ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃ​ទី ២៥–៣១ ខែ កក្កដា ។ នាងអេសធើរ ៖ « ព្រះនាង​បាន​តាំង​ឡើង … សម្រាប់​ពេល​នេះ​ឯង »


« ថ្ងៃ​ទី ២៥–៣១ ខែ កក្កដា ។ នាង​អេសធើរ ៖ ‹ ព្រះនាង​បាន​តាំង​ឡើង … សម្រាប់​ពេល​នេះ​ឯង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ២៥–៣១ ខែ កក្កដា ។ នាង​អេសធើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
នាង​អេសធើរ​កំពុង​អធិស្ឋាន

នាង​អេសធើរ ដោយ ជេមស៍ ចនសុន

ថ្ងៃ​ទី ២៥–៣១ ខែ កក្កដា

នាង​អេសធើរ

« ព្រះនាង​បាន​តាំង​ឡើង … សម្រាប់​ពេល​នេះ​ឯង »

នៅពេល​បងប្អូន​អាន​នាង​អេសធើរ សូមស្វែងរក​ការបំផុសគំនិត​ពីព្រះវិញ្ញាណ​ដែល​ត្រូវនឹងបងប្អូន ហើយ​សូមកត់ត្រា​ចំណាប់អារម្មណ៍​ដែល​បងប្អូន​ទទួលបាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ព្រឹត្តិការណ៍​ជាច្រើន​នៅក្នុង​គម្ពីរ​នាង​អេសធើរ ហាក់​ដូចជា​រឿង​សំណាង ឬ ចៃដន្យ ។ តើ​បងប្អូន​ពន្យល់​ពី​របៀប​ដែល​ក្មេងស្រី​កំព្រា​សាសន៍​យូដា​ម្នាក់​បានក្លាយ​ជា​ម្ចាស់ក្សត្រី​របស់​ពើស៊ី ក្នុងពេល​ដ៏ត្រឹមត្រូវ​ដើម្បី​សង្គ្រោះ​ប្រជារាស្រ្ត​របស់នាង​រួច​ពី​ការសម្លាប់​យ៉ាង​ដូចម្តេច ? តើ​ឱកាស​អ្វីខ្លះ​ទៅ​ដែល ម៉ាដេកាយ ជា​ជីដូន​មួយ​របស់​ព្រះនាង​អេសធើរ​បាន​ឮ​ពី​គម្រោងការ​ធ្វើ​ឃាត​ស្តេច​ដោយចៃដន្យ ? តើ​អ្វីៗ​ទាំងនេះ​ជារឿង​ចៃដន្យ ឬ​ក៏​ជា​ចំណែក​នៅ​ក្នុង​ផែនការ​ដ៏​ទេវភាព​មួយ ? អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ថ្លែង ៖ « អ្វី​ដែល​មើលទៅ​ដូចជា​ឱកាស​ចៃដន្យ​គឺ​តាមពិត​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ព្រះវរបិតា​ពេញ​ដោយ​សេចក្ដីស្រឡាញ់​ដែល​គង់​នៅ​ស្ថានសួគ៌ ។ … ព្រះអម្ចាស់​ស្ថិត​ក្នុង​ភាព​លម្អិត​នៅក្នុង​ជីវិត​របស់​យើង » ( « By Divine Design » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៦ ) ។ យើង​ប្រហែល​ជា​មិន​ស្គាល់​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅក្នុង « ភាពលម្អិត » ទាំងនេះ​ទេ ។ ប៉ុន្តែ​យើង​បាន​រៀន​ពី​បទពិសោធន៍​របស់​ព្រះនាង​អេសធើរ ថា​ទ្រង់​អាច​ដឹកនាំ​យើង​នៅលើ​ផ្លូវ​របស់យើង និង​រៀបចំ​យើង « សម្រាប់​ពេល​នេះ​ឯង » ( នាងអេសធើរ ៤:១៤ ) នៅពេល​យើង​អាច​ធ្វើជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ទ្រង់​ដើម្បីបំពេញ​ព្រះរាជបំណង​របស់ទ្រង់ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​នាងអេសធើរ សូម​មើល « នាងអេសធើរ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នាង​អេសធើរ

ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជាឧបករណ៍​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នកដទៃ ។

ស៊ីស្ទើរ អាន ស៊ី. ភីនហ្គ្រី បានបង្រៀនថា « ការក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះ​ហស្ត​របស់ព្រះ គឺជា​ឯកសិទ្ធិ​ដ៏អស្ចារ្យ​មួយ និង​ជា​ការទទួលខុសត្រូវ​ដ៏ពិសិដ្ឋ ។ ទោះបី​យើងរស់នៅ​កន្លែងណា​ក៏ដោយ ទោះ​កាលៈទេសៈ​របស់យើង​យ៉ាងណាក៏ដោយ មិនថា​ស្ថានភាព​អាពាហ៍ពិពាហ៍ ឬ​អាយុ​របស់​យើង​ប៉ុណ្ណា​នោះទេ ព្រះអម្ចាស់​ត្រូវការ យើង​ម្នាក់ៗ ដើម្បី​បំពេញ​ផ្នែក​ដ៏ពិសេស [ របស់យើង ] នៅក្នុង​ការស្ថាបនា​នគរ​របស់ទ្រង់​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ » ( « Knowing the Lord’s Will for You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១១២ ) ។

ខណៈដែល​បងប្អូនអាន​ដំណើររឿង​របស់​ព្រះនាង​អេសធើរ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​សេចក្តីថ្លែងការណ៍​នេះ​អនុវត្ត​ចំពោះ​ព្រះនាង ។ សូមស្វែងរក​មធ្យោបាយ​ដែល​ព្រះអម្ចាស់​បានធ្វើ​ឲ្យ​ព្រះនាង​អាច​សង្គ្រោះ​សាសន៍​យូដា​របស់​ព្រះនាង​បាន ( សូមមើល ឧទាហរណ៍ នាងអេសធើរ ២:២១–២៣; ៣:១០–១៤; ៤:១៤–១៦ ) ។ បន្ទាប់មក សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ទ្រង់​បាន​ដឹកនាំ​ជីវិត​បងប្អូន​តាមរបៀប​ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​ផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ ។ តើ​កាលៈទេសៈ ឬ​ទំនាក់ទំនង​អ្វីខ្លះ ដែល​បងប្អូន​មានអារម្មណ៍ថា ទ្រង់​បានដឹកនាំ​បងប្អូន « សម្រាប់​ពេល​នេះ​ឯង » ? ( នាងអេសធើរ ៤:១៤ ) ។ ប្រសិនបើ​បងប្អូន​មានពរជ័យ​លោក​អយ្យកោ សូម​ពិចារណា​អាន​វា​ដើម្បី​រៀន​បន្ថែមទៀត​អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​មាន​ឲ្យ​បងប្អូន​ធ្វើ ។

នាងអេសធើរ ៣; ៥:៩–១៤

អំនួត និង​កំហឹង​អាច​ដឹកនាំ​ទៅរក​ការធ្លាក់ចុះ ។

នៅក្នុង​គម្ពីរ​នាងអេសធើរ យើង​បានរៀន​ពី​នាងអេសធើរ និង​ម៉ាដេកាយ​ដ៏ស្មោះត្រង់ ក៏ដូចជា​អំនួត និង​កំហឹង​របស់​ហាម៉ាន ដែរ ។ កាល​បងប្អូន​អាន នាងអេសធើរ ៣; ៥:៩–១៤ សូមពិចារណា​ការកត់ចំណាំ​អារម្មណ៍ ពាក្យសម្ដី និង​ទង្វើ​របស់​ហាម៉ាន ។ តើ​ពួកគេ​បាន​បង្ហាញ​អ្វីខ្លះ​អំពីគាត់ និង​ការជំរុញ​ចិត្ត​របស់​គាត់ ? តើ​គាត់​បាន​ប្រឈមមុខ​នឹង​ផលវិបាក​អ្វីខ្លះ ? ( សូមមើល នាងអេសធើរ ៧ ) ។ ការអាន​អំពី​ហាម៉ាន អាច​លើកទឹកចិត្ត​បងប្អូន​ឲ្យ​វាយតម្លៃ​អ្វី​ដែល​ជំរុញ​អារម្មណ៍ និង​ទង្វើ​របស់​បងប្អូន ។ តើ​បងប្អូន​បានបំផុសគំនិត​ឲ្យ​ធ្វើ​ការផ្លាស់ប្តូរដែរ​ឬ​ទេ ? តើ​បងប្អូន​អាច​ងាក​ទៅរក​ជំនួយ​របស់​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ សុភាសិត ១៦:៣២; អាលម៉ា ៥:២៨ ។

នាងអេសធើរ ៣–៤; ៥:២–៣; ៨:១១–១២

ការតមអាហារ​បង្ហាញ​ពីការ​ពឹងផ្អែក​របស់​ខ្ញុំ​លើ​ព្រះអម្ចាស់ ។

សូម​កត់សម្គាល់​ពី​លក្ខខណ្ឌ​ដែល​បានដឹកនាំ​ព្រះនាង​អេសធើរ និង​សាសន៍​យូដា​ដទៃ​ទៀត​ឲ្យ​ធ្វើការ​តមអាហារ ( សូមមើល នាងអេសធើរ ៣:១៣; ៤:១–៣, ១០–១៧ ) ។ តើ​ការតមអាហារ​គឺ​ជា​ពរជ័យ​សម្រាប់​ពួកគេ​យ៉ាងដូចម្តេច ? ( សូមមើល នាងអេសធើរ ៥:២–៣; ៨:១១–១២ ) ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ឲ្យ​តមអាហារ ? សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​អាចធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ការតមអាហារ​ក្លាយ​ជាពរ​ដ៏​មហិមា​នៅក្នុង​ជីវិត​របស់បងប្អូន ?

សូមមើល អេសាយ ៥៨:៦–១២; ម៉ាថាយ ៤:១–៤; ១៧:១៤–២១ «Fasting: Young Single Adult Ward, Amanda» (video) គេហទំព័រ ChurchofJesusChrist.org ។

នាងអេធើរ ៣:១–១១; ៤:១០–១៧; ៥:១–៤

ការធ្វើ​រឿង​ដែល​ត្រឹមត្រូវ ជាញឹកញាប់​តម្រូវ​ឲ្យ​មាន​ភាពក្លាហាន​ខ្ពស់ ។

នៅពេល ម៉ាដេកាយ និង​ព្រះនាង​អេសធើរ ក្រោក​ឈរ​ការពារ​ជំនឿ​របស់​ខ្លួន នោះ​ព្រះនាង និង​គាត់​បាន​ដាក់​ព្រះជន្ម និង​ជីវិត​របស់ គាត់ទៅ​ក្នុង​ហានិភ័យ ។ ការជ្រើសរើស​របស់​យើង​មាន​ផលវិបាក​ដែល​អាច​មិនសូវ​ធ្ងន់ធ្ងរ ប៉ុន្តែ​ការធ្វើ​រឿង​ត្រឹមត្រូវ​អាច​នៅតែ​ទាមទារ​សេចក្តីក្លាហាន​ដដែល ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​មក​ពី នាងអេសធើរ ៣:១–៤; ៤:១០–១៧ អំពីការ​មានសេចក្តី​ក្លាហាន​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ? សូម​កត់សម្គាល់​ផលវិបាក​ខុសគ្នា​ដែល ម៉ាដេកាយ និង​ព្រះនាង​អេសធើរ បានឆ្លងកាត់ បន្ទាប់ពី​បង្ហាញ​សេចក្តីក្លាហាន ( សូមមើល នាងអេសធើរ ៣:៥–១១; ៥:១–៤ ) ។ តើ​មនុស្ស​ម្នាក់​នឹង​ត្រូវ​ការ​ធ្វើ​អ្វីខ្លះ​ដើម្បី​ដឹង​អំពី​ព្រះ ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​ព្រះនាង​អេសធើរ និង​ម៉ាដេកាយ បានធ្វើ—ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ទោះ​បី​ជា​មាន​ផលវិបាក​អ្វី​ក៏​ដោយ​នោះ ?

នៅពេល​ក្រោយ​ដែល​បងប្អូន​ពិចារណា​ផលវិបាក​នៃ​ការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ នោះ​បងប្អូន​អាច​អនុវត្ត​ព្រះបន្ទូល​ដ៏​ក្លាហាន​របស់​ព្រះនាង​អេសធើរ នៅក្នុង នាងអេសធើរ ៤:១៦ ទៅនឹង​ស្ថានភាព​ផ្ទាល់​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​និយាយ​ទៅកាន់​ខ្លួន​ឯង​ថា « នៅពេល​ខ្ញុំ​ជ្រើសរើស​ត្រឹមត្រូវ ប្រសិនបើ ខ្ញុំ [ បាត់បង់​មិត្តភក្តិ ] ខ្ញុំ [ បាត់បង់​មិត្តភក្តិ ] » ។

សូមមើល​ផងដែរ ថូម៉ាស អេស ម៉នសុន «May You Have Courage» Liahona, ខែ ឧសភា ឆ្នាំ ២០០៩​ ទំព័រ ១២៣–២៧ ។

រូបភាព
នាង​អេសធើរ និង ស្តេច

នាង​អេសធើរ​នៅចំពោះ​មុខស្តេច​ដោយ មីននេវ៉ា ខេ តៃចិត

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នាងអេសធើរ ១–១០ ។បន្ទាប់ពី​មើល​ដំណើរ​រឿង​នៃ​នាង​អេសធើរ ហើយ ( សូមមើល « ម្ចាស់ក្សត្រី​អេសធើរ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់  ក្រុមគ្រួសារ​របស់បងប្អូន​អាច​រីករាយ​នឹង​ការ​ធ្វើ​តុក្កតា​អាយ៉ង​សាមញ្ញៗ​ពី​តួអង្គទាំងឡាយ ( សូមមើល ទំព័រ​សកម្មភាព​សប្តាហ៍​នេះ នៅក្នុង ចូរ​មកតាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ) ។ បន្ទាប់មក​ពួកគេ​អាច​ប្រើ​តុក្កតា​អាយ៉ង​ទាំងនោះ​ដើម្បី​ប្រាប់​ពី​ដំណើរ​រឿង​ឡើងវិញ ។ បងប្អូន​ក៏អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ភាពក្លាហាន និង​សេចក្តីពិត ដូចជា « ហ៊ាន​នឹង​ធ្វើ​ត្រូវ » ជាមួយគ្នា ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨០ ) ឬ « ធ្វើ​អ្វី​ដែល​ត្រូវ » (ទំនុក​តម្កើង ល.រ. ១៤៧ ) ។ តើ​ពាក្យ​អ្វី​នៅ​ក្នុង​បទចម្រៀង​នេះ​ដែល​រំឭក​យើង​ពី​ព្រះនាង​អេសធើរ ?

នាងអេសធើរ ២:៥–៧ ។តើ​យើង​អាច​រៀន​អ្វី​ចេញ​ពី​គំរូ​របស់​ម៉ាដេកាយ អំពី​ការ​ជួយ​សមាជិក​គ្រួសារ​នៅក្នុង​គ្រា​លំបាក ? តើ​នរណា​នៅក្នុង​ក្រុមគ្រួសារ​​ដែល​ត្រូវការ​ជំនួយ​របស់យើង ? សូម​ដាក់​ផែនការ​ដើម្បី​ជួយ​ពួកគេ ?

នាងអេសធើរ ៤:១៥–១៧ ។សេចក្តីក្លាហាន​របស់​ព្រះនាង​អេសធើរ អាច​បំផុស​គំនិត​ដល់​ក្រុមគ្រួសារ​របស់​បងប្អូន​ឲ្យ​ពិភាក្សា​ពី​របៀប​ដើម្បី​អភិវឌ្ឍ​សេចក្តី​ក្លាហាន ដើម្បី​ឈរ​ការពារ​សេចក្តីពិត​នៅក្នុង​ស្ថានភាព​ដែល​ពួកគេ​ជួបប្រទះ ។ តើ​ព្រះនាង​អេសធើរ​មានន័យ​ដូចម្តេច​ដែល​មានព្រះបន្ទូល​ថា « បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ » ? តើ​ព្រះបន្ទូល​របស់​ព្រះនាង​អនុវត្ត​ចំពោះយើង​យ៉ាង​ដូច​ម្ដេច​ដែរ នៅពេល​យើង​ត្រូវការ​ភាពក្លាហាន ?  វីដេអូ « Courage » ( ChurchofJesusChrist.org ) ផ្តល់​នូវ​គំរូ​មួយ​ចំនួន ។

នាងអេសធើរ ៩:២៦–៣២ ។ពិធីបុណ្យ​ពោរ​របស់​សាសន៍​យូដា ត្រូវបាន​បង្កើតឡើង​ដើម្បី​រំឭក​ដំណើររឿង​របស់​ព្រះនាង​អេសធើរ ។ នៅម៉ោង​អាហារ​នា​សប្តាហ៍​នេះ សូម​ពិចារណា​ការចែកចាយ​ដំណើររឿង​នៃពេល​ដែល​សមាជិក​គ្រួសារ​របស់​បងប្អូន រួមទាំង​បុព្វការីជន​របស់​បងប្អូន បាន​ផ្តល់​ពរជ័យ​ដល់អ្នកដទៃ ដោយការ​ឈរ​ការពារ​រឿងត្រឹមត្រូវ​ដូចជា​ព្រះនាង​អេសធើរ​ បានធ្វើ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « ហ៊ាន​នឹង​ធ្វើ​ត្រូវ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨០ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រឹង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ « ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​បង្រៀន និង​លើក​តម្កើង​អ្នកដទៃ​កើត​ចេញ​មកពី​របៀប​ដែល​ទ្រង់​រស់នៅ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ។ នៅពេល​អ្នក​ព្យាយាម​កាន់តែ​ឧស្សាហ៍​ដើម្បី រស់នៅ ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​នឹង​កាន់តែ​អាច បង្រៀន ដូចជា​ទ្រង់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៣ ) ។

រូបភាព
នាង​អេសធើរ

ម្ចាស់ក្សត្រី​អេសធើរ ដោយ មីនឺវ៉ា ឃេ. ថៃជ័ត © វិលលាម និង ប៊ែតទី ស្តូក