាយ

« ដំណើរ​របស់​ទ្រង់​មាន​តាំង​ពីបុរាណ​មក » ( ហាបាគុក ៣:៦ ) ។ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ដោយ អ៊ីវ៉ា ធីម៉ូធី

ថ្ងៃទី ២៨ ខែ វិច្ឆិកា–ថ្ងៃទី ៤ ខែ ធ្នូ

ណាហ៊ុម; ហាបាគុក; ចសេផានា

« ដំណើរ​របស់​ទ្រង់​មាន​តាំង​ពីបុរាណ​មក »

បងប្អូន​អាច​សិក្សា​ព្រះគម្ពីរ​អស់​មួយ​ជីវិត ហើយ​នៅតែ​ទទួល​បាន​ការយល់​ដឹង​ថ្មីៗ​ទៀត ។ សូម​កុំ​មាន​អារម្មណ៍​ថា បងប្អូន​ត្រូវ​យល់​អ្វី​គ្រប់​យ៉ាង​ពេល​ឥឡូវ​នេះ​ឡើយ ។ សូម​អធិស្ឋាន​ទូល​សូម​ជំនួយ​ដើម្បី​ដឹង​ពី​សារលិខិត​ដែល​បងប្អូន​ត្រូវ​ការ​នៅ​ថ្ងៃនេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ជារឿយៗ ការអាន​ព្រះគម្ពីរ​សញ្ញា​ចាស់​មានន័យ​ថា បងប្អូន​កំពុង​អាន​ការព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ ។ ជា​ញឹកញាប់ ព្រះអម្ចាស់​បាន​ហៅ​ពួក​ព្យាការី​ឲ្យ​ព្រមាន​ដល់​ជន​ទុច្ចរិត ថា​ការជំនុំ​ជម្រះ​របស់ទ្រង់​បាន​កើត​មាន​ចំពោះ​ពួកគេ ។ ការងារបម្រើ​របស់​ណាហ៊ុម ហាបាគុក និង​សេផានា គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ ។ ព្យាការី​ទាំងនេះ​បាន​ប្រាប់ជាមុន​នូវ​រឿង​លម្អិត​ដ៏​គួរ​ឲ្យ​ខ្លាច​ពី​ទីក្រុង​ដែល​នឹង​ត្រូវ​វិនាស ដែល​ទីក្រុង​ទាំងនោះ​ហាក់​ដូចជា​រឹងមាំ និង​ខ្លាំងក្លា​នាពេល​នោះ—ក្រុង​នីនីវេ ក្រុង​បាប៊ីឡូន និង​សូម្បីតែ​ក្រុង​យេរូសាឡិម​ក្តី ។ ប៉ុន្តែ រឿងនោះគឺ​កន្លងទៅ​ជាង​រាប់ពាន់​ឆ្នាំ​មកហើយ ។ ហេតុអ្វី​វា​មាន​តម្លៃ​ដើម្បី​អាន​ពី​ការព្យាករទាំង​នេះ​នៅ​សព្វថ្ងៃ​នេះ ?

ទោះបីជា​ទីក្រុង​ដ៏​ឆ្មើងឆ្មៃ ទុច្ចរិត​ទាំងនោះ​ត្រូវបាន​បំផ្លាញ​ទៅ​ក្តី ក៏​ការឆ្មើងឆ្មៃ និង​អំពើ​ទុច្ចរិត​នៅតែ​មាន​ដដែល ។ នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ នៅពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​អំពើ​អាក្រក់ ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​ពួកព្យាការី​ពីបុរាណ ។ យើង​ថែមទាំង​អាច​មើលឃើញ​ដាន​របស់​វា​នៅក្នុង​ដួងចិត្ត​យើង​ផង​ដែរ ។ ការព្យាករទាំង​នេះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​បើកសម្តែង​ពីរបៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​អំពី​ការឆ្មើងឆ្មៃ និង​អំពើទុច្ចរិត ហើយវា​បង្រៀន​យើង​ថា យើង​អាចងាក​ចេញពី​អំពើអាក្រក់​ទាំងនេះ​បាន ។ ប្រហែល​នោះ​ជាមូលហេតុ​មួយ​ដែល​យើង​នៅតែ​អាន​ការព្យាករ​ពី​បុរាណ​ទាំងនេះ​នៅ​សព្វថ្ងៃ​នេះ ។ ណាហ៊ុម ហាបាគុក សេផានា និង​អ្នក​ដទៃ​ទៀត​ពុំមែន​គ្រាន់តែ​ជា​ពួកព្យាការី​ដែល​ព្យាករ​តែ​ពី​ការវិនាស​នោះទេ—ពួកលោក​ក៏​ជា​ព្យាការី​នៃ​ការរំដោះ​ផងដែរ ។ ការពិពណ៌នា​ពី​ការបំផ្លិច​បំផ្លាញ​រាង​ចុះថយ​ដោយ​ការអញ្ជើញ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ដើម្បី​ទទួល​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ៖ « ចូរ​ស្វែងរក​ទ្រង់ ចូរ​ស្វែងរក​សេចក្តី​សុចរិត ចូរ​ស្វែងរក​សេចក្តី​សុភាព​ចុះ » ( សេផានា ២:៣ ) ។ នេះ​គឺជា​របៀប​របស់​ព្រះអម្ចាស់​កាល​ពី​បុរាណ និង​ជា​របៀប​របស់​ទ្រង់​នៅ​សម័យ​នេះ។ « ដំណើរ​របស់​ទ្រង់​មាន​តាំង​ពីបុរាណ​មក » ( ហាបាគុក ៣:៦ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ទាំង​នេះ សូមមើល « ណាហ៊ុម » « ហាបាគុក » និង « សេផានា » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ណាហ៊ុម ១

ព្រះអម្ចាស់​មាន​ទាំង​ព្រះចេស្ដា និង​សេចក្ដីមេត្តា​ករុណា ។

បេសកកម្ម​របស់​ណាហ៊ុម​គឺ​ដើម្បី​ប្រាប់​ទុក​ជា​មុន​អំពី​ការ​បំផ្លិច​បំផ្លាញ​នៃ​ក្រុង នីនីវេ—ជា​រាជធានី​នៃ​ស្រុក​អាសស៊ើរ​ដែល​ជា​ចក្រភព​ដ៏​ឃោរឃៅ ដែល​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​បែកខ្ញែកគ្នា និង​បាន​ធ្វើ​បាប​សាសន៍​យូដា​យ៉ាង​ឃោរឃៅ ។ ណាហ៊ុម​បាន​ចាប់ផ្ដើម​ដោយ​រៀបរាប់​ពី​សេចក្ដី​ក្រោធខឹង និង​ព្រះចេស្ដា​ដ៏​គ្មាន​គូ​ផ្ទឹម​របស់​ព្រះ ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​អំពី​សេចក្ដីមេត្តា​ករុណា និង​សេចក្ដីល្អ​របស់​ព្រះ​ដែរ ។ បងប្អូន​អាច​ពិចារណា​កំណត់​ពី​ខគម្ពីរ​នៅក្នុង ជំពូក​១ ដែល​ជួយ​បងប្អូន​ឲ្យ​យល់ដឹង​ពី​គុណលក្ខណៈ​នីមួយៗទាំងនេះ—និង​គុណលក្ខណៈ​ផ្សេងទៀត​អំពី​ព្រះ​ដែល​បងប្អូន​សម្គាល់​ឃើញ ។ ហេតុអ្វីបាន​ជា​បងប្អូន​គិត​ថា វាមាន​សារៈសំខាន់​ដើម្បី​ដឹង​រឿង​ទាំង​នេះ​អំពី​ព្រះអម្ចាស់ ?

មនុស្សមួយ​ចំនួន​អាច​គិត​ថា វាគឺជា​រឿង​ដ៏​ពិបាក​ដើម្បី​ផ្សះផ្សា​ការបង្រៀន​នៅ​ក្នុង​បទគម្ពីរ​ថា « ព្រះយេហូវ៉ា​ទ្រង់​ល្អ » ( ណាហ៊ុម ១:៧ ) ជាមួយ​នឹង​ការបង្រៀន​ថា​ទ្រង់ « រក្សា​ទុក​នូវ​សេចក្តី​ក្រោធ​សម្រាប់​ពួក​ខ្មាំងសត្រូវ » ( ណាហ៊ុម ១:២ ) ។ នៅក្នុង​ព្រះគម្ពីរមរមន កូនប្រុស​របស់​អាលម៉ា កូរីអានតុន មាន​សំណួរ​ស្រដៀង​គ្នា​នេះ « ស្ដី​អំពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ក្នុង​ការធ្វើ​ទោស​ដល់​ជន​ដែល​មាន​បាប » ( អាលម៉ា ៤២:១ ) ។ ដើម្បីរៀនបន្ថែមទៀត​អំពី​សេចក្ដីមេត្តា​ករុណា​របស់​ព្រះ និង​របៀប​ដែល​វា​ទាក់ទង​នឹង​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់ សូមអាន​ចម្លើយ​របស់​អាលម៉ា​ទៅកាន់ កូរីអានតុន នៅក្នុង អាលម៉ា ៤២ ។

រូបភាព
បន្ទាយថ្ម

« ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំមួន​នៅ​គ្រា​លំបាក » ( ណាហ៊ុម ១:៧ ) ។

ហាបាគុក

ខ្ញុំអាចទុកចិត្ត​លើ​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​កាលវេលា​របស់​ទ្រង់ ។

ពេលខ្លះ​សូម្បីតែ​ពួកព្យាការី​ក៏​មាន​សំណួរអំពី​របៀប​របស់​ព្រះអម្ចាស់​ដែរ ។ ហាបាគុក​ដែល​រស់នៅគ្រា​នៃ​ការ​រីករាលដាល​ដ៏​ធំ​នៃ​សេចក្ដី​ទុច្ចរិត​នៅ​ស្រុក​យូដា បាន​ចាប់ផ្ដើម​កំណត់ត្រា​របស់​លោក​ជាមួយ​នឹង​សំណួរ​ទៅ​កាន់​ព្រះអម្ចាស់ ( សូមមើល ហាបាគុក ១:១–៤ ) ។ តើ​បងប្អូន​នឹង​សង្ខេប​ពីកង្វល់​របស់​ហាបាគុក​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​ធ្លាប់មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ដែរ​ឬទេ ?

ព្រះអម្ចាស់​បាន​តប​ទៅនឹង​សំណួរ​របស់​ហាបាគុក ដោយមាន​បន្ទូល​ថា ទ្រង់​នឹង​ចាត់​សាសន៍​ខាល់ដេ ( ពួក​បាប៊ីឡូន ) ឲ្យ​ដាក់​ទោស​ដល់​សាសន៍​យូដា ( សូមមើល ហាបាគុក ១:៥–១១ ) ។ ប៉ុន្តែ​ហាបាគុក​នៅ​តែ​ខ្វល់​ក្នុង​ចិត្ត ពីព្រោះ​វា​ហាក់​ដូចជាអយុត្តិធម៌​ ដោយសារព្រះអម្ចាស់​ឈរចាំ​មើល « កាល​ដែល​ពួកអ្នក [ បាប៊ីឡូន ] អាក្រក់​លេប​មនុស្ស [ សាសន៍​យូដា ] ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ » ( សូមមើល ខទី ១២–១៧ ) ។ តើ​បងប្អូន​រក​ឃើញអ្វីខ្លះ​នៅ​ក្នុង ហាបាគុក​ ២:១–៤ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ពេល​ដែល​បងប្អូន​មាន​សំណួរ​ដែល​គ្មាន​ចម្លើយ​នោះ ?

ជំពូក​ទី ៣ នៃ​ហាបាគុក​គឺជា​ការអធិស្ឋាន​សរសើរ​តម្កើង​ព្រះ និង​ការ​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។ តើ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ​អំពី​ពាក្យ​ពេចន៍​របស់​ហាបាគុក​នៅ​ក្នុង ខទី ១៧–១៩ ? តើសូរ​នៃ​ខគម្ពីរ​ទាំង​នេះ​ខុស​ប្លែក​ពី ហាបាគុក ១:១–៤ យ៉ាង​ដូចម្ដេច ? សូមពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​អភិវឌ្ឍ​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​ជាង​នេះ​លើ​ព្រះ ទោះ​ជាពេល​ដែល​ជីវិត​ទំនង​ជា​មាន​ភាព​អយុត្តិធម៌​ក្ដី ។

សូមមើល​ផង​ដែរ ហេព្រើរ ១០:៣២–៣៩; ១១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១–៦; រ៉ូប៊ឺត ឌី ហែល « Waiting upon the Lord: Thy Will Be Done » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧១–៧៤ ។

សេផានា

« អស់​អ្នក​រាបសា​នៅ​ផែនដី ចូរ​ស្វែង​រក​ទ្រង់ » ។

សេផានា​បាន​ព្យាករ​ថា ប្រជាជនយូដា​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង​ដោយ​ពួក​បាប៊ីឡូន ដោយសារ​តែ​សេចក្ដីទុច្ចរិត​របស់​ពួកគេ ។ « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​នឹង​រំលីង​របស់ទាំង​អស់​ឲ្យ​បាត់​ពី​លើ​ផែនដីទៅ » ( សេផានា ១:២ ) ។ ហេតុដូច្នេះហើយ សេផានា​ក៏​ថ្លែង​ថា « ពួក​សំណល់ » មួយ​នឹង​ត្រូវ​បាន​រក្សា​ទុក ( សេផានា ៣:១៣ ) ។ នៅពេល​បងប្អូន​អាន​ការព្យាករ​ទាំងនេះ សូម​កត់​សម្គាល់​ពី​ប្រភេទ​ឥរិយាបថ និង​អាកប្បកិរិយា​ដែល​បាន​បណ្តាល​ឲ្យ​សាសន៍​យូដា និង​ក្រុម​ដទៃទៀត​ឈាន​ដល់​ការ​បំផ្លិច​បំផ្លាញ—ជាពិសេស សូមមើល សេផានា ១:៤–៦, ១២; ២:៨, ១០, ១៥; ៣:១–៤ ។ បន្ទាប់មក សូម​រកមើល​បុគ្គលិក​លក្ខណៈ​របស់​ប្រជាជន​ដែល​ព្រះ​នឹង​រក្សា​ទុក—សូមមើល សេផានា ២:១–៣; ៣:១២–១៣, ១៨–១៩ ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​មាន​ព្រះ​រាជសារ​អ្វីខ្លះ​ដល់​បងប្អូន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

សេផានា ៣:១៤–២០ ពិពណ៌នា​ពី​អំណរ​នៃ​មនុស្ស​សុចរិត បន្ទាប់​ពី​ព្រះអម្ចាស់ « បាន​បោះ​ខ្មាំងសត្រូវ​របស់​ឯង​ចេញ » ( ខទី ១៥ ) ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​បាន​សន្យា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បងប្អូន​ចាប់​អារម្មណ៍ ? ហេតុអ្វី​វា​សំខាន់​ចំពោះ​បងប្អូន​ដើម្បី​ដឹង​អំពី​ពរជ័យ​ទាំង​នេះ ? បងប្អូន​អាច​ប្រៀបធៀប​ខគម្ពីរ​ទាំង​នេះ​ទៅ​នឹង​បទពិសោធន៍​ដែល​បាន​រៀបរាប់​នៅ​ក្នុង នីហ្វៃទី​៣ ១៧ ហើយ​ពិចារណា​ពី​ព្រះទ័យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​រាស្ត្រ​ទ្រង់—រួម​ទាំង​បងប្អូន​ផងដែរ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ណាហ៊ុម ១:៧ ។តើ​ព្រះអម្ចាស់​ប្រៀបបាន​នឹង « ទីពឹង​មាំមួន » យ៉ាង​ដូចម្ដេច ? ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​សង់​ទី ឬ​បន្ទាយ​សាមញ្ញ​មួយ​នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន ហើយ​ពិភាក្សា​អំពី ណាហ៊ុម ១:៧ កាល​នៅ​ក្នុង​បន្ទាយ​នោះ ។ តើអ្វីទៅ​ដែល​ធ្វើ​ឲ្យ​គ្រា​របស់​យើង​ក្លាយ​ជា « គ្រាលំបាក » ? តើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ពង្រឹង​ដល់​យើង​យ៉ាង​ដូចម្ដេច ? តើ​យើង​បង្ហាញ​ថា​យើង « យក​ទ្រង់​ជា​ទីពឹង » យ៉ាង​ដូចម្ដេច ?

ហាបាគុក ២:១៤ ។តើ​យើង​អាច​ជួយ​បំពេញ​ការ​ព្យាករ​នៅ​ក្នុង​ខគម្ពីរ​នេះ​យ៉ាង​ដូចម្ដេច ?

ហាបាគុក ៣:១៧–១៩ ។តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​ហាបាគុក​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

សេផានា ២:៣ ។បងប្អូន​អាច​លេង​ល្បែង​កម្សាន្ត​មួយ ដែល​សមាជិក​គ្រួសារ​ត្រូវ​ស្វែង​រក​ពាក្យ « សេចក្ដី​សុចរិត » និង « សេចក្ដី​សុភាព » នៅ​លើ​ក្រដាស​មួយ​ទំព័រ​ដែល​មាន​ពាក្យ​ច្រើន​ផ្សេង​គ្នា ។ បន្ទាប់​មក ពួកគេ​អាច​ពិភាក្សា​អំពី​គំរូ​នៃ​សេចក្ដីសុចរិត និង​សេចក្ដីសុភាព​ដែល​ពួកគេ​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​គ្រួសារ ។ តើ​ការ​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សុភាព​មាន​ន័យ​ដូចម្ដេច ?

សេផានា ៣:១៤–២០ ។តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង សេផានា ៣:១៤–២០ ដែល​ធ្វើ​ឲ្យ​យើង​ចង់ « ច្រៀង … អរ​សប្បាយ ហើយ​រីករាយ​ឲ្យអស់​អំពី​ចិត្ត » ? ប្រហែលជា​គ្រួសារ​របស់​បងប្អូន​អាច​ច្រៀង​ទំនុក​តម្កើង ឬ​ចម្រៀង​ដែល​ពួកគេ​នឹក​ឃើញ នៅ​ពេល​ពួកគេ​អាន​ខគម្ពីរ​ទាំងនេះ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ស្វែងរក​ព្រះអម្ចាស់​ពី​ក្មេង » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៧ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

មាន​ចិត្ត​អត់ធ្មត់ ។ ពេលខ្លះ យើង​ចង់​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង​ភ្លាមៗ ប៉ុន្តែការ​យល់ដឹង​ខាង​វិញ្ញាណ​ត្រូវការ​ពេលវេលា ហើយ​មិន​អាច​បង្ខំបាន​ឡើយ ។ ដូចដែល​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ហាបាគុក​ថា « ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ » ( ហាបាគុក ២:៣ ) ។

រូបភាព
ព្រះយេស៊ូវ​យាង​ចុះ​មក ហើយ​បំពាក់​ដោយ​ព្រះពស្ដ​ពណ៌​ក្រហម

« ព្រះយេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ » ( សេផានា ៣:១៧ ) ។ ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី អ័រ សៅអើរ